ឆ្នាំ ២០១០-២០១៩
ការ​ប្រោសលោះ
ខែ មេសា 2013


ការ​ប្រោស​លោះ

ដរាបណា យើង​ដើរ​តាម​ព្រះគ្រីស្ទ យើង​ស្វែងរក​ការ​ចូល​រួម ហើយ​ជួយ​ក្នុង​កិច្ចការ​ប្រោស​លោះ​របស់​ទ្រង់ ។

កាល​ពី​សម័យ​អាណានិគមនិយម តម្រូវការ​សម្រាប់​អ្នក​ធ្វើ​ការ​នៅ​អាមេរិក​មាន​ទំហំ​ធំ ។ អំឡុង​ទសវត្សរ៍​ទី 18 និង ​ដើម​សតវត្ស​រ៍​ទី​19 ជន​អន្តោប្រវេសន៍​ដែល​មាន​សមត្ថភាព​ត្រូវ​បាន​គេ​ជួល​ឲ្យ​ធ្វើ​ការ​នៅ ​ចក្រភព អង់គ្លេស អាល្លឺម៉ង់ និង ​ប្រទេស​ប៉ែក​អឺរ៉ុប​ផ្សេងទៀត តែ​ជន​ជាច្រើន​ដែល​ចង់​ទៅ​ខ្វះ​លទ្ធ​ភាព​សម្រាប់​ថ្លៃ​ធ្វើ​ដំណើរ ។ ជា​ធម្មតា ជន​ទាំងនេះ​បាន​ធ្វើ​ដំណើរ​ក្រោម​កិច្ចសន្យា​មួយ​ដោយ​សន្យា​ថា​ពួកគេ​​ធ្វើ​ការ​ពេល​ពួកគេ​ទៅ​ដល់​ទីនោះ ​ក្នុង​រយៈពេល​ជាក់លាក់​មួយ​ដោយ​​មិន​យក​ប្រាក់​កម្រៃ ​សម្រាប់​ជា​ការ​បង់​សង​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ ។ អ្នក​ផ្សេងទៀត​បាន​មក​​ដោយ​សន្យា​ថា គ្រួសារ​ដែល​នៅ​អាមេរិក​នឹង​បង់​ថ្លៃ​ធ្វើ​ដំណើរ​ពួកគេ​ពេល​មក​ដល់ តែ​បើ​វា​ពុំ​បាន​កើត​ឡើង ជន​ចំណូល​ថ្មី​នោះ​មាន​កាតព្វកិច្ច​បង់​សង​ថ្លៃ​នោះ​ខ្លួន​ឯង​ដោយ​ការ​ធ្វើ​ការ​​មិន​យក​ប្រាក់​កម្រៃ ។ ពាក្យ​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ពិពណ៌នា​ជន​អន្តោប្រវេសន៍​ដែល​មាន​កិច្ចសន្យា​ទាំងនេះ​គឺ « ពួក​អ្នក​​បង់​ប្រាក់​រំលោះ » ។ ពួកគេ​ត្រូវ​បង់​រំលោះ​ថ្លៃធ្វើ​ដំណើរ​ពួកគេ ដើម្បី​ទិញ​យក​សេរីភាព​របស់​ខ្លួន ដោយ​ការ​ធ្វើ​ការ ។1

ក្នុង​ចំណោម​ងារ​ដ៏​សំខាន់​បំផុត​របស់​ ព្រះយេស៊ូវ​គ្រីស្ទ ​គឺ​ព្រះ​​ប្រោស​លោះ ។ ដូច​​ដែល​បាន​បង្ហាញ​ក្នុង​ដំណើររឿង​ខ្លី​របស់​ខ្ញុំ​ពី​ជន​អន្តោប្រវេសន៍ « ពួក​អ្នក​បង់​ប្រាក់​រំលោះ » ពាក្យ​​ប្រោស​លោះ​មាន​ន័យ​ថា​​ការ​បង់​សង​លើ​កាតព្វកិច្ច ឬ​ បំណុល​មួយ ។ ប្រោស​លោះ​ក៏​អាច​មាន​ន័យ​ផង​ដែរ​ថា​ សង្គ្រោះ ឬ ​ធ្វើ​ឲ្យ​មាន​សេរីភាព​ដោយ​ការ​បង់​ប្រាក់​លោះ ។ បើ​ជន​ម្នាក់​ធ្វើ​ខុស រួចហើយ​ផ្លាស់​ប្ដូរ ឬ ​កែប្រែ នោះ​យើង​និយាយ​ថា​គាត់​ប្រោស​លោះ​ខ្លួន​ឯង ។ អត្ថន័យ​នីមួយៗ​ បង្ហាញ​ពី​ផ្នែក​ខុស​គ្នា​នៃ​ការ​ប្រោស​លោះ​ដ៏​ធំ ​ដែល​បាន​ធ្វើ​ឡើង​ដោយ ​ព្រះយេស៊ូវ​គ្រីស្ទ​ តាមរយៈ​ដង្វាយ​ធួន​ទ្រង់ រួម​មាន « ការ​ប្រោស​លោះ​ពី​បាប និង​ ការ​ដាក់​ទោស ដោយ​ពលិកម្ម​មួយ​ដែល​ធ្វើ​ឡើង​សម្រាប់​ពួក​អ្នក​មាន​បាប » ជា​ពាក្យ​ក្នុង​វចនានុក្រម ។2

ការ​ប្រោស​លោះ​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ពីរ​ផ្នែក ។ ទី​មួយ វា​ធ្វើ​ឲ្យ​ធួន​សម្រាប់​អំពើ​រំលង​របស់​ អ័ដាម និង ​ការ​ធ្លាក់​របស់​មនុស្ស​ដោយ​យក​ឈ្នះ​លើ​អ្វី​ដែល​ត្រូវ​បាន​គេ​ហៅថា​ឥទ្ធិពល​ផ្ទាល់​នៃ​ការ​ធ្លាក់ ---ជា​ការ​ស្លាប់​ខាង​រូបកាយ និង ​ខាង​វិញ្ញាណ ។ ការ​ស្លាប់​ខាង​រូបកាយ​ត្រូវ​បាន​គេ​យល់​យ៉ាង​ច្បាស់ រីឯ​ការ​ស្លាប់​ខាង​វិញ្ញាណ​ជា​ការ​បំបែក​មនុស្ស​ចេញ​ពី​ព្រះ ។ ក្នុង​ពាក្យ​សម្ដី​របស់​ប៉ុល « ព្រោះ​ដូចជា​គ្រប់​មនុស្ស​ទាំងអស់​បាន​ត្រូវ​ស្លាប់​ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់​ក្នុង​ព្រះ​គ្រីស្ទ​យ៉ាង​នោះ​ដែរ » ( កូរិនថូស​ទី 1 15:22 )  ។ ការ​ប្រោស​លោះ​​ពី​ការ​ស្លាប់​ខាង​រូបកាយ និង​ វិញ្ញាណ​នេះ​គឺ​សម្រាប់​មនុស្ស​ទូទៅ​ដោយ​គ្មាន​លក្ខខណ្ឌ ។3

កត្តា​ទី​ពីរ​ នៃ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺ ​ការ​ប្រោស​លោះ​ពី​អ្វី​ដែល​អាច​​​ហៅ​ថា ជា​លទ្ធផល​ប្រយោល​នៃ​ការ​ធ្លាក់ ---​ជា​អំពើ​បា​ប​យើង​ដែល​ផ្ទុយ​ពី​អំពើ​រំលង​របស់ អ័ដាម ។ ដោយ​គុណធម៌​នៃ​ការ​ធ្លាក់ យើង​បាន​កើត​នៅ​ក្នុង​ពិភព​រមែង​ស្លាប់​មួយ​ដែល​អំពើ​បាប​បាន​រីក​រាល​ដាល --- ដែល​ជា​​ការ​មិន​គោរព​ដល់​ក្រឹត្យ​វិន័យ​ដែល​ព្រះ​បាន​ដាក់ ។ ព្រះអម្ចាស់​បាន​​មាន​បន្ទូល​ពី​យើង​ទាំងអស់​គ្នា​ថា ៖

« ម្ល៉ោះ​ហើយ កាល​ណា​គេ​ចាប់​ផ្ដើម​ធំឡើង នោះ​អំពើ​បាប​ក៏​កើត​មាន​ក្នុង​ចិត្ត​គេ​ដែរ ហើយ​ពួកគេ​ភ្លក់​នូវ​សេចក្ដី​ល្វីង​ជូរ​ចត់ ប្រយោជន៍​ឲ្យ​ពួកគេ​អាច​ចេះឲ្យ​តម្លៃ​ដល់​របស់​ល្អ ។

« ហើយ​គឺ​ត្រូវ​បាន​ប្រទាន​ដល់​ពួកគេ​ឲ្យ​ចេះ​ដឹង​ខុសត្រូវ ហេតុ​ដូច្នោះ​ហើយ ទើប​ពួកគេ​ជា​ភ្នាក់​ងារ​ចំពោះ​ខ្លួន​ឯង » ( ម៉ូសេ 6:55–56 ) 

ដោយសារ​យើង​មាន​ទំនួល​ខុសត្រូវ ហើយ​ធ្វើ​ការ​ជ្រើសរើស នោះ​ការ​ប្រោស​លោះ​​ពី​អំពើ​បាប​យើង​គឺ​មាន​លក្ខខណ្ឌ ---ជា​លក្ខខណ្ឌ​ឲ្យ​មាន​កា​រ​សារភាព និង​​ ការ​លះបង់​អំពើ​បាប ហើយ​ងាក​មក​រក​ជីវិត​មួយ​បរិសុទ្ធ ឬ​ និយាយ​ម្យ៉ាងទៀតថា ជា​លក្ខខណ្ឌ​ឲ្យ​មាន​ការ​ប្រែចិត្ត ( សូម​មើល គ. និង ស. 58:43 ) ។ ព្រះអម្ចាស់​បញ្ជា​ថា « ហេតុ​ដូច្នោះ​ហើយ ចូរ​បង្រៀន​កូនចៅ​អ្នក​ថា មនុស្ស​ទាំងអស់​នៅ​គ្រប់​ទិស​ទី​ត្រូវ​តែ​ប្រែចិត្ត បើ​ពុំ​នោះ​សោតទេ ពួកគេ​ពុំ​អាច​គ្រង​នគរ​ព្រះ​ទុក​ជា​មរតក​បាន​ឡើយ ត្បិត​គ្មាន​អ្វី​ដែល​មិន​ស្អាត​អាច​អាស្រ័យ​នៅ​ទីនោះ ឬ​ នៅ​ក្នុង​វត្តមាន​របស់​ទ្រង់​បាន​ឡើយ » (​ ម៉ូសេ 6:57 ) 

ការ​រងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​​សួនច្បារ​គែតសេម៉ានី និង ​ការ​ឈឺចាប់​ទ្រង់​លើ​ឈើ​ឆ្កាង ​ប្រោស​លោះ​យើង​ពី​អំពើ​បាប ​ដោយ​បំពេញ​សេចក្ដី​​ត្រូវការ​នៃ​សេចក្ដី​យុត្តិធម៌​មក​លើ​យើង ។ ទ្រង់​លាត​សន្ធឹង​ក្ដី​មេត្តា ហើយ​អត់ទោស​ដល់​ជន​ដែល​ប្រែចិត្ត ហើយ​ធ្វើ​ឲ្យ​ពួកគេ​បរិសុទ្ធ ។ ដង្វាយ​ធួន​ក៏​បំពេញ​នូវ​បំណុល​នៃ​សេចក្ដី​យុត្តិធម៌​របស់​យើង ដោយ​ការ​ព្យាបាល ហើយ​សង​ដល់​យើង​នូវ​រាល់​ការ​រងទុក្ខ ​ដែល​ទ្រាំទ្រ​ទាំង​គ្មាន​កំហុស ។​ « ត្បិត​មើល​ចុះ ទ្រង់​រងទុក្ខ​ការ​ឈឺចាប់​នៃ​មនុស្ស​លោក​ទាំងអស់ មែនហើយ គឺ​ការ​ឈឺចាប់​របស់​សត្វ​លោក​សព្វ​សារពើ​ដែល​រស់​នៅ​ទាំង​ប្រុស​ទាំង​ស្រី និង​ ក្មេងៗ​ដែល​ជា​គ្រួសារ​នៃ​លោក​អ័ដាម » ( នីហ្វៃទី 2 9:21 សូម​មើល​ផង​ដែរ អាលម៉ា 7:11–12) 4

ដរាបណា យើង​ដើរ​តាម​​ព្រះគ្រីស្ទ យើង​ស្វែងរក​ការ​ចូល​រួម ហើយ​ជួយ​ក្នុង​កិច្ចការ​ប្រោស​លោះ​របស់​ទ្រង់ ។ ដោយ​ចាប់​ផ្ដើម​ពី​គ្រួសារ​យើង ការ​បម្រើ​ដ៏​ធំ​បំផុត​ដែល​យើង​អាច​ធ្វើ​​ចំពោះ​អ្នក​ដទៃ​នៅ​ក្នុង​ជីវិត​នេះ គឺ​ជា​ការ​នាំ​ពួក​គេ​មក​ឯ ​ព្រះគ្រីស្ទ​តាមរយៈ​​សេចក្ដី​ជំនឿ និង​ ការ​ប្រែចិត្ត​ ដូច្នេះ​ពួកគេ​អាច​ទទួល​បាន​ការ​ប្រោស​លោះ​របស់​ទ្រង់ ---​ជា​ក្ដី​សុខសាន្ត និង ​អំណរ​នៅ​ពេល​នេះ និង ​អមតភាព ព្រមទាំង​ជីវិត​អស់​កល្ប​នៅ​លោក​ខាង​មុខ ។​ កិច្ចការ​នៃ​អ្នក​ផ្សាយ​សាសនា​យើង​ គឺជា​ការ​សម្ដែង​ឲ្យ​ឃើញ​មួយ​ដ៏​អស្ចារ្យ​ពី​ក្ដី​ស្រឡាញ់​ សម្រាប់​ការ​ប្រោស​លោះ​នៃ​ព្រះអម្ចាស់ ។ ក្នុងនាម​ជា​សារ​ទូត​ដែល​មាន​​សិទ្ធិ​អំណាច​ពី​ទ្រង់ ពួកគេ​ផ្ដល់​នូវ​ពរជ័យ​​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន​នៃ​ក្ដី​ជំនឿ​លើ​​ព្រះយេស៊ូវ​គ្រីស្ទ ការ​ប្រែចិត្ត បុណ្យ​ជ្រមុជទឹក និង ​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយ​បើក​ផ្លូវ​សម្រាប់​ការ​កើត​ជា​ថ្មី​ខាង​វិញ្ញាណ​ និង ​ការ​ប្រោស​លោះ ។

យើង​ក៏​អាច​ជួយ​ក្នុង​ការ​​ប្រោស​លោះ​របស់​ព្រះអម្ចាស់​ សម្រាប់​ជន​ដែល​បាន​ចែក​ឋាន​ដែរ ។ « ពួក​អែលឌើរ​ ដែល​ស្មោះត្រង់ ​នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួត​ត្រា​នេះ គឺ​កាល​ពួកគេ​ចាក​ចេញ​ពី​ជីវិត​នេះ​ទៅ នោះ​គេ​នៅ​តែ​បន្ត​ការងារ​គេក្នុង​ការផ្សព្វ​ផ្សាយ​ដំណឹងល្អ​អំពី​ការ​ប្រែចិត្ត និង​ សេចក្ដី​ប្រោស​លោះ​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះរាជ​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះ ​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​ងងឹត និង នៅ​ក្រោម​ចំណង​នៃ​អំពើ​បាប នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដ៏​ធំ » ( គ. និង ស. 138:57 )  ។ ដោយ​ដោយសារ​ប្រយោជន៍​នៃ​ពិធីការ​ជំនួស​ដែល​យើង​ធ្វើ​ឲ្យ​ពួកគាត់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះ ទោះ​ជា​ជន​ស្លាប់​ក្នុង​អំពើ​បាប​ក៏​អាច​មាន​សេរីភាព​ដែរ ។5

ខណៈ​ដែល​កត្តា​ដ៏​សំខាន់​បំផុត​នៃ​ការ​ប្រោស​លោះ​ទាក់ទង​នឹង​ការ​ប្រែចិត្ត និង ​ការ​អភ័យ​ទោស នោះ​ក៏​មាន​ការ​អនុវត្ត​ខាង​រូបកាយ​មួយ​ដ៏​សំខាន់​ផង​ដែរ ។ ព្រះយេស៊ូវ ​ត្រូវ​បាន​គេ​លើក​ឡើង​​ថា​ ទ្រង់​ចេញ​ទៅ​ធ្វើ​ការ​ល្អ ( សូមមើល កិច្ចការ 10:38​  ) រួម​មាន​ទាំង​ការ​ព្យាបាល​អ្នក​ឈឺ និង​ អ្នក​ពិការ ការ​ផ្ដល់​អាហារ​ដល់​ក្រុម​មនុស្ស​​ស្រេក​ឃ្លាន និង​ ការ​បង្រៀន​តាម​វិធី​ដ៏​វិសេស ។ « ដូចជា​កូន​មនុស្ស​បាន​មក មិន​មែន​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​នឹង​បម្រើ​គេ​វិញ ហើយ​និង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជាច្រើន​ផង » ( ម៉ាថាយ 20:28 )។ សូម​ឲ្យ​យើង​ធ្វើ​ដូចគ្នា​នេះ​ដែរ ដោយ​​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ចេញ​ទៅ​ធ្វើ​ការ​ល្អ​តាម​គំរូ​របស់​លោក​ចៅហ្វាយ​សម្រាប់​ការ​ប្រោស​លោះ ។

កិច្ចការ​ប្រោស​លោះ​បែប​នេះ​មាន​ន័យ​ថា ​ការ​ជួយ​មនុស្ស​ដោះស្រាយ​បញ្ហា​ពួកគេ ។ វា​មាន​ន័យ​ថា​ការ​ធ្វើ​ជា​មិត្ត​នឹង​អ្នក​ក្រ និង​ អ្នក​ទន់​ខ្សោយ ជួយ​សម្រាល​ទុក្ខ កែពី​ខុស​មក​ត្រូវ ការ​ពារ​សេចក្ដីពិត ពង្រឹង​មនុស្ស​ជំនាន់​ក្រោយ និង ​ការ​ធ្វើ​ឲ្យ​មាន​សន្តិសុខ និង​ សុភមង្គល​ក្នុង​ផ្ទះ ។ កិច្ចការ​ប្រោស​លោះ​របស់​យើង​​នៅ​លើ​ផែនដី ភាគច្រើន​ការ​ជួយ​អ្នក​ដទៃ​ឲ្យ​រីកចម្រើន ហើយ​សម្រេច​បាន​ក្ដី​សង្ឃឹម និង ​ក្ដី​ប្រាថ្នា​សុចរិត​របស់​គេ ។

មាន​គំរូ​មួយនៅ​ក្នុង​ប្រលោម​លោក​បុរាណ​របស់ វិកទ័រ អ៊ុយហ្កូ ដែល​មាន​ចំណង​ជើង​ថា ឡេ ម៊ីសេរាប្លឹស៍ ​ ទោះ​វា​ជា​រឿង​ប្រលោម​លោក​ក្ដី ក៏​វា​តែង​ដក់​ក្នុង​ចិត្ត​ខ្ញុំ ហើយ​បំផុស​គំនិត​ខ្ញុំ​ជានិច្ច ។ នៅ​ដើម​ដំណើរ​រឿង​នេះ ​ប៊ីស្សព ប្យៀងវឺនុយ ​​បាន​ឲ្យ​អាហារ និង​ កន្លែង​សម្រាក​​មួយ​យប់​ដល់​បុរស​គ្មាន​ទីជម្រក​ម្នាក់​ឈ្មោះ ហ្សង់ វ៉ាល់ហ្សង់ ដែល​ទើប​ត្រូវ​បាន​គេ​ដោះ​លែង​ពី​ការ​ជាប់​ឃុំឃាំងរយៈ​ពេល​ 19 ឆ្នាំ​​ ដោយ​ការ​លួច​​នំប៉័ង​មួយ​ដុំ​ដើម្បី​ឲ្យ​កូន​របស់​បង​ស្រី​ខ្លួន ​ដែល​ស្រេក​ឃ្លាន​​បរិភោគ ។ វ៉ាល់ហ្សង់ បាន​តប​ស្នង​ចិត្ត​សប្បុរស​របស់​ប៊ីស្សព ប្យៀងវឺនុយ ទាំង​ជូរ​ចត់ ដោយ​ការ​លួច​យក​វត្ថុ​ធ្វើ​ពី​ប្រាក់របស់​គាត់​ ។ ក្រោយ​មក​ដោយ​សង្ស័យ ​ប៉ូលីស​បាន​ឃាត់​ខ្លួនគាត់​​ទុក វ៉ាល់ហ្សង់​បាន​ប្រកែក​ថា​វត្ថុប្រាក់​នោះ​ជា​អំណោយ​គេ​ឲ្យ​គាត់ទេ ។ ពេល​ប៉ូលីស​នាំ​ខ្លួន​គាត់​ទៅ​ផ្ទះ​របស់​ប៊ីស្សព​វិញ នោះ​ប៊ីស្សព ប្យៀងវឺនុយ បាន​ធ្វើ​ឲ្យ​ វ៉ាល់ហ្សង់ ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​​ពោល​ដូច​គ្នា​ពី​ដំណើររឿង​គាត់ ហើយ​ថែម​ទាំង​និយាយ​ល្អ​ទៀត​ថា « ‹ មែន​ហើយ ! ខ្ញុំ​ថែម​ទាំង​ឲ្យ​ជើង​ទ្រ​ទាន​អ្នក​ទៀត​ផង ដែល​វា​ធ្វើ​ពី​ប្រាក់​ ដូចជា​វត្ថុ​ទាំងនោះ​ដែរ ហើយ​វា​មាន​តម្លៃ​ពីរ​រយ​ហ្វ្រង់ ។ ហេតុ​អ្វី​បាន​ជា​អ្នក​​មិន​យក​វា​ទៅ​​ជាមួយ​​ចាន​របស់​​អ្នក​​ផង ? ›

ប៊ីស្សព​បាន​ដើរ​ទៅ​រក​គាត់​ ហើយ​និយាយ​ដោយ​ស្រទន់​ថា ៖

« មិន​ត្រូវ​ភ្លេច​ថា​អ្នក​បាន​សន្យា​នឹង​ខ្ញុំ​ ថានឹង​ប្រើ​ប្រាក់​នេះធ្វើ​ជា​មនុស្ស​​ស្មោះត្រង់​ម្នាក់​​ឲ្យ​សោះ › ។

« ហ្សង់ វ៉ាល់ហ្សង់ ជា​អ្នក​ដែល​មិន​បាន​ធ្វើ​ការ​សន្យា​នេះ​បាន​ឈរ​ទាំង​ងឿង​ឆ្ងល់ ។ ប៊ីស្សព​នោះ​បាន​បន្ត​​ទៀត​ថា ៖

« ‹ ហ្សង់ វ៉ាល់ហ្សង់ ប្អូន​ប្រុស​សម្លាញ់​ខ្ញុំ​អើយ ៖ សូម​អ្នក​ឈប់​ធ្វើ​អំពើ​អាក្រក់​ទៀត​ទៅ តែ​ត្រូវ​ធ្វើ​ល្អ​វិញ ។ វា​ជា​ព្រលឹង​អ្នក​ទេ​ ដែល​ខ្ញុំ​ទិញ​ឲ្យ​អ្នក ។ ខ្ញុំ​បាន​ដក​វា​ចេញ​ពី​គំនិត​ដ៏​ងងឹត​ងងុល និង ​ពី​ការ​ដាក់​ទោស ហើយ​ខ្ញុំ​ឲ្យ​វា​ទៅ​ព្រះ ! › »

ពិត​ណាស់ ហ្សង់ វ៉ាល់ហ្សង់ បាន​ក្លាយ​ជា​មនុស្ស​ថ្មី ជា​ជន​ស្មោះត្រង់ ហើយ​ជួយ​ដល់​មនុស្ស​ជាច្រើន ។ ក្នុង​ជីវិត​គាត់​ គាត់​បាន​រក្សាទុក​ជើង​ទ្រ​ទាន​ទាំង​ពីរ​នោះ ដើម្បី​រំឭក​គាត់​ថា ​ជីវិត​គាត់​បាន​ត្រូវ​បាន​ប្រោស​លោះ​ចំពោះ​ព្រះ​ហើយ ។6

ការ​ប្រោស​លោះ​ខាង​លោកិយ​មួយចំនួន​ កើត​មាន​ដោយ​ការ​ធ្វើ​ការ​រួម​គ្នា ។ វា​ជា​ហេតុផល​មួយ​ដែល​ព្រះ​អង្គ​សង្គ្រោះ​បាន​បង្កើត​ព្រះវិហារ​មួយ​​ឡើង ។ ការ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​កូរ៉ុម និង ​អង្គការ​ជំនួយ និង ​នៅ​ក្នុង​ស្តេក វួដ និង​ សាខា យើង​ពុំ​មែន​ត្រឹមតែ​អាច​បង្រៀន​ ហើយ​លើក​ទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ដំណឹងល្អ​នោះ​ទេ ប៉ុន្តែ​យើង​ក៏​អាច​ស្នើ​សុំ​ជំនួយ​ពី​មនុស្ស និង ​ធនធាន​នានា​ដើម្បី​ប្រឈម​នឹង​កិច្ចការ​ដែល​ត្រូវការ​ក្នុង​ជីវិត ។ ក្រុម​មនុស្ស​ដែល​ធ្វើ​អ្វី​តែ​ឯង ឬ​ ធ្វើ​សម្រាប់​គោលបំណង​ពិសេស​មួយ ​​​មិន​អាច​ផ្ដល់​ជំនួយ​គ្រប់​គ្រាន់​ដើម្បី​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដ៏​ធំ​ជានិច្ច​បាន​នោះ​ទេ ។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ យើង​ជា​សមាគម​មួយ​នៃ​ពួក​បរិសុទ្ធ​ដែល​បាន​បង្កើត​ឡើង ដើម្បី​ជួយ​ប្រោស​លោះ​ដល់​សេចក្ដី​ត្រូវការ​នៃ​ពួក​បរិសុទ្ធ​ដទៃ​ទៀត និង​ អ្នក​ផ្សេងទៀត​ឲ្យ​បាន​ច្រើន​ទូទាំង​សកល​លោក ​តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ។

ដោយសារ​កិច្ចការ​​មនុស្ស​ធម៌​របស់​យើង​កាល​ពី​ឆ្នាំ​មុនលើកឡើងដោយ អ៊ែលឌើរ ដាល្លិន អេក អូក មាន​មនុស្ស 890,000 នាក់​ ក្នុង​ 36 ប្រទេស មាន​ទឹក​ស្អាត មាន​មនុស្ស 70,000 នាក់ ក្នុង 57 ប្រទេសបាន​ទទួល​រទេះរុញ​​សម្រាប់​ជនពិការ មាន​មនុស្ស 75,000 នាក់ ក្នុង 25 ប្រទេស​​ មាន​ភ្នែក​មើល​ច្បាស់​ជាង​មុន ហើយ​មាន​​មនុស្សក្នុង 52 ប្រទេស បាន​ទទួល​​គ្រឿង​បរិក្ខា​ជំនួយ​​ក្រោយ​ពី​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ ។​ ដោយ​ចូល​រួម​ជាមួយ​អ្នក​ដទៃ សាសនាចក្រ​បាន​ជួយ​ចាក់ថ្នាំ​បង្ការ​​​ដល់​កុមារ​ប្រមាណ​ជា 8 លាន​នាក់ ហើយ​បាន​ជួយ​ពួក​សាសន៍​ ស៊ីរី ​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង ​ប្រទេស​ តួកគី ឡាបាណន់ និង យ័រដាន់ ជាមួយ​នឹង​គ្រឿ​ង​បរិក្ខរចាំបាច់​សម្រាប់​ជីវិត ។ ក្នុង​ពេល​ដូចគ្នា​នោះ​ដែរ សមាជិក​សាសនាចក្រ​ដែល​ខ្វះខាត​ បាន​ទទួល​ជំនួយ​សុខុមាល​ភាព​ពី​ដង្វាយ​តម​អាហារ ​និង ​​ផ្នែក​ផ្សេ​ង​ទៀត​រាប់​លាន​​ដុល្លារក្នុង​ឆ្នាំ 2012 ។ សូម​អរគុណ​ចំពោះ​សន្តន​ចិត្ត​ដ៏ល្អ​របស់​អ្នក ។

ការណ៍​ទាំងអស់​នេះ​ មិន​បាន​រួម​បញ្ចូល​ទង្វើ​សប្បុរស និង ​ការ​គាំទ្រ​របស់​បុគ្គល​ម្នាក់ៗ ដូចជា ---​អំណោយ​ខាង​អាហារ សំលៀកបំពាក់ ប្រាក់ ការ​មើលថែ ព្រមទាំង​​ការ​លួងលោម និង ​ក្ដី​មេត្តា​រាប់​ពាន់​ប្រភេទ​ទៀត ​ដែល​យើង​អាច​ចូលរួម​ក្នុង​កិច្ចការ​ប្រោស​លោះ​ដូចជា​​​ព្រះគ្រីស្ទ​នៅ​ឡើយ​ទេ ។ កាល​ពី​ក្មេង​ ខ្ញុំបាន​ឃើញ​ទង្វើ​ម្ដាយ​ខ្ញុំ​ប្រោស​លោះ​ស្ត្រី​ម្នាក់​ដែល​ខ្វះ​ខាត ។ ជាច្រើន​ឆ្នាំ​កន្លង​ទៅ កាល​កូន​ៗ​គាត់​​នៅ​តូចៗ ម្ដាយ​ខ្ញុំ​បាន​ទទួល​ការ​វះកាត់​មួយ​ដ៏​ធ្ងន់ធ្ងរ​ ដែល​ហៀប​​នឹង​បាត់​ជីវិត ហើយ​បាន​សម្រាក​នៅ​មួយ​កន្លែង​ស្ទើរ​គ្រប់​ពេលជិត​មួយ​ឆ្នាំ ។​​ ក្នុង​ពេល​នោះ សមាជិក​គ្រួសារ និង ​វួដ​បាន​ជួយ​ម្ដាយ​ខ្ញុំ​ និង​ គ្រួសារ ។ សម្រាប់​ជំនួយ​បន្ថែម​ទៀត ប្រធាន​សមាគម​សង្គ្រោះ​ក្នុង​វួដ បងស្រី អាប្រាហាំ បាន​ណែនាំ​ឲ្យ​ឪពុកម្ដាយ​ខ្ញុំ​ជួល​ស្ត្រី​ម្នាក់​ក្នុង​វួដ​ ដែល​ត្រូវការ​ការងារ​យ៉ាង​ខ្លាំង ។ ខណៈ​ដែល​រំឭក​ឡើង​វិញ​ពី​រឿង​នេះ ខ្ញុំ​នឹង​ប្រើ​ឈ្មោះ​​ប្រឌិត​ សារ៉ា និង អានី សម្រាប់​ស្ត្រី​នោះ​ និង​កូនស្រី​គាត់ ។ នេះ​គឺ​ជា​ដំណើរ​រឿង​របស់​ម្ដាយ​ខ្ញុំ ៖​​​​

« ខ្ញុំ​នៅ​ចាំ​យ៉ាង​ច្បាស់​ដូច​ជា​វា​ទើបនឹង​កើត​ឡើងកាល​ពី​ម្សិល​មិញអញ្ចឹង​ ។ កាល​ខ្ញុំ​សម្រាក​នៅ​លើ​គ្រែ ​បងស្រី​ អាប្រាហាំ បាន​នាំ សារ៉ា មក​នៅ​មាត់ទ្វារ​បន្ទប់ ។ ខ្ញុំ​ខក​ចិត្ត​យ៉ាង​ខ្លាំង ។ មនុស្ស​ដែល​ឈរ​នៅ​ទីនោះ​ គឺ​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​សោះ ---​ស្គម​ស្លេកស្លាំង សក់​​កន្ទ្រើង​ ស្មា​មូល មុខ​ឱន​មើល​ទៅ​ឥដ្ឋ ។ នាង​ពាក់​អាវ​នៅ​ផ្ទះ​ដ៏​​ចាស់​មួយ​ដែល​​​ធំ​ជាង​ខ្លួន ។​ នាង​មិន​ងើប​មុខ​សោះ ហើយ​និយាយ​តិចៗធ្វើ​ឲ្យ​ខ្ញុំ​ស្ដាប់​នាង​មិន​បាន ។ នៅ​ពី​ក្រោយ​ខ្នង​នាង​មនក្មេង​ស្រី​តូច​ម្នាក់​អាយុ​ប្រហែល 3 ឆ្នាំ ។ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ​ជាមួយ​នឹង​ក្មេង​ស្រី​នេះ ? ក្រោយ​ពី​គេ​បា​នចេញ​ពី​បន្ទប់ ខ្ញុំ​បាន​យំ​ហើយ​យំ​ទៀត ។ ខ្ញុំ​ត្រូវការ​ជំនួយ​ពុំមែន​យក​បញ្ហា​មក​បន្ថែម​ទៀត​នោះទេ ។ បង​ស្រី អាប្រាហាំ នៅ​ជាមួយ​នាង​​មួយ​សន្ទុះ ហើយ​មិន​យូរ​ប៉ុន្មាន​ពួកគេ​បាន​ជូត​សម្អាត​ផ្ទះ​យ៉ា​ង​ស្អាត ហើយ​បាន​រៀប​ចំ​អាហារ​ខ្លះ ។ បងស្រី អាប្រាហាំ សុំ​​ខ្ញុំ​ឲ្យ​សាក​ល្បង​ពី​របីថ្ងៃ​សិន ដោយសារ​ក្មេង​ស្រី​នេះ​ជួប​វិបត្តិ​ជាច្រើន ហើយ​ត្រូវការ​ជំនួយ ។

« លុះ​ព្រឹក​ស្អែកឡើង ​ពេល សារ៉ា មកដល់​ ខ្ញុំ​បាន​ឲ្យ​នាង​មក​ក្បែរ​គ្រែ ​ដើម្បី​ខ្ញុំ​អាច​ស្ដាប់​នាង​បាន ។ នាង​បាន​សួរ​ថា តើ​ខ្ញុំ​ចង់​ឲ្យ​នាង​ធ្វើ​អ្វី ។ រួច​ខ្ញុំ​ក៏​ប្រាប់​នាង​ថា ‹ រឿង​ដ៏​សំខាន់​ គឺ​កូនប្រុស​ខ្ញុំ សូម​ចំណាយ​ពេល​នឹង​ពួកគេ អាន​សៀវភៅ​​ឲ្យ​គេ​ស្ដាប់ ---​ពួកគេ​សំខាន់​ជាង​ផ្ទះ​នេះ​ទៅ​ទៀត › ។ នាង​ពូកែ​ធ្វើ​ម្ហូប និង​រៀប​ចំ​ផ្ទះ​យ៉ាង​ស្អាត បោក​ខោអវរួច ហើយ​នាង​បាន​ធ្វើ​ល្អ​ចំពោះ​កូន​ប្រុស​ខ្ញុំ ។

« ​ជា​ច្រើន​សប្ដាហ៍មក ខ្ញុំ​បានរៀន​ពី​ដំណើររឿង​របស់ សារ៉ា ។ [ ដោយសារ​នាង​ពិបាក​ស្ដាប់ ទើប​នាង​រៀន​មិន​ពូកែ ហើយ​នៅ​ទី​បំផុត​ក៏​ឈប់​រៀន ។ នាង​បាន​រៀបការ​​​នឹង​បុរស​ប្រមឹក​ម្នាក់​​តាំងពី​ក្មេង ។ អានី បាន​កើត​មក ហើយ​បាន​ក្លាយ​ជា​អំណរ​ក្នុង​ជីវិត​របស់ សារ៉ា ។​ នា​យប់​មួយ​ក្នុង​រដូវ​រងា ​ស្វាមី​នាង​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​ស្រវឹង ហើយ​បាន​បង្ខំ សារ៉ា និង អានី ចូល​ក្នុង​ឡាន​ទាំង​​សំលៀក​បំពាក់​ដេក​យប់ រួចហើយ​បាន​ដាក់​ពួកគេ​ចោល​នៅ​ដង​​មហាវិថី​មួយ ។ ពួកគេ​មិន​ដែល​ឃើញ​គាត់​ទៀត​ឡើយ ។ សារ៉ា និង អានី បាន​ដើរ​​ដោយ​ជើង​ទទេ​ចម្ងាយ​ពី​របី​គីឡូម៉ែត្រ​​ទៅ​ផ្ទះ​ម្ដាយ​នាង​ទាំង​រងា ] ។ ម្ដាយ​នាង​បាន​យល់​ព្រម​ឲ្យ​ពួកគេ​ស្នាក់នៅ​ ដោយឲ្យ​ធ្វើ​កិច្ចការ​ផ្ទះ និង ​ចម្អិន​អាហារ ព្រមទាំង​មើល​ថែ​ប្អូន​ប្រុស​ស្រី​នាង​ដែល​រៀន​នៅ​វិទ្យាល័យ ។

« យើង​បាន​នាំ សារ៉ា ទៅ​ជួប​ពេទ្យ​ផ្នែក​ត្រចៀក ហើយ​នាង​បាន​ទទួល​ឧបករណ៍​ជំនួយ​ការ​ស្ដាប់ ។... យើង​បាន​នាំ​នាង​ចូលរៀន​សាលា​សម្រាប់​មនុស្ស​ពេញ​វ័យ ហើយ​នាង​បាន​ទទួល​សញ្ញាប័ត្រ​ថ្នាក់​វិទ្យាល័យ ។ នាង​បាន​ទៅ​រៀន​ពេល​យប់ ហើយ​ក្រោយ​មក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ហើយ​បាន​ធ្វើ​ជា​គ្រួ​បង្រៀន ។ នាង​បាន​ទិញ​ផ្ទះ​តូច​មួយ ។ អានី បាន​រៀបការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​មាន​កូន​ពីរនាក់ ។ ទីបំផុត សារ៉ា បាន​ធ្វើ​ការ​វះកាត់​ត្រចៀក​នាង ហើយ​អាច​ស្ដាប់​ឮ​យ៉ាង​ល្អ ។ ច្រើន​ឆ្នាំ​ក្រោយ​មក​ទៀត នាង​បាន​ចូល​​​និវត្តន៍ ហើយ​បម្រើ​បេសកកម្ម ...។ ជារឿយៗ សារ៉ា បាន​អរគុណ​យើង ហើយ​បាន​និយាយ​ថា​នាង​បាន​រៀន​ច្រើន​ណាស់​ពី​ខ្ញុំ ជាពិសេស​ពេល​ខ្ញុំ​ប្រាប់​នាង​ថា ​កូន​ប្រុស​ខ្ញុំ​សំខាន់​ជាង​ផ្ទះ​នោះ ។ នាង​និយាយ​ថា ​វា​បាន​បង្រៀន​នាង​ឲ្យ​ធ្វើ​ដូចគ្នា​ចំពោះ អានី ។ … សារ៉ា ជាស្ត្រី​ដ៏​អស្ចារ្យ​ម្នាក់ » ។

ក្នុង​នាម​ជា​សិស្ស​​ ព្រះយេស៊ូវ​គ្រីស្ទ យើង​គួរ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ប្រោស​លោះ​អ្នក​ដទៃ​ពី​ការ​រងទុក្ខ និង ​បញ្ហា​នានា ។ ហេតុ​ដូច្នោះ​ហើយ ការ​បម្រើ​ដ៏​ធំ​បំផុត​របស់​យើង​សម្រាប់​ការ​ប្រោស​លោះ​ គឺ​ដើម្បី​នាំ​ពួកគេ​ទៅ​រក​​ព្រះគ្រីស្ទ ។ បើ​គ្មាន​ការ​ប្រោស​លោះ​​​ពី​ការ​ស្លាប់ និង​ អំពើ​បាបរបស់​ទ្រង់​​ទេ នោះ​យើង​មាន​តែដំណឹងល្អ​នៃយុត្តិធម៌ខាង​សង្គម​​​ប៉ុណ្ណោះ ។ ការណ៍​នោះ​អាច​ផ្ដល់​ជំនួយ​ និង ​ការ​ស្រុះស្រួល​គ្នា​ខ្លះៗ​ក្នុង​ពេល​បច្ចុប្បន្ន តែ​វា​គ្មាន​អំណាច​ដើម្បី​ទាញ​យក​ភាព​យុត្តិធម៌ដ៏​​ឥត​ខ្ចោះ និង​ ក្ដី​មេត្តា​ដ៏គ្មាន​ទីបំផុត​ចុះ​មក​ពី​ស្ថានសួគ៌​បាន​ឡើយ ។ ការ​ប្រោស​លោះ​ដ៏​ធំ​បំផុត​គឺ​នៅ​ក្នុង​​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មាន​តែ​ទ្រង់​ម្នាក់​ប៉ុណ្ណោះ ។​ ខ្ញុំ​សូម​ទទួល​ស្គាល់​​ទ្រង់​ជា​ព្រះ​ប្រោស​លោះ​ដោយ​រាបសា និង ​ដោយ​ការ​ដឹងគុណ ​ក្នុង​ព្រះនាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ អាម៉ែន ។

កំណត់ចំណាំ

  1. សូមមើល វចនានុក្រម Merriam-Webster’s Collegiate, ទី​​2 ឆ្នាំ 1993, « អ្នកប្រោសលោះ »

  2. វចនានុក្រម​​ Webster’s New World College, ទី3 ឆ្នាំ 1988, « ប្រោសលោះ »

  3. « ព្រះរាជបុត្រា​នៃ​ព្រះ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទោស​ដើម ម្ល៉ោះ​ហើយ​បាន​ជា​អំពើ​បាប​ទាំងឡាយ​នៃ​ឪពុកម្ដាយ​ ពុំ​អាច​ធ្លាក់​ទៅ​លើ​ក្បាលនៃ​កូនចៅ​បាន​ឡើយ ត្បិត​ពួកគេ​នៅ​សុទ្ធសាធ​ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ » ( ម៉ូសេ 6:54 )  ។ តាមរយៈ​ការ​ប្រោស​លោះ​នៃ​ព្រះគ្រីស្ទ មនុស្ស​ទាំងអស់​នឹង​ឈ្នះ​លើ​សេចក្ដី​ស្លាប់ ហើយ​ត្រូវ​បាន​រស់​ឡើង​វិញ​ក្នុង​អមតភាព ។ ជាង​នេះ​ទៀត មនុស្ស​ទាំងអស់​នឹង​ឈ្នះ​លើ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​ដោយ​ការ​នាំ​យក​ត្រលប់​ទៅវិញ​ក្នុង​វត្តមាន​នៃ​ព្រះ​ដើម្បី​ជំនុំជំរះ ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា « ​ដូចជា​យើង​ត្រូវ​បាន​លើក​ឡើង​លើ​ឈើ​ឆ្កាង​ដោយ​មនុស្ស​លោក​​យ៉ាង​ណា ​នោះ​មនុស្ស​លោក​ក៏​នឹង​ត្រូវ​បាន​លើក​ឡើង​ដោយ​ព្រះវរបិតា​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​ឈរ​ចំពោះ​យើង​ដើម្បី​ទទួល​ការ​ជំនុំ​ជំរះ​ស្រប​តាម​កិច្ចការ​ទាំងឡាយ​របស់​ខ្លួន​ដើម្បី​ឲ្យ​ឃើញ​ថា ពួកគេ​ល្អ ឬ​ ក៏​ពួកគេ​អាក្រក់ » 3 ( នីហ្វៃទី 3 27:14 )  ។ អស់​អ្នក​ដែល​ត្រូវ​បាន​លាង​សម្អាត​ពី​អំពើ​បាប​ នឹង​នៅ​ជាមួយ​​​ព្រះ​ក្នុង​នគរ​ស្ថានសួគ៌ តែ​អ្នក​ដែល​មិន​បាន​ប្រែចិត្ត ហើយ​មិន​ស្អាតស្អំ​ មិន​អាច​រស់នៅ​នឹង​ព្រះ​ដ៏​បរិសុទ្ធ​បាន​ឡើយ ហើយ​ក្រោយ​ពី​ការ​ជំនុំជំរះ ​ពួកគេ​ត្រូវ​ចាកចេញ ហើយ​ទទួល​រង​នូវ​សេចក្ដី​ស្លាប់​ខាងវិញ្ញាណ​ម្ដង​ទៀត ។ ពេល​ខ្លះ នេះ​ត្រូវ​បាន​គេ​ហៅ​ថា​សេចក្ដី​ស្លាប់​ទីពីរ ឬ ​ការ​រងទុក្ខ​នឹង​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​ជា​លើក​ទីពីរ ។ ( សូម​មើល ហេលេមិន 14:15–18 ) 

  4. ទាក់ទង​នឹងអំពើបាប​យើង ព្រះគម្ពីរ​បាន​លើក​ឡើង​ពី​មនុស្ស​មួយ​ចំនួន​ដែល​មិន​ទទួល​បាន​ប្រយោជន៍​ពី​ការ​ប្រោស​លោះ ៖ « ពួក​ទុច្ចរិត​នឹង​នៅ​ដូច្នោះ​ហាក់​ដូចជា​គ្មាន​ការ​ប្រោស​លោះ​បាន​កើត​ឡើង លើក​លែង​តែ​ការ​បន្ធូរ​នូវ​ចំណង​ទាំងឡាយ​នៃ​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ » ( អាលម៉ា 11:41 )  ។ « នៅ​ពេល​អ្នក​នោះ​ពុំ​អនុវត្ត​សេចក្ដី​ជំនឿ​ចំពោះ​ការ​ប្រែចិត្ត នោះ​ត្រូវ​លាត​ត្រដាង​នៅ​ក្នុង​ច្បាប់​ទាំង​មូល​ចំពោះ​ការ​ទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ ហេតុដូច្នេះ​ហើយ មាន​តែ​​អ្នក​ណា​ដែល​មាន​សេចក្ដី​ជំនឿ​ចំពោះ​ការ​ប្រែចិត្ត​ ទើប​នាំ​មក​នូវ​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ​ដ៏​មហិមា និង ​អស់​កល្ប​ជានិច្ច​បាន » ( អាលម៉ា 34:16 )  ។ បើ​មនុស្ស​ម្នាក់​បដិសេធ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​គាត់​ត្រូវ​បង់​សង​បំណុល​ខ្លួន ​ដើម្បីធ្វើ​ឲ្យ​ខ្លួន​ឯង​បាន​យុត្តិធម៌ ។​ ព្រះយេស៊ូវ​មាន​បន្ទូល​ថា « ត្បិត​មើល​ចុះ យើង​ជា​ព្រះ​បាន​រង​ទុក្ខ​នូវ​ការ​ទាំងនេះ​ជំនួស​មនុស្ស​ទាំងអស់​ដើម្បី​កុំ​ឲ្យ​គេ​អាច​រង​ទុក្ខ បើ​សិន​ជា​ពួកគេ​ប្រែចិត្ត ប៉ុន្តែ​បើ​សិនជា​ពួកគេ​មិន​ព្រម​ប្រែចិត្ត​ទេ នោះ​ពួកគេ​ត្រូវ​រង​ទុក្ខ​ដូចជា​យើង​ដែរ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា 19:16–17)  ។ ការ​រងទុក្ខ​ចំពោះ​អំពើ​បាប​របស់​អ្នក​ដែល​មិន​បាន​ទទួល​កា​រ​ប្រោស​លោះ ​គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ឋាន​នរក ។ វា​មាន​ន័យ​ថា​ស្ថិត​នៅ​ក្រោម​អារក្ស ហើយ​ត្រូវ​បាន​រៀបរាប់​ក្នុង​បទគម្ពីរ​ថា​ជា​ការ​ជាប់​ច្រវាក់ ឬ​បឹង​ភ្លើង និង​ ស្ពាន់ធ័រ ។ លីហៃ​បាន​អង្វរ​កូនប្រុស​របស់​ខ្លួន​ឲ្យ​ជ្រើស​យក​ការ​ប្រោស​លោះ​របស់​ព្រះគ្រីស្ទ « ហើយ​ចូរ​កុំ​រើស​យក​សេចក្ដី​ស្លាប់​ដ៏​អស់​កល្ប​ជានិច្ច​ស្របតាម​ចំណង់​របស់​សាច់ឈាម និង​សេចក្ដី​អាក្រក់​ដែល​នៅ​ក្នុង​នោះ​ឡើយ ដែល​ផ្ដល់​អំណាច​ដល់​វិញ្ញាណ​អារក្ស​ឲ្យ​ចាប់​ឃុំឃាំង ដើម្បី​នាំ​កូន​ចុះ​ទៅ​ស្ថាន​នរក ដើម្បី​វា​អាច​សោយរាជ្យ​លើ​កូន​នៅ​ក្នុង​នគរ​វា» ( នីហ្វៃ​ទី 2 2:29 )  ។ ទោះ​ជា​បែបនេះ​ក្ដី ដោយសារ​តែ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ស្ថាន​នរក​នឹង​បិទ ហើយ​អ្នក​ដែល​តម្រូវ​ឲ្យ​ដើរ​ឆ្លង​កាត់​វា​ត្រូវ​បាន « ប្រោស​លោះ​ពី​អារក្ស [ នៅ​ក្នុង ]​ ដំណើរ​រស់​ឡើង​វិញ​ចុង​ក្រោយ​បង្អស់ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា 76:85 ) ។ទាក់ទង​នឹង « ពួក​កូន​អន្តរធាន » មួយ​ក្រុម​តូច គឺ​ជា « ពួក​នោះ​តែ​ប៉ុណ្ណោះ​គត់​ដែល​សេចក្ដី​ស្លាប់​ទី​ពីរ​នឹង​មាន​អំណាច ​[ ចុង​ក្រោយ ] មក​លើ​ពួកគេ មែនហើយ ប្រាកដ​មែន គឺជា​ពួក​នោះ​តែប៉ុណ្ណោះ​គត់​ដែល​នឹង​ពុំ​បាន​ប្រោស​លោះ​ឡើយ​នៅ​កំណត់​ពេល​នៃ​ព្រះអម្ចាស់ បន្ទាប់​ពី​ការ​រង​ទុក្ខ​លំបាក​ចំពោះ​សេចក្ដី​ក្រោធ​របស់​ទ្រង់ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា 76:32, 37–38 ) 

  5. ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​សម្ដែង​ក្ដី​រីករាយ​ថា « ចូរ​ឲ្យ​ពួក​អ្នក​ស្លាប់​បន្លឺ​សំឡេង​ច្រៀង​អំពី​ការ​សរសើរ​ដំកើង​ដ៏​អស់​កល្ប​ជានិច្ច​ដល់​ក្សត្រា ​អេម៉ាញូអែល ​ដែល​បាន​តែងតាំង​ឡើង​មុន​កំណើត​លោកិយ​មក​ម្ល៉េះ ដែល​នឹង​ធ្វើ​ឲ្យ​យើង​អាច​ប្រោស​លោះ​ពួកគេ​ឲ្យ​រួច​ពី​គុក​របស់​ពួកគេ ព្រោះ​ពួក​អ្នក​ជាប់​គុក​នឹង​បាន​រួច » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា 128:22) 

  6. សូមមើល វិកទ័រ អ៊ុយហ្កូ​ « Les Misérables » ឆ្នាំ 1992 ទំព័រ 91–92 ។