ឆ្នាំ ២០១០-២០១៩
ចូរ​កុំ​រើ​ឡើយ!
ខែ មេសា 2013


ចូរ​កុំ​រើឡើយ !

ចូរ​ឈរ​ខ្ជាប់​ខ្ជួន ។ ចូរ​នឹងនរ ។ « ឈរ​សម្រាប់​សេចក្ដីពិត និង សេចក្ដី​សុចរិត » ។ ឈរ​ជា​សាក្សី ។ ធ្វើ​ជា​បទដ្ឋាន​សម្រាប់​លោកិយ ។ ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ ។

នា​រាត្រី​នេះ ​ខ្ញុំ​ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ ​​នៅ​វេទិកា​នេះ និង ក្នុង​វត្តមាន​របស់​ពួកព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ និង បុត្រី​នៃ​ព្រះ ។ នេះ​​ជា​ពេល​ដ៏​អស្ចារ្យ​មួយ ដើម្បី​នៅ​លើ​ផែនដី ហើយ​ធ្វើជា​យុវនារី ។ អ្នក​ជា​បុត្រី​ជម្រើស​របស់​ព្រះ​វរបិតាសួគ៌​យើង​ ។ ខ្ញុំ​សង្ឃឹម​ថា​អ្នក​ដឹង​ពី​អត្តសញ្ញាណ​របស់​អ្នក ហើយ​ថា​អ្នកជា​បុត្រ​សំណប់​របស់​ព្រះវរបិតា​សួគ៌​របស់​យើង​ខ្លាំង​ប៉ុណ្ណា ។ ទ្រង់​ស្រឡាញ់​អ្នក​រាល់​គ្នា​ម្នាក់ៗ និង ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​ដែរ ។

នៅ​លើ​តុ​ក្នុង​ការិយាល័យ​របស់​ខ្ញុំ ខ្ញុំ​មាន​រូបសំណាក​​ធ្វើ​ពីស្ពាន់របស់​យុវនារី​ម្នាក់ ដែល​ឈ្មោះ គ្រីស្ទីណា ។ រូបសំណាក​ គ្រីស្ទីណា ដើម​មាន​ទំហំមួយ​ជំហរ ឈរ​នៅ​លើ​ផែ​មួយ​នៅ​ ខូភែន​ហា​ហ្គែន ប្រទេស ដាណាម៉ាក បែរ​មុខ​ទៅ​រក​សមុទ្រ​ឆ្ពោះ​ទៅ​ទីក្រុង​ស៊ីយ៉ូន ។ ការ​សម្រេច​ចិត្ត​របស់​គាត់​ដើម្បី​ចូលរួម​ក្នុង​សាសនាចក្រ​ និង ចាក​ចោល​ផ្ទះ​របស់​នាង ពុំ​មែន​ជា​ការ​ងាយ​នោះ​ទេ ហើយ​អ្នក​អាច​មើល​ឃើញ​ថា មាន​ខ្យល់​បក់​បោកយ៉ាង​ខ្លាំង​​មក​លើ​នាង​ ។ នាង​ឈរ​យ៉ាង​រឹងមាំ ធ្វើ​នូវជម្រើសដ៏​លំបាក ប៉ុន្តែ​ជា​រឿង​ដែល​នាង​ដឹង​ថា​ត្រឹមត្រូវ ។ កូន​ចៅ​របស់​គាត់ បាន​សង់​រូប​សំណាក​នេះ​នៅ​លើ​ផែរ​នោះ ទុក​ជាការ​គោរព​សរសើរ​ដល់​ គ្រីស្ទីណា ដែល​​ការ​សម្រេច​ចិត្ត​របស់​គាត់​នា​ពេល​នោះ មាន​នូវ​សារៈ​សំខាន់​ដ៏​អស់កល្ប​ចំពោះ​កូនចៅ​ជំនាន់​ក្រោយ ។

ចំពោះ​ខ្ញុំ រូបសំណាក​ គ្រីស្ទីណា នេះ តំណាង​ឲ្យ​អ្នករាល់​គ្នា​ម្នាក់ៗ ។ អ្នកកំពុង​ប្រឈមមុខ​នឹង​ការ​សម្រេចចិត្ត​សំខាន់​ជា​ច្រើន​ និង ការ​ជ្រើស​រើស​ប្រចាំ​ថ្ងៃ​ដូច​ជា គ្រីស្ទីណា ដែរ ដែល​ការ​សម្រេចចិត្ត​យ៉ាង​ពិបាក មួយចំនួន តែ​វា​នឹង​ពុំគ្រាន់​តែរៀបចំ​អនាគត​របស់​​អ្នកប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏រៀបចំ​ជោគ​វាសនា​កូនចជំនាន់​ក្រោយ​របស់​អ្នកផងដែរ ។ អ្នក​ក៏​ប្រឈមមុខ​នឹង​ខ្យល់​ព្យុះកំណាច​នៃ​ការ​ផ្ទុយ ភាព​មិន​អនុគ្រោះ សម្ពាធ​ពី​មិត្តភក្តិ និង ការ​បំពុល​ខាង​សីលធម៌ ។ ប៉ុន្តែ​អ្នក​កំពុង​ឈរ​ដោយខ្ជាប់ខ្ជួន និង រស់​នៅ​តាម​ដំណឹងល្អ ខណៈ​ពេល​កំពុង​ជួប​ប្រទះ​នឹង​ការ​សាក​ល្បង​មិន​ចេះ​ដាច់​ទាំង​នេះ​នៅ​ក្នុង​សង្គម​របស់​យើង ។ អ្នក​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដូច​ជា​ គ្រីស្ទីណា ។ អ្នក​កំពុង​តែ​ធ្វើ​ការ​សម្រេចចិត្ត​ត្រឹមត្រូវ ។ អ្នក​មាន​ភក្ដីភាព ហើយ​អ្នក​ជា​ស្ដេច​ ។

ខ្ញុំ​គិត​ថា គ្មា​ន​ការ​ទូន្មាន​ណា​ដែល​សំខាន់​ជាង​ការ​ដាស់​តឿន​​មកពី​ព្រះវរបិតា​ជាទី​ស្រឡាញ់​​ ចំពោះ​អ្នករាល់​គ្នា​ម្នាក់ៗថា « សូម​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ ហើយ​កុំ​រើឡើយ » 1 នោះ​ទេ ។ ទ្រង់​មាន​បន្ទូល​ថា ៖ ឈរ​ខ្ជាប់​ខ្ជួន ។ ចូរ​នឹងនរ ។ 2 ឈរ​សម្រាប់​សេចក្ដីពិត និង សេចក្ដី​សុចរិត ។ 3 ឈរ​ជា​សាក្សី ។ 4 ធ្វើ​ជា​បទដ្ឋាន​សម្រាប់​លោកិយ ។ ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ ។ ដូច្នេះ​សារលិខិត​របស់​ខ្ញុំ​សម្រាប់​អ្នក​រាល់​គ្នា​ម្នាក់ៗ គឺ​សាមញ្ញ ៖ ចូរ​កុំ​រើ​ឡើយ » ។

ទីមួយ ចូរ​កុំ​រើ នៅ​ក្នុង​ការ​ជ្រើស​រើស​ត្រឹមត្រូវឡើយ ។ នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ គ្មាន​ការ​សម្រេច​ចិត្ត​ណា​តូច តាច​ឡើយ ។ ការ​ជ្រើស​រើស​ដែល​អ្នក​ធ្វើត្រឹមត្រូវ ​ក្នុង​ពេល​នេះ គឺ​មាន​សារៈសំខាន់ជាពិសេស ។ សិទ្ធិ​សេរីភាព​ក្នុង​ការ​ជ្រើសរើស ឬ លទ្ធភាព​ដើម្បីជ្រើសរើស គឺ​ជា​អំណោយ​ទាន​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ​ចំពោះ​កូនចៅ​របស់​ទ្រង់ ។ វា​គឺ​ជា​​ចំណែក​នៃ​ផែនការ​នៃ​សុភមង្គល​ ដែល​អ្នក​ និង ខ្ញុំ​បាន​ជ្រើស​រើស ហើយ​ការ​ពារ​នៅ​ក្នុង​ជីវិត​មុន​ជីវិត​នេះ​របស់​យើង ។ សូម​រស់​នៅ​ក្នុង​របៀប​មួយដូច្នោះ ដែល​អ្នក​អាច​ស្ដាប់ឮ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​ជ្រើសរើស​ត្រឹមត្រូវ ។ តាម​ពិត ទ្រង់​នឹង « ប្រាប់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​​ដែល​អ្នកត្រូវ​​ធ្វើ » ។5

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ ខ្ញុំ​ត្រឡប់​ទៅ​មើល​វិទ្យាល័យ​ចាស់​របស់​ខ្ញុំ​ជា​លើក​ទី​មួយ ​អស់​រយៈ​ពេលយូរ​មក​នោះ ។ ខ្ញុំ​បានទៅ​​សន្និសីទ​ស្ដេក​ដែល​ធ្វើ​ឡើង​នៅក្នុងសវនដ្ឋាន​របស់​សាលា ។​ នៅ​ពេល​ខ្ញុំ​ដើរ​តាម​ច្រក​វិទ្យាល័យ​ រំពេច​នោះ​ខ្ញុំ​បាន​នឹកចាំ​នូវ​រឿង​ជាច្រើន ។ ខ្ញុំ​បាន​ចាំ​ច្បាស់​ពី​​អារម្មណ៍​ដែល​ខ្ញុំ​ចូល​រៀន​នៅ​វិទ្យាល័យ​​នេះ​កាល​នៅជាយុវនារីម្នាក់ -- ជាអារម្មណ៍​មិន​ច្បាស់ មិន​ប្រាកដ​ក្នុង​ខ្លួន ដឹង​តែ​ខ្លួន​ឯង ហើយមាន​បំណង​​ចង់ចូល​នឹង​គេ​ណាស់ ។ ខ្ញុំ​បាន​ទៅ​សវនដ្ឋាន ។ ជាថ្មី​ម្ដងទៀត ការ​នឹកចាំ​ជា​ច្រើន​បាន​ផុស​ឡើង ។ ខ្ញុំ​ស្គាល់​យ៉ាង​ច្បាស់​នូវ​សវនដ្ឋាន​នោះ ។ មាន​តែ​រឿង​មួយ​គត់​ដែល​ផ្លាស់​ប្ដូរ -- គឺ​ខ្ញុំ ។

កាល​គ្រា​មុន ខ្ញុំ​មាន​ឱកាស​ឈរ​នៅ​លើ​វេទិកាជា​ច្រើន​ដង​ ក្នុងនាម​ជា​អ្នក​តំណាង​សិស្ស ។ ខ្ញុំក៏​បាន​ឃើញ​មិត្តរួម​ថ្នាក់​​ចាស់​របស់​ខ្ញុំនៅ​ក្នុង​ចំណោម​អ្នក​ស្ដាប់​ផងដែរ-- មាន​អ្នក​ខ្លះ​ខ្ញុំ​ធ្លាប់​ដើរ​លេង​ជា​គូ​ជាមួយផងដែរ ! ប៉ុន្តែ​ពេល​នេះ ជំនួស​ឲ្យ​ការ​ដឹកនាំ​ការ​ប្រជុំ ខ្ញុំ​មាន​ឯកសិទ្ធិ​--នៅ​ទីនោះ​ក្នុង​សវនដ្ឋាន​វិទ្យាល័យ​របស់​ខ្ញុំ-- ដើម្បី « ឈរ​ជា​សាក្សី​ម្នាក់ » 6 ហើយ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង ។

យុវនារីអើយ ចូរធ្វើយ៉ាងណា​ថា ទំនាក់ទំនង​របស់​អ្នក​ជាមួយ​អ្នកដទៃ​ គឺ​មិន​ត្រូវ​ឲ្យ​មាន​ការ​ខ្មាស់​អៀន​ក្នុង​រយៈ​ពេល 40 ឆ្នាំ​ខាង​មុខ​ឡើយ ។ ការ​គ្មាន​សម្ពាធ​មក​ពី​មិត្តភក្ដិ ការ​គ្មាន​ការ​ទទួលស្គាល់ ការ​គ្មាន​ប្រជាប្រិយភាព គឺ​មាន​តម្លៃ​ដើម្បី​ធ្វើ​សម្បទាន ។ ឥទ្ធិពល​របស់​អ្នក​ទៅ​លើ​យុវជន នឹង​ជួយ​ពួកគេ​នៅ​សក្ដិសម​នឹង​អំណាច​នៃ​បព្វជិតភាព សក្ដិសម​នឹង​សេចក្ដីសញ្ញា​នៃ​ព្រះវិហារបរិសុទ្ធ និង ​បម្រើ​បេសកកម្ម​ ។ ហើយ​នរណា​ទៅដឹង ? រយៈ​ពេល 40 ឆ្នាំ​ខាងមុខ អ្នក​អាច​នឹង​មាន​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ដើរ​មក​រក​អ្នក នៅ​ក្នុងសវនដ្ឋាន​នៃ​វិទ្យាល័យ ហើយ​អរគុណ​អ្នក​ចំពោះ ការ​ជួយ​គាត់​ឲ្យ​នៅ​មានភាព​សក្ដិសម ដើម្បី​បំពេញ​កាតព្វកិច្ច​បព្វជិតភាព ដើម្បី​បម្រើ​បេសកកម្ម​ដោយ​កិត្តិយស ។ ហើយ​នរណា​ទៅដឹង ? អ្នកអាច​​នឹង​ទទួល​បាន​សំបុត្រមក​ពី​​ភរិយា​របស់​ពួកគេ​ណា​ម្នាក់ អរគុណ​​អ្នក ចំពោះ​ឥទ្ធិពល​ដែល​អ្នក​បាន​មាន​ចំពោះ​ស្វាមី និង គ្រួសារ​នា​ពេល​អនាគត​របស់ពួកគេ កាល​ពីនៅ​វិទ្យាល័យ​ ។ ការជ្រើស​រើស​របស់​អ្នក​សំខាន់ ។ ការ​ជ្រើសរើស​របស់​អ្នក​ឥឡូវ​នេះ ពុំ​គ្រាន់​តែ​មាន​ឥទ្ធិពល​មក​លើ​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ឥទ្ធិពល​ទៅ​លើ​អ្នកដទៃ​ផងដែរ ។ វា​មាន​សារៈសំខាន់​ដ៏​អស់កល្បជានិច្ច ។ ចូរ​កុំ​រើ​ឡើយ !

ទីពីរ ចូរ​កុំ​រើ​​នៅ​ក្នុង​បំណង​ប្រាថ្នា និង ការ​តាំង​ចិត្ត​របស់​អ្នក ដើម្បី​បន្ដ​មាន​គុណធម៌ និង ភាព​បរិសុទ្ធ​ខាង​ផ្លូវ​ភេទឡើយ ។ សូម​ស្រឡាញ់​គុណធម៌ ។ បរិសុទ្ធភាព​ផ្ទាល់​ខ្លួន​របស់​អ្នក គឺ​ជា​ប្រភព​ដ៏​អស្ចារ្យ​បំផុត​នៃ​អំណាច​របស់​អ្នក ។ នៅពេល​អ្នក​មក​ផែនដី អ្នក​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​អំណោយ​ដ៏​មាន​តម្លៃមួយ គឺ​រូបរាង​កាយ ។ រូបកាយ​របស់​អ្នក​គឺ​ជា​ឧបករណ៍​របស់​គំនិត​អ្នក ហើយ​​ជា​អំណោយ​ដ៏​ទេវភាព​មួយ ដើម្បី​អ្នក​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​អ្នក ។ នេះ​គឺ​ជា​អំណោយ​មួយ ដែល​សាតាំង​បាន​បដិសេធ ។ ដូច្នេះ វា​ផ្ដោត​ការ​វាយ​ប្រហារ​របស់​វា​ទាំង​អស់​មក​លើ​រូបកាយ​អ្នក ។ វា​ចង់​ឲ្យ​អ្នក​បន្ទាបបន្ថោក​លើ​រូបកាយ ប្រើ​ខុស និង បំពាន​លើ​រូបកាយ​អ្នក ។ ភាព​ពុំ​រមទម្យ រូប​អាសគ្រាម ភាពអសីលធម៌ ការ​ចាក់​សាក់ និង ការ​ចោះ​លើ​រូបកាយ ការ​ប្រើ​គ្រឿង​ញៀន​ និង ការ​ញៀន​គ្រប់​ប្រភេទ គឺ​ជា​កិច្ចការ​​ទាំងអស់​ដែល​នឹង​ដណ្ដើម​យក​អំណោយ​ទាន​ដ៏​មាន​តម្លៃ​នេះ --ដែល​ជា​រូបកាយ​អ្នក-- ហើយ​ធ្វើ​ឲ្យ​អ្នក​ពិបាក​​​អនុវត្ត​សិទ្ធិ​ជ្រើស​រើស​របស់​អ្នក​បាន ។ ប៉ុល​បាន​សួរ​ថា ៖ « តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ខ្លួន​អ្នក​រាល់​គ្នា​ជា​ព្រះវិហារ​នៃព្រះ ហើយ​ថា​វិញ្ញាណ​នៃ​ព្រះ ទ្រង់​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា ? 7

រូបកាយ​របស់​អ្នក​គឺ​ជា​ព្រះវិហារ​បរិសុទ្ធ ។ ហេតុអ្វី ? ដោយ​សារ​វា​មាន​សមត្ថភាព​ពុំ​ត្រឹមតែ​ជា​ផ្ទះ​របស់​ព្រលឹង​ដ៏​អស់កល្បរបស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជាផ្ទះ​សម្រាប់​វិញ្ញាណ​ដ៏​អស់កល្ប​ដទៃទៀត​ដែល​នឹងមក​កើត​លើ​ផែនដី ជា​ចំណែក​នៃ​គ្រួសារ​ដ៏អស់កល្បជានិច្ច​របស់​អ្នក​ផងដែរ ។ អែលឌើរ ដាល្លិន អេក អូក បាន​បង្រៀន​ថា « អំណាច​ដើម្បី​បង្កើត​ជីវិត​រមែង​ស្លាប់ គឺ​ជា​អំណាច​ដ៏​លើក​តម្កើង​[ មួយ ] ។ 8 តួនាទី​របស់​អ្នក​គឺ​ជា​តួនាទី​ដ៏​លើក​តម្កើង ។ ព្រះ​បាន​ប្រទាន​ដល់​អ្នក​នូវ​ការ​ទុក​ព្រះទ័យ​ដ៏​ពិសិដ្ឋ​មួយ ! អ្នក​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ដាយ​នៃ​កូនចៅជាច្រើន​ជំនាន់ ។ ចូរ​រក្សា​ខ្លួន​អ្នក​ឲ្យ​បរិសុទ្ធ ហើយ​សក្ដិសម និង​យាមកាម​នូវអ្វី​ដែល « មាន​តម្លៃ​បំផុត និង វិសេស​បំផុតលើ​អ្វីៗ​ទាំង​អស់ »-- គឺ​គុណធម៌ និង ព្រហ្មចារីភាព​របស់​អ្នក ។ 9 ក្នុង​នាម​ជា​បុត្រី​ជម្រើស​របស់​ទ្រង់ ទ្រង់​បាន​ប្រទាន​នូវ​ដំបូន្មាន​ដ៏​ឈ្លាស​វៃ​ដល់​អ្នក​ផ្ទាល់ ជាបុត្រី​ជម្រើស​របស់​ទ្រង់​​ថា « ដើរ​តាម…​ផ្លូវ​គុណធម៌​នៅ​ចំពោះ​យើង » ។ 10

គុណធម៌​គឺ​ជា​កត្តា​ដ៏​សំខាន់​បំផុត​ចំពោះ​ព្រះវិហារបរិសុទ្ធ ។ ដូច្នេះទីបី ​ចូរ​កុំ​រើ​​ចេញ​ពី​ភាព​សក្ដិសម​ឡើយ នៅពេល​អ្នក​ចុះ និង រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំងឡាយ​នោះ ។ សេចក្ដី​សញ្ញា​ដែល​អ្នក​ធ្វើ​នៅ​ពិធីបុណ្យជ្រមុជទឹក នឹង​ក្រវ៉ាត់​អ្នក​ទៅនឹង​ផ្លូវ​នៃ​គុណធម៌ និង សុភមង្គល នៅពេល​អ្នក​រំឭក​សេចក្ដី​សញ្ញា​រៀង​រាល់​សប្ដាហ៍ តាម​ការ​ទទួល​ទាន​សាក្រាម៉ង់ ។ នៅពេល​អ្នក​រក្សា​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជទឹក​របស់​អ្នក នោះ​អ្នក​នឹង​មើល​ទៅ​ផ្សេង​ពីគេ ស្លៀក ពាក់​ផ្សេង​ពីគេ ហើយ​មាន​ទង្វើ​ផ្សេង​ពី​លោកីយ ។​ ការ​រក្សា​សេចក្ដី​សញ្ញា​នេះ នឹង​ជួយ​អ្នក​ឲ្យ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ហើយ​សូមកុំ​ទៅជិត​នឹង​បរិដ្ឋាន​ ឬ តន្ត្រី ការ​ផ្សព្វផ្សាយ ឬ ការ​ទំនាក់ទំនង​ទាំង​អស់​នោះ ដែល​អាច​នឹង​បណ្ដាល​ឲ្យ​អ្នក​បាត់​បង់​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ 11 ហើយ​នៅពេល​អ្នក​រក្សា​សេចក្ដី​សញ្ញា​របស់​អ្នក នោះ​អ្នក​នឹង​បន្ដ​មាន​ភាព​សក្ដិសម ហើយ​ត្រៀម​ខ្លួន​ដើម្បី​ចូល​ទៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ​របស់​ទ្រង់ ។

ជាចុងក្រោយ គឺ​ចូរ​កុំ​រើ​ចេញ​ពី​ការគោរពទទួល​យក​ដង្វាយធួន​របស់ព្រះអង្គសង្គ្រោះ​របស់​អ្នក​ឡើយ ។ ដង្វាយធួន គឺមាន​សម្រាប់​អ្នក និង ខ្ញុំ ។ ដង្វាយធួនគឺ​ជា​អំណាច​ការប្រោសលោះ និង លទ្ធភាព ។ បើ​អ្នក​ពុំ​មាន​អារម្មណ៍​សក្ដិសម​ដើម្បី​ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ ចូរ​កុំ​រែក​បន្ទុក​នៃ​អំពើបាប​នេះ​តទៅទៀត​ឡើយ ។ នៅក្នុង​ជីវិតរមែង​ស្លាប់ យើង​ទាំងអស់​គ្នា​នឹងមាន​កំហុស ។ សូម​ដឹង​ច្បាស់​ថា ព្រះអង្គ សង្គ្រោះ​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់ ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​អ្នក​មាន​លទ្ធភាព​ដើម្បី​ផ្លាស់ប្ដូរ និង ប្រែចិត្ត បើ​អ្នក​បាន​ធ្វើ​កំហុស​មួយ ។ សាតាំង​ពុំ​ចង់​ឲ្យ​អ្នក​គិត​ថា អ្នក​អាច​ផ្លាស់​ប្ដូរ​បាន​នោះ​ទេ ។ 12 វា​នឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​អ្នក​ថា ​គ្មាន​សង្ឃឹម​ឡើយ ។ នោះ​ជា​ការ​កុហក​ទេ ។ អ្នក​អាច​ត្រឡប់មក​វិញ ។ អ្នក​អាច​ប្រែចិត្ត ។ អ្នក​អាច​បរិសុទ្ធ និង ស្អាតស្អំ ដោយ​សារ​ដង្វាយធួន​ដ៏​គ្មានទីបំផុត​របស់​ព្រះអង្គសង្គ្រោះ ។

ឥឡូវ​យើង​នឹង​បញ្ចប់​ដោយ​និយាយនូវ​​រឿង​ស្នេហារ​ដ៏​អស្ចារ្យ​មួយ ។ អ្នក​អាច​សួរ​ថា « តើ​រឿង​ស្នេហារ​មាន​ពាក់​ព័ន្ធ​អ្វី​នឹង​ការ​ឈរ​នៅ​ទីបរិសុទ្ធទៅ ? » វា​ទាក់​ទង​ទាំង​ស្រុង​នឹង​ការ​ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ ។ វា​គឺ​ជា​រឿង​របស់​យុវនារី​ឈ្មោះ​ រ៉េបេកា ។ 13

នៅ​ពេល​ប្រាប់​នូវ​រឿង​នេះ អ័ប្រាហាំ បាន​ចាត់​ឲ្យ​អ្នក​បម្រើ​របស់​គាត់​ស្វែង​រក​នារី​សក្ដិសម ដើម្បី​ធ្វើ​ជាភរិយា​របស់​កូន​ប្រុស​គាត់​ឈ្មោះ អ៊ីសាក ។ នាង​ត្រូវ​តែ​ជា​មនុស្ស​ម្នាក់​ដែល​មាន​គុណសម្បត្តិ​សក្ដិសម​សម្រាប់​អាពាហ៍ពិពាហ៍​ក្នុង​សេចក្ដីសញ្ញា-- គឺ​មាន​គុណធម៌ បរិសុទ្ធ និង សក្ដិសម ។ ដូច្នេះ​គាត់​​បាន​បញ្ជូន​អ្នក​បម្រើ​ឲ្យ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ហើយ​គ្រោះ​ថ្នាក់​ទៅ​កាន់​កន្លែង​មួយ​ហៅ​ថា ហារ៉ាន ។ មូលហេតុ​ដែល​គាត់​ត្រូវ​ទៅទី​នោះ​ប្រាប់​យ៉ាង​ច្បាស់​ថា -- បុរស​បរិសុទ្ធ ត្រូវការ​នារី​បរិសុទ្ធ​ឈរ​នៅ​ជិត​ខ្លួន​គាត់ ។ នៅពេល​អ្នក​បម្រើ​ទៅ​ដល់​ទីក្រុង ណាឃរ គាត់​បាន​ឈប់​នៅ​អណ្ដូង​ទឹក​មួយ ដើម្បី​ឲ្យទឹកដល់​​សត្វអូដ្ឋ​របស់គាត់ ហើយ​គាត់​បាន​អធិស្ឋាន​សុំ​ឲ្យ ទ្រង់​ដឹក​នាំ​គាត់​ទៅ​ជួប​នឹង​នារី​ត្រឹមត្រូវ ហើយ​សុំថា​ឲ្យ​គាត់​ស្គាល់​នារីនោះ ដោយ​សារ​នាង​​សុំ​ដងទឹក​ឲ្យ​គាត់ និង សត្វ​អូដ្ឋ​ចំនួន 10 ក្បាល​របស់​គាត់ ។ ខ្ញុំ​ធ្លាប់​ជិះ​សត្វអូដ្ឋ ហើយ​នេះ​ខ្ញុំ​ដឹង​ថា​-- សត្វ​អូដ្ឋ​ផឹក​ទឹកច្រើន​ណាស់ !

នៅ​ក្នុង​លោកុប្បត្តិ យើង​អាន​ថា រ៉េបេកា ​ពុំ​គ្រាន់​តែ​ទៅ​កន្លែង​អណ្ដូង ហើយ​ដងទឹក​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​នាង​បាន « ប្រញាប់ » 14 ឬ​ប្រញាប់ប្រញាល់​ទៅ​ធ្វើ​កិច្ចការ​នេះ​ឲ្យ​ហើយ ។ អ្នក​បម្រើ​នោះ​បាន​បំពាក់​ខ្សែដៃ និង គ្រឿង​អល្លង្គា​ដល់​ រ៉េបេកា ហើយ​បាន​សួរ​បើ​សិន​ជា​ផ្ទះ​ឪពុក​នាង​មាន​កន្លែង​ស្នាក់​នៅ​ឬ​ទេ ។ ច្បាស់​ជា​គ្រឿង​អល្លង្គារ​នោះ​ជួយ​ហើយ​មើល​ទៅ ! ក្នុងគម្ពីរ​អាន​ថា « នាង​ក៏​រត់​ទៅប្រាប់​ដំណើរ​នោះ​ដល់​ពួក​ផ្ទះ​ម្ដាយ​ខ្លួន » ។ 15 រ៉េបេកា ច្បាស់​ជា ​ជា​អ្នក​រត់ប្រណាំង​ហើយមើល​ទៅ !

អ្នក​បម្រើ​បាន​ប្រាប់​គ្រួសារ​របស់​ រ៉េបេកា អំពី គោលបំណង​នៃ​ការ​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​របស់គាត់ ហើយ​ រ៉េបេកា បាន​យល់​ព្រម​ធ្វើ​ជា​ប្រពន្ធ​របស់​អ៊ីសាក ។ អ្នក​បម្រើ​ចង់​​​ចាក​ចេញទៅ​​នៅ​ថ្ងៃ​ស្អែក​ ដោយ​នាំ រ៉េបេកា ​ទៅ​ជាមួយ ប៉ុន្ដែ​គ្រួសារ​នាង​បាន​សុំ​ឲ្យ​នាង​ស្នាក់​នៅ​ជាមួយ​ពួកគេ យ៉ាង​ហោច​ណាស់ 10 ថ្ងៃ​ទៀត ។ បន្ទាប់​មក​ពួកគេ​បាន​សួរ រ៉េបេកា ថា​នាង​ចង់​ធ្វើ​អ្វី​ខ្លះ ហើយ​នាង​បាន​ឆ្លើយ​ដោយ​សាមញ្ញ​ថា « ខ្ញុំ​នឹង​ទៅ » ។ 16 តើ​ចម្លើយ​នោះ​ស្រដៀង​នឹង​ចម្លើយ​របស់​មនុស្ស​រាប់​ពាន់​នាក់​ឆ្លើយ​ទាំង​ស្រុង​ថា « ខ្ញុំ​នឹង​ទៅ ខ្ញុំ​នឹង​ធ្វើ » 17 នៅ​ពេល​ព្យាការី​របស់​យើង ប្រធាន ថូម៉ាស អេស. ម៉នសុន បាន​​ប្រកាស​អំពី​ឱកាស​សម្រាប់​ យុវនារី និង យុវជន ​បម្រើ​បេសកកម្ម​នៅ​អាយុ​ក្មេង​ជាង​ឬ​ទេ ?

ឥឡូវ​គតិ និង ការ​បញ្ចប់​នៃ​រឿង​ស្នេហា​នេះ ៖ រ៉េបេកា ត្រូវ​បាន​រៀបចំ និង សក្ដិសម​ដើម្បី​ចុះ និង រក្សា​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ ហើយ​ក្លាយ​ជា​ប្រពន្ធ​ក្នុង​សេចក្ដី​សញ្ញា​របស់​អ៊ីសាក ។ នាង​ពុំ​ចាំបាច់​រង់ចាំ ហើយ​រៀបចំ​ខ្លួន​នោះ​ទេ ។ ពីមុន​ការ​ចាក​ចេញ​ពី​គ្រួសារ​របស់នាង នាង​បាន​ទទួល​ពរជ័យ​មួយ ហើយ​ពាក្យ​នោះ​បាន​រំជួល​ចិត្ត​ខ្ញុំ ត្បិត​នាង​ត្រូវ​បាន​សន្យា​ថា នាង​នឹង​ក្លាយ​ជា​ « ម្ដាយ​របស់​មនុស្ស​រាប់ពាន់ លាន​នាក់ » ។ 18 ប៉ុន្តែ​ផ្នែក​ដ៏​ល្អបំផុត​នៃ​រឿង​ស្នេហា​នេះ គឺ​នៅពេល​ រ៉េបេកា បាន​ជួប​នឹង​អ៊ីសាក​ដំបូង ហើយ​គាត់​បានជួប​នាង​ដំបូង ។ វា​ពុំ​មាន​និយាយ​អំពី​រឿង​នេះ​ក្នុង​គម្ពីរ​ប៊ីប​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​ជា​ការ​ស្រឡាញ់​គ្រាន់​តែ​ឃើញ​ភ្លាម ! ត្បិត « គុណធម៌​ស្រឡាញ់​គុណធម៌ ពន្លឺ​នៅ​ជាប់​នឹង​ពន្លឺ » ។ 19 នៅពេល​អ៊ីសាក​ចេញ​ទៅ​ជួបអ្នក​មក​ពី​ទីឆ្ងាយ រ៉េបេកា « បានលោត​​ចុះ​ពី​លើ​​អូដ្ឋ ។ 20 ហើយ​គាត់ ប្រតិព័ទ្ធស្រឡាញ់​នាង​ » ។ 21 នេះ​ជា​កន្លែង​ដែល​ខ្ញុំ​ដក​ដង្ហើម​ធំ !

ទាំង​ រ៉េបេកា និង គ្រីស្ទីណា ការ​ឈរ​ក្នុង​ទីបរិសុទ្ធ​ពុំ​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ។ ការពុំរើ ពុំ​មែន​ជា​ការ​ងាយ​ស្រួល​ទេ ។ ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង យោង​ទឹក​ចេញ​ពី​អណ្ដូង​ទឹក​ធ្ងន់ណាស់ ហើយ​ការ​ចាក​ចេញ​ពី​ផ្ទះ​ដែល​គេ​ស្គាល់ និង ធ្លាប់​រស់​នៅ ក៏​ពុំ​ងាយ​ស្រួល​ដែរ ។ ប៉ុន្ដែ​ពួកគេ​បាន​ធ្វើ​ការ​ជ្រើសរើស​ត្រឹមត្រូវ ពួកគេ​ប្រកប​ដោយ​គុណធម៌ ។ ពួកគេ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ ។ ពួកគេ​ប្រកប​ដោយ​គុណធម៌ ហើយ​ពួកគេ​បាន​រៀបចំ​ខ្លួន​ដើម្បី​ចុះ និង រក្សា​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ ។ ព្រះអង្គសង្គ្រោះ​ជា​ដំណរ​ខ្សែ​លោហិត​របស់​ រ៉េបេកា ។ តើ​នាង​បាន​ដឹង​ថា​រឿង​នេះ​នឹង​កើត​ឡើង​ទេ​នៅពេល​នោះ ? ទេ ! តើឥឡូវ​​ការ​ជ្រើសរើស​របស់​អ្នក​សំខាន់ឬ​ទេ ? សំខាន់ !

យុវនារី​ទាំងឡាយ មនុស្ស​រាប់​ជំនាន់​កំពុង​ពឹង​អាស្រ័យ​លើ​ការ​ជ្រើសរើស​របស់​អ្នក ភាព​បរិសុទ្ធ​របស់​អ្នក និង ការរស់នៅ​ដោយ​សក្ដិសម​របស់​អ្នក ។ ចូរ​កុំ​រើ​ឡើយ ។ អ្នក​មាន​ជោគ​វាសនា​ដ៏​អស្ចារ្យ​នៅ​ចំពោះ​មុខ​អ្នក ។ នេះ​ជា​ឱកាស​របស់​អ្នក ! ខ្ញុំ​ជឿ​ប្រាកដ​ថា យុវនារី​ប្រកប​ដោយ​គុណធម៌​ម្នាក់ ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ អាច​ផ្លាស់​ប្ដូរ​ពិភពលោក !

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គសង្គ្រោះ​មានព្រះជន្ម​រស់ ! ទ្រង់​នឹង​គង់​នៅ​ជាមួយ​អ្នក ។ ទ្រង់​នឹង​ជួយ​ដល់​អ្នក ។ ហើយ​នៅ​ក្នុង​ពេល​លំបាក « ពួក​ទេវតា [ របស់​ទ្រង់ ] [ នឹង ] នៅ​ព័ទ្ធ​ជុំ​វិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ។ 22 នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។