ឆ្នាំ ២០១០-២០១៩
ត្រូវ​បាន​ហៅ​ដោយ​ព្រះ​ដើម្បី​ប្រកាស​ព្រះ​បន្ទូល​ទ្រង់
តុលា 2013


ត្រូវ​បាន​ហៅ​ដោយ​ទ្រង់​ឲ្យ​ប្រកាស​ព្រះ​បន្ទូល​របស់​ទ្រង់

បើ​អ្នករាបសារ ​គោរព​ប្រតិបត្តិ ហើយស្ដាប់តាម​សំឡេង​នៃ​​ព្រះ​វិញ្ញាណ នោះ​អ្នក​នឹង​រកឃើញ​នូវ​សុភមង្គល​ដ៏​អស្ចារ្យ​នៅ​ក្នុង​បម្រើ​អ្នក​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់។

ពេល​ខ្ញុំ​បាន​គាំទ្រ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ពី​ខែ​មេសា​មុន ខ្ញុំ​បាន​កំពុង​បម្រើ​ជា​ប្រធាន​បេសកកម្ម​ក្នុង​ប្រទេស​ឥណ្ឌា ។ ខ្ញុំ​សម្គាល់​ឃើញ​ពី​អ្វី​ដែល​ប្រធាន​បេសកកម្ម​មុន​ប្រាប់​ថា ៖ « អ្នក​ផ្សាយ​សាសនា​នៃ​សាសនាចក្រ​នេះ​ គឺ​អស្ចារ្យណាស់ » ។ 1

អ្នក​ផ្សាយ​សាសនា​ដ៏​ចំណាន​ម្នាក់ ដែល​ស៊ីស្ទើរ ហ្វាំង និង​ខ្ញុំ​បម្រើ​ជាមួយ គឺ​អែលឌើរ ផូក្រេល មក​ពី​ប្រទេសណេប៉ាល់ ។ បន្ទាប់​ពី​ក្លាយ​ជា​សមាជិក​បាន​ពីរ​ឆ្នាំ​គត់ គាត់​ត្រូវ​ហៅ​ឲ្យ​បម្រើ​បេសកកម្ម​នៅ ឥណ្ឌាបាងហ្គាឡូ និយាយ​ភាសា​អង់គ្លេស ។ គាត់​នឹង​ប្រាប់​អ្នក​ថា គាត់​ពុំ​ទាន់​ត្រៀម​ខ្លួន​ទេ ។ វា​អាច​យោគយល់​បាន ។ គាត់​ពុំ​ដែល​ឃើញ​អ្នក​ផ្សាយ​សាសនា​ឡើយ រហូត​ដល់​គាត់​ក្លាយ​ជា​អ្នក​ផ្សាយ​សាសនា ដោយសារ​គ្មាន​ពួក​អ្នកផ្សព្វផ្សាយ​វ័យ​ក្មេង​បម្រើ​នៅ​ប្រទេស​ណេប៉ាល់ឡើយ ។  គាត់​ពុំ​អាន​អង់គ្លេស​បាន​ល្អ​ទេ រួម​មាន​ការណែនាំ​ពី​ការហៅ​គាត់ ។ ពេល​គាត់​បង្ហាញ​ខ្លួន​នៅ​មណ្ឌល​ហ្វឹកហ្វឺន​អ្នក​ផ្សាយ​សាសនា គាត់​ថា គាត់​បាន​យកតែ « ខោ​ខៅប៊យ​ប្រាំ អាវ​យឺត​ពីរ​បី និង​ចាហួយ​លាប​សក់​ជា​ច្រើន » ជំនួស​ឲ្យ​ខោ​សាច់​ក្រណាត់ អាវ​ស និង​ក្រវ៉ាត់​កវិញ ។ 2

ទោះ​ជា​គាត់​ទទួល​បាន​សម្លៀក​បំពាក់​សមរម្យ​ក្ដី គាត់​ថា គាត់​មាន​អារម្មណ៍​ថា​ពុំ​អស់​ចិត្ត​រាល់​ថ្ងៃ​អំឡុង​ពីរ​បី​សប្ដាហ៍​ដំបូង ។ គាត់​ថា បេសកកម្ម​គាត់ « ពុំ​គ្រាន់​តែ​មាន​ការលំបាក​ភាសា​អង់គ្លេស​ទេ តែ​ការងារ​ក៏​មាន​ឧបសគ្គ​ដែរ ។ … លើស​នោះ​ទៅ​ទៀត ខ្ញុំ​ឃ្លាន នឿយ​ហត់ ហើយ​នឹក​ផ្ទះ ។ … ទោះ​ជា​កាលៈទេសៈ​យ៉ាប់យឺន​ក្ដី ខ្ញុំ​បាន​ប្ដេជ្ញា​ចិត្ត ។ ខ្ញុំ​មាន​អារម្មណ៍​ទន់​ខ្សោយ និង​គ្មាន​សមត្ថភាព ។ ពេល​នោះ​ខ្ញុំ​អធិស្ឋាន​សូម​​ឲ្យ​ព្រះ​ជួយ ។ ពិត​ប្រាកដ​រាល់​ពេល​ខ្ញុំ​អធិស្ឋាន ខ្ញុំ​មាន​អារម្មណ៍​កក់ក្ដៅ » ។ 3

ទោះ​ជា​កិច្ចការ​ផ្សាយ​សាសនាជា​រឿង​​ថ្មី និង​មាន​ឧបសគ្គ​ចំពោះ​អែលឌើរ ផូក្រេល ក្តី ក៏គាត់​បាន​បម្រើ​ដោយ​ក្ដី​ជំនឿ​មហិមា និង​ស្មោះ​ត្រង់ ដោយ​ព្យាយាម​យល់ និង​ធ្វើតាម​អ្វី​ដែល​គាត់​រៀន​ពី​គម្ពីរ ប្រកាស​ដំណឹង​ល្អ​របស់​យើង និង​ពី​អ្នក​ដឹកនាំ​បេសកកម្ម ។ គាត់​ក្លាយ​ជា​គ្រូ​បង្រៀន​ដំណឹង​ល្អ​ដ៏​មាន​អានុភាព — ជា​ភាសា​អង់គ្លេស — និង​ជា​អ្នក​ដឹកនាំ​ដ៏​ឧត្ដម ។ ក្រោយ​ចប់​បេសកកកម្ម គាត់​ត្រឡប់​មក​ឥណ្ឌា​វិញ​បន្ត​ការសិក្សា ។ តាំង​ពី​ខែ​មករា​មក គាត់​បម្រើ​ជា​ប្រធាន​សាខា​នៅ ញ៉ូវដេលី ។ ព្រោះ​ការ​រីក​ចម្រើន​ពិត ដែល​មាន​ក្នុង​នាម​ជា​អ្នក​ផ្សាយ​សាសនា គាត់​បន្ត​រួម​ចំណែក​ក្នុង​ការរីក​ចម្រើន​ពិត​នៃ​សាសនាចក្រ​ក្នុង​ប្រទេស ឥណ្ឌា ។

តើ​យុវជន​ម្នាក់​ដែល​ពុំ​ដែល​ឃើញ​អ្នក​ផ្សព្វផ្សាយ​សាសនា​សោះ បាន​ក្លាយ​ជា​អ្នក​ផ្សាយ​សាសនា​ដែល​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​ដូច​ម្ដេច​ទៅ ? តើ​អ្នក​នឹង​ទទួល​អានុភាព​ខាង​វិញ្ញាណ​ជា​អ្នក​ផ្សាយ​សាសនា​ដើម្បី​បើក​ទ្វារ ស្វែង​រក​មនុស្ស និង​ទឹក​ចិត្ត​ប្រជាជន​ក្នុង​បេសកកម្ម​ដែល​អ្នក​បម្រើ​យ៉ាង​ដូច​ម្ដេច ? ជា​ធម្មតា ចម្លើយ​មាន​ក្នុង​គម្ពីរ និង​ប្រសាសន៍​ព្យាការី​ និង​ពួក​សាវក​ដែល​កំពុង​រស់​នៅ ។

ពេល​ដំណឹង​ល្អ​ត្រូវ​ផ្សព្វផ្សាយ​នៅ​ប្រទេស អង់គ្លេស ក្នុង​ខែ កក្កដា ឆ្នាំ 1837 ព្រះ​បើក​សម្ដែង​ថា « នរណា​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​នឹង​ចាត់​ឲ្យ​ទៅ​ដោយ​នូវ​ព្រះ​នាម​របស់​យើង ដោយ​សម្លេង​នៃ​ពួក​បង​ប្អូន​របស់​អ្នក​ក្នុង​សាសនា គឺ​ពួក​ដប់​ពីរ​នាក់ គឺ​បាន​រ៉ាប់រង និង​បាន​អនុញ្ញាត​ដោយ​អ្នក​ពេញ​ច្បាប់ នោះ​នឹង​មាន​អំណាច​ដើម្បី​បើក​ទ្វារ​នគរ​របស់​យើង​ដល់​សាសន៍​ណាមួយ​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​នឹង​ចាត់​ឲ្យ​ពួកគេ​ទៅ » ។ 4

ទី​ណា​ក៏​ដោយ​ដែល​អ្នក​ត្រូវ​បាន​បញ្ជូន​ទៅ មិន​ថា​បេសកកម្ម​ណា​ទេ ត្រូវ​ដឹង​ថា សមាជិក​នៃ​ពួក​ដប់​ពីរ​នាក់ រ៉ាប់រង​ការ​ចាត់តាំង​នោះ ហើយ​​អ្នក​ត្រូវ​បាន​ហៅ​ដោយ​ព្យាការី​ព្រះ ។ អ្នក​ត្រូវ​បាន​ហៅ « ដោយ​ការព្យាករណ៍ និង​ដោយ​ការដាក់​ដៃ​លើ » ។ 5

ក្រោយ​មក​ព្រះ​ប្រទាន​លក្ខខណ្ឌ​សម្រាប់​ការសន្យា​ត្រូវ​បំពេញ ។ ទ្រង់​មាន​បន្ទូល​ថា « ដរាប​ណា​ពួកគេ [ ដែល​មាន​ន័យ​ពី​ការសន្យា​នឹង​ត្រូវ​បំពេញ បើ ] គេ [ មាន​ន័យ​ពី​អ្នក​ផ្សាយ​សាសនា​ដែល​ត្រូវ​បញ្ជូន ] នឹង [ 1 ] បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ហើយ [ 2 ] នៅ​ជាប់​ក្នុង​ព្រះ​បន្ទូល​របស់​យើង ហើយ [ 3 ] ប្រុង​ស្ដាប់​តាម​សំឡេង​នៃ​ព្រះ​វិញ្ញាណ​របស់​យើង » ។ 6

ការសន្យា​ព្រះអម្ចាស់​ គឺ​ច្បាស់ ។ ដើម្បី​មាន​អានុភាព​ខាង​វិញ្ញាណ ដែល​ចាំបាច់​មាន​ដើម្បី​បើក​ទ្វារ​នគរ​ព្រះ​ក្នុង​ជាតិ​សាសន៍​ដែល​អ្នក​ត្រូវ​បញ្ជូន​ទៅ នោះ​អ្នក​ត្រូវ​បន្ទាប​ខ្លួន គោរព​ប្រតិបត្តិ និង​ស្ដាប់ ហើយ​ធ្វើតាម​ព្រះ​វិញ្ញាណ ។

ឥរិយាបថ​ទាំង​បី​នេះ ទាក់ទង​គ្នា ។ បើ​អ្នក​បន្ទាប​ខ្លួន អ្នក​នឹង​ចង់​គោរព​ប្រតិបត្តិ ។ បើ​អ្នក​គោរព​ប្រតិបត្តិ អ្នក​នឹង​មាន​ព្រះ​វិញ្ញាណ ។ ព្រះ​វិញ្ញាណ​សំខាន់​ណាស់ ត្បិត​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បង្រៀន​ថា « គ្មាន​ព្រះ​វិញ្ញាណ អ្នក​នឹង​ពុំ​ជោគជ័យ​ឡើយ ដោយ​មិន​គិត ពី​ទេពកោសល្យ និង​សម្បទា​អ្នក​ទេ » ។ 7

ក្នុង​នាម​ជា​ប្រធាន​បេសកកម្ម យូរៗ​ម្ដង​ខ្ញុំ​សម្ភាសន៍​អ្នក​ផ្សាយ​សាសនា ដែលមាន​បញ្ហា​ព្រោះ​គេ​ពុំ​ទាន់​ស្អាត​ស្អំ​ពេញលេញ ។ គេ​រស់​ក្រោម​កម្រិត​អានុភាព​ព្រះ​វិញ្ញាណ ។ មិន​ថា​គេ​ធ្វើ​ការ ឬ​ធ្វើ​បាន​ល្អ​ប៉ុណ្ណា​ទេ គេ​ពុំ​អាច​មាន​អារម្មណ៍​សន្តិភាព និង​អំណរ​ជា​ដៃ​គូ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ លុះ​ត្រា គេ​បន្ទាប​ខ្លួន ប្រែចិត្ត​ពេញ​លេញ និង​ទទួល​ក្ដី​មេត្តា និង​ករុណា​នៃ​ព្រះ​សង្គ្រោះ ។

ព្រះ​ណែនាំ​អ្នក​បម្រើ​ទ្រង់​ឲ្យ​បន្ទាប​ខ្លួន ព្រោះ​ដំណើរ​នៃ​ការប្រោស​ឲ្យ​ជា​ខាង​វិញ្ញាណ​ផ្ដើម​ជាមួយ​ចិត្ត​សង្រេង ។ សូម​គិត​ពី​រឿង​ល្អ​ដែល​កើត​ពី​របស់​ដែល​​ត្រូវ​គេ​បំឡែង ៖ ដី ត្រូវ​គេ​ភ្ជួរ​ឲ្យ​ហ្មត់ ដើម្បី​ដាំ​ស្រូវ ។ ស្រូវ​ត្រូវ​គេ​កិន​កម្ទេច ធ្វើ​ជា​នំប៉័ង ។ នំប៉័ង​ត្រូវ​គេ​បេះ​កាច់ ជា​តំណាង​ឲ្យ​សាក្រាម៉ង់ ។ ពេល​បុគ្គល​ម្នាក់​ប្រែចិត្ត​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប នោះ​គេ​ត្រូវ​បាន​ប្រោស ។ 8 ពេល​យើង​ប្រែចិត្ត ហើយ​ត្រូវ​ប្រោស តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​យេស៊ូវគ្រីស្ទ យើង​មាន​រឿង​ច្រើន​ត្រូវ​ថ្វាយ​ដល់​ព្រះ​សង្គ្រោះ​ពេល​យើង​បម្រើ​ទ្រង់ ។ « មែន​ហើយ ចូរ​មក​រក​ទ្រង់ ហើយ​ចូរ​ថ្វាយ​ព្រលឹង​អ្នក​ទាំង​មូល​ជា​ដង្វាយ​ដល់​ទ្រង់ » ។ 9

បើ​អ្នក​មាន​បន្ទុក​ ព្រោះ​បាប ហើយ​ត្រូវ​ប្រែចិត្ត សូម​ធ្វើ​វា​ភា្លម​ទៅ ។ ពេល​ព្រះ​សង្គ្រោះ​ប្រោស​អ្នក​ដែល​រង​ទុក្ខ ទ្រង់​តែង​ឲ្យ​គេ​ក្រោក​ឡើង​ទៅ ។ គម្ពីរ​ចែង​ថា គេ​ក្រោក​ឡើង​តែ​ម្ដង ឬ​ភា្លម​មួយ​រំពេច ។ 10 ដើម្បី​បាន​ប្រោស​ការរងទុក្ខ​ខាង​វិញ្ញាណ នោះ​សូម​ទទួល​ការអញ្ជើញ​ឲ្យ​ក្រោក​ឡើង ។ ដោយ​កុំ​បង្អង់ សូម​និយាយ​ជា​មួយ​ប៊ីស្សព ប្រធាន​សាខា ឬ​បេសកកម្ម និង​ផ្ដើម​ដំណើរការ​ប្រែចិត្ត​ឥឡូវ​នេះ​ទៅ ។

ព្រះ​ចេស្ដា​ប្រោស​លោះ​នៃ​ដង្វាយ​ធួន ​នឹង​នាំ​ក្ដី​សុខសាន្ត​ដល់​ព្រលឹង អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ព្រះ​វិញ្ញាណ ។ ពលិកម្ម​ព្រះ​សង្គ្រោះ​ពុំ​អាច​វាស់វែង​បាន​ឡើយ តែ​បាប​យើង​អាច​រាប់​បាន អាច​​សារភាព អាច​លះ​ចោល ហើយ​បាន​អត់​ទោសឲ្យ ​ទោះ​ជា​មាន​បាប​ច្រើន និង​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក្ដី ។ « ហើយ​សេចក្ដី​អំណរ​របស់​ទ្រង់​មហិមា​ណាស់​ណា៎ ចំពោះ​ព្រលឹង​ណា​ដែល​ប្រែ​ចិត្ត ! » 11

ការសន្យា​នេះ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​មាន​អានុភាព ៖ « សូម​ឲ្យ​គុណ​ធម៌​តុបតែង​គំនិត​អ្នក​ដោយ​ឥត​ឈប់ឈរ​ឡើយ ខណៈ​នោះ​អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​ឡើង​នៅ​ចំពោះ​វត្តមាន​នៃ​ព្រះ » ។ 12 ពេល​អ្នក​រស់​ដោយ​ជីវិត​មាន​គុណធម៌ អ្នក​នឹង​មាន​ភាព​ជឿជាក់​ពេញ​ដោយ​សន្តិភាព​ក្នុង​ជំហរ​អ្នក​ចំពោះ​ព្រះ ហើយ​អ្នក​នឹង​មាន​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​នៅ​ជាមួយ ។ 13

សមាជិក​សាសនាចក្រ​ខ្លះ ឬ​អ្នក​ដែល​ទើប​ត្រឡប់​មក​សកម្ម​វិញ​អាច​និយាយ​ថា « ឥឡូវ​ខ្ញុំ​សក្តិសម​ហើយ និង​មាន​បំណង​បម្រើ តែ​ខ្ញុំ​ពុំ​ដឹង​ថា ខ្ញុំ​ចេះ​ទាំង​អស់​នោះ​ទេ » ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​កាល​ពី​ខែ​មេសា​ថា ៖ « តម្រិះ​នៃ​ក្ដី​ពិត និង​ចម្លើយ​ចំពោះ​សំណួរ​ជ្រៅៗ​កើត​ឡើង​ពេល​យើង​គោរព​ប្រតិបត្តិ​បទបញ្ញត្តិ​ព្រះ » ។ 14 វា​គួរ​ឲ្យ​ទុក​ចិត្ត​ណាស់ ដែល​ដឹង​ថា តាម​ការគោរពប្រតិបត្តិ យើង​បង្កើន​តម្រិះ ។

មនុស្ស​ផ្សេង​ទៀត​អាច​គិត​ថា ទេពកោសល្យ សម្បទា ឬ​បទពិសោធន៍​គេ​មាន​កម្រិត ដើម្បី​ប្រើប្រាស់ ។ បើ​អ្នក​មាន​កង្វល់​ដូច​នោះ សូម​ចាំ​ពី​បទ​ពិសោធន៍​អែលឌើរ ផូក្រេល ។ សូម​ត្រៀម​ខ្លួន​តាម​តែ​អាច​ធ្វើ​បាន ហើយ​ដឹង​ថា ព្រះ​បិតា​សួគ៌​នឹង​ពង្រីក​ភាព​រាបសា និង​កិច្ច​ខិតខំ​គោរព​ប្រតិបត្តិ​របស់​យើង ។ អែលឌើរ រីឆាដ ជី ស្កត បាន​លើក​ទឹក​ចិត្ត​ថា ៖ « ពេល​យើង​គោរព​ប្រតិបត្តិ​បទបញ្ញត្តិ​ព្រះ និង​បម្រើ​កូនចៅ​ទ្រង់ ដោយ​ពុំ​អាត្មា​និយម នោះ​មាន​ផល​ជា​ទូទៅ​ជា​ចេស្ដា​នៃ​ព្រះ — គឺព្រះ​​ចេស្ដា​ដើម្បី​ធ្វើ​ច្រើន​ជាង​យើង​អាច​ធ្វើ​ដោយ​ខ្លួន​ឯង ។ ប្រាជ្ញា ទេពកោសល្យ សម្បទារបស់​​យើង ​ត្រូវ​បាន​ពង្រីក ព្រោះ​តែ​យើង​ទទួល​បាន​កម្លាំង និង​ចេស្ដា​ពី​ព្រះ » ។ 15

ពេល​អ្នក​ជឿ​ជាក់​លើ​ព្រះ និង​សេចក្ដី​​ល្អនៃ​​ទ្រង់ ព្រះ​ដ៏​មាន​ចេស្ដា​នឹង​ប្រទាន​ពរ​កូន​ចៅ​ទ្រង់​ តាម​រយៈ​អ្នក ។ 16 អែលឌើរ ហូលីងស៍ មក​ពី​រដ្ឋ ណាវ៉ាដា បាន​ដឹង​ពី​ការណ៍​នេះ នៅ​ពេល​ចាប់​ផ្ដើម​បេសកកម្ម​គាត់ ។ មួយ​ថ្ងៃ​បន្ទាប់​ពី​គាត់​មក​ដល់​ឥណ្ឌា គាត់​ធ្វើ​ដំណើរ​ជាមួយ​ស៊ីស្ទើរ ហ្វាំង និង​ខ្ញុំ​ទៅ រ៉ាចាមុនឌ្រី ជា​តំបន់​ដំបូង ។ រសៀល​នោះ អែលឌើរ ហូលីងស៍ និង អែលឌើរ ហ្គាណាប៉ារាំ ទៅ​សួរ​សុខទុក្ខ​សមាជិក​ម្នាក់ និង​ម្ដាយ​នាង ។ ម្ដាយ​ចង់​រៀន​ពី​សាសនាចក្រ ព្រោះ​គាត់បាន​​ឃើញ​ថា ដំណឹង​ល្អ​ប្រទាន​ពរ​ដល់​កូន​ស្រី​គាត់​យ៉ាង​ណា​ហើយនោះ​ ។ ស៊ីស្ទើរ ហ្វាំង ចូល​រួម​បង្កើត​មិត្តភាព​នឹង​គេ ។ ដោយ​សារ​មេរៀន​នឹង​ត្រូវ​បង្រៀន​ជា​ភាសា​អង់គ្លេស ហើយ​ម្ដាយ​រូប​នោះ និយាយ​តែ​ភាសា តេ​លូហ្គូ បងប្រុស​ម្នាក់​ក្នុង​វួដ​បាន​នៅ​ទី​នោះជួយ​​បកប្រែ​អ្វី​ដែល​បង្រៀន ។

ការចាត់តាំង​របស់​អែលឌើរ ហូលីងស៍ ក្នុង​ការណាត់ជួប​ដំបូង​គេ​នោះ គឺ​ត្រូវ​បង្រៀន​ពី​ការនិមិត្ត​ដំបូង ដោយ​ប្រើ​ប្រសាសន៍​នៃ​ព្យាការី យ៉ូសែប ។ ត្រង់​ចំណុច​នោះ គាត់​បែរ​ទៅ​ស៊ីស្ទើរ ហ្វាំង ហើយ​សួរ​ថា « តើ​ខ្ញុំ​គួរ​និយាយ​មួយៗ​ឬ​ទេ » ដើម្បី​ដឹង​ថា វា​ត្រូវ​បាន​បកប្រែ ។

គាត់​តប​ថា « ចូរ​និយាយ​មួយៗ ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​អាច​ធ្វើ​បន្ទាល់​នៃ​អ្វី​ដែល​អ្នក​និយាយ » ។

ពេល​អ្នក​ផ្សាយ​សាសនា​ថ្មី​នេះ​បង្រៀន​ដោយ​ស្មោះ​ស​ពី​ការនិមិត្ត​ដំបូង ដោយ​ប្រើ​ប្រសាសន៍​នៃ​ព្យាការី នោះ​ទឹក​មុខ​បងស្រី​ជា​ទី​ស្រឡាញ់​នោះ​បាន​ប្ដូរ ។ គាត់​ស្រក់​ទឹក​ភ្នែក ។ ពេល​អែលឌើរ ហូលីងស៍ បាន​បញ្ចប់​សារលិខិត​ដ៏​អស្ចារ្យ​ ហើយ​ពាក្យ​ពេចន៍​គាត់​មិន​ទាន់​ទាំង​បាន​បក​ប្រែ​ផង ម្ដាយ​រូប​នោះ​សួរ​ទាំង​ទឹក​ភ្នែក​ក្នុង​ភាសា​គាត់​ថា « តើ​ខ្ញុំ​អាច​ជ្រមុជ​ទឹក​បាន​ទេ ? ហើយ​នឹង​បង្រៀន​កូន​ប្រុស​ខ្ញុំ​បាន​ទេ ? »

ឱ​មិត្ត​អ្នក​បម្រើ​យើង​អើយ ទ្វារ និង​ដួង​ចិត្តបើក​​ចំហរ​រាល់​ថ្ងៃ​ចំពោះ​សារលិខិត​ដំណឹង​ល្អ — ជា​សារលិខិត​ដែល​នាំ​ក្ដី​សង្ឃឹម និង​អំណរ​ដល់​កូនចៅ​នៃ​ព្រះ​ពេញ​ពិភពលោក ។ បើ​អ្នក​បន្ទាប​ខ្លួន គោរព​ប្រតិបត្តិ និង​ស្ដាប់​សំឡេង​នៃ​ព្រះ​វិញ្ញាណ នោះ​អ្នក​នឹង​រក​ឃើញ​សុភមង្គល​មហិមា ក្នុង​ការបម្រើ​ជា​អ្នក​ផ្សាយ​សាសនា ។ 17 ឱ ជា​ពេល​អស្ចារ្យ​ណាស់​ហ្ន៎ ធ្វើ​ជា​អ្នក​ផ្សាយ​សាសនា — ជា​ពេល​ដែល​ព្រះ​កំពុង​ពន្លឿន​កិច្ចការ​ទ្រង់ !

ខ្ញុំ​សូម​ថ្លែង​សាក្សី​ពីព្រះ​សង្គ្រោះយើង ព្រះយេស៊ូវគ្រីស្ទ និង​ពី « បញ្ញត្តិ​ដ៏​ទេវភាព » 18 ឲ្យ « ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ » ។ 19 នេះ​ជា​សាសនាចក្រ​ទ្រង់ ។ ទ្រង់​ដឹកនាំ​តាម​រយៈ​ព្យាការី និង​សាវក​ដែល​កំពុង​រស់​នៅ ។ វេលា​ក្រោយ​នេះ គណៈ​ប្រធាន​ទី​មួយ​នឹង​បង្រៀន​យើង ។ សូម​ឲ្យ​យើង « សង្កេត​ដោយ​ឆាប់​រហ័ស » 20 ដូច​ជា​មរមន ដូច្នេះ​ពេល​មាន​ការហៅ យើង​មាន​ភាព​សក្តិសម និង​អាច​ប្រកាស​ដោយ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ ៖ « មើល​ចុះ ខ្ញុំ​ជា​សិស្ស​ម្នាក់​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ។ ខ្ញុំ​ត្រូវ​បាន​ហៅ​ដោយ​ទ្រង់​ឲ្យ​ប្រកាស​ព្រះ​បន្ទូល​របស់​ទ្រង់​ក្នុង​ចំណោម​ប្រជាជន​ទ្រង់ ដើម្បី​ឲ្យ​ពួកគេ​អាច​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច » ។ 21 ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. កិច្ច​សន្ទនា​ផ្ទាល់​ខ្លួន​ជាមួយ ឌេននីស ស៊ី ប្រ៊ីមហល់ ប្រធាន​បេសកកម្មខេនធើគីល្វីស្វីល ឆ្នាំ 2005–8 ។

  2. Ashish Pokhrel «My Name Is Ashish Pokhrel and This Is My Story » ( ប្រវត្តិ​ផ្ទាល់​ខ្លួន​ដែល​ពុំ​ទាន់​បោះពុម្ព ខែ កញ្ញា ឆ្នាំ 2011 ) ។

  3. Pokhrel « My Name Is Ashish Pokhrel » ។

  4. គោលលទ្ធិ និង សេចក្ដី​សញ្ញា 112:21 ។

  5. មាត្រា​នៃ​សេចក្ដី​ជំនឿ 1:5 ។

  6. គោលលទ្ធិ និង សេចក្ដី​សញ្ញា 112:22 ។

  7. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅ​ក្នុង ប្រកាស​ដំណឹង​ល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( ឆ្នាំ 2004 ) ទំព័រ 176 ។

  8. គំនិត​ដក​ចេញ​ពី​ការនិយាយ​ផ្ដល់​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅ សន្និសីទ​ស្តេក បោនទីហ្វុលយូថាហ៍​ខាង​ជើង ខែ មិថុនា ទំព័រ 8–9 ឆ្នាំ 2013 ។

  9. អោមណៃ 1:26 ។

  10. សូម​មើល ម៉ាកុស 5:41–42 យ៉ូហាន 5:8–9 ។

  11. គោលលទ្ធិ និង សេចក្ដី​សញ្ញា 18:13 ។

  12. គោលលទ្ធិ និង សេចក្ដី​សញ្ញា 121:45 ។

  13. សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 121:46 ។

  14. ថូម៉ាស អេស ម៉នសុន « Obedience Brings Blessings » Ensign or Liahona ខែ ឧសភា ឆ្នាំ 2013 ទំព័រ 89 ។

  15. រីឆាដ ជី ស្កត, « For Peace at Home » EnsignLiahona ខែ ឧសភា ឆ្នាំ 2013 ទំព័រ 30 ។

  16. ក្នុង​ការ​ពិពណ៌នា​ពី​អ្វី​ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ច្រើន​នឹង​ធ្វើ អែលឌើរ រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖ « ពួកគេ​នឹង​ធ្វើ​នូវ​អ្វី ដែល​អ្នក​ផ្សព្វផ្សាយ​សាសនា​តែង​តែ​ធ្វើ ។ ពួកគេ​នឹង​ផ្សាយ​ដំណឹង​ល្អ ! ពួកគ​នឹង​ប្រទាន​ពរ​ដល់​កូនចៅ​របស់​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ! » ( « Catch the Wave » EnsignLiahona ខែ ឧសភា ឆ្នាំ 2013 ទំព័រ 45 ) ។

  17. សូម​មើល ប្រកាស​ដំណឹង​ល្អ​របស់​យើង ទំព័រ v ។

  18. ថូម៉ាស អេស ម៉នសុន « Come, All Ye Sons of God » EnsignLiahona ខែ ឧសភា ឆ្នាំ 2013 ទំព័រ 66 ។

  19. ម៉ាថាយ 28:19 ។

  20. មរមន 1:2 ។

  21. នីហ្វៃ​ទី  3 5:13 ។