ឆ្នាំ ២០១០-២០១៩
ចូរទុកចិត្តដល់ព្រះយេហូវ៉ាចុះ
តុលា 2013


ចូរទុកចិត្តដល់ព្រះយេហូវ៉ាចុះ

ចូរ​ចូលរួម​ក្នុង​ការ​ធ្វើ​អ្វី​ដែល​អ្នក​អាច ក្នុង​ការ​ចែក​សារលិខិត​នៃ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់ព្រះយេស៊ូវ​គ្រីស្ទ​ដ៏អស្ចារ្យ ។

បង​ស្រី បាឡឺដ និង​ខ្ញុំ​ ថ្មីៗ​នេះ​បាន​ត្រឡប់​មកពី​ការចាត់​តាំង​ឲ្យគ្រប់គ្រង​ប្រទេស​ចំនួន​ប្រាំ​នៅ​ទ្វីប​អើរ៉ុប ។ នៅ​ទី​នោះ​ យើង​មាន​ឯកសិទ្ធិ​ជួប​នឹង​អ្នក​ផ្សាយសាសនា​ជាច្រើន ប្រហែល​ជាខ្លះ​​ត្រូវ​ជា​កូនប្រុស​ស្រី​របស់​អ្នក ។ ចាប់តាំង​ពី​ការ​ប្រកាស​របស់​ប្រធានថូម៉ាស អេស ​ម៉នសុន ​ពី​ការ​បន្ទាប​អាយុ​របស់​យុវជន​យុវនារី ដើម្បី​បម្រើ នោះ​ខ្ញុំ​មាន​ឯកសិទ្ធិ​ជួប​ពួកគេ​ជាង 3,000​ នាក់ ។ ពន្លឺ​ព្រះគ្រីស្ទ បាន​សាយភាយ​លើ​ទឹកមុខ​ពួកគេ ហើយ​ពួកគេ​ចង់​រំកិល​កិច្ចការ​ឲ្យ​ឆ្ពោះ​ទៅមុខ-- ដើម្បី​ស្វែងរក និង​បង្រៀន ដើម្បី​ជ្រមុជទឹក ​ធ្វើ​ឲ្យ​សកម្ម និង​ដើម្បី​ពង្រឹង រួច​ស្ថាបនា​នគរ​ព្រះ ។ ពេល​ជួប​នឹង​ពួកគេ​ម្នាក់ៗ​បាន​ដឹង​ភ្លាម​ថា ពួកគេ​ពុំ​អាច​ធ្វើ​កិច្ចការ​នេះ​តែ​ឯង​បាន​ទេ ។ ថ្ងៃ​នេះ ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​សមាជិក​ទាំងអស់​ក្នុង​សាសនាចក្រ ដោយ​សារ​ជា​ភាព​បន្ទាន់​ដើម្បី​ឲ្យយើង​​គ្រប់រូប ចូលរួម​ក្នុងការ​ចែកចាយ​ដំណឹងល្អ ។

ដូចដែល​​បាន​ដកស្រង់​ជា​ច្រើ​ន​ដង​រួច​មក​ហើយ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ប្រកាស​ថា « បន្ទាប់​ពីអ្វីៗ​ទាំងអស់​ត្រូវ​បាន​និយាយ កាតព្វកិច្ចដ៏​សំខាន់ និង​មហិមា​បំផុត គឺ​ប្រកាស​ដំណឹងល្អ » (Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ 2007] ទំព័រ 330 ) ។

នៅ​ឆ្នាំ 1974 ប្រធាន ស្ពែនស៊ើរ​ ដបុលយូ ឃឹមបឹល បាន​មានប្រសាសន៍​ថា ៖ « ប្រហែល​ជា មូលហេតុ​ដ៏ធំបំផុត​ក្នុងកិច្ចការ​ផ្សព្វផ្សាយសាសនា គឺ​ត្រូវ​ផ្ដល់​ដល់ពិភពលោក​នូវ​ឱកាស​ដើម្បី​ស្ដាប់ និង​ទទួល​ដំណឹងល្អ ។ បទគម្ពីរ​មាន​ពេញ​ដោយ​ការ​បញ្ជា និង​ការសន្យា និង​ការហៅ និង​រង្វាន់​សម្រាប់​ការ​បង្រៀនដំណឹងល្អ ។ ខ្ញុំ​ប្រើ​ពាក្យ បញ្ជា គោលបំណង​ដើម្បី​ដឹកនាំ​ជាបន្ដបន្ទាប់ ដែល​យើងពុំ​អាច​គេច​បាន​សូម្បី​តែ​ម្នាក់ និង​ជារួម » (« When the World Will Be Converted » Ensign ខែ​តុលា ឆ្នាំ 1974 ទំព័រ 4 ) ។

នៅ ​ខែ​កក្កដា ក្នុង​ឆ្នាំ​ដដែល​នោះ​ ស៊ីស្ទើរ បាឡឺដ និង ខ្ញុំ​បាន​ចាក​ចេញជាមួយកូនៗ​ទៅ​ធ្វើជា​អធិបតី​នៅ​បេសកកម្ម​កាណាដា តូរ៉ុនតូ ។ សម្ដី​របស់​ប្រធាន ឃឹមបឹល បាន​ឮ​នៅក្នុង​ត្រចៀក​ខ្ញុំ ជាពិសេស​ពេល​លោក​មានប្រសាសន៍​ថា ៖ « បងប្អូន​ប្រុសខ្ញុំអើយ ខ្ញុំ​ងឿង​ឆ្ងល់ ​បើ​យើង​កំពុង​ធ្វើ​អ្វីៗ​ឲ្យ​​អស់ពីលទ្ធភាព ។ តើ​យើង​ស្កប់ស្កល់​ក្នុង​របៀប​របស់​យើង ដើម្បី​បង្រៀន​ដល់​ពិភពលោក​ឬទេ ? ឥឡូវ​យើង​បាន​ផ្សព្វផ្សាយ​ 144 ឆ្នាំ​ហើយ ។ តើ​យើង​បាន​ត្រៀម​ខ្លួន​ពង្រីក​លទ្ធភាព​យើង​ឬ​ទេ ? នឹង​ដើម្បី​ពង្រីក​ទស្សនៈ​វិស័យយើង​ឬ​ទេ ? » (Ensign ខែ​តុលា ឆ្នាំ 1974 ទំព័រ 5 ) ។

លោក​ក៏​បាន​សុំ​យើង​ឲ្យ​ពន្លឿន​ជំហាន​យើង ធ្វើ​ការ​ជាមួយគ្នា​ដើម្បី​ស្ថាបនា​សាសនាចក្រ និង​នគរ​ព្រះផងដែរ ។

កាលពី​ខែ​មិថុនាកន្លង​ទៅ​នេះ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ថ្លែងនូវ​សារលិខិត​ដូចគ្នា​នេះ ដល់សមាជិក​ក្នុង​សាសនាចក្រ ។ លោកប្រធាន​បាន​​ថ្លែង​ថា ៖ « ឥឡូវ​ដល់ពេល​សម្រាប់​សមាជិក និង​អ្នក​ផ្សាយសាសនា​ធ្វើការ​រួម​គ្នា …[ ហើយ ] ធ្វើ​ការ​ក្នុង​ចម្ការ​របស់ព្រះអម្ចាស់ ដើម្បី​នាំ​ព្រលឹង​មក​កាន់​ទ្រង់ ។ ទ្រង់​បាន​រៀបចំ​មធ្យោបាយ​ឲ្យ​យើង​ចែកចាយ​ដំណឹងល្អ​តាម​របៀប​ជាច្រើន ហើយ​ទ្រង់​នឹង​ជួយ​យើង​ក្នុងកិច្ចការ​យើង បើ​យើង​នឹង​ធ្វើ​កិច្ចការ​ដោយជំនឿ ដើម្បី​បំពេញ​កិច្ចការ​ទ្រង់ » (« សេចក្ដី​ជំនឿ​ទៅលើ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ » [ សុន្ទរកថា ផ្ដល់​ឲ្យ​នៅការ​ចាក់ផ្សាយ​ពិសេស​មួយ ថ្ងៃ​ទី 23  ខែ​មិថុនា ឆ្នាំ 2013], lds.org/broadcasts) ។

វា​ជាការ​ល្អ បងប្អូន​ប្រុសស្រី ដើម្បី​គិត​ពី​ការបង្រៀន​របស់ពួកព្យាការី ចាប់​តាំង​ពី​ជំនាន់ យ៉ូសែប ស្ម៊ីធ រហូត​ដល់​បច្ចុប្បន្ន។ ពួកលោក​បាន​លើក​ទឹកចិត្ត និង​បាន​ហៅ​ថ្នាក់ដឹកនាំ និង​សមាជិក​នៃ​សាសនាចក្រ​ឲ្យ​ចូលរួម​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​នាំ​សារលិខិត​នៃ​ការ​ស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​ទៅ​ដល់​កូនចៅ​ព្រះបិតាសួគ៌​ទាំងអស់ ក្នុង​ពិភពលោក​ទាំងមូល ។

សារលិខិត​ខ្ញុំ​រសៀល​នេះ គឺ​ថា ព្រះអម្ចាស់ កំពុង ពន្លឿនកិច្ចការ​ទ្រង់ ។ នៅ​ជំនាន់​យើង ការណ៍​នេះ​អាចធ្វើ​បាន តែ​ពេល​សមាជិក​គ្រប់រូប​ក្នុង​សាសនាចក្រ ឈោង​ជួយ​ដោយ​ក្ដី​ស្រឡាញ់ ដើម្បី​ចែក​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ដែលបាន​ស្ដារ​ឡើងវិញ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។​ យើង​ចាំបាច់​ត្រូវ​ធ្វើ​ការ​រួម​គ្នា ជា​ដៃគូ​នឹង​អ្នក​ផ្សាយសាសនា​ជិត 8000​នាក់​របស់​យើង​ដែល​កំពុង​បម្រើ​ឥឡូវ​នេះ ។ ព័ត៌មាន​អំពី​កិច្ចការ​មហិមា​នេះ ជាពិសេស​កិច្ចការ​សម្រាប់អ្នកដឹកនាំ​​ក្រុមប្រឹក្សា​ស្ដេក និង​វួដ គឺ​បាន​ចែង​យ៉ាង​ច្បាស់​នៅ​វិបសាយ LDS.org ដែល​មានចំណង​ជើង​ថា « ពន្លឿន​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ » ។

យើង​ដឹង​មក​ពី​ការ​ស្រាវជ្រាវ​យើង​ថា សមាជិក​សកម្ម​បំផុត​ក្នុង​សាសនាចក្រ​ចង់​បាន​ពរជ័យ​នៃ​ដំណឹងល្អ មាន​ចំណែក​ក្នុង​ជីវិត​របស់​អ្នកដទៃ​ដែល​គេ​ស្រឡាញ់ ទោះ​ជា​អ្នក​ដែល​ពួកគេ​ពុំធ្លាប់​ជួប​ក្ដី ។ ប៉ុន្តែយើង​ក៏​ដឹង​ផងដែរ​ថា សមាជិក​ជាច្រើន​ស្ទាក់​ស្ទើរ​ធ្វើ​កិច្ចការ​ផ្សាយសាសនា និង​ចែក​ដំណឹង​ល្អ​ដោយ​មូលហេតុ​ចម្បងពីរ ។

  • ទីមួយ គឺ​ខ្លាច ។ សមាជិក​ជាច្រើន ពុំ​ទាំង​អធិស្ឋាន​សុំ​ឱកាស​ចែកចាយដំណឹងល្អ​ផង ដោយ​ខ្លាច​ថា​ពួកគេ​អាច​នឹង​ទទួល​ការ​បំផុស​ពី​ព្រះ​ឲ្យ​ធ្វើ​អ្វី​មួយ ដែល​ពួកគេ​គិត​ថា ពួកគេ​ពុំ​មាន​សមត្ថភាព​​នឹង​ធ្វើបាន ។

  • មូល​ហេតុ​ទីពីរ គឺ​ការ​មិន​យល់ពី​កិច្ចការ​ផ្សាយសាសនា​ថា​ជាអ្វី ។

យើង​ដឹង​ថា ពេល​នរណា​ម្នាក់​ឡើង​និយាយ​ក្នុង​ម៉ោង​សាក្រាម៉ង់ ហើយ​និយាយ​ថា « ថ្ងៃ​នេះ ខ្ញុំ​នឹង​និយាយ​អំពី​កិច្ចការ​ផ្សាយសាសនា » ឬ​ប្រហែល​ជា​ពេល​អែលឌើរ បាឡឺដ ឡើង​និយាយ​ក្នុង​សន្និសីទទូទៅ ហើយ​និយាយ​រឿង​ដដែល​នេះ នោះ​មាន​អ្នក​រាល់គ្នា​មួយចំនួន​អាចគិត​ថា « ទៀត​ហើយ យើង​បាន​ស្ដាប់​ពី​មុន​ហើយ​ហ្នឹង » ។

ឥឡូវ​យើង​ដឹង​ថា គ្មាន​នរណា​ម្នាក់​ចង់​មាន​អារម្មណ៍ធ្វើ​ខុសទេ ។ ប្រហែល​ជា​អ្នក​មាន​អារម្មណ៍​ថា អ្នក​អាច​នឹង​ត្រូវ​សុំ​ឲ្យ​ធ្វើ​រឿង​មិន​ពិត​ក្នុង​ទំនាក់ទំនង​អ្នក​ ជាមួយមិត្តភក្ដិ ឬ​អ្នកជិត​ខាង ។ ដោយមាន​ជំនួយ​ពីព្រះ ខ្ញុំសូម​ដក​ការភ័យខ្លាចរបស់​អ្នក ឬ​អ្នក​ផ្សព្វផ្សាយសាសនាពេញ​ម៉ោង​របស់​យើង​ចេញ ពេល​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ។

ចូរ​ធ្វើ​ការ​សម្រេចចិត្ត​ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​សុំ​ឲ្យ​យើង​ធ្វើ ។ ព្រះអង្គ​សង្គ្រោះ​បាន​បន្ទូលថា ៖

« ចូរ​សូម នោះ​តែង​នឹងឲ្យ​មក​អ្នក ចូរ​រក​ នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ៖

« ត្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក​នោះ​រមែង​ឃើញ ហើយ​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ ។

« ក្នុង​ពួកអ្នក​រាល់​គ្នា បើ​កូន​សូម​នំប៉័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ដល់​វា ?

« ឬ​បើ​វា​សូមត្រី តើ​នឹង​ឲ្យពស់​វិញ​ឬ​អី ?

« ចុះ​បើ​អ្នក… ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង់​បើ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​ប្រទានរបស់​ល្អ​មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាល​ម៉ាន​ទៅ​ទៀត ? » ( ម៉ាថាយ 7:7–11 ) ។

បងប្អូនប្រុស​ស្រី ភាព​ភ័យ​ខ្លាច​នឹងជំនួស​ដោយជំនឿ និង​​ទំនុកចិត្ត នៅពេល​សមាជិក និង​អ្នក​ផ្សាយសាសនាពេញ​ម៉ោង លុតជង្គង់​ចុះ​អធិស្ឋាន ហើយ​សូម​ព្រះអម្ចាស់ ដើម្បី​ប្រទាន​ពរ​ដល់ពួកគេ​នូវ​ឱកាស​ផ្សាយសាសនា ។ បន្ទាប់ ​យើងត្រូវ​​បង្ហាញ​ជំនឿ​យើង ហើយ​រក​ឱកាស​ដើម្បីណែនាំ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទដល់កូនចៅ​ព្រះបិតាសួគ៌ ឱកាសទាំងនោះ​នឹងពិត​ជា​​មកដល់ ។ ឱកាស​ទាំង​នេះ នឹង​ពុំ​តម្រូវ​ឲ្យ​មាន​ការ​តប​ដោយ​បង្ខំ ឬ​គ្រោង​ទុក​នោះ​ទេ ។ វា​នឹង​មក​ជា​ផល​នៃ​ក្ដី​ស្រឡាញ់​​យើង​​ចំពោះ​បងប្អូនប្រុសស្រី​យើង ។ ចូរ​វិជ្ជមាន ហើយ​អ្នក​ដែល​អ្នក​និយាយ​ជាមួយ នឹង​ដឹង​ពី​ក្ដី​ស្រឡាញ់អ្នក ។ ពួកគេ​នឹង​មិន​ភ្លេច​អារម្មណ៍​នោះ ទោះ​ជា​ពួកគេ​ពុំ​ទាន់​ដល់​ពេល​ទទួលយក​​ដំណឹងល្អ​ក្ដី ។ មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ច្រើន​នា​ពេល​អនាគត ជា​ពេល​ដែល​ស្ថានភាព​ពួកគេ​ផ្លាស់ប្ដូរ ។

យើង​ពុំ​អាច​បរាជ័យ​បាន​ឡើយ ពេល​យើង​ខំ​អស់​ពី​សមត្ថភាព​ ពេល​យើង​នៅ​ក្នុងកិច្ចការ​របស់ ព្រះអម្ចាស់ ។ ខណៈដែល​​លទ្ធផល ជា​ផល​មួយ​នៃ​ការ​អនុវត្ត​សិទ្ធិជ្រើសរើស​របស់​មនុស្ស​ម្នាក់ នោះ​ការចែកចាយដំណឹងល្អ ​ជា​ការទទួលខុសត្រូវ​យើង ។

ចូរ​ទុក​ចិត្ត​ព្រះអម្ចាស់ ។ ទ្រង់​ជា​អ្នក​គង្វាល​ល្អ ។ ទ្រង់​ស្គាល់​ចៀម​ទ្រង់ ហើយ​ចៀម​ទ្រង់​ស្គាល់​សម្លេង​ទ្រង់ នៅ​សព្វថ្ងៃ​នេះ សម្លេង​អ្នកគង្វាល​ល្អ គឺ​ជា​សម្លេង​អ្នក និង​ខ្ញុំ ។ ហើយ​បើ​យើង​ពុំ​ចូលរួម នោះ​មាន​មនុស្ស​ជាច្រើន​នឹង​ពុំ​បាន​ឮសារលិខិត​នៃ​ការ​ស្ដារឡើងវិញ​ទេ ។ វា​ថ្លែង​ដោយសាមញ្ញ​ថា វា​សំខាន់​លើ​ជំនឿ និង​សកម្មភាព​របស់​យើង ។ គោលការណ៍​គឺសាមញ្ញ​ណាស់-- អធិស្ឋានដោយ​ផ្ទាល់ និង​ជា​គ្រួសារ ​សូម​ឲ្យ​ព្រះអម្ចាស់​ដាក់​ឱកាស ។ ព្រះអម្ចាស់​បានមាន​បន្ទូល​ក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា​ថា មនុស្ស​ជាច្រើន​ត្រូវ​បាន​រារាំង​ពី​សេចក្ដីពិត​តែ « ពីព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅ​រក​សេចក្ដី​ពិត​ឯណា​ទេ » (គ. និង ​ស. 123:12) ។

អ្នក​ពុំ​ចាំបាច់​ជា​មនុស្ស​លេចធ្លោ ឬ​ជាគ្រូបង្រៀន​ប្រសប់និយាយ​ទាក់ទាញ​ទេ ។ បើ​អ្នក​មាន​ក្ដីស្រឡាញ់ និង​សង្ឃឹម​ជាប់ក្នុង​ខ្លួន​អ្នក នោះ​ព្រះអម្ចាស់​សន្យា​ថា បើ​អ្នក « … ចូរ​បន្លឺ​សម្លេង​របស់​អ្នក​ឡើង​ដល់​ប្រជាជន​នេះ​ចុះ [ហើយ] ចូរ​ប្រាប់​គំនិត​ទាំងឡាយ​ដែល [ទ្រង់] ​នឹង​ដាក់​ក្នុង​ចិត្ត​របស់​អ្នករាល់គ្នា​ចុះ ហើយ​អ្នក​នឹង​មិន​ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្មាស់ នៅ​ចំពោះមនុស្ស​លោក​ឡើយ ៖

« [ហើយ] ត្បិត​សេចក្ដី​ដែល​អ្នក​ត្រូវ​និយាយ ​នោះនឹង​បានប្រទាន​ដល់​អ្នក​នៅ​ម៉ោង​នោះ …» ( គ. និង ស. 100:5–6) ។

សៀវភៅ​ប្រកាស​ដំណឹងល្អ​របស់យើង រំឭក​យើង​ថា « គ្មាន​អ្វី​កើត​ឡើងក្នុងកិច្ចការ​ផ្សាយសាសនា​ទេ ទាល់​តែ [យើង] ស្វែងរក​នរណា​ម្នាក់​បង្រៀន ។ និយាយ​ជាមួយ​មនុស្ស​ឲ្យ​បាន​ច្រើន​រាល់​ថ្ងៃ ។ វា​គឺ​ជាធម្មជាតិ ឲ្យ​ងាយ​យល់​នូវ​អ្វី​មួយ អំពី​ការ​និយាយ​ទៅ​កាន់​មនុស្សម្នាក់ ប៉ុន្តែ​អ្នក​អាច​អធិស្ឋានសម្រាប់​សេចក្ដី​ជំនឿ និង​កម្លាំង ដើម្បី​កាន់​តែ​មាន​ភាព​ក្លាហាន នៅ​ក្នុង​ការ​បើក​មាត់​របស់​អ្នក ប្រកាស​ដំណឹងល្អ ដែល​បាន​ស្ដារ​ឡើងវិញ » ​([ ឆ្នាំ 2004 ] ទំព័រ 156–57) ។ អ្នក​ផ្សាយសាសនាពេញ​ម៉ោង បើ​អ្នក​ចង់​បង្រៀន​កាន់​តែ​ច្រើន នោះ​អ្នក​ត្រូវ​តែ​និយាយ​ទៅ​មនុស្សឲ្យ​ច្រើន​រាល់​ថ្ងៃ ។ នេះ​តែងតែ​ជា​អ្វី​ដែល​ព្រះអម្ចាស់ បាន​បញ្ជូន​អ្នក​ផ្សាយសាសនា​ឲ្យ​ទៅ​ធ្វើ ។

ព្រះ​អម្ចាស់​ស្គាល់​យើង ។ ទ្រង់​ដឹង​ថា យើង​មាន​ឧបសគ្គ ។ ខ្ញុំ​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មួយ​ចំនួន​​អាច​មាន​អារម្មណ៍​ជា​បន្ទុក​ធ្ងន់ ប៉ុន្តែ​ខ្ញុំ​អធិស្ឋាន​សូម​កុំ​ឲ្យ​មាន​នរណា​ម្នាក់ មាន​អារម្មណ៍​ថា ការ​ឈោង​ទៅជួយ​​តាម​ធម្មតា និង​រីករាយ ដើម្បី​ចែកចាយដំណឹងល្អ​នឹង​ទៅ​ជា​បន្ទុកនោះ​ឡើយ ។ ប៉ុន្តែ​វា​ជា​ឯក​សិទ្ធិ​មួយ​វិញ​ទេ ! គ្មាន​ក្ដីអំណរ​ណា​ក្នុង​ជីវិត អស្ចារ្យ​ជាង​ការ​ចូលរួម​ក្នុង​ការ​បម្រើ​នៃ​ព្រះអម្ចាស់​​ទេ ។

គន្លឹះ គឺ​ថា​អ្នក​ត្រូវ​បាន​បំផុស​ពីព្រះ ថា​អ្នក​ទូលសូម​ទ្រង់​នូវ​ការ​ដឹកនាំ បន្ទាប់​មក​ទៅ ហើយ​ធ្វើ​ដូច​ដែល​ព្រះវិញ្ញាណ​ប្រាប់ ។ ពេល​សមាជិក​មើល​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​ថា ជា​ការ​ទទួលខុសត្រូវ​របស់​ពួកគេ​តែ​ឯង វា​អាច​គួរ​ឲ្យ​ខ្លាច ។ ពេល​ពួកគេ​មើល​វា ជា​ការអញ្ជើញ​ឲ្យ​ដើរ​តាម​ព្រះ ក្នុង​ការ​នាំ​ព្រលឹង​មក​រក​ទ្រង់ ទទួល​ការ​បង្រៀន​ដោយ​អែលឌើរ​ និង​ស៊ីស្ទើរ​ពេញម៉ោង នោះ​វា​ជា​ការ​បំផុស រឹងប៉ឹង និង​​លើក​តម្កើង ។

យើង​ពុំ​សុំ​ឲ្យ​មនុស្ស​គ្រប់គ្នា​ធ្វើ​អ្វី​គ្រប់យ៉ាង​នោះ​ទេ ។ យើង​គ្រាន់​តែ​សុំ​ឲ្យ​សមាជិក​ទាំងអស់​ឲ្យ​​អធិស្ឋាន ដើម្បី​ដឹង​ថា បើ​​សមាជិក​គ្រប់រូប ទាំង​ចាស់ ទាំង​ក្មេង នឹង​ឈោង​ទៅជួយ « មនុស្ស​ម្នាក់ » ចន្លោះ​ពីពេលនេះ ដល់​បុណ្យគ្រីស្ទម៉ាស នោះ​មនុស្ស​រាប់​លាន​នឹង​ទទួល​ក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់ យេស៊ូវ​គ្រីស្ទ ។ ហើយ​នោះ​ជា​អំណោយ​ដ៏អស្ចារ្យ​ចំពោះព្រះអង្គសង្គ្រោះ ។

ប្រាំមួយ​សប្ដាហ៍​កន្លង​ទៅ ខ្ញុំ​បាន​ទទួល​សំបុត្រ​មួយច្បាប់​ពី​គ្រួសារ​សមាជិក​អ្នកផ្សាយសាសនា​ដ៏​ជោគជ័យ​ម្នាក់ គឺ​គ្រួសារ មុនស៍ នៅ​រដ្ឋ​ ផ្ល័ររីដា ។ ពួកគេ​សរសេរ​ថា ៖

« អែលឌើរ បាឡឺដ ជា​ទីស្រឡាញ់ រយៈពេល 30 នាទី​បន្ទាប់ពី​ការចាក់​ផ្សាយ​ទូទាំងពិភពលោក អំពី​ការ​ពន្លឿន​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ នោះ​យើង​បាន​មាន​ក្រុមប្រឹក្សា​ផ្សាយសាសនាជា​គ្រួសារ ។ យើង​រីករាយ​ដែល​ដឹង​ថា ចៅ​ជំទង់​របស់​យើង ចង់​ចូលរួម​ដែរ ។ យើង​រីករាយ​នឹង​រាយការណ៍​ថា ចាប់តាំង​ពី​ការ​ប្រជុំ​ក្រុមប្រឹក្សា​យើង​មក នោះ​យើង​បាន​ពង្រីក​បញ្ជី​ការ​បង្រៀន​គ្រួសាររបស់​យើង ដល់ទៅ 200 ភាគ​រយ ។

« យើង​មាន​ចៅៗ​នាំ​មិត្ត​មក​ព្រះវិហារ ហើយ​បាន​រីករាយនឹង​ការប្រជុំ​សាក្រាម៉ង់ ជាមួយ​នឹង​មិត្ត​ពុំសូវសកម្ម​របស់​យើង​មួយចំនួន ហើយ​បាន​មាន​អ្នក​ថ្មី​មួយចំនួន ដែល​បាន​តាំងចិត្ត​នឹង​រៀន​ជាមួយអ្នកផ្សាយសាសនា ។ ស្ត្រី​ពុំ​សូវ​សកម្ម​យើង​ម្នាក់ ពុំ​គ្រាន់​តែ​ត្រឡប់មក​ព្រះវិហារ​វិញ​ទេ តែ​បាន​នាំ​អ្នក​រៀន​ថ្មី​មក​ជាមួយ​គាត់​ផងដែរ ។

« គ្មាន​នរណា​ម្នាក់​បាន​បដិសេធ​ការអញ្ជើញ​ឲ្យ​ទទួល​ការ​រៀន​ពីអ្នកផ្សាយសាសនា​ទេ ។ ឱ​នេះ​ជា​ពេល​ដ៏​រំភើប​មួយ ដើម្បី​ធ្វើ​ជា​សមាជិក​នៃ​សាសនាចក្រ​នេះ » ( សំបុត្រ​ផ្ទាល់​ខ្លួន ថ្ងៃ​ទី 15 ខែ ​សីហា ឆ្នាំ 2013) ។

ចូរស្ដាប់​ការ​បំផុស​ពី​ព្រះវិញ្ញាណ ។ ចូរ​ទូល​អង្វរ​ព្រះ​ក្នុង​ការ​អធិស្ឋាន​ដ៏​ខ្លាំង ។ ចូរ​ចូលរួម​ក្នុង​ការ​ធ្វើ​អ្វី​ដែល​អ្នក​អាច ក្នុង​ការ​ចែក​សារលិខិត​នៃ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់ព្រះយេស៊ូវ​គ្រីស្ទ​ដ៏អស្ចារ្យ ។

ខ្ញុំ​ដក​ស្រង់​ពី​សមាជិក​ផ្សាយសាសនា​ដ៏ជោគជ័យ​មួយទៀត​គឺ ក្លេតុន គ្រីស្ទានសិន ៖ « រាល់​ពេល​ដែល​អ្នក​ចាប់​ដៃ​នរណា​ម្នាក់ ហើយ​ណែនាំ​គាត់ ឬ​នាង​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​អ្នក​នឹង​ទទួល​អារម្មណ៍ថា​ព្រះអង្គសង្គ្រោះ​ស្រឡាញ់​អ្នក​ខ្លាំង​ប៉ុណ្ណា ហើយ​ស្រឡាញ់​មនុស្ស​ដែល​អ្នក​ចាប់​ដៃ​យ៉ាង​ណា » (​The Power of Everyday Missionaries: The What and How of Sharing the Gospel [ ឆ្នាំ 2013] ទំព័រ 1 ) ។

សូម​ព្រះប្រទាន​ពរ​អ្នក បងប្អូនប្រុសស្រី ឲ្យ​រកបាន​​ក្ដីអំណរដ៏​​មហិមា ដែល​កើត​មាន​ពី​ការ​ជួប​នឹង​អព្ភូតហេតុ​ តាមរយៈ​ជំនឿ​អ្នក ។ ដូច​យើង​បាន​រៀន​ក្នុង​មរ៉ូណៃ​ជំពូក 7 ថា ៖

« ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង នោះ​អ្នករាល់គ្នា​នឹង​មាន​អំណាច ប្រយោជន៍​នឹង​ធ្វើ​នូវ​អ្វីៗ​ដែល​ជា​ការ​ចាំ​បាច់​ដល់​យើង ។ …

« … ត្បិត​ដោយ​សារ​សេចក្ដី​ជំនឿ​នេះ​ហើយ ទើប​ពួក​ទេវតា​លេច​មក ហើយ​ធ្វើ​ការងារ​បម្រើ​ដល់​មនុស្ស ហេតុដូច្នោះ​ហើយ បើ​សិនជា​ឈប់​មាន​ការណ៍​អស់​ទាំង​នេះ នោះ​វេទនាហើយ​កូនចៅ​មនុស្ស ត្បិត​គឺ​ដោយ​មក​ពី​ការ​ឥត​ជំនឿ នោះ​អ្វីៗ​ទាំងអស់​ក៏​ឥត​ប្រយោជន៍​ដែរ » ( មរ៉ូណៃ 7:33, 37) ។

ចេញ​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​ខ្ញុំ ខ្ញុំ​អាច​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​អ្នក​ថា ព្រះអម្ចាស់​នឹង​ស្ដាប់​ឮ​ការ​អធិស្ឋាន​របស់​អ្នក ហើយ​អ្នក​នឹងមាន​ឱកាស​ជា​ច្រើន​ឥឡូវ​នេះ និង​ឆ្នាំ​ខាង​មុខៗ​ទៀត ដើម្បីណែនាំ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទៅ​កាន់​កូនចៅ​ដ៏​មាន​តម្លៃ​របស់​ព្រះបិតាសួគ៌​ ។ ប្រធាន ម៉នសុន យើង​បាន​ស្ដាប់ ។ យើង​នឹង​ខិតខំ​ស្វែងរកអ្នក​ដែល​រៀបចំ​ខ្លួន ។ ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​យើង​ទាំងអស់​គ្នា​អាច​មាន​​បទពិសោធន៍​ក្ដី​អំណរ​ដ៏​មហិមា ដែល​កើត​មាន​ពី​កិច្ចការ​ផ្សាយសាសនា ក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។