ឆ្នាំ ២០១០-២០១៩
ការ​ពន្លឿន​ផែនការ​យុទ្ធសាស្ត្រ​របស់​ព្រះអម្ចាស់!
តុលា 2013


ការ​ពន្លឿន​ផែនការ​យុទ្ធសាស្ត្រ​របស់​ព្រះអម្ចាស់ !

យើង​ម្នាក់ៗ​ត្រូវ​អភិវឌ្ឍ និង​អនុវត្ត​ផែនការយុទ្ធសាស្ត្រ​​ផ្ទាល់​ខ្លួន ដើម្បី​បម្រើដោយ​អង់អាច​ជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយសាសនា​ពេញ​ម៉ោង ។

ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​ត្រូវការ​ជួប​និយាយ​នឹង​ភរិយារបស់​ប៊ីស្សព​ម្នាក់​ក្នុង​ស្ដេក​របស់​យើង ដូច្នេះ​ខ្ញុំ​ក៏​បាន​ទូរស័ព្ទ​ទៅផ្ទះ​របស់​ពួកគេ ។ កូន​ប្រុស​តូច​គាត់​បាន​លើក​ទូរស័ព្ទ ។ ខ្ញុំ​បាន​និយាយ​ថា « សួស្ដី តើម៉ាក់​ក្មួយ​នៅ​ទេ ? »

គាត់​តប​ថា ៖ « បាទ គាត់​នៅ ។ ខ្ញុំ​នឹង​ទៅហៅ​គាត់ ។ តើលោក​ជា​នរណា?»

ខ្ញុំ​តប​ថា ៖ « ប្រាប់គាត់ថា ប្រធាន និលសិន » ។

មាន​សភាព​​ស្ងាត់​មួយ​សន្ទុះ រួច​ខ្ញុំ​បាន​ឮសំឡេងនិយាយ​ថា « ម៉ាក់ ប្រធាន ហ៊ិងគ្លី ចង់និយាយ​ជាមួយ​ម៉ាក់​តាម​ទូរស័ព្ទ ! »

ខ្ញុំ​នឹកមិន​ដល់​ពី​អ្វី​ដែល​គាត់​គិតឃើញ​ឡើយ ។ វាជា​ការ​ដើរ​មកឆ្លើយ​ទូរស័ព្ទដ៏​យូរ​បំផុត ​ដែល​គាត់​ពុំ​ធ្លាប់​មាន ។ ខ្ញុំ​មាន​គំនិត​មួយ​ថា ៖ «តើ​ខ្ញុំ​គួរល្បងគាត់​ដែរទេ ?» ខ្ញុំ​មិន​បាន​ធ្វើ​ឡើយ តែ​យើង​បាន​អស់​សំណើច​យ៉ាង​ខ្លាំង​ពី​រឿង​នោះ ។ ឥឡូវ​នេះ​ពេល​ខ្ញុំ​គិត​ពី​រឿងនោះ គាត់​ប្រហែល​ជា​ខកចិត្ត​ជា​ខ្លាំង​ដែល​ត្រូវ​និយាយ​នឹង​ខ្ញុំ​ទៅវិញនោះ ។

តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​ បើ​ព្យាការី​​ព្រះអម្ចាស់​ពិត​ជា​ទូរស័ព្ទ​ទៅ​អ្នក​មែន​នោះ ? មែនហើយ លោក​បាន​ធ្វើ​វាមែន ! ប្រធាន ថូម៉ាស អេស ម៉នសុន បានអំពាវនាវ នៅ​ព្រឹក​នេះ​ម្ដង​ទៀត​​​ដល់​យើង​ម្នាក់ៗសម្រាប់កិច្ចការ​ដ៏សំខាន់​មួយ ។ លោក​មាន​ប្រសាសន៍​ថា « ឥឡូវ​ជា​ពេល​សម្រាប់​សមាជិក និង​អ្នក​ផ្សាយ​សាសនា​រួបរួមគ្នា ធ្វើ​ការ​រួម​គ្នា បម្រើ​ក្នុង​ចម្ការ​ទំពាំងបាយ​ជូរ​របស់​ព្រះអម្ចាស់​ដើម្បី​នាំ​មនុស្ស​មករកទ្រង់ » ( « Faith in the Work of Salvation » [worldwide leadership training broadcast​ ខែ មិថុនា ឆ្នាំ 2013] lds.org/broadcasts ) ។

សំណួរ​គឺ​ ៖ តើ​យើង​បាន​ស្ដាប់​ដែរទេ?

នៅ​ជុំវិញ​ពិភពលោក ស្ដេក មណ្ឌល និង​បេសកកម្ម​កំពុងទទួល​នូវ​កម្លាំង​ថ្មី​មួយ ដូច​ការ​ប្រកាស​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​យ៉ូសែប ស្ម៊ីធ​នៅ​ឆ្នាំ 1832 ត្រូវ​បាន​បំពេញ​ថា ៖ « ឥឡូវ​មើល​ចុះ យើង​នឹង​ពន្លឿន​កិច្ចការរបស់​យើងឲ្យ​ឆាប់​កើត​នៅ​ពេល​កំណត់ » (គ. និង ស. 88:73) ។

បង​ប្អូន​ប្រុស​ស្រី ពេល​នោះ​គឺ​ជា ឥឡូវ​នេះ ! ខ្ញុំ​ដឹង ហើយ​ខ្ញុំ​ដឹង​ច្បាស់​ថា​អ្នកដឹង​ផងដែរ ។

ខ្ញុំ​ចង់​ដាក់​ក្តីរំភើប និង​ជំនឿ​​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​​របស់​ខ្ញុំឲ្យ​ទៅ​ជា​សកម្មភាព ។ នៅពេល​ខ្ញុំ​បាន​លេង​កីឡា​បាល់ឱប ខ្ញុំ​គិត​ពី​ពាក្យ​ផែនការ​យុទ្ធសាស្ត្រ ។ យើង​គ្មាន​មន្ទិល​សង្ស័យ​ឡើយ កាល​ណា​យើងធ្វើ​ការ​ប្រកួត​មួយ ដែល​ក្រុម​យើង​បាន​រៀបចំ​យុទ្ធសាស្ត្រ​ត្រឹមត្រូវ នោះ​យើង​នឹង​ទទួលបាន​ជោគជ័យ ។ តែ​ថ្មីៗនេះ ខ្ញុំ​បាន​និយាយ​នឹង​គ្រូបង្វឹក​ដ៏​ល្បី​នៃ​ក្រុមប៊ីវ៉ាយយូ ឈ្មោះ ឡាវ៉េល អេដវួដ ពី​ផែនការ​យុទ្ធសាស្ត្រ​របស់​យើង រួចគាត់​បាន​និយាយ​ថា « ខ្ញុំ​មិន​ខ្វល់​ថា​យុទ្ធសាស្ត្រ​ដែល​អ្នក​ហៅ​នោះ​ជា​អ្វី​ទេ ដរាបណា​យើង​ទទួល​បាន​ពិន្ទុទៅ​បាន​ហើយ !» ក្នុង​នាម​ជា​ប្រធាន​ក្រុម​ម្នាក់​ ខ្ញុំ​បាន​គិតច្រើន​លើស​ពី​នោះ តែប្រហែល​ជា​គំនិត​ដ៏សាមញ្ញ​របស់​គាត់​នេះហើយ ទើប​មាន​ពហុកីឡាដ្ឋាន​មួយ​បាន​ដាក់ឈ្មោះ​របស់​គាត់ ។

ដោយសារ​យើង​នៅ​ក្នុង​ក្រុម​របស់​ព្រះអម្ចាស់ តើ​យើង​មាន​ផែនការ​យុទ្ធសាស្ត្រជោគជ័យ​ផ្ទាល់ខ្លួន​ដែរ​ទេ ? តើយើង​ត្រៀម​ខ្លួន​ប្រកួត​ហើយ​ឬនៅ? ក្នុងនាម​ជា​សមាជិក បើ​យើង​ពិត​ជា​ស្រឡាញ់​គ្រួសារ​យើង មិត្តភក្ដិ និងអ្នក​ដែល​យើង​ស្គាល់​មែន តើ​យើង​មិន​ចង់​ចែកចាយ​ទីបន្ទាល់​របស់​យើង​អំពី​ដំណឹងល្អ​​ដែល​បាន​ស្ដារ​ឡើងវិញ​ជាមួយ​ពួកគេ​​ទេ​ឬអី ?

នៅឯសិក្ខា​សាលា​សម្រាប់​ប្រធាន​បេសកកម្ម​ថ្មី​ក្នុង​ខែមិថុនា កំណត់ត្រា​ប្រាប់​ថា​មាន​ប្រធានថ្មី​ និងភរិយាពួកលោកចំនួន​ 173 នាក់ ​បាន​ទទួល​ការណែនាំ​ចុងក្រោយ​ពី​មុន​ចាប់ផ្ដើម​ការ​បម្រើ​របស់​ខ្លួន ។ សមាជិក 15 រូប​ក្នុង​គណៈប្រធានទីមួយ និង​កូរ៉ុម​នៃពួក​សាវកដប់ពីរនាក់​បាន​ថ្លែង​មក​កាន់​ក្រុមពិសេស​នេះ។

អែលឌើរ អិល ថម ភែរី បានបន្ថែម​មតិសន្និដ្ឋានថា « នេះ​ជាគ្រា​ដ៏អស្ចារ្យ​បំផុត​ក្នុងប្រវត្តិសាស្ត្រ​សាសនា​ចក្រ ។ នេះ​ជា​អ្វី​មួយដែល​ស្រដៀង​គ្នា​នឹង​ព្រឹត្តិការណ៍​អស្ចារ្យ​ដែល​បាន​កើត​ឡើង​ក្នុង​ប្រវត្តិសាស្ត្រ​កាល​ពី​មុន ដូចជា ការ​និមិត្ត​ដំបូង អំណោយទាន​នៃ​ព្រះគម្ពីរ​មរមន ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ និង​កិច្ចការ​ទាំងអស់​ដែល​ស្ថាបនា​គ្រឹះ​សម្រាប់យើង​ឲ្យ​ដើរ​ឆ្ពោះ​ទៅមុខ ហើយ​បង្រៀន​ក្នុង​នគរ​របស់​ព្រះវរបិតា​យើង » ( « Concluding Remarks » [address given at the seminar for new mission presidents ថ្ងៃ​ទី 26 ខែ មិថុនា ឆ្នាំ 2013] ទំព័រ 1, Church History Library, Salt Lake City) ។

យើង​ត្រូវ​ចូលរួម​ដើម្បីធ្វើ​ឲ្យ​ក្ដីរំភើប​នៃ​អ្នកដឹកនាំ​យើង ទៅ​ស្រប​នឹង​ការតាំង​ចិត្ត​នៃ​ពួក​អ្នកផ្សាយសាសនាចក្រ​ពេញ​ម៉ោង ដែល​ពុំ​ធ្លាប់​មាន​ពីមុន ។ កិច្ចការនេះ​នឹង​មិន​ដើរ​ឆ្ពោះទៅ​មុខ​តាម​របៀប​របស់​ព្រះអម្ចាស់​ ដោយគ្មាន​យើង​បាន​ឡើយ ! ដូចប្រធាន ហិនរី ប៊ី អាវរិង បាន​ថ្លែងថា « មិន​ថាយើង​មាន​វ័យ សមត្ថភាព ការហៅ​ក្នុង​សាសនាចក្រ ឬ​ស្ថានភាព​បែប​ណា​ទេ យើង​ត្រូវបានហៅរួម​គ្នា​ក្នុង​កិច្ចការ​ដើម្បី​ជួយ​ទ្រង់ក្នុង​ការ​ច្រូតកាត់​របស់​ទ្រង់» («We Are One,” EnsignLiahona ខែ ឧសភា ឆ្នាំ 2013 ទំព័រ 62) ។

តើ​ខ្ញុំអាច​ចែកនឹង​អ្នក​ពី​ផែនការ​យុទ្ធសាស្ត្រ​ ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ចង់​អនុវត្ត បន្ទាប់​ពី​អធិស្ឋាន ​និង​អាន ជំពូក 13 ក្នុង​ប្រកាសដំណឹងល្អ​របស់​យើង ហើយ​គិតបទពិសោធន៍​ពី​អតីតកាលបាន​ទេ? ខ្ញុំអញ្ជើញអ្នកឲ្យ​គិតចំណុចទាំង​បីនេះ ខណៈដែលអ្នកគិតពីផែនការផ្ទាល់​ខ្លួន​អ្នក។

ទីមួយ អធិស្ឋាន​ជាក់លាក់​ដើម្បី​នាំ​មនុស្ស​ម្នាក់​មករក​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​ទ្រង់​រាល់ថ្ងៃ ។ អ្នក​​អាចធ្វើ​កិច្ចការ​នេះ​ដោយ​ការ​មើលឃើញ​ថា​ មនុស្ស​គ្រប់គ្នា​ជា​បុត្រាបុត្រី​នៃ​ព្រះ ដែល​ចាំ​ជួយ​គ្នា​ក្នុង​ដំណើរ​ត្រឡប់ទៅ​ផ្ទះ​វិញរបស់​គេ ។ សូម​គិត​ពី​មិត្ត​ថ្មី​ដែលអ្នកនឹង​​មាន ។​

ទីពីរ សូម​អធិស្ឋានសម្រាប់​អ្នក​ផ្សាយសាសនា​កំពុង​បម្រើ​ក្នុងតំបន់​អ្នក និង​ពួក​អ្នករៀន​​ដោយ​ហៅ​ឈ្មោះ​ពួកគេរាល់ថ្ងៃ ។ វិធី​តែ​មួយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ​បាន​គឺ ជំរាប​សួរ​ពួកគេ មើល​ស្លាក​ឈ្មោះ​ពួកគេ ហៅ​ឈ្មោះ​ពួកគេ ហើយ​សួរ​ពី​អ្នក​ដែល​ពួកគេ​កំពុងបង្រៀន ។ អែលឌើរ រ័សុល អិម ណិលសុន ​បាន​ប្រាប់​ថ្មីៗ​នេះ​ថា « ព្រះអម្ចាស់​មិន​អាច​ជួយ​អ្នក​ស្គាល់​ចិត្ត​គេ​បាន​ទេ ទាល់​តែ​អ្នក​ស្គាល់​មុខ និង​ឈ្មោះ​របស់​មនុស្សសិន » ។

ខ្ញុំ​បាន​ចូលរួម​បុណ្យ​ជ្រមុជទឹក​របស់​ស្ត្រី​អស្ចារ្យ​ម្នាក់​ដែល​បាន​ចែក​ទីបន្ទាល់គាត់ ។ ខ្ញុំ​ចងចាំ​ពាក្យ​របស់​គាត់​ជានិច្ច​ថា « ខ្ញុំ​ពុំ​ធ្លាប់​មាន​មនុស្ស​ច្រើន​អធិស្ឋាន​ឲ្យ​ និង​មានអារម្មណ៍​នូវ​សេចក្ដីល្អ​ដ៏ច្រើន​បែបនេះ​ទេ ! ​ខ្ញុំដឹង​ថា​កិច្ចការ​នេះពិត​ ! »

ទីបី សូម​អញ្ជើញ​មិត្ត​ម្នាក់​មក​សកម្មភាព​ក្នុង ឬ​ក្រៅ​ផ្ទះ​អ្នក។ មិនថា​អ្នក​ទៅ​ទីណា ឬ​អ្នក​ធ្វើ​អ្វី​នោះ​ទេ សូម​គិត​ថា តើ​នរណា​ទៅ​ដែល​ចូលចិត្ត​សកម្មភាព​បែបនេះ រួច​ស្ដាប់​តាម​ព្រះវិញ្ញាណ​ពេល​ទ្រង់​ដឹកនាំអ្នក ។

ព្រះអម្ចាស់​បាន​បង្រៀន​ខ្ញុំនូវ​មេរៀន​សាមញ្ញ​មួយ​ក្នុង​ការ​រៀន​ដំណឹងល្អ​របស់​ខ្ញុំ ដែល​ខ្ញុំ​ជឿ​ថា​វា​អនុវត្តយ៉ាង​ល្អ​បំផុត​ចំពោះ «ការ​ពន្លឿន» នេះ ។ ​ពេល​ខ្ញុំ​មាន​អារម្មណ៍​រំភើបពី​អ្វី​មួយ វា​បង្ហាញ​ក្នុង​ការ​សរសេរ​របស់ខ្ញុំ ហើយ​ជារឿយៗបញ្ចប់​ដោយសញ្ញាឧទាន ដែល​តាម​អត្ថន័យ​របស់​វាគឺ​ជា «អារម្មណ៍​ដ៏​ខ្លាំង ឬ​ជា​សញ្ញា​មួយ​នៃ​ការ​សំខាន់បំផុត»)។(Merriam-Webster’s Collegiate Dictionary កំណែទី 11 [ ឆ្នាំ 2003 ] « exclamation point » ) ។

ខ្ញុំ​មាន​ចំណាប់អារម្មណ៍​នឹង​បទគម្ពីរ​ស្ដីពី « ការ​ប្រមូល​ផ្ដុំ» ដែល​បញ្ចប់ដោយ​សញ្ញាឧទាន បាន​លេច​ឡើង ដូចជា​ការ​អង្វរ​របស់​អាលម៉ាថា ៖ «ឱ បើសិនជា​ខ្ញុំ​បាន​ទៅ​ជា​ទេវតា​មួយ ហើយ​អាច​បំពេញ​បំណង​ចិត្ត​ខ្ញុំ គឺ​ឲ្យ​ខ្ញុំ​អាច​ទៅ​និយាយ​ដោយ​ត្រែ​នៃ​ព្រះ ដោយ​សំឡេង​ដែល​ធ្វើ​ឲ្យ​ញ័រ​ផែនដី ហើយ​ស្រែកហៅ​ឲ្យ​មាន​ការ​ប្រែចិត្ត​ដល់​មនុស្ស​គ្រប់រូប !» (អាលម៉ា 29:1)។

ខ្ញុំ​បាន​រកឃើញថា​មាន​បទគម្ពីរ​ចំនួន 65 ដែល​បង្ហាញ​ពី​អារម្មណ៍​ដ៏​ខ្លាំងបែបនេះ​នៃ​អ្នក​ផ្សាយសាសនា រួម​មាន​ដូច​តទៅ​នេះ ៖

« សេចក្ដីអំណររបស់​ទ្រង់​មហិមា​ណាស់ណា៎ ចំពោះ​ព្រលឹង​ណា​ដែល​ប្រែចិត្ត ! ...

« ហើយ​បើសិន​ជា​អ្នក​ត្រូវ​ធ្វើ​ការ​អស់​មួយ​ជីវិត​អ្នក ដោយ​ស្រែក​ប្រាប់​ពី​ការ​ប្រែចិត្ត​ដល់​ប្រជាជន​នេះ ហើយ​គ្រាន់តែ​នាំ​ព្រលឹង​តែ​មួយ​គត់​មករក​យើង នោះ​អ្នកនឹង​មាន​សេចក្ដីអំណរ​ដ៏​មហិមា​ជាមួយ​អ្នកនោះ នៅ​ក្នុង​នគរ​នៃ​ព្រះវរបិតា​របស់​យើង!

« ហើយ​ឥឡូវនេះ បើសិន​ជា​អ្នក​នឹង​មាន​សេចក្ដីអំណរ​ដ៏​មហិមា​ដល់​ព្រលឹងតែ​មួយ ហើយ​យ៉ាង​ណាទៅ​ដែល​អ្នក​បាននាំ​មក​រក​យើង​ក្នុង​នគរ​នៃ​ព្រះវរបិតា​យើង នោះ​អ្នក​នឹង​មាន​សេចក្ដីអំណរ​ដ៏​មហិមា បើ​សិន​ជា​អ្នក​បាន​នាំ​ព្រលឹង​ជា​ច្រើន​មក​រក​យើង!» (គ. និង ស. 18:13, 15--16)។

ការ​ភ្ញាក់រឭក​របស់​ខ្ញុំ​ចំពោះ​ខ​ដ៏សំខាន់​ទាំងនេះ ​បាន​ដើរ​តួសំខាន់​មួយ​ក្នុង​ការ​ចាត់តាំងដំបូង​របស់​ខ្ញុំ ជា​ពួក​ចិតសិបនាក់​ប្រចាំតំបន់​ម្នាក់ ។ ខ្ញុំ​ដូចជាភ័យ​ខ្លាច​បន្តិច​ក្នុងការ​ធ្វើ​ជា​ដៃគូ​នឹង​សាវក​ម្នាក់គឺ អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​សន្និសីទស្តេក​មួយ ។ ពេល​ខ្ញុំ​ដើរ​ចូល​ទៅ​បន្ទប់ប្រធានស្តេកសម្រាប់ការ​ប្រជុំ​ទីមួយ​នៅ​ចុងសប្ដាហ៍​នោះ ខ្ញុំ​បាន​ឃើញ​ស្បែក​ជើង​រហែក​មួយ​គូ​ដាក់​នៅ​ក្នុង​ទូរ​ខាង​ក្រោយ​តុ​គាត់ ដោយ​មាន​បិទ​នូវ​ខគម្ពីរ​ដែល​បញ្ចប់ដោយ​សញ្ញាឧទាន ។ ពេល​ខ្ញុំ​អាន​-ខ​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​បានដឹង​ពី​ការ​សិក្សា​របស់​ខ្ញុំ ហើយ​បាន​​ឆ្លើយ​តប​ការ​អធិស្ឋាន​ខ្ញុំ ហើយ​ថា​ទ្រង់ជ្រាប​យ៉ាងច្បាស់ពីអ្វីដែល​ខ្ញុំ​ត្រូវការ​ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ស្ងប់ ។

ខ្ញុំ​បាន​សុំ​ប្រធាន​ស្ដេក​ឲ្យ​ប្រាប់​ខ្ញុំ​អំពី​រឿង​ស្បែក​ជើង​នោះ ។

គាត់ពោលថា ៖

« នេះ​ជាស្បែកជើង​របស់​អ្នក​ប្រែចិត្ត​ជឿ​វ័យ​ក្មេង​ម្នាក់​ដែលស្ថានភាពគ្រួសារ​គាត់​ក្រ​លំបាក តែ​គាត់​បាន​តាំងចិត្ត​បម្រើ​បេសកកម្ម​ដោយ​ជោគជ័យក្នុង​ប្រទេសហ្គូតេម៉ាឡា ។ ពេល​គាត់​ត្រឡប់មកវិញ ខ្ញុំ​បាន​ជួបគាត់​ដើម្បីធ្វើ​ការ​ដោះលែង​ដោយ​កិត្តិយស​ដល់​គាត់ ហើយ​បាន​ឃើញ​ស្បែក​ជើង​គាត់រហែក ។ យុវជន​ម្នាក់នេះ​បាន​ផ្ដល់អ្វីៗទាំងអស់​ថ្វាយ​ព្រះអម្ចាស់ ដោយគ្មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​គ្រួសារ​ឡើយ ។

«គាត់​ឃើញ​ខ្ញុំ​សម្លឹង​មើល​ស្បែក​ជើង​គាត់ រួច​ក៏​សួរ​ថា «ប្រធាន តើ​មាន​អ្វី​ខុសឆ្គង​មែនទេ ?›

«ខ្ញុំ​តប​ថា ‹អត់ទេ អែលឌើរ អ្វី​គ្រប់យ៉ាង​ល្អណាស់ ! តើ​ខ្ញុំ​អាច​សុំ​ស្បែក​ជើង​នោះ​បានទេ?›»

ប្រធាន​ស្ដេកបានបន្ត​​ថា ៖ «ខ្ញុំ​មាន​ការ​គោរព​ និង​ក្ដីស្រឡាញ់​លើស​លុប​ចំពោះអ្នក​ត្រឡប់​មក​ពី​ផ្សាយសាសនា​រូប​នេះណាស់! ខ្ញុំ​ចង់​រក្សា​ទុកអនុស្សាវរីយ​នៃ​បទពិសោធន៍​នោះ ដូច្នេះ​ខ្ញុំ​ខាត់​ស្បែក​ជើង​នោះ​ពណ៌​ត្នោត ។ វា​ជា​ការ​រំឭក​ចំពោះ​ខ្ញុំ​ ពេលដើរ​ចូល​បន្ទប់នៃ​ការ​ខំប្រឹង​ប្រែង​នេះ ដែលយើង​ទាំង​អស់​គ្នា​ត្រូវ​ផ្ដល់ មិន​ថា​យើង​មាន​ស្ថានភាព​យ៉ាង​ណា​ទេ ។ ខ​នៅ​ក្នុង​​អេសាយ​ថា ៖ ‹ល្អណាស់ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹងល្អ​មក ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដីមេត្រី ជាអ្នកដែល​នាំ​ដំណឹងល្អ​ពីការ​ប្រសើរមក ហើយ​ថ្លែងប្រាប់ពីសេចក្ដី​សង្គ្រោះ គឺជាអ្នក​ដែល​ពោលដល់​ក្រុង​ស៊ីយ៉ូនថា ព្រះនៃ​អ្នក​ទ្រង់​សោយរាជ្យ!› (អេសាយ 52:7) » ។

បងប្អូនប្រុសស្រី​ជាទីស្រឡាញ់​នៃ​ខ្ញុំ​អើយ ភរិយា​ប៊ីស្សព​ដ៏​ល្អ​នោះ​អាច​ងឿងឆ្ងល់​ថាហេតុ​អ្វី​បាន​ជា​ព្យាការី​ទូរស័ព្ទ​ទៅគាត់។ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់ថា គាត់ និង​យើង​មិន​ត្រូវងឿងឆ្ងល់​ទៀត​ឡើយ --ឧទានសញ្ញា។

ខ្ញុំ​ដឹង​ថា យើងម្នាក់ៗ​ត្រូវ​អភិវឌ្ឍ ហើយ​អនុវត្តនូវ​ផែនការ​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន​ដោយ​ចិត្ត​សាទរ​ ដើម្បី​បម្រើជាមួយ​នឹង​អ្នកផ្សាយសា​សនា​ពេញ​ម៉ោង --ឧទានសញ្ញា !

ខ្ញុំ​សូម​បន្ថែម​ទីបន្ទាល់ខ្ញុំ​នឹង​អ្វី​ដែល​ព្យាការីយ៉ូសែប ស្ម៊ីធ​ បាន​ថ្លែង​ថា ៖ «ហើយ​ឥឡូវនេះ បន្ទាប់ពី​ទីបន្ទាល់​ជាច្រើន​ដែល​បាន​ថ្លែងអំពីទ្រង់ នេះ​គឺជា​ទីបន្ទាល់ចុងក្រោយ​បង្អស់ដែល​យើង​ខ្ញុំសូម​ថ្លែង​អំពីទ្រង់ ៖ គឺ​ថាទ្រង់​មាន​ព្រះជន្ម​រស់​នៅ!» (គ. និង ស. 76:22) ។ ក្នុងព្រះនាម​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។