ឆ្នាំ ២០១០-២០១៩
រុំរបួស​ពួកគេ
តុលា 2013


រុំរបួស​ពួកគេ

ខ្ញុំ​អធិស្ឋាន​ថា យើង​អាច​រៀបចំខ្លួន​យើង​ដើម្បី​ផ្ដល់​ការ​បម្រើ​បព្វជិតភាព​ អ្វី​ក៏​ដោយ​ដែល​ព្រះអម្ចាស់​បាន​ដាក់នៅ​ចំពោះ​មុខ​យើង ក្នុង​ដំណើរ​ជីវិត​រមែង​ស្លាប់​យើង។

យើងទាំងអស់គ្នា​មាន​ពរ ដោយ​មាន​ទំនួលខុសត្រូវ​មើលថែ​អ្នកដទៃ។ ការ​កាន់បព្វជិតភាព​ព្រះ ​គឺការ​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ​សម្រាប់​ជីវិត​អស់កល្ប​នៃ​កូនចៅទ្រង់។ នោះ​ជា​ការ​ពិតអស្ចារ្យ ហើយពេល​ខ្លះ​អាច​មាន​អារម្មណ៍​ស្មុគស្មាញ ។

នៅ​យប់នេះ​មាន​ប្រធាន​កូរ៉ុម​អែលឌើរ​ជាច្រើន​ កំពុង​ស្ដាប់​ដែល​ដឹង​ពីអ្វី​ដែល​ខ្ញុំ​និយាយ។ នេះ​ជាអ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​មា្នក់​ក្នុង​ចំណោម​អ្នករាល់​គ្នា ។ វា​ប្រហែល​ជា​កើត​ឡើង​ចំពោះ​អ្នករាល់គ្នា​ជាច្រើន---ហើយ​ច្រើនដង។ ការ​លម្អិត​ប្រហែល​ជាខុស​គ្នា តែ​ស្ថានភាព ​គឺតែ​មួយ។

មាន​អែលឌើរ​ម្នាក់​ដែល​អ្នក​ពុំ​សូវស្គាល់​បាន​សុំឲ្យ​អ្នកជួយ ។ គាត់​ទើប​ដឹង​ថា គាត់​ត្រូវ​នាំ​ភរិយា និង​កូនប្រុស​តូចចេញ​ពី​ផ្ទះ​ដែល​ពួកគេ​កំពុង​រស់នៅ ​ទៅ​ផ្ទះ​មួយ​ទៀត​ក្បែរ​នោះ​នា​ថ្ងៃ​នេះ។

គាត់ និង​ភរិយា​គាត់បាន​សុំខ្ចី​ឡាន​មិត្ត​គេម្នាក់​ដើម្បី​ដឹក​គ្រួសារ និង​របស់របរ​ពួកគេ​សម្រាប់​ថ្ងៃ​នោះ​រួច​ហើយ ។ មិត្តនោះ​បាន​ឲ្យ​ឡាន​ពួកគេ​ខ្ចី ។ ឪពុក​វ័យក្មេង​នោះ ​បាន​ចាប់ផ្ដើម​លើក​ឥវ៉ាន់​ដាក់​ក្នុង​ឡាន តែ​ប៉ុន្មាន​នាទី​ក្រោយ​មក ខ្នង​របស់​គាត់​ក៏​ឈឺ ។ មិត្ត​ដែល​បាន​ឲ្យ​ខ្ចី​ឡាន​ ក៏​បាន​ជួយ​យ៉ាង​មមាញឹក​ដែរ ។ ឪពុក​វ័យក្មេង​នោះ ​មាន​ការ​ព្រួយ​បារម្ភ ។ គាត់​គិត​ដល់​អ្នករាល់​គ្នា ជា​ប្រធាន​កូរ៉ុមអែលឌើរ​គាត់ ។

លុះ​ដល់​ពេល​គាត់សុំ​ជំនួយ គឺ​ពេល​ថ្ងៃ​ត្រង់​ហើយ ។ វា​ជាថ្ងៃ​នៃ​ការ​ប្រជុំ​សាសនាចក្រ​ពេល​ល្ងាច ។ អ្នក​បាន​សន្យា​ជួយ​ភរិយា​អ្នក​ធ្វើ​កិច្ចការ​ផ្ទះ​នៅថ្ងៃ​នោះ ។ កូនអ្នក​បាន​សុំ​ឲ្យ​អ្នក​ធ្វើ​អ្វី​មួយ​នឹង​ពួកគេ តែពុំ​ទាន់​មាន​ពេល​ធ្វើ​វា​ឡើយ ។

អ្នក​ក៏​បាន​ដឹងថា​សមាជិក​កូរ៉ុម​អ្នក ជាពិសេស​អ្នក​ស្មោះត្រង់​បំផុត ជា​មនុស្ស​ដែល​អ្នក​តែ​ង​ហៅ​ឲ្យ​ជួយ កំពុង​ស្ថិតក្នុង​ស្ថានភាព​ដូចជា​អ្នក​ដែរ ។

ព្រះអម្ចាស់​ជ្រាប​ថា​ អ្នក​នឹង​មាន​ថ្ងៃបែប​នេះ ពេល​ទ្រង់​ហៅ​អ្នក​ក្នុង​តំណែង​នេះ ដូច​នេះ​ទ្រង់​ប្រទាន​រឿង​មួយ​ដើម្បី​លើក​ទឹកចិត្ត​អ្នក ។ វា​ជា​រឿង​ប្រៀបធៀប​មួយ​សម្រាប់​អ្នក​កាន់បព្វជិតភាព​ដ៏​មមាញឹក ។ ពេល​ខ្លះ​យើង​ហៅ​វា​ថា​ ជា​រឿង​នៃ​សាសន៍​សាម៉ារី​ចិត្តល្អ ។ តែ​វា​ពិត​ជា​រឿង​សម្រាប់​អ្នក​កាន់​បព្វជិតភាព​ដ៏​ឆ្នើម​ម្នាក់ក្នុង​ថ្ងៃចុងក្រោយ​ដ៏​មមាញឹក​នេះ ។

រឿង​នោះ​សក្ដិសម​យ៉ាង​ខ្លាំង​នឹង​អ្នក​បម្រើ​បព្វជិតភាព​ម្នាក់​ដ៏​មមាញឹក ។ ត្រូវចាំ​ថា អ្នក​ជា​សាសន៍​សាម៉ារី ហើយ​មិន​មែន​ជា​សង្ឃ ឬ​ពួក​លេវី​ដែល​បាន​ដើរ​ហួស​បុរស​ដែល​មាន​របួស​នោះ​ឡើយ ។

អ្នក​ប្រហែល​ជា​មិន​បាន​គិត​ពី​រឿង​នោះ​ទេ ​ពេល​អ្នក​ជួប​នឹង​ឧបសគ្គ​បែបនេះ ។ តែ​ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ អ្នក​នឹង​គិត ពេល​គ្រា​បែបនេះ​កើត​មាន​ម្ដង​ទៀត ព្រោះ​វា​នឹង​កើត​មាន​យ៉ាង​ប្រាកដ ។

យើង​ពុំ​ត្រូវបាន​ប្រាប់នៅ​ក្នុង​ព្រះគម្ពីរ​ពី​ហេតុផល​ដែល​សាសន៍សាម៉ារី​ធ្វើ​ដំណើ​រ​លើ​ផ្លូវ​ពី​យេរូសាឡិម ទៅ យេរីខូរ ​នោះទេ ។ វា​មិន​ទំនង​ថា​គាត់ដើរ​តែឯងទេ ដោយសារ​គាត់​ដឹងថា​ ពួក​ចោរបាន​រង់ចាំ​អ្នក​ដែល​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នោះ ។ គាត់​បាន​ធ្វើ​ដំណើរ​​ដោយ​គិត​ហ្មត់ចត់ ហើយ​តាម​ប្រពៃណី គាត់​មាន​សត្វ​ជា​ជំនិះ រួមទាំង​ប្រេង និង​ស្រា​មក​តាម​ខ្លួន​ទៀតផង ។

ក្នុង​បន្ទូល​ព្រះអម្ចាស់ សាសន៍​សាម៉ារី​នោះ ពេល​គាត់​បាន​ឃើញ​បុរស​របួស​នោះ គាត់​ក៏​ឈប់​ដោយ​សារ « គាត់​មាន​ចិត្ត​មេត្តា » ។

លើស​ពីចិត្ត​មេត្តាទៅ​​ទៀត គឺ​គាត់​បាន​ធ្វើ​នូវ​ទង្វើរ​នោះ ។ សូម​ចាំ​ជានិច្ច​ពី​ដំណើររឿង​នេះ ៖

« ទើប [ គាត់ ] ចូល​ទៅ​រុំរបួស​ឲ្យ ព្រមទាំង​យក​ប្រេង និង​ស្រា ចាក់លាប រួច​លើក​ដាក់​លើ​សត្វ​ជា​ជំនិះ​របស់​ខ្លួន ដឹកនាំ​ទៅ​ឯ​ផ្ទះ​សំណាក់ ថែទាំ​រក្សា​គាត់ ។

« ស្អែក​ឡើង កាល​គាត់​រៀប​នឹង​ចេញ​ទៅ នោះ​ក៏​យក​ប្រាក់​បួនកាក់​ហុច​ដល់​ម្ចាស់​ផ្ទះ​នោះ ដោយ​ប្រាប់​ថា ចូរ​ថែរក្សា​អ្នក​នេះ​ផង បើ​ជួន​ជា​អ្នក​ចាយ​លើស​ពី​នេះទៅ នោះ​ដល់​ខ្ញុំ​មក​វិញ ខ្ញុំ​នឹង​សង​អ្នក » ។1

អ្នក និង​ពួកអ្នក​កាន់​បព្វជិតភាព​ដែល​បាន​ហៅ​ឲ្យ​ដឹក​នាំ​ អាច​មាន​យ៉ាង​ហោច​ណាស់​នូវ​ការធានា​អះ​អាង​បីយ៉ាង ។ ទី​មួយ ព្រះអម្ចាស់​នឹង​ប្រទាន​ចិត្ត​មេត្តា​ដែល​ទ្រង់​មាន​ចំពោះ​អ្នក​ខ្វះខាត បើ​អ្នក​សូម ។ ទី​ពីរ ទ្រង់​នឹង​ឲ្យ​អ្នកដទៃ​ចូល​រួម​នឹង​អ្នក​ក្នុង​ការ​បម្រើ​អ្នក ដូចជា​ម្ចាស់​ផ្ទះ​សំណាក់​ដែរ ។ ហើយ​ទី​បី ព្រះអម្ចាស់ ក៏​ដូច​ជា​សាសន៍​សាម៉ារី នឹង​ប្រទានឲ្យ​​​ដល់​អ្នក​លើស​ពី​រង្វាន់ ​ដែលបាន​ចូលរួម​ជួយ​ដល់​អ្នក​ខ្វះខាត ។

ក្នុង​នាម​អ្នក​ជា​ប្រធាន​កូរ៉ុម អ្នកទំនង​ជា​បាន​ធ្វើ​ការ​អះអាង​លើស​ពី​ម្តង ។ អ្នក​បាន​សុំ​អ្នក​កាន់​បព្វជិត​របស់​ព្រះអម្ចាស់​ដទៃ​ទៀត​ឲ្យ​ជួយ ដោយ​ជឿជាក់​ថា គេ​នឹង​ឆ្លើយតប​ដោយ​ចិត្ត​មេត្តា ។ អ្នក​មិន​ខ្លាច​នឹង​សុំ​អ្នក​ដែល​បាន​ឆ្លើយតប​ជានិច្ច​កាល​ពី​មុន​ទេ ដោយសារ​អ្នក​បាន​ដឹង​ថា គេមាន​ចិត្ត​មេត្តា​យ៉ាងងាយ ។ អ្នក​បាន​សុំ​ពួកគេ​ដោយ​ដឹង​ថា កាលពី​មុន​គេ​បាន​ទទួល​អារម្មណ៍​ពី​ព្រះទ័យ​មេត្តា​របស់​ព្រះអម្ចាស់ ពេល​គេ​បាន​មក​ជួយ ។ អ្នក​បាន​សុំ​អ្នក​ខ្លះ​ដែល​មាន​បន្ទុក​ធ្ងន់ ដោយ​ដឹង​ថា កាល​មាន​ការ​លះបង់​ធំ នោះ​គេ​នឹង​ទទួល​បាន​ក្ដី​មេត្តា​កាន់តែ​ធំ​ពី​ព្រះអម្ចាស់​វិញ ។ អ្នក​ដែល​ជួយ​កាល​ពី​មុន​មាន​ការ​ដឹង​គុណ​យ៉ាង​ធំធេង​ចំពោះ​ព្រះអម្ចាស់ ។

អ្នក​ប្រហែល​ជា​បាន​បំផុស​គំនិត កុំ​ឲ្យ​សុំ​នរណា​ម្នាក់​ឲ្យ​ជួយ​លើក​ឥវ៉ាន់​ដាក់ឡាន រួច​យក​វា​ចេញ​ពី​ឡានវិញ ។ ក្នុង​នាម​ជា​អ្នក​ដឹកនាំ អ្នក​ស្គាល់​​សមាជិក​កូរ៉ុម​អ្នក និង​គ្រួសារ​គេ​ច្បាស់ ។ ព្រះអម្ចាស់​ស្គាល់​ពួកគេ​យ៉ាង​ឥត​ខ្ចោះ ។

ទ្រង់​ជ្រាប​ថា ភរិយា​នរណា​ដែល​មាន​អារម្មណ៍​ធុញថប់ ដោយសារ​ស្វាមី​ខ្លួន​គ្មាន​ពេល​ធ្វើ​អ្វីដែល​នាង​ត្រូវការ​ ដើម្បី​បំពេញ​ការ​ត្រូវការ​របស់​នាង​នោះ ។ ទ្រង់​ជ្រាប​ថា​ តើ​កូន​ណា​មួយ​ដែល​នឹង​មាន​ពរ​ដោយសារ​ឃើញ​ឪពុក​ខ្លួន​ទៅ​ជួយ​អ្នកដទៃ​ម្ដងទៀត ឬ​បើ​កូននោះ​ ត្រូវការ​អារម្មណ៍​ថា ​ពួកគេ​មាន​តម្លៃ​ចំពោះ​ឪពុក​ខ្លួន​ ល្មម​ឲ្យ​គាត់​ចំណាយ​ពេល​នឹង​ពួកគេ​នៅថ្ងៃ​នោះ ។ តែ​ទ្រង់​ក៏​ជ្រាប​អ្នក​ដែល​ត្រូវការ​ការអញ្ជើញ​ឲ្យ​បម្រើ តែ​មើល​ទៅ​ទំនង​ជា​ ជាមនុស្ស​ពុំ​មាន​ចិត្ត​ចង់​ជួយ​ដែរ ។

អ្នក​មិន​អាច​ស្គាល់​ច្បាស់​ពី​សមាជិក​កូរ៉ុម​អ្នក​នោះ​ទេ តែ​ព្រះ​ស្គាល់ ។ ដូច្នេះ ដូច​អ្នក​បាន​ធ្វើ​ជា​ច្រើន​លើក​មក​ហើយ អ្នក​បាន​អធិស្ឋាន​ដើម្បី​ស្គាល់​អ្នក​ដែល​ត្រូវ​សុំ​ឲ្យ​ជួយ​បម្រើ​អ្នកដទៃ ។ ព្រះអម្ចាស់​ស្គាល់​អ្នក​ដែល​នឹង​មាន​ពរ​ ដោយ​ការ​សុំឲ្យ​ជួយ​ និង​គ្រួសារ​ណា​ដែល​នឹង​មាន​ពរ​ ដោយ​ការ​មិន​បាន​សុំឲ្យ​ជួយ ។ នោះ​ជា​វិវរណៈ​ដែល​អ្នក​អាច​រំពឹងទុក​ថា ​វា​នឹង​កើត​មាន​ដល់អ្នក ពេល​អ្នក​ដឹកនាំ​ក្នុង​បព្វជិតភាព ។

ខ្ញុំ​បាន​ឃើញ​រឿង​នេះ​កើត​ឡើង កាលខ្ញុំ​នៅ​ក្មេង ។ ខ្ញុំ​ជា​ជំនួយការ​ទី​មួយ​ក្នុង​កូរ៉ុម​សង្ឃ ។ មាន​ថ្ងៃ​មួយ ប៊ីស្សព​បាន​ទូរស័ព្ទ​ទៅ​ផ្ទះ​ខ្ញុំ ។ គាត់​និយាយ​ថា គាត់​ចង់​ឲ្យ​ខ្ញុំ​ទៅ​សួរសុខ​ទុក្ខ​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​ខ្វះ​ខាត​យ៉ាងខ្លាំង​ជាមួយ​គាត់ ។ គាត់​និយាយ​ថា គាត់ត្រូវការ​ខ្ញុំ ។

ពេល​ខ្ញុំ​រង់ចាំ​គាត់​មក​យក​ខ្ញុំ​នៅ​ផ្ទះ ខ្ញុំ​បាន​ព្រួយ ។ ខ្ញុំ​បាន​ដឹង​ថា ប៊ីស្សព​មាន​ទីប្រឹក្សា​រឹងមាំ ហើយ​ឆ្លាត ។ ទីប្រឹក្សា​ម្នាក់​ជា​ចៅក្រម​ដ៏​ល្បី ។ ហើយ​ម្នាក់​ទៀត​បើក​ក្រុមហ៊ុន​មួយ​ធំ ហើយ​នឹង​ក្លាយ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ពេល​ក្រោយ​មក ។ ប៊ីស្សព​ផ្ទាល់​នឹង​បម្រើ​ជាអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​នៅថ្ងៃ​ណា​មួយ ។ ហេតុអ្វី​បាន​ជា​ប៊ីស្សព​និយាយ​មកកាន់​សង្ឃ​ម្នាក់ ដែលគ្មាន​បទពិសោធន៍​ថា « ខ្ញុំ​ត្រូវ​ការ​ជំនួយ​ពី​អ្នក»​ ទៅវិញ ?

មែនហើយ ពេល​នេះ​ខ្ញុំ​បាន​ដឹង​យ៉ាង​ច្បាស់​ពី​អ្វី​ដែល​គាត់​អាច​នឹង​និយាយ​មក​ខ្ញុំ​ថា ៖ « ព្រះ​អម្ចាស់​ត្រូវ​ការ​ប្រទានពរ​ដល់​អ្នក » ។ នៅ​ផ្ទះ​របស់​ស្ត្រី​មេម៉ាយ​នោះ ខ្ញុំ​បាន​ឃើញ​គាត់​ប្រាប់​ស្ត្រី​នោះ​ថា ស្ត្រីនោះ​នឹង​មិន​ទទួល​បាន​ជំនួយ​ពី​សាសនាចក្រ​ឡើយ ទាល់តែ​បំពេញ​បែបបទ​ថវិកា​ដែល​គាត់​ទុក​ឲ្យ​កាល​ពី​មុន​សិន។ តាម​ផ្លូវ​ត្រឡប់មក​ផ្ទះ​វិញ ពេល​គាត់ឃើញ​ភាព​ភ្ញាក់ផ្អើល​របស់​ខ្ញុំ គាត់​បាន​សើច ហើយ​ពោល​ថា « ហាល ពេល​គាត់​អាច​គ្រប់​គ្រង​ការ​ចំណាយ​គាត់​បាន​ហើយ នោះ​គាត់​អាច​ជួយ​ដល់​អ្នក​ដទៃ » ។

មាន​គ្រាមួយ ប៊ីស្សព​ខ្ញុំ​បាន​នាំ​ខ្ញុំ​ទៅ​គ្រួសារ​មួយ​ដែល​មាន​ឪពុកម្ដាយ​ប្រមឹក ដែល​បាន​ឲ្យ​កូនស្រី​តូចពីរ​នាក់​របស់​ខ្លួន​មក​ជួប​យើង​នៅ​មាត់ទ្វារ ។ បន្ទាប់​ពី​គាត់​បាន​ជួប​នឹង​ក្មេងស្រី​ពីរនាក់​នោះ​មក យើង​បាន​ចេញ​មក​វិញ ហើយ​គាត់​និយាយ​មក​ខ្ញុំ​ថា « យើង​មិន​អាច​ផ្លាស់ប្ដូរ​ភាព​ជូរចត់​ក្នុង​ជីវិត​គេ​នៅ​ឡើយ​ទេ តែ​គេ​អាច​មាន​អារម្មណ៍​ថា​ ព្រះអម្ចាស់​ស្រឡាញ់​ពួកគេ » ។

នៅ​យប់​មួយ គាត់​បាន​នាំ​ខ្ញុំ​ទៅ​ផ្ទះ​បុរស​ម្នាក់​ដែល​មិន​បាន​មក​ព្រះវិហារ​ជាយូរ​ឆ្នាំ​ហើយ ។ ប៊ីស្សព​បាន​ប្រាប់​គាត់​ពី​ក្ដីស្រឡាញ់​របស់​លោក​ចំពោះ​គាត់ ហើយ​ថាវួដ​ត្រូវការ​គាត់ ។ ខ្ញុំ​ហាក់​ដូចជា​ពុំ​មាន​ឥទ្ធិពល​អ្វី​ច្រើន​លើ​បុរស​នោះ​ឡើយ ។ តែនៅ​ពេល​នោះ និង​គ្រប់ពេល​ដែល​ប៊ីស្សព​នាំ​ខ្ញុំ​ទៅ​ជាមួយ​គាត់ វា​បាន​ជះឥទ្ធិពល​មក​លើ​ខ្ញុំ​យ៉ាង​ខ្លាំង ។

ខ្ញុំ​គ្មាន​ផ្លូវរក​ឃើញ​ថា តើ​ប៊ីស្សព​បាន​អធិស្ឋាន​ដើម្បី​ដឹង​ថា​ សង្ឃ​មួយ​ណា​នឹង​ប្រទានពរ​ឲ្យ​ដោយ​ការ​ទៅ​ជាមួយ​នឹង​គាត់​ ធ្វើ​ការ​​សួរសុខ​ទុក្ខ​ទាំងនោះឡើយ ។ គាត់​អាច​នាំ​សង្ឃ​ផ្សេង​ទៀត​ទៅ​ជាមួយ​គាត់​ជាច្រើន​ដង ។ តែ​ព្រះអម្ចាស់​បាន​ដឹង​ថា ខ្ញុំ​នឹង​ក្លាយ​ជា​ប៊ីស្សព​នៅ​ថ្ងៃ​មួយ ដើម្បី​អញ្ជើញ​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​ទន់ខ្សោយ​ឲ្យ​ត្រឡប់​មក​រក​ដំណឹង​ល្អ​វិញ ។ ព្រះអម្ចាស់​ជ្រាប​ថា ខ្ញុំ​នឹង​ទទួល​បាន​ទំនួល​ខុសត្រូវ​ខាង​បព្វជិតភាព​នៅ​ថ្ងៃ​មួយ​លើ​កូន​ចៅ​រាប់រយ​ពាន់​នាក់​របស់​​ព្រះវរបិតា​ ដែល​មាន​ក្ដីត្រូវការ​ខាង​សាច់ឈាម​យ៉ាង​ខ្លាំង ។

អ្នករាល់​គ្នាដែល​ជា​យុវជន​មិន​អាច​ដឹង​ថា តើ​ទង្វើ​នៃ​ការ​បម្រើ​បព្វជិតភាព​អ្វីខ្លះ​ ដែល​ព្រះអម្ចាស់​កំពុង​រៀបចំ​អ្នក​ឲ្យ​ធ្វើ​នោះ​ឡើយ ។ តែ​បញ្ហា​ដ៏ធំ​សម្រាប់​អ្នកកាន់​បព្វជិតភាព​គ្រប់​រូប ​គឺ​ការ​ផ្ដល់​ជំនួយ​ខាង​វិញ្ញាណ ។ យើង​ទាំងអស់​គ្នា​មាន​កាតព្វកិច្ច​នោះ ។ វា​មាន​ក្នុង​ការ​ធ្វើ​ជា​សមាជិក​កូរ៉ុម ។ វា​មាន​ក្នុង​ការ​ធ្វើ​ជា​សមាជិក​គ្រួសារ ។ បើ​សេចក្ដី​ជំនឿ​របស់​នរណា​ម្នាក់​ក្នុង​កូរ៉ុម ឬ​គ្រួសារ​អ្នក ​ត្រូវបាន​វាយប្រហារ​ដោយ​សាតាំង អ្នក​គួរ​មាន​ចិត្ត​មេត្តា ។ ដូចជា​ការ​បម្រើ​ និង​ចិត្ត​មេត្តា​របស់​សាសន៍​សាម៉ារី​ដែរ អ្នក​ក៏​ត្រូវ​បម្រើ​ពួកគេ ​ដោយ​លាបប្រេង​លើ​របួស​គេ​ក្នុង​គ្រា​លំបាក​របស់​ពួកគេ ។

ក្នុង​ការ​បម្រើ​​ជា​អ្នក​ផ្សាយ​សាសនា​ពេញ​ម៉ោង​ម្នាក់ អ្នក​នឹង​ជួប​មនុស្ស​រាប់ពាន់​នាក់​ដែល​មាន​សេចក្ដី​ត្រូវការ​ខាង​វិញ្ញាណ​យ៉ាង​ខ្លាំង ។ មាន​មនុស្ស​ជាច្រើន ​នឹង​មិន​ដឹងថា​ខ្លួន​ឯង​មាន​របួស​ខាង​វិញ្ញាណ​ឡើយ ដែល​វា​នាំ​មក​នូវ​ការ​សោកសៅ​គ្មាន​ទីបញ្ចប់ រហូត​ដល់​អ្នកទៅ​​បង្រៀន​គេ ។ អ្នក​បន្តធ្វើ​ជា​ភ្នាក់ងារ​របស់​ព្រះអម្ចាស់​ដើម្បី​សង្គ្រោះ​ពួកគេ ។ មាន​តែ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ដែល​អាច​ព្យាបាល​របួស​ខាង​វិញ្ញាណ​ពួកគេ ពេល​គេ​ទទួល​យក​ពិធី​បរិសុទ្ធ​ដែល​នាំ​ទៅរក​ជីវិត​អស់កល្ប ។

ក្នុង​នាម​ជា​សមាជិក​កូរ៉ុម ជា​គ្រូបង្រៀន​តាម​ផ្ទះ និង​ជា​អ្នកផ្សាយ​សាសនា​ម្នាក់ អ្នក​មិន​ជួយ​មនុស្ស​ឲ្យ​ជួសជុល​ការ​ខូចខាត​ខាង​វិញ្ញាណ​បាន​ឡើយ រហូត​ជំនឿ​អ្នក​ផ្ទាល់​រឹងមាំ ។ នោះ​មានន័យ​លើស​ពី​ការ​អាន​ព្រះគម្ពីរជា​​ទៀងទាត់ និង​ការអធិស្ឋាន​ឲ្យ​ពួកគេ​ទៅ​ទៀត ។ ការអធិស្ឋាន​នៅ​គ្រា​នោះ និងការ​អាន​ដោយ​សង្ខេប​ក្នុង​ព្រះគម្ពីរ​មិន​គ្រប់គ្រាន់​ឡើយ ។ ការអះអាង​នូវ​អ្វី​ដែល​អ្នកត្រូវ​ការ​មាន​ក្នុងការ​ប្រឹក្សា​ចេញពី​គោលលទ្ធិ និង សេចក្ដីសញ្ញា កណ្ឌ 84 ថា ៖ « ចូរ​អ្នករាល់គ្នា​កុំ​ថប់ព្រួយ​ទុក​ជា​មុនពី​អ្វីដែល​អ្នក​រាល់គ្នា​ត្រូវ​ថា​នោះ​ឡើយ ប៉ុន្តែ​ចូរ​រក្សា​ទុក​ក្នុង​គំនិត​របស់​អ្នករាល់​គ្នា ជា​បន្ត​នូវ​ព្រះបន្ទូល​ទាំងឡាយ​ខាង​ជីវិត​វិញ ហើយ​សេចក្ដី​ដែល​ត្រូវ​និយាយ​នឹង​បាន​ប្រទាន​ដល់​អ្នករាល់​គ្នា​នៅ​ចំម៉ោង​នោះ​ឯង​នូវ​ចំណែក​ដែល​នឹង​បាន​វាល់​ដល់​មនុស្ស​គ្រប់រូប »។ 2

យើង​អាច​ទទួល​បាន​សន្យា​នោះ​ លុះត្រា​យើង « រក្សា​ទុក » នូវ​ព្រះបន្ទូល​នៃ​ជីវិត ហើយ​ធ្វើ​វា​ជា​បន្ត​បន្ទាប់ ។ ផ្នែក​នៃការ​រក្សា​ទុក​ក្នុង​បទគម្ពីរ​មាន​ន័យ​ចំពោះ​ខ្ញុំ​ថា ជា​ការ​មាន​អារម្មណ៍​ពី​អ្វី​មួយ​ចំពោះ​បន្ទូល​នោះ ។ ឧទាហរណ៍ ពេល​ខ្ញុំ​ចេញ​ទៅ​ជួយ​នរណា​ម្នាក់ ដែល​មាន​ភាព​វៀចវេរ​ក្នុង​ជំនឿ​ខ្លួន​ពីការ​ហៅ​ដ៏​ទេវភាព​របស់ ព្យាការី​ យ៉ូសែប ស្ម៊ីធ នោះ​អារម្មណ៍​នឹង​ត្រឡប់​មក​ខ្ញុំ​វិញ ។

វាពុំ​មែន​គ្រាន់តែ​ជា​បន្ទូល​ក្នុង​ព្រះគម្ពីរ​មរមន​ទេ ។ វា​ជា​អារម្មណ៍​នៃ​ការ​អះអាង​ពី​សេចក្ដី​ពិត​ដែល​កើត​មាន ពេល​ណា​ខ្ញុំ​អាន សូម្បី​តែ​ពីរបី​បន្ទាត់​ក្នុង​ព្រះគម្ពីរ​មរមន​ក្ដី ។ ខ្ញុំ​មិន​អាច​សន្យា​ថា វា​នឹង​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​គ្នាដែល​មាន​ចិត្ត​សង្ស័យ​ពី​ព្យាការី យ៉ូសែប ស្ម៊ីធ និង​ព្រះគម្ពីរ​មរមន​ឡើយ ។ តែខ្ញុំ​ដឹង​ថា យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​នៃ​ការ​ស្ដារឡើង​វិញ ។ ខ្ញុំ​ដឹង​ថា ព្រះគម្ពីរ​មរមន​ជា​បន្ទូល​នៃ​ព្រះ ដោយសារ​ខ្ញុំ​បាន​រក្សា​ទុកវា ។

ខ្ញុំ​ដឹង​ចេញ​ពី​បទសោធន៍​ថា អ្នក​អាច​មាន​ការ​អះអាង​នៃ​សេចក្ដី​ពិត​ពី​ព្រះវិញ្ញាណ ដោយសារ​វា​បាន​កើត​មាន​ចំពោះ​ខ្ញុំ ។ អ្នក និង​ខ្ញុំ​ត្រូវ​តែ​មាន​ការ​អះអាង​នោះ ពីមុន​ព្រះអម្ចាស់​ដាក់​យើង​នៅ​លើផ្លូវ​នៃ​អ្នក​ធ្វើ​ដំណើរ​ម្នាក់​ដែល​យើង​ស្រឡាញ់ ដែល​បាន​រង​របួស ​ដោយ​សារ​មារសត្រូវ​នៃ​សេចក្ដី​ពិតនោះ ។

មាន​ការ​រៀបចំ​មួយ​ទៀត​ដែល​យើង​ត្រូវ​ធ្វើ ។ វា​ជា​លក្ខណៈ​មួយ​របស់​មនុស្ស​ដើម្បី​ឈឺចាប់ ពេល​ឃើញ​អ្នកដទៃ​ឈឺចាប់ ។ នោះ​ជា​ហេតុផល​មួយ​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​យ៉ាង​ច្រើន ដើម្បី​ប្រាប់​ពី​ដង្វាយធួន​ទ្រង់ និង​ពីការ​លើក​ដាក់​មក​លើ​អង្គទ្រង់​នូវ​ការ​ឈឺចាប់ និង​ការ​សោកសៅ​នៃ​កូនចៅ​ព្រះវរបិតា​ទាំងអស់ ដើម្បី​ទ្រង់​អាច​ដឹង​ពី​របៀប​ជួយ​ដល់​ពួកគេ ។

សូម្បី​តែ​ពួក​អ្នក​កាន់​បព្វជិតភាព​ដែល​ល្អ​បំផុត​របស់​ព្រះវរបិតា ក៏​មិន​អាច​មាន​ក្ដី​មេត្តា​បែបនោះ​ដោយ​ងាយ​ដែរ ។ និន្នាការ​មនុស្ស​យើង ​គឺ​ខ្វះ​ភាព​អត់ធ្មត់​ជាមួយ​មនុស្ស​ដែល​មើល​មិន​ឃើញ​ពី​សេចក្ដី​ពិត​ដោយ​សារ​​យើង​បាន​មើល​ឃើញ​យ៉ាងច្បាស់ ។ យើង​ត្រូវ​ប្រុងប្រយ័ត្ន​ កុំ​ឲ្យ​ការ​អត់ធ្មត់​យើង​មើល​ឃើញ​ថា​ជា​ការដាក់​ទោស ឬ​ការ​បដិសេធ​ឲ្យសោះ ។

នៅ​ពេល​រៀបចំ​ជួយ​ដល់​ព្រះអម្ចាស់​ក្នុង​នាម​ជា​អ្នក​បម្រើ​បព្វជិតភាព​ទ្រង់ នោះ​មាន​បទគម្ពីរ​មួយ​ដើម្បី​ដឹកនាំ​យើង ។ វា​មាន​នូវ​អំណោយ​ទាន​មួយ​ដែល​យើង​ត្រូវការ​សម្រាប់​ដំណើរ​យើង មិនថា​ព្រះអម្ចាស់​បញ្ជូន​យើង​ទៅ​កន្លែង​ណា​នោះ​ទេ ។ សាសន៍​សាម៉ារី​ដ៏​ល្អ​ម្នាក់​នោះ​មាន​អំណោយ​ទាន​នោះ ។ យើង​នឹង​ត្រូវការ​វា ហើយ​ព្រះអម្ចាស់​បាន​ប្រាប់​យើង​ពី​របៀប​ ដែល​យើង​អាច​រក​វា​បាន ។

« ហេតុដូច្នោះ​ហើយ ឱ បងប្អូន​ដ៏​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ បើសិន​ជា​អ្នករាល់​គ្នា​គ្មាន​សេចក្ដី​សប្បុរស​ទេ នោះ​អ្នករាល់​គ្នា​គ្មាន​អ្វី​ទាំងអស់ ត្បិត​សេចក្ដី​សប្បុរស​ពុំ​បាត់បង់​ទៅ​ឡើយ ។ ហេតុដូច្នោះហើយ ចូរ​តោង​ជាប់​សេចក្ដី​សប្បុរស​ដែល​ជា​សេចក្ដី​ដ៏​មិហិមា​បំផុត ត្បិត​អ្វី​ផ្សេងទៀត​នឹង​ត្រូវ​ខូចបង់---

« ប៉ុន្តែ​សេចក្ដី​សប្បុរស គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ហើយ​ស្ថិតស្ថេរ​នៅ​ជានិច្ច ហើយ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សប្បុរស​នៅ​ក្នុង​ថ្ងៃចុង​ក្រោយ​បង្អស់​នឹង​បាន​ស្រួល​ដល់​អ្នក​នោះ​ហើយ ។

« ហេតុដូច្នោះ​ហើយ ឱ បងប្អូន​ដ៏​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​អធិស្ឋាន​ដល់​ព្រះវរបិតា ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នករាល់​គ្នាបាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ណា​ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​អ្នករាល់​គ្នា​អាច​ក្លាយ​ទៅ​ជា​កូនព្រះ ដើម្បី​កាលណា​ទ្រង់​នឹង​លេច​មក នោះ​យើង​រាល់គ្នា​នឹង​បាន​ដូចជា​ទ្រង់ ត្បិត​យើង​នឹង​ឃើញ​ទ្រង់ ជា​ទ្រង់​ពិត​ប្រាកដ ដើម្បី​ឲ្យ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​នេះ ដើម្បី​ឲ្យ​យើង​អាច​បាន​បរិសុទ្ធ​ដូចជា​ទ្រង់​បរិសុទ្ធ »។ 3

ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​នឹង​រៀបចំ​ខ្លួន​ដើម្បី​ធ្វើ​ការ​បម្រើ​បព្វជិតភាព​អ្វី​ក៏​ដោយ​ដែល​ព្រះអម្ចាស់​នឹង​ដាក់​នៅ​ចំពោះ​មុខ​យើង​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ ក្នុង​ព្រះ​នាម​ពិសិដ្ឋនៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។