ឆ្នាំ ២០១០-២០១៩
ក្ដី​សុខសាន្ត​ផ្ទាល់​ខ្លួន៖ ជា​រង្វាន់​នៃ​សេចក្ដី​សុចរិត
ខែ មេសា 2013


ក្ដី​សុខសាន្ត​ផ្ទាល់​ខ្លួន៖ ជា​រង្វាន់​នៃ​សេចក្ដី​សុចរិត

ដោយសារ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​ក្ដី​មេត្តា​ទ្រង់ ទោះជា​ស្ថិត​ក្នុង​ការ​សាកល្បង​នៃ​ជីវិត​ក្ដី ការ​រស់នៅ​សុចរិត​នឹង​ទទួល​បាន​រង្វាន់​នៃ​ក្ដី​សុខសាន្ត​ផ្ទាល់​ខ្លួន ។

បទពិសោធន៍​ថ្មីៗ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ពី​គោលលទ្ធិ​នៃ​ក្ដី​សុខសាន្ត ហើយ​ជាពិសេស​ពី​តួនាទី ​ព្រះយេស៊ូវ​គ្រីស្ទ​ ក្នុង​ការ​ជួយ​យើង​ម្នាក់ៗ​ទទួល​បាន​ក្ដី​សុខសាន្ត​ផ្ទាល់ខ្លួន​ដរាប​ទៅ ។

មាន​ហេតុការណ៍​ពីរ​កាល​ពី​ប៉ុន្មាន​ខែ​មុន​បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​រំជួល​​យ៉ាង​ខ្លាំង ។ ទី​មួយ ខ្ញុំ​បាន​និយាយ​នៅ​បុណ្យ​សព​ក្មេង​ស្រី អ៊ិមមីលី ផាកកឺ អាយុ​ប្រាំ​មួយ​ឆ្នាំ​ដែល​បាន​បាត់​បង់​ជីវិត​ជាមួយ​នឹង​ក្មេង 25 នាក់​ទៀត ក្នុង​​នោះ​មាន​ក្មេង​តូចៗចំនួន​ 19 នាក់ នៅ​ក្នុង​ហេតុការណ៍​បាញ់​សម្លាប់​មួយ​គួរ​ឲ្យ​រន្ធត់​នៅ នូវតុន, ខុននេកទិខាត់ ។ ខ្ញុំ​បាន​ចូល​រួម​រំលែក​ទុក្ខ​ជាមួយ​នឹង​គ្រួសារ​នាង ហើយ​បាន​ដឹង​ថា​មាន​មនុស្ស​ជាច្រើន​បាន​បាត់​បង់​នូវ​ក្ដី​សុខសាន្ត ។ ខ្ញុំ​បាន​ឃើញ​ពី​ភាព​រឹងមាំ និង​ ក្ដី​ជំនឿ​ក្នុង​ខ្លួន​ឪពុកម្ដាយ​នាង រ៉ូប៊ើត និង អាលីសា ផាកកឺ ។

ទីពីរ ខ្ញុំ​បាន​ជួប​នឹង​សមាជិក​ដ៏​ស្មោះត្រង់​ក្នុង​សាសនាចក្រ​រាប់ពាន់​នាក់​នៅ​ទីក្រុង អាយវ៉ូរី ខូស នៃ អាប៊ីតចាន ។1 ប្រទេស​អាហ្វ្រិក​ខាង​លិច​ដែល​និយាយ​ភាសា​បារាំង​នេះ​ បាន​ទទួល​រង​ការ​លំបាក​ខាង​សេដ្ឋកិច្ច ការ​ធ្វើ​រដ្ឋ​ប្រហារ​ដោយ​យោធា និង​សង្គ្រាម​ស៊ីវិល​ថ្មីៗ​ចំនួន​ពីរ​ដែល​បញ្ចប់​ក្នុង​ឆ្នាំ 2011 ។ តែ​ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត​ ពេល​នៅ​ជាមួយ​នឹង​ពួកគេ ។​

ជារឿយៗ ហេតុការណ៍​កើត​ឡើង​បាន​ដក​យក​ក្ដី​សុខ​សាន្ត​ពី​យើង ហើយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កាន់​តែ​ឈឺចាប់ ។​

តើ​អ្នក​ណា​អាច​បំភ្លេច​បាន​នូវ​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​នៅ​ថ្ងៃ​ទី 11 ខែ​កញ្ញា ឆ្នាំ 2011 នៅ​ទីតាំង​​មួយ​ចំនួន​ក្នុង​សហរដ្ឋ​អាមេរិក ?​ ហេតុការណ៍​បែបនេះ​រំឭក​យើង​ពី​​របៀប​ដែល​អារម្មណ៍​សុខសាន្ត និង​សុវត្ថិភាព​នៃ​​យើង ​អាច​ត្រូវ​បាន​បំផ្លាញ​តែ​មួយ​ពព្រិច​ភ្នែក ។

កូន​ប្រុស​ច្បង​យើង និង​ភរិយា​គាត់ ដែល​ពពោះ​​​កូន​ដំបូងគាត់​ បាន​រស់នៅ​រំលង​បី​ច្រក​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោកក្នុងទីក្រុង នូវ​យោក ​ ពេល​យន្តហោះ​ទី​មួយ​ហោះ​បុក​អគារ​ខាង​ជើង ។ ពួកគេ​បាន​ឡើង​ទៅ​លើ​ដំបូល​អគារ​​ខ្លួន ហើយ​មាន​ចិត្ត​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង ពេល​ពួកគេ​មើល​ឃើញ​នូ​វ​អ្វី​ដែល​ពួកគេ​បាន​គិត​ថា​ជា​គ្រោះ​ថ្នាក់​ដ៏​អាក្រក់​មួយ​នោះ​ ។ បន្ទាប់​មក​ ពួកគេ​បាន​ឃើញ​យន្តហោះ​ទី​ពីរ​ហោះ​បុក​នឹង​អគារ​ខាង​ត្បូង ។ រំពេច​នោះ​ពួកគេ​បាន​ដឹង​ថា​ហេតុការណ៍​នេះ​ពុំមែន​ជា​គ្រោះ​ថ្នាក់​នោះ​ទេ ហើយ​បាន​ជឿ​ថាភាគខាង​ត្បូង មែនហាតថាន បាន​ទទួល​រង​ការ​វាយ​ប្រហារ ។ ពេល​អគារ​ខាង​ត្បូង​បាន​ស្រុត​ចុះ អគារ​ផ្ទះល្វែង​ពួកគេបាន​គ្រប​ដណ្តប់​ដោយ​ធូលីដីដ៏អួរអាប់​ដែល​រីក​សាយ​ពេញ​ភាគ​​ខាង​ត្បូង មែនហាតថាន ។

ដោយ​ងឿង​ឆ្ងល់​​ចំពោះ​​អ្វី​ដែល​ពួកគេ​បាន​ឃើញ ហើយ​បារម្ភ​ពី​ការ​វាយ​ប្រហារ​បន្ថែម​ទៀត ​នោះ​ពួកគេ​បាន​ទៅ​រក​កន្លែង​សុវត្ថិភា​ព​ជាង​នេះ រួចហើយ​បាន​​ទៅ​​​អគារ​ស្តេក​ មែនហាតថាន នៅ​មជ្ឈមណ្ឌល លីនខុន ។​ ពេល​ពួកគេ​ទៅ​ដល់​ទីនោះ ពួកគេ​បាន​ឃើញ​មាន​សមាជិក​​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​ភាគ​ខាង​ត្បូង មែនហាតថាន បាន​ធ្វើ​ការ​​សម្រេច​ចិត្ត​ដូចគ្នា​ដែរ ដោយ​ប្រមូល​ផ្ដុំ​គ្នា​នៅ​មជ្ឈមណ្ឌល​ស្តេក​នេះ ។ ពួក​គេ​បាន​ទូរស័ព្ទ​​ប្រាប់​យើង​ពី​ទីកន្លែង​ដែល​ពួកគេ​ស្នាក់នៅ ។ ខ្ញុំ​បាន​ធូរ​ចិត្ត​ដែល​ពួកគេ​មាន​សុវត្ថិភាព តែ​មិន​ភ្ញាក់​ផ្អើល​ពី​កន្លែង​ស្នាក់នៅ​ពួកគេ​ឡើយ ។ វិវរណៈ​សម័យ​ទំនើប​បង្រៀន​ថា ស្ដេក​នៃ​ស៊ីយ៉ូន​ជា​ទី​ការ​ពារ និង« ជា​ទី​ជ្រក​កោន​ពី​ព្យុះសង្ឃរា និង​ពី​សេចក្ដី​ក្រោធ​ដែល​ឥត​លាយ​ក្នុងកាល​បាន​ចាក់​មក​លើ​ផែនដី​ទាំងមូល » ។2

អស់​រយៈពេល​ជាង​មួយ​សប្ដាហ៍ ពួកគេមិន​អាច​ត្រឡប់មក​អគារ​ផ្ទះ​ល្វែង​របស់​ខ្លួន​បាន​ឡើយ ហើយ​​មាន​ចិត្ត​រន្ធត់​ចំពោះ​ការ​បាត់បង់​ជីវិត​មនុស្ស​គ្មាន​កំហុស តែ​ពួកគេ​មិន​បាន​រង​ការ​ខូចខា​តធ្ងន់​ធ្ងរ​ទេ ។

ក្នុង​ការ​សម្លឹង​មើល​ទៅ​ហេតុការណ៍​​ទាំងនេះ ខ្ញុំ​បាន​ឃើញ​នូវ​ភាព​ខុសគ្នា​ខាង​គោលលទ្ធិ​រវាង​ក្ដី​សុខសាន្ត​ជាសាកល ឬ​ពិភពលោក និង​ក្ដី​សុខសាន្ត​ផ្ទាល់ខ្លួន ។3

ពេល​ព្រះអង្គ​សង្គ្រោះ​ប្រសូត មាន​ពួក​​ទេវតា​យ៉ាង​ច្រើន​បាន​សរសើរ​តម្កើង​​ដល់​ព្រះ ហើយ​បាន​ប្រកាស​ថា « សួ​ស្ដី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្ដី​សុខ​សាន្ត​នៅ​ផែនដី​ នៅ​កណ្ដាល​មនុស្ស​ដែល​ជាទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់ » ។4

តែ​វា​ត្រូវ​គេ​កត់​សម្គាល់​ទាំង​សោកសៅ សូម្បី​តែ​ក្នុង​គ្រា​ដ៏​សំខាន់​បំផុត ក្រោយ​ពី​ការ​ប្រសូត​នៃ​ព្រះរាជបុត្រា​ព្រះ នោះ​ស្តេច​ហេរ៉ូឌ បាន​ធ្វើ​ឲ្យ​ការ​សម្លាប់​ដល់​ក្មេង​ឥត​ទោស​ក្នុង​បេថ្លេហិម ។5

សិទ្ធិ​ជ្រើសរើស​មាន​សារៈសំខាន់​ចំពោះ​ផែនការ​សុភមង្គល ។ វា​អនុញ្ញាត​ឲ្យ​មាន​ក្ដី​ស្រឡាញ់ ការ​លះបង់ ការ​រីកចម្រើន​ផ្ទាល់​ខ្លួន និង​បទពិសោធន៍​ដែល​ចាំបាច់​សម្រាប់​ការ​រីកចម្រើន​អស់​កល្ប​របស់​យើង ។ សិទ្ធិ​ជ្រើសរើស​នេះ​ក៏​អនុញ្ញាត​ឲ្យមាន​នូវ​​រាល់​ការ​ឈឺចាប់ និង​ការ​រងទុក្ខ​ដែល​យើង​ជួប​ក្នុង​ជីវិត​រមែង​ស្លាប់ សូម្បី​តែ​អ្វី​ដែល​វា​កើត​ឡើង​ដោយ​សារ​រឿង​ដែល​យើង​មិន​យល់ និង​ការ​ជ្រើស​រើស​ដ៏​អាក្រក់​របស់​អ្នក​ដទៃ​ក្ដី ។ សង្គ្រាម​នៅ​ស្ថានសួគ៌​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ការ​ពារ​សិទ្ធិ​ជ្រើស​រើស​ខាង​សីលធម៌​របស់​យើង ហើយ​វា​សំខាន់​ដើម្បី​​យល់​ដឹង​អំ​ពី​ការ​បម្រើរបស់​ព្រះអង្គ​សង្គ្រោះនៅ​​លើ​ផែនដី​ ។​​

ដូច​បាន​រៀបរាប់​ក្នុង​ម៉ាថាយ​ជំពូក 10 ព្រះអង្គ​សង្គ្រោះ​បាន​ណែនាំ​ពួក​ដប់​ពីរ​នាក់ ហើយ​បាន​ទទួល​ស្គាល់​ថា បេសកកម្ម​ទ្រង់​មិន​អាច​សម្រេច​បាន​នូវ​ក្ដី​សុខសាន្ត​ជា​សាកល​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​បាន​ឡើយ ។ ពួក​សាវក​ត្រូវ​បាន​ប្រាប់​ឲ្យ​បន្សល់​ទុក​ក្ដី​សុខសាន្ត​នៅក្នុង​​ផ្ទះ​ដែល​ពួកគាត់​ចូល​ទៅ តែ​បាន​ព្រមាន​​ថា​ ពួក​គាត់​​​នឹង​ស្ថិត « នៅ​កណ្ដាល​ហ្វូង​ចចក » ... « [ និង ] ...មនុស្ស​ទាំងអស់​នឹង​​ស្អប់​អ្នករាល់គ្នា​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ ប៉ុន្តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​អ្នក​នោះ​នឹង​បាន​សង្គ្រោះ » ។6 ការ​ថ្លែង​មួយ​ដ៏​សំខាន់​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​-ខ 34 ថា៖ « កុំ​ឲ្យ​ស្មាន​ថា ខ្ញុំ​មក​នឹង​តាំង​ឲ្យ​​មាន​សេចក្ដី​មេត្រី​នៅ​ផែនដី​ឡើយ ខ្ញុំ​មិន​មែន​មក​ដើម្បី​តាំង​ឲ្យ​សេចក្ដី​មេត្រី​ទេ គឺ​ឲ្យ​មាន​ដាវ​វិញ » ។7 វា​ច្បាស់​ថា ក្ដី​សុខសាន្ត​ជា​សាកល​គ្មាន​លើ​ផែនដី​នេះ​ទេ​ អំឡុង​ពេល​ការ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះគ្រីស្ទ ហើយ​វា​ក៏​គ្មាន​នៅ​ពេល​នេះ​ដែរ ។

ក្នុង​អារម្ភកថា​របស់​ព្រះអម្ចាស់​ចំពោះ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា មាន​គោលការណ៍​ដ៏​សំខាន់​បំផុត​មួយ​ចំនួន​ត្រូវ​បាន​បង្រៀន ។ ដោយ​ការ​គោរព​ចំពោះ​ជន​ដែល​ពុំ​បាន​ប្រែចិត្ត ព្រះវិញ្ញាណ​ទ្រង់ ( ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ ) ដែល​បាន​ផ្ដល់​ដល់​ជន​គ្រប់​រូប​ ដែល​មក​កាន់​ពិភពលោក​នេះ 8 « នឹង​ពុំ​តស៊ូ​គង់​នៅ​ជាមួយ​នឹង​មនុស្ស​ជានិច្ច​ទេ » ។9 « សេចក្ដី​សុខ​សាន្ត​នឹង​ត្រូវ​យក​ចេញ​ពី​ផែនដី » ដែរ ។10ពួក​ព្យាការី​បាន​ប្រកាស​ថា ក្ដី​សុខសាន្ត​ពិត​ជា​បាន​ដក​យក​ពី​ផែនដី​មែន ។ 11 លូស៊ីហ្វើរ មិន​ទាន់​ត្រូវ​បាន​ចង​នៅ​ឡើយ ហើយ​វា​ប្រើ​អំណាច​នៅ​ក្នុង​ពិភពលោក​នេះ ។12

ប្រាថ្នា​ដ៏សុចរិត​នៃ​មនុស្ស​ល្អ​គ្រប់​ទីកន្លែង ​បាន ហើយ​នឹង​ក្លាយ​ទៅ​ជា​ក្ដី​សុខសាន្ត​ក្នុង​ពិភពលោក​នេះ ។ យើង​មិន​ត្រូវ​បោះបង់​ចោល​ចំពោះ​ការ​សម្រេច​គោលដៅ​នេះ​ឡើយ ។ តែ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ​ មានប្រសាសន៍​ថា​ « វិញ្ញាណ​នៃ​ក្ដី​សុខសាន្ត និង​ក្ដី​ស្រឡាញ់​នឹង​មិន​​កើត​មាន​ក្នុង​ពិភពលោក​នេះ​បាន​ឡើយ ...​ដរាប​មនុស្ស​លោក​ទទួល​សេចក្ដីពិត និង​សារ​លិខិត​របស់​ព្រះ … ហើយ​ទទួល​ស្គាល់​ពី​ព្រះចេស្ដា និង​សិទ្ធិ​អំណាច​ទ្រង់​ដែលពិសិដ្ឋ » ។13

យើង​សង្ឃឹម ហើយ​អធិស្ឋាន​ដោយ​ស្មោះ​សម្រាប់​ក្ដី​សុខសាន្ត​ជាសកល តែ​វា​​ជា​តួនាទី​​​យើង​ក្នុង​នាម​ជា​បុគ្គល និង​គ្រួសារ​ដើម្បី​យើង​សម្រេច​បាន​នូវ​ក្ដី​សុខសាន្ត​នេះ ដែល​វា​ជា​រង្វាន់​នៃ​ក្ដី​សុចរិត​ដែល​បាន​សន្យា ។ ក្ដី​សុខ​សាន្ត​នេះ​ជា​អំណោយ​មួយ​ដែល​បាន​សន្យា​នៃ​បេសកកម្ម​ និង​ការ​បូជា​ដែល​ធ្វើ​ឲ្យ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

គោលការណ៍​នេះ​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ខ្លី​តែ​ច្បាស់​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ថា ៖ « ប៉ុន្តែ​ចូរ​រៀន​ចុះ​ថា អ្នក​ណា​ដែល​ប្រព្រឹត្ត​កិច្ចការ​ទាំងឡាយ​ដោយ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ទទួល​រង្វាន់​របស់​ខ្លួន​គឺ​សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​បរលោក​នាយ » ។ 14

ប្រធាន យ៉ូហាន ថេលើរ បាន​បង្រៀន​ថា ក្ដី​សុខសាន្ត​ពុំ​ជា​អ្វី​ដែល​គួរ​ឲ្យ​ចង់​បាន​ប៉ុណ្ណោះ​ទេ តែ « វា​ជា​អំណោយ​នៃ​ព្រះ » ។ 15

ក្ដី​សុខ​សាន្ត​ដែល​ខ្ញុំ​បាន​លើក​ឡើង​ពុំ​គ្រាន់​តែ​ជា​ការ​ស្ងប់ស្ងាត់​បណ្ដោះ​អាសន្ន​នោះ​ទេ ។ វា​ជា​សុភមង្គល និង​ការ​តាំង​ចិត្ត​ខាង​វិញ្ញាណ​ដ៏​ជ្រាលជ្រៅ​ដែល​គ្មាន​ទី​​បញ្ចប់ ។16

ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត បាន​ពិពណ៌នា​ពី​ក្ដី​សុខសាន្ត​របស់​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​នេះ ថា ៖ « ក្ដី​សុខ​សាន្ត​ទ្រង់​នឹង​សម្រាល​ការ​រងទុក្ខ​យើង លួង​លោម​ចិត្ត​យើង​ដែល​ខ្ទេចខ្ទាំ ដក​យក​ការ​ស្អប់​របស់​យើង បង្កើត​​នៅ​ក្នុង​ខ្លួន​យើង​នូវ​ក្ដី​ស្រឡាញ់​ចំពោះ​​​អ្នក​ដទៃ​ ដែល​វា​​នឹង​បំពេញ​ចិត្ត​យើង​ដោយ​ភាព​ស្ងប់ស្ងាត់ និង​សុភមង្គល » ។ 17 នៅ​ក្នុង​ការ​ជួប​ប្រជុំ​របស់​ខ្ញុំ​ជាមួយ​នឹង​ឪពុក​ម្ដាយ អ៊ិមមីលី ផាកកឺ ខ្ញុំ​មើល​ឃើញ​ភាព​​សុខ​សាន្ត​របស់​ព្រះអង្គ​ស​ង្គ្រោះ​បាន​សម្រាល​ការ​រងទុក្ខ​របស់​ពួកគេ ហើយ​កំពុង​ជួយ​លួងលោម​ចិត្ត​ពួកគេ​ដែល​ខ្ទេច​ខ្ទាំ ។ វា​គួរ​ឲ្យ​កត់​សម្គាល់​ថា មួយ​រំពេច​ក្រោយ​ពី​ការ​បាញ់​សម្លាប់​នោះ បងប្រុស ផាកកឺ បាន​សម្ដែង​ចេញ​នូវ​ការ​អភ័យ​ទោស​ដល់​ជន​បង្ក​ហេតុ​នោះ ។ ដូចដែល​ប្រធាន ក្រាន្ត បាន​មាន​ប្រសាសន៍ ក្ដី​សុខសាន្ត​របស់​ព្រះអង្គ​សង្គ្រោះ​អាច « ដក​យក​ការ​ស្អប់​របស់​យើង » ។ ការជំនុំជំរះ​ជា​របស់​ផង​ព្រះអម្ចាស់ ។

នៅ​អំឡុង​ពេល​កើត​មាន​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ខ្លួន ពួក​បរិសុទ្ធ​នៅ​កោះ អាយវ៉ូរី បាន​រក​ឃើញ​ក្ដី​សុខសាន្ត​ដោយ​ផ្ដោត​លើ​ការ​រស់​នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​នឹង​ការ​គូស​បញ្ជាក់​ដ៏​ជាក់លាក់​ពី​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ដូនតា​ពួកគេ ។18

យើង​គ្រប់​រូប​ប្រាថ្នា​ចង់​បាន​ក្ដី​សុខសាន្ត ។ ក្ដី​សុខសាន្ត​ពុំ​មែន​គ្រាន់តែ​ជា​ការ​មាន​សុវត្ថិភាព ហើយ​គ្មាន​សង្គ្រាម ការ​បំពាន វិបត្តិ និង​ជម្លោះ​នោះ​ទេ ។ ក្ដី​សុខសាន្ត​កើត​ចេញ​ពី​ការ​ដឹង​ថា​ព្រះអង្គ​សង្គ្រោះ​ជ្រាប​ថា​យើង​ជា​នរណា ហើយ​ដឹង​ថា​យើង​មាន​ជំនឿ​លើ​ទ្រង់ ស្រឡាញ់​ទ្រង់ ហើយ​គោរព​បញ្ញត្តិ​ទ្រង់ ហើយ​ពិសេស​ក្នុង​គ្រា​នៃ​ការសាកល្បង​ និង​សោកនាដកម្ម​ដ៏​រន្ធត់​នៃ​ជីវិត​​ ។

« បុត្រ​យើង​អើយ ចូរ​មាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ សេចក្ដី​ទំនាស់ និង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះទេ

« ហើយ​ខណៈ​នោះ បើសិន​ជា​អ្នក​ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់ នោះ​ព្រះ​ទ្រង់​នឹង​ដំកើង​អ្នក​ឡើង​នៅ​ស្ថាន​ខ្ពស់ » ។19

សូម​ចាំ​ថា ព្រះ​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្ដី​វឹកវរ​ទេ គឺ​ទ្រង់​ជា [ ​ព្រះ​ ] នៃ​សេចក្ដី​សុខសាន្ត​វិញ » ។ 20 ព្រោះ​ដែល​បដិសេធ​ព្រះ គឺ​គ្មាន​ក្ដី​សុខសាន្ត​ឡើយ ។ យើង​ទាំងអស់​គ្នា​បាន​ចូល​រួម​ក្នុង​ការ​ប្រឹក្សា​នៅ​ស្ថានសួគ៌​ដែល​បាន​ផ្ដល់​ឲ្យ​នូវ​សិទ្ធិ​ជ្រើសរើស ដោយ​ដឹង​ថា​នឹង​មាន​ការ​ឈឺចាប់​ក្នុង​ជីវិត​រមែង​ស្លាប់ ហើយ​សូម្បី​តែ​សោកនាដកម្ម​ដែល​មិន​អាច​ថ្លែង​បាន​ដោយ​សារ​ការរំលោភ​លើ​សិទ្ធិ​ជ្រើសរើស​នេះ ។ យើង​បាន​យល់​ថា ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ខឹង​សម្បារ ភ័ន្តច្រឡំ គ្មាន​ទីពឹង និង​ ងាយ​ធ្វើ​ឲ្យ​ឈឺចាប់ ។ តែ​យើង​ក៏​ដឹង​ដែរ​ថា ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​​​នឹង​យក​ឈ្នះ ហើយ​ទូទាត់​សង​​សម្រាប់​រាល់​ភាព​អ​យុត្តិធម៌​ក្នុង​ជីវិត​រមែង​ស្លាប់ ហើយ​នាំមក​យើង​នូវ​ក្ដី​សុខសាន្ត ។ អែលឌើរ ម៉ារ៉ុន ឌី ហាងស៍ បាន​ដាក់​ពាក្យ​មួយ​ឃ្លា​របស់​ អ៊ូហ្គូ ប៊េទី លើ​ជញ្ជាំង​របស់​គាត់ ថ្លែង​ថា ៖ « ការ​ជឿ​លើ​ព្រះ​គឺជា​ការ​ដឹង​ថា រាល់​ក្រឹត្យវិន័យ​នឹង​មាន​ភាព​យុត្តិធម៌ ហើយ​ថា​នឹង​មាន​រឿង​ភ្ញាក់ផ្អើល​ដ៏​អស្ចារ្យ​កើត​ឡើង » ។21

តើ​ប្រភព​នៃ​ក្ដី​សុខសាន្តគឺ​ជា​អ្វី ? មាន​ការ​ស្រាវជ្រាវ​រក​ក្ដី​សុខសាន្ត​ជាច្រើន​តាម​របៀប​លោកិយ តែ​ពុំ​ធ្លាប់​បាន​ទទួល​ជោគជ័យ​ឡើយ ។ ក្ដី​សុខសាន្ត​ពុំ​មែន​រក​ឃើញ​ដោយ​ការ​ទទួល​បាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ អំណាច ឬ​កេរ្តិ៍ឈ្មោះ​នោះ​ទេ ។22 ក្ដី​សុខសាន្ត​ពុំ​មែន​រក​ឃើញ​ក្នុង​ការ​តាម​រក​ការ​រីករាយ ការ​កម្សាន្ត ឬ​ការ​លំហែ​​នោះ​ទេ ។ ​កិច្ចការ​ទាំងនេះ​​មិន​​អាច​បង្កើត​​សុភមង្គល ឬ​ក្ដី​សុខសាន្ត​ជានិរន្តរ៍​ណាមួយ​បាន​ឡើយ សូម្បី​តែ​ពេល​ទទួល​បាន​យ៉ាង​បរិបូរណ៍​ក្ដី ។​

ក្នុង​ទំនុក​ចម្រៀង​នៃ​ទំនុក​តម្កើង​របស់ អ៊ិមម៉ា លូ ថាន បាន​លើក​ឡើង​នូវ​សំណួរ​ដ៏​សមរម្យ​ថា ៖« តើ​ខ្ញុំ​អាច​ងាក​ទៅ​រក​ក្តី​សុខសាន្ត​នៅ​ទីណា ? តើ​ការ​លួងលោម​ខ្ញុំ​​នៅ​ឯណា នៅ​ពេល​ប្រភព​ផ្សេង​ទៀត​ឈប់​ធ្វើ​ឲ្យ​ខ្ញុំ​ជា​សះស្បើយ​ហើយ​នោះ ? »​23 ចម្លើយ​ គឺ​ព្រះអង្គ​សង្គ្រោះ ​ទ្រង់​ជា​ប្រភព ហើយ​ជា​ព្រះ​នៃ​ក្ដី​សុខសាន្ត ។ ទ្រង់​ជា « ម្ចាស់​នៃ​មេត្រីភាព » ។24

តើ​យើងខិត​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ​បាន​ដោយ​របៀប​ណា ? ​ការ​ធ្វើ​ឲ្យ​ខ្លួន​យើង​រាបសា​ចំពោះ​ព្រះ ការ​អធិស្ឋាន​ជានិច្ច ការ​ប្រែចិត្ត​ពី​អំពើ​បាប ការ​ចូល​ទៅ​ក្នុង​ទឹក​នៃ​បុណ្យ​ជ្រមុជទឹក​ដោយ​មាន​ចិត្ត​សង្រេង​ និង​វិញ្ញាណ​ទន់​ទាប និង​ការ​ក្លាយ​ជា​សិស្ស​ពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​គំរូ​ដ៏​ប្រពៃ​នៃ​ក្ដី​សុចរិត​ដែល​ត្រូវ​បាន​ផ្ដល់​រង្វាន់​ឲ្យ​ដោយ​ក្ដី​សុខសាន្ត​ជានិរន្តរ៍ ។ 25 បន្ទាប់​ពី​ស្ដេច បេនយ៉ាមីន បាន​ថ្លែង​សារលិខិត​ដ៏​មាន​អត្ថន័យ​របស់​ទ្រង់​ពី​ដង្វាយ​ធួន​របស់​ព្រះ​គ្រីស្ទ​មក ហ្វូង​មនុស្ស​ដួល​ទៅលើ​ដី ។ « ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ក៏​បាន​ចុះ​មក​សណ្ឋិត​លើ​ពួកគេ ហើយ​ពួកគេ​ក៏​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ​ដោយ​បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំងឡាយ​របស់​គេ ហើយ​ដោយ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ ព្រោះ​តែ​សេចក្ដី​ជំនឿ​ដ៏​លើស​លប់​ដែល​ពួកគេ​មាន​ដល់​ព្រះយេស៊ូវ​គ្រីស្ទ​ » ។26 ការ​ប្រែចិត្ត និង​ការ​រស់​នៅ​សុចរិត​នាំ​ឲ្យ​មាន​ ក្ដី​សុខសាន្ត​ក្នុង​សតិសម្បជញ្ញៈ ដែល​ចាំបាច់​ចំពោះ​ការ​រីករាយ​ក្នុង​ចិត្ត ។27 ពេល​មាន​ការ​រំលង​មួយ​កើត​ឡើង វា​តម្រូវ​ឲ្យ​មាន​ការ​សារភាព​ដើម្បី​នាំ​មក​នូវ​ក្ដី​សុខសាន្ត ។28 ប្រហែលជា​​គ្មាន​អ្វី​ដែល​ប្រៀប​បាន​នឹង​ក្ដី​សុខសាន្ត​ដែល​កើត​ឡើង​ ពេល​មនុស្ស​ម្នាក់ដែល​​រងទុក្ខ​ដោយ​សារ​អំពើ​បាប ត្រូវ​បាន​ដក​បន្ទុក​ខ្លួន​ចេញ​ដោយ​ព្រះអម្ចាស់ ហើយ​ប្រកាស​ពរជ័យ​នៃ​ដង្វាយ​ធួន ។​ ដូចដែល​ទំនុក​តម្កើង​ដ៏​ពេញ​និយម​មួយ​ទៀត​ក្នុង​សាសនាចក្រ​​​​បាន​លើក​ឡើង​ថា « ខ្ញុំ​នឹង​ដាក់​បន្ទុក​ខ្ញុំ​ចុះ​នៅ​ត្រង់​ព្រះ​បាទា​ទ្រង់ ហើយ​ចាក​ចេញ​ទៅ​ដោយ​ច្រៀង​បទ​អំណរ » ។29

ចិត្ត​ខ្ញុំ​រីករាយ​ពេល​ខ្ញុំ​ដឹង​ថា ក្នុង​ជំនាន់​យើង​នេះ មាន​អ្នក​ផ្សាយ​សាសនា​ជា​យុវជន​យុវនារី និង​វ័យ​ចំណាស់​ជាច្រើន ​បាន​ទទួល​យក​ការ​ហៅ​ឲ្យ​ធ្វើ​ជា​អ្នក​តំណាង​ព្រះអម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ​​យើង ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​បាន​នាំ​យក​ដំណឹងល្អ​នៃ​ក្ដី​សុខសាន្ត​ដែល​បាន​ស្ដារ​ឡើង​វិញ​ទៅកាន់​ពិភពលោក មួយ​គ្រួសារ​ម្ដងៗ ---​ជា​កិច្ចការ​សុចរិត​មួយ​ដើម្បី​នាំ​ក្ដី​សុខសាន្ត​នេះ​ដល់​កូនចៅ​ព្រះវរបិតា​សួគ៌ ។

សាសនាចក្រ​ជាទី​ជ្រក​កោន​មួយ​ដែល​ពួក​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ទទួល​បាន​ក្ដី​សុខសាន្ត ។ មាន​មនុស្ស​វ័យ​ក្មេង​មួយ​ចំនួន​ក្នុង​ពិភពលោក​នេះ​និយាយ​ថា ពួកគេ​ជា​មនុស្ស​បរិសុទ្ធ តែ​មិន​ជឿ​សាសនា​ឡើយ ។ ការ​មាន​អារម្មណ៍​បរិសុទ្ធ​ជា​ជំហាន​ចាប់​ផ្ដើម​មួយ​ដ៏​ល្អ ។ តែ​មាន​តែ​នៅ​ក្នុង​សាសនាចក្រ​ប៉ុណ្ណោះ​ដែល​យើង​ត្រូវ​បាន​រាប់អាន បង្រៀន និង​ចិញ្ចឹម​បីបាច់​ដោយ​បន្ទូល​ល្អ​នៃ​ព្រះ ។ សំខាន់​ជាង​នេះ​ទៀត នៅ​ក្នុង​សាសនាចក្រ​មាន​នូវ​សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​​ផ្ដល់​សម្រាប់​ពិធីការ​ និង​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ដើម្បី​រួបរួម​​គ្រួសារ ហើយ​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ត្រលប់​ទៅ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ​វិញ​ក្នុង​នគរ​សេឡេស្ទាល ។ ពិធីការ​ទាំងនេះ​នាំ​មក​នូវ​ក្ដី​សុខសាន្ត​ ពីព្រោះ​វា​ជា​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ ។

ព្រះវិហារ​បរិសុទ្ធ​ជាទី​ដែល​ពិធីការ​ពិសិដ្ឋ​ទាំង​នេះ​ជា​ច្រើន​កើត​មាន​ ហើយ​ក៏​ជា​ប្រភព​មួយ​នៃ​ទីជម្រក​ដ៏​​សុខសាន្ត​​ពី​ពិភពលោក​នេះ​ផង​ដែរ ។ ជន​ដែល​បាន​ទៅ​លេង​នៅ​បរិវេណ​ព្រះវិហារ​បរិសុទ្ធ ឬ​ចូលរួម​ក្នុង​ការ​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ​ ក៏​មាន​អារម្មណ៍​នៃ​ក្ដី​សុខសាន្ត​នេះ​ដែរ ។ ខ្ញុំ​ចាំ​​បទពិសោធន៍​មួយ​ច្បាស់គឺ​ការ​សម្ភោធ និង​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ សូវ៉ា ហ្វីជី ។ វា​ធ្លាប់​កើត​មាន​ភាព​ចលាចល​ខាង​នយោបាយ ដោយ​បណ្ដាល​មកពី​ការ​ប្រឆាំង​នឹង​ការ​ដុត និង​ការ​ឆក់ប្លន់​នៅ​ទីប្រជុំ​ជន សូវ៉ា ដោយ​ការ​គ្រប់គ្រង​អគារ​សភា​តំណាង​រាស្ត្រ​ដោយ​ខុសច្បាប់ និង​ការ​ចាប់​ពួក​អ្នក​រៀបរៀង​ច្បាប់​ជា​ចំណាប់ខ្មាំង ។ ប្រទេស​នេះ​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​ដោយ​កម្លាំង​យោធា ។ ក្រុម​យោធា ហ្វីជី ​នោះ​បាន​ផ្ដល់​ការ​អនុញ្ញាត​មាន​កំណត់​មួយ​ដល់​សាសនាចក្រ​ដើម្បី​ប្រមូល​មនុស្ស​សម្រាប់​ការ​សម្ពោធ និង​មនុស្ស​មួយ​ក្រុម​តូច​ ដើម្បី​ធ្វើការ​ឧទ្ទិស​ឆ្លង ។ សមាជិក​ទូទៅ​មិន​ត្រូវ​បាន​គេ​អញ្ជើញ​ដោយ​សារ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាពរបស់​​ពួកគេ ។ ចាប់តាំង​ពី​ព្រះវិហារ​បរិសុទ្ធ ណៅវូ ដើមមក នេះ​ជា​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​តែ​មួយ​គត់ ដែល​បាន​ធ្វើ​ឡើង​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បំផុត ។

មនុស្ស​ម្នាក់​ដែល​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ការ​សម្ពោធ ​គឺ​ជា​ស្ត្រី​ជនជាតិ​ ហ៊ិនឌូ កាត់​ឥណ្ឌា​ម្នាក់​ ជា​សមាជិក​សភាតំណាងរាស្ត្រ​ ដែល​ត្រូវ​បាន​គេ​ចាប់​ជា​ចំណាប់ខ្មាំង តែ​ត្រូវ​បាន​ដោះលែង​ដោយ​សារ​គាត់​ជា​ស្រ្តី ។​​

ក្នុង​បន្ទប់​សេឡេស្ទាល ដោយ​ឃ្លាត​ឆ្ងាយ​ពី​ការ​រំខាន​នៃ​លោកិយ​ គាត់​បាន​ទួញ​យំ​ខណៈ​ដែល​គាត់​សម្ដែង​ឲ្យ​ឃើញ​ពី​​អារម្មណ៍​សុខសាន្ត​ដែល​បានគ្រប​ដណ្ដប់​​​មក​លើ​គាត់ ។ គាត់​មាន​អារម្មណ៍​​​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​លួងលោម ហើយ​ថ្លែង​ជា​សាក្សី​​​ពី​លក្ខណៈ​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

ព្រះអង្គ​សង្គ្រោះ​ជា​ប្រភព​នៃ​ក្ដី​សុខសាន្ត​ពិត ។ ដោយសារ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​ក្ដី​មេត្តា​ទ្រង់ ទោះជា​ស្ថិត​ក្នុង​ការ​សាកល្បង​នៃ​ជីវិត​ក្ដី ការ​រស់នៅ​សុចរិត​នឹង​ទទួល​បាន​រង្វាន់​នៃ​ក្ដី​សុខសាន្ត​ផ្ទាល់​ខ្លួន ។ នៅ​ទីកន្លែង​ផ្ទាល់​ខ្លួន​មួយ​ដែល​គេ​ធ្វើ​បុណ្យ​រំលង ព្រះ​អង្គ​សង្គ្រោះ​បាន​សន្យា​ពួក​សាវក​ទ្រង់​ថា ពួកគេ​នឹង​បាន​ប្រទាន​ពរ​ឲ្យ​នូវ « ព្រះ​ដ៏​ជា​ជំនួយ​គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ » រួចហើយ​បាន​បន្លឺ​បន្ទូល​ដ៏​សំខាន់​ទាំងនេះ​ថា​ ៖ « ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នករាល់គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ​នោះ​មិន​មែន​ដូចជា​លោកិយ​ឲ្យ​ទេ » ។30 រួចមក​ពីមុន​ការ​អធិស្ឋាន​ដ៏​ស្មោះ​របស់​ទ្រង់​សម្រាប់​អ្នក​ដទៃថា ៖ « ខ្ញុំ​ប្រាប់​សេចក្ដី​ទាំងនេះ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​សេចក្ដី​សុខសាន្ត​ដោយ​សារ​ខ្ញុំ​នៅ​លោកិយ​នេះ នោះ​អ្នក​រាល់គ្នា​មាន​សេចក្ដី​វេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង​ ត្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ។31

អ៊ីឡៃស្សា អរ ស្នូ បាន​សរសេរ​ពី​គំនិត​នេះ​បាន​យ៉ាង​ល្អ៖

សូម​លើក​ដួងចិត្ត​អ្នក​សរសើរ​ព្រះ

ចូរ​ឲ្យ​ការរីករាយ​អ្នក​មាន​ជា​រៀង​រហូត

តែ​ទុក្ខ​វេទនា​មាន​ពាស​ពេញ​ពិភពលោក

ព្រះគ្រីស្ទ​មាន​បន្ទូល​ថា « អ្នករាល់គ្នា​បាន​សេចក្ដី​សុខសាន្ត​ដោយ​សារ​ខ្ញុំ » ។32

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដូច្នេះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. សន្និសីទ​ពីរ​ត្រូវបាន​ធ្វើ​ឡើង​ក្នុង អាប៊ីចាន នា​ថ្ងៃ​អាទិត្យ​ទី 10 ខែ​កុម្ភៈ ឆ្នាំ 2013 មាន​មនុស្ស 9,693 នាក់​ចូលរួម --- ក្នុង​ចំណោម​នោះ​មាន​619 នាក់​មិន​មែន​ជា​សមាជិក​សាសនាចក្រ ។ ចំនួន​សមាជិក​សរុប​ក្នុង​សាសនាចក្រ​នៅកោះ អាយវូរី មាន​ប្រមាណ​ជា 19,000 នាក់ ។

  2. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 115:6 .

  3. ពាក្យ​សេចក្ដី​សុខសាន្ត មាន​ន័យ​ផ្សេងៗ​ពីគ្នា ។ ក្នុង​ភាសា​ក្រិក​ពី​បុរាណ​វា​សំដៅទៅលើ​​​ការ​បញ្ចប់ ឬ​ការ​អវត្តមាន​នៃចម្បាំង​រវាង​ភាគី​ពីរ ។ ក្នុង​ភាសា​ហេព្រើរ​ពាក្យ​នេះមានន័យ​លើ​ន័យ​លើស​ពី​ការ​យល់​ដឹង​ទៅ​ទៀត ហើយ​ពេល​ខ្លះ​វា​គ្រាន់​តែ​ជា​ទម្រង់​មួយ​នៃ​ការ​ស្វាគមន៍ ។ សេចក្ដី​សុខសាន្ត​ក៏ « ជា​ជីវិត​មួយ​ដែល​កើត​មាន​ចំពោះ​មនុស្ស​ដែល​ស្រប​តាម​លក្ខខណ្ឌ​ដែល​ដាក់​ដោយ​ព្រះ » ។ ( Howard W. Hunter « Where Is Peace? » ក្នុង Conference Report ខែ​តុលា ឆ្នាំ​1966 ទំព័រ 14–17 ។

  4. លូកា 2:14; ការ​គូស​បញ្ជាក់​ត្រូវ​បាន​បន្ថែម ។

  5. សូម​មើល ម៉ាថាយ 2:16; សូម​មើល​ផងដែរ Ross Douthat « The Loss of the Innocents » New York Times, ថ្ងៃ​ទី16 ខែធ្នូ ឆ្នាំ2012 ទំព័រ 12 ។

  6. ម៉ាថាយ 10:16, 22

  7. ម៉ាថាយ 10:34 

  8. សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា 84:46 

  9. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 1:33

  10. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 1:35

  11. ប្រធាន វូឌដ្រុព្វ បាន​ប្រកាស​ការណ៍​នេះ​ក្នុង​ឆ្នាំ 1894 និង​ម្ដង​ទៀត​ក្នុង​ឆ្នាំ 1896 ។ សូម​មើល The Discourses of Wilford Woodruff, និពន្ធ​ដោយ G. Homer Durham ( ឆ្នាំ 1946 ), 251–52, សូម​មើល​ផង​ដែរ Marion G. Romney ក្នុង Conference Report ខែ​មេសា ឆ្នាំ 1967 ទំព័រ 79–82 ។

  12. សូម​មើល យ៉ូសែប ហ្វីលឌិង ស៊្មីធ, The Predicted Judgments, Brigham Young University Speeches of the Year ( ថ្ងៃទី 21 ខែ មិនា ឆ្នាំ1967 ទំព័រ 5–6 ) ។ ប៉ុន្តែ ​អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​ថ្លែង​ថា « យើង​អាច​មាន​ក្ដីសុខសាន្ត​ក្នុង​ចិត្ត ទោះ​ជា​ក្ដី​សុខសាន្ត​បាន​ដក​ចេញ​ពី​ផែនដី​ក្ដី … [ ហើយ ] ‹ គ្រប់​ទាំងអស់​នឹង​នៅ​ក្នុង​ស្ថានភាព​ចលាចល › »( « Behold, the Enemy Is Combined » Ensign, ខែ​ឧសភា ឆ្នាំ 1993 ទំព័រ 79 ) ។

  13. Teachings of Presidents of the Church: Joseph F. Smith ( ឆ្នាំ 1998 ) ទំព័រ 400 ។

  14. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 59:23

  15. Teachings of Presidents of the Church: John Taylor ( ឆ្នាំ 2001 ) ទំព័រ 151 ។

  16. តាំង​ពី​ជំនាន់​ក្រិក​ពី​បុរាណ​មក​ដល់​សម័យ​យើង ពាក្យ​ទាំងនេះ —សុភមង្គល និងភាព​រីករាយ—ត្រូវ​បាន​គេ​វិភាគ អនុវត្ត និង​សិក្សា​ពុំ​មែន​ត្រឹមតែ​អត្ថន័យ​វា​ប៉ុណ្ណោះ​ទេ តែ​ក៏​ទៅ​លើ​ការ​ដឹកនាំ​ដែល​វា​ផ្ដល់​ដល់​ជីវិត​យើង​ផងដែរ ។ សូមមើល ដាវីឌ អេ ម៉ាលូហ្វ, The Happy Life: The Search for Contentment in the Modern World ( ឆ្នាំ 2011 ) ។ សូមមើល​ផងដែរ​ការ​ពិនិត្យ​ឡើង​វិញ​ក្នុង​សៀវភៅ​របស់​លោក Malouf ក្នុង R. Jay Magill Jr. « How to Live Well »Wall Street Journal, ថ្ងៃទី 26–27 ខែ​មករា ឆ្នាំ 2013 ទំព័រ C6 ។

  17. Teachings of Presidents of the Church: Heber J. Grant ( ឆ្នាំ 2002), ទំព័រ 226 ។

  18. « ក្នុង​ចំណោម​ស្តេក​បី​នៃ​ស្តេក​ទាំង​ប្រាំ​នៅ​កោះ អាយវូរី ខូស ស្ថិត​ក្នុង​ចំណោមស្តេក​គំរូ​ទាំង ​25 ក្នុង​សាសនាចក្រ​ដែល​មាន​ភាគរយ​នៃ​​មនុស្ស​ពេញ​វ័យ [​ ផ្ញើ ] ​ឈ្មោះ​គ្រួសារ​សម្រាប់​ពិធីការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ច្រើន​ជាង​គេ » ហើយ​ស្ដេក កូកូឌី ខូត​ ឌី​វ័រ គឺ​ច្រើន​ជាង​គេ (C. Terry Warner and Susan Warner, « Apostle Visits Ivory Coast, Is ‹ Impressed with Exceptional Spirit,›» Church News, ថ្ងៃ​ទី 3 ខែ​មិនា ឆ្នាំ 2013, ទំព័រ 4, 14 ) ។ ដោយ​គិត​ថា​​មាន​សង្គ្រាម​ស៊ីវិល ហើយ​ព្រះវិហារ​បរិសុទ្ធ​ដែល​នៅជិត​បំផុត​គឺត្រូវ​​ជិះ​ឡាន​ក្រុង 12 ម៉ោង ​នៅ​ទីក្រុង អាក្រា ប្រទេស ហ្គាណា នេះ​ជា​ភស្តុតាង​ដ៏​អស្ចារ្យ​នៃ​សេចក្ដី​ជំនឿ ហើយ​វា​បាន​ផ្ដល់​លទ្ធផលនូវ​ក្ដីសុខសាន្ត​ផ្ទាល់ខ្លួន និង​គ្រួសារ ។​

  19. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 121:7–8. ប្រធាន ហារ៉ូល ប៊ី លី បាន​បង្រៀន​ថា « ដូច្នេះ យើង​ត្រូវតែ​ធ្វើ​ឲ្យ​បរិសុទ្ធ យើង​ត្រូវតែ​មាន​កា​រសាក​ល្បង​ដើម្បី​បង្ហាញ​ពី​កម្លាំង និង​អំណាច​ដែល​មាន​ក្នុង​ខ្លួន​យើង » (Teachings of Presidents of the Church: Harold B. Lee [ ឆ្នាំ 2000], ទំព័រ 208 ) ។

  20. កូរិនថូសទី1 14:33

  21. ក្នុង ម៉ារ៉ុន ឌី ហែងស៍, « A Loving, Communicating God » Ensign, ខែ​វិច្ឆិកា ឆ្នាំ 1992 ទំព័រ 63 ។

  22. សូមមើល ជែហ្វ្រី អ័រ ហូឡិន For Times of Trouble ( ឆ្នាំ 2012), 79 ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បង្រៀន​ថា « ភាព​ទ័ល​ក្រ​ពិត​អាច​បំផ្លាញ​វិញ្ញាណ​មនុស្ស​យ៉ាង​ខ្លាំង​លើស​ពី​អ្វីៗ​ផ្សេងទៀត​ លើក​លែង​តែ​អំពើ​បាប​មួយ​ប៉ុណ្ណោះ » ។ តែ​ការ​ប្រើ​ប្រាក់​ដោយ​សុចរិត​អាច​នាំ​មក​នូវ​ក្ដី​សុខសាន្ត ។

  23. « Where Can I Turn for Peace? » Hymns, លេខ 129 ។

  24. អេសាយ 9:6 

  25. ចន គ្រីនលីវ វីថើរ បាន​លើក​ឡើង​យ៉ាង​សាមញ្ញ​ថា « យកចិត្ត​ទុក​ដាក់​ពី​របៀប​ដែល​អ្នក​រស់នៅ ។ កុំ​ធ្វើ​នូវ​ទង្វើ​មួយ​នៅ​ពេល​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​គ្មាន​ក្ដី​សុខសាន្ត​នៅ​ពេល​យប់ឡើយ » ។ ( « Conduct [ From the Mahabharata ] » ក្នុង The Complete Poetical Works of John Greenleaf Whittier [ឆ្នាំ 1802], ទំព័រ 484 ) ។

  26. ម៉ូសាយ 4:3; ការ​គូសបញ្ជាក់​បាន​បន្ថែម សូម​មើល​ផងដែរ Marion G. Romney ក្នុង Conference Report ខែ​មេសា ឆ្នាំ1967 ទំព័រ 79–82 ។

  27. សតិសម្បជញ្ញៈ​ជា​ការ​ដឹកនាំ​ខាង​សីលធម៌​មួយ​ដែល​នាំ​យើង​ឆ្ពោះ​ទៅ​រក​ក្ដី​សុខ​សាន្ត ។ វា​ត្រូវ​បាន​ធ្វើ​ឲ្យ​ដំណើរ​ការ​ដោយ​ប្រភព​យ៉ាង​ហោច​ណាស់​ពីរ​គឺ ៖ ពន្លឺ​នៃព្រះគ្រីស្ទ ជា​អំណោយ​ដ៏​រុងរឿង​ពី​ព្រះវរបិតា​សួគ៌​យើង ( សូម​មើល ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា 88:6–13; 93:2), and the gift of the Holy Ghost (see ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា 39:6) ។

  28. « ត្រូវ​មាន​កត្តា​ពីរ​នៃ​ការ​អភ័យទោស​​ដើម្បី​នាំ​មក​នូវ​ក្ដី​សុខសាន្ត​ដល់​អ្នក​ដែល​ធ្វើ​រំលង ---​មួយ​មក​ពី​សិទ្ធិ​អំណាច​ដ៏​ត្រឹមត្រូវ​នៃ​សាសនាចក្ររបស់​​ព្រះអម្ចាស់ និង​មួយ​ទៀត​មក​ពី​ព្រះអម្ចាស់​ផ្ទាល់ ។ [ សូម​មើល ម៉ូសាយ 26:29.]» (Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ 2006], ទំព័រ 41) ។

  29. « How Gentle God’s Commands » Hymns, លេខ 125 ។

  30. យ៉ូហាន 14:26–27

  31. យ៉ូហាន 16:33

  32. « Though Deepening Trials » Hymns, លេខ 122 ។