ឆ្នាំ ២០១០-២០១៩
ចូរ​មាន​ចិត្ត​ស្លូត​បូត ហើយ​សុភាព​រាបសា
តុលា 2013


ចូរ​មាន​ចិត្ត​ស្លូត​បូត ហើយ​សុភាព​រាបសា

ការ​ធ្វើ​ចិត្ត​ស្លូត​ពុំ​មែន​ជា​​កម្សោយ​ទេ វា​ជា​មាយាទ​ល្អ និង មេត្តា​ធម៌ ។

មរមន​បាន​បង្រៀន​ថា​មនុស្ស « ពុំ​អាច​មាន​សេចក្ដី​ជំនឿ និង សេចក្ដី​សង្ឃឹម​ទេ លើកលែង​តែ​អ្នក​នោះ​ស្លូត​បូត ហើយ​សុភាព​រាបសា » ។ 1 លោក​បន្ថែម​ថា « សេចក្ដី​ជំនឿ និង សេចក្ដី​សង្ឃឹម​គឺ​ជា​ការឥត​ប្រយោជន៍​ទៅ​វិញ ត្បិត​គ្មាន​អ្នក​ណា​អាច​បាន​ទៅ​ជា​ទី​គាប់​ចំពោះ​ព្រះ​ឡើយ លើក​លែង​តែ​មនុស្ស​ស្លូត​បូត ហើយ​សុភាព​រាបសា​ប៉ុណ្ណោះ » ។ 2

ភាព​ស្លូតបូត​ជា​គុណ​សម្បត្តិ​អស់​អ្នក​ដែល « កោត​ខ្លាច​ព្រះ សុចរិត រាបទាប ចុះចូល និង ទ្រាំ​ការ​ឈឺចាប់ » ។ 3 អស់​អ្នក​មាន​ចំណុច​ទាំង​នេះ ចង់​ធ្វើ​តាម​ព្រះគ្រីស្ទ ហើយ​និស្ស័យ​គេ​គឺ​ស្ងប់​ស្ងាត់ ស្លូត ត្រា​ប្រណី និង​ស្ដាប់​បង្គាប់ ។

សាវក​ប៉ុល​បង្រៀន​ថា ភាព​ស្លូត​បូត​ជា​ផ្លែ​ផ្កា​ព្រះ​វិញ្ញាណ ។ 4 ដូច្នេះ វា​ស្រួល​ធ្វើ​បាន​ណាស់​បើ​យើង « រស់​ដោយ​ព្រះ​វិញ្ញាណ »5 ហើយ​រស់​តាម​ព្រះវិញ្ញាណ ដែល​របៀប​រស់នៅ​ត្រូវ​តែ​បង្ហាញ​ថា​សុចរិត​ចំពោះ​ព្រះ ។

ពេល​យើង​ដាក់​លើ​ខ្លួន​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ទ្រង់​រំពឹង​ថា​យើង​ប្រឹង​ធ្វើ​ឲ្យ​ដូច​ទ្រង់ និង ប្ដូរ​លក្ខណៈ​យើង​ឲ្យ​ដូច​ទ្រង់​រាល់​ថ្ងៃ ។ ព្រះ​សង្គ្រោះ​រំឭក​ពួក​សិស្ស​ថា « ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ដូច​ជា​ព្រះ​វរបិតា​នៃ​អ្នក​ដែល​គង់​នៅ​ស្ថាន​សួគ៌​ទ្រង់​គ្រប់​លក្ខណ៍​ដែរ » ។ 6 បើ​យើង « មក​រក​ព្រះ​គ្រីស្ទ ... ចូរ​លះ​អំពើ​បាប​ពី [ ខ្លួន​យើង ] ចេញ ... ហើយ​ស្រឡាញ់​ព្រះ ‍» នោះ​ព្រោះ​តែ​ព្រះគុណ​អ្នក​នឹង​បាន​គ្រប់​លក្ខណ៍ ។ 7

« ចរិក​ដូច​ព្រះគ្រីស្ទ​ជា​អំណោយ​ពី​ព្រះ ។ [ ចរិក​នេះ ] មាន​ពេល [ យើង ] ប្រើ​សិទ្ធិ [ យើង ] ត្រឹមត្រូវ ។ ដោយ​ចិត្ត​គោរព​ព្រះ [ យើង​ត្រូវ ] ទទួល​ស្គាល់ កម្សោយ [ យើង ] ហើយ​មាន​ចិត្ត​ចង់​ពង្រឹង​កម្សោយ​នោះ » ។ 8

ភាព​ស្លូត​បូត​គឺ​សំខាន់​ដើម្បី​ប្រែ​ដូច​ព្រះគ្រីស្ទ ។ បើ​គ្មាន​វា​ទេ យើង​ពុំ​អាច​បង្កើន​គុណធម៌​សំខាន់​ផ្សេង​ទៀត​ឡើយ ។ ការ​ធ្វើ​ចិត្ត​ស្លូត​ពុំ​មែន​ជា​កម្សោយ​ទេ វា​ជា​មាយាទ​ល្អ និង មេត្តា​ធម៌ បង្ហាញ​ជំហរ ភាព​ស្ងប់ តម្លៃ និង ការគ្រប់គ្រង​ខ្លួន​យ៉ាង​ល្អ ។

ភាព​ស្លូត​បូត​ជា​លក្ខណៈ​ពេញ​លេញ​មួយ​ក្នុង​ជីវិត​ព្រះ​សង្គ្រោះ ។ ទ្រង់​ផ្ទាល់​បង្រៀន​ពួក​សិស្ស​ថា « ចូរ​រៀន​នឹង​ខ្ញុំ​ចុះ ត្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព » ។ 9

ទ្រង់​ប្រទាន​ពរ​យើង​ឲ្យ​កើត​មក​ជាមួយ​គ្រាប់​ពូជ​នៃ​ភាព​ស្លូត​បូត​​ក្នុង​ចិត្ត ។ យើង​ត្រូវ​យល់​ថា វា​ពុំ​អាច​បណ្ដុះ និង វិវឌ្ឍន៍​គ្រាប់​ពូជ​នោះ​បាន​ភ្លាមៗ​ទេ ប៉ុន្តែ​ត្រូវ​ការពេល​ច្រើន ។ ព្រះ​គ្រីស្ទ​ទូន្មាន​យើង​ឲ្យ « លី​ឈើ​ឆ្កាង [ យើង ] ជា​និច្ច » 10 មាន​ន័យ​ថា ត្រូវតែ​ជា​ការ​យក​ចិត្ត​ទុក​ដាក់ និង​បំណង​ប្រាថ្នា​ឥត​ឈប់​ឈរ ។

ប្រធាន ឡូរែនសូ ស្នូ ជា​ព្យាការី​ទី​ប្រាំ​បង្រៀន​ថា « វា​ជា​មុខងារ​យើង​ដែល​ត្រូវ​ខំ​ឲ្យ​បាន​គ្រប់​លក្ខណ៍ … កែលំអ​រាល់​ថ្ងៃ គិត​ពី​អ្វី​ដែល​ធ្វើ​ហើយ​សប្ដាហ៍​មុន ហើយ​ធ្វើ​កាន់តែ​ល្អ​សប្ដាហ៍​នេះ កាន់តែ​ល្អ​ថ្ងៃ​នេះ​ជាង​ថ្ងៃ​ម្សិល » ។ 11 ដូច្នេះ ជំហាន​ដំបូង​ដើម្បី​មាន​ចិត្ត​ស្លូត ​គឺ​ត្រូវ​ចម្រើន​រាល់​ថ្ងៃ ។ រាល់​ថ្ងៃ​យើង​ត្រូវ​ខំ​ឲ្យ​បាន​ប្រសើរ​ជាង​អតីតកាល ដោយ​ឆ្ពោះ​ទៅ​មុខ​តាម​ដំណើរការ​នេះ ។

ប្រធាន ស្នូ បាន​បន្ថែម​ថា ៖

« យើង​មាន​ភាព​ល្ងង់ខ្លៅ និង កម្សោយ​ខ្លះ ដែល​គួរ​ខំ​យក​ឈ្នះ​ឲ្យ​បាន​ឆាប់ ហើយ … គួរ [ ដាក់ ] អារម្មណ៍​នេះ​ទៅ​ក្នុង​ចិត្ត​នៃ​កូនៗ​យើង … ដែល​គេ​អាច​រៀន [ ប្រព្រឹត្ត ] យ៉ាង​ល្អ​ចំពោះ​ទ្រង់​គ្រប់​កាលៈទេសៈ ។

« បើ​ស្វាមី​អាច​រស់​ជាមួយ​ភរិយា​មួយ​ថ្ងៃ​ដោយ​គ្មាន​ជំលោះ ឬ ធ្វើ​បាប ឬ ធ្វើ​ឲ្យ​ព្រះ​វិញ្ញាណ​មួរហ្មង​ទេ …  រាប់​ថា ​គាត់​គ្រប់​លក្ខណ៍​ហើយ ។ សូម​ឲ្យ​គាត់​ខំ​ធ្វើ​ដដែល​នៅ​ថ្ងៃ​ក្រោយ​ទៀត ។ ប៉ុន្តែ ឧបមា​ថា​ គាត់​បរាជ័យ​នៅ​ថ្ងៃ​ក្រោយ នោះ​ពុំ​មាន​ហេតុផល​ណា​ដែល​ថា ​គាត់​ពុំ​ជោគជ័យ​នៅ​ថ្ងៃ​ទី​បី​នោះ​ទេ » ។ 12

ផ្អែក​លើ​ការទទួល​យក​ការបូជា និង ការ​លះបង់ នោះ​ព្រះ​នឹង​ប្រទាន​អ្វី​ដែល​យើង​ពុំ​អាច​ទទួល​យក​បាន​ព្រោះ​តែ​ភាព​មិន​គ្រប់​លក្ខណ៍ និង កម្សោយ​នៃ​មនុស្ស ។

ជំហាន​សំខាន់​មួយ​ទៀត​ដើម្បី​មាន​ចិត្ត​ស្លូត ​គឺ​រៀន​របៀប​គ្រប់គ្រង​កំហឹង ។ ព្រោះ​និស្ស័យ​របស់​មនុស្ស​ដែល​យើង​ម្នាក់ៗ​មាន ហើយ​ព្រោះ​យើង​រស់​ក្នុង​ពិភព​មួយ​ពេញ​ដោយ​សម្ពាធ នោះ​ការគ្រប់គ្រង​កំហឹង​អាច​នឹង​ជា​ឧបសគ្គ​មួយ​ក្នុង​ជីវិត ។ សូម​គិត​បន្តិច ថា​តើ​អ្នក​នឹង​មាន​ប្រតិកម្ម​ដូច​ម្ដេច ​កាល​នរណា​ម្នាក់​ពុំ​ធ្វើតាម​បំណង​ដែល​អ្នក​ចង់​បាន​នោះ ។ ចុះ​បើ​មនុស្ស​បដិសេធ​គំនិត​អ្នក ទោះ​បី​អ្នក​ប្រាកដ​ថា វា​ពិត​ជា​ដំណោះ​ស្រាយ​ពិត​មែន​នោះ ? តើ​អ្នក​តបត​ដូចម្ដេច​ពេល​មនុស្ស​ម្នាក់​ធ្វើ​ខុស ទិតៀន​ការស្វិតស្វាញ ឬ ឃោរឃៅ​ដោយ​ហេតុ​តែ​អារម្មណ៍​មិន​ល្អ ។ នៅ​គ្រា​នេះ និង ស្ថានភាព​លំបាក​ផ្សេង​ៗទៀត យើង​ត្រូវ​គ្រប់គ្រង​កំហឹង និង ប្ដូរ​អារម្មណ៍​ដោយ​ការអត់ធ្មត់ និង អន្ទង ។ ការណ៍​នេះ​សំខាន់​ណាស់នៅ​ក្នុង​ផ្ទះ និង ទំនាក់​ទំនង​ជាមួយ​ដៃ​គូ​អស់​កល្ប ។ ខ្ញុំ​រៀបការ​នឹង​ភរិយា​សំណប់​ចិត្ត​ខ្ញុំ អស់ 31 ឆ្នាំ​ហើយ គាត់​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ការក្រើន​រំឭក « ផ្អែមល្អែម » ពេល​យើង​ត្រូវ​ប្រឈម​មុខ​នឹង​ឧបសគ្គ​នៃ​ជីវិត ។

ចំណោម​ការណែនាំ​ក្នុង​សំបុត្រ​ទី​ពីរ​ដល់​ពួក​ធីម៉ូថេ សាវក​ប៉ុល​ថ្លែង​ថា ៖

« ក៏​មិន​គួរ​ឲ្យ​បាវ​បម្រើ​នៃ​ព្រះអម្ចាស់​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គួរ​ឲ្យ​បាន​ចិត្ត​សុភាព​រាបសា​ដល់​មនុស្ស​ទាំង​អស់​វិញ ត្រូវ​ប្រសប់​ក្នុង​ការបង្រៀន ទាំង​មាន​ចិត្ត​អត់ធ្មត់​ផង

« ត្រូវ​ប្រដៅ​តម្រង់​មនុស្ស​ដែល​ទទឹង​ទទែង​ដោយ​មាន​ចិត្ត​សុភាព ក្រែង​ព្រះ​ទ្រង់​នឹង​បណ្ដាល​ឲ្យ​គេ​ប្រែ​ចិត្ត​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត​វិញ

« ហើយ​គេ​នឹង​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ដោយ​ខ្លួន​គេ » ។ 13

តាម​ការ​គ្រប់​គ្រង់​ប្រតិកម្ម​យើង រក្សា​ភាព​នឹងធឹង និង ចេះ​ប្រមាណ ហើយ​ចៀស​ពី​ទំនាស់ នោះ​យើង​ចាប់​ផ្ដើម​សម​នឹង​ទទួល​បាន​ចិត្ត​ស្លូត​បូត ។ ប្រធាន ហិនរី ប៊ី អាវរិង ថ្លែង​ថា « ពេល​យើង​គ្រប់គ្រង​កំហឹង​ដោយ​ជំនឿ និង ជំនះ​អំនួត នោះ​ព្រះ​វិញ្ញាណ​អនុលោម ហើយ​សន្យា​ពិសិដ្ឋ និង ក្ដី​សញ្ញា​ក្លាយ​ជា​ការពិត » ។ 14

ជំហាន​មួយ​ទៀតដើម្បី​មាន​ចិត្ត​ស្លូត​គឺ បន្ទាប​ខ្លួន ។ ព្រះ​បាន​ណែនាំ ថូម៉ាស ប៊ី ម៉ាស តាម​រយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ថា « ចូរ​មាន​ចិត្ត​រាបសា ហើយ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​នឹង​ដឹក​ដៃ​អ្នក ហើយ​ប្រទាន​ចម្លើយ​ដល់​បទ​អធិស្ឋាន​ទាំងឡាយ​របស់​អ្នក » ។ 15

បងប្អូន​​ប្រុស្រី ខ្ញុំ​ជឿ​ថា​មាន​តែ​អ្នក​ដែល​បន្ទាប​ខ្លួន​ទើប​អាច​ស្គាល់ ហើយ​យល់​ពី​ចម្លើយ​នៃ​ព្រះ​ដល់​ការអធិស្ឋាន​របស់​ខ្លួន ។ ពួករាបសា​គឺ​ចុះចូល ទទួល​ថា​គេ ត្រូវ​ពឹង​ផ្អែក​ព្រះ​ប៉ុណ្ណា និង ចង់​ធ្វើ​តាម​ព្រះ​ឆន្ទៈ​ទ្រង់ ។ ពួក​រាបសា​គឺ ស្លូត​បូត និង អាច​មាន​ឥទ្ធិពល​លើ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ធ្វើ​ដូច​គ្នា ។ ព្រះ​សន្យា​ពួក​រាបសា​ថា​ទ្រង់​នឹង​ដឹក​ដៃ​គេ​ដោយ​ព្រះហស្ថ​ទ្រង់ ។ ខ្ញុំ​ជឿ​ប្រាកដ​ថា​យើង​នឹង​ចៀស​ការខកខាន និង ទុក្ខសោក​ក្នុង​ជីវិត​ដរាប​យើង​ដើរ​ដោយ​កាន់​ព្រះហស្ថ​ព្រះ ។

បទពិសោធន៍​ដ៏​ល្អ​មួយ​នៃ​ភាព​ស្លូត​បូត ដែល​ខ្ញុំ​ស្គាល់​នៅ​ជំនាន់​ថ្មី​នេះ គឺ​ការផ្លាស់​ប្រែ​ចិត្ត​របស់​បងប្រុស ម៉ូសេ ម៉ាឡាងហ្គូ ។ ការផ្លាស់​ប្រែ​ចិត្ត​គាត់​ផ្ដើម​នៅ​ឆ្នាំ​1964 ពេល​គាត់​ទទួល​បាន​ព្រះគម្ពីរ​មរមន​មួយ​ក្បាល ។ គាត់​បាន​ជាប់​ចិត្ត កាល​គាត់​អាន​វា ហើយ​រហូត​ដល់​ដើម​ទសវត្ស​ទី 70 ទើប​គាត់​បាន​ឃើញ​ស្លាក​ឈ្មោះ​ព្រះ​វិហារ​លើ​អគារ​មួយ​ពេល​គាត់​ដើរ​តាម​ផ្លូវ​នៅ យ៉ូហានណេសប៊ឺក អាហ្វ្រិក​ខាង​ត្បូង ។ បងប្រុស ម៉ាឡាងហ្គូ បាន​ចង់​ដឹង ហើយ​ដើរ​ចូល​ក្នុង​អគារ​រៀន​បន្ថែម​ពី​សាសនាចក្រ ។ គេ​ប្រាប់​គាត់​ថា គាត់​ពុំ​អាច​ចូលរួម​សកម្មភាព ឬ ជ្រមុជ​ទឹក​បាន​ទេ​ ព្រោះ​តែ​ច្បាប់​ក្នុង​ប្រទេស នៅ​គ្រា​នោះ​ពុំ​អនុលោម ។

គាត់​បាន​ទទួល​ការណ៍​នោះ​ដោយ​ស្លូត រាបសា និង ពុំ​តូច​ចិត្ត​ឡើយ តែ​បន្ត​ចំណង់​រៀន​បន្ថែម​ពី​សាសនាចក្រ ។ គាត់​បាន​សុំ​អ្នក​ដឹកនាំ​សាសនាចក្រ​ឲ្យ​ចំហរ​បង្អួច​សាល​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​ដើម្បី​គាត់​អាច​អង្គុយ​ស្ដាប់​ពី​ខាង​ក្រៅ ។ អស់​ពេល​ច្រើន​ឆ្នាំ គ្រួសារ និង​មិត្តភ័ក្តិ​បងប្រុស ម៉ាឡាងហ្គូ ​ចូល​រួម​ព្រះវិហារ​ទៀងទាត់ « តាម​បង្អួច » ។ ថ្ងៃ​មួយ​ក្នុង​ឆ្នាំ​1980 គាត់​អាច​ចូល​រួម​សាសនាចក្រ និង ជ្រមុជ​ទឹក​បាន ។ វា​ជា​ទិវា​ដ៏​នក្ខត្តឫក្ស​ណាស់​ហ្ន៍​សម្រាប់​បងប្រុស ម៉ាឡាងហ្គូ ។

ក្រោយ​មក​សាសនាចក្រ​បាន​បង្កើត​សាខា​មួយ​នៅ​ក្បែរ​ផ្ទះ​គាត់​នៅ សូវ៉េតូ ។ ការណ៍​នេះ​អាច​ទៅ​រួច​ដោយ​សារ ​តែ ​ការប្ដេជ្ញា ក្ដី​ក្លាហាន និង ភាព​ស្មោះត្រង់​នៃ​មនុស្ស​ដូច​បងប្រុស ម៉ាឡាងហ្គូ ដែល​នៅ​តែ​ស្មោះត្រង់​អស់​ពេល​ច្រើន​ឆ្នាំ​ក្នុង​គ្រា​លំបាក ។

មិត្តភ័ក្តិ​របស់​បង​ប្រុស ម៉ាឡាងហ្គូ ដែល​ចូលរួម​សាសនាចក្រ​នៅ​ពេល​នោះ​ដែរ បាន​តំណាល​រឿង​នេះ​ដល់​ខ្ញុំ​ពេល​ខ្ញុំ​សួរ​សុខ​ទុក្ខ​ស្តេក សូវ៉េតូ ។ កាល​បញ្ចប់​ការ​សន្ទនា​គ្នា គាត់​បាន​ឱប​ខ្ញុំ ។ បងប្អូនប្រុស​ស្រី​ ខណៈ​នោះ​ខ្ញុំ​មាន​អារម្មណ៍​ហ៊ុមព័ទ្ធ​ដោយ​ក្ដី​ស្រឡាញ់​ព្រះ​សង្គ្រោះ ។ ភាព​រាបសា​បាន​ភាយ​ចេញ​ពី​ខ្សែ​ភ្នែក​បងប្រុស​ដ៏​ប្រពៃ​រូប​នេះ ។ ដោយ​ចិត្ត​ពេញ​ដោយ​ការណ៍​ល្អ និង កតវេទិតា​ជ្រាលជ្រៅ គាត់​សុំ​ឲ្យ​ខ្ញុំ​ជម្រាប​ប្រធាន ថូម៉ាស អេស ម៉នសុន ថា​គាត់ និង មនុស្ស​ច្រើន​ទៀត​មាន​អំណរគុណ និង បាន​ប្រទាន​ពរ​ឲ្យ​ប៉ុណ្ណា​សម្រាប់​ការ​ស្គាល់​ដំណឹង​ល្អ​ក្នុង​ជីវិត ។ គំរូ​ភាព​រាបសា​នៃ​បងប្រុស ម៉ាឡាងហ្គូ និង មិត្ត​គាត់​មាន​អានុភាព​លើ​មនុស្ស​ជា​ច្រើន ជា​ពិសេស​ជីវិត​ខ្ញុំ ។

បងប្អូន​ប្រុស​ស្រី ខ្ញុំ​ជឿ​ថា​ព្រះ​គ្រីស្ទ​ជា​គំរូ​អស្ចារ្យ​នៃ​ភាព​រាបសា ។ សូម្បី​តែ​អំឡុង​នាទី​ចុង​ក្រោយ​នៃ​ជីវិត​លើ​ផែនដី​ទ្រង់ ដែល​ត្រូវ​ចោទ​ប្រកាន់ និង ធ្វើ​ទុក្ខ​យ៉ាង​ខ្លោច​ផ្សា​ដោយ​លី​ឈើ​ឆ្កាង​ឆ្ពោះ​ទៅ គាល់កូថា ត្រូវ​គេ​ចំអក ប្រមាថ ត្រូវ​គេ​បោះបង់​ដោយ​មនុស្ស​ជា​ច្រើន​ដែល​ស្គាល់ និង ធ្វើ​បន្ទាល់​ដល់​អព្ភូតហេតុ ត្រូវ​គេ​ដំ​ដែក​គោល​នៅ​លើ​ឈើ​ឆ្កាង​យ៉ាង​ណា​ក្ដី ។

សូម្បី​បន្ទាប់​ពី​ការឈឺ​ចាប់​បំផុត​ខាង​សាច់ឈាម ព្រះ​គ្រីស្ទ​បាន​ងាក​ទៅ​ព្រះ​បិតា ហើយ​បាន​ថ្លែង​ពី​ជម្រៅ​ចិត្ត​ស្លូត​បូត​ទន់ទាប​ថា ៖ « ឱ​ព្រះ​វរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ត្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ » ។ 16 ព្រះ​គ្រីស្ទ​ប្រឈម​មុខ​ការឈឺ​ចាប់​ខាង​សាច់ឈាម និង វិញ្ញាណ​ក្រៃលែង​ដែល​ផ្ដល់​ឱកាស​ឲ្យ​យើង​ប្ដូរ​លក្ខណៈ​ខាង​វិញ្ញាណ និង ប្រែ​ជា​ស្លូតបូត​ដូច​ទ្រង់ ។

ខ្ញុំ​សូម​ធ្វើ​សាក្សី​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ជា ព្រះ​សង្រ្គោះ ។ ខ្ញុំ​សូម​ថ្លែង​ទៅ​អ្នក​ថា អំណរគុណ​ចំពោះ​ក្ដី​ស្រឡាញ់​ទ្រង់​អាច​ផ្លាស់​ប្ដូរ​យើង ។ យើង​អាច​ទុក​ភាព​ទន់​ខ្សោយ​ចោល ។ យើង​អាច​ទប់ទល់​ឥទ្ធិពល​អាក្រក់ គ្រប់គ្រង​កំហឹង ប្រែ​ជា​ស្លូត និង បង្កើន​លក្ខណៈ​នៃ​ព្រះ​គ្រីស្ទ ។ ទ្រង់​បាន​បង្ហាញ​ផ្លូវ​ហើយ ។ ទ្រង់​ធ្វើ​ជា​គំរូ​ឥតខ្ចោះ និង បញ្ញត្តិ​គ្រប់​គ្នា​ឲ្យ​ប្រែក្លាយ​ដូច​ទ្រង់ ។ ការអញ្ជើញ​គឺ​ឲ្យ​ធ្វើ​តាម​ទ្រង់ និង គំរូ​ទ្រង់​ហើយ​ក្លាយ​ដូច​ជា​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​នៃ​ការពិត​នេះ ក្នុង​ព្រះ​នាម​ពិសិដ្ឋ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។