ឆ្នាំ ២០១០-២០១៩
អំណាច​ដែល​មាន​ក្នុង​បព្វជិតភាព
តុលា 2013


អំណាច​ដែល​មាន​ក្នុង​បព្វជិតភាព

បុរស​ម្នាក់​អាច​បើក​រនាំង​ចេញ ឲ្យ​ពន្លឺ​កក់​ក្ដៅ​ចូល​មក​ក្នុង​បន្ទប់ តែ​បុរសនោះ​​ពុំមែន​​ជា​ម្ចាស់​ព្រះ​អាទិត្យ ឬ​ពន្លឺ ឬ​កំដៅ​ដែល​វា​បញ្ចេញមក​​នោះ​ទេ ។

ពរជ័យ​បព្វជិតភាព គឺ​សម្រាប់​មនុស្ស​ទាំង​អស់

កាល​ដែល​កុមារ​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់ បាន​ច្រៀង​បទ « យើង​និយាយ​ដោយ​ស្នេហ៍ » អ្នក​ចូល​រួម​ទាំង​អស់​ញញឹម​ដោយ​សាទរ ។ ម្ដាយ​ក្លាហាន​ម្នាក់​ចិញ្ចឹម​កូន​ប្រាំ​នាក់ ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​វគ្គ​ទី​ពីរ ៖ « ផ្ទះ​របស់​ខ្ញុំ ជា​កន្លែង ដែល​ទទួល​ពរ​ពី [ អំណាច ] បព្វជិតភាព » ។1 គាត់​គិត​ដោយ​ក្រៀម​ក្រំ​ថា « កូនៗ​ខ្ញុំ​ពុំ​ដែល​ស្គាល់​គេហដ្ឋាន​បែប​នោះ​ឡើយ » ។2

សារលិខិត​ខ្ញុំ​ជូន​ចំពោះ​ស្ត្រី​ស្មោះត្រង់​រូប​នេះ និង​មនុស្ស​គ្រប់​គ្នា​ថា យើង​អាច​រស់​គ្រប់​ពេល « ដែល​ទទួល​ពរ​ពី​អំណាច​បព្វជិតភាព » មិន​ថា​កាលៈ​ទេសៈ​ណា​ទេ ។

ពេល​ខ្លះ​យើង​ប្រាស្រ័យ​ច្រើន​នឹង​អំណាច​នៃ​បព្វជិតភាព​ពី​បុរស​ក្នុង​សាសនាចក្រ ។ បព្វជិតភាព គឺ​ជា​អំណាច និង​សិទ្ធិ​ដែល​ព្រះ​ប្រទាន​សម្រាប់​សេចក្ដី​សង្គ្រោះ និង​ពរជ័យ​នៃ​មនុស្ស​ទាំង​ពួង — បុរស ស្ត្រី និង​ក្មេង ។

បុរស​ម្នាក់​អាច​បើក​រនាំង​ចេញ ឲ្យ​ពន្លឺ​កក់​ក្ដៅ​ចូល​មក​ក្នុង​បន្ទប់ តែ​បុរសនោះ ​ពុំមែន​​ជា​ម្ចាស់​ព្រះ​អាទិត្យ ឬ​ពន្លឺ ឬ​កំដៅ​ដែល​វា​បញ្ចេញ​មក​នោះ​ទេ ។ ពរជ័យ​បព្វជិតភាព​មហិមា​​ជាង​បុរស ដែល​ត្រូវ​ហៅ​ឲ្យ​ប្រើ​អំណោយ​ទាន​នេះ ។

ដើម្បី​ទទួល​បាន​ពរជ័យ អំណាច និង​ការសន្យា​នៃ​បព្វជិតភាព​ក្នុង​ជីវិត​នេះ និង​ជីវិត​បន្ទាប់ គឺ​ជា​ឱកាស​អស្ចារ្យ​ និង​ទំនួល​ខុស​ត្រូវ​នៃ​ជីវិត​រមែង​ស្លាប់ ។ ពេល​យើង​សក្តិសម ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​ធ្វើ​ឲ្យ​ជីវិត​ផែនដី​យើង​កាន់តែ​ប្រសើរ និង​រៀប​ចំ​យើង​សម្រាប់​ការសន្យា​រុងរឿង​នៃ​ពិភព​ខាង​មុខ ។ ព្រះ​មាន​បន្ទូល​ថា « នៅ​ក្នុង​ពិធី​បរិសុទ្ធ​ទាំង​ឡាយ … នោះ​អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ » ។3

មាន​ពរជ័យ​ពិសេសៗ​ពី​ព្រះ​សម្រាប់​មនុស្ស​គ្រប់​រូប ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ទទួល​ទាន​សាក្រាម៉ង់​យ៉ាង​ទៀង​ទាត់ ។ ព្រះ​វិហារ​បរិសុទ្ធ​ផ្ដល់​ពន្លឺ និង​កម្លាំង​បន្ថែម ព្រម​ជា​មួយ​ការសន្យា​នៃ​ជីវិត​អស់​កល្ប ។4

ពិធី​បរិសុទ្ធ​ទាំង​អស់ អញ្ជើញ​យើង​ឲ្យ​បង្កើនសេច​​ក្ដី​ជំនឿ​លើ​ព្រះ​គ្រីស្ទ ហើយ​ធ្វើ និង​រក្សា​ក្ដី​សញ្ញា​ជាមួយ​ព្រះ ។ ពេល​យើង​រក្សា​ក្ដី​សញ្ញា​បរិសុទ្ធ​ទាំង​នេះ យើង​ទទួល​បាន​អំណាច​បព្វជិតភាព និង​ពរជ័យ ។

តើ​យើង​ពុំ​មាន​អារម្មណ៍​នៃ​អំណាច​បព្វជិតភាព​ក្នុង​ជីវិត​យើង ហើយ​រក្សា​អំណាច​នេះ​ក្នុង​ចំណោម​សមាជិក​នៃ​សាសនាចក្រ​ដែល​រក្សា​សេច​ក្ដី​សញ្ញា​​ទេឬ ? យើង​ឃើញ​វា​ពី​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី ពេល​គេ​ឈាន​ជើង​ឡើង​ចេញ​ពី​ទឹក​នៃ​បុណ្យ​ជ្រមុជ​វិញ គេ​មាន​អារម្មណ៍​បាន​អត់ទោស និង​ស្អាត​ស្អំ ។ យើង​អាច​ឃើញ​កូនៗ និង​យុវវ័យ​យើង​ស្គាល់​ការបំផុស និង​ការដឹកនាំ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​កាន់​តែ​ច្បាស់ ។ យើង​ឃើញ​ពិធី​បរិសុទ្ធ​នៃ​ព្រះ​វិហារ​បរិសុទ្ធ ក្លាយ​ជា​ចង្កៀង និង​ពន្លឺ​សម្រាប់​បុរស និង​ស្ត្រី​សុចរិត​ពេញ​ពិភពលោក ។

ខែ​មុន ខ្ញុំ​បាន​ឃើញ ស្វាមី​ភរិយា​វ័យ​ក្មេង​មួយ​គូ ទទួល​បាន​កម្លាំង​ខ្លាំង​ក្លា​ពី​ការសន្យា​នៃ​ការផ្សាភ្ជាប់​នៅក្នុង​​ព្រះ​វិហារសុទ្ធ ពេល​ទារក​ជា​ទី​ស្រឡាញ់​របស់​គេ​កើត​មក​រស់​បាន​តែរយៈ​ពេល​​មួយ​សប្ដាហ៍ ។ តាម​រយៈ​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព ស្វាមី​ភរិយា​រូប​នេះ និង​យើង​ទាំង​អស់​គ្នា​ទទួល​បាន​ការលួង​ចិត្ត កម្លាំង ការ​ថែ​រក្សា សន្តិភាព និង​ការសន្យា​ដ៏​អស់​កល្ប ។5

អ្វី​ដែល​យើង​ស្គាល់​ពី​បព្វជិតភាព

មនុស្ស​ខ្លះ​អាច​សួរ​សំណួរ​ដោយ​ស្មោះ​ថា « បើ​អំណាច និង​ពរជ័យ​បព្វជិតភាព​មាន​សម្រាប់​មនុស្ស​ទាំង​អស់ ចុះ​ហេតុអ្វី​ពិធី​បរិសុទ្ធ​បព្វជិតភាព​ត្រូវ​ធ្វើ​ឡើង​ដោយ​បុរស ? »

ពេល​ទេវតា​សួរ​នីហ្វៃ​ថា « តើ​អ្នក​យល់​ពី​ការ​យាង​ចុះ​មក​នៃ​ព្រះ​ឬ​ទេ ? » នីហ្វៃ​ឆ្លើយ​ដោយ​ស្មោះ​ត្រង់​ថា « ខ្ញុំ​ដឹង​ថា ព្រះ​អង្គ​ទ្រង់​ស្រឡាញ់​កូន​ចៅ​របស់​ទ្រង់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់​តែ​ខ្ញុំ​មិន​យល់​ន័យ​នៃ​រឿង​ទាំង​អស់​នោះ​ទេ » ។6

ពេល​យើង​និយាយ​ពី​បព្វជិតភាព មាន​រឿង​ច្រើន​ដែល​យើង​ដឹង ។

គ្រប់​យ៉ាង​សុទ្ធតែ​ដូចគ្នា

យើង​ដឹង​ថា ព្រះ​សព្វ​ព្រះ​ទ័យ​កូនចៅ​ទ្រង់​គ្រប់​គ្នា ហើយ​ពុំ​រើស​មុខ​ឡើយ ។ « ទ្រង់​ពុំ​បដិសេធ​អ្នក​ណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ … មិន​ថា​ជាប្រុស [ ឬ ] ស្រី​ទេ … ហើយ​មនុស្ស​ទាំង​អស់​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។7

ទោះ​ជា​យើង​ដឹង​ថា ក្ដី​ស្រឡាញ់​ព្រះ « គឺ​ដូច​គ្នា » សម្រាប់​បុត្រា និង​បុត្រី​ទ្រង់ យើង​ក៏​ដឹង​ថា ទ្រង់​ពុំ​បង្កើត​បុរស និង​ស្ត្រី​ឲ្យ​ដូច​គ្នា​នោះ​ទេ ។ យើង​ដឹង​ថា ភេទ​ជា​លក្ខណៈ​សម្បត្តិ​សំខាន់​ទាំង​អត្តសញ្ញាណ និង​គោលបំណង​លើ​ផែនដី និង​អស់កល្ប ។ ទំនួល​ខុស​ត្រូវ​ពិសិដ្ឋ​ត្រូវ​បាន​ផ្ដល់​ចំពោះ​ភេទ​នីមួយៗ ។​8

តាំង​ពី​ដំបូង​ឡើយ

យើង​ដឹង​ថា តាំង​ពី​ដំបូង​ឡើយ ព្រះ​បង្កើត​របៀប​ដែល​បព្វជិតភាព​ទ្រង់​ត្រូវ​បាន​ប្រើ ។ « បព្វជិតភាព​ត្រូវ​ប្រទាន​ឲ្យ​អ័ដាម » ។9 ណូអេ អ័ប្រាហាំ និង​ម៉ូសេ សុទ្ធ​តែ​បាន​ចាត់ចែង​ពិធី​បរិសុទ្ធ​បព្វជិតភាព ។ ព្រះគ្រីស្ទ​បាន​ជា និង​គឺ​ជា​សង្ឃ​ជាន់​ខ្ពស់​ដ៏​ឧត្ដម​បំផុត ។ ទ្រង់​ហៅ​ពួក​សាវក ។ ទ្រង់​មាន​បន្ទូល​ថា « មិនមែន​អ្នក​រាល់​គ្នា ដែល​បាន​រើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​ទេ​តើ ដែល​រើស​អ្នក​រាល់​គ្នា​វិញ ទាំង​តាំង​អ្នក​រាល់​គ្នា » ។10 ក្នុង​ជំនាន់​យើង​នេះ អ្នក​សារទូត​សួគ៌ា ​ត្រូវ​បាន​បញ្ជូន​មក​ដោយ​ព្រះ យ៉ូហាន​បាទ្ទីស្ទ ពេត្រុស យ៉ាកុប និង​យ៉ូហាន បាន​ស្ដារ​បព្វជិតភាព​លើ​ផែនដី​វិញ តាម​រយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។11 នេះ​ជា​របៀប​ដែល​ព្រះ​បិតា​សួគ៌ ចាត់ចែង​បព្វជិតភាព​ទ្រង់ ។12

អំណោយទាន​ជា​ច្រើន​មក​ពី​ព្រះ

យើង​ដឹង​ថា អំណាច​បព្វជិតភាព​ដ៏​បរិសុទ្ធ​ពុំ​ធ្វើការ​ដោយ​ឯករាជ្យ​ពី​ក្ដី​ជំនឿ ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​អំណោយ​ទាន​ព្រះ​វិញ្ញាណ​ឡើយ ។ បម្រាម​ក្នុង​ព្រះ​គម្ពីរ​ចែង​ថា « កុំ​បដិសេធ​អំណោយ​ទាន​ទាំង​ឡាយ​នៃ​ព្រះ​ឡើយ ត្បិត​អំណោយ​ទាន​ទាំង​នោះ​មាន​ច្រើន​ណាស់ ។ អំណោយ​ទាន​ទាំង​នោះ ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​តាម​ការសម្ដែង​នៃ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ដើម្បី​ជា​ប្រយោជន៍​ដល់ [ ពួកគេ ] » ។13

ភាពសក្ដិសម

យើង​ដឹង​ថា ភាព​ស័ក្តិសម​ជា​ចំណុច​កណ្ដាល​ក្នុង​ការធ្វើ និង​ទទួល​ពិធី​បរិសុទ្ធ​បព្វជិតភាព ។ ស៊ីស្ទើរ លីនដា ឃេ ប៊ើតុន ដែល​ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​មាន​ប្រសាសន៍​ថា « ក្ដី​សុចរិត​ជា​គុណ​សម្បត្តិ … ជា​កត្តាដែល​អញ្ជើញ​អំណាច​បព្វជិតភាព​ចូល​ក្នុង​ជីវិត​យើង » ។14

ឧទាហរណ៍ សូម​ពិចារណា​ពី​ពិសពុល​នៃ​ការរីក​រាលដាល​ការណ៍​អាសគ្រាម​ពាសពេញ​ពិភពលោក ។ បទដ្ឋាន​ព្រះ​អម្ចាស់​នៃ​ភាព​ស័ក្តិសម​ពុំ​អនុគ្រោះ​ឲ្យ​មាន​ការណ៍​អាសគ្រាម​ចំណោម​អធិបតី​ក្នុង​ពិធី​បរិសុទ្ធ​បព្វជិតភាព​ឡើយ ។ ព្រះ​សង្គ្រោះមាន​បន្ទូល​ថា ៖

« ចូរ​ប្រែ​ចិត្ត​ពី … អំពើ​ខ្ពើម​ឆ្អើម​ដ៏​សម្ងាត់​ទាំង​ឡាយ​របស់​អ្នក » ។15

« ចង្កៀង​របស់​រូបកាយ គឺ​ជា​ភ្នែក ។ … បើ​ភ្នែក​អ្នក​អាក្រក់ នោះ​រូបកាយ​អ្នក​ទាំង​មូល​នឹង​ត្រូវ​ងងឹត​សូន្យ » ។16

« [ ត្បិត ] អ្នក​ណា​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក​សម្រើប​ចង់​បាន នោះ​ឈ្មោះ​ថា បាន​ប្រព្រឹត្ត​សេចក្ដី​បំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​នហើយ » ។17

ដូច​ជា​អែលឌើរ ដេវីឌ  អេ បែដណា បាន​មាន​ប្រសាសន៍​ថា ការចាត់ចែង និង​ចែកចាយ​សាក្រាម៉ង់ ប្រសិទ្ធពរ​អ្នក​ឈឺ ឬ​រួម​ចំណែក​ក្នុង​ពិធី​បរិសុទ្ធ​ផ្សេង​ទៀត​ដោយ​ពុំ​សក្តិសម គឺ​ចេញ​ព្រះ​នាម​ព្រះ​ជា​អសារ​ឥត​ការ​ហើយ ។18 បើ​អ្នក​កាន់​បព្វជិតភាព​ម្នាក់​ពុំ​ស័ក្តិសម គាត់​គួរ​ចៀសវាង​ពី​ការ​ធ្វើ​ពិធី​បរិសុទ្ធ​បព្វជិតភាព ហើយ​គួរ​ទៅ​ជួប​ប៊ីស្សព​ជា​ជំហាន​ដំបូង​ក្នុង​ការប្រែ​ចិត្ត និង​រស់​តាម​បទបញ្ញត្តិ​ឡើង​វិញ ។

ការបន្ទាបខ្លួន

រៀង​មួយ​ទៀត ដែល​យើង​ដឹង​គឺ​ថា ពរជ័យ​បព្វជិតភាព​មាន​ហូរហៀរ​ក្នុង​គ្រួសារ ដែល​មាន​ម្ដាយ និង​ឪពុក​សុចរិត​ដឹកនាំ​កូនៗ​ដោយ​សាមគ្គីភាព ។ តែ​យើង​ក៏​ដឹង​ដែរ​ថា ព្រះ​ប្រទាន​ពរជ័យ​ដូច​គ្នា​ទាំង​នេះ​យ៉ាង​ច្រើន ដល់​អ្នក​ដែល​ស្ថិត​ក្នុង​កាលៈទេសៈ​ផ្សេង​ទៀត​ជា​ច្រើន ។19

ម្ដាយ​មួយ​រូប ដែល​មាន​បន្ទុក​ទាំង​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម​សម្រាប់​គ្រួសារ​គាត់ បាន​រ៉ាយរ៉ាប់​ដោយ​ទោរទន់​ថា ការ​សុំ​ឲ្យ​គ្រូ​បង្រៀន​តាម​ផ្ទះ​ប្រសិទ្ធិពរ​កូន​គាត់​ម្នាក់ តម្រូវ​ឲ្យ​គាត់​មាន​ចិត្ត​រាបសា ។ តែ​គាត់​ពោល​បន្ថែម​ដោយ​យល់​ច្បាស់​ថា វា​ពុំ​តម្រូវ​ការរាបសា​ច្រើន​ជាង​ការណ៍ ដែល​គ្រូ​បង្រៀន​តាម​ផ្ទះ​គាត់​មាន ពេល​ពួក​គាត់​ត្រៀម​ខ្លួន​ដើម្បី​ប្រសិទ្ធិពរ​កូន​គាត់​ឡើយ ។20

កូនសោ​បព្វជិតភាព

យើង​ដឹង​ថា កូនសោ​បព្វជិតភាព ដែល​សមាជិក​នៃ​គណៈ​ប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់​កាន់ ដឹកនាំ​កិច្ចការ​នៃ​ព្រះ​លើ​ផែនដី ។ កូន​សោ​បព្វជិតភាព​សំខាន់ៗ​ត្រូវ​ប្រគល់​ឲ្យ​ប្រធាន​ស្តេក និង​ប៊ីស្សព​សម្រាប់​ការ​កាន់កាប់​ក្នុង​តំបន់​ពួកគាត់ ។ ហើយ​ពួកគាត់​ហៅ​បុរស និង​ស្ត្រី​ដោយ​វិវរណៈ ដែល​ត្រូវ​គាំទ្រ និង​ញែក​ចេញ​ឲ្យ​ប្រព្រឹត្ត​សិទ្ធិ​អំណាច​ដែល​បាន​ផ្ទេរ​ឲ្យ​បង្រៀន និង​បម្រើ ។21

ខណៈ​ដែល​មាន​រឿង​ជា​ច្រើន ​យើង​ដឹង​អំពី​បព្វជិតភាព ដែល​យើង​​មើល​ឃើញ​តាម​កែវ​ភ្នែក​នៃ​ជីវិត​រមែង​ស្លាប់ ពុំ​ផ្ដល់​នូវ​ការ​យល់​ដឹង​ពេញ​លេញ​អំពី​កិច្ចការ​នៃ​ព្រះជានិច្ច​ទេ ។  ប៉ុន្តែ​ការរំឭក​ដ៏ទន់​ភ្លន់​របស់​ទ្រង់​ថា « គំនិត​យើង​ មិនមែន​ដូច​ជា​គំនិត​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​យើង​ដែរ »22 ដែល​អះអាង​នឹង​យើង​ថា ដោយ​ទស្សនៈ​វិស័យ​ពី​គ្រា​នេះ និង​គ្រា​អស់កល្ប នោះ​យើង​នឹង​មើល​ឃើញ ​« តាម​ដែល​មាន​នៅពេល​នេះ »23 ហើយ​យល់​ពី​ក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​ទ្រង់​កាន់តែ​ច្បាស់ ។

យើង​ស្ម័គ្រ​ចិត្ត​បម្រើ ។ ពេល​ខ្លះ​យើ​មាន​អារម្មណ៍​រំភើប​នឹង​ការហៅ​យើង ហើយ​ចង់សុំ​ធ្វើ​កាន់​តែ​ច្រើន ។ ពេល​ខ្លះ​ទៀត យើង​មាន​អំណរគុណ ដែលដល់​​ពេល​ត្រូវ​ដោះ​លែង​យើង ។ យើង​ពុំ​កំណត់​ការ​ហៅ​ ដែល​យើង​ទទួល​ទេ ។24 ខ្ញុំ​បាន​រៀន​មេរៀន​នេះ​ពេល​ទើប​រៀបការ​ហើយ ។ ក្នុង​នាម​ជា​ស្វាមី​ភរិយា​វ័យ​ក្មេង ភរិយា​ខ្ញុំ ខាធី និង​ខ្ញុំ​បាន​រស់​នៅ​រដ្ឋ ហ្វូរីដា ។ ថ្ងៃ​អាទិត្យ​មួយ ទី​ប្រឹក្សា​គណៈ​ប្រធាន​ស្តេក​ម្នាក់​បាន​ពន្យល់​ប្រាប់​ខ្ញុំ​ថា ពួកគាត់​មាន​ការ​ស្ងប់​ស្ងែង​ចង់​ហៅ ខាធី ធ្វើ​ជា​គ្រូ​ថ្នាក់​សិក្ខា​សាលា​ពេល​ព្រលឹម ។​

ខ្ញុំ​សួរ​ថា « តើ​យើង​នឹង​ធ្វើ​វា​ដូច​ម្ដេច​ទៅ ? យើង​មាន​កូន​តូចៗ ថ្នាក់​សិក្ខា​សាលា​ចាប់​ផ្ដើម​នៅ​ម៉ោង 5​ព្រឹក ហើយ​ខ្ញុំ​ជា​ប្រធាន​យុវជន​ប្រចាំ​វួដ » ។

ទី​ប្រឹក្សា​រូប​នោះ​ញញឹម ហើយ​បន្លឺ​ថា « វា​នឹង​គ្មាន​បញ្ហា​ទេ បង​ប្រុស អាន់ឌើរសិន។ យើង​នឹង​ហៅ​ភរិយា​បង​ប្រុស ហើយ​នឹង​ដោះ​លែង​បង​ប្រុស » ។

ហើយ​នោះ​ជា​អ្វី ដែល​បាន​កើត​ឡើង ។

ការរួម​ចំណែក​របស់​ស្ត្រី

ការចោទ​សំណួរ​ដោយ​ស្មោះ ហើយ​ស្ដាប់​គំនិត និង​កង្វល់​ដែល​ពោល​ដោយ​ស្ត្រី គឺ​សំខាន់​ក្នុង​ជីវិត អាពាហ៌​ពិពាហ៌ និង​ការស្ថាបនា​នគរ​ព្រះ ។

ក្នុង​សន្និសីទ​ទូទៅ​កាល​ពី​ម្ភៃ​ឆ្នាំ​មុន អែលឌើរ អិម រ័សុល បាឡឺដ បាន​តំណាល​ពី​កិច្ច​សន្ទនា ដែល​លោក​បាន​ធ្វើ​ជា​មួយ​ប្រធាន​សមាគម​សង្គ្រោះ ។ មាន​សំណួរ​មួយ​ត្រូវ​ចោទ​ឡើង​ពី​ការ​បង្កើន​ភាព​ស័ក្តិសម​នៃ​ការត្រៀម​ខ្លួន​បម្រើ​បេសកកម្ម​របស់​យុវវ័យ ។ ស៊ីស្ទើរ អេលែន ចាក មាន​ប្រសាសន៍​ដោយ​ញញឹម​ថា « តើ​លោក​ដឹង​ទេ អែលឌើរ បាឡឺដ [ ស្ត្រី ] នៃ​សាសនាចក្រ​អាច​នឹង​មាន​ការណែនាំ​ល្អ … បើ​ពួកគាត់ [ ត្រូវ ] គេ​សួរ​សំណួរ​នេះ ។ សរុប​សេចក្ដី​ទៅ … យើង​ជា ម្ដាយ​របស់​ពួកគេ ! » 25

ប្រធាន ថូម៉ាស  អេស ម៉នសុន មាន​ប្រវត្តិ​វែង​ឆ្ងាយ​ពី​ការសុំ​ឲ្យ និង​រ៉ាប់រង​កង្វល់​របស់​ស្ត្រី ។ ស្ត្រី​ដែល​មាន​អានុភាព​ចំពោះ​លោក​ខ្លាំង​បំផុត គឺ​ស៊ីស្ទើរ ហ្វ្រានសេស ម៉នសុន ។ យើង​នឹក​គាត់ខ្លាំង​ណាស់ ។ ទើប​តែ​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​មុន​នេះ​ដែរ ប្រធាន ម៉នសុន ក៏​រំឭក​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ពី​របៀប ដែល​លោក​រៀន​ពី​ស្ត្រី​មេម៉ាយ 84 រូប​ក្នុង​វួដ​របស់​លោក​ក្នុង​នាម​ជា​ប៊ីស្សព ។ ពួក​គាត់​ទទួល​ឥទ្ធិពល​អស្ចារ្យ​ក្នុង​ការបម្រើ និង​ជីវិត​របស់​លោក ។

ពុំ​មាន​ការភ្ញាក់​ផ្អើល​ឡើយ មុន​ពេល​ការ​សម្រេចចិត្ត​ប្រកប​ដោយ​ការអធិស្ឋាន​របស់​ប្រធាន​ម៉នសុន អំពី​ការ​ផ្លាស់​ប្ដូរ​អាយុ​បម្រើ​ផ្សាយសាសនា នោះ​​មាន​ការពិភាក្សា​ច្រើន​ជាមួយ​គណៈ​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ យុវនារី និង​អង្គការ​បឋម​សិក្សា​ ។

ប៊ីស្សព ពេល​លោក​ធ្វើ​តាម​គំរូ​នៃ​ប្រធាន ម៉នសុន លោក​នឹង​មាន​អារម្មណ៍​ថា ព្រះ​ហស្ថ​ព្រះ ប្រទាន​ពរ​កិច្ចការ​ពិសិដ្ឋ​លោក​កាន់​តែ​បរិបូណ៌​ឡើង​ថែម​ទៀត ។

ពួក​យើង​បាន​រស់​នៅ​ប្រទេស ប្រេស៊ីល អស់​រយៈ​ពេល​បី​បួន​ឆ្នាំ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ត្រឡប់​មក​វិញ ខ្ញុំ​ជួប អាឌែលសិន ផារែឡា ដែល​បម្រើ​ជា​ពួក​ចិត​សិប ហើយ​បងប្អូន​ប្រុស​លោក អាឌីលសុន បម្រើ​ជា​ប្រធាន​ស្តេក​របស់​យើង ។ ក្រោយ​មក​ខ្ញុំ​ជួប​បងប្អូន​ប្រុស​ពួក​លោក អាដាលថុន បម្រើ​ជា​ប្រធាន​ស្តេក​នៅ ហ្វ្លរីអានណូផូលី និង​បងប្អូន​ប្រុស​ម្នាក់​ទៀត អាឌែលម៉ូ បម្រើ​ជា​ប៊ីស្សព ។ ខ្ញុំ​ភ្ញាក់​ផ្អើល​ពី​ក្ដី​ជំនឿ​នៃ​បងប្អូន​ប្រុស​ទាំង​នេះ ហើយ​ខ្ញុំ​បាន​សួរ​ពី​ឪពុក​ម្ដាយ​របស់​ពួក​លោក ។

គ្រួសារ​នោះ​ជ្រមុជ​ទឹក​នៅ​ទីក្រុង សាន់តូស ប្រទេស ប្រេស៊ីល កាល​ពី 42 ឆ្នាំ​មុន ។ អាឌីលសុន ផារែឡា បាន​និយាយ​ថា « ដំបូង​ឡើយ ឪពុក​យើង ហាក់​ដូច​ជា​រំភើប​ពី​ការ​ចូល​សាសនាចក្រ ។ តែ​ក្រោយ​មិន​យូរ​ប៉ុន្មាន គាត់​ប្រែ​ជា​ពុំ​សូវ​សកម្ម ហើយ​បាន​សុំ​ឲ្យ​ម្ដាយ​យើង​កុំ​ចូល​សាសនាចក្រ » ។

អាឌីលសុន ប្រាប់​ខ្ញុំ​ថា ម្ដាយ​លោក​ដេរ​សម្លៀក​បំពាក់​ឲ្យ​អ្នក​ជិត​ខាង ដើម្បី​បាន​ប្រាក់​បង់​ថ្លៃ​ឡាន​ក្រុង​ដឹក​កូនៗ​គាត់​ទៅ​ព្រះ​វិហារ ។ ក្មេង​ប្រុស​តូច​ទាំង​បួន​នាក់​ដើរ​ត្រសង​ជាង​ពីរ​គីឡូ​ម៉ែត​ទៅ​ក្រុង​មួយ​ទៀត ឡើង​ជិះ​ឡាន​ក្រុង​អស់ 45 នាទី ហើយ​ក្រោយ​មក​ដើរ 20 នាទី​ទៀត​ទៅ​កាន់​ព្រះ​វិហារ ។

ទោះ​ជា​ពុំ​អាច​ទៅ​ព្រះ​វិហារ​ជាមួយ​កូនៗ​បាន ក៏​បងស្រី ផារែឡា អាន​គម្ពីរ​ជាមួយ​កូន​ប្រុស​ស្រី បង្រៀន​គេ​ពី​ដំណឹង​ល្អ និង​អធិស្ឋាន​ជាមួយ​គេ ។ គេហដ្ឋាន​ដ៏​រាបសា​ពួកគេ​ពេញ​ដោយ​ពរជ័យ​សន្ធឹក​សន្ធាំ​នៃ​អំណាច​បព្វជិតភាព ។ ក្មេង​ប្រុស​តូចៗ​នោះ​ចម្រើន​វ័យ​ឡើង បម្រើ​បេសកកម្ម មាន​ការអប់រំ និង​រៀបការ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ ។ ពរជ័យ​បព្វជិតភាព​បាន​បំពេញ​គេហដ្ឋាន​ពួកគេ ។

ច្រើន​ឆ្នាំ​ក្រោយ​មក ក្នុង​នាម​ជា​ស្ត្រី​នៅ​លីវ វ៉ានី ផារែឡា បាន​ចូល​ព្រះ​វិហារ​បរិសុទ្ធ​ទទួល​អំណោយ​ទាន​ពិសិដ្ឋ ហើយ​បម្រើ​បី​បេសកកម្ម​នៅ​ប្រេស៊ីល ។ ឥឡូវ​វ័យ 84 ឆ្នាំ​ហើយ ក្ដី​ជំនឿ​គាត់​បន្ត​ប្រទាន​ពរ​ជំនាន់ ដែល​ដើរ​តាម​គន្លង​គាត់ ។

ទីបន្ទាល់ និង​ការសន្យា

ចេស្ដា​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​នៃ​ព្រះ មាន​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពេល​អ្នក​រួម​ចំណែក​យ៉ាង​សក្តិសម​ក្នុង​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព ព្រះ​នឹង​ប្រទាន​អ្នក​នូវ​កម្លាំង សន្តិភាព និង​ទស្សន​វិស័យ​កាន់​តែ​ច្រើន ។ ទោះ​ជា​កាលៈ​ទេសៈ​ណា​ក៏​ដោយ គេហដ្ឋាន​អ្នក​នឹង « ទទួល​ពរ​ពី​អំណាច​បព្វជិតភាព » និង​អ្នក​ដែល​ស្និទ្ធស្នាល​នឹង​អ្នក នឹង​ចង់​បាន​ពរជ័យ​ទាំង​នេះ​សម្រាប់​ខ្លួន​គេ ។

ក្នុង​នាម​ជា​បុរស​ស្ត្រី បងប្អូន​ប្រុស​ស្រី បុត្រា​បុត្រី​នៃ​ព្រះ យើង​ជឿន​ទៅ​មុខ​ទាំង​អស់​គ្នា ។ នេះ​ជា​ឱកាស ទំនួល​ខុស​ត្រូវ និង​ពរជ័យ​យើង ។ នេះ​ជា​ជោគ​វាសនា — ដើម្បី​រៀបចំ​នគរ​ព្រះ​សម្រាប់​ការ​យាង​មក​នៃ​ព្រះអង្គ​​សង្គ្រោះ ។ ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. « យើង​និយាយ​ដោយ​ស្នេហ៍ » ចម្រៀង​កុមារ ទំព័រ 190–91 ។

  2. សារ​អេឡិច​ត្រូនិក​ផ្ទាល់​ខ្លួន ថ្ងៃ​ទី 5 ខែ សីហា ឆ្នាំ 2013 ។

  3. គោលលទ្ធិ និង សេចក្ដី​សញ្ញា 84:20 ។

  4. សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 138:37, 51 ។

  5. សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 84:35; 109:22 ។

  6.  នីហ្វៃ​ទី 1 11:16–17 ។

  7. នីហ្វៃ​ទី  2 26:33 ។

  8. សូម​មើល « ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ។

  9. ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ 2007 ) ទំព័រ 104 សូម​មើល​ផង​ដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា 84:16; 107:40–53; 128:18, 21 រ័សុល  អិម ណិលសុន “Lessons from Eve,” Ensign ខែ វិច្ឆិកា ឆ្នាំ 1987 ទំព័រ 86–89 ។

  10. យ៉ូហាន 15:16 ។

  11. សូម​មើល យ៉ូសែប ស្ម៊ីធ — ប្រវត្តិ 1:72 សូម​មើល​ផង​ដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា 13; 27 ។

  12. សូម​មើល អិម  រ័សុល បាឡឺដ “Let Us Think Straight,” ( BYU Campus Education Week Devotional ថ្ងៃ​ទី 20 ខែ សីហា ឆ្នាំ 2013 ) speeches.byu.edu ។ អែលឌើរ បាឡឺដ បាន​ថ្លែង​ថា ៖ « តើ​ហេតុ​អ្វី​ទៅ​បាន​ជា​បុរស​ត្រូវ​បាន​តែងតាំង​តំណែង​បព្វជិតភាព ហើយ​ពុំ​មែន​ជា​ស្ត្រី ? ប្រធាន ហ្គរដុន  ប៊ី ហ៊ិងគ្លី បាន​ពន្យល់​ថា គឺ​ជា​ព្រះ​អម្ចាស់ ពុំ​មែន​មនុស្ស​ទេ ‹ ដែល​ចង្អុល​បង្ហាញ​ថា បុរស​នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់​គប្បី​កាន់ ‹ បព្វជិតភាព › ហើយ​ក៏​ជា​ព្រះ​អម្ចាស់​ផង​ដែរ ដែល​ប្រទាន​ដល់​ស្ត្រី​ជាមួយ​នឹង ‹ សមត្ថភាព​បំពេញ​អង្គការ​ដ៏​មហិមា និង​អស្ចារ្យ​នេះ ដែល​ជា​សាសនាចក្រ និង​នគរ​ព្រះ › ( “Women of the Church,” Ensign ខែ វិច្ឆិកា ឆ្នាំ 1996 ទំព័រ 70 ) ។ ពេល​អ្វី​ទាំង​អស់​ត្រូវ​បាន​និយាយ ហើយ​ធ្វើ នោះ​ព្រះ​អម្ចាស់​ពុំ​បើក​សម្ដែង​ពី​មូល​ហេតុ ដែល​ទ្រង់​បាន​បង្កើត​សាសនាចក្រ​នេះ​ឡើង​ដូច​ដែល​ទ្រង់​បាន​ធ្វើ​នោះ​ឡើយ » ។

  13. មរ៉ូណៃ 10:8 ។

  14. លីនដា  ឃេ ប៊ើតុន “Priesthood: A Sacred Trust to Be Used for the Benefit of Men, Women, and Children” ( សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ Women’s Conference address ថ្ងៃ​ទី 3 ខែ ឧសភា ឆ្នាំ 2013 ) ce.byu.edu/cw/womensconference/pdf/archive/2013/lindaBurtonTalk.pdf ។

  15.  នីហ្វៃ​ទី 3 30:2 ។

  16. ម៉ាថាយ 6:22–23 ។

  17. ម៉ាថាយ 5:28 សូម​មើល​ផងដែរ អាល់ម៉ា 39:9 ។ ប្រធាន ថូម៉ាស  អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា ៖ « ការណ៍​អាសគ្រាម​គ្រោះថ្នាក់ និង​ញៀន​បំផុត ។ ការចង់​ដឹង​ចង់​ឃើញ​ពី​ការណ៍​អាសគ្រាម អាច​ជា​ទម្លាប់ នាំ​ទៅ​រក​ប្រភព​អាក្រក់ និង​អំពើ​បាប​ខាង​ផ្លូវ​ភេទ ។ សូម​ចៀសវាង​ការណ៍​អាសគ្រាម​សព្វសារពើ ។ ( “Preparation Brings Blessings,” EnsignLiahona ខែ ឧសភា ឆ្នាំ 2010 ទំព័រ 65 ) ។« ការបារម្ភ​ខ្លាំង​បំផុត — គឺ​ជា​របាយការណ៍​នៃ​ចំនួន​បុគ្គល ដែល​ប្រើ​ប្រព័ន្ធ​អ៊ិនធើរណិត​ក្នុង​គោលបំណង​មិន​ល្អ និង​ពុំ​ថ្លៃថ្នូរ ដោយ​ការ​មើល​ការណ៍​អាសគ្រាម​ធ្វើ​ជា​ការរាល​ដាល​បំផុត​នៃ​គោល​បំណង​ទាំង​នេះ ។ បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ​អើយ ការ​ចូល​រួម​ក្នុង​សកម្មភាព​ទាំង​នោះ​នឹង​បំផ្លាញ​ព្រះ​វិញ្ញាណ​យ៉ាង​ពិត​ប្រាកដ ។ សូម​រឹងមាំ​ឡើង ។ សូម​មាន​ភាព​ស្អាត​ស្អំ ។ សូម​ចៀសវាង​ប្រភេទ​ដែល​ពុំ​ថ្លៃថ្នូរ និង​បំផ្លិច​បំផ្លាញ​គ្រប់​បែប​យ៉ាង — មិន​ថា​ទី​ណា​ដែល​មាន​ពួក​វា​នោះ​ទេ ! ខ្ញុំ​សូម​ព្រមាន​ដល់​មនុស្ស​គ្រប់​គ្នា និង​គ្រប់​ទី​កន្លែង » ( “Until We Meet Again,” EnsignLiahona ខែ ឧសភា ឆ្នាំ 2009 ទំព័រ 113 ) ។« សូម​ចៀសវាង​ការណ៍​អាសគ្រាម​គ្រប់​រូប​ភាព ។ វា​នឹង​បណ្ដាល​ឲ្យ​បាត់​ព្រះ​វិញ្ញាណ និង​បង្ខូច​សិតិ​សម្បជញ្ញៈ ។ យើង​ត្រូវ​បាន​ប្រាប់​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ថា ‹ អ្វី​ដែល​ពុំ​ស្អាង​ឡើង នោះ​ពុំ​មែន​មក​ពី​ព្រះ​ទេ តែ​មក​ពី​សេចក្ដី​ងងឹត​វិញ [ គោលលទ្ធិ និង​សេចក្ដី​សញ្ញា 50:53 ] » ( « ពិត​ចំពោះ​សេចក្ដី​ជំនឿ » EnsignLiahona ខែ ឧសភា ឆ្នាំ 2006 ទំព័រ 18–19 ) ។

  18. សូម​មើល ដេវីឌ  អេ បែដណា Act in Doctrine ( ឆ្នាំ 2012 ) ទំព័រ 53 ។

  19. សូម​មើល ដាល្លិន  អេក អូក “Priesthood Authority in the Family and the Church,” EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 24–27 ។

  20. សារអេឡិចត្រូនិក​ផ្ទាល់ខ្លួន​ថ្ងៃ​ទី 5 ខែ សីហា ឆ្នាំ 2013 សូម​មើល យ៉ាកុប 5:14 ។

  21. សូម​មើល ហេព្រើរ 5:4 ។

  22. អេសាយ 55:8 ។

  23. យ៉ាកុប 4:13 ។

  24. សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 81:4–5 ។ ប្រធាន ហ្គរដុន  ប៊ី ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​ថា ៖ « កាតព្វកិច្ច​របស់​អ្នក​គឺ​ប្រាកដប្រជា​ក្នុង​រង្វង់​នៃ​ការទទួល​ខុស​ត្រូវ​អ្នក ក៏​ដូចជា​ក្នុង​រង្វង់​នៃ​ការទទួល​ខុស​ត្រូវ​របស់​ខ្ញុំ​ដែរ ។ ពុំ​មាន​ការហៅ​ណា​មួយ​ក្នុង​សាសនាចក្រ​នេះ ដែល​តូចតាច ឬ​មាន​លទ្ធផល​តែ​បន្តិច​បន្តួច​ឡើយ ( “This Is the Work of the Master,” Ensign, ខែ ឧសភា ឆ្នាំ 1995 ទំព័រ 71 ) ។

  25. អិម  រ័សុល បាឡឺដ “Strength in Counsel,” Ensign ខែ វិច្ឆិកា ឆ្នាំ 1993 ទំព័រ 76 ។