ឆ្នាំ ២០១០-២០១៩
ព្រះវរបិតា និងព្រះរាជបុត្រា
ខែ មេសា 2013


ព្រះវរបិតា និង ព្រះរាជបុត្រា

គោលការណ៍​​សំខាន់​បំផុត​នៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និង អំណាចនៃ​ដំណឹងល្អ​ដើម្បីសង្គ្រោះ គឺជាការយល់ដឹងដ៏ត្រឹមត្រូវ អំពី​ព្រះវរបិតា និង ព្រះរាជបុត្រា ។

បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំមានអំណរគុណនឹងនិយាយទៅកាន់​អ្នក នាពេល រសៀលនេះក្នុងសន្និសីទទូទៅដ៏បំផុស​គំនិតនេះ !

ក្នុងការនិយាយ​អំ​ពី​ប្រធានបទ​មួយ ដែលខ្ញុំ​គិត​ថា​​ពិសិដ្ឋបំផុត ជា​ដំបូង ខ្ញុំ​សូម​ទទួលស្គាល់ ជាមួយនឹងអំណរ​គុណចំពោះពលិកម្មនៃពួកគ្រីស្ទានជាច្រើនរូប​ក្នុង​ប្រវត្តិសាស្ត្រ រួមទាំងជីដូនជីតា​ខ្ញុំ​នៃអ្នក​កាន់សាសនា​​ប្រូតេស្តង់ ជនជាតិ​បារាំង និង អ្នកកាន់សាសនា​កាតូលីក​ ជនជាតិ​អៀឡង់ ។ ដោយ​សារ​ជំនឿ និង ការថ្វាយបង្គំរបស់ពួកគាត់​​ចំពោះព្រះ នោះ​ពួកគាត់​ជា​ច្រើនរូប បាន​លះបង់​មុខតំណែង ទ្រព្យសម្បត្តិ ថែមទាំងជីវិតគេផង ក្នុងការការពារព្រះ និង ជំនឿ​របស់ពួកគេ ។1

ក្នុង​នាម​ជាពួកបរិសុទ្ធថ្ងៃចុងក្រោយ និង ពួកគ្រីស្ទាន យើងក៏មានជំនឿរឹងមាំ និង ខ្លាំង​ក្លាទៅ​លើព្រះ ជាព្រះវរបិតាដ៏អស់កល្ប និង ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ ការបូជាចំពោះព្រះ តែងតែពិសិដ្ឋ និង ផ្ទាល់ខ្លួន រវាងយើង​​ម្នាក់ៗ និង ព្រះអង្គបង្ក​បង្កើតរបស់យើង ។

ការស្វែងរកជីវិតអស់កល្បរបស់យើង គឺគ្មាន​អ្វី​ក្រៅ​ពី​ការស្វែងយល់ថា​ ព្រះ​ជា​នរណា និង ដើម្បី​យើង​ត្រឡប់ទៅរស់នៅជាមួយទ្រង់វិញនោះ​ទេ ។ ព្រះអង្គសង្គ្រោះបានអធិស្ឋានដល់​ព្រះវរបិតាទ្រង់​ថា « នេះជាជីវិតដ៏នៅ​អស់​កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ និង ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់បានចាត់ឲ្យមក » ។​2

សូម្បីតែ​នៅក្នុងការ​យល់​ដឹង​អំពី​ការ​ប្រកាសនេះ​ ដោយព្រះអង្គសង្រ្គោះទ្រង់យើង​ផ្ទាល់ ក៏មនុស្ស​ទូទៅមើល​ពី​លក្ខណៈ​របស់​ព្រះវរបិតា និង ព្រះរាជបុត្រា អស់​ជា​ច្រើន​​សតវត្សន៍មក និង ក្នុងចំណាមមនុស្ស​ភាគច្រើន គឺមាន​ភាព​ផ្ទុយ​គ្នា​យ៉ាង​​ច្បាស់ ជាមួយ​នឹង​ការ​បង្រៀននៅក្នុង​ព្រះគម្ពីរបរិសុទ្ធ ។

យើងព្រមទទួល​ដោយគោរពថា គោលការណ៍​​សំខាន់​បំផុត​នៃដំណឹងល្អរបស់ ព្រះយេស៊ូវគ្រីស្ទ និង អំណាចនៃ​ដំណឹងល្អ​ដើម្បីសង្គ្រោះ គឺជាការយល់ត្រឹមត្រូវ អំពី​ព្រះវរបិតា និង ព្រះរាជបុត្រា ។3

សារៈសំខាន់នៃគោលការណ៍សំខាន់បំផុត​នៃដំណឹងល្អរបស់ ព្រះយេស៊ូវ​នេះ ត្រូវបានបញ្ជាក់​ដោយការ​និមិត្តដំបូង​របស់​ ព្យាការី យ៉ូសែប ស្ម៊ីធ ក្នុង ឆ្នាំ 1820 ។ ព្យាការីបានសរសេរថា៖ « ខ្ញុំបានឃើញតួរអង្គពីរ ដែលមានរស្មី និង សិរីរុងរឿងដែលពុំអាចពណ៌នាបានឡើយ ឈរនៅលើអាកាសពីលើរូបខ្ញុំ ។ តួរអង្គមួយមានព្រះ​បន្ទូលមកខ្ញុំ ដោយហៅខ្ញុំតាមឈ្មោះ​ ហើយចង្អុលទៅតួអង្គមួយទៀត ដោយមានព្រះបន្ទូលថា​ « នេះជាព្រះរាជ​បុត្រា​​ដ៏ស្ងួន​ភ្ងា​របស់យើង ចូរស្តាប់តាមទ្រង់ចុះ! » 4

បន្ទាប់​ពី​បទពិសោធន៍​របស់ ​យ៉ូសែបនេះ​ មាន​ការ​និមិត្ត និង វិវរណៈជាច្រើនទៀត បើកបង្ហាញថា ព្រះពិត​ជាមានមែន ព្រះវរបិតា និង ព្រះរាជបុត្រាទ្រង់​ ព្រះយេស៊ូវគ្រីស្ទ គឺ​ជាតួអង្គដាច់ឡែកពីគ្នា ហើយ​មនុស្ស​ត្រូវបាន​បង្កើតឡើង​តាម​រូប​អង្គព្រះ ព្រះវរបិតាសួគ៌​របស់យើង ​គឺពិតជា​ព្រះវរបិតា​របស់​ព្រះយេស៊ូវគ្រីស្ទ ព្រះ​បន្ត​បង្ហាញ​អង្គទ្រង់ដល់មនុស្ស ព្រះ​តែង​តែ​គង់​នៅជិត និង យកព្រះទ័យ​ទុកដាក់​នឹងយើង​ជានិច្ច ហើយ​ទ្រង់​ឆ្លើយតបការអធិស្ឋានរបស់យើង ។

ទោះ​ជាកម្រ​មាន​ការបង្ហាញនៃ​តួអង្គរបស់ ព្រះវរបិតា និង ព្រះរាជបុត្រា ស្រដៀង​គ្នា​​ នៅក្នុង​ព្រះគម្ពីរ​បរិសុទ្ធ​ក្តី ក៏​ការពិតដ៏​អស្ចារ្យនៃការ​និមិត្តដំបូង​​ ចុះ​សម្រុង​គ្នា​យ៉ាង​ល្អ​នឹងព្រឹត្តិការណ៍ ដែល​បាន​កត់​ទុក​ឯទៀត​នៅក្នុងព្រះ​គម្ពីរបរិសុទ្ធដែរ ។

ជាឧទាហរណ៍ នៅក្នុងព្រះគម្ពីសញ្ញាថ្មី យើងអានទីបន្ទាល់ចុងក្រោយរបស់ ស្ទេផាន នៅពេល​គេ​សម្លាប់​គាត់ គាត់បាននិយាយថា៖ « មើលចុះ ខ្ញុំឃើញមេឃចំហរ និង កូនមនុស្សគង់ឈរ​នៅ​ព្រះហស្ថស្តាំនៃព្រះ » ។ 5

នៅក្នុងការ​និមិត្តដ៏ធំនៅលើ​កោះផាត់ម៉ូស សាវក​យ៉ូហាន បានឃើញ « ព្រះដ៏មានព្រះចេស្តាបំផុត » 6ព្រមទាំងកូនចៀមរបស់ព្រះ ដែល « បានលោះយើង...ដោយលោហិត [ ទ្រង់ ] » ។ 7

ក្នុងព្រះគម្ពីរមរមន គោលលទ្ធិអំពី​ព្រះវរបិតា និង ព្រះរាជបុត្រា ឈរជាទីបន្ទាល់យ៉ាងរុងរឿង ជាមួយ​នឹង​ព្រះគម្ពីរបរិសុទ្ធ ។ ព្រះគម្ពីរមរមន មានកត់ទុកនូវការ​យាង​ទៅ​ជួបសាសន៍នីហ្វៃ​​របស់​ព្រះអង្គ​សង្គ្រោះ​ ដែលនៅក្នុងនោះ​សម្លេងរបស់ព្រះបិតាមានបន្ទូលប្រាប់អំពី ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្មរស់ នៅក្នុង​វត្តមានសាសន៍នីហ្វៃចំនួន​ 2,500 នាក់ថា « មើលន៏ បុត្រាដ៏ជាទីស្រឡាញ់​របស់​យើង ដែល​យើងគាប់ចិត្ត​ណាស់ ដែលបានដំកើង​ដល់នាមរបស់យើង—ចូរស្ដាប់​តាម​បុត្រា​យើងចុះ »។8

នៅក្នុងដំណឹងល្អទាំងបួន ព្រះគ្រីស្ទផ្ទាល់មាន​បន្ទូល​ស្ដី​អំ​ពី​ព្រះវរបិតាសួគ៌របស់ទ្រង់ចំនួន​ 160 ដង នៅក្នុងការបង្រៀន​ជា​សង្ខេបរបស់ទ្រង់រយៈ​ពេល​បីថ្ងៃ ក្នុងចំណោមពួកសាសន៍​នីហ្វៃ ដូចដែល​បាន​កត់ទុកនៅក្នុងព្រះគម្ពីរមរមន ទ្រង់មាន​បន្ទូលអំ​ពី​ព្រះវរបិតាចំនួន​ 122 ដង ។

ជាឧទាហរណ៍ នៅក្នុងសៀវភៅ ម៉ាថាយ ព្រះយេស៊ូវ មានបន្ទូលថា ៖ « មិនមែនអស់អ្នកណា​ដែល​គ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជា​អស់​អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ » ។9

នៅក្នុងសៀវភៅ យ៉ូហាន ទ្រង់បានថ្លែងទីបន្ទាល់ថា « ព្រះរាជបុត្រា ពុំអាចធ្វើការអ្វី ដោយ​ព្រះអង្គ​ទ្រង់​បានទេ ធ្វើបានតែការអ្វីដែលឃើញព្រះវរបិតាធ្វើ »​ ។ 10

ហើយនៅក្នុងសៀវភៅ លូកា ទ្រង់ប្រកាសថា​ « ព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់​វិញ្ញាណ​ដល់ព្រះហស្ថទ្រង់​វិញ » ។ 11

រាល់ពេលព្រះអម្ចាស់យើង​ មាន​បន្ទូល​សំដៅ​ទៅ​ព្រះវរបិតាទ្រង់ នោះ​ទ្រង់ធ្វើឡើងដោយមាន​គារវភាព និង ភាពរាបទាប​បំផុត ។

នៅក្នុងពាក្យពេចន៍នេះ ខ្ញុំសង្ឃឹមថានឹងគ្មានការយល់ខុសឡើយ។ ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះយេហូវ៉ា ជា​ព្រះនៃអ៊ីស្រាអែល ជា​ព្រះមែស៊ីដែលបានសន្យាទុក ហើយ​ដោយព្រោះតែដង្វាយធួនដ៏និរន្ដន៍​របស់ទ្រង់ នោះ​ទ្រង់គឺ​ជា​ព្រះអង្គសង្រ្គោះ និង ព្រះប្រោសលោះ​នៃពិភពលោក ។ សាវក ប៉ុល បាន​ប្រកាសអំពីទ្រង់ថា « គ្រានោះបានដល់ចុង​បំផុតហើយ ជាវេលាដែល [ ព្រះគ្រីស្ទ ] នឹងប្រគល់នគរ​ដល់ព្រះដ៏ជាព្រះវរបិតា ជាវេលា​ដែល [ ព្រះគ្រីស្ទ ] ទម្លាក់អស់ទាំងរាជ្យ និង អំណាច ហើយនឹងឥទ្ធិឫទ្ធិទាំងប៉ុន្មានចេញ » ។ 12

ពេលល្ងាចមុនការ​ធ្វើ​ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ទ្រង់បានអធិស្ឋាន​ទូល​អង្វព្រះ​វរបិតា​ ជំនួសមនុស្ស​ទាំងអស់​ ។ ទ្រង់បានអធិស្ឋានថា ៖

« ទូលបង្គំមិនអធិស្ឋានឲ្យអ្នក​ទាំងនេះ [ គឺជាសាវករបស់ទ្រង់ ] តែប៉ុណ្ណោះ គឺឲ្យដល់ទាំងអ្នកណាដែលនឹង​ជឿដល់​ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ

« ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱ​ព្រះវរបិតា​អើយ ដូចជាទ្រង់នៅក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺ​ឲ្យ​អ្នក​ទាំងនោះ​បាន​រួម​គ្នា​តែ​មួយ​នៅក្នុង​យើង ប្រយោជន៍ឲ្យ​លោកីយ​បានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមក​ពិត ។

« ឯសិរីល្អដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបាន​រួមគ្នាតែមួយ ដូចជាយើង​ក៏​រួមតែមួយដែរ » ។ 13

ព្រះវរបិតា និង ព្រះរាជបុត្រា ជាតួអង្គដាច់ឡែកពីគ្នា តែ​ទ្រង់ធ្វើ​កិច្ច​ការ​រួមគ្នាយ៉ាងល្អឥតខ្ចោះ គឺ​តែ​មួយនៅ​ក្នុង​​អំណាច និង គោលបំណង ។ ភាពតែមួយរបស់ទ្រង់ គឺ​ពុំ​មែន​សម្រាប់​តែ​​ទ្រង់​ប៉ុណ្ណោះ​ទេ តែទ្រង់ចង់​ឲ្យជនគ្រប់រូបមាន​ភាពតែមួយដូចគ្នា ដោយ​មាន​ការលះបង់ ការ​ដើរតាម និង ការ​គោរពតាម​បញ្ញត្តិរបស់​ទ្រង់ ។

តើអ្នកស្វែងរកព្រះដ៏ស្មោះ អាចស្គាល់ ព្រះវរបិតា និង ព្រះរាជបុត្រា យ៉ាង​ដូចម្តេច ? ព្រះអង្គសង្គ្រោះ បានសន្យាថា « តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ... នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្តី​ទាំងអស់ » ។14

នៅក្នុងព្រះគម្ពីរមរមន ពេលនិយាយពីគោលលទ្ធិរបស់ព្រះគ្រីស្ទ នីហ្វៃ បាន​ប្រកាសថា ព្រះវិញ្ញាណបរិសុទ្ធ « ធ្វើ​ទីបន្ទាល់អំពីព្រះវរបិតា និង អំពីព្រះរាជបុត្រា » ។15

ពិតណាស់ថា ស្របទៅតាមឆន្ទៈរបស់ព្រះ នោះ​អំណាច ឬ អនុភាពនៃព្រះវិញ្ញាណបរិសុទ្ធ អាច​ទទួល​អារម្មណ៍​​ដឹងម្តងម្កាល ដោយនរណាម្នាក់ ដែល​មិនរើសថា ជាមនុស្សនៃសាសនាណាឡើយ ។ ប៉ុន្តែ​កម្រិតដ៏ពេញលេញ ឬ ​អំណោយនៃព្រះវិញ្ញាណ​បានមក តែបន្ទាប់ពីមនុស្សម្នាក់បានទទួល ដោយ​ « ចិត្តសង្រេង និង វិញ្ញាណ​ទន់ទាប » 16នូវ​​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក និង អំណោយ​នៃព្រះវិញ្ញាណបរិសុទ្ធ17ដោយការដាក់ដៃលើប៉ុណ្ណោះ ។ ពិធីបរិសុទ្ធពិសិដ្ឋ​ទាំងនេះ និង ពិធីបរិសុទ្ធ​ផ្សេងទៀត អាច​ត្រូវបានធ្វើឡើងក្រោមការដឹកនាំ និង អំណាចនៃបព្វជិត​ភាព​ នៃព្រះ​ប៉ុណ្ណោះ។ យើងត្រូវបានបង្រៀន​​អំពី​រឿង​នេះ​ថា៖

« ហើយបព្វជិតភាពដ៏ធំជាង ចាត់ចែងដំណឹងល្អ ហើយ​កាន់​កូនសោ​នៃ​សេចក្តី​អាថ៌កំបាំង​ទាំង​ឡាយ​នៃនគរ គឺជា​កូនសោនៃចំណេះវិជ្ជាពី​ព្រះ ។

« ហេតុដូច្នេះហើយ នៅក្នុងពិធីបរិសុទ្ធទាំងឡាយ​នៃ​បព្វជិតភាព​ដ៏​ធំ​ជាង​នេះ នោះអំណាច​នៃ​ព្រះត្រូវបានសម្តែងឲ្យឃើញ » ។ 18

ដោយការ​យល់​ដឹង​នេះ គោលលទ្ធិរបស់ព្រះវរបិតា និង ព្រះរាជបុត្រា គឺជា​គោលលទ្ធិនៃគ្រួសារ ដ៏អស់កល្បជានិច្ច ។ មនុស្សលោកគ្រប់រូប បានរស់នៅកាល​ពីមុនមក​ជាមួយមាតាបិតាសួគ៌ 19ជាបុត្រវិញ្ញាណ ជាមួយ​ព្រះគ្រីស្ទជាបុត្រដំបូងរបស់ព្រះវរបិតា នៅក្នុង​ក្រុម​គ្រួសារ​សួគ៌ានេះ ។ 20

​ដូច្នេះគឺយើងរាល់គ្នា​ ។ យើងគឺជាបុត្ររបស់ព្រះវរបិតាសួគ៌យើង ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ដែល​មាន​ការ​យល់ដឹង​​ដោយ​ការព្យាករណ៍​ បានមានប្រសាសន៍ថា « ពេល​យើង​ឆ្លងកាត់​វាំងនន ទៅឯម្ខាងទៀត នោះ​គ្មានអ្វីដែលនឹងធ្វើឲ្យយើងភ្ញាក់ផ្អើល​​ជាង​ការដឹងថា យើង ស្គាល់ព្រះវរបិតាយើងយ៉ាងច្បាស់ [ នៅស្ថានសួគ៌ ] ហើយថាយើង​ស្គាល់ព្រះភ័ក្ត្រទ្រង់​ច្បាស់​​នោះទេ »។ 21

ខ្ញុំបានដឹងថា គ្មាន​ភាសារបស់មនុស្សណាដែលអាចបញ្ចុះបញ្ចូល​ឲ្យ​ជឿ​នូវ​រឿង​ទាំង​នោះ​ ក្រៅ​ពី ព្រះវិញ្ញាណបរិសុទ្ធ និង អំណាចរបស់ព្រះបើក​សម្ដែង​ឲ្យ​ស្គាល់​នោះ​ឡើយ ។ ដោយ​នូវ​ព្រះវិញ្ញាណ​នេះ ខ្ញុំសូមថ្លែងទីបន្ទាល់ និង ធ្វើ​ជា​សាក្សីយ៉ាង​ឧឡារិក​អំពី​ភាពពិត ភាពជិតស្និត និង សេចក្តីល្អ​នៃព្រះវរបិតាសួគ៌ដ៏អស់កល្ប ព្រមទាំងព្រះរាជបុត្រាដ៏​បរិសុទ្ធទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង​ព្រះនាមនៃ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។