ឆ្នាំ ២០១០-២០១៩
មាគ៌ារបស់ព្រះអម្ចាស់
ខែ មេសា 2013


ផ្លូវរបស់ព្រះអម្ចាស់

មាគ៌ារបស់ព្រះអម្ចាស់គឺថា យើងស្តាប់តាមការបង្រៀនរបស់អ្នក​ដឹកនាំ​យើង យល់​ដឹង​គោលការណ៍ឲ្យ​ត្រឹមត្រូវ ហើយគ្រប់គ្រងលើខ្លួនយើង ។

ពួកចិតសិបនាក់

ខ្ញុំបានបម្រើជាសមាជិកម្នាក់នៃពួកចិតសិបនាក់ ។ ពួកចិតសិបនាក់ត្រូវហៅជាសារទូត—ដើម្បីចែករំលែកព្រះបន្ទូលព្រះ ខណៈដែលយើងទទួលព្រះបន្ទូលនោះពីពួកសាវក និងពួកព្យាការី និងព្រះវិញ្ញាណ ហើយជាពិសេស ជាសាក្សីនៃព្រះនាមរបស់ព្រះគ្រីស្ទ នៅក្នុងការផ្សព្វផ្សាយដំណឹងល្អ ទូទាំងពិភពលោក នៅក្នុងការស្ថាបនា និងរៀប​ចំ​កិច្ច​ការ​ក្នុង​សាសនា​ចក្រ ( សូមមើល គ.​ និង​ ស. 107:25, 34 ) ។

កសិករក្មេងម្នាក់

ខ្ញុំបានធំឡើងនៅស្រុកស្រែមួយក្បែរក្រុង ប៊ឺលី រដ្ឋ អៃដាហូ—« កសិករក្មេងរដ្ឋអៃដាហូម្នាក់ ! » នាម​ជាកសិករក្មេង ខ្ញុំបានរៀនដឹងថា ៖

  1. ដើម្បីធ្វើការគឺ​ថា—ប្រសិនបើអ្នកមិនដាំ នោះអ្នកនឹងមិនបានផលផ្លែឡើយ ។

  2. ធ្វើការដោយវាងវៃគឺ​ថា—ប្រសិនបើអ្នកស្រោចទឹក និងដាក់ជី នោះអ្នកបាន​ផលកាន់តែច្រើន ។

  3. សារៈសំខាន់នៃ​ការចេះ​លៃ​លក​ពេលវេលាគឺ​ថា​—ប្រសិនបើអ្នកមិនដាំនៅ​ពេល​ត្រឹម​ត្រូវ នោះកំណក​អាច​​បំផ្លាញផល​បាន ។

  4. ដើម្បីធ្វើអ្វីដែលចាំបាច់ ឬ ត្រូវតែបានធ្វើ​ ថ្វីបើជាអ្វីដែលគាប់ចិត្ត ពេញចិត្ត ​ឬចាំបាច់ក៏ដោយ—អ្នកច្របាច់យកទឹកដោះគោ នៅពេលដែលគោនោះមាន​ទឹក​ដោះ​ឲ្យ​ច្របាច់ គឺ​មិនមែនច្របាច់​ទឹក​ដោះ​គោ​ នៅ​ពេល​ណា​អ្នក​ចង់​ច្របាច់យក​ទឹក​ដោះ​គោ​នោះឡើយ ។

  5. ដោយចំៗ—ជាមួយនឹងគោ ក្របី ឬម៉ាស៊ីន អ្នកពុំមានពេលវេលាដើម្បីនឹង « រុញរា រអាក់រអួល » ឬនឹងខ្វល់ខ្វាយថា​ត្រូវ​ធ្វើ​តាមមធ្យោបាយ​ណា​​ឡើយ ។ ( ដោយ​ក្តីកោត​គោរព ក្នុងពេលខ្ញុំបានបម្រើនៅក្នុងសាសនាចក្រ ​ជា​ញឹកញាប់ខ្ញុំ​បាន​សួរ​ថា ៖ « តើអ្នកចង់ឲ្យនិយាយចំៗ​ឬ​និយាយ​ជា​ប្រយ៉ោល ? » តាមវិន័យ ពួកបរិសុទ្ធ​បាន​ជ្រើស​យក « ចំៗ ! » ខ្ញុំនឹងនិយាយ​ឲ្យ​ចំៗ​ថ្ងៃនេះ ។ )

  6. ទីបំផុត ក្នុង​នាម​ជាកសិករក្មេងម្នាក់នៃរដ្ឋ អៃដាហូ ខ្ញុំ​បាន​រៀន​ប្រកាន់​ខ្ជាប់​ទៅ​នឹង​បទដ្ឋាន​យ៉ាង​ចាំបាច់​មួយ​ចំនួន ។

គ្មានអ្វីដែលចាំបាច់ចំពោះយើងរាល់គ្នា ហើយនិងគោលលទ្ធិរបស់យើង ជាជាងការ​ពិត​នៃ​មាត្រានៃ​សេចក្តីជំនឿទីមួយថា​ ៖ « យើងខ្ញុំជឿដល់ព្រះ គឺព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ច និង​ដល់​ព្រះ​រាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ហើយដល់ព្រះវិញ្ញាណបរិសុទ្ធ » ( មាត្រានៃសេចក្តីជំនឿ 1:1 ) ។

បន្ថែមទៀត ទ្រង់គឺជាព្រះវរបិតាសួគ៌ របស់យើង ទ្រង់​ស្គាល់យើង ស្រឡាញ់យើង ហើយចង់ឲ្យយើងត្រឡប់ទៅឯទ្រង់វិញ ។ ​ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះ របស់យើង ដែលតាមរយៈដង្វាយធួន បានបង្ហាញ​​ច្បាស់​ចំពោះ​​យើងថា យើងអាច​យក​ឈ្នះលើសេចក្តីស្លាប់ ហើយ​រស់ឡើង​វិញ​ម្តងទៀត និងឲ្យ យើង ត្រូវបានដំកើងឡើង និងមានជីវិតដ៏អស់កល្បជានិច្ច ។ ព្រះវិញ្ញាណគឺជាព្រះ ព្រះដ៏​ជា​ជំនួយ ព្រះបើកបង្ហាញវិវរណៈ ព្រះថ្លែងទីបន្ទាល់ និងព្រះដឹកនាំរបស់​យើង ។​​

សូមគិតមើលចុះ បងប្អូនប្រុសស្រីអើយ—យើងពុំមែនជាបុត្រកំព្រាខាងវិញ្ញាណទេ ! យើង​មិន​នៅឯកោរទេ ។

តើមានមាតាបិតា—ដោយពុំមែនជាក្មេងកំព្រា មានអត្ថប្រយោជន៍យ៉ាងណាខ្លះ ? យើងអាចរៀនពីពួកគាត់ ទទួលអត្ថប្រយោជន៍ពីបទពិសោធន៍ពួកគាត់ ចៀសវាងពីការធ្លាក់ចុះក្នុងរណ្តៅដែលពួកគាត់ហាមឃាត់យើង ហើយយល់កាន់តែច្បាស់ពី ទិដ្ឋភាពរបស់វា ។ យើងមិនចាំបាច់វង្វេង ស្មុគស្មាញ ត្រូវបានបញ្ឆោត ឬ បាត់​បង់​ប្រសិទ្ធភាពនោះឡើយ ។ ជាពិសេសនេះគឺជា​ការ​ពិត នៅ​ក្នុង​គម្រោង​របស់​ព្រះ​វរបិតា​សួគ៌​យើង ដែលបាន​បង្រៀនយើង​ ដែល​បង្ហាញដល់យើងថា វាពុំត្រឹមតែជាផ្លូវប៉ុណ្ណោះទេ ប៉ុន្តែជាផ្លូវតែ​មួយ​គត់

ព្រះមានមាគ៌ា​ទ្រង់

តាមពិត ព្រះអម្ចាស់មានរបៀបដើម្បី​រស់នៅ1 ស្រឡាញ់2 ជួយ3អធិស្ឋាន4 និយាយ5 ទំនាក់​ទំនងគ្នា6 ដឹកនាំ7 រៀបការ8 ចិញ្ចិមបីបាច់កូនចៅ9 រៀនសូត្រ10 ស្គាល់​សេចក្ដីពិត11 ចែកចាយដំណឹងល្អ12 ត្រូវ​ជ្រើស​រើស​បរិភោគ​អាហារ​ដោយ​ឈ្លាស​វៃ13 ។ ល ។

អមជាមួយនឹងព្រះគម្ពីរ មានប្រភព​ដ៏ធំជា​ច្រើន សម្រាប់​ការ​ស្វែង​រក​មាគ៌ា​របស់​ព្រះ​អម្ចាស់​នៅ​ក្នុង​សៀវ​ភៅ ពិត​​​​ចំពោះសេចក្តីជំនឿ កូនសៀវភៅដើម្បី​កម្លាំងនៃយុវជន និង​ការ​បង្រៀន​ដទៃទៀត​របស់​ពួក​ព្យាការី​ និង​ពួក​សាវក​នៅ​​រស់ ។

  1. ជាឧទាហរណ៍ ព្រះអម្ចាស់​បានបង្រៀនយើងក្នុងព្រះគម្ពីរថា ៖ « ត្បិត​គំនិតយើង​មិន​មែន​ដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់យើង​ដែរ ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា « ត្បិត​​ដែល​ផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាង​ណា នោះអស់ទាំងផ្លូវរបស់អញ ខ្ពស់​ជាង​ផ្លូវ​របស់​ឯង​យ៉ាង​នោះដែរ » (អេសាយ 55:8–9 ) ។

  2. ទង្វើយ៉ាងអាក្រក់មួយនៅក្នុងថ្ងៃ​ចុងក្រោយនេះ គឺថា « មនុស្ស​គ្រប់​រូប​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​គេផ្ទាល់ » (គ. និង​ស. 1:16 ) ។ នៅ​ក្នុង​សុភាសិត​បាន​ព្រមាន​យើង​ថា « កុំឲ្យពឹងផ្អែកលើយោបល់ខ្លួន​ឯង​ឡើយ » និង « កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ » ( សូមមើលសុភាសិត 3:5–7 ) ។

  3. យើងត្រូវបានបង្រៀនថា ប្រសិនបើយើងធ្វើអ្វីៗតាមរបៀបរបស់ព្រះអម្ចាស់ ទ្រង់​ជាប់​សន្យា​នឹង​ប្រទាន​ពរ​ដល់​យើង យើងអាចទទួលសេចក្តីសន្យារបស់ទ្រង់ ហើយបើពុំធ្វើ​តាម​ផ្លូវរបស់ទ្រង់ទេ យើងគ្មានសេចក្តីសន្យាឡើយ ( សូមមើល គ. និង ស. 82:10 ) ។

  4. ព្រះអម្ចាស់ប្រៀបធៀបមាគ៌ារបស់ទ្រង់​ជាមួយ​នឹង​ផ្លូវ​របស់​យើង នៅ​ក្នុង​ការ​បំពាក់​បំប៉នរបស់​ទ្រង់ចំពោះ​ព្យាការី សាំយូអែល ដែលត្រូវបានបញ្ជូនឲ្យ​ទៅស្វែងរកស្តេចថ្មី ៖ « តែព្រះទ្រង់មានបន្ទូលថា កុំ​ឲ្យ​មើល​តែ​ឫកពា​ខាងក្រៅ​ ឬកំពស់ខ្លួននោះឡើយ ត្បិតអញមិនទទួលអ្នកនេះទេ ពី​ព្រះ​ទ្រង់​មិន​ទត​ចំពោះ​សេចក្តី​ដែលមនុស្សលោក​ពិចារណា​មើលទេ ឯមនុស្សលោកតែងមើលតែឫកពារខាង​ក្រៅប៉ុណ្ណោះ តែព្រះទ្រង់ទតចំពោះក្នុងចិត្តវិញ » (សាំយូអែលទី 1 16:7 ) ។

  5. សូម្បី​តែជាមួយនឹងបំណង​ប្រាថ្នាដែលទទួលស្គាល់ជាសកល ដើម្បីជួយដល់​អ្នកក្រី​ក្រ និងអ្នកខ្វះខាត ព្រះអម្ចាស់យល់​ស្រប​តាម​គោលដៅ​របស់​យើង ប៉ុន្តែបាន​ព្រមានថា « ប៉ុន្តែ​នោះ​ត្រូវ​បាន​សំរេច​តាម​មាគ៌ា​របស់យើង » ( គ. និង​ ស. 104:16 ) ។ បើមិនដូច្នេះទេ​ នៅ​ក្នុង​ការ​ខិតខំដើម្បីជួយរបស់​យើង យើង​អាច​នឹងធ្វើឲ្យ​គេ​ឈឺ​ចាប់​វិញ ។ ព្រះអម្ចាស់បានបង្រៀនយើង​អំពីតម្រូវ​​ការ​ដើម្បី​ជម្រុញឲ្យ​មាន​ការ​ពឹង​ផ្អែក​លើ​ខ្លួនឯង ។ ថ្វីបើយើងអាចជួយក្តី យើងមិនត្រូវផ្តល់ ឬជួយនូវអ្វីដែល​ពួកគេអាច និង​គួរ​ធ្វើ​ដោយ​ខ្លួនគេ​នោះ​ឡើយ ។ គ្រប់ទីណាដែលបានធ្វើបែបនេះ ទីនោះបានរៀននូវការកំជិលដ៏អាក្រក់ ។ ព្រះទ្រង់ពិតជាជ្រាបដឹងមែន ។

ចូរយើងគិតអំពីឧទាហរណ៍ដទៃទៀត។ ព្រះអម្ចាស់មានមាគ៌ាមួយ ដើម្បីធ្វើការផ្សព្វផ្សាយសាសនា ។ ការណ៍នេះ ត្រូវបានប្រមូល​ជា​ក្រមនៅ​ក្នុងព្រះគម្ពីរ និងសៀវភៅ ប្រកាសដំណឹងល្អរបស់យើង ហើយត្រូវបានប្រតិបត្តិ ដូច​បាន​ដឹកនាំដោយព្រះវិញ្ញាណ ។

ព្រះអម្ចាស់មានរបៀប ឬមាគ៌ាទ្រង់ ដើម្បីស្រឡាញ់ ។ អស់អ្នកជារបស់ផងលោកីយ៍ និយាយ​ថាអ្វី​ដែល​​សំខាន់នោះ គឺ​ថាមនុស្សពីរនាក់ចេះស្រឡាញ់គ្នា ។ ព្រះវរបិតា​សួគ៌​យើង​បង្រៀន​ថា​នោះ​ជា​ការសំខាន់ ប៉ុន្តែ ទ្រង់បង្រៀនយើង​ថែម​ទៀតថា ៖ មាន​របៀប និង​ពេលវេលា​ដែល​បាន​អនុញ្ញាត​ ដើម្បី​សម្តែងនូវសេចក្តីស្រឡាញ់នោះ ។

ការគ្រប់គ្រងលើខ្លួនយើង

យ៉ូសែប ស្ម៊ីធបានបង្រៀនតាំងពី​វ័យក្មេងអំពីមាគ៌ារបស់ព្រះអម្ចាស់ ។ នៅ​ពេលគេសួរថា គាត់ដឹកនាំសាសនាចក្រដោយ​របៀប​ណា គាត់បានពន្យល់ថា គាត់​បាន​បង្រៀន​គោលការណ៍​ត្រឹមត្រូវ ហើយសមាជិកគ្រប់គ្រងលើខ្លួនគេ ។14បង​ប្អូន​ប្រុស​ស្រី សាវក និង ព្យាការី​នៅ​រស់​របស់​យើង គឺ​នៅ​តែ​បង្រៀន​គោលការណ៍​ត្រឹមត្រូវ ។ សំណួរ​គឺ​ថា « តើ​យើង​ប្រើ​គោលការណ៍​ទាំងនេះ ដើម្បី​គ្រប់​គ្រង​ខ្លួន​យើង​ដែរ​ឬ​ទេ ? »

រឿងមួយទៀត ដែលយើងត្រូវបានបង្រៀនជាញយៗ គឺ​ដើម្បីរីក​​លូតលាស់​ឡើង​ក្នុង​ទីកន្លែង​ដែល​យើង​បាន​ស្ថាបនា ។ ប៉ុន្តែជួនកាល យើងត្រូវបានល្បួងឲ្យរើទៅកន្លែងថ្មី ដោយគិតថា​កូន​របស់​យើង​នឹងមានមិត្តភក្តិកាន់តែច្រើន និង​មានកម្មវិធីយុវវ័យល្អប្រសើរជាង​ជា​ដើម ។

បងប្អូនប្រុសស្រីអើយ តើយើងពិតជាបាន​គិតអំពីកត្តាចាំបាច់ នៅ​ក្នុង​សេចក្តី​សង្គ្រោះ​ដល់​កូនៗ​របស់​យើង នៅក្នុងសហគមន៍ដែលយើងរស់នៅឬទេ ? ពួកសាវក និងព្យាការី បានបង្រៀនញឹក​ញាប់ថា អ្វីដែលកើតឡើងនៅ​ខាងក្នុងផ្ទះ គឺពិតជាសំខាន់ជាងអ្វីដែលកូនចៅ​របស់​យើង​ប្រឈមមុខនៅ​ខាងក្រៅផ្ទះ ។ របៀប ដែល​យើង​ចិញ្ចឹមបីបាច់កូនៗរបស់យើង គឺរឹត​តែសំខាន់ជាង ទីកន្លែង ដែល​យើង​ចិញ្ចឹម​បីបាច់​ពួកគេ​ទៅទៀត ។

ពិតណាស់​ថា មាននូវកត្តាដទៃទៀត ពាក់ព័ន្ធក្នុងការសម្រេចអំពីទីកន្លែងដើម្បីរស់នៅ ហើយអរគុណណាស់​ ដែល​ព្រះអម្ចាស់នឹងដឹកនាំយើង បើយើងស្វែងរកការបញ្ជាក់ពីទ្រង់ ។

សំណួរមួយទៀតគឺ « តើទីណា​ដែល​មនុស្ស​ត្រូវ​ការ​យើង ? » ខ្ញុំបានបម្រើនៅក្នុង​គណៈប្រធានស្តេក ហ៊ូស្តុន តិចសាស ភាគខាងជើង អស់រយៈ​ពេល​ 16 ឆ្នាំ ។ មនុស្ស​ជាច្រើនបានផ្លាស់​ចូលមក​នៅ អំឡុង​ឆ្នាំនោះ ។ ​ជួន​កាលយើង​ទទួល​ទូរស័ព្ទ​ប្រាប់​ថា មានមនុស្ស​ថ្មី​ផ្លាស់មក ហើយគេ​សួរថា តើវួដណា​មួយល្អជាងគេ​បំផុត ។ ហើយ​មានតែម្តងគត់​នៅក្នុងអំឡុង 16 ឆ្នាំនោះ ដែលខ្ញុំបានទទួលទូរស័ព្ទ​សួរ​ថា « តើ​វួដ​ណា​មួយដែលត្រូវការគ្រួសារល្អ ? តើយើងអាចជួយត្រង់ណាបាន​ ? »

នៅក្នុងឆ្នាំដំបូងនៃសាសនាចក្រ ប្រធាន ព្រិកហាំ យ៉ង់ និង​អ្នក​ដទៃ​ទៀត ​បាន​ហៅ​សមាជិក​ឲ្យទៅកន្លែងណាមួយជាក់​លាក់​ ដើម្បីស្ថាបនាសាសនាចក្រនៅទីនោះ ។ អ្វី​ដែលគួរឲ្យ​អស់​សំណើច​នោះ គឺថា សូម្បីតែ​ឥឡូវ​នេះក្តី យើងមានសមាជិកដ៏ស្មោះស្ម័គ្រនៃសាសនាចក្រគ្រប់ទីកន្លែង ដែលនឹងទៅ តាម​ដែលព្យាការីហៅពួកគេឲ្យទៅ ។ តើយើងពិតជារំពឹងឲ្យប្រធាន ម៉នសុន​ប្រាប់យើងម្នាក់ៗ ​ដែល​មានចំនួនជាង 14 លាននាក់នោះ ថាគ្រួសារ​យើង​មាន​គេ​​ត្រូវការឬ ? មាគ៌ារបស់ព្រះអម្ចាស់គឺថា យើងស្តាប់តាមការបង្រៀនរបស់អ្នក​ដឹកនាំ​យើង យល់​ដឹង​គោលការណ៍ឲ្យ​ត្រឹមត្រូវ ហើយគ្រប់គ្រងលើខ្លួនយើង ។

ពិតជាសំខាន់ខ្លាំង​ណាស់

អ្វីៗដែលកំពុងតែកើតឡើងនៅក្នុងសាសនាចក្រសព្វថ្ងៃនេះ ជា​ពេល​ដែល​ព្រះ​អម្ចាស់​​កំពុងតែពន្លឿនកិច្ចការរបស់ទ្រង់គ្រប់ទីកន្លែងនោះ​ វាកាន់តែសំខាន់ទៅ​ទៀត ដែល​យើងធ្វើអ្វី​គ្រប់​យ៉ាង តាមមាគ៌ារបស់ទ្រង់ !

ជាពិសេសនៅក្នុងកិច្ចការនៃសេចក្តីសង្គ្រោះ យើងរៀនថា « ដោយអំណោយទាននៃព្រះរាជបុត្រាទ្រង់ នោះព្រះ​ទ្រង់​បានរៀបចំផ្លូវមួយដ៏ល្អប្រសើរលើសលែងទៅទៀត »​ (អេធើរ 12:11 ) ។ គោលលទ្ធិ​របស់ព្រះគ្រីស្ទ « គឺជាផ្លូវ ហើយគ្មានផ្លូវឯណាទៀតឡើយ ឬក៏ឈ្មោះណា​ទៀត​នៅក្រោម​មេឃ​នេះ ដែលមនុស្សអាចបានសង្គ្រោះនៅក្នុង​នគរនៃព្រះឡើយ » (នីហ្វៃ 2 31:21 ) ។

សេចក្តីបញ្ចប់

ដូចយើងមើលឃើញហើយ​ថា​​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ មាន​មនុស្សជាច្រើន​រស់នៅក្នុង​ភាព​ភាន់​ច្រឡំ ឬ​រស់​នៅ​លើ​ផ្លូវ​ហាម​ឃាត់​កាន់​តែ​អាក្រក់ និង​វង្វេង ហើយ​រងទុក្ខ​ក្នុងលទ្ធផល​នៃ​ការ​ជ្រើស​រើស​ត្រឹមត្រូវ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់ស្រែកប្រកាស ដូចអាលម៉ាថា ៖

« ឱ បើសិនជាខ្ញុំបានទៅជាទេវតាមួយ ហើយអាចបំពេញបំណងចិត្តខ្ញុំ គឺ​ឲ្យខ្ញុំ​អាច​ទៅ​និយាយ​ជា​សម្លេង​​ដែល​ធ្វើឲ្យញ័រផែនដី ហើយស្រែកហៅឲ្យមានការប្រែចិត្ត​ដល់មនុស្សគ្រប់រូប !

« មែនហើយ ខ្ញុំនឹងប្រកាសដល់មនុស្សគ្រប់រូបអំពី​ ... ​ផែន​ការ​នៃ​សេចក្តីប្រោសលោះថា គេត្រូវតែប្រែចិត្ត ហើយមករកព្រះនៃយើងវិញ ដើម្បី​កុំ​ឲ្យ​មាន​ការ​សោក​សៅ​នៅលើផ្ទៃផែនដីទៀត​ឡើយ » ។(អាលម៉ា 29:1–2) ។

សារជាថ្មីម្តងទៀត ខ្ញុំសូមធ្វើ​ជា​សាក្សីថា ព្រះអម្ចាស់​មានមាគ៌ាទ្រង់ ! ព្រះ​វរបិតាសួគ៌​យើង​ស្គាល់​យើង ស្រឡាញ់យើង ហើយចង់ជួយយើង ។ ទ្រង់ដឹងនូវរបៀបដ៏ល្អបំផុតដើម្បីជួយ ។ យើង​ពុំមែន​ជា​កូនកំព្រាខាងវិញ្ញាណឡើយ !

ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទយើង​គឺជា « ផ្លូវ សេចក្តីពិត​ ហើយជាជីវិត » (យ៉ូហាន 14:6; ក៏សូមមើល​អាលម៉ា 38:9 ) ។ មាគ៌ារបស់ទ្រង់ គឺមាន​មូលដ្ឋាន​នៅ​លើសេចក្ដី​ពិតដ៏អស់កល្ប ហើយដែលនាំយើងទៅកាន់ « សេចក្តីសុខសាន្ត នៅនាពេលលោកីយ៍នេះ និង​ជីវិត​ដ៏នៅ​អស់​កល្បជានិច្ច នៅបរលោកនាយ » (គ.​ និង ស. 59:23 ) ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដូច្នោះ នៅ​ក្នុង​ព្រះនាម​នៃព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។