ឆ្នាំ ២០១០-២០១៩
សូម​សម្លឹង​មើល​ទៅ​លើ
តុលា 2013


សម្លឹង​មើល​ទៅ​លើ

សព្វ​ថ្ងៃ​នេះ​ជា​ពេល ដើម្បី​សម្លឹង​មើល​ទៅ​ប្រភព​នៃ​សេចក្ដី​ពិត ហើយ​ប្រាកដ​ថា ទីបន្ទាល់​យើង​រឹងមាំ ។

កាល​អាយុ​ប្រាំ​បី​ឆ្នាំ ខ្ញុំ និង​បង​ប្អូន​ជីដូន​មួយ​ខ្ញុំ​ពីរ​នាក់​ទៀត ត្រូវ​បាន​ឲ្យ​ទៅ​ទិញ​ម្ហូប​ក្នុង​ក្រុង​មួយ​ក្បែរ​នោះ សម្រាប់រយៈពេល​ 15 ថ្ងៃ​ទៀត ។ ពេល​មើល​ទៅ​ក្រោយ​វិញ ខ្ញុំ​ស្ងើច​ចំពោះ​ទំនុក​ចិត្ត ដែល​លោក​យាយ និង​ពូ​មីង​ខ្ញុំ​មាន​ចំពោះ​យើង ។ យើង​បាន​ធ្វើ​ដំណើរ​ដោយ​ជិះ​លើ​សេះ​តូច​បី​ក្បាល​នៅ​ក្រោម​ផ្ទៃ​មេឃ​ភ្លឺ​ស្រឡះ​នា​ព្រឹក​ព្រលឹម ។

នៅ​កណ្ដាល​វាល​ស្មៅ​ដ៏​ធំ​មួយ យើង​មាន​គំនិត​មួយ​ថា យើង​គួរ​ចុះ​ពី​លើ​សេះ​លេង​បាញ់​ឃ្លី ។ យើង​បាន​ឈប់ — ហើយ​បាន​លេង​អស់​រយៈ​ពេល​យ៉ាង​យូរ ។ យើង​បាន​វក់​នឹង​ល្បែង ភ្លេច​គិត​ពី « ទីការ​​សម្គាល់មើល​​ពេល​វេលា » កាល​ដុំ​ពពក​ខ្មៅ​បាន​បិទ​បាំង​ផ្ទៃ​មេឃ ។ ទម្រាំ​តែ​យើង​ដឹង​ថា មាន​អ្វី​កើត​ឡើង យើង​គ្មាន​ពេល​ច្រើន​ជិះ​សេះ​ឡើយ ។ ភ្លៀង​ដ៏​ខ្លាំង​បាន​ធ្លាក់​មក និង​មាន​ព្រិល​ធ្លាក់​ទង្គិច​នឹង​មុខ​របស់​យើង ហើយ​អ្វី​ដែល​យើង​អាច​គិត​ឃើញ​គឺ ដោះ​កែប​សេះ​ចេញ ហើយ​យក​ភួយ​នៅ​ក្រោម​កែប​តូច​នោះ​ចេញ​មក​ដណ្ដប់ខ្លួន ។

យើង​បាន​បន្ត​ដំណើរ​ដោយ​គ្មាន​សេះ ទាំង​ខ្លួន​រងារ ទទឹក​ជោគ ដែល​ឥឡូវ​នេះ​ព្យាយាម​ដើរ​យ៉ាង​​លឿន​តាម​យើង​អាច​ធ្វើ​បាន ។ ពេល​យើង​ជិត​ដល់​គោលដៅ យើង​បាន​ឃើញ​ថា ច្រក​ធំ​ចូល​ក្រុង​នោះ​មាន​ទឹក​លិច​ដូចជា​ទន្លេ​ហូរ​សម្ដៅ​មក​យើង ។ ឥឡូវ ជម្រើស​តែ​មួយ​គត់​របស់​​យើង គឺ​បោះ​ភួយ​ចោល ហើយ​តោង​ឡើង​របង​បន្លា​លួស​ព័ទ្ធ​ក្រុង​នោះ ។ ពេល​ស្វែង​រក​ជម្រក ផ្ទះ​ដំបូង​ដែល​យើង​ឃើញ ពេល​ដើរ​ចូល​ក្រុង​នោះ វា​យប់ជ្រៅ​ហើយ យើង​អស់​កម្លាំង​រហិតរហៃ ទាំង​ខ្លួន​ទទឹក​ជោគ ។ គ្រួសារ​ដ៏​ល្អ​នោះ​បាន​ជូត​ខ្លួន​ឲ្យ​យើង ធ្វើ​ប៊ើររីតូ​សណ្ដែក​យ៉ាង​ឆ្ងាញ់​ឲ្យ​យើង​ហូប រួច​ដាក់​យើង​ដេក​ក្នុង​បន្ទប់​មួយ។ រំពេច​នោះ យើង​បាន​ឃើញ​ក្ដារ​ក្រាល​បន្ទប់​សុទ្ធ​តែ​ធូលី រួច​យើង​ក៏​មាន​គំនិត​វៃ​មួយ​ទៀត ។ យើង​បាន​គូរ​រង្វង់​លើ​ក្ដារ​នោះ ហើយ​បន្ត​លេង​បាញ់​ឃ្លី​ទៀត រហូត​ដល់​យើង​ទន់​ខ្លួន​ដេក​លក់ ។

កាល​ពី​ក្មេង យើង​គិត​តែ​ពី​ខ្លួន​ឯង ។ យើង​ពុំ​គិត​ពី​ឪពុក​ម្ដាយ​ដែល​រង់​ចាំ​យើង​មក​ផ្ទះ​វិញ​យ៉ាង​អន្ទះសារ​ឡើយ --- បើ​យើង​ចេះ​គិតគូរ​នោះ យើង​នឹង​មិន​ពន្យារ​ដំណើរ​ក្នុង​រឿង​ឥត​ប្រយោជន៍​បែប​នោះ​ឡើយ ។ បើ​យើង​ឆ្លាត​ជាង​នោះ យើង​ប្រហែល​ជា​ងើយ​មើល​ទៅ​លើ​មេឃ ដែល​មាន​ពពក​ច្រើន និង​ខំ​ពន្លឿន​ល្បឿន​ឲ្យ​ផុត​ពី​ព្យុះ​ភ្លៀង​នោះ​ហើយ ។ ឥឡូវ​ដោយ​ខ្ញុំ​មាន​បទពិសោធន៍​ច្រើន​ជាង​មុន ខ្ញុំ​តែង​រំឭក​ខ្លួន​ថា ៖ « កុំ​ភ្លេច​សម្លឹង​មើល​ទៅ​លើ » ។

បទពិសោធន៍​ជាមួយ​បង​ប្អូន​ជីដូន​មួយ​ខ្ញុំ បាន​បង្រៀន​ខ្ញុំ​ឲ្យ​យក​ចិត្ត​មើល​ទី​សម្គាល់​នៃ​សម័យ​យើង ។ យើង​រស់នៅ​ក្នុង​គ្រា​ព្យុះ​ភ្លៀង​ដ៏​គ្រោះ​ថ្នាក់ ដែល​ប៉ុល​បាន​រៀបរាប់​ថា ៖ « មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួនឯង ... មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ រមិល​គុណ មាន​ចិត្ត​មិន​បរិសុទ្ធ ... និយាយ​បង្កាច់​គេ មិន​ចេះ​ទប់ចិត្ត ... ចូលចិត្ត​នឹង​ល្បែង​លេង​ជា​ជាង​ព្រះ » (  ធីម៉ូថេ​ទី 2 3:2–4 ) ។

អែលឌើរ ដាល្លិន  អេក អូក បាន​ថ្លែងពី​គ្រាទាំងនេះ​ថា ៖ « យើង​ត្រូវ​រៀបចំ​ខ្លួន ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ ... ឯ​ការ​រៀបចំ​ដែល​ទំនង​ជា​គេ​ភ្លេច​ភាគ​ច្រើន ជា​ការរៀបចំ​មើល​មិន​ឃើញ ហើយ​លំបាក​ខ្លាំង --- គឺ​ការរៀបចំ​ខាង​វិញ្ញាណ » ( “Preparation for the Second Coming” EnsignLiahona ខែ ឧសភា ឆ្នាំ 2004 ទំព័រ 9 ) ។ និយាយ​ម្យ៉ាង​ទៀត​គឺ កុំ​ភ្លេច​សម្លឹង​មើល​ទៅ​លើ ។

ដោយ​មាន​តម្រូវការ​បន្ទាន់​ឲ្យ​​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ ក្នុង​គ្រា​ដ៏​គ្រោះ​ថ្នាក់​មួយ​នេះ ខ្ញុំ​ចង់​ចែក​ចាយ​ពាក្យ​ព្រមាន​មួយ​អំពី​ទីសម្គាល់​ដ៏​សំខាន់​ក្នុង​សម័យ​នេះ ។ ជីវិត​ការងារ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈាន​មុខ​ខាង​បច្ចេកវិទ្យា ដូច្នេះ​ខ្ញុំ​ស្គាល់​ពី​តម្លៃ​វា ជា​ពិសេស​ក្នុង​ការប្រាស្រ័យ​ទាក់ទង ។ ព័ត៌មាន​ជាច្រើន​ដែល​បង្កើត​ដោយ​មនុស្ស​នៅ​ពេល​នេះ គឺ​ងាយ ហើយ​ឆាប់រហ័ស ។ តែ​អ៊ីនធើរណែត​ក៏​ពេញ​ដោយ​ភាព​អាក្រក់ និង​ភាព​ភ័ន្ត​ច្រលំ​ដែរ ។ បច្ចេក​វិទ្យា​កែលម្អរ​សេរីភាព​និយាយ​ស្ដី​យើង តែ​វា​ក៏​ក្លែង​អ្នក​ដែល​សរសេរ​អ្វី​មួយ​លើ​អ៊ិនធើរណិត ដោយ​ផ្អែក​លើ​ចំនួន​នៃ​អ្នក​អានដែរ ។ នេះ​ជា​ហេតុផល​ដែល​ឥឡូវ យើង​ត្រូវ​ចងចាំ​គោលការណ៍​អស់កល្ប​នេះ​ជាង​ពី​មុន ថា៖ « អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន​គឺ​ដោយ​សារ​ផល​គេ​បង្កើត » ( ម៉ាថាយ 7:20 ) ។

ជា​ពិសេស ខ្ញុំ​សូម​ហាម​ប្រាម​អ្នក​មិន​ឲ្យ​មើល​រូបភាព​អាក្រក់ ឬ​យក​ចិត្ត​ទុក​ដាក់​លើអ្នក​ចោទ​ប្រកាន់​ក្លែងក្លាយ​ពី​ព្រះគ្រីស្ទ និង​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ទង្វើរ​ទាំង​ពីរ​នេះ​បង្កើត​ឥទ្ធិពល​ដូចគ្នា ៖ ការ​បាត់​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ព្រះចេស្ដា​ការពារ​គាំទ្រ​របស់​ទ្រង់ ។ អំពើ​បាប និង​អពមង្គល​នឹង​កើត​មាន​តាម​ក្រោយ​ជានិច្ច ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​ខ្ញុំ បើ​យើង​ធ្លាប់​ប្រទះ​អ្វី ដែល​ធ្វើ​ឲ្យ​យើង​សង្ស័យ​ដល់​ទីបន្ទាល់​ពី​ដំណឹង​ល្អ ខ្ញុំ​សូម​អង្វរ​ឲ្យ​អ្នក​សម្លឹង​មើល​ទៅ​លើ ។ សូម​មើល​ទៅ​ប្រភព​នៃ​រាល់​ប្រាជ្ញា និង​សេចក្ដី​ពិត ។ ចិញ្ចឹម​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​អ្នក​នឹង​ព្រះ​បន្ទូល ។ ក្នុង​ពិភពលោក​នេះ​មាន​អ្នក​ដែល​ព្យាយាម​ធ្វើ​ឲ្យ​ជំនឿ​អ្នក​ចុះ​ខ្សោយ ដែល​ផ្សំ​នឹង​ការកុហក និង​ការ​ពិត​ពាក់​កណ្ដាល ។ នេះ​ជា​ការ​សំខាន់​បំផុត ដែល​អ្នក​បន្ត​សក្ដិសម​ដើម្បី​មាន​ព្រះវិញ្ញាណ​ជានិច្ច ។ ភាព​ជា​ដៃគូ​នៃ​ព្រះ​វិញ្ញាណ ពុំ​មែន​សម្រាប់​តែ​ភាព​ស្និទ្ធស្នាល​ដ៏​រីករាយ​នោះ​ទេ --- វា​ចាំបាច់​សម្រាប់​ខាង​វិញ្ញាណ​ដែរ ។ បើ​អ្នក​ពុំ​ស្វែងរក​បន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​ត្រងត្រាប់​ស្ដាប់​នឹង​ការ​បំផុស​គំនិត​នៃ​ព្រះ​វិញ្ញាណ​ទេ​នោះ អ្នក​នឹង​ត្រូវ​បាន​គេ​បញ្ឆោត​ហើយ ( សូមមើល យ៉ូសែប ស្ម៊ីធ --- ម៉ាថាយ 1:37 ) ។ យើង​ត្រូវ​តែ​ស្វែងរក​ព្រះបន្ទូល ហើយ​ត្រងត្រាប់​ស្ដាប់​តាម ។

ព្រះគ្រីស្ទ​ដែល​ល្អ​ឥត​ខ្ចោះ និង​យ៉ូសែប ស្ម៊ីធ ដែល​បាន​សារភាព​ថា ខ្លួន​លោក​មិន​ល្អ​ឥត​ខ្ចោះ ទាំង​ពីរ​រូប​ត្រូវ​បាន​សម្លាប់​ដោយ​ពួក​អ្នក​និយាយ​បង្កាច់ ដែល​មិន​បាន​ទទួល​យក​ទីបន្ទាល់​ពួកគាត់ ។ តើ​យើង​អាច​ដឹង​ថា​ទីបន្ទាល់​ពួក​គាត់​ពិត --- ថា​ព្រះគ្រីស្ទ​ជា​បុត្រា​ព្រះ និង​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​ពិត​ដោយ​របៀប​ណា ?

« អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន គឺ​ដោយ​សារ​ផល​គេ​បង្កើត »។ តើ​ផល​ផ្លែ​ល្អ​អាច​កើត​ពី​ដើម​ឈើ​អាក្រក់ ដែរ​ទេ ? ខ្ញុំ​ដឹង​ដោយ​ផ្ទាល់​ថា ព្រះ​ប្រោស​លោះ​ខ្ញុំ បាន​អភ័យ​ទោស​បាបខ្ញុំ ហើយ​រំដោះខ្ញុំ​ពី​នឹម ដោយ​នាំ​ខ្ញុំទៅ​កាន់​ភាព​សុខសាន្ត​ដែល​ខ្ញុំ​ពុំ​ធ្លាប់​ស្គាល់ ។ ហើយ​ខ្ញុំ​ដឹង​ដោយផ្ទាល់​ថា យ៉ូសែប ស្ម៊ីធ ជា​ព្យាការី ដោយ​សារ​ខ្ញុំ​បាន​អនុវត្ត​ការ​សន្យា​សាមញ្ញ​ក្នុង​ព្រះគម្ពីរ​មរមន​ថា ៖ « សូម​សួរ​ដល់​ព្រះ​ជា​ព្រះវរ​បិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ » ( មរ៉ូណៃ 10:4 ) ។ ក្នុង​ពាក្យ​ដ៏​សាមញ្ញ​គឺ ៖ សូម​សម្លឹង​មើល​ទៅ​លើ ។

មាន​អ្នក​ខ្លះ​​អាច​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​តែ​ឃើញ​ភស្ដុតាង​ច្បាស់​នឹង​ភ្នែក ដើម្បី​ជឿ​លើ​ការ​រស់​ឡើង​វិញ​នៃ​ព្រះ​គ្រីស្ទ ឬ​សេចក្ដី​ពិត​ដ៏​ពេញលេញ​នៃ​ដំណឹង​ល្អ ទ្រង់​ដែល​បាន​ស្ដារ​ឡើង​វិញ ។ ចំពោះ​ពួកគេ ខ្ញុំ​សូម​ដកស្រង់​ពាក្យ​អាលម៉ា​និយាយ​ទៅ កូរីហូរ ដែល​ព្យាយាម​អូស​ទាញ​មនុស្ស​ដទៃ​មិន​ឲ្យ​ជឿថា ៖ « អ្នក​បាន​ទទួល​ទីសម្គាល់​ល្មម​គ្រប់គ្រាន់​ហើយ តើ​អ្នក​ចង់​សាកល្បង​ព្រះ​របស់​អ្នក​ធ្វើ​អ្វី ? តើ​អ្នក​នៅ​តែ​និយាយ​ថា ចូរ​បង្ហាញ​ខ្ញុំ​នូវ​ទីសម្គាល់​មួយ នៅ​ពេល​ដែល​អ្នក​មាន​ទីបន្ទាល់​នៃ​បងប្អូន​របស់​អ្នក​អស់​ទាំង​នេះ និង​អស់​ទាំង​ពួក​ព្យាការី​ដ៏​បរិសុទ្ធ​ផង​ឬ ? បទគម្ពីរ​ទាំងឡាយ​ត្រូវ​បាន​លាត​ត្រដាង​នៅ​ចំពោះ​អ្នក » ( អាលម៉ា 30:44 ) ។

អ្នក និង​ខ្ញុំ​ជា​ភស្ដុតាង​ជាក់ស្ដែង​នៃ​ព្រះ​ចេស្ដា​ប្រោសលោះ​នៃ​ព្រះគ្រីស្ទ ។ យើង​ជា​ភស្ដុតាង​នៃ​ការបម្រើ​របស់​ព្យាការី​យ៉ូសែប និង​ភាព​ស្មោះត្រង់​នៃ​ពួក​បរិសុទ្ធ​ជំនាន់​មុន ដែល​បាន​បន្ដ​រឹងមាំ​ក្នុង​ទីបន្ទាល់​ខ្លួន ។ សាសនាចកក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ឥឡូវ​នេះបាន​ពង្រីក​នៅ​ជុំវិញ​ពិភពលោក ហើយ​កំពុង​លូត​លាស់​យ៉ាង​ខ្លាំង --- បាន​ទទួល​យក ដោយ​មនុស្ស​រាបសា​ដែល​មិន​ត្រូវ​ការ​ឃើញ ហើយ​ពាល់​ដើម្បី​ជឿ ដូច​ក្នុង​ជំនាន់​ព្រះគ្រីស្ទ​ដែរ ។

គ្មាន​នរណា​ម្នាក់​ដឹង​ពី​ពេល​ដែល​ព្រះអម្ចាស់​នឹង​យាង​មក​ម្ដង​ទៀត​ឡើយ ។ តែ​ឥឡូវ​នេះ​យើង​ស្ថិត​ក្នុង​គ្រា​ដ៏​គ្រោះថ្នាក់ ។ សព្វ​ថ្ងៃ​នេះ ជា​ពេល​ដើម្បី​សម្លឹង​មើល​ទៅ​ប្រភព​នៃ​សេចក្ដី​ពិត ហើយ​ប្រាកដ​ថា ទីបន្ទាល់​យើង​រឹងមាំ ។

សូម​ត្រឡប់​ទៅ​ដំណើរ​រឿង​ខ្ញុំ​វិញ ខ្ញុំ និង​បងប្អូន​ជីដូន​មួយ​ខ្ញុំ បាន​ក្រោក​ឡើង​នៅ​ព្រឹក​នោះ​នៅ​ក្រោម​ព្រះ​អាទិត្យ​ភ្លឺ​ត្រចះ​ត្រចង់ និង​ផ្ទៃ​មេឃ​ដ៏​ស្រស់​ស្អាត ។ មាន​បុរស​ម្នាក់​បាន​គោះទ្វារ​រក​ក្មេង​ប្រុស​បាត់​ខ្លួន​បី​នាក់ ។ គាត់​បាន​ដាក់​ឲ្យ​យើង​ជិះ​សេះ ហើយ​យើង​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ​តាម​ផ្លូវ​ដដែល ។ ខ្ញុំ​ពុំ​ដែល​ភ្លេច​ពី​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ --- ពី​ចំនួន​មនុស្ស​ដ៏​ច្រើន​ដែល​កំពុង​ស្វែងរក​យើង​តាំងពី​យប់ ត្រាក់ទ័រ និង​ឡាន​ពួកគេ​បាន​ជាប់​គាំង​ក្នុង​ភក់ ។ គេ​រក​ឃើញ​ភួយ​នៅ​ទីនេះ តែ​សេះ​នៅ​ទីនោះ ហើយ​ពេល​គេ​ឃើញ​យើង​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​អាច​ទទួល​អារម្មណ៍​ពី​ការធូរស្រាល​ក្នុង​ចិត្ត និង​ក្ដី​ស្រឡាញ់​ពួកគេ ។ នៅ​ច្រក​ទ្វារ​ចូល​ក្រុង មាន​សាច់​ញាតិ​ជាច្រើន​បាន​មក​ទទួល​យើង ហើយ​នៅ​ពី​មុខ​ពួកគេ​គឺ​លោក​យាយ និង​ពូមីង​ជា​ស្រឡាញ់​ខ្ញុំ ។ ពួកគេ​បាន​ឱប​យើង ហើយ​ក៏​យំ ដោយ​ក្ដី​រីករាយ​ដែល​ពួកគាត់​បាន​ឃើញ​ពួកយើង ។ វា​ជា​ការរំឭក​ចាំ​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​ថា ព្រះវរបិតា​សួគ៌​យើង​ទ្រង់​ជ្រាប​ពី​យើង ។ ទ្រង់​រង់ចាំ​យើង​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​អន្ទះសារ ។

មែនហើយ មាន​ទីសម្គាល់​នៃ​ព្យុះ​ភ្លៀង​កំពុង​កើត​ឡើង​នៅ​ជុំវិញ​យើង ។ ចូរ​យើង​សម្លឹង​មើល​ទៅ​លើ ហើយ​រៀបចំ​ខ្លួន ។ មាន​សុវត្ថិភាព​ក្នុង​ទីបន្ទាល់​ដ៏​រឹងមាំ​មួយ។ ចូរ​យើង​ស្វែងរក ហើយ​ពង្រឹង​ទីបន្ទាល់​យើង​រាល់​ថ្ងៃ ។

ខ្ញុំ​ដឹង​ថា យើង​អាច​រួមរស់​នឹង​គ្នា​ដ៏​អស់កល្ប​ជា​ក្រុមគ្រួសារ ថា​ព្រះវរបិតា​សួគ៌​យើង​កំពុង​រង់ចាំ​យើង ដែល​ជា​កូនចៅ​ទ្រង់ ដោយ​លាត​សន្ធឹង​ព្រះហស្ដ​ទាំងទ្វេរ​ទ្រង់ ។ ខ្ញុំ​ដឹង​ថា ព្រះគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​យើង មាន​ព្រះជន្ម​រស់ ។ ដូច​ជា​ពេត្រុស​ដែរ គ្មាន​សាច់​ឈាម​ណា​មួយ​បាន​បើក​សម្ដែង​ឲ្យ​ខ្ញុំ​ឃើញ​ឡើយ លើកលែង​ព្រះវរ​បិតាសួគ៌​ខ្ញុំ ( សូមមើល ម៉ាយថាយ 16:15–19 ) ។ ក្នុង​ព្រះ​នាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះគ្រីស្ទ អាម៉ែន ។