ឆ្នាំ ២០១០-២០១៩
យើង​ជា​បុត្រី​នៃ​ព្រះវរបិតាសួគ៌​របស់​យើង
ខែ មេសា 2013


យើង​ជា​បុត្រី​នៃ​ព្រះវរបិតាសួគ៌​របស់​យើង

ដោយ​ជា​បុត្រី​នៃ​ព្រះ យើង​ម្នាក់ៗ​ពិសេស និង ខុស​ពី​គ្នា ក្នុង​កាលៈទេសៈ និង បទពិសោធន៍​របស់​យើង ។ តែ​ផ្នែក​របស់​យើង​គឺ​សំខាន់—ព្រោះ​យើង​សំខាន់ ។

រាល់​សប្ដាហ៍ យុវនារី​ទូទាំង​ពិភពលោក​សូត្រ​បាវចនា​ក្រុម​យុវនារី ។ មិន​ថា​ភាសា​ណា​ទេ រាល់ដង​ដែល​ខ្ញុំ​ឮ​ពាក្យ​ទាំងនេះ​គឺ « យើង​ជា​បុត្រី​នៃ​ព្រះវរបិតាសួគ៌​របស់​យើង ដែល​ស្រឡាញ់​យើង ហើយ​យើង​ស្រឡាញ់​ទ្រង់ »1 ព្រះវិញ្ញាណ​បញ្ជាក់​ដល់​ព្រលឹង​ខ្ញុំ​ថា ពាក្យ​ទាំងនោះ​ពិត ។ វា​មិន​គ្រាន់តែ​ជា​ការបញ្ជាក់​ពី​អត្តសញ្ញាណ​យើង—ថា​យើង​ជា​នរណា​ប៉ុណ្ណោះ​ទេ—តែ​ក៏​ជា​ការទទួលស្គាល់​ថា យើង​ជា​បុត្រី​របស់​នរណា ។ យើង​ជា​បុត្រី​នៃ​អង្គ​ដ៏​លើក​តម្កើង !

ក្នុង​គ្រប់​ប្រទេស និង គ្រប់​ទ្វីប ខ្ញុំ​បានជួប​នឹង​យុវនារី​ដ៏​មាន​ទំនុកចិត្ត​ច្បាស់លាស់ ពេញ​ដោយ​ពន្លឺ ដុះខាត់​ដោយ​កិច្ចការ​ព្យាយាម និង ការលំបាក ដែល​មាន​នូវ​ជំនឿ​បរិសុទ្ធ និង សាមញ្ញ ។ ពួកគេ​ប្រកប​ដោយ​គុណធម៌ ។ ពួកគេ​ជា​អ្នក​រក្សា​សេចក្ដី​សញ្ញា​ដែល « ឈរ​ជា​សាក្សី​ដល់​ព្រះ នៅ​គ្រប់​ពេល និង គ្រប់​សេចក្ដី និង គ្រប់​ទីកន្លែង » ។2 ពួកគេ​ស្គាល់​ថា ពួកគេ​ជា​នរណា ហើយ​ថា​ពួកគេ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការស្ថាបនា​នគរ​នៃ​ព្រះ ។

កាល​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ ខ្ញុំ​ជា​សមាជិក​នៃ​ក្រុម​រាំ​ប្រពៃណី​អន្តរជាតិ​របស់ ប៊ី.វ៉ាយ.យូ ។ នៅ​រដូវ​ក្ដៅ​មួយ ក្រុម​យើង​មាន​ឯកសិទ្ធិ​យ៉ាង​ពិសេស​ទៅ​សម្ដែង​នៅ​បេសកកម្ម​ទាំងឡាយ​នៅ​អ៊ឺរ៉ុប ។ វា​ជា​រដូវ​ក្ដៅ​ដ៏​ពិបាក​សម្រាប់​ខ្ញុំ ព្រោះ​ពីរបី​ខែ​មុន​នោះ ឪពុក​ខ្ញុំ​ចែកឋាន​ទៅ​ទាំង​មិន​បាន​រំពឹង​ទុក ។ ជាពិសេស ពេល​យើង​នៅ​ប្រទេស ស្កត ខ្ញុំ​មាន​អារម្មណ៍​ឯកោ ហើយ​បាក់​ទឹកចិត្ត ។ នៅ​យប់​នោះ យើង​បាន​រាំ​នៅ​សាលា​ជំនុំ​មួយ ហើយ​បន្ទាប់​ពី​ការសម្ដែង យើង​បាន​ទៅ​ផ្ទះ​បេសកកម្ម​នៅជិត​នោះ ។ ពេល​ខ្ញុំ​ដើរ​ឆ្ពោះ​ទៅ​ផ្ទះ​នោះ ខ្ញុំ​បាន​ឃើញ​ថ្ម​មួយ​នៅ​ក្នុង​សួន​ដែល​បាន​ថែ​យ៉ាង​ល្អ ដែល​នៅ​ជិត​ក្លោង​ទ្វារ ។ ខ្ញុំ​បាន​អាន​ពាក្យ​នៅលើ​ថ្ម​ថា « មិន​ថា​អ្នក​ជា​អ្វី ចូរ​ធ្វើ​ផ្នែក​អ្នក​ឲ្យ​ល្អ » ។ រំពេច​នោះ ពាក្យ​ទាំងនោះ​ចាក់​ចូល​យ៉ាង​ជ្រៅក្នុង​ចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា អំណាច​ពី​ស្ថានសួគ៌​បាន​ឲ្យ​សារសិខិត​មួយ​មក​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវបាន​ស្គាល់​ដោយ​ព្រះបិតាសួគ៌​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ ។ ខ្ញុំ​បាន​ឈរ​នៅ​សួន​នោះ​ទាំង​ស្រក់​ទឹក​ភ្នែក ។ « មិន​ថា​អ្នក​ជា​អ្វី ចូរ​ធ្វើ​ផ្នែក​អ្នក​ឲ្យ​ល្អ » ។ ប្រយោគ​ដ៏​សាមញ្ញ​នោះ​បាន​ដាស់​ទស្សនៈ​របស់​ខ្ញុំ​ឡើង​វិញ​ថា ព្រះបិតាសួគ៌​បាន​ស្គាល់​ខ្ញុំ ហើយ​មាន​ផែនការ​សម្រាប់​ជីវិត​ខ្ញុំ ហើយ​ព្រះវិញ្ញាណ​ដែល​ខ្ញុំ​ទទួល បានជួយ​ខ្ញុំ​យល់​ថា ផ្នែក​របស់​ខ្ញុំ​គឺ​សំខាន់ ។

ក្រោយមក ខ្ញុំ​រៀន​ថា ប្រយោគ​នេះ​ធ្លាប់​បាន​លើក​ទឹកចិត្ត​ដល់​ព្យាការី ដេវីឌ អូ មិកឃេ ដែរ ពេល​លោក​កំពុង​បម្រើ​បេសកកម្ម ជា​អ្នក​ផ្សព្វផ្សាយ​វ័យ​ក្មេង​នៅ​ប្រទេស ស្កត​ ។ លោក​បាន​ឃើញ​វា​នៅលើ​ថ្ម​លើ​អគារ​មួយ ក្នុង​គ្រា​ដ៏​បាក់ទឹកចិត្ត​ក្នុងជីវិត និង​​បេសកកម្ម​លោក ហើយ​ពាក្យ​ទាំងនោះ​បាន​លើក​ទឹកចិត្ត​លោក ។ ជាច្រើន​ឆ្នាំ​ក្រោយមក ពេល​អគារ​នោះ​ត្រូវ​គេ​កម្ទេច​ចោល លោក​បាន​រៀបចំ​ដើម្បី​យក​បាន​ថ្ម​នោះ ហើយ​ដាក់​វា​ក្នុង​សួន​នៅ​ផ្ទះ​បេសកកម្ម ។3

ដោយ​ជា​បុត្រី​នៃ​ព្រះ យើង​ម្នាក់ៗ​ពិសេស និង ខុស​ពី​គ្នា ក្នុង​កាលៈទេសៈ និង បទពិសោធន៍​របស់​យើង ។ តែ​ផ្នែក​របស់​យើង​គឺ​សំខាន់—ព្រោះ​យើង​សំខាន់ ។ ការរួម​ចំណែក​ប្រចាំ​ថ្ងៃ​របស់​យើង ក្នុង​ការបីបាច់ បង្រៀន និង ថែ​រក្សា​អ្នក​ផ្សេងទៀត អាច​ជា​ការណ៏​សាមញ្ញ តូចតាច ពិបាក និង តូចទាប នាពេលខ្លះ តែ​ពេល​យើង​ចងចាំ​ពី​បន្ទាត់​ទីមួយ​នៃ​បាវចនា​ក្រុម​យុវនារី—« យើង​ជា​បុត្រី​នៃ​ព្រះវរបិតាសួគ៌​របស់​យើង ដែល​ស្រឡាញ់​យើង ហើយ​យើង​ស្រឡាញ់​ទ្រង់ »—វា​នឹង​ធ្វើ​ឲ្យ​មាន​ការខុសប្លែក​នៅក្នុង​ទំនាក់ទំនង និង ការឆ្លើយតប​របស់​យើង ។

ថ្មីៗ​នេះ អ្នកម្ដាយ​ដ៏​ប្រពៃ​អាយុ 92 ឆ្នាំ របស់​ខ្ញុំ​បាន​ចែកឋាន​ទៅ ។ គាត់​បាន​ចេកចេញ​ពី​ជីវិត​រមែង​ស្លាប់​ដែល​គាត់​បាន​រស់នៅ​នេះ—ទាំង​ស្ងាត់ស្ងៀម ។ ជីវិត​គាត់​មិន​ដូច​ជា​អ្វី​ដែល​គាត់​បាន​ដាក់​ផែនការ​នោះទេ ។ ស្វាមី​គាត់ គឺ​ឪពុក​ខ្ញុំ បាន​ចែកឋាន​ពេល​លោក​អាយុ 45 ឆ្នាំ បន្សល់​កូន​បី​នាក់​នឹង​ម្ដាយ​ខ្ញុំ—គឺ​ខ្ញុំ និង ប្អូនប្រុស​ពីរនាក់ ។ គាត់​បាន​រស់នៅ​អស់ 47 ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ។ គាត់​គាំទ្រ​ដល់​គ្រួសារ​យើង ដោយ​ការបង្រៀន​នៅ​សាលា​ពេល​ថ្ងៃ និង បង្រៀន​ព្យ៉ាណូ​ពេល​យប់ ។ គាត់​ថែទាំ​ឪពុក​ជរា​របស់​គាត់ គឺ​លោកតា​ខ្ញុំ ដែល​រស់នៅ​ជិត​ផ្ទះ​យើង ។ គាត់​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​ម្នាក់ៗ​ទទួល​បាន​ការអប់រំ​កម្រិត​មហាវិទ្យាល័យ ។ តាម​ពិត គាត់​ទទូច​ឲ្យ​យើង​ធ្វើ​វា ដើម្បី​យើង​ក្លាយជា « អ្នក​ចែកចាយ » ។ ហើយ​គាត់​មិន​ដែល​រអ៊ូ​រទាំ​ឡើយ ។ គាត់​រក្សា​សេចក្ដី​សញ្ញា​របស់​គាត់ ហើយ​ដោយសារ​គាត់​បាន​ធ្វើ​ដូច្នោះ គាត់​បាន​ទាញយក​អំណាច​ពី​ស្ថានសួគ៌​ដើម្បី​ប្រទានពរ​ដល់​ផ្ទះ​យើង និង មាន​អព្ភូហេតុ​ជាច្រើន ។ គាត់​ពឹងផ្អែក​លើ​អំណាច​នៃ​ការអធិស្ឋាន បព្វជិតភាព និង ការសន្យា​នៃ​សេចក្ដី​សញ្ញា ។ គាត់​ស្មោះត្រង់​ក្នុង​ការបម្រើ​ព្រះអម្ចាស់ ។ ការលះបង់​ដ៏​ខ្ជាប់ខ្ជួន​របស់​គាត់​ពង្រឹង​យើង​ជា​កូនៗ ។ គាត់​តែង​រំឭក​ពី​ខ​គម្ពីរ​នេះ​ជា​ញឹកញាប់​ថា ៖ « យើង​ជា​ព្រះអម្ចាស់​ជាប់​សន្យា កាលណា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​មាន​ព្រះបន្ទូល ប៉ុន្តែ​កាលណា​អ្នក​រាល់​គ្នា​មិន​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​មាន​ព្រះបន្ទូល​ទេ នោះ​អ្នក​រាល់​គ្នា​ពុំ​មាន​សេចក្ដី​សន្យា​ឡើយ » ។4 នោះ​ជា​បាវចនា​របស់​គាត់ ហើយ​គាត់​ដឹង​ថា​វា​ពិត ។ គាត់​យល់ ថា​វា​មានន័យ​យ៉ាងណា​ក្នុង​ការ​ធ្វើ​ជា​អ្នក​រក្សា​សេចក្ដី​សញ្ញា ។ ពិភពលោក​មិន​ស្គាល់​គាត់​​ទេ ។ គាត់​មិនចង់​បាន​វា​ទេ ។ គាត់​យល់​ថា គាត់​ជា​នរណា ហើយ​គាត់​ជា​បុត្រី​របស់​នរណា—គឺ​បុត្រី​ម្នាក់​របស់​ព្រះ ។ ជាការពិត ខ្ញុំ​អាច​និយាយ​ពី​ម្ដាយ​ខ្ញុំ​ថា គាត់​បាន​ធ្វើ​ផ្នែក​គាត់​បាន​យ៉ាង​ល្អ ។

មាន​គ្រាមួយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី មាន​ប្រសាសន៍​ពី​ស្ត្រី និង ម្ដាយ​ទាំងឡាយ​ថា ៖

« យើង​ត្រូវតែ​កុំ​ភ្លេច​ឡើយ ពី​កម្លាំង​នៃ​ស្ដ្រី ។ … គឺ​ម្ដាយ​ដែល​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​បំផុត​ទៅលើ​ជីវិត​កូនៗ ។ … គឺ​ម្ដាយ​ដែល​បីបាច់​ពួកគេ និង ចិញ្ចឹម​ពួកគេ​ក្នុង​របៀប​នៃ​ព្រះអម្ចាស់ ។ ឥទ្ធិពល​ពួកគេ​គឺ​ឧត្ដុង្គ​ឧត្ដម​ណាស់… ។

« … ពួកគេ​ជា​អ្នក​បង្កើត​ជីវិត ។ ពួកគេ​ជា​អ្នក​បីបាច់​កូនៗ ។ ពួកគេ​ជា​គ្រូ​យុវនារី ។ ពួកគេ​ជា​ដៃគូ​ដែល​មិនអាច​អត់​បាន​របស់​យើង ។ ពួកគេ​ជា​អ្នក​រួមការងារ​ជាមួយ​យើង ក្នុង​ការកសាង​នគរ​ព្រះ ។ ឱ អស្ចារ្យ​ណាស់​តួនាទី​របស់​គេ ឱ អស្ចារ្យ​ណាស់​ការរួម​ចំណែក​របស់​គេ » ។5

ដូច្នេះ តើ​ម្ដាយ ឬ ឪពុក​ម្នាក់ បណ្ដុះ​កូនស្រី​របស់​ពួកគេ នូវ​សេចក្ដី​ពិត​ដ៏​ថ្លៃថ្នូរ និង អស់កល្ប ថាគាត់​​​ជា​បុត្រី​នៃ​ព្រះ​​របៀប​ណា​ខ្លះ​ ? តើ​យើង​ជួយគាត់​​ឲ្យ​ចេញ​ពី​លោកិយ ហើយ​ឈាន​ចូល​ទៅក្នុង​នគរ​ព្រះ​បាន​ដោយ​របៀប​ណា​ទៅ ?

ក្នុង​ពិភពលោក​ដែល​បដិសេធ​តម្លៃ​ខាង​សីលធម៌ យុវនារី​ត្រូវការ​ស្ដ្រី និង បុរស ដើម្បី « ឈរ​ជា​សាក្សី​ដល់​ព្រះ នៅ​គ្រប់​ពេល និង គ្រប់​សេចក្ដី និង គ្រប់​ទីកន្លែង » ។ មិនដែល​មាន​ពីមុន​មកទេ ដែល​ការណ៍​នេះ​សំខាន់​ដល់​ម៉្លេះ​នោះ ។ យុវនារី​ត្រូវការ​ម្ដាយ និង អ្នក​ណែនាំ​ដែល​ជា​គំរូ​ពី​ភាពជា​ស្ដ្រី​ដ៏​មាន​គុណធម៌ ។ អ្នក​ម្ដាយ​អើយ ទំនាក់ទំនង​របស់​អ្នក​ជាមួយ​កូនស្រី​អ្នក​គឺ​សំខាន់​ខ្ពង់ខ្ពស់​ណាស់ ក៏​ដូច​ជា​គំរូ​របស់​អ្នក​ដែរ ។ របៀប​ដែល​អ្នក​ស្រឡាញ់ និង គោរព​ឪពុក​នាង គោរព​បព្វជិតភាព និង តួនាទី​ដ៏​ទេវភាព​របស់​គាត់ នឹង​ត្រូវបាន​ឆ្លុះ​បញ្ចាំង ហើយ​ប្រហែល​ជា​រីក​លូតលាស់​ឡើង​ក្នុង​អាកប្បកិរិយា និង ការប្រព្រឹត្ត​របស់​កូន​ស្រី​អ្នក ។

តើ​ផ្នែក​នោះ​គឺ​ជា​អ្វី ដែល​យើង​ត្រូវតែ « ធ្វើ​ឲ្យ​ល្អ » នោះ ? ការប្រកាស​អំពី​ក្រុមគ្រួសារ គឺ​ច្បាស់​ណាស់ ៖

« តាម​គោលការណ៍​ព្រះ ឪពុក​បាន​ចាត់​ឲ្យ​ធ្វើ​ប្រធាន​ដឹកនាំ​គ្រួសារ​របស់​ខ្លួន ដោយ​សេចក្តី​ស្រឡាញ់ និង ដោយ​សេចក្តី​សុចរិត ហើយ​មាន​ភារៈកិច្ច​ក្នុង​ការ​ផ្តល់​នូវ​សេចក្តី​ត្រូវ​ការក្នុង​ជីវិត ព្រម​ទាំង​ការពារ​គ្រួសារ​ខ្លួន​ផង ។ ម្តាយ​មាន​ភារៈកិច្ច​ទីមួយ ដើម្បី​ថែទាំ​បីបាច់​កូន​ចៅ​របស់​ខ្លួន ។ នៅ​ក្នុង​ភារៈកិច្ច​ពិសិដ្ឋ​ទាំងនេះ ឪពុក​ម្តាយ​មាន​ភារៈកិច្ចឲ្យ​ចេះ​ជួយ​គ្នាទៅ​វិញ​ទៅមក ជា​គូស្មើ​គ្នា... ។

យើង​ព្រមាន​ថា បុគ្គល​ណាដែល​រំលង​លើ​សេចក្តី​សញ្ញា​នៃ​ព្រហ្មចារីភាព​ដែល​ធ្វើ​បាប​ភរិយា ឬ កូនចៅ ឬ មិន​បាន​បំពេញ​កិច្ចការ​នៃ​គ្រួសារ គង់​តែ​ថ្ងៃណា​មួយ នឹង​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​ព្រះ » ។6

នៅក្នុង​សង្គម​ដ៏​អសីលធម៌​នៅ​ជំនាន់​មរមន លោក​មាន​ទុក្ខព្រួយ ដែល​ស្ដ្រី​ត្រូវបាន​គេ​ប្លន់​យក​នូវ​អ្វី​ដែល​មាន​តម្លៃ និង វិសេស​បំផុត​លើ​អ្វីៗ​ទាំងអស់—គឺ​គុណធម៌ និង ព្រហ្មចារីភាព ។7

ជាថ្មី​ទៀត ខ្ញុំ​សូម​រំឭក​ពី​ការហៅ​ឲ្យ​ត្រឡប់​មក​កាន់​គុណធម៌​វិញ ។ គុណធម៌​ជា​កម្លាំង និង អំណាច​នៃ​បុត្រី​នៃ​ព្រះ ។ តើ​ពិភពលោក​នឹង​ទៅជា​យ៉ាងណា​បើ​គុណធម៌—ដែល​ជា​គំរូ​នៃ​ការគិត និង ការប្រព្រឹត្ត​ដែល​ផ្អែកលើ​បទដ្ឋាន​ដ៏​ខ្ពស់​ខាង​សីលធម៌​នោះ រួម​ទាំង​ច្បាប់​ព្រហ្មចារី​ភាព​8—ត្រូវបាន​ធ្វើ​ឲ្យ​ដូច​ដើម​វិញ​នៅក្នុង​សង្គម​យើង ជា​តម្លៃ​ដ៏​ខ្ពស់​បំផុត​នោះ ? បើ​ភាពអសីលធម៌ រូប​អាសគ្រាម និង ការរំលោភ​បំពាន​ថយចុះ នោះ​​ការ​បែកបាក់​ក្នុងអាពាហ៍ពិពាហ៍​ ជីវិត និង ដួងចិត្ត​ខ្ទេចខ្ទាំ​ នឹង​មាន​កាន់តែ​តិច​ទេ ? តើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​ធ្វើ​ឲ្យ​ថ្លៃថ្នូរ និង​ជាលទ្ធភាព​ ជាង​ការ​បដិសេធ​​ និង ការ​បន្ទាប​តម្លៃ​បុត្រី​ដ៏​មាន​តម្លៃ​នៃ​ព្រះ​ឬទេ ? បើ​មនុស្ស​ទាំងអស់​ពិតជា​យល់​ពី​សារសំខាន់​នៃ​សេចក្ដី​ថ្លែង​ដែល​ថា « យើង​ជា​បុត្រី​នៃ​ព្រះវរបិតាសួគ៌​របស់​យើង » នោះ​តើ​ស្ត្រី​ត្រូវបាន​គោរព និង ប្រព្រឹត្ត​ល្អ​ដល់ឬ​ទេ ?

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅហើយ ពេល​ដែល​មជ្ឈមណ្ឌល​សន្និសីទ​នេះ កំពុង​សាងសង់ និង ជិត​សង់​ហើយ ខ្ញុំ​បាន​ចូល​ក្នុង​អគារ​ដ៏​ពិសិដ្ឋ​នេះ នៅ​ជាន់​ឡៅតើ ដោយ​ពាក់​មួកដែក និង វែនតា​សុវត្ថិភាព ត្រៀម​រួច​ជា​ស្រេច​ដើម្បី​បូម​កម្រាល​ព្រំ ដែល​ស្វាមី​ខ្ញុំ​បាន​ជួយ​ក្រាល ។ កន្លែង​វេទិកា​នៅ​សព្វថ្ងៃ​នេះ មាន​ត្រាក់ទ័រ​បូម​ធូលី​មួយ ហើយ​ធូលី​នៅក្នុង​អគារ​នេះ​គឺមាន​កម្រាស់​​ក្រាស់​ណាស់ ។ ពេល​ព្រំ​ក្រាល​រួចរាល់ ក៏​មាន​ធូលី​ដ៏​ក្រាស់​ដូច្នោះ​នៅ​លើ​កម្រាល​ព្រំ​ថ្មី​នោះ ។ ផ្នែក​របស់​ខ្ញុំ​គឺ​ត្រូវ​បូម​ធូលី ។ ដូច្នេះ​ខ្ញុំ​បាន​បូម​ធូលី បូម​ធូលី ហើយ​ បូម​ធូលីទៀត​ ។ បី​ថ្ងៃ​ក្រោយ​មក ម៉ាស៊ីន​បូម​ធូលី​ដ៏​តូច​របស់​ខ្ញុំ លែង​ដំណើរការ !

រសៀល​មុនពេល​សន្និសីទ​ទីមួយ​ដែល​ធ្វើ​ឡើង​ក្នុង​អគារ​ដ៏​ស្រស់​ស្អាត​នេះ ស្វាមី​ខ្ញុំ​បាន​ទូរស័ព្ទ​មក​ខ្ញុំ ។ គាត់​បម្រុង​នឹង​ក្រាល​កម្រាល​ព្រំ​ចុងក្រោយ—គឺ​ក្រាល​នៅក្រោម​វេទិកា​ដ៏​ប្រវត្តិសាស្ត្រ​នេះ ។

គាត់​បាន​សួរ​ថា « តើ​បង​គួរ​សរសេរ​ខ​គម្ពីរ​ណា នៅ​ខាងក្រោម​កម្រាលព្រំ​នេះ ? »

ហើយ​ខ្ញុំ​បានតប​ថា « ម៉ូសាយ 18:9 ៖ ‹ ឈរ​ជា [ សាក្សីម្នាក់ ] ដល់​ព្រះ នៅគ្រប់​ពេល និង គ្រប់​សេចក្ដី និង គ្រប់​ទីកន្លែង › » ។

ក្នុង​ពិភពលោក​ដ៏​លំបាក​ក្រៃលែងនេះ នោះ​ជា​អ្វី​ដែលខ្ញុំ​មើល​ឃើញ​​យុវនារី និង ស្ដ្រី​ទាំងអស់​នៃ​សាសនាចក្រ​នេះ​កំពុង​ធ្វើ ។ ពួកគេ​ជា​ឥទ្ធិពល​សម្រាប់​ការណ៍​ល្អ ។ ពួកគេ​ប្រកប​ដោយ​គុណធម៌ និង ជា​គំរូ ឈ្លាសវៃ និង ឧស្សាហ៍ ។ ពួកគេ​កំពុង​បង្កើត​ឲ្យ​មាន​ការផ្លាស់ប្ដូរ ព្រោះ​ពួកគេ​គឺជា​មនុស្ស​ពិសេស ។ ពួកគេ​កំពុង​ធ្វើ​យ៉ាងល្អ​នូវ​ផ្នែក​របស់​គេ ។

ច្រើន​ឆ្នាំ​កន្លង​មក ពេល​ខ្ញុំ​កំពុង​បូម​ធូលី​លើ​កម្រាល​ព្រំ​នេះ—ដោយ​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​លើ​ផ្នែក​ដ៏​តូច​របស់​ខ្ញុំ—នោះ​ខ្ញុំ​មិនបាន​ដឹង​ទេ​ថា ថ្ងៃមួយ​ខ្ញុំ​នឹង​ឈរ​លើ​កម្រាល​ព្រំ​ខាងក្រោម​វេទិកា​នេះទេ ។

ថ្ងៃ​នេះ ដោយ​ជា​បុត្រី​នៃ​ព្រះ ខ្ញុំ​ឈរ​ជា​សាក្សី​ម្នាក់ ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ។ ទ្រង់​ជា​អង្គ​ប្រោសលោះ​យើង ។ គឺ​តាមរយៈ​ការលះបង់​ដ៏​គ្មាន​ទីបញ្ចប់ និង ដ៏​ធួន​របស់​ទ្រង់ ដែល​ខ្ញុំ​នឹង​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ទ្រង់​វិញ​នៅ​ថ្ងៃមួយ—ដោយ​បាន​បង្ហាញ​ថា បរិសុទ្ធ និង បាន​ផ្សារភ្ជាប់​ក្នុង​គ្រួសារ​អស់កល្ប​មួយ ។ ខ្ញុំ​នឹង​តែងតែ​តម្កើង​ទ្រង់ សម្រាប់​ឯកសិទ្ធិ​ដែល​កើត​ជា​ស្ត្រី ភរិយា និង ម្ដាយ​ម្នាក់ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា យើង​ត្រូវបាន​ដឹកនាំ​ដោយ​ព្យាការី​នៃ​ព្រះ គឺ​ប្រធាន ថូម៉ាស អេស ម៉នសុន ហើយ​ខ្ញុំ​មាន​អំណរគុណ​សម្រាប់​បុរស​សុចរិត​ទាំងឡាយ ដែល​អំណាច​បព្វជិតភាព​របស់​ពួកគាត់​ផ្ដល់​ពរ​ដល់​ជីវិត​ខ្ញុំ ។ ហើយ​ខ្ញុំ​នឹង​តែងតែ​មាន​អំណរគុណ​សម្រាប់​កម្លាំង ដែល​ខ្ញុំ​ទទួល​តាមរយៈ​អំណាច​ដែល​ធ្វើ​ឲ្យ​អ្វីៗ​អាច​កើត​ឡើង​បាន​នៃ​ដង្វាយធួនដ៏​និរន្តន៍​​របស់​ព្រះអង្គ​សង្គ្រោះ កាលដែល​ខ្ញុំ​បន្ត​ពុះពារ « ធ្វើ​ផ្នែក [ របស់​ខ្ញុំ ] ឲ្យ​ល្អ » ។ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ការ​អភិវឌ្ឍ​ខ្លួន ( កូនសៀវភៅ ឆ្នាំ 2009), ទំព័រ 3 ។

  2. ម៉ូសាយ 18:9 ។

  3. សូមមើល ម៉ាថាយ អូ រីឆាត​សុន «‹ What E‘er Thou Art, Act Well Thy Part’: John Allan’s Albany Crescent Stone » Journal of Mormon History, វ៉ុល 33 (Fall ឆ្នាំ 2007), 31–61; Francis M. Gibbons, David O. McKay: Apostle to the World, Prophet of God ( ឆ្នាំ 1986 ), ទំព័រ 45 ។

  4. គោលលទ្ធិ និង សេចក្ដី​សញ្ញា 82:10 ។

  5. ហ្គរដុន ប៊ី ហ៊ិងគ្លី « Standing Strong and Immovable » Worldwide Leadership Training Meeting, ថ្ងៃ​ទី 10 ខែ​មករា ឆ្នាំ 2004, ទំព័រ 21 ។

  6. « ក្រុមគ្រួសារ: ការប្រកាសដល់ពិភពលោក » Ensign Liahona, ខែ​វិច្ឆិកា ឆ្នាំ 2010, ទំព័រ 129 ។

  7. សូមមើល មរ៉ូណៃ 9:9 ។

  8. សូមមើល Young Women Personal Progress, ទំព័រ 70 ។