ឆ្នាំ ២០១០-២០១៩
មើល​ទៅ​មុខ ហើយ​ជឿ
តុលា 2013


មើល​ទៅ​មុខ ហើយ​ជឿ

នៅ​ក្នុង​ព្រះនេត្រ​ព្រះអម្ចាស់ វា​ពុំសំខាន់​នូវ​អ្វី​ដែល​យើង​បាន​ធ្វើ ឬ​កន្លែង​ដែល​យើង​បាន​ទៅ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នោះ​គឺ ជាកន្លែង​ដែល​យើង​ស្ម័គ្រ​ទៅ​វិញ​ទេតើ ។

កាលពី​ក្មេង ការ​ធ្វើ​ការ​ក្នុង​ចម្ការ​ជាមួយ​ម្ដាយ គាត់​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​ជីវិត​ដ៏​សំខាន់​បំផុត​មួយ ។​​ ព្រឹក​ព្រលឹម​ស្រាង​ៗ ព្រះ​អាទិត្យ​រះឡើង ហើយ​យើង​បាន​ជីក​កាប់​គាស់ដី ដែល​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា វា​ចំណាយ​ពេល​ដ៏​យូរ ។ ខ្ញុំ​បាន​ឈប់ ហើយ​ងាក​ទៅ​មើល​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​រួច ហើយ​បាន​និយាយ​ទៅ​ម្ដាយ​ខ្ញុំ​ថា « មើល​ន៎ នោះ​ជា​អ្វី​ដែល​យើង​បាន​ធ្វើ​ហ្ន៎! » ម៉ាក់ ពុំ​បាន​តប​ទេ ។ ដោយ​គិត​ថា គាត់​ពុំ​ឮ ខ្ញុំ​បាន​និយាយ​ឡើង​វិញ ​ហើយ​ខ្លាំង​ជាង​មុន ។ គាត់​នៅ​តែ​មិន​ឆ្លើយ​តប ។ ខ្ញុំ​បាន​និយាយ​ម្ដង​ទៀត ដោយ​និយាយ​កាន់​តែ​ខ្លាំង​ជាង​មុន ។ ទីបំផុត គាត់​បាន​ងាក​មក​ខ្ញុំ ហើយ​និយាយ​ថា « អែត​វើត កុំ​មើល​ក្រោយ​ឡើយ។ ចូរ​មើល​ទៅ​មុខ​នូវ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​បន្ដ​ទៀត​វិញ » ។

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​ សេចក្ដី​សញ្ញា​ដែល​យើង​បាន​ចុះ​ជា​មួយ​ព្រះ ពេល​យើង​ជ្រមុជទឹក « ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី និង​គ្រប់​ទី​កន្លែង ដែល​ [ យើង ] បាន​នៅ » (ម៉ូសាយ 18:9) គឺ​ជា​ការ​តាំង​ចិត្ត​ពេញ​មួយ​ជីវិត ។ ប្រធាន ឌៀថើរ ហ្វ្រែត​ទ្រីច អុជដូហ្វ បាន​ផ្តល់​ដំបូន្មាន​ថា ៖ « អ្នក​ទាំងឡាយ​ណា​ដែល​បាន​ចូល​ក្នុង​ទឹក​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក ហើយ​បាន​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​បាន​ដាក់​ជើង​របស់​ពួកគេ​នៅ​លើ​ផ្លូវ​នៃ​ភាព​ជា​សិស្ស ហើយ​ត្រូវ​បាន​ដឹកនាំ​ឲ្យ​ដើរ​តាម​ដោយ​ខ្ជាប់​ខ្ជួន និង​ស្មោះត្រង់​តាម​ដាន​ជើង​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង » ( « Saints for All Seasons » EnsignLiahona ខែ​កញ្ញា ឆ្នាំ 2013 ទំព័រ 5 ) ។ ព្រះអម្ចាស់​បាន​ហៅ​យើង​តាម​រយៈ​ពួក​អ្នក​បម្រើ​ទ្រង់ ដើម្បី​បម្រើ​ក្នុង​ការ​ហៅ​ផ្សេងៗ ដែល​យើង​ទទួល​ដោយ​ការតាំង​ចិត្ត​ទាំង​ស្រុង ។ នៅពេល​ផ្ដល់​ការ​ដោះ​លែង ហើយ​ហៅ​ឲ្យ​ធ្វើ​ការ​បម្រើ​មួយ​ផ្សេង​ទៀត យើង​ទទួល​ដោយ​រីករាយ ដោយ​ដឹង​ ដូច​ជា​ជីដូន​ជីតា​យើង​បាន​ដឹង​ថា « នៅ​ក្នុង​ការបម្រើ​នៃ​ព្រះអម្ចាស់ នោះ​វា​មិន​អាស្រ័យ​ទៅ​លើ​កន្លែង​ដែល​អ្នក​បម្រើ​ទេ ប៉ុន្តែ​អាស្រ័យ​​លើ​របៀប​ដែល​អ្នក​បម្រើ​វិញ » ( J.  Reuben Clark Jr. ក្នុង Conference Report ខែ​មេសា ឆ្នាំ 1951 ទំព័រ 154 ) ។

ដូច្នេះ នៅពេល​ប្រធាន​ស្ដេក ឬ​ប៊ីស្សព​ម្នាក់​ត្រូវ​បាន​ដោះ​លែង នោះ​គាត់​ទទួល​យក​ការ​ដោះ​លែង​នោះ​ដោយ​រីករាយ ហើយ​នៅពេល​ផ្ដល់​នូវ​ការ​ហៅ​បម្រើ​មួយ តាម​ដែល​អ្នក​បម្រើ​ទ្រង់​ « មើល​ឃើញ​ថា​សម » តាម​ផ្លូវ​របស់​ព្រះ (ម៉ូសាយ 3:19) នោះ​គាត់​ពុំ​ទទួល​ឥទ្ធិពល​ពី​បទពិសោធន៍​មុន​របស់​គាត់​ ទាំង​មិន​មើល​ក្រោយ ហើយ​គិត​ថា គាត់​បាន​បម្រើ​គ្រប់​គ្រាន់​ហើយ​នោះ​ដែរ ។ គាត់ « ពុំ​ណាយចិត្ត​ក្នុង​ការធ្វើ​ល្អ » ឡើយ ព្រោះ​គាត់​ដឹង​ថា គាត់ « កំពុង​ដាក់​គ្រឹះនៃ​កិច្ចការ​ដ៏ធំ » ដោយ​មាន​ទស្សនៈវិស័យ​ច្បាស់​លាស់​មួយ ដែល​ការខិតខំ​នោះ ប្រទាន​ពរ​ដល់​ភាព​អស់កល្បជានិច្ច ។ ដូច្នេះ « ចេញ​ពី​ការណ៍​ដ៏​តូច​តាច នោះ​បណ្ដាល​ឲ្យ​មាន​ការណ៍​ដ៏​ធំ​ធេង​ឡើង » (គ. និង ស. 64:33 ) ។

យើង​ទាំងអស់​គ្នា​គួរ​តែ « ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​ប្រព្រឹត្ត​អ្វីៗ​ជាច្រើន តាម​បំណង​ចិត្ត​របស់​ [ យើង ] ហើយ​នាំមក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន » (គ.និងស. 58:27) ។

អែលឌើរ ជែហ្វ្រីអ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ទូន្មាន​ថា ៖ « អតីតកាល ជាអ្វី​ដែល​យើង​ត្រូវ​រៀនសូត្រ ប៉ុន្តែ​ពុំ​មែន​ដើម្បី​រស់​នៅ​តាម​ទេ ។ យើង​ក្រឡេក​ក្រោយ​មើល​អ្វី​ដែល​ល្អ​បំផុត ចេញ​ពី​បទពិសោធន៍ល្អ​នោះ ពុំ​មែនផេះ​ផង់​ទេ ។​ ហើយ​នៅពេល​យើង​រៀន​នូវ​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​រៀន ហើយ​បាន​នាំ​មក​ជាមួយ​យើង​នូវ​អ្វី​ដែល​ល្អ​បំផុត ដែល​យើង​បាន​ជួប​បទពិសោធន៍ នោះ​យើង​មើល​ទៅ​មុខ ហើយ​ចងចាំ​ថា សេចក្ដី​ជំនឿ​តែងតែ​ចង្អុល​ឆ្ពោះ​ទៅ​មុខ​នា​ពេល​អនាគត » ( « The Best Is Yet to Be » Ensign ខែ ​មករា ឆ្នាំ 2010 ទំព័រ 24 ឬ Liahona ខែ ​មករា ឆ្នាំ 2010 ទំព័រ 18 ) ។

ខណៈ​ដែល​មេរៀន​ម្ដាយ​របស់​ខ្ញុំ​អំពី​ការ​មើល​ទៅ​មុខ ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​ចម្ការ​ដែល​មើល​ឃើញ​ដោយ​ភ្នែក នោះ​វា​ពុំ​ប្រៀបស្មើ​នឹង​អ្វី​ដែល​ពួក​បរិសុទ្ធ​ជំនាន់​មុន​បាន​ឆ្លង​កាត់​នោះ​ទេ ។​ អែលឌើរ យ៉ូសែប ប៊ីវ៉ឺតលីន បាន​ពិពណ៌នា​បទពិសោធន៍​នេះ​យ៉ាង​ល្អ​ថា ​៖ « នៅ​ឆ្នាំ 1846 មាន​មនុស្ស​ច្រើន​ជាង [10,000 នាក់] បាន​ចាក​ចេញ​ពី[ទីក្រុង ណៅវូ] ដ៏​រីក​ចម្រើន​ ដែល​បាន​ស្ថាបនា​នៅ​លើ​ច្រាំង​នៃ​ទន្លេ មីស៊ិស៊ីពី ។​ ដោយ​មាន​ជំនឿ​លើ​អ្នក​ដឹកនាំ​ប្រកប​ដោយ​ការ​ព្យាករណ៍ នោះ​សមាជិក​សាសនាចក្រ​ពី​ដើម​ទាំងនោះ បាន​ចាក​ចេញ​ពី ‹ទីក្រុង​ស្រស់​ស្អាត›​ របស់​គេ ហើយ​បាន​ទៅ​ក្នុង​ទីរហោស្ថាន​នៃ​ព្រំប្រទល់​អាមេរិក ។ ពួកគេ​ពុំ​ដឹង​ច្បាស់​អំពី​កន្លែង​ដែល​គេ​ត្រូវ​ទៅ​ ចម្ងាយ​ប៉ុន្មាន​គីឡូ​នៅ​ខាង​មុខ ត្រូវ​ចំណាយ​ពេល​ធ្វើ​ដំណើរ​ប៉ុន្មាន ឬ​អ្វី​នឹង​មាន​នៅ​ពេល​ខាង​មុខ​សម្រាប់​ពួកគេ​នោះ​ទេ ។ ប៉ុន្តែ​ពួកគេ បាន​ដឹង​ថា ពួកគេ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះ និង​ពួក​អ្នក​បម្រើ​ទ្រង់ » ( « Faith of Our Fathers » Ensign ខែ ឧសភា ឆ្នាំ 1996 ទំព័រ 33 ) ។

ពួកគេ​បាន​ដឹង​របៀប​ត្រូវ​មើល​ទៅ​មុខ និង​ជឿ ។ កាលមួយ​ទសវត្ស​កន្លះ​មុន សមាជិក​មួយចំនួន​ទាំងនេះ មាន​វត្តមាន ពេល​វិវរណៈ​ត្រូវ​បាន​ទទួល ។

« ត្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មាន​ពរ​ហើយ​ដល់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​យើង ទោះ​បី​រស់ ឬ​ស្លាប់​ក្ដី ហើយ​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​សេចក្ដី​វេទនា រង្វាន់​របស់​អ្នក​នោះ​នៅ​នគរ​ស្ថានសួគ៌ គឺ​ប្រសើរ​ជាង ។

« ត្បិត​នៅ​ពេល​នេះ អ្នករាល់​គ្នា​ពុំ​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា​របស់​អ្នក​ឡើយ នូវ​គម្រោង​ការណ៍​នៃ​ព្រះ​របស់​អ្នក អំពី​អ្វីៗ​ទាំង​នោះ ដែល​ត្រូវ​បាន​មក​នៅ​ពេល​ក្រោយ និង​សិរីល្អ​ដែល​ត្រូវ​មក​តាម​ក្រោយ បន្ទាប់​ពី​មាន​សេចក្ដី​វេទនា​ដ៏​ច្រើន » ( គ. និង ស. 58:2–3) ។

យើង​ក៏​អាច​មើល​ទៅ​មុខ ហើយ​ជឿ​ផងដែរ ។ យើង​អាច​ក្រសោប​យក​ការ​អញ្ជើញ​របស់​ព្រះអម្ចាស់​យើង ដែល​លាត​ព្រះហស្ត​អញ្ជើញ​យើង​ថា ៖

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក ។

« ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ត្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព ៖ នោះ​អ្នករាល់​គ្នា​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង ។

« ពីព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ( ម៉ាថាយ 11:28–30 ) ។

ព្យាការី​ជា​ទីស្រឡាញ់​របស់​យើងគឺ ប្រធាន ថូម៉ាស អេស ម៉នសុន ទីប្រឹក្សា​របស់​លោក និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​ការ​អញ្ជើញ​មួយ​ដល់​យើង​ទាំងអស់​គ្នា ឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។ អ្នក​ផ្លាស់​ប្រែ​ចិត្ត​ជឿ​ថ្មី យុវវ័យ យុវ​មជ្ឈិម​វ័យ អ្នក​ទាំង​ឡាយ​ដែល​បាន​ចូល​និវត្តន៍​ពី​ការងារ​ពួកគាត់ និង​អ្នក​ផ្សាយសាសនា​ពេញម៉ោង ត្រូវ​ការ​ទទួល​នឹម​ស្មើគ្នា​នៅ​ក្នុង​ការ​ពន្លឿន​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចូលរួម​ការ​ប្រណាំង​ទាញ​គោ ដែល​គាត់​បាន​ទាញ​ចេញ​នូវ​សទិសភាព ។ គាត់​បាន​និយាយ​អំពី​បទពិសោធន៍​នេះ​ថា ៖ មាន​ទម្ងន់​ដប់​ពាន់​ផោន [ 4,535 គ.ក ] --ប្រាំ​តោន។ … គោលដៅ គឺ​ឲ្យ​គោ​រំកិល​ក្ដារ​រំអិល​នោះ បី​ហ្វីត [ 91 ស.ម ] ។ … ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​សត្វ​គោមួយ​នឹម​មាន​មាឌធំៗ សមគ្នា​យ៉ាង​ល្អ មាន​ពណ៌​ពពាល​… ជា​គោ​ចាស់​ធំៗ » ។

និយាយ​អំពី​លទ្ធផល​នៃ​ការប្រឡង​ប្រណាំង​នោះ គាត់​ប្រាប់​ថា ៖ « ក្រុម​ជាច្រើន ត្រូវ​បាន​បាត់​ម្ដង​មួយៗ ។ … គោ​ធំៗ​ពុំ​អាច​ទឹម​ជាមួយ​គ្នា​ទេ ! គោ​មួយ​គូ​ទៀត​តូច មាន​មាឌ​ខុសគ្នា បាន​រំកិល​ក្ដារ​រំអិល​បាន​ដល់​ទៅ​បីដង » ។

បន្ទាប់​មក​គាត់​បាន​ពន្យល់​ពី​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ថា ៖ គោ​ពពាល មាន​មាឌធំ ហើយ​ខ្លាំង និង​មាន​មាឌ​ប៉ុនគ្នា ល្អ​ជាង​ក្រុម​គោ​ផ្សេង ។ ប៉ុន្តែ​គោ​តូចៗ មាន​ការ​ធ្វើ​ការ​ជាក្រុម និង​សហការ​គ្នា​បាន​ល្អ​ជាង ។ ពួក​វា​ទទួល​នឹម​ជាមួយគ្នា ។ សត្វ​ទាំងពីរ​ទាញ​ទៅ​មុខ​ដំណាល​គ្នា ហើយ​ប្រើ​កម្លាំង​ទាញ​បន្ទុក » (« Equally Yoked Together » ដកស្រង់ពី​សុន្ទរកថា​មួយ​ដែល​ធ្វើ​ឡើង​នៅសិក្ខាសាលា​សម្រាប់អ្នកតំណាង​ខាង​សាសនា នៅថ្ងៃទី 3 ខែ មេសា ឆ្នាំ 1975, ក្នុងTeaching Seminary: Preservice Readings [ ឆ្នាំ 2004 ] ទំព័រ 30 ) ។

ពេល​យើង​មើល​ទៅ​មុខ ហើយ​ជឿ នោះ​យើង​ត្រូវ​ការ​ការសហការ​ដូច​គ្នា​នេះ ដើម្បី​ពន្លឿន​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ពេល​យើង​អញ្ជើញ​អ្នក​ដទៃឲ្យ​មក​រក​ព្រះគ្រីស្ទ ។ តាម​សមត្ថភាម​យើង​ម្នាក់ៗ យើង​ចាំ​បាច់​ត្រូវ​ធ្វើ​តាម​ដំបូន្មាន​របស់​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ« ឲ្យ​ឈរ​គៀក​គ្នា ហើយ​លើក​ត្រង់​កន្លែង​ដែល​យើង​ឈរ » ( « Lift Where You Stand » EnsignLiahona​ ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 56 ) ។ យើង​អាច​រក​ឃើញ​សក្ដានុពល​ពេញ​លេញ​របស់​យើង ដូច​ដែល​បាន​សង្កេត​ដោយ​អែលឌើរ អិល ថម ភែរី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ថា ៖ « នៅពេល​ខ្ញុំ​ធ្វើ​ដំណើរ​ពេញ​សាសនាចក្រ ខ្ញុំ​ស្ងើច​នឹង​រឿង​វិជ្ជមាន​ដែល​កំពុង​កើត​ឡើង ។ ប៉ុន្តែ​ខ្ញុំ​ពុំ​ដែល​មាន​អារម្មណ៍​ថា យើង​រស់​នៅ​តាម​សក្ដានុពល​ពិត​របស់​យើង​ទេ ។ អារម្មណ៍​ខ្ញុំ​គឺ​ថា យើង​ពុំ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ជានិច្ចនោះ​ទេ យើងនៅ​ចាប់​អារម្មណ៍​ ចង់​បាន​កិត្តិយស និង​ជោគជ័យ​ផ្ទាល់​ខ្លួន​យ៉ាង​ច្រើន ហើយ​បង្ហាញ​នូវ​ចំណាប់​អារម្មណ៍​តិច​ចំពោះ​គោលដៅ​រួម​ក្នុង​ការ​ស្ថាបនា​នគរ​ព្រះ » ( « United in Building the Kingdom of God » Ensign ខែ ឧសភា ឆ្នាំ 1987 ទំព័រ 35) ។

សូម​ឲ្យ​យើង​ទាំងអស់​គ្នា​សាមគ្គី​ក្នុង​គោលដៅ​តែ​មួយ « ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ 1:39 ) ។

ព្រះអង្គ​សង្គ្រោះ​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទត​ឃើញ​ពី​ទីដើម ដល់​ទី​ចុង បាន​ស្គាល់​យ៉ាង​ច្បាស់​អំពី​ផ្លូវ​ដែល​ទ្រង់​នឹង​ធ្វើ​ដំណើរ​ទៅ​សួន​គេតសេម៉ានី និង​កូកាល់ថា នៅពេល​ទ្រង់​ប្រកាស​ថា « អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ » ( លូកា 9:62) ។ នៅ​ក្នុង​ព្រះនេត្រ​ព្រះអម្ចាស់ វា​ពុំសំខាន់​នូវ​អ្វី​ដែល​យើង​បាន​ធ្វើ ឬ​កន្លែង​ដែល​យើង​បាន​ទៅ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នោះ​គឺ ជាកន្លែង​ដែល​យើង​ស្ម័គ្រ​ទៅ​វិញ​ទេតើ ។

គោល​ការណ៍​ណែនាំ​របស់​យើង បាន​បង្រៀន​យើង​ដោយ​ព្យាការី​យ៉ូសែប ស្ម៊ីធ​ថា ៖ « គោលការណ៍​គ្រឹះ​នៃ​សាសនា​របស់​យើង គឺ​ទីបន្ទាល់​អំពី​ពួកសាវក និង​ពួក​ព្យាការី អំពី​ព្រះយេស៊ូវ​គ្រីស្ទ ថា​ទ្រង់​បានសុគត បាន​បញ្ចុះ ហើយ​បាន​រស់​ឡើង​វិញ​ម្ដង​ទៀត​នៅ​ថ្ងៃ​ទីបី ហើយ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌ ហើយ​អ្វីៗ​ផ្សេង​ទៀត​ទាំង​អស់ ដែល​ទាក់​ទង​នឹង​សាសនា​របស់​យើង គឺ​ជា​សេចក្ដី​បន្ថែម​ទៅ​លើ​វា​ប៉ុណ្ណោះ (ការ​បង្រៀន​របស់​ប្រធាន​នៃ​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ [ ឆ្នាំ 2007 ] ទំព័រ 49) ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ធ្វើ​តាម​គំរូ​ព្រះអង្គ​សង្គ្រោះ​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ហើយ​លើក​ដៃ​យើង​ជា​កែង​ ព្រម​ជាមួយ​នឹង​សកម្មភាព​ក្នុង​ការ​គាំទ្រ​ដល់​ព្យាការី​ជាទីស្រឡាញ់​យើងគឺ ប្រធាន ថូម៉ាស  អេស ម៉នសុន នោះ​យើង​នឹង​រក​បាន​សេចក្ដី​សុខសាន្ដ ការលួងលោម​ចិត្ត និង​ក្ដី​អំណរ ហើយ​យើង «នឹង​បាន​បរិភោគ​ផល​ល្អ​នៃ​ដែនដី​ …នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ » ( គ​.និង​ស. 64:34 ) ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។