ឆ្នាំ ២០១០-២០១៩
នាំ​ដំណឹងល្អ​ទៅ​​កាន់​ពិភពលោក​ទាំង​មូល
ខែ មេសា 2013


នាំ​ដំណឹងល្អ​ទៅ​កាន់​ពិភពលោក​ទាំង​មូល

សាសនាចក្រ បាន​ផ្លាស់​ប្រែ​យ៉ាងម៉ឺងម៉ាត់​ទៅ​ទូទាំង​ពិភពលោក​ ចាប់ពី​សាសន៍​មួយ​ទៅ​សាសន៍​មួយ​ ពី​វប្បធម៌មួយ​ទៅ​វប្បធម៌​មួយ​​ពី​ប្រជាជន​មួយ​ទៅ​ប្រជាជន​មួយ តាមកាលកំនត់ និង ​ពេល​វេលា​របស់​ព្រះ​អម្ចាស់ ។

ការ​បម្រើ​នៅក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ត្រូវ​បាន​បញ្ចប់ ។ ការ​រង​ទុក្ខ​របស់​ទ្រង់​នៅ​ក្នុង​សួន​ច្បារ​កេតសេម៉ានី និង នៅ​លើ​ឈើ​ឆ្កាង​បាន​កន្លង​ផុត ។ យើង​បាន​រៀន​​​គម្ពីរ​កិច្ចការ 1 ​ថា ៖ ទ្រង់​បាន​បម្រើ​អស់​រយៈ​ពេល 40 ថ្ងៃ បន្ទាប់​ពី​ការ​រស់​ឡើង​វិញ​របស់​ទ្រង់ ពួក​សាវក « បាន​ឃើញ » ហើយ « សម្ដែង​ពី​អស់​ទាំង​សេចក្ដី​ខាង​នគរ​ព្រះ … » ( កិច្ចការ 1:3 ) ។

ទ្រង់​បាន​ប្រាប់​ពួកគេ​ថា « ប៉ុន្តែ​កាល​ណា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នករាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្ដា​ ហើយ​នឹង​ធ្វើ​ជា​ទីបន្ទាល់​ពី​ខ្ញុំ នៅ​ក្នុង​យេរូសាឡិម​ ព្រមទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង » ( កិច្ចការ 1:8 ) ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​នោះ « ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ រួច​មាន​ពពក​មក​បំបាំង​ទ្រង់​ពីភ្នែក​គេ ។

« ហើយក្នុងពេលដែល​គេកំពុង​ងើយ​សម្លឹង​មើល​ទៅ​លើ​មេឃ​ក្នុង​កាល​ដែល​ទ្រង់​យាង​ទៅ នោះ​ឃើញ​មាន​​ពីរ​នាក់ ស្លៀក​ពាក់​ស​ឈរ​នៅ​ជិត​

« និយាយ​ថា ពួក​អ្នក​ស្រុក​កាលីឡេ​អើយ ហេតុ​អ្វី​បាន​ជា​ឈរ​ងើយ​មើល​ទៅ​លើ​មេឃ​ដូច្នេះ ព្រះ​យេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នករាល់​គ្នា ឡើង​ទៅ​លើ​ស្ថាន​សួគ៌ ទ្រង់​នឹង​យាង​មកវិញ តាម​បែប​ដដែល​ដូច​ជា​អ្នករាល់គ្នា​បាន​ឃើញ​ទ្រង់​ទៅ​នោះ​ដែរ » ( កិច្ចការ 1:9--11 ) ។

ពិត​ណាស់ ព្រះ​អង្គសង្គ្រោះ នឹង​យាង​មក​ម្ដង​ទៀត​នៅ​ក្នុង​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ប៉ុន្តែ​ក្នុង​ពេលជាមួយគ្នានោះ ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ត្រូវ​ទៅ « ​​រហូត​ដល់​ចុង​ផែនដី​បំផុត » ។

យើង​បាន​រៀន​មក​ពី​គម្ពីរ​ម៉ាថាយ​អំពី​បញ្ញត្តិ​ពិសេស​មួយ​ចំពោះ​ពួកសាវក ដើម្បី​នាំ​ដំណឹងល្អ​ទៅ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ៖

« ឯ​ព្រះ​យេស៊ូវ ទ្រង់​យាង​មក​មាន​បន្ទូល​នឹង​គេ​ថា គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថាន​សួគ៌ ហើយ​លើ​ផែនដី​ផង ។

« ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹកឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះវរបិតា ព្រះរាជ​បុត្រា នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ( ម៉ាថាយ 28:18–19 ) ។

ក្នុងអំឡុង​ជំនាន់​សាសនាចក្រ​ដើម​ដំបូង នៅ​ក្នុងកាល​ដ៏​ខ្ពង់​ខ្ពស់​បំផុត ដំណឹង​ល្អ​ត្រូវ​បាន​នាំ​ទៅ​កាន់តែ​​កូន​ចៅ​អ៊ីស្រាអែល​​ប៉ុណ្ណោះ បន្ទាប់​មក​ ​វិវរណៈ​ត្រូវបានផ្ដល់​ទៅ​ដល់​ពេត្រុស​ជា​សាវក​ច្បង​ថា ដល់​ពេល​ដែល​ដំណឹងល្អ​ត្រូវ​នាំ​ទៅ​កាន់សាសន៍​ដទៃ ក្រៅ​ពី​សាសន៍​អ៊ីស្រាអែលហើយ ។ ជំពូក​ទី 10 និង ទី 11 នៃ​គម្ពីរ​កិច្ចការ ជួយ​យើង​ឲ្យ​យល់​អំពី​ដំណើរការ និង គំរូ ដែលការ​ពង្រីក​សាសនាចក្រ​​នេះ​ចាំបាច់​ត្រូវធ្វើ​ឡើង ដើម្បី​ឲ្យ​កូន​ចៅ​របស់​ព្រះ​បាន​ដឹង​កាន់​តែ​ច្រើន អំពី​អ្នក​កាន់​តំណែង​ជា​អធិបតី និង សមាជិក​ភាព​ទូទៅនៃ​សាសនាចក្រ ។​

ព្រះអម្ចាស់​បាន​ជួយ​ឲ្យ​ពេត្រុស​យល់ថា តាមរយៈកូនេលាស ដែល​ជា​សាសន៍​ដទៃ ជា​មេទ័ព និង​ជា​បុរស​ល្អ​ម្នាក់ ថាដំណឹងល្អ​នឹង​នាំ​ទៅ​កាន់​ពួក​សាសន៍​ដទៃ ដែល​វា​ជា​គំនិត​ថ្មី និង ចម្លែក​មួយ​ចំពោះ​ពួក​បរិសុទ្ធ​ជំនាន់​នោះ ។ វិវរណៈ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​នៅ​ក្នុង​កិច្ចការ​របស់​សាសនាចក្រ ដែល​ប្រគល់ទៅ​ដល់​ពេត្រុស ជាសាវកច្បង ។ យើង​ដឹង​ថា ពេល​នោះ​ដំណឹងល្អ​បាន​នាំ​ទៅកាន់​សាសន៍​ជាច្រើន​នៃ​ពួក​សាសន៍​ដទៃ​​យ៉ាង​លឿន ។

ឧទាហរណ៍​មួយ​នៃ​ការ​ពង្រីក​សាសនាចក្រ​នៅ​គ្រា​នោះ គឺ​ការ​ផ្លាស់​ប្រែ​ចិត្ត​ជឿ​របស់​ប៉ុល ដែល​ក្លាយ​ជា​សាវក​ដ៏​អស្ចារ្យ​ចំពោះ​ពួក​សាសន៍​ដទៃ ។ គាត់​មាន​ការ​និមិត្ត​មួយ ខណៈ​ពេល​នៅ​តាម​ដង​ផ្លូវ​ទៅ​កាន់ក្រុង​ដាម៉ាស ដែល​គាត់​បាន​ឃើញ​ពន្លឺ​ ហើយ​បាន​ឭ​សម្លេងមួយ គាត់​បាន​ប្រែចិត្ត​ពី​អំពើបាប​របស់គាត់ ហើយ​ត្រូវ​បាន​ហៅ​ដោយ​ព្រះ (សូមមើល កិច្ចការ 22:6–18) រួច​ហើយ​ក្លាយជា​ឥទ្ធិពល​មួយ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ការ​ផ្សាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ឥឡូវ​នេះ ចូរ​យើង​គិត​អំពី 1800 ឆ្នាំ​បន្ទាប់​ពី​គ្រា​នោះ មក​គ្រា​នៃ​ការ​ស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ឬ ការតាំង​របស់​ទាំង​អស់​ឡើងវិញ មុន​ពេល​ការ​យាង​មក​ជា​លើក​ទីពីរ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ សាសនាចក្រ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ហើយ​បន្ដ​រំកិល​ឆ្ពោះ​ទៅ​មុន​ក្រោម​ការ​ដឹកនាំ​របស់​គណៈ​ប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ បញ្ញត្តិ​ដល់​​ពួកលោក ដើម្បី​នាំ​ដំណឹងល្អ​ទៅ​កាន់​ពិភពលោក គឺ​ដូច​គ្នា​នឹង​ពួក​សាវក​ជំនាន់​បុរាណ ។

ចាប់​តាំង​ពី​គ្រា​នៃ​ការ​រៀបចំ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅ​ឆ្នាំ 1830 សាសនាចក្រ បាន​ផ្លាស់​ប្រែ​យ៉ាងម៉ឺងម៉ាត់​ទៅ​ទូទាំង​ពិភពលោក​ ចាប់ពី​សាសន៍​មួយ​ទៅ​សាសន៍​មួយ​ ពី​វប្បធម៌មួយ​ទៅ​វប្បធម៌​មួយ​ ពី​ប្រជាជន​មួយ​ទៅ​ប្រជាជន​មួយ តាមកាលកំនត់ និង ​ពេល​វេលា​របស់​ព្រះ​អម្ចាស់ ។

បន្ទាប់មក​ក្នុង​ឆ្នាំ 1978 បន្ទាប់ពី​គំរូនៃ​វិវរណៈ​បាន​បង្កើត​ឡើង​តាមរយៈ​សាវក​ច្បង គ្រា​នេះ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ទទួល​វិវរណៈ​ស្ដី​អំពី​បព្វជិតភាព​ ដែល​អនុញ្ញាត​ឲ្យ​បុរស​ដែល​មានភាព​សក្ដិសម​ទាំងអស់​នៅ​ទូទាំង​ពិភព​លោក ទទួល​បាន​បព្វជិតភាព និង ជួយ​ដល់​គ្រួសារ​របស់​ពួកគេ និង អ្នកដទៃ​ទៀត​ឲ្យ​ទទួល​គ្រប់​ពរជ័យ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ គ្រានេះ មិន​គ្រាន់​តែបន្ថែម​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កូន​ចៅ​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​នៅ​លើ​ពិភព​លោក អាច​ទទួល​នូវ​គ្រប់​​ពរជ័យ​នៃ​ដំណឹងល្អ ។ នេះ​ជា​សកម្មភាព​ដ៏​សមរម្យ​បំផុត​នៃ​នគរ​របស់​ព្រះនៅ​លើ​ផែនដី​ក្នុង​ជំនាន់​នៃ​ការ​យាង​មកជា​លើក​ទី​ពីរ​​របស់​ព្រះគ្រីស្ទ​ ដែល​នឹង​មក​ដល់ ។

ចេញពីបទពិសោធន៍ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ត្រូវ​បាន​ហៅ​ជា​ប្រធាន​បេសកកម្ម រួច​ហើយ​ ស៊ីស្ទើរ ឌិកសុន ​និង ខ្ញុំ​ហៀប​នឹង​នាំ​គ្រួសារ​របស់​យើង​ទៅ​ប្រទេស​ម៊ិកស៊ីកូ នៅពេល​អែលឌើរ រីឆាដ ជី ស្កត ដែល​គ្រានោះ​គាត់​ជា​សមាជិក​នៃ​ពួក​ចិត​សិប​នាក់ បាន​ប្រាប់​ខ្ញុំ​អំពី​ការ​ទទួល​បាន​នូវ​វិវរណៈ​ពិសេស​នេះ ។ ខ្ញុំ​ចាំ​ថា ខ្ញុំមានទឹកភ្នែករលីងរលោង នៅពេល​គាត់​បាន​រៀបរាប់​ប្រាប់​ខ្ញុំ​អំពី​អ្វី​ដែល​បាន​កើត​ឡើង ។ ខ្ញុំ​សប្បាយ​ចិត្ត​រក​ពាក្យ​ថ្លែង​ពុំ​បាន នៅពេល​ខ្ញុំ​ដឹង​ថា​វា​ជា​ការ​ត្រឹមត្រូវ ហើយគ្រា​នោះ​បាន​មក​ដល់​សម្រាប់​ជាតិសាសន៍​ទាំងអស់ ដើម្បី​អាច​ទទួល​បាន​នូវ​គ្រប់​ពិធីការ គ្រប់​សេចក្ដីសញ្ញា និង គ្រប់​ពរជ័យ​នៃ​ដំណឹងល្អ ។

នោះ​គឺជិត​​ 35 ឆ្នាំ​កន្លង​ទៅ​ហើយ ហើយ​ពេល​នោះ​ខ្ញុំ​ពុំ​ដឹង​ថា ខ្ញុំ​នឹង​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​​បម្រើ​​នៅ​ក្នុង​ពួកចិតសិបនាក់​​ក្នុងសាសនា​ចក្រ​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច ក្នុង​ចំណោម​ប្រជាជន​ដែល​មាន​ជំនឿ ស្មោះត្រង់ ដែលជីវិត​ពួកគេ​ទទួល​អានុភាព​យ៉ាង​ខ្លាំង​ដោយ​វិវរណៈ​ស្ដី​អំពី​បព្វជិតភាព​ក្នុង​ឆ្នាំ 1978 នោះ​ឡើយ ។ ស៊ីស្ទើរ ឌិកសុន និង ខ្ញុំបាន​រស់នៅ​ទី​នោះ​រយៈ​ពេលបួន​ឆ្នាំ ហើយ​មានបទពិសោធន៍​យ៉ាង​អស្ចារ្យ ហើយ​បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​យើង ។

ពួកគេគឺជាប្រជាជន​អាហ្វ្រិក​ខាងលិច​ជឿ​លើ​ព្រះ គឺជា​ប្រជាជន​មួយ​ដែល​ពុំ​មាន​ការ​ខ្មាស់​អៀន​សោះ​ក្នុង​ការ​ប្រកាស និង ចែកចាយ​ជំនឿ​របស់​ពួកគេ​ជាមួយ​អ្នក​ដទៃ ហើយ​មាន​សមត្ថភាព​ជា​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ ។ ពួកគេ​ផ្លាស់​ប្រែ​ចិត្ត​ជឿ​លើ​សាសនាចក្រ​រាប់​រយ​នាក់យ៉ាង​ឆាប់​រហ័ស ហើយ​វួដ ឬ សាខា​ចំនួន​ពីរបី​នឹង​បង្កើត​ឡើង​ជា​រៀង​រាល់​សប្ដាហ៍ នៅ​កន្លែង​ណាមួយ​ក្នុង​តំបន់អាហ្វ្រិក​ខាង​លិច ហើយ ស្ទើរ​គ្រប់​ករណីទាំងអស់ ​មានភាព​ជា​​អ្នក​ដឹកនាំ​បព្វជិតភាព និង អ្នកដឹកនាំ​អង្គការ​ជំនួយ​ក្នុង​គ្រប់ជន ជាតិ​​អាហ្វ្រិក ។

ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​អ្នក​រាល់​គ្នា​អាច​ចូលរួម​នឹង​ពួកបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​នៅ​ អាបា នីហ្សេរីយ៉ា ឬ អាក្រា ហ្គាណា ជា​កន្លែង​ដែល​អ្នក​នឹង​ទទួល​អារម្មណ៍​ដឹង​ពី​ការ​តាំងចិត្ត​របស់​ពួកបរិសុទ្ធ ហើយចង់​ឲ្យ​អ្នក​​បាន​ស្គាល់​គណៈ​ប្រធាន​ព្រះវិហារបរិសុទ្ធ​អាហ្វ្រិក​ទាំងអស់ ។ ឬ ខ្ញុំ​ចង់​ថា​ខ្ញុំ​អាច​ណែនាំ​ឲ្យ​អ្នក​ស្គាល់​ពួកចិតសិបនាក់​ជនជាតិ​អាហ្រ្វិក ដែល​បាន​ចូលរួម​នឹង​យើង​នៅ​ទី​នេះ​ ក្នុង​មជ្ឈមណ្ឌល​សន្និសីទ​នា​ថ្ងៃ​នេះ និងចង់​ណែនាំ​ឲ្យ​ស្គាល់​​មេធាវី សាស្ត្រាចារ្យ និង អ្នក​គ្រប់​គ្រង​អាជីវកម្ម ឬ ឲ្យ​អ្នក​ស្គាល់​អ្នកដឹកនាំ​ស្ដេក និង វួដអាហ្វ្រិក និង​ គ្រួសារពួកគេណាស់​ ។

នៅទូទាំង​អាហ្វ្រិក​ ពេល​ចូលរួម​ក្នុង​ថ្នាក់សាលា​ថ្ងៃ​អាទិត្យ ថ្នាក់​អង្គការ​ជំនួយ ឬ ថ្នាក់​បព្វជិតភាព គឺ​ជា​បទពិសោធន៍​ពិសិដ្ឋ​មួយ ដោយសារ​​ពួកគេ​ធ្វើ​តាម​កម្មវិធី​សិក្សា​របស់​សាសនាចក្រ ហើយ​មាន​ការ​យល់ដឹង​អំពី​ដំណឹង​ល្អ​យ៉ាង​ល្អ មាន​ការ​បង្រៀន និង ការ​រៀនសូត្រ​ដោយ​ព្រះវិញ្ញាណ ។

ដំណឹងល្អ​នៅ​ក្នុង​អាហ្វ្រិក កំពុងចែករំលែកទៅ​កាន់​ប្រជាជន​រីករាយ​មួយ ហើយ​ពុំ​មាន​ការ​បារម្ភ​អំពី​អាការៈ​ខាង​ក្រៅ ដែល​មនុស្ស​ភាគ​ខាង​លិច​ជាច្រើន​កំពុង​រង​ឥទ្ធិពល​នោះ​ឡើយ ។ ពួកគេ​ពុំ​ខ្វល់​អំពី ការ​មាន​ទ្រព្យ​សម្បត្តិ​ខាង​សម្ភារ​ដោយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ​ទេ ។

មាន​ពាក្យ​ស្លោក​អំពីជនជាតិ​អាហ្វ្រិក​ថា ពួកគេ​មាន​តិច​នូវ​អ្វី​ដែល​ពុំ​សូវ​សំខាន់ ហើយ​មាន​យ៉ាង​ច្រើន​នូវ​អ្វី​ដែល​សំខាន់​បំផុត ។ ពួកគេ​ពុំ​សូវ​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​ផ្ទះធំ​ស្កឹមស្កៃ និង ឡាន​ទំនើបៗ​ទេ ប៉ុន្តែ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ចង់​ដឹង​អំពី​ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រា​ទ្រង់ ព្រះ យេស៊ូវ​គ្រីស្ទ ហើយ​នឹង​ការ​មាន​ក្រុម​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច ។ ជា​លទ្ធផល​នៃ​ជំនឿ​របស់​ពួកគេ ព្រះអម្ចាស់​កំពុង​លើក​ពួកគេ​ឡើង​ទៅ​លើ​ផ្លូវ​ដ៏​សំខាន់ ។

នៅ​ពេលអ្នក​​ស្គាល់​ពួកគេ​ ដូចជា​ពួក​ខ្ញុំ យើង​ពុំ​ភ្ញាក់​ផ្អើល​ទេ ដែល​ថា ពួកគេ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ពង្រីក​សាសនាចក្រនៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ។ នៅពេល​ដានីយ៉ែល ដែល​ជា​ព្យាការី​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ បាន​​មើល​ឃើញ​នគរ​របស់ព្រះ​នៅ​ថ្ងៃ​ចុង​ក្រោយថា « រមៀ [ ល ] ​ចេញ​ទៅ​ដល់​ទី​បំផុត​ផែនដី ដូចជា​ថ្ម​ដែល​ដាប់​ផ្ដាច់​ចេញ​ពី​ភ្នំ ឥត​ដៃ​ណា​ធ្វើ នឹង​រមៀល​ចេញ​ទៅ រហូត​ដល់​បាន​ពេញ​ផែនដី​ទាំង​មូល » (គ. និង ស. 65:2 ) ។ គឺត្រឹម​ត្រូវ​ណាស់ ដែល​បងប្អូន​ប្រុសស្រី​ជនជាតិ​អាហ្វ្រិក​​ដ៏​អស្ចារ្យ​របស់​យើង នឹង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​បំពេញ​នូវ​ការ​ព្យាករណ៍​នោះ ហើយ​វិវរណៈ​ទាំង​នោះ កើត​​មាន​ដូច្នោះ ដើម្បី​នឹង​ធ្វើ​តាម​គំរូ​ដែល​បាន​ស្ថាបនា​ឡើង​របស់​ព្រះអម្ចាស់ ។

ខ្ញុំ​ថ្លែង​ទី​បន្ទាល់​ថា ព្រះវរបិតាសួគ៌​របស់​យើង ស្រឡាញ់​កូន​ចៅ​ទាំងអស់​របស់​ទ្រង់ ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះ​គ្រីស្ទ ហើយ​ថា​ដំណឹងល្អ​គឺ​មាន​សម្រាប់​មនុស្ស​គ្រប់រូប ទាំង​អ្នក​នៅ​រស់ និង មរណជន នៅ​ក្នុង​ព្រះនាមព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។