ឆ្នាំ ២០១០-២០១៩
ការ​ទទួល​យក​ដោយ​ព្រះអម្ចាស់
ខែ មេសា 2013


ការ​ទទួល​យក​ដោយ​ព្រះអម្ចាស់

ការ​រក និង ​ការ​ទទួល​បាន​ការ​ទទួល​យក​ពី​ព្រះអម្ចាស់​នឹង​នាំទៅ​រក​ចំណេះដឹង​ថា ​យើង​ត្រូវ​បាន​ជ្រើស ហើយ​ប្រទាន​ពរ​ពី​ទ្រង់ ។

កាល​ពី​ក្មេង ខ្ញុំ​ចាំ​ថា​មាន​ពេល​ខ្លះ​ឪពុក​ខ្ញុំ​បាន​នាំ​ខ្ញុំ​ឲ្យ​ធ្វើ​ការ​​លើ​គម្រោង​ជា​ច្រើន​ជាមួយ​គាត់ ។ យើង​មាន​សួន​តូច​មួយ​​ចម្ងាយ​ពីរ​បី​គីឡូម៉ែត្រ​​ពី​កន្លែង​ដែល​យើង​រស់​នៅ ហើយ​តែ​ង​តែ​មាន​កិច្ចការ​ច្រើន​ដែល​ត្រូវ​ធ្វើ​ដើម្បី​រៀបចំ​សួន​នោះ​រាល់​រដូវ​កាល​ ។ យើង​បាន​ធ្វើ ឬ​ ជួសជុល​​ហោណ័ង ឬ​ របង ។ ខ្ញុំ​នៅ​ចាំ​ថា ការ​ងារ​នេះ​តែ​ង​ធ្វើ​ពេល​​អាកាស​ធាតុ​ដ៏​ត្រជាក់ ពេល​​ព្រិល​ធ្លាក់​ខ្លាំង ឬ ​ពេល​ភ្លៀង​ធ្លាក់ ។ តែ​ខ្ញុំ​ចូល​ចិត្ត​វា ។ ឪពុក​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ពី​របៀប​ធ្វើ​ការ​ដោយ​អត់ធ្មត់ ហើយ​អាច​ទទួល​យក​បាន ។​

ថ្ងៃ​មួយ គាត់​បាន​ឲ្យ​ខ្ញុំ​រឹត​ខ្ចៅ ហើយ​ហាម​ថា « ត្រូវ​ចាំ​ថា បើ​កូន​រឹតវា​តឹង​ពេក វា​នឹង​​បែក » ។ ដោយ​ក្ដី​អំនួត ខ្ញុំ​ចង់​បង្ហាញ​គាត់​ពី​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ។ ខ្ញុំ​បាន​រឹត​វា​មួយ​ទំហឹង ប្រាកដ​​ណាស់ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ចៅ​នោះ​បែក ។ គាត់​បាន​ពោល​ពាក្យ​មួយ​គួរ​ឲ្យ​អស់​សំណើច ហើយ​យើង​បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​វិញ ។ សូម្បី​តែ​ពេល​ខ្ញុំ​ « ធ្វើ​ខុស » ខ្ញុំ​តែង​ទទួល​អារម្មណ៍​ពី​ក្ដី​ស្រឡាញ់ និង ទំនុក​ចិត្ត​គាត់​ចំពោះ​ខ្ញុំ ។ គាត់​បាន​ចែក​ឋាន​ទៅ​ជាង​ 10 ឆ្នាំ​ហើយ ប៉ុន្ដែ​ខ្ញុំ​នៅ​តែ​អាច​ឮ​សំឡេង​គាត់ មាន​អារម្មណ៍​ពី​ក្ដី​ស្រឡាញ់​គាត់ រីករាយ​នឹង​ការ​លើក​ទឹកចិត្ត​គាត់ ហើយ​មាន​អារម្មណ៍​ពី​កា​រ​ទទួល​យក​របស់​គាត់ ។

អារម្មណ៍​នៃ​ការ​ទទួល​យក​ពី​អ្នក​ដែល​យើង​ស្រឡាញ់​ជា​ក្ដី​ត្រូវ​ការ​មួយ​ដ៏​ចាំបាច់​នៃ​មនុស្ស ។ ការ​ទទួល​យក​ពី​មនុស្ស​ល្អ​ ​វា​ផ្ដល់​កម្លាំង​ចិត្ត​ដល់​យើង ។ វា​បង្កើន​អារម្មណ៍​យើង​ពី​តម្លៃ និង ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ។ ជន​ដែល​ពុំ​អាច​រក​ការ​ទទួល​យក​ពី​ប្រភព​ដែល​ខ្លួន​ប៉ង​ប្រាថ្នា ជា​រឿយៗ​នឹង​រក​វា​នៅ​កន្លែង​ផ្សេង ។ ពួកគេ​អាច​រក​មើល​​ពី​ជន​ដែល​ពុំ​ចាប់​អារម្មណ៍​ពី​សុខុមាល​ភាព​របស់​គេ ។ គេ​អាច​សេពគប់​មិត្ត​ខុស ហើយ​ធ្វើ​​នូវ​រឿង​ដែល​គេ​ដឹង​ថា​មិន​ត្រឹមត្រូវ ​ដើម្បី​ទទួល​បាន​ការ​ទទួល​ស្គាល់​ដែល​គេ​ស្វែង​រក ។ គេ​អាច​រក​ការ​ទទួល​យក​ដោយ​ស្លៀក​​​យីហោ​នៃ​សំលៀក​បំពាក់​ជាក់​លាក់​មួយ ដើម្បី​បង្កើត​អារម្មណ៍​នៃ​ភាព​ជា​ម្ចាស់ ឬ ​ឋានៈ ។ ចំពោះ​ជន​មួយ​ចំនួន ការ​ខិតខំ​រក​មុខងារ ឬ​ តួនាទី​មួយ​ធំ ​ក៏​អាច​ជា​របៀប​មួយនៃ​ការ​ស្វែង​រក​ការ​ទទួល​យក​ដែរ ។ ​គេ​អាច​កំណត់​តម្លៃ​ខ្លួន​ពួកគេ​ដោយ​តួនាទី​ដែល​គេ​កាន់ ឬ​ ឋានៈ​ដែល​គេ​មាន ។

សូម្បី​តែ​ក្នុង​សាសនាចក្រ​យើង​ពុំ​អាច​ចៀស​ផុត​ពី​ការ​គិត​បែប​នេះ​បាន​ឡើយ ។ ការ​ស្វែងរក ​ការ​ទទួល​យក​ពី​ប្រភព​ខុស ឬ ​សម្រាប់​ហេតុផល​មិន​ត្រឹមត្រូវ​ធ្វើ​ឲ្យ​ធ្លាក់​ក្នុង​ផ្លូវ​មួយ​ដ៏​គ្រោះថ្នាក់ ---គឺ​ដូច​ជា​ផ្លូវ​មួយ​ដែល​នាំ​យើង​ឲ្យ​វង្វេង ហើយ​អាច​ជួប​នឹង​ភាព​ហិនហោច​​ផង​ដែរ ។ ទីបំផុត​យើង​នឹង​មាន​​អារម្ម​ណ៍​​តែលតោ និង​ ​តូច​ទាប ជំនួស​ឲ្យ​អារម្មណ៍​រីករាយ និង​ ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ។

អាលម៉ា ​បាន​ទូន្មាន​កូន​ប្រុស​គាត់ ហេលេមិន ថា « ចូរ​ឲ្យ​ឃើញ​ថា កូន​មើល​ទៅ​ព្រះ​ហើយ​រស់​នៅ » 1 ប្រភព​ដ៏​សំខាន់​នៃ​ការ​ទទួល​យក​ដ៏​មាន​អំណាច ហើយអស់​កល្ប​ គឺ​ជា​ព្រះវរបិតា​សួគ៌​យើង និង ​ព្រះរាជបុត្រា​ទ្រង់​ ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​ទាំងពីរ​អង្គ​ស្គាល់​យើង ។ ទ្រង់​ស្រឡាញ់​យើង ។ ទ្រង់​ពុំ​មែន​ទទួល​យើង​ដោយសារ​ងារ​ ឬ​ តួនាទី​ទេ ។ ទ្រង់​ពុំ​​សម្លឹង​ពី​ឋានៈ​យើង​ឡើយ ។ ទ្រង់​ទទួល​យើង​ដោយសារ​ចិត្ត​យើង ។ ទ្រង់​ទទួល​យើង​ចំពោះ​អ្វី​ដែល​យើង​មាន និង ​អ្វី​ដែល​យើង​កំពុង​ខិត​ខំ​ប្រែក្លាយ ។ ការស្វែង​រក នឹង​ទទួល​បាន​ការ​ទទួល​យក​ពី​ទ្រង់​ នឹង​ពង្រឹង ហើយ​លើក​ទឹកចិត្ត​យើង​ជានិច្ច ។ ​

ខ្ញុំ​នឹង​ចែក​ចាយ​នូវ​គំរូ​ដ៏​សាមញ្ញ​មួយ​ដែល​អាច​ជួយ​យើង​គ្រប់​គ្នា​ស្វែង​រក​ការ​ទទួល​យក​ដ៏​ធំ​បំផុត បើ​យើង​អនុវត្ត​តាម ។ គំរូ​​នេះ​បាន​ប្រទាន​មក​ដោយ​ព្រះអម្ចាស់​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ថា ៖ « យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អស់​ទាំង​មនុស្ស​នៅ​ក្នុង​​ចំណោម​ពួកគេ​ណា​ដែល​ដឹង​ថា​ខ្លួន​មាន​ចិត្ត​ទៀង​ត្រង់ ហើយ​មាន​ចិត្ត​សង្រេង ហើយ​វិញ្ញាណ​របស់​ខ្លួន​ទន់​ទាប ហើយ​យល់​ព្រម​គោរព​តាម​សេចក្ដី​សញ្ញា​របស់​ខ្លួន​ដោយ​ការ​បូជា ---​មែន​ហើយ​គឺ​គ្រប់​ការ​បូជា ​ដែល​យើង​ជា​ព្រះអម្ចាស់​នឹង​បញ្ជា ---​នោះ​ពួកគេ​ត្រូវ​បាន​ទទួល​ដោយ​យើង​ហើយ » ។2

គំរូ​នេះ​មាន​បី​ជំហាន​ដ៏​សាមញ្ញ ៖

  1. ដឹង​ថា​ចិត្ត​យើង​ទៀង​ត្រង់ ហើយ​សង្រេង

  2. ដឹង​ថា​វិញ្ញាណ​យើង​ទន់​ទាប និង

  3. យល់​ព្រម​គោរព​តាម​សេចក្ដី​សញ្ញា​យើង​ដោយ​ការ​បូជា​ដូច​ព្រះអម្ចាស់​បាន​បញ្ជា ។

ទី​មួយ យើង​ត្រូវ​ដឹង​ថា​ ចិត្ត​ទៀងត្រង់ ហើយ​សង្រេង ។ តើ​យើង​ដឹង​ការណ៍​នោះ​យ៉ាង​ដូចម្ដេច ? យើង​ផ្ដើម​ដោយ​ការវិភាគ​ពី​ជីវិត​យើង​ផ្ទាល់​ដោយ​ស្មោះត្រង់ ។ ចិត្ត​ជា​ចំណុច​ដ៏​សំខាន់​នៃ​អារម្មណ៍​យើង ។ ពេល​យើង​មើល​ទៅ​ក្នុង​ចិត្ត​យើង យើង​នឹង​ឃើញ​ខ្លួន​ឯង ។ ជា​អ្វី​ដែល​គ្មាន​នរណា​ម្នាក់​ជុំវិញ​ខ្លួន​យើង​ដឹងទេ​ តែ​យើង​ដឹង​យ៉ាងពិត​​ប្រាកដ ។ យើង​ដឹង​ពី​បំណង និង​ ក្ដី​ប្រាថ្នា​យើង ។ ពេល​យើង​វិភាគ​ដោយ​ចិត្ត​ស្មោះ​ ហើយ​ទៀងត្រង់ នោះ​យើង​​មិន​បន្ទាប ឬ​ កុហក​​ខ្លួន​ឯង​ឡើយ ។

ក៏​មាន​វិធី​វិនិច្ឆ័យ​មួយទៀត​​ថា ​តើ​យើងមាន​​ចិត្ត​សង្រេង​ដែរ​ឬ​អត់ ។ ចិត្ត​សង្រេង​ជា​ចិត្ត​ទន់ភ្លន់ បើក​ទូលាយ ហើយ​ទទួល​យក​មតិ​អ្នក​ដទៃ ។ ពេល​ខ្ញុំ​ឮ​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ថា « មើល យើង​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ » ។3 ខ្ញុំ​ឮ​ទ្រង់​គោះ​ទ្វារ​នៃ​ចិត្ត​ខ្ញុំ ។ បើ​ខ្ញុំ​បើក​ទ្វារ​នោះ​ឲ្យ​ទ្រង់ ខ្ញុំ​ងាយ​ឆ្លើយ​តប​នឹង​ការ​អញ្ជើញ​ពី​ព្រះវិញ្ញាណ ហើយ​ខ្ញុំ​ងាយ​ទទួល​យក​ឆន្ទៈ​នៃ​ព្រះ ។

ពេល​យើង​មាន​ចិត្ត​ស្មោះ ហើយ​ពិចារណា​ដោយ​ការ​អធិស្ឋាន​ពី​ទំហំ​នៃ​​ចិត្ត​ទៀងត្រង់ ហើយ​សង្រេង​របស់​យើង នោះ​យើង​នឹង​បាន​រៀន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​នឹង​ទទួល​ការ​បញ្ជាក់​មួយ​ដ៏​ផ្អែម​ល្ហែម ឬ​ ការ​កែតម្រូវ​ដ៏​ទន់ភ្លន់ ដោយ​ប្រាប់​យើង​ឲ្យ​ធ្វើ​តាម ។

ទីពីរ យើង​ត្រូវ​ដឹង​ថា ​វិញ្ញាណ​យើង​ទន់​ទាប ។ ពាក្យ ទន់​ទាប ក្នុង​វចនានុក្រម អុកស្វត ​មានន័យ​ថា « ជា​អារម្មណ៍ ឬ​ ការ​បង្ហាញ​ភាព​​ស្ដាយ​ក្រោយ ​ពេល​មនុស្ស​ម្នាក់​បាន​ធ្វើ​ខុស » ។ 4បើ​យើង​មាន​វិញ្ញាណ​ទន់​ទាប នោះ​យើង​ទទួល​ស្គាល់​បាប និង ​កំហុស​​យើង ។ យើង​ងាយ​នឹង​បង្រៀន « អំពី​គ្រប់​ការណ៍​ទាំងឡាយ​ដែល​ទាក់ទង​ទៅ​នឹង​សេចក្ដី​សុចរិត » ។5 យើង​មាន​អារម្មណ៍​ពី​សេចក្ដី​ព្រួយ​ដែល​គាប់​​ព្រះទ័យ​ដល់​ព្រះ ហើយ​ចង់​ប្រែចិត្ត ។ វិញ្ញាណ​ទន់​ទាប​ជា​ការ​ដាក់​ចិត្ត​ស្ដាប់ « សេចក្ដី​ទូន្មាន​ នៃ​ព្រះវិញ្ញាណ » ។6

វិញ្ញាណ​ទន់​ទាប​សម្ដែង​​ឲ្យ​ឃើញ​តាម​ឆន្ទៈ និង ​ការ​តាំងចិត្ត​ធ្វើ​របស់​យើង ។ យើង​នឹង​ព្រម​​ធ្វើ​ខ្លួន​ឲ្យ​​​រាបសា​ចំពោះ​ព្រះ ព្រម​ប្រែចិត្ត ព្រម​រៀន និង ​ព្រម​កែប្រែ ។ យើង​នឹង​ព្រម​អធិស្ឋាន​ថា « កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ។ 7

ជំហាន​ទីបី​ ចំពោះ​ការ​ទទួល​យក​ដោយ​ព្រះអម្ចាស់​គឺ​ ការ​សម្រេច​ចិត្ត​មួយ​ដោយ​សតិសម្បជញ្ញៈ​ ដើម្បី​គោរព​តាម​សេចក្ដី​សញ្ញា​យើង​ ដោយ​ការ​បូជា​ « មែនហើយ គឺ​គ្រប់​ការ​បូជា​ដែល​យើង​ជា​​ព្រះអម្ចាស់​នឹង​​បញ្ជា » ។ 8 ពេលខ្លះ យើង​គិត​ថា​ពាក្យ ការ​បូជា សំដៅ​លើ​រឿង​លំបាក​​មួយដ៏​ធំ​​ដែល​យើង​ពុំ​អាច​ធ្វើ​បាន ។ ជាក់ស្ដែង វា​អាច​ជា​ការពិតមែន តែ​ភាគច្រើន​វា​សំដៅ​លើ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ជា​សិស្ស​ពិត​ម្នាក់​នៃ​ព្រះគ្រីស្ទ ។

វិធី​មួយ ​ដែលយើង​​គោរព​តាម​សេចក្ដី​សញ្ញា​យើង​ដោយ​ការ​បូជា​គឺ​ ការ​ទទួល​ទាន​សាក្រាម៉ង់ដោយ​​​សក្ដិសម​រាល់​សប្ដាហ៍ ។ យើង​រៀបចំខ្លួន​ដោយ​មាន​គោលបំណង​ចំពោះ​ពិធីការ​នេះ ។ យើង​រំឭក​ចាំ ហើយ​បញ្ជាក់​ការសន្យា​ពិសិដ្ឋ​យើង​ចំពោះ​ព្រះអម្ចាស់ ។ តាម​វិធី​នេះ​ទើប​យើង​ទទួល​អារម្មណ៍​ពី​ការ​ទទួល​យក​ទ្រង់ ហើយ​ទទួល​ការ​អះអាង​ពី​ទ្រង់​ថា ការ​ខិតខំ​យើង​ត្រូវ​បាន​ទទួល​ស្គាល់ ហើយ​បាប​យើង​បាន​អត់ទោស​ឲ្យ ​តាមរយៈ​ដង្វាយ​ធួន​នៃ ​ព្រះយេស៊ូវ​គ្រីស្ទ ។ ក្នុង​ពិធីការ​នេះ ព្រះអម្ចាស់​សន្យា​នឹង​យើង​ថា ពេល​យើង​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះ​នាម​នៃ ​ព្រះរាជបុត្រា​ទ្រង់ ហើយ​ចងចាំ​ទ្រង់​ជានិច្ច ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ នោះ​យើង​នឹង​មាន​ព្រះវិញ្ញាណ​ទ្រង់​គង់​នៅ​នឹង​យើង​ជា​ដរាប ។ ការ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃ​គូ​យើង​ជានិច្ច​ ជា​ការ​​បញ្ជាក់​ដ៏​សំខាន់​នៃ​ការ​ទទួល​យក​ពី​ព្រះ ។

វិធី​ផ្សេងទៀត​ ដើម្បី​គោរព​តាម​សេចក្ដី​សញ្ញា​យើង​ដោយ​ការ​បូជា​គឺ​សាមញ្ញ​ដូចជា ​ការ​ទទួល​យក​ការ​ហៅ​បម្រើ​ក្នុង​សាសនាចក្រ ហើយ​បម្រើ​ដោយ​ស្មោះត្រង់​ក្នុង​ការ​ហៅ​នោះ ឬ ​ការ​ធ្វើ​តាម​ការ​អញ្ជើញ​របស់​ព្យាការី​យើង ថូម៉ាស  អេស ម៉នសុន ដើម្បី​ជួយ​ដល់​ជន​ដែល​កំពុង​ឈរ​លើ​កែង​ផ្លូវ ហើយ​ត្រូវ​ការ​​ការ​សង្គ្រោះ​ខាង​វិញ្ញាណ ។ យើង​គោរព​តាម​សេចក្ដី​សញ្ញា​យើង ​ដោយ​ការ​បូជា​តាមរយៈ​ការ​បម្រើ​ដោយ​ស្ងៀម​ស្ងាត់​ដល់​អ្នក​ជិត​ខាង ឬ ​សហគមន៍​​យើង ឬ​ ដោយ​ការ​រក​ឈ្មោះ​ដូនតា​យើង ហើយ​ធ្វើ​កិច្ចការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​ពួកគាត់ ។ យើង​គោរព​តាម​សេចក្ដី​សញ្ញា​យើង ​ដោយ​ការ​បូជា​ ដោយ​គ្រាន់​តែ​ខំ​ស្វែងរក​​ក្ដី​សុចរិត ការ​បើក​ចិត្ត ហើយ​ស្ដាប់​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។ ពេល​ខ្លះ ការ​គោរព​តាម​សេចក្ដី​សញ្ញា​យើង​ វា​គ្មាន​ន័យអ្វី​​លើស​ពី​ការ​ឈរ​ឲ្យ​រឹង​មាំ ហើយ​ស្មោះត្រង់ ពេល​ព្យុះ​ជីវិត​បក់​បោក​ជុំវិញ​យើង​នោះ​ឡើយ ។

បន្ទាប់​ពី​ពន្យល់​នូវ​គំរូ​នៃ​របៀប​ដើម្បី​បាន​ការ​ទទួល​យក​ពី​ទ្រង់ ព្រះអម្ចាស់​ប្រើ​រូបភាព​មួយ​ដ៏​អស្ចារ្យ​ដើម្បី​បង្ហាញ​ពី​ប្រយោជន៍​ដែល​យើង​ទទួល​បាន​សម្រាប់​ខ្លួនឯង និង ​គ្រួសារ ពេល​យើង​ស្វែងរក​ការ​ទទួល​យក​ទ្រង់​នោះ ។ ទ្រង់​មាន​បន្ទូល​ថា « ត្បិត​ យើង​ជា​ព្រះអម្ចាស់​នឹង​បណ្ដាល​ឲ្យ​ពួកគេ​បង្កើត​ឡើង​នូវ​គ្រប់​ដើម​ឈើ​ដែល​មាន​ផ្លែ​ណា​ដែល​បាន​ដាំ​នៅ​លើ​ដី​ល្អ គឺ​នៅ​ក្បែរ​ស្ទឹង​សុទ្ធសាធ ដើម្បី​ឲ្យ​បង្កើត​បាន​ផ្លែ​វិសេស​ជា​ច្រើន » ។9

ពេល​យើង​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ហើយ​មាន​អារម្មណ៍​នូវ​ការ​ទទួល​យករបស់​​ទ្រង់ នោះ​យើង​នឹង​បាន​ប្រទាន​ពរ​ឲ្យ​លើស​ពី​ការ​យល់ដឹង​របស់​យើង​ទៅ​ទៀត ហើយ​នាំ​មក​នូវ​ផ្លែ​នៃ​ក្ដី​សុចរិត​ជាច្រើន ។ យើង​នឹង​ស្ថិត​ក្នុង​ចំណោម​ជន​ដែល​ទ្រង់​មាន​បន្ទូល​ថា « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ អ្នក​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ​យើង​នឹង​តាំង​អ្នក​ឲ្យ​ត្រួត​លើ​របស់​ជាច្រើន​ទៅទៀត ចូរ​ឲ្យ​អ្នក​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅហ្វាយ​អ្នក​ចុះ » ។ 10

ការ​ស្វែងរក និង ​ការ​ទទួល​បាន​ការ​ទទួល​យក​ពី​ព្រះអម្ចាស់​ នឹង​នាំទៅ​រក​ចំណេះដឹង​ថា ​យើង​ត្រូវ​បាន​ជ្រើស ហើយ​ប្រទាន​ពរ​ពី​ទ្រង់ ។ យើង​នឹង​មាន​ទំនុក​ចិត្ត​កើន​ឡើង​ថា ទ្រង់​នឹង​នាំ​យើង ហើយ​ដឹក​យើង​រក​សេចក្ដី​ល្អ ។ ក្ដី​ករុណា​ដ៏​ទន់ភ្លន់​នៃ​ទ្រង់​នឹង​ក្លាយ​ជា​ភស្តុតាង​ក្នុង​ចិត្ត​យើង ក្នុង​ជីវិត​យើង និង​ ក្នុង​គ្រួសារ​យើង ។

ខ្ញុំ​​សូម​អញ្ជើញ​អ្នក​ដោយ​អស់​ពី​ចិត្ត​ខ្ញុំ​ឲ្យ​​​រក​ការ​ទទួល​យក​នៃ​ព្រះអម្ចាស់ ហើយ​រីករាយ​នឹង​ពរជ័យ​ដែល​ទ្រង់​បាន​សន្យា ។ ពេល​យើង​ធ្វើ​តាម​គំរូ​ដ៏​សាមញ្ញ​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ យើង​នឹង​ដឹង​ថា​យើង​ត្រូវ​បាន​ទទួល​យក​ចំពោះ​ទ្រង់ ដោយ​មិន​គិត​​តួនាទី ឋានៈ ឬ ​សមត្ថភាព​យើង​ក្នុង​ជីវិត​រមែង​ស្លាប់​ឡើយ ។ ការ​ទទួល​យក​ដោយ​ក្ដី​ស្រឡាញ់​របស់​ទ្រង់​ នឹង​លើក​ទឹក​ចិត្ត​យើង បង្កើន​ជំនឿ​យើង ហើយ​ជួយ​យើង​ប្រឈម​នឹង​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​ជួប​ក្នុង​ជីវិត ។ មិនថា​​ឧបសគ្គ​យើង​មាន​ទំហំ​ប៉ុណ្ណានោះទេ យើង​នឹង​ទទួល​បាន​ជោគជ័យ ភាព​រុងរឿង 11 ហើយ​ទទួល​អារម្មណ៍​សុខសាន្ត ។ 12 យើង​នឹង​នៅ​ក្នុង​ចំណោម​ជន​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ៖

« កុំ​ឲ្យ​ខ្លាច​ឡើយ កូនក្មេង​តូចៗ​អើយ ត្បិត​អ្នករាល់គ្នា​ជា​របស់​ផង​យើង ហើយ​យើង​បាន​ឈ្នះ​លើ​លោកិយ​ហើយ ហើយ​អ្នករាល់គ្នា​ជា​ពួក​នោះ ​ដែល​ព្រះវរបិតា​របស់​យើង​បាន​ប្រទាន​ដល់​យើង

« ហើយ​គ្មាន​អ្នក​ណា​មួយ​ដែល​ព្រះវរបិតា​បាន​ប្រទាន​ដល់​យើង ដែល​ត្រូវ​វង្វេង​បាត់​ឡើយ » 13

ក្នុង​ព្រះ​នាម​នៃ ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។