ឆ្នាំ ២០១០-២០១៩
កម្លាំង​ផ្ទាល់​ខ្លួន តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ
តុលា 2013


កម្លាំង​ផ្ទាល់​ខ្លួន តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ យើង​ម្នាក់ៗ​អាច​បាន​ស្អាត ហើយ​បន្ទុក​នៃ​ការ​បះបោរ​របស់ យើង នឹង​ត្រូវ​បាន​លើក​ឡើង ។

ថ្មីៗនេះ ខ្ញុំ​មានពរ​ណាស់​ដែល​បាន​ជួប​នឹង​ក្រុម​យុវវ័យ​ដ៏​អស្ចារ្យ​មក​ពី រដ្ឋ អៃដាហូ ។ យុវនារី​ប្រកប​ដោយ​គុណធម៌​ម្នាក់​បាន​សួរ​ខ្ញុំថា តើ​ខ្ញុំ​គិត​ថា​អ្វី​ដែល​សំខាន់​បំផុត ដែល​ពួកគេ​គួរ​ធ្វើ​ក្នុង​ជីវិត​នា​ពេល​នេះ ។ ខ្ញុំ​ឲ្យ​យោបល់​ពួកគេ​ឲ្យ​រៀន​ទទួល​ស្គាល់​អំណាច​នៃ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុង​ជីវិត​ពួកគេ ។ ថ្ងៃ​នេះ ខ្ញុំ​ពន្យល់​អំពី​ទិដ្ឋភាព​មួយ​នៃ​អំណាច​នោះ គឺ​កម្លាំង​ផ្ទាល់​ខ្លួន ដែល​យើង​អាច​ទទួល​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ក្នុង​គម្ពីរ​មរមន យើង​អាន​អំពី ការបង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​របស់ អាំម៉ូន និង​បងប្អូន​ប្រុស​គាត់ ដល់​ប្រជាជន​មួយ​ដែល « ព្រៃផ្សៃ រឹងរូស និង​សាហាវ » ។1 ប្រជាជន​ជាច្រើន​បាន​ផ្លាស់ប្រែចិត្ត​ជឿ ហើយបាន​ជ្រើសរើស​បោះបង់​អាកប្បកិរិយា​បាប​របស់​គេចោល ។ ការ​ផ្លាស់​ប្រែចិត្ត​ជឿ​របស់​ពួកគេ គឺទាំងស្រុង ដែល​ពួកគេ​បាន​កប់​អាវុធ​ចោល ហើយចុះ​សេចក្ដី​សញ្ញា​នឹង​ព្រះ​ថា ពួកគេ​នឹង​មិន​យក​វា​មក​ប្រើ​ទៀត​ឡើយ ។2

ក្រោយមក បងប្អូន​ពួកគេ​ជាច្រើន​ដែល​ពុំ​ផ្លាស់ប្រែ​ចិត្ត​ជឿ​បាន​មក​ដល់ ហើយ​សម្លាប់​ពួកគេ ។ ឥឡូវ​មនុស្ស​ស្មោះត្រង់ ជ្រើសរើស​ចុះចាញ់​ក្រោម​ផ្លែ​ដាវ ជាជាង​ប្រថុយ​ជីវិត​ខាង​វិញ្ញាណ​ពួកគេ​ ដោយ​ការ​លើក​ដៃ​ច្បាំង​តបត ។ គំរូ​សុចរិត​របស់ពួកគេ បានជួយ​មនុស្ស​កាន់តែ​ច្រើន​ផ្លាស់ប្រែ​ចិត្ត ហើយ​ដាក់​អាវុធ​នៃ​ការ​បះបោរ​របស់ពួកគេ​ចុះ ។3

តាមរយៈ អាំម៉ូន ព្រះ​បាន​ដឹកនាំ​ពួកគេ​ឲ្យ​មាន​ជម្រក​នៅក្នុង​ចំណោម​សាសន៍​នីហ្វៃ ហើយ​ពួកគេ​ក្លាយជា​ប្រជាជន​អាំម៉ូន ។4 សាសន៍​នីហ្វៃ​បាន​ការពារ​ពួកគេ​អស់​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​ទីបំផុត ទ័ព​សាសន៍​នីហ្វៃ​បាន​ស្រុត​ចុះ ហើយ​ត្រូវ​ការ​ទ័ព​ជំនួយ​យ៉ាង​ខ្លាំង ។5

ប្រជាជន​អាំម៉ូន ស្ថិត​ក្នុង​គ្រា​គ្រោះ​ថ្នាក់​នៃ​ជីវិត​ខាង​វិញ្ញាណ​ពួកគេ ។ ពួក​គេ​ស្មោះ​ត្រង់​ចំពោះ​សេចក្ដី​សញ្ញា ថា​មិន​លើក​ដៃ​ច្បាំង​ត​ឡើយ ។ ប៉ុន្តែ​ពួកគេ​យល់​ថា ឪពុក​មាន​ទំនួល​ខុសត្រូវ​ផ្ដល់​ការ​ការពារ​ដល់​គ្រួសារ ។6 តម្រូវការ​នោះ ហាក់​ដូចជា​ធំ​ល្មម ដើម្បី​គិត​ថា​នឹង​បំបាក់​សេចក្ដី​សញ្ញា​ពួកគេ ។7

អ្នក​ដឹកនាំ​បព្វជិតភាព​ឈ្លាស​វៃ​របស់​ពួកគេ​គឺ ហេលេមិន បាន​ដឹង​ថា ការ​បំបាក់​សេចក្ដី​សញ្ញា​នឹង​ព្រះ ពុំ​ត្រឹមត្រូវ​ឡើយ ។ គាត់​បាន​ផ្ដល់​នូវ​ជម្រើស​បំផុស​គំនិត​មួយ​ផ្សេង ។ គាត់​បាន​រំឭក​គេ​ថា កូនប្រុសៗ​ពួកគេ​ពុំ​ធ្លាប់​មាន​កំហុស​នៃ​អំពើ​បាប​ដូច​គ្នា​នេះ​ឡើយ ហេតុដូច្នោះ​ពុំ​ចាំបាច់​ធ្វើ​សេចក្ដី​សញ្ញា​ដូច​គ្នា​នេះ​ទេ ។8 ទោះ​ជា​កូនៗ​ពួកគេ​នៅ​ក្មេង ពួកគេ​មាន​រូបកាយ​រឹងមាំ ហើយ​សំខាន់​ជាង​នោះ ពួកគេ​ប្រកប​ដោយគុណធម៌ និង​បរិសុទ្ធ ។ កូន​ប្រុសៗទាំង​នោះ ត្រូវ​បាន​ការពារ​ដោយ​ជំនឿ​របស់​ម្ដាយ​ពួកគេ ។9 ក្រោម​ការ​ដឹកនាំ​របស់​ព្យាការី ដែល​ជា​អ្នក​ដឹកនាំ​ពួកគេ នោះ​យុវជន​ទាំងនេះ​បាន​ជំនួស​តួនាទី​ឪពុក​ ទៅ​ការពារ​គ្រួសារ និង​ផ្ទះ​របស់​ពួកគេ ។10

ព្រឹត្តការណ៍​ជុំវិញ​ការសម្រេច​ចិត្ត​សំខាន់​នេះ បង្ហាញ​ពី​របៀប​ដែល​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ បាន​នាំ​កម្លាំង​ផ្ទាល់ខ្លួន​ដល់​ជីវិត​នៃ​កូនចៅ​របស់​ព្រះ ។ ចូរ​ពិចារណា​អំពី​អារម្មណ៍​ទន់ភ្លន់​នៃ​ឪពុក​ទាំង​នោះ ។ តើ​ពួកគេ​ច្បាស់​ជា​ដឹង​ថា ទង្វើ​បះបោរ​ពី​អតីតកាល​ពួកគេ បាន​រារាំង​គេ​មិនឲ្យ​ការពារ​ដល់​ភរិយា និងកូនៗ នៅ​គ្រា​ចាំបាច់​នោះ​យ៉ាង​ដូចម្ដេច​ទៅ ? ដោយ​ដឹង​ផ្ទាល់​អំពី​ស្ថានភាព​ក្នុង​សង្គ្រាម​ដែល​កូនប្រុសៗ​ពួកគេ​នឹង​ជួប​ប្រទះ នោះ​ពួកគេ​ច្បាស់​ជា​ពួន​យំ​ដោយ​សម្ងាត់​ហើយ ។ ឪពុក គឺ​ត្រូវ​ការពារ​ដល់​គ្រួសារ​ពួកគេ ពុំ​មែន​កូនៗ​នោះ​ទេ !11 ទុក្ខ​សោក​របស់​ពួកគេ ច្បាស់​ជា​មាន​កម្រិត​ខ្លាំង ។

ហេតុអ្វី​បាន​ជា​អ្នកដឹកនាំ​បព្វជិតភាព​ដ៏​បំផុស​គំនិត​របស់​ពួកគេ ខ្លាច​ថា​ការ​គិត​ចង់​លើក​អាវុធ​របស់​ពួកគេ « ក្រែង … ពួកគេ​នឹង​បាត់បង់​ព្រលឹង​របស់​គេ​ទៅ​ដូច្នេះ » ?12 ព្រះអម្ចាស់​បាន​ប្រកាស​ថា « មើល​ចុះ អ្នក​ណា​ដែល​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​ខ្លួន អ្នក​នោះ​ឈ្មោះ​ថា បាន​អត់​ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះអម្ចាស់ មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ »។13 ឪពុក​ស្មោះ​ត្រង់​ទាំង​នេះ បាន​ប្រែចិត្ត​ពី​អំពើ​បាប​ពួកគេ ហើយ​បាន​ស្អាត​តាម​រយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជា​យូរ​មក​ហើយ ចុះ​ហេតុអ្វី​បាន​ជា​ពួកគេ​ប្រឹក្សា​មិន​ឲ្យ​ការពារ​គ្រួសារ​ពួកគេ​ដូច្នេះ ?

វា​គឺ​ជា​សេចក្ដី​ពិត​មូលដ្ឋាន​មួយ​ថា តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ គ្រីស្ទ យើង​អាច​ត្រូវ​បាន​ជ្រះស្អាត ។ យើង​អាច​បាន​ប្រកប​ដោយ​គុណធម៌ និង​បរិសុទ្ធ ។ ទោះជា​យ៉ាងណា ពេល​ខ្លះ ការ​សម្រេច​ចិត្ត​មិន​ល្អ​របស់​យើង បន្សល់​ទុក​នូវ​ផលវិបាក​រយៈពេល​យូរ ។ ជំហាន​ដ៏​សំខាន់​មួយ ដើម្បី​ប្រែចិត្ត​ទាំងស្រុង គឺ​ត្រូវ​រែកពន់​នូវ​ផលវិបាក​រយៈពេល​ខ្លី និង​រយៈពេល​វែង​នៃ​អំពើបាប​ពី​អតីតកាល​របស់​យើង ។ ជម្រើស​ពី​អតីតកាល​របស់ពួកគេ បាន​បង្ហាញឲ្យ​ឃើញ​ពី​ពួក​ឪពុក​សាសន៍​អាំម៉ូន​ទាំងនេះ​នូវ​បំណង​ខាង​លោកិយ ដែល​អាច​ក្លាយជា​ចំនុច​ខ្សោយ ដែល​សាតាំង​នឹង​ប៉ង​ចង់​ប្រើ​ប្រាស់​ពួកគេ​ម្ដងទៀត ។

សាតាំង​នឹង​ព្យាយាម​ដើម្បី​ប្រើ​ការ​ចងចាំ​របស់​យើង​អំពី​កំហុស​កាល​ពីមុន​ណា​មួយ ដើម្បី​ល្បួង​យើង​ត្រឡប់​ទៅ​រក​ឥទ្ធិពល​វា​វិញ ។ យើង​ត្រូវ​តែ​ប្រយ័ត្ន​ជានិច្ច​ដើម្បី​ចៀសវាង​ពី​ការល្បួង​របស់​វា ។ រឿង​នេះ​ជា​ករណី​នៃ​ពួក​ឪពុក​សាសន៍​អាំម៉ូន​ដ៏​ស្មោះ​ត្រង់ ។ ទោះ​ជា​រស់​នៅ​ដោយ​ស្មោះត្រង់​អស់​ជា​ច្រើន​ឆ្នាំ​ក្ដី ក៏​វា​ជា​បង្គាប់​ដល់​ពួកគេ​ឲ្យ​ការពារ​ខ្លួន​ខាង​វិញ្ញាណ ពី​ការ​ទាក់ទាញ​នៃ​ការចងចាំ​អំពើ​បាប​ពី​អតីតកាល ។

នៅ​ចន្លោះ​ចម្បាំង​ជាច្រើន មេទ័ព​មរ៉ូណៃ បាន​ដឹកនាំ​ឲ្យ​ការពារ​ទីក្រុង​ដែល​ខ្សោយ​ជាង​គេ ។ « លោក​បាន​បញ្ជា​ឲ្យ​ពួកគេ​ស្ថាបនា​របង ដែលធ្វើ​ពី​ដើម​ឈើ​នៅលើ​មាត់​រណ្ដៅ​ផ្នែក​ខាង​ក្នុង ហើយ​ពួកគេ​បាន​ជីក​ដី​ក្នុង​រណ្ដៅ​មក​ទប់​នឹង​របង ដែល​ធ្វើ​ពី​ឈើ​នោះ … រហូត​ដល់​ពួកគេ​បាន​ព័ទ្ធ​ជុំ​វិញ​ទីក្រុង … ដោយ​កំផែង​មួយ​ដ៏​មាំ​ ដែល​ធ្វើ​ពី​ឈើ និង​ដី​ដ៏​មាន​កម្ពស់យ៉ាង​ខ្ពស់ » ។14 មេទ័ព​មរ៉ូណៃ​បាន​យល់​អំពី​សារៈសំខាន់​នៃ​ការ​ការពារ​តំបន់​ខ្សោយ ដើម្បី​បង្កើត​កម្លាំង ។15

ឪពុក​សាសន៍​អាំម៉ូន​ទាំង​នេះ គឺ​ស្ទើរតែ​ស្រដៀង​គ្នា ។ ពួកគេ​ត្រូវ​ការទី​ការពារ​ខ្ពស់ៗ និង​ធំ​ទូលាយ រវាង​ជីវិត​ស្មោះត្រង់​របស់ពួកគេ និង​អាកប្បកិរិយា​មិន​សុចរិត​ពី​អតីតកាល​របស់​ពួកគេ ។ កូន​ប្រុសៗ​ពួកគេ ដែល​ទទួល​ពរ​ពី​ទំនៀម​ទំលាប់​សុចរិត គឺ​ពុំ​ទន់​ខ្សោយចំពោះ​ការ​ល្បួង​ដូចគ្នា​នោះ​ទេ ។ ពួកគេ​អាច​ការពារ​គ្រួសារ​គេ​ដោយ​ស្មោះត្រង់​ ដោយ​ពុំ​បន្ទាប​បទដ្ឋាន​រស់នៅ​ខាង​វិញ្ញាណ​របស់​ពួកគេ ។

ដំណឹង​ដ៏​អំណរ​សម្រាប់​មនុស្ស​គ្រប់រូប ដែល​មាន​បំណង​ចង់​ជម្រះ​ពី​ផលវិបាក​នៃ​ការជ្រើស​រើស​មិន​ល្អនៅ​អតីតកាល គឺ​ថា​ព្រះ​អម្ចាស់​ទត​លើ​ភាព​ទន់​ខ្សោយ​ខុស​ផ្សេង​ពី​ការ​បះបោរ ។​ ដូច្នេះ ព្រះ​ព្រមាន​ថា ការបះបោរ​ដែល​មិន​ប្រែចិត្ត នឹង​នាំ​មកនូវ​ការ​ដាក់ទោស ។16 ពេល​ព្រះ​មាន​បន្ទូល​អំពី​ភាព​ទន់ខ្សោយ នោះ​តែងតែ​មាន​ក្ដី​មេត្តាករុណា ។17

ពិត​ណាស់ មានក្ដី​មេត្តា​ខ្លះៗ ដែល​ពួក​ឪពុក​សាសន៍​អាំម៉ូន ត្រូវ​បាន​បង្រៀន​អំពី​ទំនៀមទំលាប់​ខុស​ឆ្គង​នៃ​ឪពុក​ម្ដាយ​ពួកគេ ប៉ុន្តែ​កូន​ចៅ​របស់​ព្រះបិតាសួគ៌​ទាំងអស់​ មក​ក្នុង​ជីវិត​រមែង​ស្លាប់​ដោយ​មាន​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។ មិន​ថា​បុព្វហេតុ​នៃ​ទង្វើ​ប្រកប​ដោយ​អំពើ​បាប​របស់​ពួកគេ​យ៉ាង​ណា​ទេ លទ្ធផល គឺ​ជា​ការ​កើត​មក​ពី​ភាព​ទន់ខ្សោយ​ខាង​វិញ្ញាណ ដែល​សាតាំង​ចង់​បើក​កកាយ​រក ។

ជា​កុសល​ ពួកគេ​ត្រូវ​បាន​បង្រៀន​ដំណឹង​ល្អ បាន​ប្រែចិត្ត ហើយ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ បាន​ប្រែ​ជា​រឹងមាំ​ខាង​វិញ្ញាណ​ខ្លាំង​ជាង​ការល្បួង​របស់​សាតាំង ។ វា​ហាក់​ដូចជា​ពួកគេ​ពុំ​ដឹង​ពី​ការ​ល្បួង ​ដើម្បី​ត្រឡប់​ទៅ​រក​ការ​អាក្រក់​ពួកគេ​ពី​អតីតកាល​សោះ ប៉ុន្តែ​ដោយ​ការ​ធ្វើ​តាម​ព្យាការី-ដែល​អ្នក​ដឹកនាំ​ពួកគេ នោះ​ពួកគេ​ពុំ​ឲ្យ​ឱកាស​ដល់​សាតាំង​ដើម្បី « [ បញ្ឆោត ] ព្រលឹង​ពួកគេ ហើយ [ នាំ ] ពួកគេ​ដោយ​ប្រុងប្រយ័ត្ន​ចុះ​ទៅ​ស្ថាននរក » ។18 ដង្វាយធួន​របស់ព្រះអង្គសង្គ្រោះ ពុំ​គ្រាន់​តែ​សម្អាត​ពួកគេ​ពី​បាប ប៉ុន្តែ​ដោយសារ​ការ​ប្រតិបត្តិ​របស់​ពួកគេ​តាម​ដំបូន្មាន​របស់​អ្នកដឹកនាំ​បព្វជិតភាព​ពួកគេ នោះ​ព្រះអង្គ​សង្គ្រោះ​អាច​ការពារ​ពួកគេ​ពី​ភាព​ទន់ខ្សោយ​ទាំងឡាយ ហើយ​ពង្រឹង​ពួកគេ​វិញ ។​ ការ​តាំងចិត្ត​ដោយ​រាបសារ និង​ពេញ​មួយ​ជីវិត​របស់​ពួកគេ ដើម្បី​បោះបង់​អំពើបាប​ បាន​ការពារ​គ្រួសារ​ពួកគេ​ច្រើន​ជាង​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​នៅ​ក្នុង​សមរភូមិ ។ ការ​ចុះចូល​របស់​ពួកគេ ពុំ​ដក​ហូត​ពរជ័យ​របស់​ពួកគេ​ទេ ។ វា​បាន​ពង្រឹង និង​ប្រទាន​ពរ​ដល់​ពួកគេ និង​ជំនាន់​ជាច្រើន​នា​ពេល​អនាគត ។

នៅ​ចុង​បញ្ចប់​នៃ​រឿង បង្ហាញពី​ក្ដី​មេត្តា​របស់​ព្រះ ដែល​បាន​ធ្វើ​ឲ្យ « អ្វី​ដែល​ទន់​ខ្សោយ ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ » ។19 ឪពុក​ស្មោះត្រង់​ទាំង​នោះ បញ្ជូន​កូន​ប្រុសៗ​ពួកគេ​ទៅ​ក្រោម​ការ​មើល​ថែ​របស់​ហេលេមិន ។ កូនប្រុសៗ​ទាំងឡាយ បាន​ច្បាំង​ក្នុង​សមរភូមិ​ក្ដៅ​ ដែល​ទាំងអស់​គ្នា​បាន​រង​របួស​ខ្លះៗ តែ​គ្មាន​បាត់បង់​ជីវិត​ម្នាក់​ទេ ។20 យុវជន​ទាំងនោះ​បាន​បង្ហាញ​ជា​ការជួយ​ជ្រោម​ជ្រែង​ដ៏​សំខាន់​ចំពោះ​កងទ័ព​នីហ្វៃ​ដែល​ទន់​ខ្សោយ ។ ពួកគេ​ស្មោះត្រង់ ហើយ​រឹងមាំ​ខាង​វិញ្ញាណ​ខ្លាំង​ជាង​ នៅ​ពេល​ពួកគេ​ត្រឡប់​មក​ផ្ទះវិញ ។ គ្រួសារ​ពួកគេ​បាន​ទទួល​ពរ បាន​ការពារ និង​បាន​ពង្រឹង ។21 នៅ​ជំនាន់​យើង មាន​សិស្ស​នៃ​ព្រះគម្ពីរ​មរមន​រាប់​មិន​អស់ ត្រូវ​បាន​ស្អាង​ដោយ​គំរូ​របស់​កូនប្រុស​បរិសុទ្ធ និង​សុចរិត​ទាំងនេះ ។

មាន​ពេល​ខ្លះ​ក្នុង​ជីវិតយើង​ម្នាក់ៗ យើង​បាន​ធ្វើ​ការជ្រើស​រើស​មិន​ល្អ ។ យើង​ស្ថិត​នៅ​ក្នុង​តម្រូវ​ការ​នៃ​អំណាច​ប្រោស​លោះ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ខ្លាំង ។ យើង​ម្នាក់ៗ​ត្រូវ​តែ​ប្រែ​ចិត្ត​ពី​ការ​បះបោរ​ទាំងឡាយ ។ « ត្បិត​យើង​ជា​ព្រះអម្ចាស់ ពុំ​អាច​ទត​មើល​អំពើ​បាប​ សូម្បី​តែ​បន្ដិចបន្ដួច​បាន​ឡើយ » ។22 ទ្រង់​ពុំ​អាច ដោយសារ​ទ្រង់​ដឹង​ថា អ្វី​ត្រូវ​ការ​ធ្វើ ដើម្បី​ប្រែក្លាយ​ឲ្យ​ដូចជា​ទ្រង់ ។

មាន​គ្នា​យើង​ជាច្រើន បាន​អនុញ្ញាត​ឲ្យ​ភាព​ទន់​ខ្សោយ​កើត​មាន​ក្នុង​អត្តចរិក​របស់​យើង ។ តាមរយៈ​ដង្វាយធួន​នៃព្រះយេស៊ូវ​គ្រីស្ទ យើង​ក៏ដូចជា​សាសន៍​អាំម៉ូន អាច​ស្ថាបនា​របង​ខាង​វិញ្ញាណ​រវាង​ខ្លួន​យើង និង​កំហុស​អតីតកាល ដែល​សាតាំង​ចង់​បើក​កកាយ​រក ។ ការការពារ​ខាងវិញ្ញាណ ដែល​ព័ទ្ធជុំវិញ​ឪពុក​ពួក​សាសន៍​អាំម៉ូន បាន​ប្រទាន​ពរ និង​ពង្រឹង​ដល់​ពួកគេ គ្រួសារ​គេ ប្រទេស​គេ និង​ជំនាន់​នាពេល​អនាគត ។ ការណ៍​ដូច​គ្នា​នេះ​ក៏​មាន​ពិត​ ចំពោះ​យើង​ដែរ ។

ដូច្នេះ​តើ​យើង​សង់​របងដ៏​អស់​កល្បជានិច្ច​ទាំង​នេះ​ដោយ​របៀប​ណា ? ជំហាន​ដំបូង​ត្រូវ​តែ​ជា​ការ​ប្រែចិត្ត​ដោយ​ស្មោះ ទាំងស្រុង និង​ពេញលេញ ។ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ យើង​ម្នាក់ៗ​អាច​បាន​ស្អាត ហើយ​បន្ទុក​នៃ​ការ​បះបោរ​របស់យើង នឹង​ត្រូវ​បាន​លើក​ឡើង ។ សូម​ចាំ​ថា ការ​ប្រែចិត្ត​ពុំ​មែន​ជាការ​ដាក់​ទណ្ឌកម្ម​ទេ ។ វា​គឺ​ជា​ផ្លូវ​ដែល​ពេញ​ដោយ​ក្ដី​សង្ឃឹម ដើម្បី​ទៅកាន់​អនាគត​កាន់​តែ​រុងរឿង ។

ព្រះបិតាសួគ៌ បាន​ប្រទាន​ឧបករណ៍​ដល់យើង ដើម្បី​ជួយ​ស្ថាបនា​របង​រវាង​ភាពទន់​ខ្សោយ និង​ភាព​ស្មោះត្រង់​របស់​យើង ។ ចូរ​ពិចារណា​អំពី​យោបល់​ដូច​ខាង​ក្រោម ៖

  • ធ្វើ​សេចក្ដីសញ្ញា ហើយ​ទទួល​ពិធីបរិសុទ្ធ​សម្រាប់​ខ្លួន​អ្នក ។ បន្ទាប់​មក​ធ្វើ​ការ​ដោយ​ខ្ជាប់ខ្ជួន និង​នឹងនរ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជំនួស​ជីដូន​ជីតា​ផ្ទាល់​របស់​អ្នក ។

  • ចែកចាយ​ដំណឹងល្អ​ជាមួយ​សមាជិក​គ្រួសារ​ដែល​មិនសូវសកម្ម ឬអ្នកពុំមែន​ជាសមាជិក ឬមិត្តភក្ដិ ។ ការ​ចែកចាយ​សេចក្ដីពិត​ទាំងនេះ អាចនាំ​មក​នូវ​ភាព​ក្លៀវក្លា​សារជាថ្មី​ក្នុងជីវិត​របស់អ្នក ។

  • បម្រើ​ដោយ​ស្មោះត្រង់​នៅ​គ្រប់ការ​ហៅ​បម្រើ​ក្នុង​សាសនាចក្រ ជា​ពិសេស​ការបង្រៀន​តាមផ្ទះ និង​ការបង្រៀន​សួរសុខទុក្ខ ។ ចូរ​កុំ​ធ្វើ​ជា​គ្រូបង្រៀន​តាមផ្ទះ ឬ​គ្រូ​សួរសុខទុក្ខ​តាម​ផ្ទះ តែ 15 នាទី​ក្នុង​មួយ​ខែ​ឡើយ ។ ប៉ុន្តែ​ចូរ​ឈោង​ទៅជួយ​ដល់​សមាជិក​គ្រួសារ​ម្នាក់ៗ​វិញ ។ ចូរ​ស្គាល់​ពួកគេ​ដោយ​ផ្ទាល់ ។ ធ្វើ​ជា​មិត្ត​ពិត ។ តាមរយៈ​សណ្ដាន​ចិត្ត​ល្អ ចូរ​បង្ហាញ​ដល់​ពួកគេ​ថា​អ្នក​បារម្ភ​ពី​ពួកគេ​ម្នាក់ៗ​ខ្លាំង​ប៉ុណ្ណា ។

  • សំខាន់​បំផុត សូម​បម្រើ​សមាជិក​ក្នុង​គ្រួសារ​អ្នក​ផ្ទាល់ ។ ចូរ​ដាក់​អាទិភាព​ខ្ពស់​ក្នុង​ការអភិវឌ្ឍ​ខាង​វិញ្ញាណនៃ​ស្វាមី ឬ​ភរិយា​អ្នក និង​កូនៗ​របស់​អ្នក ។ ចូរ​យកចិត្ត​ទុកដាក់​ចំពោះ​អ្វីៗ​ដែល​អ្នកអាច​ធ្វើ ដើម្បី​ជួយ​ពួកគេ​ម្នាក់ៗ ។ ចូរផ្ដល់​ពេល​វេលា និង​ការ​យកចិត្ត​ទុកដាក់​របស់​អ្នក​ដោយ​សេរី ។

នៅ​ក្នុង​យោបល់​នីមួយៗ មាន​បាវចនា​ទូទៅ​មួយ​ថា ៖ ចូរ​បំពេញ​ជីវិត​អ្នក​ដោយ​ការ​បម្រើ​ដល់​អ្នក​ដទៃ ។ នៅ​ពេល​អ្នក​បាត់​ជីវិត​ក្នុង​ការ​បម្រើ​ដល់​កូនចៅ​របស់​ព្រះបិតាសួគ៌23 នោះ​ការ​ល្បួង​របស់​សាតាំង​នឹង​បាត់​បង់​អំណាច​ពី​ជីវិត​អ្នក ។

ដោយ​សារ​ព្រះបិតា​សួគ៌​អ្នក ស្រឡាញ់​អ្នក​យ៉ាង​ខ្លាំង នោះ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ធ្វើ​ឲ្យ​មាន​កម្លាំង​ឡើង ។ តើ​នោះ​មិន​អស្ចារ្យ​ទេ​ឬអី ? អ្នក​រាល់គ្នា​ជាច្រើន បាន​ដឹង​ពី​បន្ទុក​នៃ​ការជ្រើសរើស​មិន​ល្អ ហើយ​ខ្លួន​អ្នក​ម្នាក់ៗ​អាច​ដឹង​ពី​អំណាច​លើក​តម្កើង​នៃ​ការអភ័យទោស ព្រះគុណ និង​កម្លាំង​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​បាន​ដឹង ហើយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា វា​មាន​សម្រាប់​ខ្លួន​អ្នក​ម្នាក់ៗ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។