ឆ្នាំ ២០១០-២០១៩
«យើង​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះ​បង់​ចោល​ឯង​ឡើយ»
តុលា 2013


« យើង​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះ​បង់​ចោល​ឯង​ឡើយ »

ព្រះ​បិតា​សួគ៌​យើង  … ជ្រាប​ថា យើង​រៀន និង​រីកចម្រើន ហើយ​កាន់​តែ​រឹងមាំ​ពេល​យើង​ប្រឈម ហើយ​រស់​ក្នុង​ការសាកល្បង​ដែល​យើង​ត្រូវ​ឆ្លង​កាត់ ។

យប់​នេះ​ខ្ញុំ​នឹង​សរសេរ​នៅ​ក្នុង​កំណត់ហេតុ​របស់​ខ្ញុំ​ថា « សម័យ​ប្រជុំ​នេះ​មាន​ការបំផុស​គំនិត​បំផុត​ជាង​សម័យ​ប្រជុំ​ណាៗ​ទាំង​អស់ ដែល​ខ្ញុំ​បាន​ចូល​រួម ។ គ្រប់​យ៉ាង​សុទ្ធតែ​ជា​រឿង​អស្ចារ្យ និង​មាន​និស្ស័យ​ខាង​វិញ្ញាណ​បំផុត ។

បង​ប្អូន​ប្រុស​ស្រី កាលពី​ប្រាំ​មួយ​ខែ​មុន ពេល​យើង​ប្រជុំ​គ្នា​ក្នុង​សន្និសីទ​ទូទៅ​ ភរិយា​ជា​ទី​ស្រឡាញ់​ខ្ញុំ ហ្វ្រានសេស បានសម្រាក​នៅ​មន្ទីរ​ពេទ្យ រង​ទុក្ខ​ដោយ​ការដួល​មួយ ​ប៉ុន្មាន​ថ្ងៃ​មុននោះ ។ ក្នុង​ខែ ឧសភា បន្ទាប់​ពី​ពុះពារ​យក​ឈ្នះ​លើ​ជំងឺដោយ​ក្លាហាន គាត់​បាន​ឆ្លង​ផុត​ទៅ​ភាព​អស់​កល្ប ។ ខ្ញុំ​នឹក​គាត់​ខ្លាំងណាស់ ។ គាត់ និង​ខ្ញុំ​បាន​រៀប​ការ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ សលត៍ លេក នៅ​ ថ្ងៃ​ទី 7 ខែ តុលា ឆ្នាំ 1948 ។ ថ្ងៃ​ស្អែក​ជា​គម្រប់​ខួបរៀបការ​​លើក​ទី 65 ​របស់​យើង ។ គាត់ជា​ម្ចាស់ជីវិត​ខ្ញុំ ជាដៃគូ​ និង​មិត្តដែលខ្ញុំ​ទុកចិត្ត ។ ការ​និយាយ​ថា ខ្ញុំ​នឹក​គាត់នោះ ពុំ​ផ្លាស់​ប្ដូរ​ជម្រៅ​ចិត្ត​ខ្ញុំ​ឡើយ ។

សន្និសីទ​នេះ​បង្គ្រប់ 50 ឆ្នាំ ចាប់​តាំង​ពី​ខ្ញុំ​ត្រូវ​ហៅ​ទៅ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ដោយ​ប្រធាន ដេវីឌ  អូ មិកឃេ ។ រយៈ​ទាំង​ប៉ុន្មាន​ឆ្នាំ​នោះ ខ្ញុំ​ពុំ​មាន​អារម្មណ៍​អ្វី​ ក្រៅ​ពី​បាន​ទទួល​ការគាំទ្រ​ដ៏​ពេញ​លេញ​ទាំង​ស្រុង​ពី​ដៃគូ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំឡើយ ។ គាត់​បាន​លះ​បង់យ៉ាង​ច្រើន ដើម្បី​ខ្ញុំ​អាច​បំពេញ​ការ​ហៅ​របស់​ខ្ញុំ ។ ខ្ញុំ​ពុំ​ដែល​ឮ​ពាក្យ​ត្អូញត្អែរ​ចេញ​ពី​មាត់គាត់​ឡើយ ពេល​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​ច្រើន​ថ្ងៃ ហើយ​ពេល​ខ្លះ​ច្រើន​សប្ដាហ៍​ឃ្លាត​ឆ្ងាយ​ពី​គាត់ និង​កូនៗ ។ គាត់​គឺ​ពិត​ជា​ទេព​ធីតា​មួយ​អង្គ ។

ខ្ញុំ​សូម​សម្ដែង​អំណរ​គុណ ព្រម​ទាំង​ជួស​មុខ​ឲ្យ​គ្រួសារ​ខ្ញុំ​ដែរ ចំពោះ​ក្ដី​ស្រឡាញ់ដ៏​មហិមា ដែលបាន​ផ្ដល់​ដល់​ពួក​យើង ​តាំង​ពី ហ្វ្រានសេស បាន​ចែកឋាន​ទៅ ។ មាន​បណ្ណ័ និង​សំបុត្រ​រាប់​រយ បាន​ផ្ញើ​ពី​បណ្ដា​ប្រទេសនានា​ក្នុង​ពិភពលោក ដើម្បី​សម្ដែង​ការគោរព​ដល់គាត់ និង​ជួយ​រំលែក​ទុក្ខ​គ្រួសារ​យើង ។ យើង​បាន​ទទួល​កន្ត្រក​ផ្កា​ស្រស់​ស្អាត​ជា​ច្រើន ។ យើង​មាន​អំណរ​គុណ​សម្រាប់​ការ​បរិច្ចាគ​ដល់​មូល​និធិ​អ្នក​ផ្សព្វផ្សាយ​សាសនា​ទូទៅ​ក្នុង​សាសនាចក្រ​ដោយ​ប្រើ​​ឈ្មោះ​គាត់។ តាំង​នាម​ឲ្យ​អ្នកដែល​នាង​បាន​លា​ទៅ ខ្ញុំ​សូម​សម្ដែងការ​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សណ្ដាន​ចិត្ត និង​ចិត្ត​ដ៏​ស្មោះ​របស់​អ្នក​គ្រប់​គ្នា ។

អ្វី​ដែល​លួង​លោម​ចិត្ត​ខ្ញុំ​បំផុត អំឡុង​ពេល​បែក​គ្នា​នេះ គឺ​ទី​បន្ទាល់​ខ្ញុំ​ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ និង​តម្រិះ ដែល​ខ្ញុំដឹង​ថា ហ្វ្រានសេស ជា​ទី​ស្រឡាញ់​ខ្ញុំ​នៅ​មាន​ជីវិតរស់ ។ ខ្ញុំ​ដឹង​ថា យើង​បែក​គ្នា​​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ។ យើង​បាន​ផ្សា​រភ្ជាប់​ក្នុង​ដំណាក់​នៃ​ព្រះ ដោយ​អ្នកមាន​សិទ្ធិ​អំណាច​ចង​ទុក​លើ​ផែនដី និង​នៅ​ស្ថាន​សួគ៌ ។ ខ្ញុំ​ដឹង​ថា យើង​នឹង​ជួប​គ្នា​ម្ដង​ទៀត​ថ្ងៃ​ណា​មួយ ហើយ​នឹង​ពុំ​បែក​គ្នា​ទៀត​ឡើយ ។ នេះ​ហើយ​ជា​តម្រិះ ដែល​ជួយ​ដល់​ខ្ញុំ ។

បង​ប្អូន​ប្រុស​ស្រី វា​អាច​សន្មត់​បាន​ថា គ្មាន​នរណា​ម្នាក់​រស់​លើ​ផែនដី​នេះ​រួច​ផុត​ពី​ការឈឺចាប់ និង​ទុក្ខ​ព្រួយ​នោះ​ទេ ក៏​ពុំ​ដែល​មាន​ពេល​ណា​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​មនុស្ស ដែល​ពុំ​ជួប​ភាព​ចលាចល ឬ​ទុគ៌តភាព​ដែរ ។

ពេល​ខ្សែ​ជីវិត​ជួប​រឿង​គ្មាន​មេត្តា មាន​ការល្បួងឲ្យ​ចោទសួរ​ថា « ហេតុ​អ្វី​ជា​ខ្ញុំ​ទៅ​វិញ ?» ពេលខ្លះ ការ​រងទុក្ខនោះ​ហាក់ដូចជា​គ្មាន​ទីបញ្ចប់ ហើយយប់ដ៏ងងឹត​នឹង​មិន​កន្លង​ផុត​ទៅ​ឡើយ ។ យើង​បាន​ហ៊ុមព័ទ្ធ​ដោយ​ការ​ខក​ចិត្ត ដោយសារ​ក្ដីស្រមៃ និង​ក្ដីសង្ឃឹម​បាន​រលាយ​បាត់។ យើង​សូម​ចូល​រួម​អង្វរ​ដូច​ក្នុង​គម្ពីរ​បរិសុទ្ធ​ថា « តើ​គ្មាន​ប្រទាល​មុខ​សះ​នៅ​ស្រុក​កាឡាត​ទេ​ឬ​អី » ?1 យើង​មាន​អារម្មណ៍​ថា ត្រូវ​បានបោះ​បង់​ចោល សោកសៅ ហើយ​ឯកោ ។ យើង​មាន​និន្នាការ​មើលឃើញ​ភាព​អកុសល​យើង​ តាម​រយៈ​ទស្សនៈ​ទុទិដ្ឋិនិយម ។ យើង​បែរ​ជា​ឆេវឆាវ​ចំពោះ​ការ​ដោះស្រាយ​បញ្ហា ដោយ​ភ្លេច​ថា ​​គុណធម៌​សួគ៌ា​នៃ​ការអត់ធ្មត់​តម្រូវ​ឲ្យ​មាន ។

ការលំបាក ដែល​កើត​មាន​ចំពោះ​យើង​នាំ​យើង​ឲ្យ​មាន​ការល្បង​ពី​សមត្ថភាព​ប្រកាន់​ខ្ជាប់​របស់​យើង ។ សំណួរសំខាន់​មួយដែល​យើង​ម្នាក់ៗ​ត្រូវ​ឆ្លើយ​គឺ ៖ តើ​ខ្ញុំ​គួរ​ចុះ​ចាញ់ ឬ​សម្រេច​ឲ្យ​បាន ? មនុស្ស​ខ្លះ​ចុះចាញ់ ពេល​គេ​ឃើញ​ថា ពុំ​អាច​តតាំង​នឹង​​ឧបសគ្គ​បាន ។ ដើម្បី​សម្រេច​បាន តម្រូវ​ឲ្យ​ប្រកាន់​ខ្ជាប់​ដល់​ចុង​បំផុត​នៃ​ជីវិត ។

ពេល​យើងគិត​ពី​ហេតុការណ៍ដែល​កើត​ឡើង​ចំពោះ​មុខ យើង​អាច​និយាយ​ជា​មួយ យ៉ូប ពីបុរាណ​ថា « មនុស្ស​កើត​មក​តែង​មាន​សេចក្ដី​វេទនា » ។2 យ៉ូប ជា « អ្នក​គ្រប់​លក្ខណ៍ ហើយ​ទៀង​ត្រង់ » ជា​បុរស​ដែល « គោរព​កោត​ខ្លាច​ដល់​ព្រះ ក៏​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់ » ។3 ព្រោះ​តែ​ប្រព្រឹត្ត​ដោយ​ចិត្ត​ធម៌ មាន​ជោគ​វាសនា​ខ្ពស់ យ៉ូប ត្រូវ​ប្រឈម​មុខ​ការសាកល្បង ដែល​អាច​ឲ្យ​គ្រប់​គ្នា​វិនាស ។ ដោយ​ការ​អន្តរាយ​ទ្រព្យ​ធន ការចំអក​ពី​មិត្ត រងទុក្ខ​ដោយ​ការ​ឈឺចាប់ បែក​ខ្ញែក​គ្រួសារ នោះ​លោក​ត្រូវ​បង្ខំ​ឲ្យ « ប្រមាថ​ដល់​ព្រះ ហើយ​ស្លាប់​ទៅ​ចុះ » ។4 លោក​តទល់​នឹង​ការល្បួង ហើយ​ប្រកាស​ចេញ​ពី​ជម្រៅ​ចិត្ត​ដ៏​មុតមាំ​ថា ៖

« មើល​ចុះ ទីបន្ទាល់​របស់​ខ្ញុំ​នៅ​លើ​ស្ថានសួគ៌ ហើយ​សាក្សី​របស់​ខ្ញុំ​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់ » ។5

« ខ្ញុំ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ ទ្រង់​មាន​ព្រះជន្ម​រស់​នៅ » ។6

យ៉ូប​នៅ​តែ​មាន​ក្ដី​ជំនឿ ។ តើ​យើង​នឹង​ធ្វើ​ដូចនេះ​ទេ ពេល​ជួបនឹង​​ឧបសគ្គ​របស់​យើង​នោះ ?

មិន​ថា​ពេល​ណា យើង​បម្រុង​នឹង​មាន​អារម្មណ៍​ថា មាន​បន្ទុក​ក្នុង​ជីវិតនោះ​ទេ ចូរ​យើង​ចាំ​ថា មនុស្ស​ឯ​ទៀត​ក៏​ធ្លាប់​ឆ្លង​កាត់រ ​កាន់ខ្ជាប់ រួ​ច​យកឈ្នះ​តាម​របៀប​ដូចគ្នា​នេះ​ដែរ។

ប្រវត្តិ​សាសនាចក្រ​នៅ​សម័យ​នៃ​គ្រា​ដ៏​ពោរពេញ​នេះ គឺ​ផ្ទុក​ដោយ​បទពិសោធន៍​នៃ​​អ្នក ដែល​ជួប​បញ្ហា រ ​តែនៅ​​ខ្ជាប់ខ្ជួន ហើយ​សង្ឃឹម ។ ហេតុ​អ្វី​ទៅ ? គេ​បាន​ដាក់​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ​ជា​កត្តា​សំខាន់ក្នុង​ជីវិត​គេ ។ ការណ៍​នេះ នឹង​ជម្រុញ​យើង​ឲ្យ​ឆ្លង​កាត់​មិន​ថា​អ្វី​កើត​ឡើង​ក្នុង​ជីវិត​ឡើយ ។ យើង​នឹង​នៅ​តែ​ជួប​ប្រទះ​ការលំបាក តែ​យើង​នឹង​អាច​ប្រឈម​មុខ​វា​បាន ដោយ​ក្លាហាន និង​ទទួល​បាន​ជ័យ​ជំនះ ។

ពី​គ្រែ​នៃ​ការឈឺចាប់ ពី​ខ្នើយ​ដែល​ជោគជាំដោយ​ទឹក​ភ្នែក យើង​ត្រូវ​បាន​តម្កើង​ឆ្ពោះ​ទៅ​ការអះអាង និង​ការសន្យា​ដែល​ថា ៖ « យើង​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះ​បង់​ចោល​ឯង​ឡើយ » 7 ការលួង​លោម​នេះ មាន​តម្លៃ​ដ៏លើស​លុប ។

ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​​ពេញ​ពិភពលោក ដើម្បី​បំពេញ​ការហៅ​របស់​ខ្ញុំ ខ្ញុំបាន​ដឹង​រឿង​ជា​ច្រើន — រួម​ទាំង​ការ​ពិត​ថា មនុស្ស​គ្រប់​គ្នា​សោកសៅ ហើយ​រងទុក្ខ ។ ខ្ញុំ​ពុំ​អាច​វាស់វែង​ពី​ការ​ឈឺចាប់ និង​ទុក្ខ​ព្រួយ​ដែល​ខ្ញុំ​ឃើញ ពេល​ខ្ញុំ​ចុះ​សួរ​សុខ​ទុក្ខ​អ្នក​ដែល​កំពុងប្រឈម​មុខ​នឹង​ទុក្ខ​លំបាក ​ជំងឺ ​ការបែកបាក់ ថប់​អារម្មណ៍​នឹង​កូនៗ ដែល​ពុំ​ស្ដាប់​បង្គាប់ ឬ​រង​ទុក្ខ​ដោយសារ​អំពើ​បាបបាន​ឡើយ ។ បញ្ជី​នេះ​អាច​បន្ត​សរសេរ​បន្ថែម ព្រោះ​បញ្ហា​នេះ​មាន​មិន​ចប់​មិន​ចេះ​ហើយទេ ។ បើ​គ្រាន់​តែ​លើក​រឿង​មួយ​ឡើង​នោះ វា​ពិបាក​បន្តិច ហើយ​ពេលខ្ញុំ​គិត​ពី​ឧបសគ្គ ខ្ញុំ​នឹក​ឃើញ​បង​ប្រុស ព្រែម ដែល​ជា​គ្រូ​បង្រៀន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ កាល​ខ្ញុំ​នៅ​ក្មេង ។ គាត់​ជា​សមាជិក​ស្មោះត្រង់​ម្នាក់ ជា​មនុស្ស​មាន​ក្ដី​ស្រឡាញ់​ពិត ។ គាត់ និង​ភរិយា​ឈ្មោះ សាឌី មាន​កូន​ប្រាំ​បី​នាក់ ភាគ​ច្រើន​មាន​​អាយុ​ស្របាលៗ​នឹងបងប្ងូន​ខ្ញុំ​ដែរ ។

បន្ទាប់​ពី ហ្វ្រានសេស និង​ខ្ញុំ​បាន​រៀប​ការ ហើយ​ផ្លាស់​ចេញ​ពី​វួដ យើង​ឃើញ បង​ប្រុស និង​បង​ស្រី ព្រែម និង​សមាជិក​គ្រួសារ​ពួកគាត់ទាំង​ក្នុង​ពិធី​មង្គលការ និង​បុណ្យ​សព ក៏​ដូច​ជា​ការប្រជុំ​ក្នុង​វួដដែរ ។

ក្នុង​ឆ្នាំ 1968 បងស្រី សាឌី បាន​ចែកឋាន​ទៅ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក កូន​គាត់​ពីរ​នាក់​​ទៀតក៏​បាន​ស្លាប់​ដែរ ។

មានថ្ងៃ​មួយ ប្រហែល​ជា 13 ឆ្នាំមុន ចៅ​ស្រី​ច្បង បងប្រុស ព្រែម បាន​ទូរស័ព្ទ​មក​ខ្ញុំ ។ នាង​ប្រាប់​ថា ជីតា​នាង​បាន​ឈាន​ចូល​រ័យ 105 ឆ្នាំ​ហើយ ។ នាង​ពោល​ថា « គាត់​រស់​នៅ​មជ្ឈមណ្ឌល​គាំពារ​តូច​មួយ តែ​ជួប​នឹង​កូន​ចៅទាំង​អស់​រាល់​ថ្ងៃ​អាទិត្យ ជា​ថ្ងៃ​គាត់​បង្រៀន​ដំណឹង​ល្អ » ។ នាង​បាន​បន្ត​ថា « កាល​ពី​អាទិត្យ​មុន លោកតា​ប្រកាសប្រាប់​យើង​ថា ‹ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ តា​នឹងស្លាប់ក្នុង​សប្ដាហ៍​នេះ ។ សូម​ទូរស័ព្ទ​ទៅ ថមមី ម៉នសុន ។ លោក​នឹង​ដឹង​អ្វី​ត្រូវ​ធ្វើ​ហើយ › » ។

ខ្ញុំ​បាន​ទៅ​ជួប​បងប្រុស ព្រែម នៅ​ល្ងាច​ថ្ងៃ​បន្ទាប់ ។ ខ្ញុំ​ខាន​ជួប​គាត់​យូរ​ហើយ ។ ខ្ញុំ​ពុំ​អាច​និយាយ​ជាមួយ​គាត់​ទេ ព្រោះ​គាត់​អន់​ត្រចៀក​ណាស់​ហើយ ។ ខ្ញុំ​ពុំ​អាច​សរសេរ​អ្វី​ឲ្យ​គាត់​អាន​បាន​ទេ ព្រោះ​ភ្នែក​គាត់​ងងឹត​ហើយ ។ ខ្ញុំ​ឮ​ថា កូន​ចៅ​និយាយ​ទៅ​គាត់​ដោយ​កាន់​ម្រាម​ដៃ​ស្ដាំ​គាត់ ហើយ​សរសេរ​លើ​ប្រអប់​ដៃ​ឆ្វេង​គាត់​ពី​ឈ្មោះ​អ្នក​មក​សួរ​សុខ​ទក្ខ ។ គ្រប់​រឿង​ទាំង​អស់​ត្រូវ​ធ្វើ​តាម​របៀប​នេះ ។ ខ្ញុំ​បាន​ធ្វើ​តាម​របៀប​នោះ​ដោយ​យក​ម្រាម​ដៃ​គាត់ សរសរ​ថា « T-O-M-M-Y M-O-N-S-O-N » ជា​ឈ្មោះ​ដែល​គាត់​ធ្លាប់​​ហៅ​ខ្ញុំ ។ បងប្រុស ព្រែម រំភើប​ចិត្ត ហើយ​ដាក់​ដៃ​ខ្ញុំ​លើ​ក្បាល​គាត់ ។ ខ្ញុំ​ដឹង​ថា គាត់​មាន​បំណងចង់​បាន​ការប្រសិទ្ធិពរ​បព្វជិតភាព​មួយ ។ អ្នក​បើក​ឡាន​ដែល​នាំ​ខ្ញុំ​ទៅ​មជ្ឈមណ្ឌល​នោះ បាន​ចូលរួម​ដាក់​ដៃ​លើ​ក្បាល ហើយ​ផ្ដល់​ការប្រសិទ្ធិពរ ដែល​គាត់​ចង់​បាន​នោះ ។ ក្រោយ​មក ទឹក​ភ្នែក​បាន​ហូរ​ចេញ​ពី​ភ្នែក​គាត់ដែល​មើល​មិន​ឃើញ ។ គាត់​ក្ដោប​ដៃ​យើង ដោយ​មាន​អំណរ​គុណ ។ ទោះ​ជា​គាត់​ពុំ​អាច​ឮ​ការប្រសិទ្ធិពរ​យើង​ក្ដី ក៏​គាត់​មាន​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​ជាខ្លាំង ហើយ​ខ្ញុំ​ជឿ​ថា គាត់​ត្រូវ​បំផុស​ឲ្យ​ដឹងពី​អត្ថន័យ​នៃ​ការប្រសិទ្ធពរ​នោះ ។ បុរស​អស្ចារ្យ​​ម្នាក់​នេះ​មើល​ពុំ​ឃើញ​ទៀត​ឡើយ ។ គាត់​ពុំ​អាច​ស្ដាប់​ឮ​ទៀត​ឡើយ ។ គាត់​សម្រាក​នៅ​ក្នុង​បន្ទប់​តូច​មួយ​នៃ​មជ្ឃមណ្ឌល​នោះ ។ តែ​ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ​គាត់ សម្ដី​គាត់​បាន​ពោល បាន​ប៉ះពាល់​ដួង​ចិត្ត​ខ្ញុំ ។ គាត់​ពោល​ថា « អរគុណ​ហើយ ព្រះ​បិតាសួគ៌​ខ្ញុំ ពិត​ជា​ល្អ​ចំពោះ​ខ្ញុំ​ណាស់ » ។

ដូច​ដែល​បងប្រុស ព្រែម បានដឹង​ទុកជា​មុន គាត់​បាន​ចែក​ឋាន​ទៅ​នៅ​មួយ​សប្ដាហ៍​ក្រោយ ។ គាត់ពុំ​ដែល​ផ្ដោត​លើ​អ្វី ដែល​គាត់​ពុំ​មាន​នោះ​ទេ តែ​គាត់​តែង​មាន​អំណរគុណ​ជ្រាលជ្រៅ​សម្រាប់​ពរជ័យ​ជា​ច្រើន ។

ព្រះ​បិតា​សួគ៌​យើង ដែល​ប្រទាន​ពរជ័យ​ច្រើន​ដល់​យើង​ឲ្យ​រីករាយ ក៏​ជ្រាប​ដែរ​ថា យើង​រៀន និង​រីកចម្រើន ហើយ​កាន់​តែ​រឹងមាំ​ពេល​យើង​ប្រឈម ហើយ​រស់​ក្នុង​ការសាកល្បង​ដែល​យើង​ត្រូវ​ឆ្លង​កាត់ ។ យើង​ដឹង​ថា ពេលខ្លះ ​យើង​នឹង​ជួប​ទុក្ខព្រួយដ៏ខ្លាំង ជាពេល​យើង​សោកសៅ ជាពេល​យើង​នឹង​សាកល្បង​នឹង​ភាពអំណត់​យើង ។ តែ​ការលំបាក​បែប​នោះ​អនុញ្ញាត​ឲ្យ​យើង​ផ្លាស់​ប្ដូរ​ ឬ កសាង​ជីវិត​ថ្មី​តាម​របៀប​ដែល​ព្រះ​បិតា​សួគ៌​បង្រៀន ហើយ​ប្រែក្លាយ​ជា​អ្វី​មួយ​ខុស​ពីមុន — គឺ​ធ្វើ​កាន់តែ​ប្រសើរ យល់​កាន់តែ​ច្បាស់ យល់​ចិត្ត​កាន់តែ​ខ្លាំង និង​ទីបន្ទាល់​កាន់តែ​រឹងមាំ​ជាង​កាល​ពី​មុន ។

ការណ៍​នេះ​គប្បី​ជា​គោលបំណង​យើង — ដើម្បី​រក្សា និង​កាន់ខ្ជាប់ មែនហើយ ​ប្រែ​ជា​បរិសុទ្ធ​ខាង​វិញ្ញាណលើស​ពីមុន ពេល​ធ្វើ​ដំណើរ​កាត់​ពន្លឺ និង​ទុក្ខព្រួយ ។ បើ​គ្មាន​ឧបសគ្គ ដើម្បី​យក​ឈ្នះ និង​បញ្ហា ដើម្បី​ដោះស្រាយ​ទេ​នោះ យើង​ច្បាស់​ជា​នៅ​ដដែល ដោយ​គ្មាន ឬ​មាន​ការរីកចម្រើន​តែ​បន្តិច​ប៉ុណ្ណោះ​ឆ្ពោះ​ទៅ​ជីវិត​អស់​កល្ប ។ កំណាព្យ​មួយ​បង្ហាញ​ពី​គំនិត​ដូចគ្នា​នេះ​ថា ៖

មើល​ឈើ​ខ្លឹម​ល្អ ដុះ​ត្រដរ​ទាំង​លំបាក

វា​មិន​រំលើង​ចាក គ្រា​លំបាក​ព្យុះ​ព្យ​មា ។

លូត​កាន់​តែ​ខ្ពស់ មិន​ខ្លាច​កម្ពស់​នៃ​មេឃា

ថែម​ព្យុះ​ព្យ​មា ក៏​ពុំ​ងារ​រឹងមាំ​ជាក់ ។

ព្រោះ​តែ​និត្យ​នៅ រងា​ក្ដៅ ព្រិល ភ្លៀង​ធ្លាក់

ដើម​ឈើ មនុស្ស​ជាក់ ទាំង​ពីរ​នាក់​ខ្លឹម​អស្ចារ្យ ។8

មាន​តែ​ព្រះ​ទេ ដែល​ជ្រាប​ពី​ជម្រៅ​នៃ​ការ​សាកល្បង ការឈឺចាប់ និង​ការរងទុក្ខ​​យើង ។ មាន​តែ​ទ្រង់​ទេ ដែល​ប្រទាន​ភាព​សុខសាន្ត​អស់​កល្ប​នៅ​គ្រា​រង​ទុក្ខ ។ មាន​តែ​ទ្រង់​ទេ ដែល​មាន​អានុភាព​លើ​ព្រលឹង​ជាប់​បាបកម្ម ដោយ​បន្ទូល​លួងលោម​ថា ៖

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក ។

« ចូរ​ទទួល​នឹម​ខ្ញុំ​ចុះ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេច​ក្ដី​សម្រាក​ដល់​ព្រលឹង ។

« ពីព្រោះ​នឹង​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ។9

ទោះ​ជា​ក្នុង​គ្រា​ស្រួល ឬ​លំបាក​យ៉ាង​ណា​ក្ដី ទ្រង់​គង់​ជាមួយ​យើង ។ ទ្រង់​បាន​សន្យា​ថា ការណ៍​នេះ​ពុំ​ផ្លាស់​ប្ដូរ​ឡើយ ។

បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​ឲ្យ​យើង​ប្ដេជ្ញា​ចំពោះ​ព្រះ​បិតា​សួគ៌​យើង​ថា កុំពន្យា​ពេល និង​បណ្ដែត​បណ្ដោយ​ទៅ​តាម​ពេល​វេលា ឬ​វិប្បិត្តិ​នៃ​ជីវិត​ឡើយ ។ យើង​ពុំ​គួរ​ដក​ពិសោធន៍​ការលំបាក ដើម្បី​ចង​ចាំ​ដល់​ទ្រង់ ហើយ​យើង​ពុំ​គួរ​នាំ​ឲ្យ​បន្ទាប​ខ្លួន ពី​មុន​មាន​ក្ដី​ជំនឿ និង​ដាក់​ក្ដី​ទុក​ចិត្ត​លើ​ទ្រង់​ឡើយ ។

សូម​ឲ្យ​យើង​ខិត​ខំ​ខិត​ទៅ​ជិត​ព្រះ​បិតា​សួគ៌​យើង ។ ដើម្បី​ធ្វើ​ដូច្នោះ​បាន យើង​ត្រូវ​តែ​អធិស្ឋាន និង​ស្ដាប់​ទ្រង់​រាល់​ថ្ងៃ ។ យើង​ពិត​ជា​ត្រូវ​ការ​ទ្រង់​ជានិច្ច ទោះ​ជា​ពេល​មាន​ពន្លឺ​ថ្ងៃ ឬ​ពេល​មាន​ភ្លៀង​ធ្លាក់​ក្ដី ។ សូម​ឲ្យ​យើង​​ចាំ​ពី​ការសន្យា​ទ្រង់​ថា ៖ « យើង​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះ​បង់​ចោល​ឯង​ឡើយ » 10

ដោយ​អស់​ពី​កម្លាំង​នៃ​ព្រលឹង​ខ្ញុំ ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ថា ព្រះ​មាន​ព្រះ​ជន្ម​រស់ ហើយ​ស្រឡាញ់​យើង ថា​មាន​តែ​ព្រះ​បុត្រា​មួយ​អង្គ​គត់​ដែល​បាន​មាន​ព្រះ​ជន្ម ហើយ​សុគត​សម្រាប់​យើង ហើយ​ថា​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ជះ​ពន្លឺ​បំភ្លឺ​ភាព​អន្ធការ​នៃ​ជីវិត​។ សូម​ឲ្យ​ការណ៍​នេះ​នៅ​ជា​ដរាប ខ្ញុំ​សូម​អធិស្ឋាន​ក្នុង​ព្រះ​នាម​ពិសិដ្ឋ ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។