ឆ្នាំ ២០១០-២០១៩
កូនសោទៅ​កាន់​ការ​ការពារ​ខាង​វិញ្ញាណ
តុលា 2013


កូនសោទៅ​កាន់​ការ​ការពារ​ខាង​វិញ្ញាណ

សេចក្ដីសុខសាន្ដ អាច​តាំង​នៅ​ក្នុង​ចិត្ត​នៃ​មនុស្ស​ម្នាក់ៗ​ដែល​ងាក​មករក​គម្ពីរ ហើយទទួល​បាន​​​ការសន្យា​នៃ​ការការពារ និង​ការ​ប្រោសលោះ ។

ថ្មីៗ​នេះ​ ខ្ញុំ​បាន​ផ្សារភ្ជាប់​ឲ្យ​គូស្វាមីភរិយា​វ័យ​ក្មេង​មួយគូរ​ក្នុង​ព្រះវិហារបរិសុទ្ធ ។ គូ​នេះ បាន​រក្សា​ខ្លួន​ពួកគេ​សក្ដិសម​ដើម្បី​មក​ដល់​ថ្ងៃ​ដ៏អស្ចារ្យ ពេល​កូនប្រុស និង​កូន​ស្រី​ចេញ​ពីភាពជា​​យុវវ័យ ក្លាយជា​ស្វាមីភិរិយា ។ ក្នុងឱកាស​ពិសិដ្ឋ​នេះ ពួកគេ​បរិសុទ្ធ និង​ស្អាតស្អំ ។ ដល់​ពេល​មួយ ពួកគេ​នឹង​ចាប់​ផ្ដើម​បង្កើតកូន​ចៅ​ផ្ទាល់​ខ្លួន ស្របតាម​គំរូ​ដែល​បាន​ស្ថាបនា​ដោយ​ព្រះបិតាសួគ៌​យើង ។ សុភមង្គល​ពួកគេ និង​សុភមង្គល​នៃ​កូនចៅ​ជំនាន់​ក្រោយ អាស្រ័យលើ​ការ​រស់​នៅ​តាម​បទដ្ឋាន​ដែលបាន​ស្ថាបនា​ដោយ​ព្រះសង្គ្រោះ និង​បាន​ដាក់​​ក្នុង​ព្រះ​គម្ពីរទ្រង់​នោះ ។

ឪពុក​ម្ដាយ​សព្វថ្ងៃ ងឿង​ឆ្ងល់​បើ​​​មាន​កន្លែង​សុវត្ថិភាព​មួយ ដើម្បី​ចិញ្ចឹម​កូនចៅឬទេ ។ មាន កន្លែង​សុវត្ថិភាព​មួយ ។ ​នៅ​ក្នុង​គេហដ្ឋាន​ដែល​មាន​ដំណឹងល្អ​ជាចម្បង ។ យើង​ផ្ដោត​ទៅ​លើ​គ្រួសារ​ក្នុង​សាសនាចក្រ ហើយ​យើង​ប្រឹក្សា​ឪពុក​ម្ដាយ​គ្រប់​ទីកន្លែង​ឲ្យចិញ្ចឹម​កូនៗ​ពួកគេ​ក្នុង​សេចក្ដី​សុចរិត ។

សាវក​ប៉ុល បាន​ព្យាករ ហើយ​ព្រមាន​ថា « នៅ​​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់ ។

« ត្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួនឯង ទាំង​ស្រឡាញ់​ប្រាក់ អួតអាង​គឃរ មាន​ឫក​ខ្ពស់ ម្រមាថ​មើល​ងាយ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ រមិល​គុណ មាន​ចិត្ត​មិន​បរិសុទ្ធ

« មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្ដី​អធ្យោគ និយាយ​បង្កាច់គេ មិន​ចេះ​ទប់ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូលចិត្ត​នឹង​ការ​ល្អ

« ក្បត់​គេឥត​បើ​គិត មាន​ចិត្ត​ធំ ហើយ​ចូលចិត្ត​នឹង​ល្បែង​លេង​ជាជាង​ព្រះ

« គេ​មាន​ឫក​ពា​ជា​អ្នក​គោរព​ប្រតិបត្តិ​ដល់​ព្រះ ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​ព្រះចេស្ដា ៖ ដែល​មក​ដោយ​ការ​គោរព​ប្រតិបត្តិ​នោះ​ទេ » ។ 1

ប៉ុល​ក៏​បាន​ព្យាករ​ផងដែរ​ថា « ហើយ​ពួក​អាក្រក់​ និង​ពួក​ឆបោក គេ​នឹង​មាន​ជំនឿន​ជឿន​ទៅ​ខាង​សេចក្ដី​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង » ។ 2

ខគម្ពីរ​ទាំង​នេះ បម្រើ​ជា​ការ​ព្រមាន បង្ហាញ​ពីគំរូ​ដើម្បី​ចៀសវាង ។ យើង​ត្រូវ​តែ​ប្រយ័ត្ន និង​ឧស្សាហ៍ជានិច្ច ។ យើង​អាច​រំឭក​ការព្យាករណ៍​ទាំងនេះ​នីមួយៗ ហើយ​ដាក់​គូស​ចំណាំ​ជិត​នោះថា ​មាន​វត្តមាន និង​ជា​កង្វល់​ក្នុង​ពិភពលោក​សព្វថ្ងៃ ៖

គ្រាលំបាក-- មានវត្តមាន ។ យើង​រស់នៅក្នុង​គ្រា​​មិន​ទៀងទាត់ ។

ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ និង​អួត​អាង​--​មាន​វត្តមានក្នុង​​ចំណោម​យើង ។

មាន​ឫក​ខ្ពស់ ម្រមាថ​មើល​ងាយ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ រមិល​គុណ មាន​ចិត្ត​មិន​បរិសុទ្ធ​ មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស-- អ្វីៗ​ទាំង​អស់​នេះ​មាន​យ៉ា​ងច្រើន ។

ពួក​អាក្រក់​ និង​ពួក​ឆបោក ជាដើម-- មាន​វត្តមាន​នៅ​ជុំ​វិញ​យើង​ទាំង​អស់គ្នា ។

មរ៉ូណៃ ក៏​បាន​និយាយ​អំពី​អំពើ​ទុច្ចរិត​នៃ​ជំនាន់​យើង​ផងដែរ គាត់​ព្រមាន​ថា ៖

« កាល​ណា​អ្នក​រាល់គ្នា​ឃើញ​ការណ៍​ទាំង​នេះ កើត​ឡើង​ក្នុង​ចំណោម​អ្នករាល់គ្នា ...​អ្នករាល់គ្នា​ត្រូវ​ភ្ញាក់​រលឹក​ចំពោះ​ស្ថានភាព​ដ៏​ស្ញែង​ខ្លាច​របស់​អ្នក​រាល់​គ្នា ។ …

« ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​មរ៉ូណៃ ត្រូវ​បាន​បញ្ជា​ឲ្យ​សរសេរ​នូវ​ការណ៍​ទាំងនេះ ដើម្បី​ឲ្យ​អំពើ​អាក្រក់ ត្រូវ​បាត់​អស់​ទៅ ហើយ​ថា​ពេល​វេលា នឹង​មក​ដល់​ដែល​អារក្ស​សាតាំង​ពុំ​អាច​មាន​អំណាច​ទៅ​លើ​ដួង​ចិត្ត​នៃ​កូន​ចៅ​មនុស្ស​បាន​ទេ ប៉ុន្តែ​ពួកគេ​អាច​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ធ្វើ​ល្អ​ពុំ​ឈប់​ឈរ ដើម្បីឲ្យ​ពួកគេ​អាច​មក​ដល់​ប្រភព​នៃ​អស់​ទាំង​សេចក្ដី​សុចរិត និង​បាន​សង្គ្រោះ » ។ 3

ការ​ពិពណ៌នា​ដែល​ប៉ុល និង​មរ៉ូណៃ​បាន​ផ្ដល់​ឲ្យ​ជំនាន់​យើង គឺ​ត្រឹមត្រូវ​ណាស់ ដែល​ពុំ​អាច​បញ្ឈប់​បាន ។ ត្បិត​អ្វីៗ​ទាំងនោះ​ជា​ច្រើន អាច​ជា​ការរំខាន​ខ្លាំង និង​បាក់ទឹកចិត្ត​ផងដែរ ។ ទោះ​ជា​យ៉ាងណា ពេល​ខ្ញុំ​គិត​អំពី​អនាគត ខ្ញុំ​បាន​រំជួល​ចិត្ត​នឹង​អារម្មណ៍​សុទិដ្ឋិនិយម​ជា​វិជ្ជមាន ។​

នៅ​ក្នុង​វិវរណៈ​របស់​ប៉ុល បន្ថែម​ទៅ​លើ​បញ្ហា និង​ឧបសគ្គ​នានា នោះ​គាត់​ក៏​បាន​ប្រាប់​យើង​ពី​អ្វី​ដែល​យើង​អាច​ធ្វើ ដើម្បី​ការពារ​ខ្លួន​យើង​ដែរ​ថា ៖

« ចូរ​ឲ្យ​អ្នក​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន ហើយ​ជឿ​ប្រាកដ​វិញ ដោយ​ដឹង​ថា អ្នក​បាន​រៀន​សេចក្ដី​នោះ​ពី​អ្នក​ណា

« ហើយ​ថា តាំង​ពី​ក្មេង​តូច​មក អ្នក​បាន​ស្គាល់​បទគម្ពីរ​ទាំង​ប៉ុន្មាន ដែល​អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់​ទីសង្គ្រោះ ដែល​បាន​ដោយសារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ​យេស៊ូវ​ផង » ។ 4

បទគម្ពីរ​មាន​កូនសោ​ដើម្បី​បាន​ការ​ការពារ​ខាង​វិញ្ញាណ ។ វា​មាន​គោលលទ្ធិ និង​ច្បាប់ និង​ពិធីបរិសុទ្ធ​នានា ដែល​នឹង​នាំ​កូនចៅ​ម្នាក់ៗ​របស់ព្រះ​ឲ្យ​មាន​ទីបន្ទាល់​មួយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គសង្គ្រោះ​ និង​ព្រះប្រោសលោះ​របស់ពួកគេ ។

ដោយ​មាន​ការ​រៀបចំ​អស់ជាច្រើនឆ្នាំ នោះ​មាន​ការ​ខិតខំ​យ៉ាង​សន្ធឹក​ដើម្បី​ផលិត​ព្រះគម្ពីរ​នៅ​គ្រប់ភាសា ដែល​មានលេខ​យោង និង​សេចក្ដី​យោង ។ យើង​ព្យាយាម​ធ្វើ​ឲ្យ​មាន​សម្រាប់អស់​អ្នក​ដែល​ចង់​រៀន ។ វា​បង្រៀន​យើង​ថា​ត្រូវ​ទៅ​កន្លែង​ណា និង​ត្រូវ​ធ្វើ​អ្វី ។ វា​ផ្ដល់​ក្ដីសង្ឃឹម និង​ចំណេះ​ដឹង ។

ជាច្រើន​ឆ្នាំ​កន្លង​ទៅ អែលឌើរ អេស ឌិលវ៉ស្ស យ៉ាំង នៃ​ពួកចិតសិបនាក់ បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​មួយ​អំពី​ការ​អាន​គម្ពីរ ។ ស្ដេក​មួយ​មាន​បញ្ហា​តានតឹង និង​ការ​លំបាក​ក្នុងចំណោម​សមាជិក ហើយ​ត្រូវ​ផ្ដល់​ការ​ប្រឹក្សា​ជាចាំបាច់ ។

ខ្ញុំ​បាន​សួរ​ប្រធាន យ៉ាំង​ថា « តើ​ខ្ញុំ​គួរ​និយាយ​អ្វី​ខ្លះ ?»

គាត់​តប​ដោយ​សាមញ្ញ​ថា « ប្រាប់​ពួកគេ​ឲ្យ​អាន​គម្ពីរ » ។

ខ្ញុំ​បាន​សួរ « បទគម្ពីរ​មួយណា ? »

គាត់​និយាយ​ថា « វា​មិន​សំខាន់​ថា​ណាមួយ​ទេ ។ ចូរ​ប្រាប់​ពួកគេ​ឲ្យ​បើក​គម្ពីរ​មរមន ឧទាហរណ៍ ហើយ​ចាប់​ផ្ដើម​អាន​។ មិន​យូរ​ប៉ុន្មាន​អារម្មណ៍​សុខសាន្ដ និង​ការបំផុសគំនិត​នឹង​កើតមាន ហើយ​ដំណោះ​ស្រាយ​នឹង​មាន​វត្តមាន​ហើយ » ។

ធ្វើ​ឲ្យ​ការ​អាន​គម្ពីរ​ជា​ផ្នែក​មួយ​នៃ​ទម្លាប់​ទៀង​ទាត់​របស់អ្នក នោះ​ពរជ័យ​នឹង​មក​តាម​ក្រោយ ។ មាន​សម្លេង​ព្រមាន​ក្នុង​បទគម្ពីរ ប៉ុន្តែ​ក៏​មាន​នូវ​ការ​ចិញ្ចឹម​បីបាច់​ដ៏​អស្ចារ្យ​ផងដែរ ។

បើ​ភាសា​នៃ​បទគម្ពីរ​មើល​ទៅ​ចម្លែក ​ចំពោះ​អ្នក​ពេល​ដំបូង ចូរ​បន្ដ​អាន​វា ។ មិន​យូរ​ប៉ុន្មាន អ្នក​នឹង​ទទួល​ស្គាល់​ភាព​ស្រស់ស្អាត និង​អំណាច​ដែល​មាន​នៅ​លើ​ទំព័រ​ទាំងនោះ ។

ប៉ុល​និយាយ​ថា « គ្រប់​ទាំង​បទគម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​តម្រង់ និង​ការ​បង្ហាត់​ខាង​ឯសេចក្ដី​សុចរិត » ។ 5

អ្នក​អាច​សាក​ល្បង​ការសន្យា​នេះ​ដោយ​ខ្លួន​ឯង ។

យើង​រស់នៅ​ក្នុង​គ្រា​លំបាក តែ​យើង​អាច​មាន​សង្ឃឹម និង​ភាព​សុខសាន្ដ​សម្រាប់​ខ្លួន​យើង និង​គ្រួសារ​យើង ។ អ្នក​ដែល​រស់នៅ​ក្នុង​ភាព​សោកសៅ អស់សង្ឃឹម​ថា​កូន​នឹង​ពុំ​អាច​ត្រូវ​បាន​សង្គ្រោះ​ពី​ពិភពលោក មិន​ត្រូវ​ចុះ​ចាញ់​ឡើយ ។ « ​កុំ​ខ្លាចអី ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ » ។ 6 សេចក្ដី​សុចរិត មាន​អំណាច​ជាង​សេចក្ដី​ទុច្ចរិត ។

កុមារ​ត្រូវ​បាន​បង្រៀន​ឲ្យ​យល់​បទគម្ពីរ​តាំង​ពី​ក្មេង នឹង​បាន​ស្គាល់​ផ្លូវ ដែល​ពួកគេ​គួរ​ដើរ ហើយ​នឹង​មាន​ទំនោរ​បន្ត​ស្ថិត​នៅ​លើ​ផ្លូវកាន់តែខ្លាំង ។ អ្នកដែល​ឃ្លាត​​ចេញឆ្ងាយ នឹង​អាចត្រឡប់មក​វិញ ​ដោយមាន​​ជំនួយ នោះ​អាច​រក​ឃើញផ្លូវមកវិញ ។

កូន​ប្រុស​ម៉ូសាយ បាន​ទាស់​នឹង​សាសនាចក្រ​មួយរយៈ ប៉ុន្តែ​ក្រោយមក​បាន​ប្រែចិត្ត ហើយ​មាន​ការ​​ផ្លាស់ប្ដូរប្រកប​ដោយ​អានុភាព ។​ នៅ​គម្ពីរ​អាលម៉ា យើងអាន​ថា « ពួក​បុត្រា​នៃ​ម៉ូសាយ​ទាំង​នេះ  …បាន​មាំ​មួន​នៅ​ក្នុង​ការ​ស្គាល់ពី​សេចក្ដីពិត ព្រោះ​ពួកគេ​ជា​មនុស្ស​ដែល​មាន​យោបល់​ដ៏ជ្រាល​ជ្រៅ ហើយ​គេ​បាន​ព្យាយាម​ពិចារណា​មើល​បទគម្ពីរ ដើម្បី​ឲ្យ​គេ​អាច​ស្គាល់​ព្រះបន្ទូល​នៃ​ព្រះ » ។ 7

ប្រធាន យ៉ូសែប  អេហ្វ ស៊្មីធ មាន​អាយុ​ប្រាំឆ្នាំ ពេល​ឪពុក​លោក ហៃរុម ត្រូវ​គេ​សម្លាប់​នៅ​គុក​កាតធេច ។ ក្រោយមក យ៉ូសែប បានធ្វើដំណើរ​​ឆ្លងកាត់​ទី​វាល​ជាមួយ​នឹង​ម្ដាយ​មេម៉ាយ​របស់​លោក ។

នៅ​អាយុ 15 ឆ្នាំ លោក​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម​រដ្ឋ​ហាវ៉ៃ ។ គាត់​មាន​អារម្មណ៍​បាត់បង់ ឯកោ ហើយ​និយាយ​ថា ៖ « ខ្ញុំ​ព្រួយ​ចិត្ត​ណាស់ ។ … ខ្ញុំ​មានអារម្មណ៍​ដូចជា​ខ្ញុំ​អន់​យ៉ាង​ខ្លាំង​ក្នុងស្ថានភាព​នៃ​ភាព​ក្រីក្រ ការ​ខ្វះចំណេះដឹង និង​ប្រាជ្ញា ​ដែល​ជា​ក្មេង​ប្រុស​ម្នាក់ ខ្ញុំ​មិន​ហាន​មើល [គេ] ចំមុខ​ទេ » ។

ពេល​គិត​អំពី​ការ​លំបាក​របស់គាត់​នៅ​យប់​មួយ យុវជន​យ៉ូសែប បាន​សុបិន​ឃើញ​ថា គាត់​ធ្វើ​ដំណើរ យ៉ាង​លឿន​បំផុត​តាម​ដែលអាច​ធ្វើ​ទៅបាន ។ គាត់​បាន​យួរ​បង្វិច​តូចមួយ ។ ទីបំផុត គាត់​បាន​មក​ដល់​វិមាន​ដ៏ស្អាត​មួយ ដែល​ជា​ទិសដៅគាត់ ។ នៅ​ពេល​គាត់ចូល​ដល់ គាត់​ឃើញ​សញ្ញា​មួយ​ថា « ងូត​ទឹក » ។ គាត់​ប្រញាប់​ចូល​ទៅ ហើយ​លាង​ជម្រះ​ខ្លួន ។ គាត់​បាន​បើក​បង្វិច​តូច​គាត់ ហើយ​បាន​យក​ខោអាវ​ស្អាត ពណ៌ស​មក​ពាក់ ។ គាត់​និយាយ​ថា « ខោអាវស្អាត ខ្ញុំ​ពុំ​ធ្លាប់​បាន​ឃើញ​ជាយូរ​មក​ហើយ » ។ គាត់​បាន​ពាក់​វា ហើយ​បាន​ប្រញាប់​ដើរ​ចូល​តាមទ្វារ​វិមាន​នោះ ។

គាត់​និយាយថា « ខ្ញុំ​បាន​គោះ​ទ្វា ហើយ​ទ្វារ​បាន​បើកឡើង រួច​មានបុរស​ម្នាក់​ឈរ​នៅ​ទីនោះ គឺ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ គាត់​បាន​មើល​មក​ខ្ញុំ​ដោយ​តិះទៀន​បន្ដិច​ ហើយ​នេះ​ជា​ពាក្យ​ដំបូង​របស់​គាត់ [គឺ] ថា ៖ ‹ យ៉ូសែប អ្នក​មក​យឺត​ពេល › ។ ប៉ុន្តែ​ខ្ញុំ​មាន​ទំនុកចិត្ត រួច​និយាយ​ថា ៖

«‹ មែនហើយ តែខ្ញុំ​ស្អាត​ហើយ ខ្ញុំ​ស្អាត ! ›» 8

យើង​ម្នាក់​ៗ​ក៏​អាច​ដូច្នោះ​ដែរ ។

បើ​អ្នក​ចាប់​ផ្ដើម​នៅ​លើ​ផ្លូវ​នៃ​ជំនឿ និង​សកម្មភាព​ក្នុង​សាសនាចក្រ ចូរ​ស្ថិត​នៅ​លើ​ផ្លូវ​ ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ។ ចូរ​បន្ដ​ទៅ​មុខ រហូត​ដល់​ពេល​ដែល​ពរជ័យ​​ព្រះអម្ចាស់ នឹង​កើតមានដល់​អ្នក ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ត្រូវ​បើក​សម្ដែង​ ជា​កម្លាំង​ចលករ​មួយ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

បើឥឡូវ​​អ្នក​នៅ​លើ​ផ្លូវ​មួយ​ដែល​នាំ​ចេញ​ពី​ផ្លូវ​ដែល​បាន​គ្រោង​នៅ​ក្នុង​គម្ពីរ ខ្ញុំ​សូម​អះអាង​នឹង​អ្នក​ថា មាន​ផ្លូវ​ត្រឡប់មក​វិញ ។

ព្រះយេស៊ូវ​គ្រីស្ទ បាន​ដាក់​វិធីសាស្ត្រ​ដ៏ច្បាស់​មួយ​សម្រាប់​យើង ឲ្យ​ប្រែចិត្ត ហើយ​រក​ការ​ព្យាបាល​ក្នុង​ជីវិត​យើង ។ ការ​ព្យាបាល​កំហុស​ភាគច្រើន អាច​រកបាន តាម​ការ​ស្វែងរក​ការ​អភ័យ​ទោស តាមរយៈ​ការអធិស្ឋាន​ផ្ទាល់​ខ្លួន ។ ទោះ​ជា​យ៉ាង​ណា មាន​ជំងឺ​ខាង​វិញ្ញាណ​ជាក់លាក់ ជាពិសេស​អ្នកទាំងឡាយ​ដែល​ជាប់ទាក់​ទង​នឹង​ការ​បំពាន​ច្បាប់​សីលធម៌ ដែល​តម្រូវ​ឲ្យ​មាន​ជំនួយ និង​ការ​ព្យាបាល​ពី​ពេទ្យ​ខាងវិញ្ញាណ​ដែល​ជំនាញ ។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ យុវនារី​និង​ឪពុក​ចាស់​នាង បាន​មក​ការិយាល័យ​ខ្ញុំ ។ នាង​បាន​នាំ​គាត់​មក​ពី​ចម្ងាយ ដើម្បី​ស្វែង​រក​ថ្នាំ​ព្យាបាលវិប្បដិសារី​ដែល​គាត់​មាន ។ កាល​ពី​ក្មេង គាត់​បានសាង​កំហុស​ធំមួយ ហើយ​ពេល​គាត់​ចាស់ការចងចាំនេះបានប្រាកដឡើង ។ គាត់​ពុំ​អាច​ជម្រុះ​អារម្មណ៍ខុស​ឆ្គង​​នោះ​ចេញទេ ។ គាត់​ពុំ​អាច​ត្រឡប់ថតក្រោយ កែ​បញ្ហា​ពី​យុវវ័យ​គាត់​បានទេ ប៉ុន្តែ​គាត់​អាច​ចាប់​ផ្ដើម​ត្រង់​ចំនុច​ដែល​គាត់មាន ហើយ​លុបលាង​កំហុស​ដែលនៅនឹងគាត់ ​ជាច្រើន​ឆ្នាំ​នោះ ដោយ​ជំនួយ ។

ខ្ញុំ​មាន​អំណរគុណ ដែល​តាមរយៈ​ការ​បង្រៀនដល់​គាត់ ពី​គោលការណ៍​ចេញ​ពី​គម្ពីរមរមន វា​ជា​ការ​ដក​បន្ទុកដ៏​ធ្ងន់​​ចេញ​ពីស្មា​របស់​គាត់ ។ នៅពេល​គាត់ និង​កូនស្រី ត្រឡប់ទៅ​ផ្ទះ​វិញ បុរស​ចំណាស់​នោះ បាន​ទុក​ចោល​កំហុស​នៃ​ការ​រំលង​ពីអតីតកាល​របស់គាត់ ។

បើ​អ្នក « ត្រូវ​ភ្ញាក់​រលឹក​ចំពោះ​ស្ថានភាព​ដ៏​ស្ញែង​ខ្លាច​របស់​អ្នក​រាល់​គ្នា » 9 ហើយ​ចង់​ត្រឡប់​មក​មានសុខភាពល្អ​ខាង​វិញ្ញាណ​ពេញ​លេញ សូម​ទៅជួប​ប៊ីស្សព​អ្នក ។ គាត់​កាន់​កូនសោ ហើយ​អាច​ជួយ​អ្នក​តាម​ផ្លូវ​នៃ​ការ​ប្រែចិត្ត​បាន ។

ការប្រែចិត្ត គឺ​ជា​រឿងបុគ្គល ហើយ​ក៏ដូចជា​ការ​អភ័យ​ទោស​ដែរ ។ ព្រះអម្ចាស់ តម្រូវ​ឲ្យ​មនុស្ស​ងាក​ចេញពី​អំពើបាប​ពួកគេតែ​ប៉ុណ្ណោះ ហើយ « [ទ្រង់] នឹង​អត់ទោសចំពោះអំពើទុច្ចរិតពួកគេ ... ​ហើយនឹងលែងនឹកចាំពីអំពើបាបគេជាដរាបទៅ » ។ 10

ពេល​ដំណើរ​ការ​នៃការ​ប្រែចិត្ត​បញ្ចប់ហើយ អ្នក​នឹង​បាន​យល់​អត្ថន័យ​ការ​សន្យា​របស់​អេសាយ អំពី​ដង្វាយធួន ៖ « មកចុះយើងនឹងពិភាក្សាជាមួយគ្នា ៖ ​ទោះបើអំពើបាបរបស់ឯង ដូចជាពណ៌ក្រហមទែង ក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ »។ 11

ក៏​ដូចជា​ដីស​អាច​លុប​ចេញ​ពី​ក្ដារខៀន ដូច្នេះ​ការ​ប្រែចិត្ត​ដោយស្មោះពី​ឥទ្ធិពលនៃ​​ការ​រំលង​យើង អាច​ត្រូវ​បាន​លុប​តាមរយៈ​ដង្វាយធួន​ព្រះយេស៊ូវ​គ្រីស្ទ ។ ការ​សន្យា​នោះ​អនុវត្ត​គ្រប់​ករណី​ ។

ដំណឹងល្អ បង្រៀន​យើង​ឲ្យ​សប្បាយ ឲ្យ​មានជំនឿ​ជាជាង​ភ័យ​ខ្លាច ឲ្យ​រក​ក្ដីសង្ឃឹម និង​ឈ្នះ​លើ​ការអស់សង្ឃឹម ចាក​ចេញ​ពី​ភាព​ងងឹត ហើយ​ងាក​ទៅរក​ពន្លឺ​នៃ​ដំណឹង​ល្អ​ដ៏អស់កល្ប ។

ប៉ុល និង​អ្នកដទៃ​ទៀត បាន​ព្រមាន​អំពី​ការសាកល្បង​នៃ​ជំនាន់​យើង និង​ជំនាន់​ក្រោយៗ ។ ប៉ុន្ដែ​សេចក្ដីសុខសាន្ដ អាច​តាំង​នៅ​ក្នុង​ចិត្ត​នៃ​មនុស្ស​ម្នាក់ៗ​ដែល​ងាក​មករក​គម្ពីរ ហើយទទួល​បាន​​​ការសន្យា​នៃ​ការការពារ និង​ការ​ប្រោសលោះ​ដែល​ត្រូវ​បាន​បង្រៀន​ក្នុង​នោះ ។ យើង​សូម​អញ្ជើញ​មនុស្ស​ទាំង​អស់​ឲ្យ​មក​រក​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ មក​រក​ការបង្រៀន​ទ្រង់ ដូច​មាន​ក្នុង​គម្ពីរ​សញ្ញា​ចាស់ គម្ពីរ​សញ្ញា​ថ្មី គម្ពីរមរមន គោលលទ្ធិ​និង​សេចក្ដី​សញ្ញា និង​មុក្ដាដ៏​មានតម្លៃ​មហិមា ។

ខ្ញុំ​ធ្វើជា​សាក្សី​ពិត​នៃ​ព្រះគម្ពីរ​ថា ជា​កូនសោ​មួយ​ទៅ​រក​ការការពារ​ខា​ងវិញ្ញាណ ។ ខ្ញុំ​ក៏​ថ្លែង​ជា​សាក្សីអំពី​អំណាច​នៃ​ការ​ព្យាបាល​នៃ​ដង្វាយធួ​ន​របស់ព្រះយេស៊ូវ​គ្រីស្ទ «​តាមរយៈព្រះអង្គមនុស្សទាំងអស់ នឹងបានសង្គ្រោះ » 12 ជា​មនុស្ស​ដែល​ត្រូវ​បាន​សង្គ្រោះ ។ សាសនាចក្រ​របស់ព្រះ ត្រូវ​បាន​ស្ថាបនា​ឡើងវិញ​នៅលើ​ផែនដី ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​ពី​ភាព​ពិតនៃ​ដំណឹងល្អ ។ ខ្ញុំ​ជា​សាក្សី​ទ្រង់ ។ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។