ឆ្នាំ ២០១០-២០១៩
កុំ​ឲ្យ​មាន​ព្រះ​ឯណា​ទៀត
តុលា 2013


កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត

តើ​យើង​កំពុង​បម្រើ​ដល់​អាទិទេព ឬ​ព្រះដទៃមុន​ព្រះដែល​យើង​ថ្វាយបង្គំ​មែនទេ ?

ក្រឹត្យ​វិន័យ​ដប់​ប្រការ​ជា​គ្រឹះ​នៃ​ជំនឿ​ពួក​គ្រីស្ទាន និង​ពួក​យូដា ។ ក្រឹត្យ​វិន័យ​ពីរ​ដំបូងផ្ដល់​ការ​ណែនាំ​ពី​ការ​ថ្វាយ​បង្គំ និង​អាទិភាព​យើង ដែល​ព្រះ​បាន​ប្រទាន​ដល់​កូន​ចៅ​អ៊ីស្រាអែល​តាមរយៈ​ព្យាការី ម៉ូសេ ។ ក្រឹត្យ​វិន័យ​ទីមួយ ព្រះ​អម្ចាស់​បាន​បញ្ជា​ថា « កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​យើង​ឲ្យ​សោះ » ( និក្ខមនំ 20:3 ) ។ ជា​ច្រើន​ទសវត្សរ៍​មក ពេល​ព្រះគ្រីស្ទ​ត្រូវ​គេ​សួរ​ថា « ក្នុង​បណ្ដា​ក្រឹត្យ​វិន័យ តើ​បញ្ញត្តិ​ណា​ដែល​យ៉ាង​សំខាន់​បំផុត ? » ទ្រង់​តប​ថា « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​អ្នក​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​អ្នក » ( ម៉ាថាយ 22:36–37 ) ។

ក្រឹត្យ​វិន័យ​ទីពីរពន្យល់​អំពីការ​គ្មាន​ព្រះ​ឯ​ណា​ទៀត ហើយ​កំណត់​ពី​អ្វី​ដែល​គួរ​ជា​អាទិភាព​សំខាន់​បំផុត​ក្នុង​ជីវិត​យើង​ ​ជា​កូនចៅទ្រង់ ។ « កុំ​ឲ្យ​ឆ្លាក់ធ្វើ​រូបណា​សម្រាប់​អ្នក​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ធ្វើ​រូបណា​ឲ្យ​ដូច​ជា​អ្វី » នៅ​​ស្ថានសួគ៌ ឬ​ផែនដីឡើយ ( និក្ខមនំ 20:4 ) ។ រួច​បន្ថែម​ថា « កុំ​ឲ្យ​ក្រាប​សំពះ​នៅ​ចំពោះ​របស់​ទាំងនោះ ឬគោរព​ប្រតិបត្តិ​តាម​នោះ​ឡើយ » ( និក្ខមនំ 20:5 ) ។ លើស​ពី​ការ​ហាម​ឃាត់​ដល់​រូប​សក្ការៈ ក្រឹត្យ​វិន័យ​នេះ​ចែងពី​អាទិភាព​សំខាន់​មួយ​នៅ​គ្រប់ពេល ។ ព្រះ​យេហូវ៉ា​ពន្យល់​ថា « ត្បិត​យើង​ជា​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក យើង​មាន​សេចក្ដីប្រច័ណ្ឌ... តែ​ផ្ដល់​សេចក្ដីសប្បុរសដល់... ពួក​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់តាម​បញ្ញត្តិ​របស់​យើង » ( និក្ខមនំ 20:5--6 ) ។ ពាក្យ ប្រច័ណ្ឌ មាន​ន័យ​ថា ការ​បង្ហាញ​ឲ្យ​ដឹង ។ ពាក្យ​ដើម​ភាសា​ហេព្រើរ​មាន​ន័យ​ថា « ការ​មាន​អារម្មណ៍​ឆាប់​ខឹង ហើយ​សោកសៅ » ។ ( និក្ខមនំ 20:5 លេខ​យោង  ) ។ ដូច្នេះ​យើង​ធ្វើ​ឲ្យ​ព្រះ​ខក​ព្រះ​ទ័យ ពេល​យើង « ក្រាបសំពះ » ឬ « បម្រើ » ព្រះ​ផ្សេង​ទៀត---ពេល​យើង​ដាក់​អាទិភាព​ដំបូង​ផ្សេង ។1

I.

តើ « អាទិភាព​ផ្សេង » អ្វី ដែល​មនុស្ស​ទទួល​ការ « បម្រើ » ​ពី​មុនព្រះ---សូម្បី​ជាមនុស្ស​កាន់​សាសនា---ក្នុង​ជំនាន់​យើង ? សូម​ពិចារណា​ពី​ជម្រើស​ទូទៅ​ទាំងនេះ​ក្នុង​ពិភពលោក​យើង ៖

  • ប្រពៃណី​វប្បធម៌ និង​គ្រួសារ

  • ភាពត្រឹមត្រូវ​ខាង​នយោបាយ

  • គោលដៅ​ការងារ

  • សម្បត្តិ​ផ្នែក​សម្ភារ

  • ការ​សម្រាក​លំហែ

  • អំណាច កេរ្តិ៍ឈ្មោះ និង​កិត្យានុភាព

បើ​ឧទាហរណ៍​ទាំងនេះ​មិន​អនុវត្ត​ចំពោះ​យើង​ទេ នោះ​យើង​អាចណែនាំ​អ្នកដទៃ​ដែល​មាន​បញ្ហា​នេះ ។ គោលការណ៍​នេះ​គឺ​សំខាន់​ជាង​ឧទារណ៍​និមួយៗ ។ គោលការណ៍​នេះពុំ​ថា ​តើ​យើង​មាន​អាទិភាព​ដទៃ​ដែរ​ឬ​អត់​នោះ​ទេ ។ សំណួរ​ក្នុង​ក្រឹត្យ​វិន័យ​ទីពីរ​គឺថា « តើ​អ្វីទៅ​ជា​អាទិភាព​ធំ​បំផុត​របស់​យើង ? » តើ​យើង​នឹង បម្រើ​អាទិទេព ឬ​ព្រះ​ដ៏ទៃ មុន​ព្រះ​ដែល​យើង​ថ្វាយ​បង្គំ​មែន​ឬ ? តើ​យើង​បាន​ភ្លេច​ដើរ​តាម​ព្រះអង្គសង្គ្រោះដែល​​បង្រៀន​ថា បើ​យើង​ស្រឡាញ់​ទ្រង់ យើង​នឹង​កាន់តាម​បញ្ញត្តិ​ទ្រង់​ដែរ​ឬទេ ? ( សូមមើល យ៉ូហាន 14:15 ) ។ បើ​ដូច្នេះ នោះ​អាទិភាព​យើងបាន​ធ្វើ​ឲ្យ​ភ័ន្តច្រឡំ ដោយ​ការ​គ្មាន​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ និង​ការ​ស្រេក​ឃ្លាន​ឥត​គិត​ក្នុង​ជំនាន់​យើង ។

II.

ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បញ្ញត្តិ​ព្រះ​គឺ​ផ្អែក​ទៅ​លើ​ផែនការ​ព្រះ​សម្រាប់​កូនចៅ​ទ្រង់---ជា​ផែនការ​សង្គ្រោះ​ដ៏​អស្ចារ្យ ។ ផែនការ​នេះ ពេល​ខ្លះហៅ​ថា « ផែនការ​សុភមង្គល​ដ៏​មហិមា » ( អាលម៉ា 42:8 ) ពន្យល់​ពី​ដើម​កំណើត និង​ជោគ​វាសនា​យើង​ជា​កូនចៅ​ព្រះ --- តើ​យើង​មក​ពី​ណា ហេតុអ្វី​យើង​នៅ​ទីនេះ ហើយ​តើ​យើង​នឹង​ទៅ​ទីណា ។ ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ពន្យល់​ពី​គោល​បំណង​នៃ​ការ​បង្ក​បង្កើត និង​ស្ថានភាព​នៃ​ជីវិត​រមែង​ស្លាប់ និង​ក្រុមគ្រួសារ​អស់កល្ប ។ បើ​យើង​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​បាន​ទទួល​ចំណេះ​ដឹងនេះ មិន​ដាក់​អាទិភាព​យើង​ស្របតាម​ផែនការ​នេះ​ទេ នោះ​យើង​ស្ថិត​ក្នុង​គ្រោះថ្នាក់​នៃ​ការ​បម្រើ​ព្រះ​ដទៃ​ទៀត​ហើយ ។

ចំណេះ​ដឹង​ពី​ផែនការ​ព្រះ​សម្រាប់​កូនចៅ​ទ្រង់ ​ផ្ដល់​ឲ្យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នូវ​ទស្សន​វិស័យ​អស្ចារ្យ​មួយ​ស្ដីពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ ។ យើង​ត្រូវ​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ព្រះវិហារ​ផ្ដោត​លើ​គ្រួសារ ។ សាសនា​យើង​ចាប់ផ្ដើម​ជាមួយ​មាតា​បិតា​សួគ៌ ហើយ​គោលដៅ​ខ្ពស់​បំផុត​យើង​គឺ​ដើម្បី​សម្រេច​បាន​ភាព​ពេញលេញ​នៃ​ភាព​តម្កើង​ឡើង​អស់​កល្ប ។ យើង​ដឹង​ថា ការណ៍​នេះ​អាច​កើត​ឡើង​បាន​តែ​ក្នុង​ទំនាក់ទំនង​គ្រួសារម្យ៉ាងគត់ ។ យើង​ដឹងថា អាពាហ៍ពិពាហ៍​រវាង​បុរសស្ត្រី​ គឺ​ចាំបាច់​ដើម្បី​សម្រេច​ផែនការ​ព្រះ ។ មានតែ​អាពាហ៍ពិពាហ៍​នេះ​ម្យ៉ាងគត់ ​ដែល​នឹង​ផ្ដល់​មជ្ឈដ្ឋាន​ត្រឹមត្រូវ​សម្រាប់​កំណើត​នៃ​ជីវិត​រមែង​ស្លាប់ និង​ដើម្បី​រៀបចំ​សមាជិក​គ្រួសារ​សម្រាប់ជីវិត​អស់កល្ប ។ យើងគិត​ពី​អាពាហ៍ពិពាហ៍ និង​ការ​ចិញ្ចឹមបីបាច់​កូនចៅ​មាន​ចំណែក​ក្នុង​ផែនការ​ព្រះ និង​ជា​កាតព្វកិច្ច​ពិសិដ្ឋ​នៃ​ជន​ដែល​បាន​ទទួល​ឱកាស​ឲ្យ​ធ្វើ​ដូច្នេះ ។ យើង​ជឿ​ថា សម្បត្តិ​ធំ​បំផុត​លើ​ផែនដី និង​ស្ថានសួគ៌​គឺ​កូនចៅ​យើង និង​ពូជពង្ស​យើង ។

III.

ដោយសារ​អ្វី​ដែល​យើង​យល់​ពី​តួនាទី​គ្រួសារ​ដ៏អស់កល្ប​មាន​សក្ដានុពល យើងបារម្ភ ព្រោះ​ចំនួន​នៃ​កំណើត និង​អាពាហ៍ពិពាហ៍​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​​ប្រទេស​​លោក​ខាង​លិច ដែល​ប្រវត្តិសាស្ត្រវប្បធម៌​ពួកគេ​ជា​គ្រីស្ទាន និង​យូដា ។ ប្រភព​ដែល​ទទួលខុសត្រូវ​បាន​រាយការណ៍​ដូចខាង​ក្រោម ៖

  • ឥឡូវ​នេះ សហរដ្ឋ​អាមេរិក​មាន​អាត្រា​កំណើត​ទាប​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​ខ្លួន2 ហើយ​នៅ​បណ្ដា​ប្រទេស​សហព័ន្ធ​អ៊ឺរុប​ជាច្រើន និង​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេង​ទៀត អាត្រា​កំណើត គឺ​ទាប​ជាង​កម្រិត​ដ៏​ចាំបាច់​ដើម្បី​រក្សា​ចំនួន​ប្រជាជន​ខ្លួន ។3 វា​គម្រាម​កំហែង​ដល់​ការ​រស់រាន​នៃ​វប្បធម៌ រួម​ទាំង​ប្រជា​ជាតិ​ដែរ ។

  • នៅ​អាមេរិក ភាគរយ​នៃ​យុវជម្ឈិមវ័យ ពី​អាយុ 18 ឆ្នាំ ដល់ 29 ឆ្នាំ ដែល​បាន​រៀបការ ក្នុងឆ្នាំ 1960 បាន​ធ្លាក់​ចុះ​ពី 59 ភាគ​រយ ដល់ 20 ភាគរយ មក​ត្រឹម​ឆ្នាំ 2010 ។4 អាយុជាមធ្យម​នៃ​ការ​រៀបការ​ដំបូង​ ឥឡូវ​គឺមាន​អត្រា​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ៖ 26 ឆ្នាំសម្រាប់ស្ត្រី និង​ជិត 29 ឆ្នាំ​សម្រាប់​បុរស ។5

  • ក្នុង​ប្រទេស និង​វប្បធម៌​ជា​ច្រើន (1) ប្រពៃណីគ្រួសារ​រវាង​ឪពុកម្ដាយ និងកូន​កំពុងក្លាយ​ជា​ករណីលើកលែង​ ជាជា​ង​ច្បាប់ (2) ការ​ខំ​ក្នុងការងារ ជំនួស​ឲ្យ​ការរៀបការ​ និង​ការ​ជម្រើស​មាន​កូន ​​កំពុង​កើនឡើង​សម្រាប់​យុវនារី​ជាច្រើន ហើយ (3) តួនាទី និង​សារៈសំខាន់​នៃឪពុក​កំពុង​ធ្លាក់ចុះ ។

ក្នុង​ចំណោម​និន្នាការ​ទាំងនេះ​ដែល​យើង​ព្រួយ យើង​ដឹង​ថា​ផែនការ​ព្រះគឺ​សម្រាប់​កូនចៅ​ទ្រង់​គ្រប់រូប ហើយ​ថា​ព្រះ​ស្រឡាញ់​កូន​ចៅ​ទ្រង់​គ្រប់​ទិសទី ។6 ជំពូកទីមួយ​ក្នុង​គម្ពីរ​មរមន​បាន​ប្រកាស​ថា « ព្រះចេស្ដា និង​សេចក្ដីសប្បុរស ហើយ​និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ ... មាន​មក​លើ​គ្រប់​បណ្ដាជន​ទាំងអស់​នៅ​លើ​ផែនដី » (  នីហ្វៃទី1 1:14 ) ។ ជំពូក​ក្រោយ​ទៀត​បាន​ប្រកាស​ថា « ទ្រង់​បាន​ប្រទាន [ សេចក្ដី​សង្គ្រោះ​ទ្រង់ ] ដោយ​ឥត​យក​ថ្លៃ​ដល់​មនុស្ស​លោក​ទាំងអស់ » ហើយ​ថា « មនុស្ស​លោក​ទាំង​អស់​បាន​ទទួល​ឯកសិទ្ធិ​ដូចៗ​គ្នា ហើយ​គ្មាន​អ្នកណា​ម្នាក់​ត្រូវ​បាន​ហាម​ប្រាម​ឡើយ » (  នីហ្វៃទី2 26:27--28 ) ។ ដូច្នេះ ព្រះគម្ពីរ​បង្រៀន​ថា យើង​ត្រូវ​មាន​ចិត្ត​មេត្តា ( ក្តី​ស្រឡាញ់ ) និង​ក្ដីសប្បុរស​ដល់​មនុស្ស​គ្រប់រូប ( សូម​មើល  ថែស្សាឡូនីច​ទី1 3:12 យ៉ូហាន​ទី1 3:17គ. និង ស. 121:45 ) ។

IV.

យើង​ក៏​ត្រូវ​គោរព​ដល់​ជំនឿ​សាសនា​​មនុស្ស​គ្រប់រូប​ដែរ ​សូម្បីតែជន​មិន​ជឿព្រះ​ដែល​កំពុង​មាន​ចំនួន​កើនឡើងក្ដី ។ យើង​ដឹង​ថា តាមអំណាច​នៃ​ការជ្រើសរើស ​ដែល​ព្រះប្រទាន​ឲ្យ មាន​មនុស្ស​ជាច្រើន​នឹង​កាន់​ជំនឿ​ផ្ទុយ​ពី​យើង តែ​យើងសង្ឃឹមថា​មនុស្ស​ដទៃ​នឹង​គោរព​​ចំពោះជំនឿ​សាសនា​យើងដូច​គ្នា​​ដែរ ហើយ​យល់​ថា ជំនឿយើង​ ធ្វើ​ឲ្យ​យើងមាន​ជម្រើស និង​ឥរិយាបថ​ផ្សេង​ពី​ពួកគេ ។ ឧទាហរណ៍ យើង​ជឿ​ថា ​ផ្នែក​សំខាន់​មួយ​ក្នុង​ផែនការ​សង្គ្រោះ​​ទ្រង់ ព្រះ​បាន​បង្កើតបទដ្ឋាន​អស់កល្ប​មួយ ដែល​ទំនាក់ទំនង​ផ្លូវភេទ​គួរ​កើត​ឡើង​តែ​រវាង​បុរស​ស្ត្រី​ម្នាក់​ដែល​បាន​រៀបការ​ប៉ុណ្ណោះ ។

អំណាច​បង្កើត​ជីវិត ជា​អំណាច​ដ៏​ធំ​បំផុត​ដែល​ព្រះ​បាន​ប្រទាន​ដល់​កូនចៅ ទ្រង់ ។ ការ​ប្រើ​វា​ត្រូវ​បាន​ណែនាំ​ក្នុង​បញ្ញត្តិ​ទីមួយ​របស់​ព្រះ​ដល់​អ័ដាម និង​អេវ៉ា ( សូម​មើល លោកុប្បត្តិ 1:28 ) តែ​បញ្ញត្តិ​សំខាន់​ផ្សេង​ទៀត​ត្រូវបាន​ប្រទាន​ឲ្យ​ដើម្បី​ហាម​ឃាត់​ដល់​ការ​ប្រើ​វា​ខុស ( សូម​មើល និក្ខមនំ 20:14 ថែស្សាឡនីចទី1 4:3 ) ។ តាម​ការ​យល់ដឹង​យើង ការ​បញ្ជាក់​ដែល​យើង​មាន​ក្នុង​ច្បាប់​ព្រហ្មចារីភាព ត្រូវ​បាន​ពន្យល់​ពី​បំណង​នៃ​អំណាច​បង្កើត​កូន​ដើម្បី​សម្រេច​ផែនការ​ព្រះ ។ ចំណង​រវាង​បុរស​ស្ត្រី​ក្រៅ​អាពាហ៍ពិពាហ៍ ទោះ​ក្នុង​កម្រិត​ណា​ក្ដី គឺ​ជា​អំពើ​បាប និង​ផ្ទុយ​ពី​ផែនការ​នៃ​ភាព​តម្កើង​ឡើង​ដល់​កូនចៅ​ទ្រង់ ។

សារៈសំខាន់​ដែល​យើង​ភ្ជាប់​នឹង​ច្បាប់ព្រហ្មចារីភាព បាន​ពន្យល់​ពី​ការ​តាំងចិត្ត​យើង​ចំពោះគំរូ​នៃ​ការរៀបការ​ដែល​រៀបចំឡើងជាមួយ​អ័ដាម និង​អេវ៉ា ហើយ​បាន​បន្តមក​ជា​ច្រើន​សម័យកាល ជា​គំរូ​របស់​ព្រះពី​ទំនាក់ទំនងនៃការ​បង្កើត​ជីវិត​រវាងបុត្រាបុត្រីទ្រង់ និង​​ការ​ចិញ្ចឹមបីបាច់​កូនចៅ​ទ្រង់ ។ ជាសំណាង​ល្អ មានមនុស្ស​ជាច្រើនបាន​ចូលរួមនឹង​សាសនា និង​អង្គការ​ផ្សេងទៀត ឯកភាព​នឹង​យើង​លើ​ធម្មជាតិ និង​សារៈសំខាន់​នៃ​ការ​រៀបការ អ្នក​ខ្លះ​ឯកភាព​លើ​មូលដ្ឋាន​គោលលទ្ធិ​សាសនា ហើយ​ផ្សេងទៀត​លើ​មូលដ្ឋាន​នៃ​អ្វីដែល​ពួកគេជឿ​ថា​ល្អដល់សង្គម ។

ចំណេះ​ដឹង​យើង​ពី​ផែនការ​ព្រះ​សម្រាប់​កូនចៅ​ទ្រង់7 ពន្យល់​ពី​ហេតុផល​ដែល​យើង​ព្រួយ​ថា កុមារ​កាន់តែ​ច្រើន​បាន​កើត​ដោយ​ឪពុកម្ដាយ​មិន​បាន​រៀបការ --- ថ្មីៗ​មាន 41 ភាគ​រយ នៃ​កំណើត​ក្នុង​សហរដ្ឋ​អាមេរិក8 -- ហើយ​ថាចំនួនអ្នក​រួមរស់​នឹង​គ្នា​ដោយ​មិន​​​រៀបការ​ មាន​កំណើន​យ៉ាង​ខ្លាំង​នៅ​ពាក់​កណ្ដាល​សតវត្សរ៍​នេះ ។ ប្រាំ​ទសវត្សរ៍​មុន ភាគរយ​នៃ​ការរួមរស់​នឹង​គ្នា​ដោយ​មិន​រៀបការ​មាន​តិច​បំផុត ។ ឥឡូវ វា​កើន​ឡើង​ដល់​ទៅ 60 ភាគរយ ។9 ហើយ​រឿង​នេះ​ត្រូវ​ក្មេង​ជំទង់​ទទួល​យក​យ៉ាង​ខ្លាំង ជា​ពិសេស ។ ទន្និន័យ​ស្ទង់​មតិ​ថ្មីៗ​នេះ​បាន​រកឃើញ​ថា ប្រមាណ​ជា​ 50 ភាគរយ​នៃ​ក្មេង​ជំទង់​បាន​ថ្លែង​ថា ការ​មាន​កូន​ដោយ​មិន​រៀបការ គឺជា « ជីវិត​មួយ​ដ៏​មាន​តម្លៃ » ទៅ​វិញ ។10

V.

មាន​សម្ពាធ​នយោបាយ និង​សង្គម​ជាច្រើន​ក្នុង​ការ​ផ្លាស់ប្ដូរ​ច្បាប់ និង​គោលនយោបាយ ដើម្បី​បង្កើត​ឥរិយាបថ​ផ្ទុយ​ពី​ច្បាប់​ព្រះ ស្ដីពីសីលធម៌​ផ្លូវភេទ និង​ធម្មជាតិ និង​បំណង​អស់កល្ប​នៃ​ការ​រៀបការ និង​ការ​មាន​កូន ។ សម្ពាធ​ទាំងនេះបាន​អនុញ្ញត​រួចហើយ​ គឺ​ការ​រៀបការ​ភេទដូចគ្នា​នៅសហ​រដ្ឋ និង​ប្រទេស​មួយ​ចំនួន ។ សម្ពាធ​ផ្សេងទៀត​បាន​បំភ័ន្ត ភេទខុសគ្នា​រវាង​បុរសស្ត្រី​ ដែល​វា​ចាំបាច់​ដើម្បី​សម្រេច​ផែនការ​សុភមង្គល​មហិមា​របស់​ព្រះ ។

ការ​យល់ដឹង​យើង​ពី​ផែនការ​ព្រះ និង​គោលលទ្ធិទ្រង់ ផ្ដល់​ទស្សនៈវិស័យ​អស់កល្ប​មួយ​ដល់​យើង ដែល​មិន​ឲ្យ​យើងបណ្ដោយតាម​​​ឥរិយាបថបែបនេះ ឬ​រក​ខុសត្រូវ​ចំពោះ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មាន​​បញ្ហា​នេះទេ ។ ហើយ​ដោយ​យើង​ខុសពី​អង្គការ​ផ្សេងទៀត​ដែល​អាច​កែប្រែ​គោលនយោបាយ រួម​ទាំង​គោលលទ្ធិ​ខ្លួន ​នោះ​គោលនយោបាយ​យើងត្រូវបាន​កំណត់​ដោយ​សេចក្ដីពិត​ដែល​ព្រះ​បានប្រាប់​ ពុំ​អាច​ផ្លាស់ប្ដូរ​បានឡើយ ។

មាត្រា​នៃ​សេចក្ដី​ជំនឿ​យើង ខ-ទី​ដប់​ពីរ​ចែង​ថា ជំនឿ​យើង​គឺ​ធ្វើ​តាម​ច្បាប់ និង « ការ​គោរព​ប្រតិបត្តិ និង​ការ​គាំទ្រ​ច្បាប់ » ។ តែ​ច្បាប់​មនុស្ស​មិន​អាច​ធ្វើ​ឲ្យ​អ្វី​ដែល​ព្រះ​បាន​ប្រកាស​ថា អាក្រក់​ទៅ​ជា​ល្អ​បាន​ឡើយ ។ ការ​តាំងចិត្ត​ចំពោះ​អាទិភាព​​ខ្ពស់​បំផុត​របស់​យើង --- ដើម្បី​ស្រឡាញ់ ហើយ​បម្រើ​ព្រះ --- តម្រូវ​ឲ្យ​យើង​ពឹងផ្អែក​លើ​ក្រឹត្យ​វិន័យ​ទ្រង់​សម្រាប់​បទដ្ឋាន​នៃ​ឥរិយាបថ​យើង ។ ឧទាហរណ៍ យើង​ស្ថិត​នៅ​ក្រោម​បញ្ញត្តិ​ព្រះ មិន​ឲ្យ​ធ្វើ​អំពើ​ផឹត​ក្បត់ ឬ​រួម​រស់​នឹង​គ្នា​ដោយ​មិន​រៀបការ ទោះ​ជា​ទង្វើរ​នោះពុំ រំលោភ​ច្បាប់​រដ្ឋ ឬ​ប្រទេស​ដែល​យើង​រស់​នៅ​ក្ដី។ ដូចគ្នា​ដែរ ច្បាប់​អនុញ្ញាត​ឲ្យ​មាន « ការរៀបការ​ភេទ​ដូច​គ្នា » មិន​បាន​កែប្រែ​ក្រឹត្យ​វិន័យ​ព្រះ​ស្ដី​ពី​ការ​រៀបការ ឬ​បញ្ញត្តិទ្រង់ និង​បទដ្ឋាន​យើង​ដែល​ទាក់ទង​នឹង​បញ្ហា​នេះ​ឡើយ ។ យើង​បន្ត​ស្ថិត​នៅ​ក្រោម​សេចក្ដី​សញ្ញា ស្រឡាញ់​ព្រះ ហើយ​កាន់​តាម​បញ្ញត្តិ​ទ្រង់ និង​ដើម្បី​ចៀសវាង​ពីការ​បម្រើ​ព្រះ និង​អាទិភាព​ផ្សេង​ទៀត --- សូម្បី​តែ​ចំពោះ​ជន​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ជំនាន់​យើង​ក្ដី ។

ក្នុង​ការ​តាំងចិត្ត​នេះ យើង​អាច​ត្រូវ​គេ​​យល់ខុស ហើយរងការ​ចោទប្រកាន់ពីការ​ជឿ​ហួសហេតុ ទទួល​ការ​រើសអើង ឬ​ត្រូ​វទ្រាំទ្រនូវ​ការ​វាយប្រហារ ស្ដីពី​សេរីភាព​សាសនា​របស់​យើង ។ បើ​ដូច្នេះ ខ្ញុំ​គិត​ថា យើង​គួរ​ចាំពី​អាទិភាពទី​មួយ​របស់​យើង---គឺ​បម្រើ​ព្រះ--- ហើយ​ដូចជា​ពួក​អ្នកត្រួសត្រាយ​ផ្លូវ​ពី​មុន​ ​ដែរ យើង​ត្រូវ​ស៊ូទ្រាំ​ក្នុង​ការ​សាកល្បង ដែលមាន​​កម្លាំង​ដូចគ្នានឹង​ពួកគាត់ ។

មាន​ការ​បង្រៀន​មួយ​របស់​ប្រធាន ថូម៉ាស  អេស ម៉នសុន បាន​អនុវត្ត​នឹង​ស្ថានភាព​នេះ ។ ក្នុង​សន្និសីទ​នេះ​កាលពី 27 ឆ្នាំ​មុន លោក​បាន​ប្រកាស​យ៉ាង​មុតមាំ​ថា ៖ « ចូរ​យើង​ក្លាហាន​ដើម្បី​ប្រឆាំង​នឹង​មតិ​ទូទៅ ក្លាហាន​ការពារ​គោលការណ៍ ។ ចូរ​ក្លាហាន កុំ​ចុះញ៉ម ដើម្បី​នាំ​ភាពញញឹម​ដល់​បញ្ញត្តិ​ព្រះ ។ ភាព​ក្លាហាន​ក្លាយ​ជា​ការ​រស់នៅ ដែល​នាំ​ទៅ​រក​គុណធម៌ ពេល​វាត្រូវបាន​គេ​គិតថា​មិន​មែន​គ្រាន់​តែ​ជា​ការ​សុខចិត្ត​ស្លាប់​ដោយ​កិត្តិយស​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​តាំងចិត្ត​រស់​នៅ​ដោយ​ត្រឹមត្រូវ​ផង​ដែរ ។ មនុស្ស​ម្នាក់​ទន់ខ្សោយ​ខាង​សីលធម៌ ជា​ជន​ដែល​ខ្លាច​ធ្វើ​អ្វី​ដែល​គាត់​គិត​ថា​ត្រឹមត្រូវ ដោយ​សារ​ខ្លាច​អ្នកដទៃ​រិះគន់ ហើយ​សើច​ចំអក ។ សូម​ចាំ​ថា មនុស្ស​គ្រប់រូប​មាន​ការ​ភ័យ​ខ្លាច​ផ្ទាល់ខ្លួន តែ​ជន​ដែល​ទ្រាំទ្រ​នឹង​ការ​ភ័យ​ខ្លាច​ខ្លួន​ដោយ​កិត្តិយស ក៏​មាន​ភាព​ក្លាហាន​ដែរ » ។11

ខ្ញុំ​អធិស្ឋាន​ថា យើង​នឹង​មិន​បណ្តោយ​ឲ្យ​ឧបសគ្គ​បណ្ដោះអាសន្ន​នៃ​ជីវិត​រមែងស្លាប់ ធ្វើ​ឲ្យ​យើង​ភ្លេច​នូវ​បញ្ញត្តិ និង​អាទិភាព ដែល​ព្រះ​បង្កបង្កើត និង​ព្រះអង្គ​សង្គ្រោះ​យើង​បាន​ប្រទាន​ឲ្យ​ទេ ។ យើង​មិន​ត្រូវ​ដាក់​ចិត្ត​លើ​រឿង​លោកិយ និង​ចង់បាន​ការ​គោរព​ពី​មនុស្ស​ហួសហេតុ​ពេក ( គ. និង ស. 121:35 ) រហូត​ធ្វើ​ឲ្យ​យើង​ឈប់​ព្យាយាម​ទទួល​ជោគ​វាសនា​អស់​កល្ប​យើង​ឡើយ ។ យើង​ដែល​ដឹង​ពី​ផែនការ​ព្រះ សម្រាប់​កូនចៅ​ទ្រង់ --- យើង​ដែល​បាន​ធ្វើ​សេចក្ដី​សញ្ញា​ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​នេះ --- មាន​ទំនួល​ខុសត្រូវ​មួយ​យ៉ាង​ច្បាស់ ។ យើង​មិន​ត្រូវ​ងាក​ចេញ​បំណង​ដ៏​សំខាន់​របស់​យើង ដើម្បី​បាន​ជីវិត​អស់​កល្ប។ 12យើង​ពុំ​ត្រូវធ្វើ​ឲ្យ​​អាទិភាពទីមួយ​---ដើម្បី​គ្មាន​ព្រះ​ឯ​ណា​ទៀត ហើយ​មិន​បម្រើ​អាទិភាព​ណា​ទៀត​ពី​មុន​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។

សូមឲ្យ​ព្រះ​ជួយ​យើង​យល់​ពី​អាទិភាព​នេះ ហើយ​ឲ្យ​អ្នក​ដទៃ​ទៀត​យល់ ពេល​យើង​ខំស្វែងរក​តាម​របៀប​ឈ្លាស​វៃ និង​ដោយ​ក្ដីស្រឡាញ់ ខ្ញុំ​អធិស្ឋាន​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. សូម​មើល ឧទាហរណ៍ គោលលទ្ធិ និង សេចក្ដីសញ្ញា 124:84 ។

  2. សូមមើល ចយស៍  អេ ម៉ាទិន និង មនុស្ស​ដទៃ​ទៀត « Births: Final Data for 2011 » National Vital Statistics Reports វ៉ុល 62 ល.រ. 1 (  ថ្ងៃ​ទី 28 ខែ មិថុនា ឆ្នាំ 2013 ) ទំព័រ 4, Gloria Goodale « Behind a Looming Baby Bust » Christian Science Monitor Weekly ថ្ងៃ​ទី 4 ខែ កុម្ភៈ ឆ្នាំ 2013 ទំព័រ 21, 23 ។

  3. សូមមើល Population Reference Bureau « 2012 World Population Data Sheet » www.prb.org/Publications/Datasheets/2012/world-population-data-sheet/data-sheet.aspx ។

  4. សូមមើល D’Vera Cohn and others « Barely Half of U.S. Adults Are Married—a Record Low » Pew Research Center, Social and Demographic Trends  ថ្ងៃ ទី 14 ខែ ធ្នូ ឆ្នាំ 2011 មាន​នៅ www.pewsocialtrends.org/2011/12/14/barely-half-of-u-s-adults-are-married-a-record-low «Rash Retreat from Marriage» Christian Science Monitor  ថ្ងៃ​ទី 2 និង  ទី 9 ខែ មករា ឆ្នាំ 2012 ទំព័រ 34 ។

  5. U.S. Census Bureau, «Estimated Median Age at First Marriage, by Sex: 1890 to the Present» មាន​នៅ www.census.gov/population/socdemo/hh-fam/ms2.xls ។

  6. សូម​មើល ដាល្លិន  អេក អូក «All Men Everywhere » EnsignLiahona ខែ ឧសភា ឆ្នាំ 2006 ទំព័រ 77–80 ។

  7. សូម​មើល ដាល្លិន  អេក អូក « The Great Plan of Happiness» Ensign ខែ វិច្ឆិកា ឆ្នាំ 1993 ទំព័រ 72–75 ។

  8. សូម​មើល ម៉ាទិន «Births: Final Data for 2011» ទំព័រ 4 ។

  9. សូមមើល The State of Our Unions: Marriage in America 2012 ( ឆ្នាំ 2012 ) ទំព័រ 76 ។

  10. សូមមើល The State of Our Unions ទំព័រ 101, 102 ។

  11. ថូម៉ាស  អេស ម៉នសុន « Courage Counts » Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 41 ។

  12. សូម​មើល ដាល្លិន  អេក អូក « Desire » Ensign Liahona ខែ ឧសភា ឆ្នាំ 2011 ទំព័រ 42–45 ។