ឆ្នាំ ២០១០-២០១៩
ដើម្បី​មាន​ភាព​សុខសាន្ដ​ក្នុង​គេហដ្ឋាន
ខែ មេសា 2013


ដើម្បី​មាន​ភាព​សុខសាន្ដ​ក្នុង​គេហដ្ឋាន

ពរជ័យ​ដ៏អស្ចារ្យ​មួយ ដែល​យើងអាច​ផ្ដល់​ទៅ​ឲ្យ​ពិភពលោក គឺ​អំណាច​នៃ​គេហដ្ឋាន​ដែល​ផ្ដោត​ទៅ​លើ​ព្រះគ្រីស្ទ​ ជា​កន្លែង​ដែល​ដំណឹងល្អ​ត្រូវ​បាន​បង្រៀន រក្សា​សេចក្ដីសញ្ញា និងពោរពេញ​ដោយ​ក្ដី​ស្រឡាញ់ ។​

មាន​សំឡេង​ជាច្រើន​មក​ពី​លោកិយ ដែល​យើងរ​ស់នៅ​ប្រាប់​យើងថា យើង​គួរតែ​រស់​នៅ​ក្នុង​ជំហាន​ដ៏​រូស​រាន់​មួយ ។ តែង​តែ​មាន​អ្វីៗ​ជាច្រើន​ត្រូវ​ធ្វើ​ និង សម្រេច ។ ប៉ុន្តែ​ក្នុង​ខ្លួន​យើង​ម្នាក់ៗ យើង​ត្រូវ​ការ​មាន​កន្លែង​ជម្រក​មួយ ដែល​ភាព​សុខសាន្ដ និង ភាព​ស្ងប់ស្ងាត់ ជាកន្លែង​ដែល​យើង​អាច​សម្រាក​ឲ្យ​បាន​ស្រួល​ខ្លួន ដើម្បី​រៀបចំ​សម្រាប់​សម្ពាធ​នា​ពេល​អនាគត ។

កន្លែង​ដ៏​ឥតខ្ចោះ​សម្រាប់​ភាព​សុខសាន្ដ​នោះ​គឺ ស្ថិត​នៅក្នុង​រង្វង់​ជញ្ជាំង​នៃ​គេហដ្ឋាន​​យើង​ផ្ទាល់ ជា​កន្លែង​ដែល​យើងខំអស់ពីសមត្ថភាព​ ដើម្បី​ផ្ដោត​ទៅ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។

គ្រួសារ​មួយ​ចំនួន​មាន​ឪពុក​ដែល​កាន់​បព្វជិតភាព​សក្ដិសម និង​មាន​ម្ដាយស្មោះត្រង់ ​មាន​ការ​លះបង់ ដែលអ្នក​ទាំង​ពីរ​ដឹកនាំគ្រួសារ​​នៅ​ក្នុង​សេចក្ដី​សុចរិត ។​ ​គ្រួសារ​មានស្ថានភាព​ច្រើន​ប្រភេទ​ផ្សេងៗគ្នា ។ មិន​ថា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ណាទេ​ អ្នក​អាច​ផ្ដោត​គេហដ្ឋាន និង ជីវិត​របស់​អ្នក​ទៅលើ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ត្បិត​ទ្រង់​គឺ​ជា​ប្រភព​នៃ​ភាព​សុខសាន្ដ​ដ៏​ពិត​ក្នុង​ជីវិត​នេះ ។

អ្នក​គួរ​តែ​ប្រាកដ​ថា រាល់​ការ​សម្រេច​ចិត្ត​ដែល​អ្នក​ធ្វើ មិន​ថា​ខាង​សាច់ឈាម ឬ​ខាង​វិញ្ញាណ គឺ​ត្រូវ​ផ្ដោត​ទៅ​លើ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​នឹង​ចង់​ឲ្យ​អ្នក​ធ្វើ ។ នៅពេល​ទ្រង់​ជាចំណុចសំខាន់​​នៅ​ក្នុង​គេហដ្ឋាន​អ្នក នោះ​សេចក្ដី​សុខសាន្ដ និង ភាព​ស្ងប់​ស្ងាត់នឹងកើត​មាន ។ មាននូវ​​អារម្មណ៍​អះអាង​មួយ ដែល​មាន​ក្នុង​គេហដ្ឋាន ហើយ​មនុស្ស​ទាំងអស់​ដែល​រស់​នៅ​ក្នុង​នោះ​អាច​ដឹង ។

ឪពុក​ម្ដាយ ពុំ​បំពេញ​តាម​ដំបូន្មាន​នេះតែឯក​ឯង​ទេ ទោះ​បី​វា​ជា​តួនាទី​របស់​ពួកគេ​ដើម្បី​ដឹកនាំ​ក្ដី ។​ កូនៗ អាច​ទទួល​ខុសត្រូវ​ដើម្បី​ធ្វើ​ឲ្យ​ការ​ខិតខំ​ដើម្បី​មាន​ព្រះគ្រីស្ទ​ជា​សំខាន់​នៅ​ក្នុង​ផ្ទះ​បានកាន់​តែ​ល្អប្រសើរ ។ វា​សំខាន់​ដែល​ឪពុក​ម្ដាយ ត្រូវ​​បង្រៀន​កូនចៅ​ឲ្យ​​ដឹង​ថា ទង្វើ​របស់​ពួកគេ​មាន​ឥទ្ធិពល​លើ​សមាជិក​ម្នាក់ៗ ដែល​រស់​នៅ​ក្នុង​គេហដ្ឋាន​នោះ ។ កូនចៅ​ដែលបង្រៀន​ឲ្យ​ដឹង​ពី​ទំនួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់ពួកគេ ទាំង​សុចរិត ឬ​អ​សុចរិត នឹង​ធំឡើង​ក្លាយជា​ពលរដ្ឋ​ដែល​គួរ​ទុកចិត្ត​នៅ​ក្នុង​នគរ​នៃ​ព្រះ ។

ខ្ញុំ​ប្រាកដ​ថា អ្នក​អាច​ស្គាល់​គោលការណ៍​គ្រឹះ​ដែល​​ដាក់​គេហដ្ឋាន​របស់​អ្នកផ្ដោត​​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ ។ ​ព្យាការី​ឲ្យ​ដំបូន្មាន​ ឲ្យ​មាន​ការ​អធិស្ឋាន​ផ្ទាល់​ខ្លួន និង ​ជា​គ្រួសារ​ជាប្រចាំថ្ងៃ សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន និង ​ជា​គ្រួសារ​ជាប្រចាំ​ថ្ងៃ និង ធ្វើរាត្រីជួបជុំ​ក្រុម​គ្រួសារ​ប្រចាំ​សប្ដាហ៍ វា​គឺ​ជា​ធាតុ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​គេហដ្ឋាន​មាន​ព្រះគ្រីស្ទ​ជា​ចម្បង ។ បើ​គ្មាន​ការ​អនុវត្ត​រឿង​ទាំង​នេះ​ជា​ប្រចាំ​ទេ នោះ​វា​នឹង​ពិបាក​ដើម្បី​ស្វែងរកបាន​នូវ​​ភាព​សុខសាន្ដ​ និង ការជ្រកកោន​ពី​លោកិយ ដែលយើង​​ប៉ង​ប្រាថ្នា និង ត្រូវការជា​ចាំបាច់​នោះ​ណាស់ ។

ចូរ​គោរព​ប្រតិបត្តិ​ចំពោះ​ការ​បង្រៀន​របស់​ព្យាការី ដែល​ព្រះគ្រីស្ទ​ចង់​ឲ្យ​អ្នក​ធ្វើ​តាម ។ ចូរ​កុំ​បង្អាក់​សុភមង្គល​នា​ពេល​អនាគត ដោយការ​ដើរ​ផ្លូវ​កាត់​ជំនួស​ឲ្យ​ការ​អនុវត្ត​គោលការណ៍​ដំណឹងល្អ ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ ។ ចូរ​ចាំ​ថា ៖ រឿង​តូចៗ​អាច​នាំ​ឲ្យ​កើត​រឿងធំ​បាន ។ ទង្វើ​មិន​ឈ្លាសវៃ ឬ ដោយ​ការធ្វេសប្រហែស អាច​នាំ​ឲ្យ​កើត​បញ្ហា​ធំ ។ ដែល​សំខាន់ជាង​នេះ ទម្លាប់ល្អ ខ្ជាប់ខ្ជួន ហើយ​សាមញ្ញ នាំ​ឲ្យ​ជីវិត​​ពោរពេញ​ដោយ​ពរជ័យ​បរិបូរ ។​

កុមារ​ក្នុង​អង្គការ​បឋមសិក្សា យុវជន និង យុវនារី​នៅក្នុង​កម្មវិធី​យុវវ័យ និង អ្នកផ្សព្វផ្សាយសាសនា​ស្មោះត្រង់ ដែល​កំពុង​តែ​បម្រើ​នាពេល​នេះ កំពុង​តែ​ធ្វើ​រឿង​ជា​ច្រើន​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​ដែល​ខ្ញុំ​​បានធ្វើ​​កាល​ពី​នៅ​វ័យស្របាល​​អ្នក ។ នៅ​ក្នុង​ជីវិត​មុន​ជីវិត​នេះ អ្នកបាន​បង្ហាញ​ថា អ្នក​​ធ្វើ​ជា​អ្នក​អង់អាច គោរពប្រតិបត្តិ និង បរិសុទ្ធ ។ ទីនោះ អ្នក​បាន​ធ្វើ​ការ​យ៉ាង​ខ្លាំង​ដើម្បី​អភិវឌ្ឍ​ទេពកោសល្យ និង សមត្ថភាព​ជាច្រើន ដើម្បី​ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹង​ជីវិតរមែង​ស្លាប់​ដោយ​ក្លាហាន ថ្លៃថ្នូ កិត្តិយស និង ជោគជ័យ ។

មិន​យូរ​ប៉ុន្មាន​កន្លង​ទៅ​នេះ អ្នក​មក​កាន់​ជីវិត​រមែង​ស្លាប់​ដោយ​មាន​សមត្ថភាព​ និង លទ្ធភាពដ៏​អស្ចារ្យ​គ្មាន​ទី​បញ្ចប់ទាំង​អស់​នោះ ។​ ប៉ុន្តែ​​គ្រោះ​ថ្នាក់ពិត​ជា​មាន​​នៅ​ក្នុង​បរិដ្ឋាន​ជុំ​វិញ​អ្នក ។ សក្ដានុពល​ និង សមត្ថភាព​ដ៏​អស្ចារ្យ​របស់​អ្នក អាច​មានកម្រិត ឬ បំផ្លាញចោល បើ​អ្នក​ធ្វើ​តាម​ការបំពុល​ដ៏បំផុស​របស់​អារក្ស​នៅ​ជុំ​វិញ​អ្នក​នោះ ។ ទោះ​ជា​យ៉ា​ងណា សាតាំង​ពុំ​អាច​ខ្លាំង​ជាង​ព្រះអង្គសង្គ្រោះឡើយ ។ ផលកម្ម​របស់​សាតាំង​ត្រូវ​បាន​កំណត់ ។ វា​ដឹង​ថា​វា​ចាញ់ ប៉ុន្តែ​វា​ចង់​បំផ្លាញ​មនុស្ស​ឲ្យ​ច្រើន​បំផុត​តាម​ដែល​វា​អាច​ធ្វើ​ទៅ​បាន ។ វា​នឹង​ព្យាយាម​បំផ្លាញ​សេចក្ដី​ល្អ និង សមត្ថភាព​របស់​អ្នក ដោយ​ការ​ប្រើ​ភាព​ទន់​ខ្សោយ​របស់​អ្នក ។ សូម​ឈរ​នៅ​ខាង​ព្រះអម្ចាស់ នោះ​អ្នក​នឹង​ឈ្នះ​គ្រប់ពេល ។

អ្នក​រស់​នៅ​ក្នុង​ពិភពលោក​មួយ ដែល​ជឿន​លឿន​ខាង​បច្ចេក​វិទ្យាក្នុង​ល្បឿន​ដ៏​ហួស​វិស័យមួយ ។ វា​ពិបាក​សម្រាប់​មនុស្ស​ជាច្រើននៅ​ជំនាន់​ខ្ញុំ​​តាម​ទាន់ការ​រីក​ចម្រើន​​ទាំង​នោះណាស់ ។​ អាស្រ័យ​លើ​របៀប​ប្រើប្រាស់​បច្ចេក​វិទ្យា​ ការ​ជឿនលឿន​ទាំង​នេះ អាច​ជា​ពរជ័យ​មួយ ឬ ជាបញ្ហា​មួយ ។ បច្ចេកវិទ្យា នៅពេល​យល់ដឹង ហើយ​ប្រើ​ប្រាស់​ដោយ​គោលបំណង​សុចរិត នោះ​វា​ពុំ​មែនជា​ការ​គំរាមគំហែងទេ​ តែ​ជា​ការ​ពង្រីក​ទំនាក់​ទំនង​ខាង​វិញ្ញាណ​វិញ ។

ឧទាហរណ៍ ៖ ពួក​យើង​ជាច្រើន មាន​ឧបករណ៍​អេឡិចត្រូនិច​ផ្ទាល់​ខ្លួន ដែល​ដាក់​ចូល​ហោប៉ៅ​យើង​បាន ។ យើង​កម្រ​ថានឹង​ទៅ​ណា​ដោយ​គ្មាន​វា​ណាស់ យើ​ងអាច​ប្រើ​វា​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ។ ជា​អកុសល ឧបករណ៍​ទាំងនេះ អាច​ជា​ប្រភព​ដ៏​អាក្រក់មួយ ហើយ​ខ្ជះខ្ជាយ​ពេល​វេលា ។ ប៉ុន្តែ​បើ​ប្រើ​ដោយ​មានវិន័យ បច្ចេកវិទ្យា​នេះ អាច​ជា​ឧបករណ៍​ការពារ​មួយ​ពី​រឿង​ដ៏​អាក្រក់​ដែល​សង្គម​បង្កើត​ឡើង ។

តើ​មាន​នរណា​អាចគិត​ឃើញ​​​ថា ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅនេះ ​យើង​នឹង​មាន​បទដ្ឋាន​នៃ​គម្ពីរពេញ​លេញ និង សារលិខិត​សន្និសីទទូទៅរាប់​ឆ្នាំ នឹង​ដាក់​ចូល​ក្នុង​ហោប៉ៅ​របស់​អ្នក​បាននោះ ? ការ​មាន​វា​នៅ​ក្នុង​ហោប៉ៅ​ពុំ​អាច​ការពារ​អ្នក​បាន​ទេ ប៉ុន្តែ​ការ​សិក្សា ការពិចារណា និង ការ​ស្ដាប់​វា អំឡុង​ពេល​ស្ងាត់​រាល់​ថ្ងៃ​នឹង​ពង្រីក​ទំនាក់ទំនង​តាមរយៈ​ព្រះ​វិញ្ញាណ ។

ចូរ​ឈ្លាស​វៃ​នៅ​ក្នុង​ការ​ប្រើ​បច្ចេក​វិទ្យា ។ ចូរ​គូស​ចំណាំ​បទគម្ពីរ​សំខាន់ៗ​នៅក្នុង​ឧបករណ៍​របស់​អ្នក ហើយ​ត្រឡប់​ទៅ​មើល​វា​ជា​ញឹកញាប់ ។ បើ​​មនុស្ស​វ័យ​ក្មេង នឹង​រំឭក​ខគម្ពីរ​មួយឲ្យ​ញឹកញាប់​ដូចជា​អ្នក​រាល់​គ្នា​មួយ​ចំនួន​ផ្ញើសារ នោះ​អ្នក​អាច​មាន​វគ្គគម្ពីរ​រាប់​រយ​វគ្គ​ទន្ទេញ​ចាំយ៉ាង​ឆាប់ ។ វគ្គ​គម្ពីរ​ទាំង​នោះ​នឹង​ជា​ប្រភព​នៃ​ការ​បំផុសគំនិត​ និង ការ​ណែនាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក្នុង​ពេល​ត្រូវការ​ដ៏​មាន​អានុភាព​ ។

ការ​ខំ​អស់​ពី​លទ្ធភាព​របស់​យើង អាច​អញ្ជើញ​ឲ្យ​មាន​ឥទ្ធិពល​ដឹកនាំ​ដ៏​ទន់ភ្លន់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ មក​ក្នុង​ជីវិត​រស់​នៅ​របស់​យើង​គឺ ​សំខាន់​នៅ​ក្នុង​ការ​ខិតខំ​របស់​យើង ដើម្បី​ផ្ដោតគេហដ្ឋាន​យើងលើ​ព្រះអង្គ​សង្គ្រោះ ។ ទង្វើ​ប្រកប​ដោយការ​គោរព​ប្រតិបត្តិ​ទៅ​លើ​ការ​បំផុសគំនិត​ទាំង​នោះ ពង្រឹង​យើង​កាន់​តែ​រឹង​មាំ ។

ភាព​សុខសាន្ដ​កាន់​តែ​ខ្លាំង​នឹង​កើត​មាន នៅ​ពេល​អ្នកដាក់​​​​ការ​ខិតខំ​គោរពប្រតិបត្តិរបស់​អ្នក​បញ្ចូលជាមួយ​នឹង​ការ​បម្រើ​ដល់​អ្នក​ដទៃនោះ ។ មាន​បុគ្គល​ជាច្រើន ដែល​មាន​អ្វី​ដែល​គេ​មើល​ឃើញ​ថាមាន​ទេពកោសល្យ​មិន​គ្រប់គ្រាន់ បាន​ប្រើ​ទេពកោសល្យ​ទាំង​នោះ​ដោយ​រាបសារ និង សន្ដានចិត្ត​ល្អ ដើម្បី​ប្រទាន​ពរ​ដល់​ជីវិត​អ្នក​ដែល​នៅ​ជុំ​វិញ​ពួកគេ ។ អត្មា​និយម​គឺ​ជា​ឬស​គល់​នៃ​អំពើ​អាក្រក់​ដ៏ធំ ។ ថ្នាំ​បន្សាប​ចំពោះ​អំពើ​អាក្រក់​នោះ គឺ​ជា​គំរូ​​នៅ​ក្នុង​ជីវិត​​របស់​ព្រះអង្គសង្គ្រោះ​ ។ ទ្រង់​បង្ហាញ​យើង​នូវ​របៀប​ដើម្បី​ផ្ដោត​ជីវិត​របស់​យើងក្នុង​​ការ​បម្រើ​ដល់​អ្នកដទៃ ដោយ​គ្មាន​​ភាព​អត្មានិយម ។

ខ្ញុំ​បាន​រៀន​សេចក្ដីពិត​មួយ ដែល​បាន​កើតឡើង​​ដដែលៗ​យ៉ាង​ញឹកញាប់​ក្នុង​ជីវិត​ខ្ញុំ ដែល​ខ្ញុំ​បាន​ដឹង​ថា​វា​ជា​ក្រិត្យវិន័យ​ទាំង​ស្រុង ។ វា​កំណត់​ច្បាស់​ពី​របៀប​ដែល​ការប្រតិបត្តិ និង ការ​បម្រើ​ទាក់ទង​នឹង​ព្រះចេស្ដា​របស់​ព្រះ ។ នៅពេល​យើង​គោរព​ព្រះបញ្ញត្តិ​ព្រះអម្ចាស់ ហើយ​បម្រើ​កូនចៅ​ទ្រង់​ដោយ​ពុំ​អត្មានិយម ជាលទ្ធផល គឺ​មាន​អំណាច​មកពី​ព្រះ -- ជាអំណាច​ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ច្រើន លើស​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង ។ ការ​យល់ដឹង​ ទេពកោសល្យ សមត្ថភាព​របស់​យើង​ ត្រូវ​បាន​ពង្រីក ដោយ​សារ​យើង​ទទួល​កម្លាំង និង អំណាច​មក​ពី​ព្រះអម្ចាស់ ។ អំណាច​របស់ទ្រង់ គឺ​ជា​ធាតុ​គ្រឹះ​មួយ​​នៃ​ការ​ស្ថាបនា​គេហដ្ឋាន​មួយ ​ដែល​ពោរពេញ​ដោយ​ភាព​សុខសាន្ដ ។

នៅពេល​អ្នក​ផ្ដោត​គេហដ្ឋាន​របស់​អ្នក​ទៅ​លើ​ព្រះអង្គសង្គ្រោះ នោះ​ជា​ធម្មតា​វា​នឹង​ក្លាយជា​ជម្រក​មួយ ដែល​ពុំ​មែន​សម្រាប់​តែ​គ្រួសារ​អ្នកនោះ​ទេ ប៉ុន្តែ​សម្រាប់​មិត្តភក្ដិ ដែល​រស់​នៅ​ក្នុង​ស្ថានភាព​​លំបាកខ្លាំង​ផងដែរ ។ ពួកគេ​នឹង​ខិតមក​រក​ភាព​ស្ងប់ស្ងាត់ ដែល​ពួកគេ​ទទួល​អាម្មរណ៍បាន​​ក្នុង​គេហដ្ឋាន​អ្នក ។ សូម​ស្វាគមន៍​មិត្ត​ដូច្នោះ​មក​ក្នុង​គេហដ្ឋាន​របស់​អ្នក ។ ពួកគេ​នឹង​រីកចម្រើន ហើយអភិវឌ្ឍ​នៅ​ក្នុងបរិស្ថាន​ដែល​ផ្ដោត​ទៅ​លើ​ព្រះគ្រីស្ទ​ជា​ចម្បង​នោះ ។

ពរជ័យ​ដ៏អស្ចារ្យ​មួយ ដែល​យើងអាច​ផ្ដល់​ទៅ​ឲ្យ​ពិភពលោក គឺ​អំណាច​នៃ​គេហដ្ឋាន​ដែល​ផ្ដោត​ទៅ​លើ​ព្រះគ្រីស្ទ​ ជា​កន្លែង​ដែល​ដំណឹងល្អ​ត្រូវ​បាន​បង្រៀន រក្សា​សេចក្ដីសញ្ញា និងពោរពេញ​ដោយ​ក្ដី​ស្រឡាញ់ ។​

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ បន្ទាប់​ពី​ការ​ទៅ​ទស្សនា​បេសកកម្មមួយ ភរិយា​ខ្ញុំ ជេនីន បាន​ប្រាប់​ខ្ញុំ​អំពីអែលឌើរ​ម្នាក់ ដែល​គាត់​បាន​ជួប ។ ជេនីន បាន​សួរ​​អំពី​គ្រួសារ​គាត់ ។ គាត់​ភ្ញាក់​ផ្អើល​នៅពេល​ អែលឌើរ​នោះ​ឆ្លើយ​ថា គាត់​គ្មាន​គ្រួសារទេ ។​ គាត់​ពន្យល់​បន្ថែម​ទៀត​ថា នៅពេលគាត់​កើត​មក ម្ដាយ​គាត់​បាន​ប្រគល់​គាត់​ទៅ​ឲ្យ​រដ្ឋាភិបាល​ចិញ្ចឹម ។ គាត់​បាន​ចំណាយ​ពេល​កុមារភាព​របស់គាត់​រស់​នៅ​​​ពី​គ្រួសារ​ចិញ្ចឹម​មួយទៅ​គ្រួសារ​​មួយទៀត ។ គាត់​មាន​ពរ​នៅពេល​ធំពេញវ័យ ដែល​បាន​រកឃើញ​ដំណឹងល្អ ។ គ្រួសារ​ក្នុងវួដ​ជាទីស្រឡាញ់​មួយ បានជួយ​គាត់​ឲ្យ​មាន​ឱកាស​បម្រើ​បេសកកម្ម ។

ក្រោយមក ជេនីន​ បាន​សួរ​ភរិយា​ប្រធាន​បេសកកម្ម​អំពី​អែល​ឌើរ​នេះ ។ គាត់​បាន​ដឹង​ថា កាល​ពី​ប៉ុន្មាន​ខែ​មុន អែលឌើរ​​នេះ​បាន​មក​ស្នាក់​នៅ​ផ្ទះ​បេសកកម្ម​ពីរបីថ្ងៃ ដោយសារ​មាន​ជម្ងឺ ។ អំឡុង​ពេល​នោះ គាត់​បាន​ចូលរួម​នឹង​ពួកគេ​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។ មុនពេល​គាត់​ចាកចេញ​ទៅ​តំបន់​បម្រើវិញ គាត់​បាន​សុំ​ប្រធាន​បេសកកម្ម​ បើ​សិន​ជា​គាត់​អាច​ស្នាក់​នៅ​ពីរ​បីថ្ងៃ​ទៀត​នៅ​ពេល​បញ្ចប់​បេសកកម្ម​របស់​គាត់​ ក្នុង​ផ្ទះ​បេសកកម្ម​នេះ​ម្ដង​ទៀត ។ គាត់​ចង់​សង្កេត​មើល​ពី​របៀប​ដែល​គ្រួសារ​ផ្ដោត​ទៅ​លើ​ព្រះគ្រីស្ទ​ប្រព្រឹត្ត​ ។ គាត់​ចង់​​ធ្វើ​ឲ្យ​គ្រួសារ​គាត់​ដើរ​តាម​ពួកគេ ។

ចូរ​ខំ​ឲ្យ​អស់​ពីសមត្ថភាព​របស់​អ្នក ដើម្បី​មាន​គេហដ្ឋាន​បែបនេះ ។ ចូរ​ឈោង​ទៅ​ជួយ​អ្នក​ទាំងឡាយ​ដែល​រស់នៅ​ក្នុង​ស្ថានភាព​លំបាក ។ ធ្វើ​ជា​មិត្តពិត ។ មិត្តភាព​ដ៏​ខ្ជាប់​ខ្ជួន​​ប្រភេទ​នេះ ជួយ​អ្នកដទៃឲ្យ​ស៊ូទ្រាំ​ក្នុង​ការ​លំបាក ហើយ​ធ្វើ​ឲ្យ​ជីវិត​​កាន់​តែ​សប្បាយ ។ វា​ពុំ​គួរ​ជា​ធនធាន​មួយ ដែល​ប្រើ​ដើម្បី​ទទួល​យក​ប្រយោជន៍​ផ្ទាល់​ខ្លួនឡើយ តែ​ជា​រតនៈសម្បត្តិ​មួយ ដើម្បី​ថ្លែង​អំណរគុណ និង ចែកចាយ ។ សូម​ស្វាគមន៍​អ្នកដទៃ​ដែល​ត្រូវ​ការ​កម្លាំង ដោយ​ការស្នាក់នៅ​ក្នុង​គេហដ្ឋាន​ដែល​ផ្ដោត​ទៅលើ​ព្រះគ្រីស្ទ​មក​ក្នុង​គេហដ្ឋាន​របស់អ្នក ។

ខ្ញុំ​សូម​ផ្ដល់​នូវ​គំនិត​ចុង​បញ្ចប់​មួយចំនួន​សម្រាប់​អ្នក​ទាំងឡាយ​ដែល​ស្រឡាញ់​សមាជិក​គ្រួសារ​ម្នាក់ ដែល​ពុំ​ជ្រើស​រើស​ត្រឹមត្រូវ ។ នោះ​អាច​ជា​ឧបសគ្គ​ចំពោះ​ការ​អត់ធ្មត់ និង ការ​ស៊ូទ្រាំ​របស់​យើង ។ យើង​ចាំបាច់​ត្រូវ​ទុកចិត្ត​លើ​ព្រះអម្ចាស់ និង​ពេលវេលា​របស់ទ្រង់ ដែល​ជា​ចម្លើយ​វិជ្ជមាន​មួយ ចំពោះ​ការ​អធិស្ឋាន​របស់យើង ហើយ​ការ​ខិត​ខំ​ជួយ​សង្គ្រោះ​អាច​កើត​មាន ។ យើង​ខិតខំ​អស់​ពី​សមត្ថភាព​ដើម្បី​បម្រើ ប្រទានពរ និងទទួល​ស្គាល់​ព្រះទ័យ​របស់​ទ្រង់​ដោយ​ការ​ចុះចូល​ក្នុង​រឿង​គ្រប់​យ៉ាង ។ យើង​អនុវត្ត​សេចក្ដី​ជំនឿ ហើយ​ចងចាំ​ថា មាន​រឿង​មួយចំនួន​ដែល​ចាំបាច់​ត្រូវ​ទុក​ឲ្យ​ព្រះអម្ចាស់ ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ដាក់​បន្ទុក​យើង​ចុះ​នៅ​ព្រះបាទទ្រង់ ។ យើង​អាច​ដឹង​ដោយ​ក្ដីជំនឿ​ថា មនុស្សវង្វេង​ជាទីស្រឡាញ់​រូប​នេះ ពុំ​ត្រូវ​បាន​បំភ្លេច​ទេ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ការ​មើល​ថែ​របស់​ព្រះអង្គ​សង្គ្រោះ​ជា​ទី​ស្រឡាញ់វិញ ។

សូមមើល​ឃើញ​ពី​សេចក្ដី​ល្អ​ក្នុង​ខ្លួន​អ្នកដទៃ ពុំ​មែន​កំហុស​គេ​ឡើយ ។ ជួន​កាល​កំហុស​មួយ ចាំបាច់​ត្រូវ​មាន​ការ​យកចិត្តទុកដាក់​ត្រឹមត្រូវ​ដើម្បី​លាង​សំអាត ប៉ុន្តែ​តែងតែ​ផ្ដោត​ ហើយ​លើក​កំពស់​តម្លៃ​របស់​ពួកគេ​ជានិច្ច ។

នៅពេល​អ្នក​មាន​អារម្មណ៍​ថា មាន​ក្ដី​សង្ឃឹម​តែ​បន្ដិចបន្ដួច នោះ​ក្ដីសង្ឃឹម​នោះ​ពុំ​មែន​មានបន្ដិច​បន្តួច​នោះទេ ប៉ុន្តែ​ជាបណ្ដាញ​ភ្ជាប់​ដ៏ធំមួយ​ ដូចជា​អ្នក​ការពារ​ជីវិត ដើម្បី​ពង្រឹង និង លើក​អ្នកឡើង ។ វា​នឹង​ផ្ដល់​ការ​លួងលោម​ចិត្ត ដូច្នេះ​អ្នក​អាច​ឈប់​ភ័យ​ខ្លាច ។ សូម​ព្យាយាម​រស់នៅ​ដោយ​សក្ដិសម ហើយ​ដាក់​ការ​ទុក​ចិត្ត​របស់​អ្នកលើ​ព្រះអម្ចាស់ ។

យើង​ពុំចាំបាច់​បារម្ភឡើយ បើ​យើង​ពុំ​អាច​ធ្វើ​អ្វីៗ​ទាំងអស់ ដែល​ព្រះអម្ចាស់​បាន​ទូន្មាន​ឲ្យ​យើង​ធ្វើ​នោះ ។ ទ្រង់​ បាន​​មាន​បន្ទូល​ថា មាន​ពេលវេលា និង រដូវកាល​សម្រាប់​រឿង​គ្រប់​យ៉ាង ។ ជា​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​ដោយ​ស្មោះ​របស់​យើង ដែល​សុំ​ការ​ដឹកនាំ នោះ​ទ្រង់​នឹង​ដឹកនាំ​យើង​ក្នុង​អ្វី​ដែលគួរ​តែ​យក​ចិត្ត​ទុកដាក់​ តាម​ចំណែក​នីមួយៗ​នៃ​ជីវិត​របស់​យើង ។ យើងអាច​រៀន រីកចម្រើន និង ប្រែក្លាយ​ដូចជា​ទ្រង់​មួយជំហាន​ម្ដងៗ​ដោយ​ខ្ជាប់ខ្ជួន ។​

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ការ​រស់​នៅ​ក្នុង​ជីវិត​គោរពប្រតិបត្តិ ចាក់ឬស​យ៉ាង​មាំ​នៅ​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ផ្ដល់​ជា​ការ​អះអាង​ដ៏​មហិមា​បំផុត​សម្រាប់ភាពសុខសាន្ដ និង ជម្រក​ក្នុង​គេហដ្ឋាន​របស់​យើង ។ វា​ក៏​នឹង​នៅ​មាន​ឧបសគ្គ ឬ ការ​ខូចចិត្ត​ជា​ច្រើន​ផងដែរ តែ​ទោះ​ជា​ស្ថិត​នៅ​ក្នុង​ការលំបាក​ក្ដី ក៏​យើងអាច​រីករាយ​នឹង​ភាព​សុខសាន្ដ និង សុភមង្គល​ក្នុង​ខ្លួន​របស់​យើង​ដែរ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ប្រភព​នៃ​ភាពសុខសាន្ដ​ដ៏​បរិបូរ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។