ឆ្នាំ ២០១០-២០១៩
ការខិត​កាន់​តែ​ជិត​ព្រះ
តុលា 2013


ការខិត​កាន់​តែ​ជិត​ព្រះ

ព្រះ​សង្គ្រោះ​មាន​ព្រះ​ទ័យ​ឲ្យ​យើង​ស្រឡាញ់​ទ្រង់​ពិត​ដល់​កម្រិត ដែល​យើង​ចង់​ចង​ភ្ជាប់​ឆន្ទៈ​យើង​នឹង​ឆន្ទៈ​ទ្រង់ ។

ចៅ​ប្រុស​អាយុ​ប្រាំ​មួយ​ឆ្នាំ​យើង​ឈ្មោះ អូលី ដែល​ចូល​ចិត្ត​ហៅ​ខ្ញុំ​ថា « ផតទើរ » ចង់​យក​របស់​មួយ​ពី​ក្នុង​ឡាន ។ ប៉ា​គេ​ឈរ​មើល​ពី​ក្នុង​ផ្ទះ ហើយ​ដោយ អូលី ពុំ​ចាប់​អារម្មណ៍ គាត់​ដោះ​សោ​ឡាន​ដោយ​ប្រើ​ប្រដាប់​បញ្ជា​ពេល អូលី ចូល​ទៅ​ជិត​ឡាន ហើយ​ចាក់​សោ​វិញ​ពេល អូលី យក​របស់​ហើយ ។ រួច អូលី បាន​រត់​ចូល​ផ្ទះ​ទាំង​ញញឹម !

សមាជិក​គ្រួសារ​ទាំង​អស់​​សួរ​គេ​ថា « តើ កូន​ដោះ​សោ​ឡាន និង​ចាក់​សោ​វិញ​តាម​របៀប​ណា​ទៅ ? » អូលី គ្រាន់​តែ​ញញឹម ។

កូន​ស្រី​យើង​ដែល​ជា​ម្ដាយ​គេ​បន្លឺ​ថា « ប្រហែល​ដូច​ពេល ផតទើរ ធ្វើ​ហើយ​មើល​ទៅ — ប្រហែល​កូន​ចេះ​វេទមន្ត​ដូច​គាត់​អញ្ជឹង ! »

ពេល​វា​កើត​ឡើង​ម្ដង​ទៀត​បន្តិច​ក្រោយ​មក គេ​ឆ្លើយ​នឹង​សំណួរ​ដែល​សួរ​គេ​ម្ដង​ទៀត​នោះ​ថា ៖ « វា​ចម្លែក​ណាស់ ! ខ្ញុំ​គិត​ថា​ព្រោះ ផតទើរ ស្រឡាញ់​ខ្ញុំ ហើយ​គាត់​ជា​មិត្ត​ល្អ​ខ្ញុំ គាត់​មើល​ថែ​ខ្ញុំ ! »

ខ្ញុំ​មាន​ពរជ័យ​ដើម្បី​ស្គាល់​រឿង​អព្ភូតហេតុ​ពិត ដែល​កើត​ឡើង​ក្នុង​ជីវិត​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ពេញ អាហ្រ្វិក ប៉ាពួ នូវ ហ្គីណេ អូស្ត្រាលី នូវហ្សើលែន និង​ដែន​ដី​កោះ​ប៉ាស៊ីហ្វិក ។ ខ្ញុំ​យល់​ស្រប​នឹង អូលី — ខ្ញុំ​គិត​ថា ព្រោះ​មនុស្ស​ស្មោះត្រង់​ទាំងនោះ​មាន​អារម្មណ៍​ដូច​គ្នា​ពី​ព្រះ​វរបិតា​សួគ៌ និង​ព្រះ​សង្គ្រោះ​ដូច អូលី មាន​អារម្មណ៍​ពី​ខ្ញុំ​ដែរ ។ គេ​ស្រឡាញ់​ព្រះ​ដូច​ជា​មិត្ត​ស្និទស្នាល ហើយ​ទ្រង់​ថែ​រក្សា​គេ ។

សមាជិក​សាសនាចក្រ​មាន​សិទ្ធិ​ទទួល និង​មនុស្ស​ជា​ច្រើន​ទទួល​បាន​សាក្សី​ខាង​វិញ្ញាណ ហើយ​ធ្វើ​ក្ដី​សញ្ញា​ពិសិដ្ឋ ដើម្បី​ដើរ​តាម​ព្រះ​អម្ចស់ ។ ទោះ​យ៉ាង​នោះ​ក្ដី មនុស្ស​ខ្លះ​ឆ្ពោះ​ទៅ​ទ្រង់​កាល​អ្នក​ផ្សេង​ទៀត​ពុំ​ទៅ ។ តើ​អ្នក​ជា​មនុស្ស​ដូច​ម្ដេច ?

ព្រះ​គួរ​ជា​តួ​សំខាន់​សម្រាប់​មនុស្ស​លោក — អង្គ​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ។ តើ​ទ្រង់​តែងតែ ឬ​ជួលកាល​នៅ​ឆ្ងាយ​ពី​សតិ​អារម្មណ៍ និង​បំណង​នៃ​ដួង​ចិត្ត​យើង​បាន​ឬ ? ( សូម​មើល ម៉ូសាយ 5:13 ) ។ សម្គាល់​ថា ពុំ​គ្រាន់​តែ​សតិ​អារម្មណ៍​នៃ​ដួង​ចិត្ត​ទេ ដែល​សំខាន់​នោះ តែ​ជា « បំណង » ដែរ ។ តើ​មាយាទ និង​ទង្វើ​បង្ហាញ​ពី​ក្ដី​សុចរិត​នៃ​បំណង​យើង​ដូចម្ដេច ?

កូន​ប្រុស​យើង​ឈ្មោះ បិន កាល​វ័យ 16 ឆ្នាំ​បាន​ថ្លែង​ក្នុង​សន្និសីទ​ស្តេក​ដោយ​សួរ​សំណួរ​ថា ៖ « តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច បើ​នរណា​ម្នាក់​សន្យា​អ្វី​មួយ​រាល់​សប្ដាហ៍ ហើយ​ពុំ​ដែល​គោរព​ពាក្យ​សន្យា​នោះ ? » គាត់​បន្ត​ថា « តើ​យើង​សន្យា​យ៉ាង​ប្រាកដ​ប្រជា កាល​យើង​ទទួល​ទាន​សាក្រាម៉ង់ ហើយ​ធ្វើ​ក្ដី​សញ្ញា​រក្សា​បញ្ញត្តិ​ទ្រង់ និង​ចងចាំ​ទ្រង់​ជានិច្ច​ឬ​ទេ ? »

ព្រះ​ប្រទាន​របៀប​ច្រើន ដើម្បី​ឲ្យ​យើង​ចងចាំ​ទ្រង់ និង​អំណាច​គាំទ្រ ។ របៀប​មួយ​គឺ​តាម​រយៈ​អ្វី​ដែល​យើង​ជួប​ប្រទះជា​មួយ​គ្នា — ទុក្ខ​វេទនា ( សូម​មើល អាលម៉ា 32:6 ) ។ ពេល​ខ្ញុំ​ក្រឡេក​ទៅ​ការសាកល្បង​ដែល​ខ្ញុំ​ប្រឈម​មុខ ច្បាស់​ណាស់​ថា វា​ផ្ដល់​លទ្ធផល​ក្នុង​ការរីកចម្រើន ការយល់​ដឹង និង​ការ​យល់​ចិត្ត ។ វា​បង្ខិត​ខ្ញុំ​ទៅ​ជិត​ព្រះ​វរ​បិតាសួគ៌ និង​ព្រះ​បុត្រា​ទ្រង់ ជាមួយ​បទ​ពិសោធន៍ និង​ការបន្សុទ្ធ​ក្នុង​ចិត្ត​ខ្ញុំ ។

ការដឹកនាំ​របស់​ព្រះអម្ចាស់ និង​ការណែនាំ​ទ្រង់​គឺ​ចំបាច់ ។ ទ្រង់​ជួយ​បងប្រុស​យ៉ារេឌ ដ៏​ស្មោះ​ត្រង់ ​ដោះស្រាយ​ឧបសគ្គ​មួយ​ចំណោម​ពីរ កាល​ទ្រង់​បន្ទូល​ប្រាប់​គាត់​របៀប​ធ្វើ​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​ភេត្រា ដែល​បាន​សង់​ឡើង​ដោយ​ក្ដី​ជំនឿ ( សូម​មើល អេធើរ 2:20 ) ។ ព្រះ​ពុំ​គ្រាន់​តែ​ទុក​ឲ្យ​មាន​រឿង ដែល​ពុំ​ទាន់​ដោះស្រាយ​ពី​របៀប​ធ្វើ​ឲ្យ​មាន​ពន្លឺ​មួយ​រយៈ​នោះ​ទេ តែ​ទ្រង់​ធ្វើ​ឲ្យ​ឃើញ​ច្បាស់​ថា ព្រះ​អម្ចាស់​អនុញ្ញាត​ឲ្យ​ការបក់បោក និង​ការសាកល្បង​ដែល​ចាំបាច់​ត្រូវការ​ការដោះស្រាយ ។ គឺ​ទ្រង់​ហើយ ដែល​នឹង​បង្កើត​ព្យុះ ភ្លៀង និង​ជំនន់​លិច ( សូម​មើល អេធើរ 2:23–24 ) ។

ហេតុ​អ្វី​ទ្រង់​ធ្វើ​ដូច្នោះ ? ហើយ​ហេតុអ្វី​ទ្រង់​ព្រមាន​យើង​ជា​ច្រើន ឲ្យ​ដក​ខ្លួន​ពី​ប្រភព​គ្រោះថ្នាក់ ទោះ​ជា​ទ្រង់​អាច​បញ្ឈប់​វា​ពី​ការកើតឡើង​បាន​នោះ ? ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​តំណាល​រឿង​នៃ​ការណ៍​ដែល​ត្រូវ​ព្រមាន​ខាង​វិញ្ញាណ​ឲ្យ​យក​រទេះ​សេះ​ចេញ ដែល​គាត់ ភរិយា និង​កូន​សម្រាក​ខាង​ក្នុង គ្រាន់តែ​ដក​រទេះ​ចេញ​ភ្លាម មាន​ខ្យល់​គួច​មក​រម្លើង​ឫស​ដើម​ឈើ​ធំ​មួយ និង​បាន​ទម្លាក់​វា​នៅ​ចំ​ទី​ដែល​រទេះ​នោះ​ចត​ពី​មុន ( សូម​មើល ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ វិលហ្វូឌ វូឌដ្រុព្វ [ ឆ្នាំ 2004 ] ទំព័រ 47 ) ។

ក្នុង​ឧទាហរណ៍​ទាំង​នេះ អាកាសធាតុ​អាច​កែប្រែ​បាន​ដើម្បី​បន្ថយ​គ្រោះថ្នាក់ ។ តែ​នេះ​ជា​ចំណុច​សំខាន់ — ផ្ទុយ​ឲ្យ​ការ​ដោះស្រាយ​បញ្ហា​ដោយ​ពឹង​លើ​ទ្រង់ ព្រះ​អម្ចាស់​មាន​ព្រះទ័យ​ឲ្យ​យើង​បង្កើន​ក្ដី​ជំនឿ ដែល​នឹង​ជួយ​យើង​ពឹង​លើ​ទ្រង់​ក្នុង​ការដោះស្រាយ និង​ជឿជាក់​លើ​ទ្រង់ ។ នោះ​យើង​អាច​ទទួល​អារម្មណ៍​ក្ដី​ស្រឡាញ់​ទ្រង់​បន្ថែម កាន់តែ​ខ្លាំង កាន់តែ​ច្បាស់ និង​ដោយ​ផ្ទាល់​ខ្លួន ។ យើង​ប្រែ​ជា​រួបរួម​នឹង​ទ្រង់ ហើយ​អាច​ដូច​ជា​ទ្រង់ ។ ត្បិត​គោលដៅ​ទ្រង់​គឺ​ឲ្យ​យើង​ដូច​ជា​ទ្រង់ ។ តាម​ពិត វា​គឺ​ជា​សិរី​ល្អ ក៏​ដូច​ជា​កិច្ចការ​ទ្រង់​ដែរ ( សូម​មើល ម៉ូសេ 1:39 ) ។

ក្មេង​ប្រុស​ម្នាក់​ព្យាយាម​សម្អាត​ទី​កខ្វក់​ក្រោយ​ផ្ទះ​ដើម្បី​អាច​លេង​ជា​មួយ​កូន​ឡាន​របស់​គេ​នៅ​ទី​នោះ ។ មាន​ថ្ម​មួយ​ដុំ​ធំ​រារាំង​ការងារ ។ ក្មេង​ប្រុស​នោះ​រុញ ហើយ​ទាញ​អស់​មួយ​ទំហឹង តែ​ខំ​យ៉ាង​ណា​ក្ដី ថ្ម​នោះ​ពុំ​កម្រើក​សោះ ។

ប៉ា​របស់​គេ​ឈរ​មើល​បន្តិច​រួច​ដើរ​ទៅ​កូន​ប្រុស ហើយ​សួរ​ថា « កូន​ត្រូវ​ប្រើ​កម្លាំង​ទាំង​អស់​ទើប​អាច​យក​ថ្ម​ធំ​នេះ​ចេញ​បាន » ។

ក្មេង​ប្រុស​នោះ​ឆ្លើយ​ថា ៖ « កូន​បាន​ប្រឹង​អស់​ពី​សមត្ថភាព​ហើយ ! »

ប៉ា​របស់​គេ​កែ​តម្រូវ​ថា « ទេ​កូន​ពុំ​បាន​ធ្វើ​ទេ ។ ប៉ា​​ពុំ​ទាន់​បាន​ជួយ​កូន​នៅ​ឡើយ​ទេ ! »

ហើយ​ពួកគេ​បាន​ឱន​ចុះ​ទាំង​អស់​គ្នា ហើយ​យក​ថ្ម​នោះ​ចេញ​បាន​យ៉ាង​ស្រួល ។

ឪពុក​មិត្ត​របស់​ខ្ញុំ​ម្នាក់​ឈ្មោះ វែបា រ៉ូម ជា​ប្រធាន​ស្តេក​ទី​មួយ​នៃ ប៉ាពួ នូវ ហ្គីណេ បង្រៀន​ដែរ​ថា គាត់​អាច​ងាក​រក​ព្រះ​បិតា​នៅ​ស្ថាន​សួគ៌​ចំ​គ្រា​ដែល​ត្រូវការ ។ គាត់ និង​អ្នក​ភូមិ​គាត់​អាច​រស់​បាន​ដោយ​សារ​តែ​ដំណាំ​ដែល​គេ​ដាំ ។ ថ្ងៃ​មួយ គាត់​បាន​ដុត​សម្អាត​ដី​កសិកម្ម​ដាំដុះ​គាត់​ក្នុង​ភូមិ ។ ប៉ុន្តែ ភ្លើង​ត្រូវ​បាន​ឆេះ​ឡើង​នៅ​ពេល​រដូវ​ក្ដៅ​ខ្លាំង ហើយ​រុក្ខជាតិ​នានា​សុទ្ធ​តែ​ស្ងួត ។ ដូច្នេះ ភ្លើង​របស់​គាត់​បានឆេះ​ដូចជា​របៀប​ភ្លើង​ដែល​ប្រធាន ថូម៉ាស អេស ម៉នសុន ​បាន​លើក​ឡើង​កាល​ពី​សន្និសីទ​មុន​អញ្ជឹង ( សូម​មើល « ការគោរព​ប្រតិបត្តិ​នាំ​មក​នូវ​ពរជ័យ » Ensignលេអាហូណា ខែ ឧសភា ឆ្នាំ 2013 ទំព័រ 86–90 ) ។ វា​ផ្ដើម​រាល​ដាល​ទៅ​វាល​ស្មៅ និង​គុម្ពោត​ព្រៃ ហើយ​កូន​ប្រុស​គាត់​ស្រែក​ថា « ភ្លើង​ឆេះ​ដ៏​សន្ធោរ​សន្ធៅ » ។ គាត់​ខ្លាច​ថា​ នឹង​រាលដាល​ដល់​អ្នក​ភូមិ​គាត់ និង​អាច​ខាត​បង់​ដំណាំ​ពួកគេ ។ បើ​ដំណាំ​ត្រូវ​បំផ្លាញ គាត់​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់ ។ ដោយ​ពុំ​អាច​ពន្លត់​ភ្លើង​នោះ​បាន គាត់​នឹក​ឃើញ​ដល់​ព្រះអម្ចាស់ ។

ខ្ញុំ​សូម​លើក​ពាក្យ​កូន​ប្រុស​គាត់​ដែល​ជា​មិត្ត​ខ្ញុំ​នោះ​ថា « គាត់​លុត​ជង្គង់​លើ​ទួល​ក្នុង​គម្ពោត​ព្រៃ ហើយ​ផ្ដើម​អធិស្ឋាន​ទៅ​ព្រះ​បិតា​ឲ្យ​បញ្ឈប់​ភ្លើង ។ រំពេច​នោះ មាន​ពពក​ខ្មៅ​ធំ​មួយ​ដុំ​ចំ​ពី​លើ​កន្លែង​គាត់​អធិស្ឋាន ហើយ​បង្អុរ​ភ្លៀង​យ៉ាង​ខ្លាំង — ចំ​តែ​កន្លែង​ភ្លើង​ឆេះ​ប៉ុណ្ណោះ ។ ពេល​គាត់​មើល​ជុំវិញ​ឃើញ​មេឃ​ស្រឡះ​គ្រប់​ទិស​ទី លើក​លែង​តែ​កន្លែង​ភ្លើង​ឆេះ ។ គាត់​ពុំ​អាច​ជឿ​សោះ​ថា ព្រះ​តប​នឹង​មនុស្ស​ដូច​ជា​គាត់ ហើយ​បាន​លុត​ជង្គង់​ម្ដង​ទៀត ហើយ​បាន​យំ​ដូច​ជា​កូន​ក្មេង ។ គាត់​ថា​វា​ជា​អារម្មណ៍​ដ៏​ផ្អែម​ល្អែម​បំផុត » ( សូម​មើល អាល់ម៉ា 36:3 ) ។

ព្រះ​សង្គ្រោះ​មាន​ព្រះ​ទ័យ​ឲ្យ​យើង​ស្រឡាញ់​ទ្រង់​ពិត​ដល់​កម្រិត ដែល​យើង​ចង់​ចង​ភ្ជាប់​ឆន្ទៈ​យើង​នឹង​ឆន្ទៈ​ទ្រង់ ។ បន្ទាប់​មក យើង​អាច​ទទួល​អារម្មណ៍​ក្ដី​ស្រឡាញ់ និង​ស្គាល់​សិរី​ល្អ​ទ្រង់ ។ ហើយ​ទ្រង់​អាច​ប្រទាន​ពរ​យើង​តាម​ព្រះ​ហឫទ័យ ។ វា​កើត​ឡើង​ដល់​នីហ្វៃ​ជា​កូន​នៃ​ហេលេមិន ដែល​ព្រះ​អម្ចាស់​ទុក​ចិត្ត​លើ​គាត់​ទាំង​ស្រុង ហេតុដូច្នេះ ទ្រង់​អាច​ប្រទានពរ​គាត់​នូវ​អ្វី​ដែល​គាត់​សុំ ( សូម​មើល ហេលេមិន 10:4–5 ) ។

ក្នុង​រឿង Life of Pi ដែល​ជារឿង​ប្រឌិត​មួយ​សរសេរ​ដោយ យ៉ាន់ ម៉ាថែល ជា​វីវបុរស​សម្ដែង​អារម្មណ៍​ពី​ព្រះ​គ្រីស្ទ​ថា ៖ « ខ្ញុំ​ពុំ​អាច​ដក​ទ្រង់​ចេញ​ពី​គំនិត​ខ្ញុំ​ទេ ។ នៅ​តែ​ពុំ​អាច ។ ខ្ញុំ​គិត​ពី​ទ្រង់​បី​ថ្ងៃ​ពេញ ។ ទ្រង់​កាន់តែ​បារម្ភ​ពី​ខ្ញុំ​យ៉ាង​ណា នោះ​ខ្ញុំ​កាន់តែ​ពុំ​អាច​ភ្លេច​ទ្រង់​បាន​យ៉ាង​នោះ​ដែរ ។ ខ្ញុំ​កាន់តែ​រៀន​ពី​ទ្រង់​យ៉ាង​ណា កាន់តែ​ពុំ​ចង់​ចេញ​ពី​ទ្រង់​យ៉ាង​នោះ​ដែរ » ( [ ឆ្នាំ 2001 ] ទំព័រ 57 ) ។

វា​ពិត​ជា​របៀប​ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះ​សង្គ្រោះ ។ ទ្រង់​នៅ​ក្បែរ​ជានិច្ច ជា​ពិសេស​ក្នុង​ទី​ពិសិដ្ឋ និង​ពេល​ដែល​ត្រូវ​ការ ហើយ​ជួន​កាល ពេល​អស់​សង្ឃឹម ខ្ញុំ​ស្ទើរតែ​មាន​អារម្មណ៍​ថា ទ្រង់​បញ្ជិះ​ខ្ញុំ​លើ​ស្មា ហើយ​ឲ្យ​ខ្ញុំ​ដឹង​ថា ទ្រង់​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​អាច​ថ្វាយ​ក្ដី​ស្រឡាញ់​នោះ​តាម​របៀប​មិន​គ្រប់​លក្ខណ៍​ដោយ​ថ្វាយ​ដួង​ចិត្ត​ខ្ញុំ​ទៅ​ទ្រង់ ( សូម​មើល គ. និង ស. 64:22, 34 ) ។

ទើប​តែ​ប៉ុន្មាន​ខែ​មុន​នេះ ខ្ញុំ​អង្គុយ​ជាមួយ អែលឌើរ ជែហ្វ្រី  អ័រ ហូឡិន ពេល​លោក​ចាត់​អ្នក​ផ្សព្វផ្សាយ​ទៅ​កាន់​បេសកកម្ម​ពួកគេ ។ ពេល​យើង​ចេញ​ទៅ លោក​រង់​ចាំ​ខ្ញុំ ហើយ​ពេល​យើង​ដើរ​មក លោក​កៀក​ស្មា​ខ្ញុំ ។ ខ្ញុំ​ប្រាប់​គាត់​ពី​ទង្វើ​នេះ​ដូច​គ្នា​ដែល​គាត់​ធ្វើ​ម្ដង​កាល​នៅ​ប្រទេស អូស្ត្រាលី ។ លោក​មាន​ប្រសាសន៍​ថា « ពីព្រោះ​ខ្ញុំ​ស្រឡាញ់​អែលឌើរ ! » ហើយ​ខ្ញុំ​ដឹង​ថា វា​អញ្ជឹង​មែន ។

ខ្ញុំ​ជឿ​ថា បើ​យើង​អាច​ដើរ​ជា​មួយ​ព្រះ​អង្គ​សង្គ្រោះ​ក្នុង​សាច់ឈាម​នេះ យើង​នឹង​មាន​អារម្មណ៍​ដូចជា ព្រះ​ពាហុ​ទ្រង់​កៀក​ស្មា​យើង​ដូច​អញ្ជឹង​ដែរ ។ ដូច​ពួក​សិស្ស​ធ្វើ​ដំណើរ​ទៅ​កាន់ ភូមិ​អេម៉ោស ចិត្ត​របស់​យើង « ខ្មួលខ្មាញ់ » ( លូកា 24:32 ) ។ នេះ​ជា​បន្ទូល​ទ្រង់ ៖ « ចូរ​តាម​ខ្ញុំ​ទៅ​មើល » ( យ៉ូហាន 1:39 ) ។ វា​គឺជាការអញ្ជើញដោយ​​​ផ្ទាល់​ ជា​ការ​អញ្ជើញ និង​ស្វាគមន៍​​ឲ្យ​ដើរ​ដោយ​មាន​ព្រះ​ពាហុ​ទ្រង់​កៀក​ស្មា​យើង ។

សូម​ឲ្យ​យើង​មាន​អារម្មណ៍​ជឿជាក់​ដូច អេណុស ដែល​មាន​ក្នុង​ខ​ចុង​ក្រោយ​នៃ​គម្ពីរ​ដ៏​ខ្លី​តែ​ខ្លឹម​ថា ៖ « ខ្ញុំ​អរ​រីករាយ​នៅ​ក្នុង​ថ្ងៃ​ដែល​ជីវិត​របស់​ខ្ញុំ​នេះ នឹង​បាន​ប្រដាប់​ដោយ​អមតភាព ហើយ​នឹង​ឈរ​នៅ​ចំពោះ​ព្រះ​អង្គ ខណៈ​នោះ​ខ្ញុំ​នឹង​បាន​ឃើញ​ព្រះ​ភក្រ្ត​ទ្រង់​ដោយ​ក្ដី​សោមនស្ស ហើយ​ព្រះ​អង្គ​នឹង​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ ចូរ​មក​រក​យើង​ចុះ អ្នក​មាន​ពរ​ហើយ មាន​ទី​កន្លែង​មួយ​ដែល​បាន​រៀប​ចំ​សម្រាប់​អ្នក​នៅ​ក្នុង​វិមាន​របស់​ព្រះ​វរបិតា​យើង » ( អេណុស 1:27 ) ។

ព្រោះ​តែ​បទ​ពិសោធន៍ជា​​ច្រើន និងព្រះ​ចេស្ដា​ដែល​ព្រះ​វិញ្ញាណ ​បាន​ធ្វើ​សាក្សី​ចំពោះ​ខ្ញុំ ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ដោយ​ជឿ​ជាក់​ពិត​ប្រាកដ​ថា ព្រះ​មាន​ព្រះ​ជន្ម​រស់ ។ ខ្ញុំ​ស្គាល់​ក្ដី​ស្រឡាញ់​ទ្រង់ ។ វា​ជា​អារម្មណ៍​ផ្អែមល្ហែម​បំផុត ។ សូម​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ចាំបាច់​ដើម្បី​ភ្ជាប់​ឆន្ទៈ​យើង​នឹង​ទ្រង់ ហើយ​​ស្រឡាញ់​ទ្រង់ពិត ។ ក្នុង​ព្រះនាម ព្រះ​យេស៊ូវ​គ្រីស្ទ អាម៉ែន ។