ឆ្នាំ ២០១០-២០១៩
ការបង្រៀន​ដោយ​អំណាច និង​សិទ្ធិ​អំណាច​ពីព្រះ
តុលា 2013


ការបង្រៀន​ដោយ​អំណាច និង​សិទ្ធិ​អំណាច​ពី​ព្រះ

ព្រះអម្ចាស់​បាន​ផ្ដល់​ផ្លូវ​សម្រាប់​ពួកបរិសុទ្ធ​សក្ដិសម​គ្រប់រូប ដើម្បី​បង្រៀន​តាម​មាគ៌ាទ្រង់។​

យើង​មាន​អំណរ​គុណ​ហួស​ប្រមាណ​ចំពោះ​គ្រូប​ង្រៀន​នៅ​ទូទាំង​សាសនាចក្រ ។ យើង​ស្រឡាញ់​អ្នក ហើយ​មាន​ទំនុកចិត្ត​ដ៏​ខ្លាំង​ទៅ​លើ​អ្នក ។ អ្នក​គឺ​ជា​អព្ភូតហេតុ​ធំ​មួយ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។

មាន​អាថ៌កំបាំ​ង​មួយ ដើម្បី​ក្លាយ​ជា​គ្រូ​បង្រៀន​ដំណឹងល្អ​ដ៏​ជោគជ័យ ដើម្បី​បង្រៀន​ដោយ​អំណាច និង​សិទ្ធិអំណាច​ពីព្រះ ។ ខ្ញុំ​សូម​ប្រើ​ពាក្យ អាថ៌កំបាំង ដោយ​សារ​គោលការណ៍​ដែល​ភាព​ជោគ​ជ័យ​របស់​គ្រូបង្រៀន​អាស្រ័យ​លើ អាច​ត្រូវ​បាន​យល់​តែ​ដោយ​អ្នក​ទាំងឡាយ ដែល​មាន​ទីបន្ទាល់​ពី​អ្វី​ដែល​កើត​ឡើង​នៅ​ព្រឹក​ដ៏​ស្រស់​ស្អាត នៅ​ដើម​និទាឃ​រដូវ​ឆ្នាំ 1820 ។

ក្នុង​ចម្លើយ​ដល់​ការអធិស្ឋាន​ដោយ​រាបសារ​របស់​ក្មេង​ប្រុស​អាយុ 14 ឆ្នាំ ស្ថាន​សួគ៌​ត្រូវ​បាន​បើក ។ ព្រះ​ជា​ព្រះបិតា​អស់កល្ប និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ បាន​លេច​មក ហើយ​មាន​បន្ទូល​ទៅ​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ ការ​រង់ចាំ​ជា​យូរ​នៃ​ការ​ផ្គុំ​ដូច​ដើម​នូវ​រឿង​ទាំង​អស់ បាន​ចាប់​ផ្ដើម ហើយ​គោលការណ៍​នៃ​វិវរណៈ ត្រូវ​បាន​ស្ថាបនា​ឡើង​​នៅ​គ្រា​កាន់កាប់​ត្រួតត្រា​យើង​ជា​រៀង​រហូត ។ សារ​របស់​យ៉ូសែប និង​សារ​របស់​យើង​ដល់​ពិភពលោក អាច​សង្ខេប​ជា​ពាក្យ​ពីរម៉ាត់ ៖ « ព្រះ​មានបន្ទូល » ។ ទ្រង់​មាន​បន្ទូល​ពីបុរាណ ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូសែប ហើយ​ទ្រង់​នឹង​មាន​បន្ទូល​ទៅ​កាន់អ្នក ។ នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ខុស​ពី​គ្រូ​បង្រៀន​ផ្សេង​ទៀត​ទាំង​អស់​ក្នុង​ពិភពលោក ។ នេះ​ជា​មូលហេតុ​ដែល​អ្នក​មិន​អាច​បរាជ័យ ។

អ្នក​ត្រូវ​បាន​ហៅ​ដោយ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ និង​វិវរណៈ ហើយ​ត្រូវ​បាន​ញែក​ចេញ​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព ។ តើ​វា​មានន័យ​យ៉ាង​ណា ?

ទីមួយ វា​មានន័យ​ថា អ្នក​ស្ថិត​នៅ​ក្នុង​កិច្ចការ​របស់ព្រះ ។ អ្នក​ជា​ភ្នាក់ងារ​ទ្រង់ ហើយ​អ្នក​ត្រូវ​បាន​ទទួល​សិទ្ធិ​អំណាច និង​អំណាច​ដើម្បី​ជា​តំណាង​ទ្រង់ ហើយ​ធ្វើ​កិច្ចការ​ជំនួស​ទ្រង់ ។ ក្នុង​នាម​ជា​ភ្នាក់ងារ​ទ្រង់ អ្នក​មាន​សិទ្ធិ​ទទួល​ជំនួយ​ទ្រង់ ។ អ្នក​ត្រូវ​សួរ​ខ្លួន​ឯងថា « តើ​ព្រះអង្គសង្គ្រោះ​នឹង​មាន​បន្ទូល​អ្វី​ខ្លះ បើ​ទ្រង់​កំពុង​បង្រៀន​ក្នុង​ថ្នាក់រៀន​ខ្ញុំ​ថ្ងៃ​នេះ ហើយ​តើ​ទ្រង់​នឹង​មាន​បន្ទូល​ដោយ​របៀប​ណា » ? អ្នក​ត្រូវ​ធ្វើ​ដូច្នោះ ។

ការ​ទទួល​ខុសត្រូវ​នេះ អាច​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​មិន​សក្ដិសម​ខ្លះៗ ឬ​ការ​ភ័យ​ខ្លាច​ផងដែរ។ ផ្លូវ​មិន​លំបាក​ទេ។ ព្រះអម្ចាស់​បាន​ផ្ដល់​ផ្លូវ​សម្រាប់​ពួក​បរិសុទ្ធ​សក្ដិសម​គ្រប់រូប ដើម្បី​បង្រៀន​តាម​មាគ៌ាទ្រង់។​

ទីពីរ អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​មិន​ត្រូវ​បង្រៀន​ចេញ​ពី​គំនិត ឬ​ទស្សនៈ​ផ្ទាល់​ខ្លួន​ផ្សំ​នឹង​គម្ពីរ​ទេ ។ ដំណឹង​ល្អ​គឺ​ជា « ព្រះចេស្ដា​នៃ​ព្រះ​ដល់​សេចក្ដីសង្គ្រោះ » 1 ហើយ​មាន​តែ​តាម​ដំណឹង​ល្អ​ប៉ុណ្ណោះ ដែល​យើង​ត្រូវ​បាន​សង្គ្រោះ ។

ទីបី អ្នក​ត្រូវ​បាន​បញ្ជា​ឲ្យ​បង្រៀន​គោលការណ៍​នៃ​ដំណឹង​ល្អ នៅ​ពេល​វា​មាន​ក្នុង​គម្ពីរ​ក្នុង​សាសនាចក្រ ដើម្បី​បង្រៀន​ប្រសាសន៍​ពួកសាវក និង​ព្យាការី​បច្ចុប្បន្ន និង​បង្រៀន​ពី​អ្វី​ដែលព្រះវិញ្ញាណ​បង្រៀន​ដល់​អ្នក ។

ដូច្នេះ តើ​យើង​ចាប់​ផ្ដើម​ត្រង់​កន្លែង​ណា ?

ទំនួល​ខុសត្រូវ​ដំបូង និង​សំខាន់​បំផុត​របស់​យើង គឺ​រស់នៅ​ឲ្យ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​អ្នកដឹកនាំ និង​ដៃគូ​យើង ។ នៅ​ពេល ហៃរុម ស៊្មីធ បាន​ព្យាយាម​ចូលរួម​ក្នុង​កិច្ចការ​ថ្ងៃ​ចុង​ក្រោយ​នេះ នោះ​ព្រះអម្ចាស់​មាន​បន្ទូល​ថា « មើល​ចុះ នេះ​ជា​កិច្ចការ​របស់​អ្នក គឺ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​យើង មែន​ហើយ ឲ្យ​អស់​ពី​ពលំ អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក » ។2 នេះ​គឺ​ជា​ចំនុច​ចាប់​ផ្ដើម ។ ព្រះអម្ចាស់​បាន​ប្រឹក្សា​ដល់​ហៃរ៉ុម ដូច​គ្នា​នឹង​ការ​ប្រឹក្សា​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ​គ្រប់​ជំនាន់​ដែរ ។

គណៈ​ប្រធាន​ទីមួយ បាន​ថ្លែង​ទៅ​កាន់​គ្រូ​បង្រៀន​បច្ចុប្បន្នថា ៖ « ចំណែក​ដ៏​សំខាន់​នៃ​ការ​បម្រើ​របស់​អ្នក នឹង​ជា​ការ​រៀបចំ​ខាង​វិញ្ញាណ​ប្រចាំ​ថ្ងៃ​របស់​អ្នក រួម​មាន​ការ​អធិស្ឋាន ការ​សិក្សា​គម្ពីរ និង​ការគោរព​បញ្ញត្តិ ។ យើង​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​បូជា​ខ្លួន​អ្នក​ក្នុងការ​រស់​នៅ​តាម​ដំណឹង​ល្អ ដោយ​មាន​គោលបំណង​កាន់​តែ​ខ្លាំង​ជាង​មុន » ។3

វា​សំខាន់​ដែល​គណៈ​ប្រធាន​ទីមួយ ពុំ​និយាយ​ថា ចំណែកដ៏​សំខាន់​បំផុត​នៃ​ការ​បម្រើ​របស់​អ្នក គឺ​ជា​ការ​រៀបចំ​មេរៀន​គេ​ឲ្យ​ល្អ ឬ​ឲ្យ​ចេះ​ស្ទាត់​នូវ​វិធីបង្រៀន​ផ្សេងៗ​នោះ ។ ប្រាកដ​ណាស់ អ្នក​ត្រូវ​ឧស្សាហ៍​រៀបចំ​មេរៀន​និមួយៗ ហើយ​ព្យាយាម​រៀន​របៀប​ដែល​អ្នក​អាច​បង្រៀន ដើម្បី​ជួយ​ដល់​សិស្ស​ឲ្យ​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​គេ ហើយ​អនុញ្ញាត​ឲ្យ​ដំណឹងល្អ ចាក់ចូល​ក្នុង​ចិត្ត​ពួកគេ ប៉ុន្តែ​ចំណែក​ដំបូង និង​សំខាន់​បំផុត​នៃ​ការ​បម្រើ​អ្នក គឺ​ការ​រៀបចំ​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន​អ្នក ។ នៅ​ពេល​អ្នក​ធ្វើ​តាម​ការ​ប្រឹក្សា​នេះ គណៈ​ប្រធាន​ទីមួយ​បាន​សន្យា​ថា ៖ « ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ។ ទីបន្ទាល់​អ្នក​នឹង​រីក​ចម្រើន ការ​ផ្លាស់ប្រែចិត្ត​ជឿ​អ្នក នឹង​មាន​កាន់​តែ​ខ្លាំង ហើយ​អ្នក​នឹង​ត្រូវ​បាន​ពង្រឹង​ឲ្យ​ប្រឈម​នឹង​ឧបសគ្គ​នានា​នៃ​ជីវិត » ។4

តើ​ពរជ័យ​ដ៏​អស្ចារ្យ​អ្វី​ខ្លះ ដែល​គ្រូ​បង្រៀន​ប្រាថ្នា​ចង់បាន ?

បន្ទាប់​មក ព្រះអម្ចាស់​បាន​បញ្ជា​ថា មុន​ពេល​យើង​ព្យាយាម​ប្រកាស​បន្ទូល​ទ្រង់ យើង​ត្រូវ​ស្វែង​រក​ឲ្យ​បាន​បន្ទូល​ជា​មុនសិន ។5អ្នក​ត្រូវ​ក្លាយ​ជា​បុរស​ស្ត្រី​ដែល​យល់​ដឹង​ច្រើន ដោយ​ការ​ស្រាវជ្រាវ​បទគម្ពីរ និង​ដោយ​ការ​រក្សា​វា​ទុក​ក្នុងចិត្ត​អ្នក ។ បន្ទាប់​មក នៅ​ពេល​អ្នក​សូម​ជំនួយ​ព្រះ នោះ​ទ្រង់​ប្រទាន​ពរ​អ្នក​ជាមួយ​នឹង​ព្រះ​វិញ្ញាណ និង​បន្ទូល​ទ្រង់ ។ អ្នក​នឹង​មាន​អំណាច​នៃ​ព្រះ​ដើម្បី​ផ្លាស់ប្រែ​ចិត្ត​មនុស្ស ។

ប៉ុល​ប្រាប់​យើង​ថា ដំណឹង​ល្អ​មក​កាន់​មនុស្ស​តាម​របៀប​ពីរ​យ៉ាង គឺ​តាម​ព្រះបន្ទូល និង​តាម​អំណាច ។6 ព្រះ​បន្ទូល​នៃ​ដំណឹង​ល្អ ត្រូវ​បាន​សរសេរ​ក្នុង​គម្ពីរ ហើយ​យើង​អាច​ទទួល​បាន​ព្រះ​បន្ទូល តាម​រយៈ​ការ​ស្រាវជ្រាវ​ដោយ​ឧស្សាហ៍ ។ អំណាច​នៃ​ដំណឹងល្អ កើត​មានក្នុង​ជីវិត​នៃ​អ្នក ដែល​រស់នៅ ដោយ​មាន​ព្រះវិញ្ញាណ​ជា​ដៃគូ​ពួកគេ ហើយ​ដែល​ធ្វើតាម​ការ​បំផុសគំនិត​ដែល​ពួកគេ​ទទួល​បាន ។ មនុស្ស​មួយចំនួន​យកចិត្ត​ទៅ​លើ​តែ​ការ​ទទួល​ព្រះបន្ទូល ហើយ​គេ​ក្លាយជា​អ្នក​ជំនាញ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន ។ អ្នក​ខ្លះទៀត ធ្វេស​ប្រហែល​ក្នុងការ​រៀបចំ​របស់​ពួកគេ ហើយ​សង្ឃឹម​ថា ព្រះ​អម្ចាស់​នឹង​ជួយ​ពួកគេ​ ។ អ្នក​មិន​អាច​រំពឹង​ឲ្យ​ព្រះវិញ្ញាណ​ជួយ​អ្នក​ចាំ​បទគម្ពីរ និង​គោលការណ៍​នានា ដែល​អ្នក​ពុំ​បាន​សិក្សា ឬ​ពិចារណា​ឡើយ ។ ដើម្បី​បង្រៀន​ដំណឹង​ល្អ​ដោយ​ជោគជ័យ អ្នក​ត្រូវ​តែ​មាន​ទាំង​ព្រះបន្ទូល និង​អំណាច​នៃ​ដំណឹងល្អ ក្នុង​ជីវិត​អ្នក ។

អាលម៉ា យល់​គោលការណ៍​ទាំងនេះ នៅ​ពេល​គាត់​អរសប្បាយ​នឹង​បុត្រា​នៃ​ម៉ូសាយ និង​របៀប​ដែល​ពួកគេ​បង្រៀន​ដោយអំណាច និង​សិទ្ធិអំណាច​ពី​ព្រះ ។ យើង​អាន​ថា ៖

« ពួកគេ​បាន​មាំ​មួន​នៅ​ក្នុង​ការ​ស្គាល់​ពី​សេចក្ដី​ពិត ព្រោះ​ពួក​គេ​ជា​មនុស្ស​ដែល​មាន​យោបល់​ដ៏​ជ្រាល​ជ្រៅ ហើយ​គេ​បាន​ព្យាយាម​ពិចារណា​មើល​បទគម្ពីរ ដើម្បី​ឲ្យ​គេ​អាច​ស្គាល់​ព្រះបន្ទូល​នៃ​ព្រះ ។

« ប៉ុន្តែ​នេះ​ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ ពួកគេ​បាន​ប្រគល់​ខ្លួន​ទៅ​ក្នុង​ការ​អធិស្ឋាន និង​ការតមអាហារ​ជា​ច្រើន ហេតុ​ដូច្នេះ​ហើយ ពួកគេ​ប្រកប​ដោយ​វិញ្ញាណ … នៃ​វិវរណៈ » ។7

បន្ទាប់​មក អ្នក​ត្រូវ​រៀន​ស្ដាប់ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​គោលការណ៍​នេះ​ទៅ​អ្នក​ផ្សាយសាសនា ។ ខ្ញុំ​នឹង​ដក​ស្រង់​​ប្រសាសន៍​អែលឌើរ ហូឡិន ប៉ុន្តែ​បាន​យក​ពាក្យ អ្នក​ផ្សព្វផ្សាយ​សាសនា និង​សាសនា​គន់​ការី ជំនួស​ដោយ​ពាក្យ គ្រូបង្រៀន និង​សិស្ស​ថា ៖ « ទីពីរ ទំនួល​ខុស​ត្រូវ​តែ​មួយ​គត់​របស់ [ គ្រូ​បង្រៀន ] ដែល​ត្រូវ​ស្ដាប់​ព្រះវិញ្ញាណ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ ដែល​គាត់​ត្រូវ​ស្ដាប់​ [ សិស្ស ] ពួកគាត់ ។ …បើ​យើង​ស្ដាប់​ដោយ​ត្រចៀក​ខាង​វិញ្ញាណ … នោះ [ សិស្ស​យើង ] នឹង​ប្រាប់​យើង នូវ​មេរៀន​ដែល​ពួកគេ​ត្រូវ​ការ​ស្ដាប់ ! » ។

អែលឌើរ ហូឡិន បាន​បន្ដ​ថា ៖ « ភាព​ពិត​នៃ​បញ្ហា​គឺ [ គ្រូបង្រៀន ] នៅតែ​ផ្ដោត​ទៅ​លើ​ការ​ផ្ដល់​មេរៀន​ងាយៗ និង​ដដែលៗ ជា​ជាង​ផ្ដោត​ទៅ​លើ [ សិស្ស ] របស់​ពួកគេ​ម្នាក់ៗ » ។ 8

បន្ទាប់​ពី​អ្នក​បាន​រៀបចំ​ខ្លួន និង​មេរៀន​អស់ពី​លទ្ធភាព​យើង​ហើយ នោះ​អ្នក​ត្រូវ​ទុក​ឲ្យ​ព្រះវិញ្ញាណ​ជា​អ្នក​ដឹកនាំ ។ ពេល​មាន​ការ​បំផុស​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះអ្នក​ត្រូវហ៊ាន​ទុក​គម្រោង​មេរៀន និង​ការកត់​ចំណាំ​អ្នក​មួយ​អន្លើរ ហើយ​ចាប់​ចំណុច​ដែល​ការ​បំផុស​ពី​ព្រះវិញ្ញាណ​បាន​ផ្ដល់​មក​អ្នក​វិញ ។ នៅ​ពេល​អ្នក​ធ្វើ​ដូចនេះ មេរៀន​ដែល​អ្នក​ផ្ដល់​ឲ្យ​គឺ​មិន​ក្លាយ​ជា​មេរៀន​អ្នក​ទេ ប៉ុន្តែ​វា​ក្លាយ​ជា​មេរៀន​របស់​ព្រះអង្គ​សង្គ្រោះ ។

នៅ​ពេល​អ្នក​ឧទ្ទិស​ខ្លួន​រស់​នៅ​តាម​ដំណឹង​ល្អ ដោយ​មាន​គោល​បំណង​កាន់​តែ​ខ្លាំង​ជាង​មុន ហើយ​ស្រាវជ្រាវ​គម្ពីរ រក្សា​នៅ​ក្នុង​ដួងចិត្ត នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដដែល ដែល​បាន​បើក​សម្ដែង​ពាក្យ​ទាំង​នេះ​ទៅ​ដល់​ពួក​សាវក និង​ព្យាការី​ពី​បុរាណ នឹង​ថ្លែង​ទីបន្ទាល់​មក​អ្នក​ពី​សេចក្ដី​ពិត​វិញ ។ ជា​សំខាន់ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បើក​សម្ដែង​វា​ជា​ថ្មី​ដល់​អ្នក ។ នៅ​ពេល​ការណ៍​នេះ​កើត​ឡើង ពាក្យ​ដែល​អ្នក​អាន​ឈប់​ជា​ពាក្យ​របស់​នីហ្វៃ ឬ​ប៉ុល ឬ​អាលម៉ា​ទៀត​ហើយ តែ​វា​ក្លាយ​ជា​ពាក្យ​របស់​អ្នក ។​ បន្ទាប់​មក នៅពេល​អ្នក​បង្រៀន នោះ​ព្រះវិញ្ញាណបរិសុទ្ធ នឹង​អាច​នាំ​អ្វី​គ្រប់​យ៉ាង​មក​​កាន់​ការ​ចងចាំ​របស់​អ្នក ។ ប្រាកដ​ណាស់ « ត្បិត​សេចក្ដី​ដែល​អ្នក​ត្រូវ​និយាយ នោះ​នឹង​បាន​ប្រទាន​ដល់​អ្នក នៅ​ម៉ោង​នោះ គឺ​នៅ​វេលា​នោះ​ឯង » ។9 នៅ​ពេល​រឿង​នេះ​កើត​ឡើង អ្នក​នឹង​ឃើញ​ថា​អ្នក​បាន​និយាយ​អ្វី​ដែល​អ្នក​ពុំ​បាន​ត្រៀម​ទុក ។ បើ​អ្នក​នឹង​យកចិត្ត​ទុកដាក់ នោះ​អ្នក​នឹង​រៀន​អ្វី​មួយ ពី​រឿង​ដែល​អ្នក​និយាយ ពេល​អ្នក​បង្រៀន ។ ប្រធាន ម៉ារ៉ុន  ជី រ៉មនី បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​តែងតែ​ដឹង នៅ​ពេល​ណា​ខ្ញុំ​កំពុង​និយាយ​ក្រោម​ការបំផុស​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយ​សារ​ខ្ញុំ​តែងតែ​រៀន​អ្វី​មួយ​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ » ។10 សូម​ចងចាំ​ថា គ្រូ​ម្នាក់​ក៏​ជា​សិស្ស​ម្នាក់​ដែរ ។

ទី​បញ្ចប់ អ្នក​ត្រូវ​តែ​ឈរ​ធ្វើ​ជា​សាក្សី​ឯករាជ្យ​ម្នាក់ នៃ​រឿង​នានា ដែល​អ្នក​​បង្រៀន ហើយ​មិន​មែន​ជា​ការ​បន្ទរ​ពាក្យ​ទាំងឡាយ​ក្នុង​សៀវភៅ ឬ​គំនិត​របស់​អ្នក​ដទៃ​ទេ ។ នៅ​ពេល​អ្នក​ទទួល​ទាន​បន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​ព្យាយាម​រស់​នៅ​តាម​ដំណឹង​ល្អ ដោយ​មាន​គោលបំណង​កាន់តែ​ខ្លាំង​ជាង​មុន នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នឹង​បង្ហាញ​ដល់​អ្នក​ថា រឿង​ដែល​អ្នក​កំពុង​បង្រៀន​ជា​ការពិត ។ នេះ​គឺ​ជា​វិញ្ញាណ​នៃ​វិវរណៈ ហើយ​វិញ្ញាណ​នេះ នឹង​នាំ​សារលិខិត​របស់​អ្នក​ទៅ​កាន់​ដួងចិត្ត​នៃ​អ្នក​ទាំងឡាយ ដែល​មាន​បំណង និង​មាន​ឆន្ទៈ​ទទួល​យក​វា ។

ឥឡូវ ចូរ​យើង​បញ្ចប់​ត្រង់​កន្លែង​យើង​បាន​ចាប់​ផ្ដើម — គឺ​ក្នុង​ព្រៃ​ពិសិដ្ឋ ។ ព្រោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ព្រឹក​និទាឃរដូវ​ដ៏​ស្រស់​ថ្លា​នោះ ពុំ​កន្លង​ទៅ​យូរ​ប៉ុន្មាន​ទេ អ្នក​មាន​សិទ្ធិ​បង្រៀន​ដោយ​អំណាច​ និង​សិទ្ធិ​អំណាច​នៃ​ព្រះ ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​ពី​កិច្ចការ​ដ៏​ឧឡារិក និង​ឯករាជ្យ​នេះ ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. រ៉ូម 1:16 ។

  2. គោលលទ្ធិ និង សេចក្ដី​សញ្ញា 11:20 ។

  3. គណៈ​ប្រធាន​ទី​មួយ នៅ​ក្នុង Teaching the Gospel in the Savior’s Way: A Guide to Come, Follow Me: Learning Resources for Youth ( ឆ្នាំ 2012 ) ទំព័រ 2 ។

  4. គណៈ​ប្រធាន​ទី​មួយ នៅ​ក្នុងTeaching the Gospel in the Savior’s Way, ទំព័រ 2 ។

  5. សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា 11:21 ។

  6. សូម​មើល  ថែស្សាឡូនីច​ទី 1:5 ។

  7. អាលម៉ា 17:2–3 ។

  8. ជែហ្វ្រី អរ ហូឡិន “The Divine Companionship” ( សុន្ទរកថា​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខា​សិលា​សម្រាប់​ប្រធាន​បេសកកម្ម​ថ្មី ថ្ងៃ​ទី 26 ខែ មិថុនា ឆ្នាំ 2009 ) ទំព័រ 7, 8 បណ្ណាល័យ ប្រវត្តិ​សាសានាចក្រ នៅ​ទីក្រុង សលត៍ លេក គូស​បញ្ជាក់​លើ​ទម្រង់​ដើម ។

  9. គោលលទ្ធិ និង សេចក្ដី​សញ្ញា 100:6 ។

  10. ម៉ារ៉ុន  ជី រ៉មនី នៅ​ក្នុង ប៊យដ៍ ឃេ.ផាកកឺ Teach Ye Diligently ( ឆ្នាំ 1975 ) ទំព័រ 304 ។