ឆ្នាំ ២០១០-២០១៩
ពាក្យ​ដែល​យើង​និយាយ
ខែ មេសា 2013


ពាក្យ​ដែល​យើង​និយាយ

របៀប​ដែល​យើង​និយាយ​ទៅ​កូនៗ​យើង និង ពាក្យ​ដែល​យើង​ប្រើ អាច​លើក​ទឹកចិត្ត​ពួកគេ និង ពង្រឹង​ជំនឿ​ពួកគេ​ ។

ថ្មីៗ​នេះ ឪពុក​វ័យ​ក្មេង​ម្នាក់​បាន​ដឹង​ពី​ការស្លាប់​របស់​គ្រូ​ថ្នាក់​ទីពីរ​ដ៏​អស្ចារ្យ​របស់​គាត់ ។ ក្នុង​ការចងចាំ​ដល់​គ្រូ​គាត់ គាត់​សរសេរ​ថា ៖ « ក្នុង​ចំណោម​អារម្មណ៍ និង បទពិសោធន៍​ទាំងអស់​ដែល​ខ្ញុំ​ចាំ អារម្មណ៍​ដែល​ខ្ញុំ​គិត​ដល់​បំផុត​គឺ ‹ ការលួងលោម › ។ គាត់​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ប្រកប ចេះ​វេយ្យករណ៍ និង ចេះ​គណិតវិទ្យា តែ​សំខាន់​ជាង​នោះ គាត់​បង្រៀន​ខ្ញុំ​ឲ្យ​ស្រឡាញ់​វ័យ​កុមារ ។ ក្នុង​ថ្នាក់​គាត់ វា​មិន​អី​ទេ​ក្នុង​ការប្រកប​ពាក្យ​ខុស​ម្ដងម្កាល គាត់​និយាយ​ថា ‹ យើង​នឹង​រៀន​វាចេះ › ។ គ្មាន​បញ្ហា​ក្នុង​ការកំពប់ រហែក ឬ ប្រឡាក់ គាត់​នឹង​ឆ្លើយ​ថា ‹ យើង​នឹង​ជួសជុល ហើយ​សម្អាត​វា › ។ គ្មាន​បញ្ហា​ក្នុង​ការសាកល្បង ជម្រុញ​ខ្លួនឯង សុបិន្ដ និង រីករាយ​នឹង​សេចក្ដី​រីករាយ​ទាំងនោះ ដែល​ចេញ​មក​ពី​អ្វីៗ​ដែល​សំខាន់​ដែល​មានតែ​ក្មេងៗ​ប៉ុណ្ណោះ​ទើប​ឃើញ​ថា​វា​រំភើប » ។

ឥទ្ធិពល​ដ៏​ខ្លាំង​បំផុត​មួយ​ដែល​មនុស្ស​ម្នាក់​អាច​មាន​ក្នុង​ពិភពលោក​នេះ គឺ​ឥទ្ធិពល​ទៅលើ​កុមារ​ម្នាក់ ។ ការជឿ និង តម្លៃ​ផ្ទាល់​ខ្លួន​របស់​កុមារ ​ត្រូវបាន​ជះ​ឥទ្ធិពល​តាំង​ពី​ក្មេង ។ គ្រប់គ្នា​ដែល​ឮ​ខ្ញុំ​និយាយ មាន​អំណាច​ដើម្បី​ពង្រីក​ទំនុកចិត្ត​លើ​ខ្លួនឯង​របស់​កុមារ​ម្នាក់ និង ពង្រីក​ជំនឿ​កុមារ​ម្នាក់​លើ​ព្រះបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ តាម​ពាក្យ​ដែល​ពួកគេ​និយាយ ។

ក្នុង ហេលេមិន ជំពូក 5 យើង​អាន​ថា « ហើយ​ឥឡូវ​នេះ ឱ​កូនប្រុស​ទាំងឡាយ​របស់​ឪពុក​អើយ ចូរ​ចងចាំ​ចុះ ចូរ​ចងចាំ​ចុះ​ថា គឺ​នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង គឺ​ព្រះគ្រីស្ទ ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន » ។ 1

នេះ​ជា​ពាក្យ​ដែល​ហេលេមិន​បង្រៀន​ដល់​កូនៗ​លោក ។ ​យើង​អាន​បន្តថា ៖ « ហើយ​ពួកគេ​បាន​ចាំ​ពាក្យ​សម្ដី​របស់​លោក ហើយ … ពួកគេ​បានចេញ​ទៅ … បង្រៀន​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ចំណោម​ប្រជាជន … ទាំងអស់ » ។ 2

ទោះ​កូនៗ​ហេលេមិន​ត្រូវបាន​គេ​ធ្វើ​ទុក្ខ និង ដាក់​ក្នុង​គុក ក៏​ពាក្យ​ដែល​ពួកគេ​បាន​ឮ មិនដែល​ធ្វើ​ឲ្យ​គេ​ខក​ចិត្ត​ឡើយ ។ ពួកគេ​ត្រូវបាន​ការពារ និង ហ៊ុំព័ទ្ធ​ដោយ​បង្គោល​ភ្លើង​មួយ ។ បន្ទាប់មក សម្លេង​មួយ និយាយ​ទៅកាន់​អ្នក​ដែល​ចង​ពួកគេ​ថា ៖

« ចូរ​អ្នក​រាល់គ្នា​ប្រែចិត្ត​ចុះ ហើយ​ចូរ​កុំ​ស្វែងរក​បំផ្លាញ​ពួក​អ្នក​បម្រើ​របស់​យើង ។ …

« … ពុំ​មែន​ជា​សូរ​ផ្គរលាន់​ទេ ហើយ​ក៏​ពុំ​មែន​ជា​សម្លេង​អឺងកង​ដែរ ប៉ុន្តែ​មើល​ចុះ នោះ​គឺជា​សម្លេង​រហៀងៗ​នៃ​ភាពស្រទន់​ឥត​ខ្ចោះ ហាក់បី​ដូច​ជា​ពាក្យ​ខ្សឹប ហើយ​វា​បាន​ចាក់​ទំលុះ​ទៅដល់​ទាំង​ព្រលឹង » ។ 3

យើង​អាច​រៀន​ពី​សម្លេង​ដែល​មក​ពី​ស្ថានសួគ៌​នោះ ។ ពុំ​មែន​ជា​សម្លេង​ឮ​ខ្លាំង ស្ដីបន្ទោស ឬ បន្ទាប​បន្ថោក​ទេ វា​ជា​សម្លេង​រហៀង​នៃ​ភាពស្រទន់​ដ៏ឥតខ្ចោះ ដែល​ផ្ដល់​នូវ​ការដឹកនាំ​ហ្មត់ចត់ ក៏​ដូច​ជា​ផ្ដល់​ក្ដី​សង្ឃឹម​ផងដែរ ។

របៀប​ដែល​យើង​និយាយ​ទៅ​កូនៗ​យើង និង ពាក្យ​ដែល​យើង​ប្រើ អាច​លើក​ទឹកចិត្ត​ពួកគេ និង ពង្រឹង​ជំនឿ​ពួកគេ​ឲ្យ​បន្ត​លើ​ផ្លូវ​ត្រឡប់​ទៅ​ព្រះបិតាសួគ៌​វិញ ។ ពួកគេ​មក​ផែនដី​នេះ ដោយ​រៀបចំ​នឹង​ស្ដាប់​ស្រេច​ទៅ​ហើយ ។

គំរូ​ពី​ការស្ដាប់​របស់​កុមារ​ម្នាក់ បាន​កើតឡើង​នៅ​ហាង​ក្រណាត់​មួយ ។ ហាង​នេះ​មាន​មនុស្ស​ច្រើន ដែល​គ្រប់គ្នា​អាច​ឃើញ​ជាក់ស្ដែង​ថា ម្ដាយ​ម្នាក់​ភ័យ​ស្លន់ ដោយសារ​បាត់​កូនប្រុស​គាត់ ។ ដំបូង គាត់​ហៅ​ឈ្មោះ​កូន​នោះ ។ គាត់​ហៅ « ខនន័រ » ទាំងដើរ​យ៉ាង​លឿន​ពេញ​ហាង ។ យូរៗ​ទៅ សម្លេង​គាត់​កាន់តែ​ឮ និង ស្លន់ស្លោ​ឡើង ។ មិនយូរ​ប៉ុន្មាន គេ​បានប្រាប់​មន្ត្រី​សន្ដិសុខ​ហាង ហើយ​គ្រប់​គ្នា​ក្នុង​ហាង​បាន​ចូលរួម​រក​កូន​នោះ​ដែរ ។ បួនប្រាំ​នាទី​កន្លង​ទៅ ពួកគេ​រកមិន​ឃើញ​កូន​នោះទេ ។ យើង​អាច​យល់​បាន​ថា ម្ដាយ ខនន័រ កាន់តែភ័យ​​ស្លន់ស្លោ កាលដែល​ពេល​វេលា​ចេះ​តែ​ទៅមុខ ហើយ​គាត់​ស្រែកហៅ​ឈ្មោះ​កូន​ម្ដង​ហើយ​ម្ដង​ទៀត​ឥតដាច់ ។

បន្ទាប់​ពី​អធិស្ឋាន​ដោយ​ស្ងប់ស្ងាត់​រួច​ហើយ មាន​មនុស្ស​ម្នាក់​មាន​គំនិត​ថា ខនន័រ ​អាច​ភ័យ ពេល​ឮ​ម្ដាយ​ស្រែក​ហៅ​ឈ្មោះ​គេ ។ នាង​បាន​ប្រាប់​ដល់​ស្ដ្រី​ម្នាក់​ទៀត​ដែល​ជួយ​រក​ដែរ ហើយ​ពួកគេ​បាន​រៀបចំ​ផែនការ​មួយ​ភ្លាម ។ ពួកគេ​រួមគ្នា​ដើរ​តាម​តុ​ក្រណាត់​ដោយ​ស្ងាត់ៗ ដោយ​និយាយ​ដដែលៗ​ថា « ខនន័រ បើ​ក្មួយ​អាច​ឮ​សម្លេង​មីង សូម​និយាយ​ថា ‹ ខ្ញុំ​នៅ​ទីនេះ › » ។ ពេល​ពួកគេ​ដើរ​យឺតៗ​ទៅកាន់​ខាងក្រោយ​ហាង ដោយ​និយាយ​ឃ្លា​នោះ​ដដែលៗ ប្រាកដ​ណាស់ ពួកគេ​បាន​ឮ​សម្លេង​ភ័យ​ឆ្លើយ​តិចៗ​ថា « ខ្ញុំ​នៅ​ទីនេះ » ។ ខនន័រ បានលាក់​ខ្លួន​នៅ​រមូរ​ក្រណាត់​ក្រោម​តុ ។ វា​ជា​សម្លេង​ស្រទន់​ឥតខ្ចោះ ដែល​លើក​ទឹកចិត្ត ខនន័រ ឲ្យ​ឆ្លើយ​តប ។

អធិស្ឋាន​ដើម្បី​ដឹង​ពី​សេចក្ដី​ត្រូវការ​របស់​កុមារ

ដើម្បី​និយាយ​ទៅកាន់​ដួងចិត្ត​កុមារ យើង​ត្រូវតែ​ដឹង​ពី​ក្ដី​ត្រូវការ​របស់​កុមារ ។ បើ​យើង​អធិស្ឋាន​ដើម្បី​ដឹង​ពី​ក្ដី​ត្រូវការ​ទាំងនោះ នោះ​ពាក្យ​ដែល​យើង​និយាយ អាច​មាន​អំណាច​ចាក់​ចូល​ក្នុង​ចិត្ត​គេ ។ ការប្រឹងប្រែង​របស់​យើង​ត្រូវបាន​តម្កើង​ឡើង ពេល​យើង​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា ៖

« ចូរ​ប្រាប់​គំនិត​ទាំងឡាយ​ដែល​យើង​នឹង​ដាក់​ក្នុង​ចិត្ត​របស់​អ្នក​រាល់គ្នា​ចុះ …

« ត្បិត​សេចក្ដី​ដែល​អ្នក​ត្រូវ​និយាយ នោះ​នឹង​បាន​ប្រទាន​ដល់​អ្នក នៅ​ម៉ោង​នោះ គឺ​នៅ​វេលា​នោះ​ឯង » ។4

ផ្ដាច់​ខ្លួន​ចេញ ហើយ​ស្ដាប់​ដោយ​ក្ដីស្រឡាញ់

ជា​អកុសល ការរំខាន​នៃ​លោកិយ រារាំង​កុមារ​ជាច្រើន​មិនឲ្យ​ឮ​ពាក្យ​លើក​ទឹកចិត្ត ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ទស្សនៈ​របស់​គេ​ចំពោះ​ខ្លួនឯង ។

បណ្ឌិត នែល ហាលហ្វុន ជា​វេជ្ជបណ្ឌិត​ដឹកនាំ​មជ្ឈមណ្ឌល​សម្រាប់​កុមារ គ្រួសារ និង សហគមន៍​ដែល​មាន​សុខភាព​កាន់តែ​ល្អ របស់​សាកល​វិទ្យាល័យ កាលីហ្វូញ៉ា, ឡូស អាន់ជើឡែស និយាយ​អំពី « ការធ្វេស​ប្រហែល​តិចតួច​នៃ​ឪពុកម្ដាយ » ។ ឧទាហរណ៏​មួយ​បាន​បូករួម​កូន​អាយុ 18 ខែ ម្នាក់ និង ឪពុក​ម្ដាយ​គេ ៖

« ‹ កូន​របស់​គេ​ហាក់​រីករាយ សកម្ម និង ចូលរួម ច្បាស់ណាស់ គឺ​សប្បាយ​នឹង​ពេលវេលា និង ភីស្សា​ជាមួយ​ឪពុក​ម្ដាយ​គេ ។ … ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច​ហើយ ម្ដាយ​បាន​ចេញ​ទៅ​ទិញ​ឥវ៉ាន់ ហើយ​ឲ្យ​ឪពុក​មើល​កូន › ។

« ឪពុក … ចាប់ផ្ដើម​អាន​សារ​ក្នុង​ទូរស័ព្ទ ពេល​កូន​ខំប្រឹង​ទាញ​យក​ការយកចិត្ត​ទុកដាក់ ដោយ​ការបោះ​ដុំ​ភីស្សាចោល ។ បន្ទាប់មក ឪពុក​ចាប់ផ្ដើម​យកចិត្ត​ទុកដាក់​វិញ ដោយ​បែរ​មក​កូន ហើយ​លេង​នឹង​កូន ។ បន្តិច​ក្រោយមក គាត់​ចាប់​ផ្តើម​មើល​វីដេអូ​ក្នុង​ទូរស័ព្ទគាត់​ជាមួយ​កូន​គាត់ រហូត​ដល់​ប្រពន្ធ​គាត់​ត្រឡប់​មក​វិញ ។

« [បណ្ឌិត] ហាល់ហ្វុន បាន​សង្កេត​ថា កូន​ហាក់​ដូចជា​មិន​ស្កប់ចិត្ត ជា​ការបន្ថយ​ទំនាក់ទំនង​រវាង​ឪពុក ឬ ម្ដាយ និង កូន » ។5

ចម្លើយ​ដល់​ការអធិស្ថាន​របស់​យើង ពី​របៀប​ឆ្លើយតប​នឹងសេច​ក្ដីត្រូវការ​របស់​កូន​យើង អាច​ជា​ការ​ផ្ដាច់​ចេញ​ពី​បច្ចេកវិជ្ជា​ឲ្យ​បាន​ញឹកញាប់​ជាងមុន​ ។ ពេល​វេលា​ដ៏​មាន​តម្លៃ​នៃ​ឱកាស​ដើម្បី​ធ្វើ​កិច្ចការ និង សន្ទនា​ជាមួយ​កូនៗ​យើង​ត្រូវ​បាត់បង់ ពេល​យើង​រវល់​ជាមួយ​ការទាក់ទាញ​ទាំងឡាយ ។ ហេតុអ្វី​មិន​ជ្រើសរើស​ពេល​មួយ​រាល់​ថ្ងៃ ដើម្បី​ផ្ដាច់​ខ្លួន​ចេញ​ពី​បច្ចេកវិជ្ជា ហើយ​ជួបជុំ​គ្នា​វិញ ? គ្រាន់តែ​បិទ​ឧបករណ៍​ទាំងអស់​នោះ​ទៅ ។ ពេល​អ្នក​ធ្វើ​ដូច្នេះ ផ្ទះ​អ្នក​អាច​ស្ងប់ស្ងាត់​ពេល​ដំបូង អ្នក​អាច​មាន​អារម្មណ៍​ថា មិន​ដឹង​ត្រូវ​ធ្វើ ឬ និយាយ​អ្វី ។ បន្ទាប់មក ពេល​អ្នក​យក​ចិត្ត​ទុកដាក់​ពេញលេញ​ដល់​កូនៗ​អ្នក នោះ​ការសន្ទនា​នឹង​ចាប់ផ្ដើម ហើយ​អ្នក​អាច​រីករាយ​នឹង​ការស្ដាប់​គ្នា​ទៅវិញ​ទៅមក ។

សរសេរ​ដើម្បី​បញ្ចុះបញ្ចូល​កូនៗ​អ្នក

យើង​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​កូនៗ​យើង តាម​ពាក្យ​ដែល​យើង​សរសេរ​ទៅ​គេ​ផងដែរ ។ នីហ្វៃ ​សរសេរ​ថា « យើង​ព្យាយាម​ខំ​សរសេរ​ពាក្យ​ទាំងនេះ ដើម្បី​បញ្ចុះ​បញ្ចូល​កូនចៅ​យើង … ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ហើយ​ស្រុះស្រួល​នឹង​ព្រះ » ។6

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ចែកចាយ​ពី​បទពិសោធន៍ ជេយ ហែស ជា​ទ័ពអាកាស​ម្នាក់ ដែល​ត្រូវគេ​បាញ់​នៅ​វៀតណាម​ខាង​ជើង ក្នុង​ទសវត្សរ៍​ឆ្នាំ 1960 ៖ « អស់​ពីរ​ឆ្នាំ គ្រួសារ​គាត់​ពុំ​បាន​ដឹង​ថា គាត់​ស្លាប់ ឬ រស់​ទេ ។ ទីបំផុត អ្នក​ចាប់​គាត់​នៅ​ហាណូយ បាន​ឲ្យ​គាត់​សរសេរ​សំបុត្រ​ទៅ​ផ្ទះ តែ​បាន​កម្រិត​សារ​នោះ​ឲ្យ​តិច​ជាង 25 ពាក្យ » ។ ប្រធាន ម៉នសុន សួរ​ថា ៖ « តើ​អ្នក និង ខ្ញុំ​នឹង​និយាយ​អ្វី​ទៅ​គ្រួសារ​យើង បើ​យើង​នៅក្នុង​ស្ថានភាព​នោះ—ពុំ​បានឃើញ​ពួកគេ​អស់​ជាង​ពីរ​ឆ្នាំ ហើយ​មិន​ដឹង​ថា បើ​យើង​បានឃើញ​ពួកគេ​ទៀត ឬ អត់​នោះ ? ដោយ​ចង់​ឲ្យ​ដល់​គ្រួសារ​គាត់​នូវ​អ្វី​ដែល​គ្រួសារ​គាត់​អាច​ដឹង​ថា​មក​ពី​គាត់ ហើយ​ក៏​ចង់​ឲ្យ​ពួកគេ​នូវ​ដំបូន្មាន​ដ៏​មាន​តម្លៃ​ផង នោះ​បងប្រុស ហែស បាន​សរសេរ [ ពាក្យ​ទាំងនេះ​ថា ] ៖ ‹ ការណ៍​ទាំងនេះ​គឺ​សំខាន់ ៖ អាពាហ៍ពិពាហ៍​ក្នុងព្រះ​វិហារ​បរិសុទ្ធ បេសកកម្ម សាកលវិទ្យាល័យ ។ ឈាន​ទៅមុខ ដាក់​គោលដៅ សរសេរ​ប្រវត្តិសាស្ត្រ ថតរូប​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ › » ។7

តើ​ពាក្យ​អ្វី​ដែល​អ្នក​នឹង​សរសេរ​ទៅ​កូនៗ​អ្នក បើ​អ្នក​មាន​តែ 25 ពាក្យ ឬ តិច​ជាង​នោះ ?

ឪពុក​វ័យក្មេង​ដែល​ខ្ញុំ​និយាយ​ដល់​ពីមុន​នេះ ដែល​បាន​សរសេរ​ពី​ការចងចាំ​ពី​គ្រូ​ថ្នាក់​ទី​ពីរ​របស់​គាត់ ឥឡូវ​នេះ​កំពុង​បីបាច់​កូនស្រី​តូច​ដ៏​ស្រស់​ស្អាត​ម្នាក់ ។ គាត់​មាន​អារម្មណ៍​ពី​ការទុកចិត្ត​ពី​ស្ថានសួគ៌ ដែល​បាន​ផ្ដល់​ដល់​គាត់ ។ ពេល​នាង​ធំ​ឡើង តើ​អនាគត​នាង​នឹង​ទៅ​ជា​យ៉ាងណា ? តើ​គាត់​នឹង​និយាយ​អ្វី ដែល​នឹង​ចាក់​ចូល​ក្នុង​ដួងចិត្ត​នាង ? តើ​ពាក្យ​អ្វី​ដែល​នឹង​លើក​ទឹកចិត្ត​នាង និង ជួយ​នាង​ឲ្យ​បន្ត​នៅលើ​ផ្លូវ​នោះ ? តើ​វា​នឹង​មាន​អ្វី​ខុសប្លែក បើ​គាត់​យកពេល​ខ្សឹប​ថា « កូន​ជា​បុត្រី​នៃ​ព្រះ » ? តើ​ថ្ងៃ​មួយ នាង​នឹង​ចាំ​ដែរ​ឬ​ទេ ថា​ឪពុក​នាង​បាន​និយាយ​ជា​ញឹកញាប់​ថា « ប៉ា​ស្រឡាញ់​អ្វី​គ្រប់​យ៉ាង​អំពី​កូន » ?

តើ​នោះ​មិនមែន​ជា​អ្វី​ដែល​ព្រះបិតាសួគ៌​យើង មាន​បន្ទូល​ទៅ​កាន់​បុត្រា​ទ្រង់ និង ទៅកាន់​យើង​ទាំងអស់​គ្នា​ទេ​ឬ​អី ពេល​ទ្រង់​មាន​បន្ទូល​ថា « នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​យើង » ហើយ​បន្ថែម​ថា « ជា​ទី​ពេញ​ចិត្ត​យើង​​ណាស់ » នោះ ?8

សូម​ឲ្យ​ពាក្យ​ដែល​យើង​និយាយ និង សរសេរ​ទៅ​កូនៗ​យើង ឆ្លុះ​បញ្ចាំង​ពី​ក្ដី​ស្រឡាញ់​ដែល​ព្រះបិតាសួគ៌​យើង​មាន​សម្រាប់​បុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ និង សម្រាប់​យើង ។ ហើយ​សូម​យើង​ផ្អាក​សិន ដើម្បី​ស្ដាប់ ត្បិត​កូន​ម្នាក់​គឺ​មាន​សមត្ថភាព​នឹង​និយាយ​នូវ​រឿង​ដ៏​មហិមា និង ដ៏​គួរ​ឲ្យ​អស្ចារ្យ​ត្រឡប់​មក​យើង​វិញ ។ ខ្ញុំ​សូម​និយាយ​ពាក្យ​ទាំងនេះ ក្នុង​ព្រះនាម​នៃ​ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។