ឆ្នាំ ២០១០-២០១៩
តើ​​យើង​ដឹង​ថា យើង​មាន​អ្វី​ទេ?
តុលា 2013


តើ​​យើង​ដឹង​ថា យើង​មាន​អ្វី​ទេ ?

ពិធី​បរិសុទ្ធ​បព្វជិតភាព និង​សេចក្ដី​សញ្ញា ធ្វើ​ឲ្យ​យើង​ទទួល​បាន​ពរជ័យ​ពេញ​លេញ​ដែល​ព្រះ​បាន​សន្យា ដែល​អាច​កើត​ឡើង​​បានតាមរយៈ​ដង្វាយ​ធួនរបស់​​ព្រះ​អង្គ​សង្គ្រោះ ។

ក្នុង « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » គណៈ​ប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​ថ្លែង​ថា ៖ « មនុស្ស​ទាំង​អស់ — ទាំង​ប្រុស​ទាំង​ស្រី — ត្រូវ​បាន​បង្កើត​ឡើង​តាម​រូបភាព​នៃ​ព្រះ ។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​មាតា​បិតា​សួគ៌ ដូច្នេះ​ហើយ មនុស្ស​ម្នាក់ៗ​មាន​ចរិត និង​គោលដៅ​នៃ​ព្រះ » ។ 1 ដើម្បី​សម្រេច​គោលដៅ​ទេវភាព​នេះ បុត្រា និង​បុត្រី​ម្នាក់ៗ​នៃ​ព្រះ ត្រូវការ​ពិធី​បរិសុទ្ធ​បព្វជិតភាព និងសេច​ក្ដី​សញ្ញា ។

យើង​ត្រូវ​ការ​បុណ្យ​ជ្រមុជ​ទឹក ។ ពេល​យើង​ពន្លិច​ចូល​ក្នុង​ទឹក​នៃ​បុណ្យ​ជ្រមុជ យើង​ធ្វើសេច​ក្ដី​សញ្ញា​លើក​ដាក់​ព្រះ​នាម​ព្រះ​គ្រីស្ទ​លើ​ខ្លួន ចង​ចាំ​ទ្រង់​ជានិច្ច រក្សា​បទ​បញ្ញត្តិ និង​បម្រើ​ទ្រង់​ដល់​ទី​បំផុត ដែល​យើង​អាច​មាន​ព្រះ​វិញ្ញាណ​ទ្រង់​ជា​និច្ច ។ 2

យើង​ត្រូវ​ការ​អំណោយ​ទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ តាម​រយៈ​ពិធី​បរិសុទ្ធ​នោះ យើង​អាច​មាន​ដៃគូ​ជា​ព្រះ​វិញ្ញាណ ។ ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បង្រៀន​ថា ៖ « រាល់​បុរស ឬ​ស្ត្រី ដែល​ធ្លាប់​ចូល​សាសនាចក្រ​នៃ​ព្រះ និង​ជ្រមុជ​ទឹក​ដើម្បី​ផ្ដាច់​បាប​មាន​សិទ្ធិទទួល​បាន​វិវរណៈ និង​​ព្រះ​វិញ្ញាណ​នៃ​ព្រះ ជួយ​ពួកគេ​ក្នុង​កិច្ចការពួកគេ ក្នុង​ការគ្រប់គ្រង​កូនចៅ ការប្រដៅ​កូនៗ​ពួកគេ និង​អ្នក​ដែល​ត្រូវ​ហៅ​ឲ្យ​ធ្វើ​ជា​អធិបតី ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ពុំ​កំណត់​ចំពោះ​មនុស្ស ឬ​ពួក​សាវក ឬ​ពួក​ព្យាការី​ឡើយ តែ​ទ្រង់​ជា​កម្មសិទ្ធិ​នៃ​រាល់​បុរស និង​ស្ត្រី​ស្មោះ​ត្រង់ និង​​ក្មេង​ដែល​គ្រប់​អាយុ​ទទួល​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ » ។ 3

យើង​ត្រូវ​ការ​អំណោយ​ទាន​ពិសិដ្ឋ​ព្រះ​វិហារ​បរិសុទ្ធ ។ អែលឌើរ អិម រ័សុល បាឡឺដ មាន​ប្រសាសន៍​ថា ៖ « ពេល​បុរស និង​ស្ត្រី​ទៅ​ព្រះ​វិហារ​បរិសុទ្ធ គេ​ទាំង​ពីរ​ត្រូវ​បាន​ផ្ដល់​ឲ្យ​អំណាច​ដូច​គ្នា ដែល​តាម​ភាព​ពិត​នោះ គឺ​អំណាច​បព្វជិតភាព ។  … អំណោយ​ទាន​ពិសិដ្ឋ​ ជា​អំណោយ​ទាន​នៃ​ព្រះ​ចេស្ដា » ។ 4

យើង​ត្រូវ​ការ​ពិធី​បរិសុទ្ធ​ផ្សា​ភ្ជាប់ ដែល​នាំ​ទៅ​ជីវិត​អស់​កល្ប « គឺ​ជា​អំណោយ​ទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយ​ទាន​ទាំង​ឡាយ​នៃ​ព្រះ » ។ 5 ពិធី​បរិសុទ្ធ​បព្វជិតភាព​នេះ ត្រូវ​ទទួល​បាន​តែ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ជា​មួយ​គ្នា​តែ​ប៉ុណ្ណោះ ។ អែលឌើរ រ័សុល អិម ណិលសុន បង្រៀន​ថា « សិទ្ធិ​អំណាច​បព្វជិតភាព ត្រូវ​បាន​ស្ដារ​ឡើង​វិញ ដើម្បី​ឲ្យ​គ្រួសារ​អាច​បាន​ផ្សាភ្ជាប់​ដ៏​អស់កល្ប » ។ 6

យើង​ត្រូវ​ការ​ឱកាស​រំឭក​​សេចក្ដីសញ្ញា​យើង​រាល់​សប្ដាហ៍ ពេល​ទទួល​ទាន​សាក្រាម៉ង់ ។ « ពួក​ព្យាការី និង​សាវក​ថ្ងៃ​ចុង​ក្រោយ ក៏​បង្រៀន​ថា ពេល​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ស័ក្តិសម យើង​ពុំ​គ្រាន់​តែអាច​​រំឭក​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​ទេ « តែ​រាល់​សេចក្ដី​សញ្ញា ដែល​ធ្វើ​ជាមួយ​ព្រះ › » ដែរ ។ 7

ពិធី​បរិសុទ្ធ​បព្វជិតភាព និងសេច​ក្ដី​សញ្ញា​ទាំង​នេះ ធ្វើ​ឲ្យ​យើង​ទទួល​បាន​ពរជ័យ​ពេញ​លេញ ដែល​ព្រះ​សន្យា ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​ដង្វាយ​ធួន​ព្រះ​សង្គ្រោះ ។ វា​ប្រដាប់​បុត្រា និង​បុត្រី​នៃ​ព្រះ​ដោយ​ចេស្ដា ជា​ចេស្ដា​នៃ​ព្រះ8 និង​ផ្ដល់​ឱកាស​យើង​ទទួល​ជីវិត​អស់កល្ប — ត្រឡប់​ទៅ​វត្តមាន​ព្រះ និង​រស់​នឹង​ទ្រង់​ជា​គ្រួសារ​អស់កល្ប ។

ថ្មីៗ​នេះ ខ្ញុំ​ចុះ​សួរ​សុខ​ទុក្ខ​ជាមួយ​អ្នក​ដឹកនាំ​បព្វជិតភាព​នៅ​ផ្ទះ​ស្ត្រីៗ​បួន​នាក់​នៅ ហុនឌូរ៉ាស ។ ស្ត្រី​ទាំង​នេះ និង​គ្រួសារ​ពួកគាត់​ត្រូវ​ការ​កូនសោ​បព្វជិតភាព និង​សិទ្ធិ​អំណាច ពិធី​បរិសុទ្ធ​បព្វជិតភាព និង​សេចក្ដី​សញ្ញា និង​អំណាច​បព្វជិតភាព និង​ពរជ័យ ។

យើង​សួរ​សុខ​ទុក្ខ​ស្ត្រី​ជា​ទី​ស្រឡាញ់​ម្នាក់ ដែល​រៀប​ការ​ហើយ មាន​កូន​ស្រស់​ស្អាត​ពីរ​នាក់ ។ គាត់​មាន​ក្ដី​ជំនឿ និង​សកម្ម​ក្នុង​ព្រះ​វិហារ ហើយ​គាត់​បង្រៀន​កូនៗ​គាត់ ឲ្យ​ជ្រើស​ផ្លូវ​ត្រូវ ។ ស្វាមី​គាត់​ពុំ​បដិសេធ​ព្រះ​វិហារ​ទេ តែ​គាត់​ពុំ​មែន​ជា​សមាជិក​ឡើយ ។ គ្រួសារ​គេ​រឹងមាំ តែ​ដើម្បី​រីករាយ​ចំណង​គ្រួសារ​កាន់​តែ​ខ្លាំង ពួកគេ​ត្រូវ​ការ​បន្ថែម​ពរជ័យ​បព្វជិតភាព ។ ពួក​គេ​ត្រូវ​ការ ឪពុក​ទទួល​ពិធី​បរិសុទ្ធ​បុណ្យ​ជ្រមុជ​ទឹក និង​អំណោយ​ទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​មាន​បព្វជិតភាព ។ ពួកគេ​ត្រូវ​ការ​អំណាច​បព្វជិតភាព ដែល​អាច​ឈាន​ដល់​អំណោយ​ទាន​ពិសិដ្ឋ និង​ការផ្សាភ្ជាប់ ។

ការសួរ​សុខ​ទុក្ខ​បន្ទាប់ គឺ​នៅ​ផ្ទះ​ស្ត្រី​មេម៉ាយ​ពីរ​នាក់ ដែល​ជា​ស្ត្រី​មាន​ក្ដី​ជំនឿ​ដ៏ខ្លាំង ។ ស្ត្រី​ម្នាក់​មាន​កូន​ប្រុស​ត្រៀម​ខ្លួន​បម្រើ​បេសកកម្ម ។ ស្ត្រី​ម្នាក់​ទៀត​កំពុង​ទទួល​ការព្យាបាល​ជម្ងឺ​មហារីក ។ នៅ​គ្រា​បាក់​ទឹក​ចិត្ត​ និង​អស់​សង្ឃឹម ពួក​គាត់​ចាំ​ពី​ដង្វាយ​ធួន​ព្រះ​សង្គ្រោះ និង​ពេញ​ដោយ​ក្ដី​ជំនឿ និង​សង្ឃឹម ។ គាត់​ទាំង​ពីរ​ត្រូវការ​ពរជ័យ និង​ព្រះ​ចេស្ដា​បន្ថែម ដែល​មាន​តាម​រយៈ​ពិធី​បរិសុទ្ធ​នៃ​ព្រះ​វិហារ​បរិសុទ្ធ ។ យើង​បាន​លើក​ទឹក​ចិត្ត​ពួកគាត់​ឲ្យ​បង្កើត​អ្នក​ផ្សាយ​សាសនា​ក្នុង​ផ្ទះ​នា​ពេល​ខាង​មុខ និង​ត្រៀម​ខ្លួន​ទទួល​ពិធី​បរិសុទ្ធ​ទាំងនេះ ។

ការសួរ​សុខទុក្ខ​ចុង​ក្រោយ គឺ​នៅ​ផ្ទះ​ស្ត្រី​ម្នាក់ ដែល​​ប្ដី​គាត់​ទើប​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់ដ៏​ខ្លោច​ផ្សា​មួយ ។ ដោយ​ជា​អ្នក​ប្រែ​ចិត្ត​ជឿ​ម្នាក់ គាត់​ពុំ​យល់​ថា គាត់​អាច​ទទួល​អំណោយ​ទាន​ពិសិដ្ឋ និង​អាច​ផ្សា​ភ្ជាប់​នឹង​ស្វាមី​គាត់​ឡើយ ។ ពេល​យើង​បង្រៀន​គាត់ ថា​ពរជ័យ​ទាំង​នេះ​អាច​មាន​សម្រាប់​គាត់ និង​ស្វាមី​ដែល​ចែក​ឋាន​ទៅរបស់​គាត់​ នោះ​គាត់​មាន​សង្ឃឹម ។ ការ​ដឹង​ថា តាម​រយៈ​ពិធី​បរិសុទ្ធនៃ​​ព្រះ​វិហារ​បរិសុទ្ធ និងសេច​​ក្ដី​សញ្ញា គ្រួសារ​គាត់​អាច​បាន​ផ្សាភ្ជាប់ នោះ​គាត់​មាន​ក្ដី​ជំនឿ និង​ការប្ដេជ្ញា​ប្រឈម​មុខ​នឹង​ការសាកល្បង​ខាង​មុខ ។

កូន​ប្រុសរបស់​​ស្ត្រីមេម៉ាយ​រូប​នេះ​ កំពុង​ត្រៀម​ខ្លួន​ទទួល​បព្វជិតភាព​អើរ៉ុន ។ ការតែងតាំង​គាត់​គឺ​ជា​ពរជ័យ​ដ៏ធំ​ចំពោះ​ម្ដាយ​គាត់ និង​គ្រួសារ ។ ពួកគេ​នឹង​មាន​អ្នក​កាន់​បព្វជិតភាព​ម្នាក់​ក្នុង​ផ្ទះ ។ 

ពេល​ខ្ញុំ​ជួប​ស្ត្រី​ស្មោះ​ត្រង់​ទាំង​នេះ​នៅ ហុនឌូរ៉ាស ខ្ញុំ​អាច​ឃើញ​ថា ពួកគាត់​ខ្នះខ្នែង​រក្សា​គ្រួសារ​ពួកគាត់​ឲ្យ​សកម្ម​ក្នុង​ដំណឹង​ល្អ ។ ពួក​គាត់​សម្ដែង​កតវេទិតា​ចំពោះ​សមាជិក​វួដ​រក្សា​សេចក្ដី​សញ្ញា ដែល​មើល​ថែ​ពួកគាត់​ដោយ​ក្ដី​ស្រឡាញ់ និង​ផ្គត់ផ្គង់​តម្រូវការ​ខាង​សាច់ឈាម និង​វិញ្ញាណ ។ តែ​ស្ត្រី​គ្រប់​រូប​ទាំង​នេះ មាន​តម្រូវការ ដែល​ពុំ​ទាន់​បាន​បំពេញ​ទាំង​ស្រុង​ទេ ។

ក្នុង​ផ្ទះ​ទាំង​បី​នីមួយៗ ដែល​យើង​សួរ​សុខ​ទុក្ខ អ្នក​កាន់​បព្វជិតភាព​វាងវៃ​ម្នាក់ បាន​សួរ​ស្ត្រី​ម្នាក់ៗ​ថា គាត់​ធ្លាប់​ទទួល​ពរជ័យ​បព្វជិតភាព​ឬ​ទេ ។ រាល់​ចម្លើយ​គឺ ទេ ។ ស្ត្រី​ទាំង​អស់​បាន​សុំ ហើយ​ទទួល​បាន​ការប្រសិទ្ធិពរ​ថ្ងៃ​នោះ ។ ទាំង​អស់​គ្នា​បាន​យំ ពេល​គាត់​សម្ដែង​កតវេទិតា​ចំពោះ​ការលួង​ចិត្ត ដឹកនាំ លើក​ទឹក​ចិត្ត និង​បំផុស​គំនិត ដែល​បាន​មក​ពី​ព្រះ​វរបិតា​​សួគ៌ ​តាម​រយៈ​អ្នក​កាន់​បព្វជិតភាព​ស័ក្តិសម ។

ស្ត្រី​ទាំង​នេះ​បាន​បំផុស​គំនិត​ខ្ញុំ ។ ពួកគាត់​បង្ហាញ​គារវភាព​ចំពោះ​ព្រះ និង​ចេស្ដា និង​សិទ្ធិ​អំណាច​ទ្រង់ ។ ខ្ញុំ​ក៏មាន​អំណរ​គុណ​ចំពោះ​អ្នក​កាន់​បព្វជិតភាព ដែល​បាន​ចុះ​សួរ​សុខ​ទុក្ខ​ជា​មួយ​ខ្ញុំ ។ ពេល​យើង​ចេញ​ពី​ផ្ទះ​នីមួយៗ យើង​ប្រឹក្សា​ជាមួយ​គ្នា​ពី​របៀប​ជួយ​គ្រួសារ​ទាំង​នេះ ទទួល​បាន​ពិធី​បរិសុទ្ធ ដែល​ពួកគាត់​ត្រូវ​ការ ដើម្បី​រីក​ចម្រើន​លើ​គន្លង​សេចក្ដី​សញ្ញា និង​ពង្រឹង​គ្រួសារ​គេ ។

សព្វ​ថ្ងៃ យើង​មាន​តម្រូវការដ៏​​ធំ ​​សម្រាប់​បុរស និង​ស្ត្រី​សម្ដែង​ការគោរព​ដល់​គ្នា ក្នុង​នាម​ជា​បុត្រា និង​បុត្រី​នៃ​ព្រះ និង​គារវភាព​ចំពោះ​ព្រះ​វរបិតា​សួគ៌ និង​បព្វជិតភាព​ទ្រង់ — ព្រះ​ចេស្ដា និង​សិទ្ធិ​អំណាច​ទ្រង់ ។

ទ្រង់​មាន​ផែនការ​សម្រាប់​យើង ហើយ​ពេល​យើង​អនុវត្ត​ក្ដី​ជំនឿ និង​ការទុក​ចិត្ត​ក្នុង​ផែនការ​ទ្រង់ នោះ​គារវភាព​ចំពោះ​ទ្រង់​សម្រាប់​អំណាច​បព្វជិតភាព និង​សិទ្ធិ​អំណាច​ នឹង​ត្រូវ​បាន​បង្កើនឡើង ។

ក្នុង​ការបំពាក់​បំប៉ន​អ្នក​ដឹកនាំ​ទូទៅ​ស្ដី​អំពី ការពង្រឹង​ក្រុម​គ្រួសារ និង​សាសនាចក្រ​តាម​រយៈ​បព្វជិតភាព យើង​ត្រូវ​បង្រៀន​ថា បងប្អូន​ស្ត្រី ដែល​ពុំ​មាន​អ្នក​កាន់​បព្វជិតភាព​ក្នុង​ផ្ទះ … ពុំ​ត្រូវ​មាន​អារម្មណ៍​ឯកោ​ឡើយ ។ ពួកគាត់​ត្រូវ​ប្រទាន​ពរ និង​ពង្រឹង​តាម​រយៈ​ពិធី​បរិសុទ្ធ ដែល​ពួកគាត់​បាន​ទទួល និងសេច​​ក្ដី​សញ្ញា ដែល​ពួកគាត់​រក្សា ។ ពួក​គាត់​ពុំ​គួរ​ស្ទាក់​ស្ទើរ​បម្រើ ពេលគេ​ត្រូវ​ការ​ជំនួយនោះ​ឡើយ ។ អែលឌើរអិម រ័សុល បាឡឺដ បង្រៀន​ថា រាល់​ស្ត្រី​ក្នុង​សាសនាចក្រ ត្រូវ​ដឹង​ថា គាត់​មាន​ប៊ីស្សព និង​ប្រធាន​កូរ៉ុម​អែលឌើរ គ្រូ​បង្រៀន​តាម​ផ្ទះ និង​អ្នក​កាន់​បព្វជិតភាព​ស័ក្តិសម​ដទៃ​ទៀត ដែល​គាត់​អាច​ពឹង​ពាក់​ឲ្យ​ចូល​ក្នុង​ផ្ទះ​គាត់ ហើយ​ជួយ​គាត់ និងផ្ដល់​ការ​​ប្រសិទ្ធិពរ​ដូចជា ស៊ីស្ទើរ រ៉ូស្មែរី អិម វិសុម បាន​បន្ថែម​ដែរ » ។ 9

អែលឌើរ បាឡឺត ក៏​បង្រៀន​ថា ៖ « ព្រះ​វរបិតា​សួគ៌​យើង​មាន​ព្រះ​ទ័យ​សប្បុរស​នឹង​ព្រះ​ចេស្ដា​ទ្រង់ ។ គ្រប់​បុរស​​ស្ត្រី ​អាច​ខិត​ទៅ​ជិតព្រះ​​ចេស្ដា​ទ្រង់​ដើម្បី​សុំ​ជំនួយ​ក្នុង​ជីវិត ។ អ្នក​ដែល​បាន​ធ្វើសេច​ក្ដី​សញ្ញា​ពិសិដ្ឋ​ជាមួយ​ព្រះ និង​គោរពសេច​ក្ដី​សញ្ញា​នោះ គឺ​មាន​សិទ្ធិ​ទទួល​វិរណៈ​ផ្ទាល់​ខ្លួន ដើម្បី​ទទួល​បាន​ពរ​ដោយ​ការបម្រើ​នៃ​ពួក​ទេវតា [ និង ] រួប​រួម​ជាមួយ​ព្រះ » ។ 10

យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក ។ បុត្រា​នៃ​ព្រះ ត្រូវការ​បុត្រី​នៃ​ព្រះ បុត្រី​នៃ​ព្រះ​ត្រូវ​ការ​បុត្រា​នៃ​ព្រះ ។

យើង​មាន​អំណោយ​ទាន និង​ចំណុច​ខ្លាំង​ផ្សេងៗ​គ្នា ។ កូរិនថូស​ទីមួយ ជំពូក​ទី 12 គូស​បញ្ជាក់​ពី​តម្រូវការ​សម្រាប់​បុត្រា និង​បុត្រី​នៃ​ព្រះ ដែល​យើង​ម្នាក់ៗ​ត្រូវ​បំពេញ​មុខ​ងារ​ផ្ទាល់​ខ្លួន និង​ទំនួល​ខុស​ត្រូវ​ស្រប​តាម​ផែនការ​ព្រះ ដែល​ទាំង​អស់​អាច​នឹង​ផ្ដល់​ប្រយោជន៍ ។ 11

ឱ បុត្រា​នៃ​ព្រះ​អើយ តើ​អ្នក​ដឹង​ថា អ្នក​ជា​នរណា​ទេ ? តើ​អ្នក​ដឹង​ថា អ្នក​មាន​អ្វី​ទេ ? តើ​អ្នក​ស័ក្តិសម​ប្រើ​បព្វជិតភាព ហើយ​ទទួល​បាន​អំណាច និង​ពរ​ជ័យនៃ​បព្វជិតភាព​ទេ ? តើ​អ្នក​ក្រសោប​មុខ​ងារ និង​ទំនួល​ខុស​ត្រូវ ដើម្បី​ពង្រឹង​គេហដ្ឋាន​ក្នុង​នាម​ជា​ឪពុក ជីតា កូន​ប្រុស បង​ប្អូន​ប្រុស និង​ឪពុក​មា​ឬ​ទេ ? តើ​អ្នក​គោរព​​ភាព​ជា​ស្ត្រី និង​ភាព​ជា​ម្ដាយ​ឬ​ទេ ?

ឱ បុត្រី​នៃ​ព្រះ​អើយ តើ​យើង​ដឹង​ថា យើង​ជា​នរណា​ទេ ? តើ​យើង​ដឹង​ថា យើង​មាន​អ្វី​ទេ ? តើយើង​ស័ក្តិសម​ទទួល​បាន​ចេស្ដា និង​​ពរ​ជ័យ​នៃ​បព្វជិតភាព​ទេ ? តើ​យើង​ទទួល​បាន​អំណោយ​ទាន​ ដែល​ប្រទាន​ដល់​យើង​ជាមួយ​នឹងការ​ដឹងគុណ ក្ដីករុណា និង​ភាព​ថ្លៃថ្នូរ​ឬ​ទេ ? តើយើង​ចាប់​យក​មុខ​ងារ និង​ទំនួល​ខុស​ត្រូវ ដើម្បី​ពង្រឹង​គេហដ្ឋាន​ក្នុង​នាម​ជា​ម្ដាយ ជីដូន កូន​ស្រី បងប្អូន​ស្រី និង​ម្ដាយ​មីង​ឬ​ទេ ? តើ​យើង​គោរព​ដល់​បុរស គោរព​ភាព​ជា​បុរស និង​ភាព​ជា​ឪពុក​ឬ​ទេ ?

ក្នុង​នាម​ជា​បុត្រា និង​បុត្រី​នៃ​សេចក្ដី​សញ្ញា តើ​យើង​មាន​ជំនឿ​លើ​ព្រះវរ​បិតា​សួគ៌ និង​ផែនការ​អស់​កល្ប​ទ្រង់​សម្រាប់​យើងឬ​ទេ ? តើ​យើង​មាន​​ជំនឿ​លើ​ព្រះ​គ្រីស្ទ និង​ដង្វាយ​ធួន​ទ្រង់​ឬទេ ? តើ​យើង​ជឿ​ថា យើង​មាន​និស្ស័យ និង​ជោគ​វាសនា​នៃ​ព្រះឬ​ទេ ? ហើយ​ក្នុង​កិច្ច​ខ្នះខ្នែង​ដើម្បី​សម្រេច​បាន​ជោគ​វាសនា និង​ទទួល​បាន​អ្វី​គ្រប់​យ៉ាង ដែល​ព្រះ​បិតា​បាន​ធ្វើ 12 តើ​យើង​យល់​ពី​សារ​សំខាន់​នៃ​ការទទួល​ពិធី​បរិសុទ្ធ និង​ការ​​ធ្វើ ការរក្សា ហើយនិងការ​​រំឭកសេច​​ក្ដី​សញ្ញារបស់​យើង​ជា​មួយ​ព្រះឬ​ទេ ?

យើង​ជា​បុត្រា និង​បុត្រី​វិញ្ញាណ​ស្ងួន​ភ្ងារ​នៃ​ព្រះ​មាតា​បិតា​សួគ៌ ជាមួយនឹង​​និស្ស័យ និង​ជោគ​វាសនា​ជា​ព្រះ ។ ព្រះ​សង្គ្រោះ យេស៊ូវគ្រីស្ទ ស្រឡាញ់​យើង​ដល់​ម្ល៉េះ ទើប​លះ​បង់​ព្រះ​ជន្ម​សម្រាប់​យើង ។ ដង្វាយ​ធួន​ទ្រង់​ផ្ដល់​មធ្យោបាយ​ឲ្យ​យើង​រីក​ចម្រើន​លើ​មាគ៌ា​ទៅ​ផ្ទះ​សួគ៌ា​ តាម​រយៈ​ពិធី​បរិសុទ្ធ​បព្វជិតភាព​ពិសិដ្ឋ និង​សេចក្ដី​សញ្ញា ។

ពិធី​បរិសុទ្ធ​បព្វជិតភាព​ទាំង​នេះ និង​សេច​ក្ដី​សញ្ញា​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​លើ​ផែនដី​ តាម​រយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ហើយ​សព្វ​ថ្ងៃ ប្រធាន ថូម៉ាស អេស ម៉នសុន កាន់​កូន​សោ​បព្វជិតភាព​ទាំង​អស់​លើ​ផែនដី ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បង្រៀន​ថា ៖ « ក្នុង​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​បាន​រក​ឃើញ​ក្នុង​សិទ្ធិ​អំណាច​បព្វជិតភាព ដើម្បី​ចាត់ចែង​ពិធី​បរិសុទ្ធ ដែល​ជា​មធ្យោបាយ​យើង​អាច​ចូល​ក្នុង​ចំណង​សេច​ក្ដី​សញ្ញា​ជាមួយ​ព្រះ​វរបិតា​សួគ៌​ ក្នុង​ព្រះ​នាម​នៃ​បុត្រា​ដ៏​បរិសុទ្ធ​នៃ​ទ្រង់ ។  … ព្រះ​នឹង​រក្សា​ការសន្យា​ទ្រង់ ពេល​អ្នក​ឲ្យ​តម្លៃ​សេច​ក្ដី​សញ្ញា​នោះ » ។ 13

ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ពី​ការណ៍​ទាំង​នេះ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ។

  2. សូម​មើល មរ៉ូណៃ 4:3 6:3 ។

  3. Teachings of Presidents of the Church: Wilford Woodruff ( ឆ្នាំ 2004 ) ទំព័រ 49 ។

  4. អិម រ័សុល បាឡឺដ «Let Us Think Straight» (Brigham Young University Education Week devotional ថ្ងៃទី 20 ខែ សីហា ឆ្នាំ 2013) speeches.byu.edu

  5. គោលលទ្ធិ និង សេចក្ដី​សញ្ញា 14:7 សូម​មើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា 131:1–4 

  6. រ័សុល អិម ណិលសុន «Nurturing Marriage» EnsignLiahona ខែ ឧសភា ឆ្នាំ 2006 ទំព័រ 37 ឬ ក្នុងDaughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ 2011) ទំព័រ 134 ។

  7. ឌេលប៊ឺត អិល ស្តេបលី ក្នុង Conference Report ខែ តុលា ឆ្នាំ 1965 ទំព័រ 14 បាន​ដកស្រង់​ពី អិល ថម ភែរី «As Now We Take the Sacrament» ​Ensign​   ឬ ​ ​Liahona ខែ ឧសភា ឆ្នាំ 2006 ទំព័រ 41 សូមមើល​ផងដែរ Teachings of Gordon B. Hinckley ( ឆ្នាំ 1997 ) ទំព័រ 561, The Teachings of Spencer W. Kimball រៀបរៀងដោយ Edward L. Kimball ( ឆ្នាំ 1982) ទំព័រ 220។

  8. សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 109:22 ។

  9. សូមមើល អិម រ័សុល បាឡឺដ និង រ៉ូស្មែរី អិម វិសុម «ពរជ័យ​នៃ​បព្វជិតភាពនៅ​ក្នុង​គេហដ្ឋាន» ក្នុង Sការ​ពង្រឹង​ក្រុម​គ្រួសារ​ និង​ សាសនាចក្រ​តាម​រយៈបព្វជិតភាព ( ការ​បំពាក់បំប៉ន​ភាព​ជា​អ្នកដឹកនាំ​ទូទាំងពិភពលោក ឆ្នាំ 2013 ), lds.org/broadcasts

  10. អិម រ័សុល បាឡឺដ «Let Us Think Straight» speeches.byu.edu

  11. សូម​មើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា 46:9, 12

  12. សូម​មើល​ គោលលទ្ធិ និង សេចក្ដី​សញ្ញា 84:38

  13. ឌី ថត គ្រីស្តូហ្វឺសិន «The Power of Covenants» Ensign ឬ​ ​ ​Liahona ខែ ឧសភា ឆ្នាំ 2009 ទំព័រ 22 ។