ឆ្នាំ ២០១០-២០១៩
ការទួញ​សោក​យេរេមា៖ ចូរ​ចៀសវាង​ពី​ការ​ជាប់​ឃុំឃាំង
តុលា 2013


ការ​ទួញ​សោក​យេរេមា ៖ ចូរ​ចៀសវាង​ពី​ការ​ជាប់​ឃុំឃាំង

ឧបសគ្គ​យើង គឺ​ចៀសវា​ងពីការ​ជាប់​ឃុំឃាំង​គ្រប់​ប្រភេទ ជួយ​ព្រះអម្ចាស់​ប្រមូល​រាស្ត្រ​ជម្រើស​របស់​ទ្រង់ ហើយ​លះបង់​សម្រាប់​ជំនាន់​ដែល​កំពុង​ពេញវ័យ។

ពេល​យើង​រៀបការ​ថ្មីថ្មោង ភរិយាខ្ញុំ ម៉ារី និង​ខ្ញុំ​បាន​សម្រេចចិត្ត​ថា យើង​នឹង​បន្ត​ជ្រើសរើស​សកម្មភាព​ដែល​យើង​អាច​ចូលរួម​បាន​យ៉ាង​ញឹកញាប់ ។ យើង​ក៏​ត្រូវ​វៃឆ្លាត​ក្នុង​ការ​ចំណាយ​លើ​ថវិកា​រ​យើង​ដែរ ។ ម៉ារី ចូលចិត្ត​តន្ត្រី ហើយ​បាន​ដឹង​យ៉ាង​ច្បាស់​ថា ខ្ញុំ​ចូល​ចិត្ត​កីឡា​ជា​ខ្លាំង ដូច្នេះ​គាត់​បាន​ចរចារ​ថា​ យើង​នឹង​ចូលរួម​ការ​ប្រគុំ​តន្ត្រី​ពីរ ឬ​ការ​ប្រកួត​កីឡា​មួយ ។

ដំបូង ខ្ញុំ​មិន​ចូលចិត្ត​ការប្រគុំ​តន្ត្រី​អូប៉េរ៉ា​ទេ តែ​លុះ​យូរ​ទៅ ខ្ញុំ​បាន​ផ្លាស់ប្ដូរ​ទស្សនៈ​ខ្ញុំ ។ ខ្ញុំ​បាន​ប្រែ​ជា​ចូលចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​ការប្រគុំ​តន្ត្រី​អូប៉េរ៉ា ហ្គីអ៊ូស៊ែពែរ វើរឌី ។1 សប្ដាហ៍​នេះ​គឺ​គំរប់​ខួប​ថ្ងៃ​កំណើត​គាត់ 200 ឆ្នាំ ។

កាល​នៅ​ជា​យុវវ័យ វើរឌី ចូល​ចិត្ត​ព្យាការី​យេរេមា ហើយ​នៅ​ឆ្នាំ 1842 ក្នុង​វ័យ 28 ឆ្នាំ គាត់​មាន​ឈ្មោះ​ល្បី​ដោយ​ការ​ប្រគុំ​តន្ត្រី​អូប៉េរ៉ាមួយ​ឈ្មោះ ណាប៊ូអូ ជា​ឈ្មោះ​កាត់​របស់​ស្ដេច ប៊ូក្នេសា ជា​ស្ដេច​ក្រុង​បាប៊ីឡូន ជា​ភាសា​អ៊ីតាលី ។ ការ​ប្រគុំ​តន្ត្រី​អូប៉េរ៉ានេះ គឺ​ដកស្រង់​ចេញ​ពី​ព្រះគម្ពីរ​យេរេមា និង​ទំនុក​តម្កើង​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ ការ​ប្រគុំ​តន្ត្រី​អូប៉េរ៉ានេះ រួម​មាន​ចម្បាំង​នៅ​យេរូសាឡឹម និង​ការ​ជាប់​ឃុំឃាំង​របស់​ពួក​យូដា ។ ទំនុកតម្កើង​កណ្ឌ 137 ជា​ការ​បំផុសដួង​ចិត្ត​ដល់​បទ​ចម្រៀង​ដ៏​ពិរោះ ហើយ​បំផុសគំនិត​របស់ វើរឌី មាន​ចំណង​ជើង​ថា « Chorus of Hebrew slaves ( បទបន្ទរ​នៃ​ពួក​ទាសករ​យូដា ) » ។ ក្បាល​រឿង​នៃ​ទំនុក​តម្កើង​ក្នុង​ព្រះគម្ពីរ​យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ៖ « កាល​ជាប់​ឃុំឃាំង ពួក​យូដា​បាន​យំ​នៅ​ក្បែរ​ទន្លេ​បាប៊ីឡូន --- ដោយ​សារ​តែ​ការទួញសោក ពួកគេ​មិន​អាច​ច្រៀង​ចម្រៀង​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ឡើយ » ។

បំណង​របស់​ខ្ញុំ​ គឺ​រំឭក​ឡើង​វិញ​នូវ​ទម្រង់​នៃ​ការ​ជាប់​ឃុំឃាំង​ និង​បន្ទាប​បង្ក្រាប​ជា​ច្រើន ។ យើង​នឹង​ប្រៀបធៀប​ស្ថានភាព​ខ្លះ​ក្នុង​ជំនាន់​យើង​ទៅ​នឹង​សម័យ​យេរេមា​ពី​មុនការ​ដួលរលំ​ចុះ​នៃ​ក្រុង​យេរូសាឡឹម ។ ក្នុង​ការ​បង្ហាញ​នូវ​សំឡេង​នៃ​ការ​ព្រមាន​នេះ ខ្ញុំ​មាន​រីករាយ​ដែល​សមាជិក​សាសនាចក្រ​ភាគ​ច្រើន កំពុង​ចៀសវាង​យ៉ាង​សុចរិត​នូវ​ទង្វើរ​ដែល​ធ្វើ​ឲ្យ​ព្រះអម្ចាស់​ខក​ព្រះទ័យ​ក្នុង​សម័យ​យេរេមា ។

ការ​ព្យាករណ៍ និង​ការទួញ​សោក​របស់​យេរេមា គឺ​សំខាន់​ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ យេរេមា និង​ស្ថានភាព​ក្នុង​យេរូសាឡឹម​ក្នុង​ជំនាន់​គាត់ ជា​ស្ថានភាព​នៃ​ជំពួក​ដើម​ក្នុងព្រះគម្ពីរ​មរមន ។ យេរេមា ជា​បុរស​ម្នាក់​ក្នុង​ជំនាន់​ព្យាការី​លីហៃ ។2 ព្រះអម្ចាស់​មាន​បន្ទូល​យ៉ាងជាក់​ច្បាស់​ដល់​យេរេមា​ពី​ការ​តែងតាំង​ទុក​ជា​មុន​របស់​លោក​ថា ៖ « មុន​ដែល​យើង​បាន​ជប់​បង្កើត​អ្នក​នៅ​ក្នុង​ពោះ​ម្ដាយ នោះ​យើង​ស្គាល់​អ្នក​ហើយ កាល​មិន​ដែល​អ្នក​សម្រាល​ចេញ​ពី​ផ្ទៃ​មក នោះ​យើង​បាន​ញែក​អ្នក​ជា​បរិសុទ្ធ​ផង ក៏​បាន​តាំង​អ្នក​ឡើង​ជា​ហោរា​ដល់​អស់​ទាំង​សាសន៍ » ។3

លីហៃ មាន​ការ​ហៅ​បេសកកម្ម និង​ការងារ​ផ្សេងទៀត​មក​ពី​ព្រះអម្ចាស់ ។ គាត់​មិន​ត្រូវ​បាន​ហៅ​តាំង​ពី​នៅ​ក្មេង​នោះទេ តែ​ពេល​មាន​វ័យ​ចំណាស់ ។ ដំបូង ការហៅ​របស់​គាត់ ​គឺ​ជា​សំឡេង​នៃ​ការ​ព្រមាន តែ​ក្រោយ​ពី​ប្រកាស​ដោយ​ស្មោះត្រង់​នូវ​សារលិខិត​ដូចជា យេរេមា នោះ​លីហៃ ត្រូវ​បាន​ព្រះអម្ចាស់​បញ្ជា​ឲ្យ​នាំ​គ្រួសារ​គាត់ចូល​ទៅ​ក្នុង​ទីរហោស្ថាន ។4 ការ​ធ្វើ​ដូច្នេះ លីហៃ​ បាន​ប្រទាន​ពរ​ដល់​គ្រួសារ​គាត់ និង​មនុស្ស​ទាំងអស់ ។

ពីមុន​ការ​បំផ្លិច​បំផ្លាញ​នៃ​ទីក្រុង​យេរូសាឡឹម5 សារលិខិត​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យេរេមា​ពេញដោយ​អត្ថន័យ ដែល​ដក់ជាប់​ក្នុង​ដួងចិត្ត ។ ទ្រង់​មាន​បន្ទូលថា ៖

« រាស្ត្រ​របស់​យើង​បាន​ដូរ​ព្រះ​ដ៏​ជា​សិរី​ល្អ​របស់​ខ្លួន ឲ្យ​បាន​តែ​របស់​ដែល​ឥត​មាន​ប្រយោជន៍​វិញ។  …

« … រាស្ត្រ​យើង.​..បាន​បោះបង់​ចោល​យើង​ដែល​ជា​ក្បាល​ទឹក​រស់ ហើយ​បាន​ដាប់​ធ្វើ ... ជា​អាង​ប្រេះ​បែក​ដែល​ទុក​ទឹក​មិន​បាន​ផង » ។6

ដោយ​មាន​បន្ទូល​ពី​វិបត្តិភ័យ​ដែល​កើត​មាន​ចំពោះ​ប្រជាជន​ក្នុង​យេរូសាឡឹម នោះ​ព្រះអម្ចាស់​បាន​បង្ហាញ​ភាព​សោកសៅ​ថា « [ ចំពោះ​ពួកគេ ] រដូវ​ច្រូតកាត់​បាន​កន្លង​ហើយ រដូវ​ក្ដៅ​ក៏​ផុត​ទៅ តែ [ ពួកគេ ] មិន​បាន​សង្គ្រោះ​នៅ​ឡើយ » ។7

ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​មនុស្ស​មាន​សេរីភាព​ជ្រើសរើស​រវាង​ល្អ និង​អាក្រក់ ។ ពេល​ជម្រើស​អាក្រក់​មាន​លក្ខណៈ​សម្បត្តិ​លេច​ធ្លោ​ឡើង​ក្នុង​វប្បធម៌ ឬ​ប្រទេស នោះ​មាន​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​ទាំង​ក្នុង​ជីវិត​នេះ និង​ជីវិត​ខាង​មុខ ។ មនុស្ស​អាច​ក្លាយ​ជា​ទាសករ ឬ​ធ្វើ​ឲ្យ​ខ្លួន​​ឯង​ជាប់​ឃុំឃាំង​ ពុំ​មែន​តែ​ដោយ​សារ​សារធាតុ​ញៀន​ដ៏​អាក្រក់​តែ​ម្យ៉ាង​នោះ​ទេ តែ​ក៏​ដោយសារ​ទស្សនៈ​អាក្រក់​ ដែល​ធ្វើ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ការ​រស់នៅ​សុចរិត​ផង​ដែរ ។

ការងាក​ចេញ​ពី​ការ​ថ្វាយបង្គំ​ព្រះ​ពិត​ដែល​មាន​ព្រះជន្ម​រស់ ហើយ​ទៅ​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ​ដូចជា​ទ្រព្យសម្បត្តិ និង​កេរ្តិ៍ឈ្មោះ ហើយ​ចូលរួម​នឹង​ទង្វើរ​អសីលធម៌​ដ៏​អាក្រក់ នឹង​នាំ​ទៅ​រក​ការ​ជាប់​ឃុំឃាំង​តាម​គ្រប់​វិធី ​ដែល​វា​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស ។ ទាំង​នេះ​រួម​មាន​ការ​ជាប់ឃុំឃាំង​ខាង​វិញ្ញាណ ខាង​រូបកាយ និង​បញ្ញា ហើយ​ពេល​ខ្លះ​នាំ​ឲ្យ​មាន​ភាព​ហិនហោច ។ យេរេមា និង លីហៃ ក៏​បាន​បង្រៀន​ដែរ​ថា ជនសុ​ចរិត​ត្រូវ​ជួយ​ព្រះអម្ចាស់​ស្ថាបនា​សាសនាចក្រ និង​នគរ​ទ្រង់ ហើយ​ប្រមូល​ផ្ដុំ​ពួក​អ៊ីស្រាអែល ។8

សារលិខិត​ទាំង​នេះ​ ត្រូវ​បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ជា​ច្រើន​ទសវត្សរ៍​នៅ​គ្រប់គ្រា​កាន់កាប់ ។ វា​ជា​មូលដ្ឋាន​យ៉ាង​សំខាន់​នៃ​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅ​ក្នុង​គ្រា​កាន់កាប់​ចុង​ក្រោយ​នេះ ។

ការ​ជាប់​ឃុំឃាំង​របស់​ពួក​យូដា និង​ការ​បែក​ខ្ញែក​នៃ​ពូជពង្ស​អ៊ីស្រាអែល រួម​មាន ពូជអំបូរ​ទាំង​ដប់ គឺ​ជា​ការ​ពិត​ដ៏សំខាន់​នៅ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ ។ ពូជអំបូរ​ទាំង​ដប់​នៃ​អ៊ីស្រាអែល​ដែល​វង្វេង​បាត់ ជា​ផ្នែក​នៃ​នគរ​អ៊ីស្រាអែល​ភាគ​ខាង​ជើង ហើយ​ត្រូវបាន​ជាប់​ឃុំឃាំង​នៅ​ស្រុក​អាសស៊ើរ​ក្នុង​ឆ្នាំ 721 មុន គ.ស. ។ ពួក​គេ​បាន​ទៅ​ប្រទេស​ភាគ​ខាង​ជើង ។9 មាត្រា​នៃ​សេចក្ដី​ជំនឿ​របស់​យើង ខ-ទីដប់ ចែងថា « យើង​ខ្ញុំ​ជឿ​លើ​ការ​ប្រមូល​ដ៏​ពិត​ប្រាកដ​នៃ​សាសន៍​អ៊ីស្រាអែល និង​ចំពោះ​ការ​សាង​ឡើង​វិញ​នូវ​ពូជ​ទាំង​ដប់អំបូរ » ។10 យើង​ក៏​ជឿ​ដែរ​ថា វា​ជា​ផ្នែក​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ​លោក​អ័ប្រាហាំ ទាំង​ពូជពង្ស​របស់​អ័ប្រាហាំ និង​មនុស្ស​នៅ​លើ​ផែនដី​នឹង​ទទួល​បាន​ពរជ័យ ។ ដូចអែលឌើរ រ័សុល  អិម ណិលសុន បាន​ថ្លែង​ថា ការ​ប្រមូល​នេះ « ពុំ​មែន​ជា​ការ​ប្រើ​កម្លាំង​ទេ ។ វា​ការតាំង​ចិត្ត​ផ្ទាល់​ខ្លួន ។ មនុស្ស​ទាំង​អស់​អាច ‹ នាំ​មក​រក​ព្រះអម្ចាស់ › [  នីហ្វៃទី3 20:13 ] ដោយ​ពុំ​ចាកចោល​ស្រុក​កំណើត​ខ្លួន » ។11

គោលលទ្ធិ​យើង​មាន​ភាព​ច្បាស់លាស់ ៖ « ព្រះអម្ចាស់​ទ្រង់​បាន​កំចាត់​កំចាយ ហើយ​ធ្វើ​ទុក្ខដល់​ពូជ​អ៊ីស្រាអែល​ទាំង​ដប់ពីរ​អំបូរ ពី​ព្រោះ​តែ​អំពើ​ទុច្ចរិត និង​ការ​បះបោរ​របស់​ពួកគេ ។ ក៏​ប៉ុន្តែ​ព្រះអម្ចាស់​ទ្រង់​ក៏​ប្រើ​ការ​ខ្ចាត់ខ្ចាយ​នៃ​រាស្ត្រ​ជម្រើស​របស់​ទ្រង់ ក្នុង​ចំណោម​សាសន៍​ទាំងឡាយ​ក្នុង​លោកិយ ដើម្បី​ប្រទានពរ​ដល់​សាសន៍​ទាំងនេះ » ។12

យើង​រៀន​ពី​មេរៀន​ដ៏​មាន​តម្លៃ​ពី​គ្រា​ដ៏​សោកសៅ​នេះ ។ យើង​គួរ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ចៀសវាង​ពី​អំពើបាប និង​ការ​បះបោរ​ដែល​នាំ​ទៅ​រក​ការ​ជាប់ឃុំឃាំង ។13 យើង​ក៏​ដឹង​ដែរ​ថា គឺ​តម្រូវ​ឲ្យ​មាន​ការ​រស់​នៅ​ដោយ​សុចរិត ដើម្បី​ជួយ​ព្រះអម្ចាស់​ក្នុងការ​ប្រមូល​រាស្ត្រ​ជម្រើស​ទ្រង់ និង​ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។

ការជាប់​ឃុំឃាំង ការ​បរាជ័យ ការញៀន និង​ទាសភាព​កើត​ឡើង​ក្នុង​ទម្រង់​ជាច្រើន ។ វា​អាច​ជា​សេចក្ដី​ត្រូវការ​ខាង​រូបកាយ តែ​វា​ក៏​អាច​ជា​ការបាត់បង់ ឬ​ការ​ខូចខាត​នៃ​សិទ្ធិ​ជ្រើសរើស​ដែល​អាច​រារាំង​ដល់​ការ​រីកចម្រើន​យើង ។ យេរេមា បាន​បញ្ជាក់យ៉ាង​ច្បាស់ថា អំពើ​ទុច្ចរិត និង​ការ​បះបោរ​ គឺ​ជា​ហេតុផល​ធំនៃ​ការ​បំផ្លិច​បំផ្លាញ​ក្រុង​យេរូសាឡឹម និង​ការ​ជាប់ឃុំ​ឃាំង​ក្នុង​បាប៊ីឡូន ។14

ការ​ជាប់ឃុំឃាំង​ផ្សេងទៀត ​គឺ​ជា​ការ​បំផ្លិចបំផ្លាញ​ដូចគ្នា​នៃ​វិញ្ញាណ​ស្មារតី​មនុស្ស ។ សិទ្ធិ​ជ្រើសរើស​អាច​ត្រូវ​បាន​រំលោភ​បំពាន​តាម​វិធី​ជា​ច្រើន ។15 ខ្ញុំ​នឹង​លើក​ឡើង​នូវ​កត្តា​បួន​ដែល​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ក្នុង​វប្បធម៌​សព្វ​ថ្ងៃ ។

ទីមួយ ការ​ញៀន​ដែល​បំផ្លាញ​សិទ្ធិ​ជ្រើសរើស បដិសេធ​ជំនឿ​ខាង​សីលធម៌ ហើយ​បំផ្លាញ​សុខភាព​ល្អ​នាំ​មក​នូវ​ការ​ជាប់ឃុំឃាំង ។ ផល​ប៉ះពាល់​នៃ​ថ្នាំ​ញៀន និង​គ្រឿង​ស្រវឹង ការ​អាសគ្រាម ល្បែង​ស៊ីសង ការបរាជ័យ​ខាង​ហិរញ្ញវត្ថុ និង​ការ​រងទុក្ខ​ផ្សេង​ទៀត​ បង្កើត​បន្ទុក​មួយ​យ៉ាង​ធំ​ដែល​ឥត​គណនា​បាន​ដល់​ជន​ដែល​ជាប់ឃុំឃាំង និង​សង្គម​ជា​ទូទៅ ។

ទីពីរ ការញៀន ឬ​ការ​ចូលចិត្ត​មួយ​ចំនួន​ដែលមិន​អាក្រក់​ទាំងស្រុង អាច​​បំផ្លាញ​អស់​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​យើង ដែល​យើង​អាច​ប្រើ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ដ៏​មាន​គុណធម៌​នោះ ។ ទាំងនេះ​អាច​រួម​បញ្ចូល​នូវ​ការ​ប្រើ​បណ្ដាញ​សង្គម វីដេអូ​ហ្គេម កីឡា ការកម្សាន្ត និង​អ្វី​ផ្សេង​ជា​ច្រើន​ទៀត​ហួស​ហេតុ​ពេក ។16

របៀប​ដែល​យើង​រក្សា​ពេល​វេលា​ទុក​សម្រាប់​គ្រួសារ គឺ​ជា​បញ្ហា​មួយ​ដែល​សំខាន់​បំផុត​ដែល​យើង​កំពុង​ប្រឈម​មុខ​ក្នុង​សង្គម​ជាច្រើន ។ មាន​ពេល​មួយ​ដែល​ខ្ញុំ​ជា​សមាជិក​សាសនាចក្រ​តែ​ម្នាក់ ក្នុង​ក្រុមហ៊ុន​ច្បាប់ មាន​មេធាវី​ស្រី​ម្នាក់​បាន​ពន្យល់ខ្ញុំ​ថា គាត់​តែ​ង​មាន​អារម្មណ៍​ដូចជា​អ្នក​លេង​ត្រែះ​ម្នាក់​ ដែល​ព្យាយាម​បោះ​កូន​បាល់​បី​នៅ​លើអាកាស​ក្នុង​ពេល​តែ​មួយ ។ កូន​បាល់​មួយ ​ជា​ការ​អនុវត្ត​ច្បាប់​របស់​គាត់ មួយ​ទៀត​ជា​អាពាហ៍ពិពាហ៍​របស់​គាត់ ហើយ​មួយ​ទៀត​ជា​កូន​របស់​គាត់ ។ គាត់​ស្ទើរ​តែ​គ្មាន​ពេល​សម្រាប់​ខ្លួន​ឯង ។ គាត់​ព្រួយ​ជា​ខ្លាំង​ថា មាន​កូនបាល់​មួយ​តែង​ធ្លាក់​ទៅ​លើ​ដី ។ ខ្ញុំ​បាន​ស្នើ​ឲ្យ​យើង​ជួប​គ្នា​ជា​ក្រុម ហើយ​ពិភាក្សា​ពី​អាទិភាព​របស់​យើង ។ យើង​បាន​កំណត់ថា មូលហេតុ​ចម្បង​ដែល​យើង​កំពុង​ខិតខំ​ធ្វើ​ គឺ​ដើម្បី​ផ្គត់ផ្គង់​ដល់​គ្រួសារ​យើង ។ យើង​បាន​ឯកភាព​ថា ការរក​ប្រាក់​បាន​ច្រើន គឺ​មិន​សំខាន់​ដូចជា​គ្រួសារ​យើង​ឡើយ តែ​យើង​បាន​ទទួល​ស្គាល់​ថា ការបម្រើ​ដល់​អតិថិជន​របស់​យើង​ឲ្យ​អស់​ពី​លទ្ធភាព គឺ​ជា​រឿង​ចាំបាច់ ។ បន្ទាប់មក ការ​ពិភាក្សា​នោះ​ បាន​លើក​ឡើង​ពី​អ្វី​ដែល​យើង​ធ្វើ​នៅ​កន្លែង​ធ្វើ​ការ​ដែល​មិន​ចាំបាច់ ហើយ​មិន​សមស្រប​នឹង​ការ​ទុក​ពេល​សម្រាប់​គ្រួសារ ។ តើ​មាន​សម្ពាធ​ដើម្បី​ចំណាយ​ពេល​ក្នុង​កន្លែង​ការងារ ដែល​មិន​ចាំបាច់​ដែរ​ទេ ?17 យើង​បាន​សម្រេចចិត្ត​ថា គោលដៅ​មួយ​របស់​យើង គឺ​បង្កើត​បរិយាកាស​មិត្តភក្ដិ និង​គ្រួសារ​សម្រាប់​ទាំង​បុរស និង​ស្ត្រី ។ ចូរ​យើង​ធ្វើ​ជា​គំរូ​ល្អ​ក្នុងការ​ការពារ​គ្រួសារ​យើង ។

ទីបី ការបាត់បង់​សេរីភាព​ទូទៅ​ភាគច្រើន​ក្នុង​ជំនាន់​យើង ដូច​បាន​កើត​ឡើង​ក្នុង​ប្រវត្តិសាស្ត្រ​ដែរ វា​គឺ​ជា​មនោគម​វិជ្ជា ឬ​ជំនឿ​នយោបាយ​ដែល​មិន​ស្រប​នឹង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ការ​ដាក់​ទស្សនវិជ្ជា​​មនុស្សជំនួស​​សេចក្ដីពិត​នៃ​ដំណឹងល្អ អាច​នាំ​យើង​ឃ្លាតចេញ​ពី​ភាព​សាមញ្ញ​នៃ​សារលិខិត​របស់​ព្រះអង្គ​សង្គ្រោះ ។ ពេល​សាវកប៉ុល​បាន​ជួប​នឹង​ពួក​អាថែន គាត់​បាន​ព្យាយាម​បង្រៀន​ពី​ការ​រស់ឡើងវិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ យើង​អាន​ពី​កិច្ចខិតខំ​នេះ​ក្នុង​កិច្ចការថា « រីឯ​ពួក​អ្នក​នៅ​ក្រុង​អាថែន និង​ពួកអ្នក​ប្រទេស​ក្រៅ ដែល​មក​ស្នាក់​នៅ​ទាំង​ប៉ុន្មាន គេ​មិន​ដែល​បង់​ពេល​ទំនេរ​នឹង​ធ្វើ​អ្វី​ទៀត​ទេ គេ​គិត​តែ​ពី​ប្រាប់ ឬ​ស្ដាប់​សេចក្ដី​ថ្មី​ប៉ុណ្ណោះ » ។18 ពេល​ក្រុម​មនុស្ស​យល់​ពី​សារលិខិត​ខាង​សាសនា​ដ៏​សាមញ្ញ​របស់​ប៉ុល ដែល​ពុំ​មែន​ជា​រឿង​ថ្មី នោះ​ពួកគេ​បដិសេធ​វា ។

រឿង​នេះ​ស្រដៀង​គ្នា​នឹង​ជំនាន់​យើង​ ដែល​សេចក្ដីពិត​នៃ​ដំណឹងល្អ ​ត្រូវ​បាន​គេ​បដិសេធ ឬ​បង្ខូចទ្រង់​ទ្រាយ​ជា​រឿយៗ ដើម្បី​ធ្វើ​ឲ្យ​វា​ងាយ​ទាក់ទាញ ឬ​ស្របតាម​និន្នាការ​សង្គម​បច្ចុប្បន្ន និង​ទស្សនវិជ្ជា​បញ្ញា ។ បើ​យើង​មិន​ប្រុងប្រយ័ត្ន យើង​អាច​ត្រូវបាន​ចាប់​យក​ដោយ​និន្នាការ​ទាំងនេះ ហើយ​ដាក់​ខ្លួន​យើង​ក្នុង​ការ​ជាប់​ឃុំ​ខាង​បញ្ញា ។ នៅ​បច្ចុប្បន្ន​នេះ មាន​សំឡេង​ជា​ច្រើន​ កំពុង​ប្រាប់​ស្ត្រី​ពី​របៀប​រស់​នៅ ។19 វា​តែង​ខ្វែង​គំនិត​គ្នា ។ កង្វល់​ដ៏​សំខាន់​ គឺ​ទស្សន​វិជ្ជា​ដែល​រិះគន់ ឬ​កាត់បន្ថយ​ការ​គោរព​ចំពោះ​ស្ត្រី ដែល​ជ្រើស​ធ្វើ​ការ​លះបង់​ចាំបាច់ ដើម្បី​ធ្វើ​ជា​ម្ដាយ គ្រូ​បង្រៀន អ្នក​មើល​ថែ ឬ​មិត្ត​នឹង​កុមារ ។

ប៉ុន្មាន​ខែ​មុន ចៅ​យើង​ពីរ​នាក់​បាន​មក​លេង​នឹង​យើង​ពេល​ផ្សេង​ពី​គ្នា --- មួយ​សប្ដាហ៍​ម្នាក់ៗ ។ ខ្ញុំ​នៅ​ផ្ទះ​ចាំ​បើក​ទ្វារ ។ ភរិយា​ខ្ញុំ ម៉ារី នៅ​ក្នុង​បន្ទប់​មួយ​ទៀត ។ ក្នុង​ស្ថានភាព​ទាំង​ពីរ បន្ទាប់​ពី​ឱប ពួកគេ​និយាយ​ស្ទើរ​តែ​ដូចគ្នា ។ ពួកគេ​ក្រឡេក​មើល​ជុំវិញ រួច​និយាយ​ថា « ខ្ញុំ​ចូលចិត្ត​រស់​នៅ​ក្នុង​ផ្ទះ​លោក​យាយ ។ តើ​លោក​យាយ​នៅ​ឯណា ? » ខ្ញុំ​ពុំ​បាន​និយាយ​សោះ តែ​គិត​ថា « តើ​នេះ​ពុំ​ជា​ផ្ទះ​លោកតា​ដែរ​ទេ​ឬ​អី ? » តែ​ខ្ញុំ​ដឹង​ថា កាល​ខ្ញុំ​នៅ​ក្មេង គ្រួសារ​យើង​ទៅ​ផ្ទះ​លោក​យាយ ។ ទំនុក​ច្រៀង​នៃ​បទ​ស្រដៀង​គ្នា​មួយ​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ « លើ​ផ្ទៃទន្លេ ហើយ​ឆ្លង​កាត់​ព្រៃ យើង​ទៅ​ផ្ទះ​លោក​យាយ » ។

ឥឡូវ​នេះ ខ្ញុំ​សូម​និយាយ​យ៉ាង​ច្បាស់​ថា ខ្ញុំ​រំភើប​ជាមួយ​នឹង​​ឱកាស​ខាង​ការអប់រំ និង​ឱកាស​ផ្សេងទៀត​ដែល​មាន​សម្រាប់ស្ត្រី ។ ខ្ញុំ​ឃើញ​ថា ការងារ​ដ៏​លំបាក​ធ្ងន់ធ្ងរ និង​ការ​រៀបចំ​ផ្ទះ​ដែល​ត្រូវការ​ស្ត្រី​ ត្រូវ​បាន​កាត់​បន្ថយ​នៅ​ក្នុង​ផ្នែក​ជាច្រើន​នៃ​ពិភលោក ដោយ​សារភាព​ងាយស្រួល​ក្នុង​សម័យ​ទំនើប ហើយ​ដែល​ស្ត្រី​កំពុង​ធ្វើ​ការ​បរិច្ចាគ​យ៉ាង​សំខាន់​នៅ​គ្រប់​វិស័យ ។ តែ​បើ​យើង​អនុញ្ញាត​ឲ្យ​វប្បធម៌​យើង​កាត់​បន្ថយ​នូវ​ទំនាក់​ទំនង​ពិសេស ដែល​កុមារ​មាន​ជាមួយ​ម្ដាយ និង​លោកយាយ និង​អ្នកដទៃ​ទៀត​ដែល​ចិញ្ចឹម​បី​បាច់​ពួកគេ នោះ​យើង​នឹង​មាន​ភាព​សោកស្ដាយ​នោះ​ពេល​ក្រោយ ។

ទីបួន កម្លាំង​ដែល​បំពានលើ​គោលការណ៍​សាសនា ដែល​រៀបចំ​ឡើង​ដោយ​ស្មោះ ​អាចនាំ​ទៅ​រក​ការជាប់​ឃុំឃាំង ។ ទម្រង់​ដ៏​សោកសៅ​បំផុត​មួយ​ គឺ​ពេល​ដែល​មនុស្ស​សុចរិតមាន​អារម្មណ៍​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ​សម្រាប់​ទង្វើ​របស់​ខ្លួន ត្រូវបាន​បង្ខំ​ឲ្យ​ចូល​ទៅ​ក្នុង​សកម្មភាព​ដែល​បំពាន​ដល់​សតិ​ពួកគេ ។ ឧទាហរណ៍ ពួក​អ្នក​ផ្ដល់សេវា​សុខភាព បាន​បង្ខំ​ឲ្យ​រើស​រវាងការ​ជួយ​ដល់​ការ​ពន្លូតកូន ដែល​ផ្ទុយ​ពី​សតិសម្បជញ្ញៈ​ខ្លួន ឬ​ការ​បាត់បង់​ការងារ ។

សាសនាចក្រ​មាន​ចំនួន​តិច សូម្បី​ពេល​ភ្ជាប់​នឹង​មនុស្ស​ដែល​មាន​គំនិត​ស្រដៀង​គ្នា ។ វា​ពិបាក​ផ្លាស់ប្ដូរ​សង្គម​ទាំង​មូល​ណាស់ តែ​យើង​ត្រូវ​ខិតខំ​ដើម្បី​កែ​លំអរ​វប្បធម៌​សីលធម៌​ដែល​នៅ​ជុំវិញ​យើង ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​គ្រប់​ប្រទេស ​គួរ​ធ្វើ​ជា​ពលរដ្ឋ​ល្អ ចូលរួម​ក្នុង​កិច្ចការ​សង្គម អប់រំ​ខ្លួន​ពី​បញ្ហា​នេះ និង​ការ​បោះឆ្នោត ។

តែ​ការ​គូស​បញ្ជាក់​ចម្បង​របស់​យើង គួរ​ធ្វើ​ឲ្យ​មាន​ការ​លះបង់​ចាំបាច់ ដើម្បី​ការពារ​គ្រួសារ​យើង និង​ជំនាន់​កំពុង​ពេញវ័យ​ជានិច្ច ។20 ពួកគេ​ភាគច្រើន ​មិន​គួរ​ស្ថិត​នៅ​ក្នុង​ការ​ជាប់ឃុំឃាំង​នឹង​ការញៀន​ដ៏​ធ្ងន់ធ្ងរ ឬ​មនោគមវិជ្ជា​មិន​ពិត​ឡើយ ។ យើង​ត្រូវ​ជួយ​រៀបចំ​ខ្លួន​ពួកគេ​សម្រាប់​ពិភព​លោក​មួយ​ដែល​ស្រដៀង​គ្នា​នឹង​ក្រុង​យេរូសាឡឹម​ ដែល​លីហៃ និង​យេរេមា​បាន​ជួប ។ លើស​ពី​នេះ​ទៀត យើង​ត្រូវ​រៀបចំ​ខ្លួន​ពួកគេ​ដើម្បី​ធ្វើ ហើយ​រក្សា​សេចក្ដីសញ្ញា​ពិសិដ្ឋ និង​ធ្វើ​ជា​អ្នកបម្រើ​ដ៏សំខាន់​ដើម្បី​ជួយ​ព្រះ​អម្ចាស់​ស្ថាបនា​សាសនាចក្រ​ទ្រង់ ហើយ​ប្រមូល​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ និង​រាស្ត្រ​ជម្រើស​របស់​ព្រះអម្ចាស់​គ្រប់​ទិសទី ។21 ដូចជា​គោលលទ្ធិ និង​សេចក្ដីសញ្ញា​បាន​ចែងថា « ពួក​សុចរិត​នឹង​ត្រូវបាន​ប្រមូល​គ្នា​មក​ពី​ចំណោម​សាសន៍​ទាំងអស់ ហើយ​និង​មក​ឯ​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង​នូវ​ចម្រៀង​ទាំងឡាយ​អំពី​សេចក្ដី​អំណរ​ដ៏​នៅ​អស់​កល្បអស់​កាល​ជានិច្ច » ។22

ឧបសគ្គ​របស់​យើង​ គឺ​ត្រូវ​ចៀសវាងការ​ជាប់​ឃុំឃាំង​គ្រប់​ប្រភេទ ជួយ​ព្រះអម្ចាស់​ប្រមូល​រាស្ត្រ​ជម្រើស​ទ្រង់ ហើយ​លះបង់ជួយ​ដល់​ជំនាន់​ពេញវ័យ ។ យើង​ត្រូវ​ចាំ​ជានិច្ច​ថា យើង​មិន​ស្រោចស្រង់​សម្រាប់​តែខ្លួន​ឯង​ឡើយ ។ យើង​ត្រូវ​បាន​រំដោះ​ដោយ​ក្ដី​ស្រឡាញ់ ព្រះគុណ និង​ការ​ពលិកម្ម ដែល​ធួន​របស់​ព្រះគ្រីស្ទ ។ ពេល​គ្រួសារ​លីហៃ​បាន​ចាកចេញ ពួកគេ​ត្រូវបាន​ដឹកនាំ​ដោយ​ពន្លឺ​របស់​ព្រះ​អម្ចាស់ ។ បើ​យើង​ពិត​ចំពោះ​ពន្លឺ​ទ្រង់ ធ្វើ​តាម​ព្រះបញ្ញត្តិ​ទ្រង់ ហើយ​ពឹងផ្អែក​លើ​ព្រះគុណ​ទ្រង់ នោះយើង​​នឹង​ចៀសផុត​ពី​ការជាប់​ឃុំឃាំងខាង​វិញ្ញាណ ខាង​រូបកាយ និង​ខាង​បញ្ញា ដូចគ្នា​នឹង​ការទួញសោក​នៃ​ការ​វង្វេង​ក្នុង​ទីរហោស្ថាន​ផ្ទាល់​របស់​យើង​ដែរ ត្បិត​ទ្រង់​មាន​ឫទ្ធិ​នឹង​សង្គ្រោះ ។

ចូរ​យើង​ចៀសចេញ​ពី​ភាពអស់​សង្ឃឹម និង​ភាពសោកសៅ​នៃ​ជន​ដែល​ធ្លាក់​ក្នុង​ការ​ជាប់ឃុំឃាំង ហើយ​មិន​អាច​ច្រៀង​ចម្រៀង​នៃ​ក្រុង​ស៊ីយ៉ូន​បាន ។ ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. ការប្រគុំ​តន្ត្រី​អូប៉េរ៉ា​ជា​ច្រើន​របស់ វើរឌី ដូចជា អ៊ែដា, ឡា ត្រាវីអាតា និង អ៊ីល ត្រូវាតូរេស គឺ​ស្ថិត​ក្នុង​ចំណោម​ការ​ប្រគុំ​តន្ត្រី​ល្បី​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ ។

  2. សូមមើល  នីហ្វៃ​ទី 1 5:13; 7:14 ។

  3. យេរេមា 1:5 ។

  4. សូមមើល  នីហ្វៃ​ទី 1 2:2–3 ។

  5. ការ​បំផ្លាញ​ព្រះវិហារ​បរិសុទ្ធ សូឡូម៉ូន ការ​ធ្លាក់ចុះ​នៃ​ក្រុង​យេរូសាឡឹម និង​ការ​ជាប់ឃុំឃាំង​នៃ​អំបូរ​យូដា បាន​កើត​ឡើង​ប្រមាណ​ជា​ឆ្នាំ 586 មុន គ.ស.។

  6. យេរេមា 2:11, 13 ។

  7. យេរេមា 8:20 ។ យេរេមា បាន​កត់ត្រា​ពី​មុន​ថា ព្រះអម្ចាស់​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រែចិត្ត ៖ « យើង​មាន​សេចក្ដី​ឈឺចាប់​នៅ​ក្នុង​ចិត្ត » ( យេរេមា 4:19 ) ហើយ​បាន​អង្វរ​ថា « ចូរ​ស្វែង​រក ... បើ​មាន​មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដោយ​សុចរិត ឬ​ដែល​ស្វែងរក​សេចក្ដី​ពិត នោះ​យើង​នឹង​អត់​ទោស​ដល់​ទីក្រុង » ( យេរេមា 5:1 ) ។

  8. សូមមើល យេរេមា 31, 1 នីហ្វៃ​ទី 10:14។.

  9. សូមមើល  របាក្សត្រ​ទី 2 17:6 គោលលទ្ធិ និង សេចក្ដី សញ្ញា 110:11 ។

  10. មាត្រា​នៃ​សេចក្ដី ជំនឿ 1:10 សូមមើល​ផងដែរ  នីហ្វៃ​ទី 2 10:22 ។

  11. រ័សុល  អិម ណិលសុន « The Book of Mormon and the Gathering of Israel » ( សុន្ទរកថា​ធ្វើ​ឡើង​នៅ​សិក្ខា​សាលា​មួយ​សម្រាប់​ប្រធាន​បេសកកម្ម​ថ្មី​ ថ្ងៃ​ទី 26 ខែ មិថុនា ឆ្នាំ 2013 ) ។

  12. សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ៊ីស្រាអែល » scriptures.lds.org ។

  13. ព្រះអម្ចាស់​មាន​បន្ទូល​ពី​ជំនាន់​យើង​ថា « ពិភពលោក​ទាំង​មូល​ដេក​នៅ​ក្នុង​អំពើ​បាប ហើយ​ថ្ងូរ​នៅ​ក្រោម​សេចក្ដី​ងងឹត និង​នៅ​ក្រោម​ចំណង​នៃ​អំពើ​បាប ។ … ពីព្រោះ​ពួកគេ​ពុំ​មក​រក​យើង​ឡើយ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា 84:49–50 ) ។

  14. ពិត​ណាស់ មនុស្ស​គ្មាន​កំហុសក៏​អាច​ធ្លាក់​ក្នុង​ទាសភាព​ដែរ ។

  15. គោលការណ៍ខាង​គោលលទ្ធិ​មិន​ផ្លាស់ប្ដូរ​ទេ តែមធ្យោបាយ​នៃ​ការ​ជាប់ឃុំ ការ​បន្ទាបបង្ក្រាប និង​ការ​បំផ្លិច​បំផ្លាញបានកើតឡើង​ក្នុង​របៀប​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន ។

  16. នេះ​គឺ​ជា​ការកត់​សំគាល់​នៅ​ក្នុង​ខ្លឹមសារ និង​អ្វី​មួយ​អស់​សំណើច​នៅ​លើ​គម្រប​ទស្សនាវដ្តី New York Times កាល​ពី​ឆ្នាំ​មុន ស្ដី​ពី​យោង​ធម្មជាតិ​នៃ​ការញៀន​ល្បែង​ឌីជីថល ។ វា​សរសេរ​ថា « Hyperaddictive, Time-Sucking, Relationship-Busting, Mind-Crushing Power and Allure of Silly Digital Games » ហើយ​បន្ទាប់​មក​នៅ​ក្នុង​ការបោះពុម្ព​ខ្នាត​តូច ៖ « ( ដែលមិន​ត្រូវ​និយាយ​ថា​យើង​មិន​ស្រឡាញ់​គេ​ផង​ដែរ ) » ។ នៅ​ក្នុង​វិធី​រីករាយ​មួយ ការណ៍​នេះ​សង្កត់​ធ្ងន់​លើ​ភាពចាំបាច់​នៃ​ការអនុវត្ត ប្រាជ្ញា​ក្នុង​ការប្រើ​ប្រាស់​ការ​រកឃើញ​នូវ​បច្ចេកវិទ្យាដ៏​អស្ចារ្យ​នា​ជំនាន់​របស់​យើង

  17. គំនិត​ទូទៅ​ក្នុង​មជ្ឈដ្ឋាន​ការងារ​ជា​ច្រើន​គឺ « យើង​ខិតខំ​ធ្វើការ ហើយ​លេង​ច្រើន » ។ ខណៈ​ដែល​ទំនាក់​ទំនង​រវាង​បុគ្គលិក​មាន​សារៈសំខាន់ នៅ​ពេល « ការងារ និង ការលេង » កើត​ឡើង​ក្នុង​ពេល​សម្រាប់​គ្រួសារ វា​ជា​ការពារ​ខ្លួន ។

  18. កិច្ចការ 17:21 ការ​គូសបញ្ជាក់​បាន​បន្ថែម ។

  19. សូមមើល ឃែលី ហ្គូហ្វ « Female Ivy League Graduates Have a Duty to Stay in the Workforce » អ្នក​ឃ្លាំ​មើល  ថ្ងៃ​ទី 21 ខែ មេសា ឆ្នាំ 2013 www.theguardian.com/commentisfree/2013/apr/21/female-ivy-league-graduates-stay-home-moms សើរីល សានប៊ើក Lean In: Women, Work, and the Will to Lead  ( ឆ្នាំ 2013 ) អានី ម៉ារី ស្លាហ្វធើរ « Why Women Still Can’t Have It All » The Atlantic  ថ្ងៃ​ទី 13 ខែ មិថុនា ឆ្នាំ 2012 www.theatlantic.com/magazine/print/2012/07/why-women-still-cant-have-it-all/309020 ឡ័ស  អិម ខូលីនស៍ « Can Women ‘Have It All’ When It Comes to Work and Family Life? » Deseret News  ថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 2012 ទំព័រ A3, ជូឌីត វ៉ននើរ « The Midcareer Timeout (Is Over) » New York Times Magazine  ថ្ងៃទី 11 ខែ សីហា ឆ្នាំ 2013 ទំព័រ 24–29, 38, ស្កត ស៊ីម៉ាន, ម៉ាកុស សាហ្វើរ និង មិតឈែល មិកខ្លូវើរ « When Leaning In Doesn’t Pay Off » New York Times  ថ្ងៃ​ទី 11 ខែ សីហា ឆ្នាំ 2013 ទំព័រ 12 ។

  20. សាសនាចក្រ​បាន​លើក​ទឹក​ចិត្ត​គណៈប៊ីស្សព​ឲ្យ​ជួយ​គ្រួសារ​ដោយ​ចំណាយ​ពេល​ច្រើន​ជាមួយ​យុវជន​យុវនារី និង​ពួក​យុវមជ្ឈិមវ័យ ។ គណៈ​ប៊ីស្សព​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ចែករំលែក​ទំនួល​ខុសត្រូវ​បន្ថែម​ទៀត​នៅ​ក្នុង​ក្រុម​ប្រឹក្សា​វួដ​ដល់​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក អង្គការ​ជំនួយ និង​សមាជិក​ដែល​មាន​សមត្ថភាព​ពិសេស​ដើម្បី​ជួយ​ដល់​អ្នកដទៃទៀត​យ៉ាង​សមរម្យ ។

  21. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា 29:7 ។

  22. គោលលទ្ធិ និង សេចក្ដីសញ្ញា 45:71 ។