ឆ្នាំ ២០១០-២០១៩
អំណាច ក្ដីអំណរ និង​ក្ដី​ស្រឡាញ់​នៃ​ការ​រក្សា​សេចក្ដី​ស្រឡាញ់
តុលា 2013


អំណាច ក្ដីអំណរ និង​ក្ដី​ស្រឡាញ់ក្នុង​​ការ​រក្សា​សេចក្ដី​សញ្ញា

ខ្ញុំ​អញ្ជើញ​ឲ្យ​យើង​ម្នាក់ៗ​វាយ​តម្លៃ​ថា​ តើ​យើង​ស្រឡាញ់​ព្រះ​អង្គ​សង្គ្រោះ​ខ្លាំង​ប៉ុណ្ណា ប្រើ​ជា​រង្វាស់​មួយលើក្ដី​អំណរ​ក្នុង​ការ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ។

ខ្ញុំ​ចង់​ចាប់​ផ្ដើម​ដោយ​ចែកចាយ​រឿង​មួយ​ដែលដក់​ក្នុង​ដួងចិត្ត​ខ្ញុំ ។

ល្ងាច​មួយ មាន​បុរស​ម្នាក់​បាន​កៀង​ចៀម​ប្រាំ​ក្បាល​របស់​គាត់​ឲ្យ​ចូល​ក្រោល​ដេក​ពេល​យប់ ។ គ្រួសារ​គាត់​មើល​ដោយ​ចាប់​អារម្មណ៍​បំផុត ពេល​គាត់​គ្រាន់​តែ​ហៅចៀម « ចូល​មក » រំពេច​នោះ​ចៀម​ទាំង​ប្រាំ​ក្បាល​បាន​ងើប​ក្បាល ហើយ​ងាក​ដើរ​មក​រក​គាត់ ។ ចៀម​បួន​ក្បាល​បាន​រត់​ត្របាញ់​មក​រក​គាត់ ។ គាត់​បាន​អង្អែល​ក្បាល​​ចៀមនិមួយៗ​ ទាំង​​បួន​ក្បាល​ដោយ​ក្ដី​ស្រឡាញ់ ។ ចៀម​ស្គាល់​សំឡេង​គាត់ ហើយ​ស្រឡាញ់​គាត់

ប៉ុន្តែ​ចៀម​ទីប្រាំ ពុំ​រត់​មក​ទេ ។ ចៀម​ញី​នោះ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ត្រូវ​បាន​ម្ចាស់​របស់​វាបំបរបង់​ចោល បាន​ប្រាប់​ថា​វា​ជា​ចៀម​ព្រៃ ចចេស ហើយ​តែងតែ​នាំ​ចៀម​ផ្សេង​ទៀត​ឲ្យ​វង្វេង​ចេញ ។ ម្ចាស់​ថ្មី បាន​ទទួល​ចៀម​នោះ ហើយ​បានបោះ​ចំរឹង​​​ចង​វា​​នៅ​ក្នុង​ចម្ការ​គាត់​ផ្ទាល់​ពីរបី​ថ្ងៃ ដើម្បី​ឲ្យ​វា​រៀន​នៅ​ស្ងៀម ។ គាត់​បាន​បង្រៀន​ចៀម​ញី​នោះ​ឲ្យ​ស្រឡាញ់​គាត់​ និង​ចៀម​ដទៃទៀត​ដោយ​អត់ធ្មត់ រហូត​ដល់​ទី​បំផុត ចៀម​ញី​នោះមាន​ចំណង​ខ្សែ​​ខ្លី​ទាក់​នឹង​ករ​វា ប៉ុន្តែ​ឈប់​បោះ​ចំរឹង​ទៀត​ហើយ ។

នា​ល្ងាច​នោះ ពេល​គ្រួសារ​គាត់​បាន​មើល​ទៅ​បុរស​នោះ​ដើរ​ទៅ​រក​ចៀម​ញី ដែល​ឈរ​នៅ​ជ្រុង​ម្ខាង​នៃ​ចម្ការ នោះ​គាត់​បាន​និយាយ​ដោយ​ទន់​ភ្លន់​ម្ដង​ទៀត​ថា « ចូល​មក ។ ឯង​ឈប់ជាប់​ចំណង​ទៀត​ហើយ ។ ឯង​មាន​សេរីភាព​ហើយ » ។ បន្ទាប់មក គាត់​ឈោង​ដៃ​ទៅ​ដាក់​លើ​ក្បាល​វា​ដោយ​ក្ដី​ស្រឡាញ់ ហើយ​បាន​ដើរ​ត្រឡប់​មក​ជាមួយ​វា និង​ចៀម​ដទៃទៀត​ទៅ​​ក្រោល ។ 1

តាម​គតិ​នៃ​រឿង​នោះ ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ជួយ​យើង​រៀន​ជាមួយ​គ្នា​នាយប់​នេះ អំពី​ការ​រក្សា​សេចក្ដី​សញ្ញា ។​ ការ​ធ្វើ និង​ការ​រក្សា​សេចក្ដី​សញ្ញា មាន​ន័យ​ថា ជាការ​ជ្រើសរើស​ដើម្បី​ចង​ខ្លួន​យើង​ទៅ​នឹង​ព្រះបិតាសួគ៌​យើង និង​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​គឺជា​ការ​តាំងចិត្ត​ដើម្បី​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ ។ វា​គឺ​ជា​ការ​ទុក​ចិត្ត​លើ​ទ្រង់ ហើយ​មាន​បំណង​ដើម្បី​បង្ហាញ​ការ​ដឹងគុណ​ចំពោះ​ថ្លៃ​ដែល​ទ្រង់​បាន​បង់ ដើម្បី​ឲ្យ​យើង​មាន​សេរីភាព តាមរយៈ​អំណោយ​ទាន​នៃ​ដង្វាយធួន​ដ៏​គ្មាន​ទីបំផុត ។

អែល​ឌើរ ជែហ្វ្រី  អ័រ ហូឡិន បាន​ពន្យល់​ថា « សេចក្ដី​សញ្ញា​មួយ គឺ​ជាការ​ចង​​កិច្ចសន្យា​ខាង​វិញ្ញាណ ជា​ការ​សន្យា​ដ៏​ឧឡារិក​ចំពោះ​ព្រះ​បិតា​យើង​ថា យើង​នឹង​រស់នៅ និង​គិត និង​ធ្វើ​សកម្មភាព​តាម​ផ្លូវ​ជាក់លាក់​មួយ--ជា​ផ្លូវ​នៃ​ព្រះរាជបុត្រា​ទ្រង់ ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ។ ព្រះបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ ​សន្យាតប​​យើ​ងវិញ​​ថា ​នឹង​មាន​ជីវិត​ដ៏អស់កល្បជានិច្ច​ដ៏​ពោរពេញ » ។ 2 ក្នុង​ការ​ចង​កិច្ចសន្យា​នោះ ព្រះអម្ចាស់​បាន​ដាក់​លក្ខខណ្ឌ ហើយ​យើង​យល់​ព្រម​រក្សា​តាមវា ។ ការ​ធ្វើ និ​ង​ការ​រក្សា​សេចក្ដីសញ្ញា​របស់​យើង គឺ​ជា​ការ​បង្ហាញ​នូវការ​តាំង​ចិត្ត​យើង ដើម្បី​ក្លាយ​ដូច​ព្រះអង្គសង្គ្រោះ ។ 3 ដែល​ល្អ​បំផុត គឺ​ត្រូវ​ព្យាយាម​មាន​អាកប្បកិរិយា​ ដែល​បាន​បង្ហាញ​ល្អ​បំផុត​ក្នុង​ឃ្លា​មួយចំនួន នៃ​ទំនុក​ដំកើង​ថា ៖ « ខ្ញុំ​នឹង​ទៅ​ដែល​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ទៅ ។​ …ខ្ញុំ​នឹង​និយាយ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​និយាយ ។ …ខ្ញុំ​នឹង​ធ្វី​​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​ខ្ញុំធ្វើ ។ 4

ហេតុ​អ្វី​ត្រូវ​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ដូច្នោះ ?

1. ការ​រក្សា​សេចក្ដី​សញ្ញាជួយ​ពង្រឹង ផ្ដល់​អំណាច និង​ការការពារ ។

នីហ្វៃ​បាន​ឃើញ​ក្នុង​ការ​និមិត្ត​អំពី​សាៈសំខាន់​នៃ​ពរជ័យ ដែល​ព្រះអម្ចាស់ បាន​ប្រទាន​មក​លើ​អ្នក​រក្សា​សេចក្ដី​សញ្ញា ៖ 5

ថ្មី​ៗ​នេះ ខ្ញុំ​បាន​ជួប​នឹង​មិត្ត​ថ្មី​ជា​ទីស្រឡាញ់​ម្នាក់ ។ នាង​បាន​ថ្លែង​ទីបន្ទាល់​ថា បន្ទាប់​ពី​នាង​បាន​ទទួល​អំណោយ​ទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារបរិសុទ្ធ​ នាង​មាន​អារម្មណ៍​ថា​បាន​ជួយ​ពង្រឹង​ដោយ​ព្រះចេស្ដា ដើម្បី​ទប់ទល់​នឹង​ការ​ល្បួង ដែលនាង​ធ្លាប់​បាន​ពុះពារ​កាល​ពីមុន ។

ពេល​យើង​រក្សា​សេចក្ដីសញ្ញា​នោះ​យើង​នឹង​ទទួល​ភាព​ក្លាហាន និង​កម្លាំង ដើម្បីជួយ​យើង​រែក​បន្ទុក​គ្នា​ទៅវិញ​ទៅមក ។ បងស្រី​​ខូចចិត្ត​ម្នាក់ មាន​កូន​ប្រុស ដែល​ជួប​នឹង​ឧបសគ្គ​លំបាក​ក្នុង​ជីវិត ។ ដោយ​សារ​ជំនឿ​នាង​ទៅ​លើ​បងប្អូន​ស្ត្រីសមាគម​សង្រ្គោះ ដែល​ជា​អ្នក​រក្សា​សេចក្ដី​សញ្ញា នោះ​នាង​បាន​អញ្ជើញ​ពួកគេ​ដោយ​ក្លាហាន ដើម្បី​តមអាហារ និង​អធិស្ឋាន​សម្រាប់​កូន​ប្រុស​នាង ។ ​ម្នាក់ទៀត បាន​បង្ហាញ​ពី​​បំណងនាង​ចង់​សុំ​ការអធិស្ឋាន​ដូច​​គ្នា​នេះ ពី​បងប្អូន​ស្ដ្រី ។ ជាច្រើន​ឆ្នាំ​មុន កូន​ប្រុស​គាត់ មាន​ការ​លំបាក ។ គាត់ប៉ង​ចង់​សុំ​អញ្ជើញ​ពួក​គេ​ឲ្យ​ជួយ​គ្រួសារ​គាត់ រែក​បន្ទុក​នេះណាស់ ។ ព្រះអង្គសង្គ្រោះ​បន្ទូល​ថា « គេ​នឹង​ដឹង​ថា អ្នករាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នករាល់គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅមក » ។ 6

ឱ​បងប្អូន​ស្ត្រីអើយ យើង​ទាំង​អស់​គ្នា​មាន​បន្ទុក​ត្រូវ​រែក និងចែករំលែក ។ ការ​អញ្ជើញ​ឲ្យ​រែក​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​ការ​អញ្ជើញ​ឲ្យ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ។ ការ​ប្រឹក្សា​របស់​ លូស៊ី ម៉ាក ស៊្មីធ ទៅ​កាន់​បងប្អូន​សមាគម​សង្គ្រោះ​ដំបូង​គេ គឺ​ទាក់​ទង​នឹងយើង​នា​សព្វថ្ងៃ​នេះ​ជាង​ពេល​ណាៗ​ទាំងអស់ ៖ « យើង​ត្រូវ​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅមក មើល​ថែ​គ្នា លួងលោម​គ្នា ហើយ​ទទួល​យក​​ការ​ណែនាំ ដើម្បី​យើង​អាច​អង្គុយ​​នៅ​ស្ថានសួគ៌ជាមួយគ្នា » ។7 នេះគឺ​ជាទម្រង់​នៃ​​ការ​រក្សា​សេចក្ដី​សញ្ញា និង​ការ​បង្រៀន​សួរ​សុខទុក្ខ​ដ៏​ល្អ​បំផុត !

ព្រះគម្ពីរមរមន រំឭក​យើង​ថា ទោះ​ជា​ព្យាការី​អាលម៉ា ក៏​ត្រូវ​រែក​បន្ទុក​នៃ​ការ​មាន​កូន​ប្រុស​បះបោរ​ផងដែរ ។ ប៉ុន្តែ​​អាលម៉ា​មាន​ពរ​ណាស់ ដែល​មាន​បងប្អូន​ប្រុសស្រី​ជា​អ្នក​រក្សា​សេចក្ដី​សញ្ញា​នៅ​ក្នុង​ដំណឹងល្អ ដែល​បាន​ផ្លាស់​ប្រែចិត្ត​ជឿ​ទាំងស្រុង​ចំពោះ​ព្រះ ហើយ​បានរៀន​​ចេះ​អត្ថន័យ​នៃ​ការ​រែកបន្ទុក​គ្នា​ទៅវិញ​ទៅមក ។ យើង​ស្គាល់​ខ​ក្នុង​គម្ពីរ​ម៉ូសាយ ដែលថ្លែង​អំពី​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យក្នុង​ការអធិស្ឋាន​របស់​អាលម៉ា ជំនួស​ឲ្យ​កូន​ប្រុស​គាត់ ។ ប៉ុន្តែ​កំណត់ត្រា​ថ្លែង​ថា « ព្រះអម្ចាស់… ទ្រង់​បាន​ឮ​ពាក្យ​អធិស្ឋាន​ទាំងឡាយ​ របស់​រាស្ត្រ​ទ្រង់ និង​ព្រមទាំង​ពាក្យ​អធិស្ឋាន​ទាំងឡាយ​របស់​អ្នក​បម្រើ​ទ្រង់​ផង គឺ​អាលម៉ា … » ។ 8

យើង​ដឹង​ថា ព្រះអម្ចាស់​តែងតែ​រីករាយ « ចំពោះ​ព្រលឹង​ណា​ដែល​ប្រែចិត្ត ! » 9 ប៉ុន្តែ​ក្តី​ប្រាថ្នា​លើស​អ្វីៗ​ទាំងអស់របស់​យើង គឺ​ចង់​ឲ្យ​កូនចៅ​របស់​យើង ដើរ​តាម​ដំបូន្មាន​របស់​ប្រធាន ហិនរី  ប៊ី អាវរិង ថា « ឲ្យ​ចាប់​ផ្ដើម​ពី​ក្មេង ហើយ​នៅ​ខ្ជាប់​ខ្ជួន » នៅ​ក្នុង​ការ​ធ្វើ និង​ការ​រក្សា​សេចក្ដី​សញ្ញា ។ 10 កាលពីមុន មាន​គំនិត​ និង​សំណួរ​ដ៏​ស្មោះ​មួយ​បាន​កើត​ឡើង នៅ​ក្នុង​ក្រុមប្រឹក្សា​បព្វជិតភាព និង​អ្នកដឹកនាំ​អង្គការ​ជំនួយ​មួយ​ថា ៖ តើ​យើង​ពិត​ជា​រំពឹង​ចង់​ឲ្យ​កុមារ​មាន​អាយុប្រាំ​បី​ឆ្នាំ​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ​ឬ ? នៅ​ពេល​យើង​ប្រឹក្សា​ជាមួយ​គ្នា ក៏​បាន​ផ្ដល់​យោ​បល់​ថា របៀប​មួយ​ដើម្បី​រៀបចំ​កុមារ​ឲ្យ​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​បុណ្យជ្រមុជទឹក​ដ៏ពិសិដ្ឋ​របស់​គេ គឺ​ត្រូវ​ជួយ​ពួកគេ​រៀន​ធ្វើ និង​រក្សា​ការ​សន្យា​សាមញ្ញ​មួយ ។

ឪពុក​ម្ដាយ​ស្មោះត្រង់ ត្រូវ​ស្គាល់​របៀប​ដែល​ល្អ​បំផុត​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​កូនៗ​ពួកគេ ។​ នៅពេល​ឪពុក​ម្ដាយ ស្វែងរក​ ហើយ​ធ្វើ​តាម​វិវរណៈ​ផ្ទាល់​ខ្លួន ប្រឹក្សា​ជាមួយគ្នា ហើយ​បម្រើ និង​បង្រៀន​គោលការណ៍​សាមញ្ញៗ​នៃ​ដំណឹងល្អ នោះ​ពួកគេ​នឹង​មាន​អំណាច​ដើម្បី​ពង្រឹង និង​ការ​ពារ​ដល់​គ្រួសារ​របស់​ពួកគេ ។ សមាជិក​ផ្សេង​ទៀត​ក្នុងគ្រួសារ​ក៏​អាចជួយ​ផងដែរ ។ ជីតា​ដ៏​ល្អ​របស់​ខ្ញុំ បង្រៀន​យើង​ពី​សារៈសំខាន់​នៃ​ការ​រក្សា​ក្តី​សន្យា តាមរយៈ​ចម្រៀង​សាមញ្ញ​មួយ ។ វា​មាន​​ដូច​តទៅ ៖ « មុន​ពេល​អ្នក​ធ្វើការ​សន្យា​មួយ ចូរ​ពិចារណា​ពី​សារៈសំខាន់​របស់​វា​ឲ្យ​បាន​ល្អ ។ បន្ទាប់មក​ធ្វើ​ការ​សន្យា ហើយ​ឆ្លាក់​វា​ឲ្យ​ជាប់​ក្នុង​ចិត្ត​អ្នក ។ ឆ្លាក់​ឲ្យ​ជាប់​នៅ​ក្នុង​ចិត្ត​អ្នក » ។ ចម្រៀង​ខ្លីនោះ បង្រៀន​ដោយ​ក្ដី​ស្រឡាញ់ ការ​ជឿស៊ប់ និង​អំណាច ដោយសារ​ជីតា បាន​ឆ្លាក់​ការ​សន្យា​គាត់​នៅ​ក្នុង​ដួងចិត្ត​គាត់ ។

ម្ដាយ​ដ៏​ឈ្លាស​វៃម្នាក់ ដែល​ខ្ញុំស្គាល់ ​បាន​ដាក់​កូនៗ​របស់​គាត់​នៅ​ក្នុង​កិច្ច​ខិត​ខំ​ដើម្បី​រក្សា​សេចក្ដី​សញ្ញា​របស់​គាត់​ដោយ​ចេតនាពិត ។ គាត់​ពេញចិត្ត​នឹង​រែក​បន្ទុក​អ្នកជិត​ខាង មិត្តភក្ដិ និង​សមាជិក​ក្នុងវួដ--​ហើយ​លួងលោម​ចិត្ត​ដល់​អ្នកទាំងឡាយ​ដែល​ត្រូវ​ការ​ការលួងលោម ។ វា​មិនភ្ញាក់​ផ្អើល​ទេ ពេល​កូន​ស្រី​តូច​របស់​គាត់ ថ្មីៗ​នេះ​បាន​មក​សុំ​ជំនួយ ដើម្បី​ដឹង​របៀប​ល្អ​បំផុត ដើម្បីជួយលួង​លោម​ដល់​មិត្ត​​នាង​ ដែល​ឪពុកគេ​ទើប​ទទួល​មរណភាព​ ។ នោះ​គឺ​ជា​គំរូ​ដ៏​ឥតខ្ចោះ​មួយ ដើម្បី​បង្រៀន​ថា បំណង​ប្រាថ្នា​​នាង ដើម្បី​លួងលោម​មិត្ត​នាង គឺ​ជា​របៀប​រក្សា​សេចក្ដី​សញ្ញា​បុណ្យជ្រមុជទឹក​របស់​នាង ។ តើ​យើង​អាច​រំពឹង​កូន​ឲ្យ​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ព្រះវិហារបរិសុទ្ធ​ដោយ​របៀប​ណា បើ​យើង​ពុំ​រំពឹង​ឲ្យ​គេ​រក្សា​សេចក្ដីសញ្ញា​ដំបូង​របស់​គេ--ជា​សេចក្ដី​សញ្ញា​បុណ្យជ្រមុជទឹក​របស់​គេ​នោះ ?

អែលឌើរ រីឆាដ  ជី ស្កត បាន​សង្កេត​ថា « ពរជ័យ​ដ៏​ធំបំផុត​មួយ ដែល​យើង​អាច​ផ្ដល់​ឲ្យ​ទៅ​ពិភពលោក គឺ​អំណាច​នៃគេហដ្ឋាន​ដែល​មាន​​​ព្រះគ្រីស្ទជា​ចម្បង ជាកន្លែង​ដែល​ដំណឹងល្អ​ត្រូវ​បាន​បង្រៀន សេចក្ដីសញ្ញា​ត្រូវ​បាន​រក្សា ហើយ​មាន​ក្ដី​ស្រឡាញ់ » ។ 11 តើ​យើង​អាច​បង្កើត​គេហដ្ឋាន​មួយ ដើម្បី​រៀប​ចំ​កូន​ៗ​យើង​ឲ្យ​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារបរិសុទ្ធ​​តាម​របៀប​ណា​ខ្លះ ?

  • យើង​អាច​រក​ឃើញ​ជាមួយ​គ្នា​នូវ​អត្ថន័យ​ដើម្បី​មាន​ភាពសក្ដិសម​កាន់​បណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ។

  • យើង​អាច​រក​ឃើញ​ជាមួយ​គ្នា​ពី​របៀប​ស្ដាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ដោយ​សារអំណោយ​ទាន​ពិសិដ្ឋ​​ក្នុង​ព្រះវិហារបរិសុទ្ធ ត្រូវ​បាន​ទទួល​ដោយ​វិវរណៈ នោះ​យើង​ចាំបាច់​ត្រូវ​រៀន​នូវ​ជំនាញ​ដ៏​សំខាន់នោះ ។

  • យើងអាច​រក​ឃើញ​ជាមួយ​គ្នា​ពី​របៀប​ដើម្បី​រៀន​តាមរយៈ​ការ​ប្រើ​និមិត្តរូប ចាប់​ផ្ដើម​ដោយ​និមិត្តរូប​ពិសិដ្ឋ​នៃ​ពិធីបុណ្យជ្រមុជទឹក និង​ពិធី​សាក្រាម៉ង់ ។

  • យើង​អាច​រក​ឃើញ​ជាមួយ​គ្នា​ពី​មូលហេតុ​ដែល​រូបកាយ​ពិសិដ្ឋ ហេតុ​អ្វី​ពេល​ខ្លះ​វា​សំដៅ​ទៅ​លើ​ព្រះវិហារបរិសុទ្ធ និង​របៀប​ដែល​សំលៀក​បំពាក់​រមទម្យទាក់ទង​នឹង​សម្លៀក​បំពាក់​ព្រះវិហារបរិសុទ្ធ​ដ៏ពិសិដ្ឋ។

  • យើង​អាច​រក​ឃើញ​ផែនការ​នៃ​សុភមង្គល​នៅ​ក្នុងបទ​គម្ពីរ ។ កាល​ណា​យើង​កាន់​តែ​ស្គាល់​ផែនការ​​របស់​ព្រះបិតាសួគ៌ និង​ដង្វាយធួន​ក្នុង​បទគម្ពីរ នោះ​​ការ​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារបរិសុទ្ធនឹង​​កាន់​តែ​មាន​អត្ថន័យ ។

  • យើង​អាច​រៀន​ពី​រឿង​របស់​ជីដូន​ជីតា​យើង​ជាមួយ​គ្នា ស្រាវជ្រាវ​ប្រវត្តិ​គ្រួសារ ធ្វើ​លិបិក្រម ហើយ​ធ្វើ​កិច្ចការ​ព្រះវិហារបរិសុទ្ធជំជួស​មរណជន​ជាទីស្រឡាញ់​របស់​យើង ។

  • យើង​អាច​រក​ឃើញ​ជាមួយ​គ្នា​ពី​អត្ថន័យ​នៃ​ពាក្យ​ដូចជា អំណោយទាន​ពិសិដ្ឋ ពិធីបរិសុទ្ធ ការ​ផ្សារភ្ជាប់ កូនសោ​បព្វជិតភាព និង​ពាក្យ​ដទៃទៀត ដែល​ទាក់​ទង​នឹង​ការ​ថ្វាយ​បង្គំ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

  • យើង​អាច​បង្រៀន​ថា យើង​ទៅ​ព្រះវិហារបរិសុទ្ធ​ដើម្បី​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះបិតាសួគ៌--រួច​​យើង​ត្រឡប់​ទៅ​ផ្ទះវិញ ​ដើម្បី​រក្សា​វា​ ! 12

ចូរ​យើង​ចងចាំ​គោលគំនិត​អំពី « ល្អ, ល្អជាង និង​ល្អបំផុត »ពេល​យើង​បង្រៀន ។ 13 វា​ល្អ​ដើម្បី​បង្រៀន​កូនៗ​យើង​អំពី​ព្រះវិហារបរិសុទ្ធ ។ វា​ល្អ​ជាង​ដើម្បី​រៀបចំ​ និង​រំពឹង​ពួកគេ​ឲ្យ​ធ្វើ ហើយ​រក្សា​សេចក្ដី​សញ្ញា​ទាំងឡាយ ។​ វា​ល្អបំផុត​ដើម្បី​បង្ហាញ​ពួកគេ​តាមគំរូ ដែល​យើង​រីករាយ​ក្នុង​ការ​កាន់​តាម​សេចក្ដី​សញ្ញា​ពិធីបុណ្យជ្រមុជទឹក និង​សេចក្ដី​សញ្ញា​ព្រះវិហារបរិសុទ្ធ​ផ្ទាល់​ខ្លួន​យើង ! បងប្អូន​ស្រី តើ​យើង​ដឹង​ពីតួនាទីសំខាន់​របស់​យើង ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ នៅពេល​យើង​ចិញ្ចឹមបីបាច់ បង្រៀន និង​រៀបចំ​កូនៗ​ឲ្យ​រីក​ចម្រើន​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ឬ​ទេ ? អំណាចដើម្បី​ធ្វើ​ដូច្នោះ នឹង​កើតមាន នៅពេល​យើង​គោរព និង​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ។

2. ការ​រក្សា​សេចក្ដី​សញ្ញា គឺ​សំខាន់​សម្រាប់​សុភមង្គល​ពិត ។

ប្រធាន ថូម៉ាស  អេស. ម៉នសុន បាន​បង្រៀន​ថា « យើង​ត្រូវ​គោរព​ឲ្យ​តម្លៃ​សេចក្ដី​សញ្ញា​ពិសិដ្ឋ ហើយ​ការ​​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា គឺ​ជា​តម្រូវ​ការ​មួយ​ដើម្បី​មាន​សុភមង្គល » ។ 14 នៅ​ក្នុង​នីហ្វៃទី  2  យើងអានថា « ហើយ​ហេតុ​ការ​ណ៍​បាន​កើត​ឡើង​ថា ពួកយើង​បាន​រស់​នៅ​តាម​របៀប​សុភមង្គល » ។15 នៅ​ដើម​ជំពូក​នេះ យើង​បាន​ដឹង​ថា នីហ្វៃ និង​ប្រជាជន​គាត់ ទើប​តែ​បាន​សាងសង់​ព្រះវិហារបរិសុទ្ធ​មួយ ។ ប្រាកដណាស់ ពួកគេ​ជា​អ្នក​រក្សា​សេចក្ដី​សញ្ញា​ដោយ​អំណរ ! ហើយ​ក្នុងអាលម៉ា យើង​អាន​ថា « ប៉ុន្តែ​មើល​ចុះ ពុំ​ដែល​មាន​ពេល​ណា​នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ ដែល​សប្បាយ​ជាង​សម័យ​មរ៉ូណៃ​ឡើយ » ។ 16 ហេតុអ្វី ? ជា​ថ្មី​ទៀត យើង​រៀន​នៅ​ខ​មុន​នេះ​ថា ពួកគេ « ស្មោះត្រង់​ក្នុង​ការ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ » ។ 17 អ្នក​រក្សា​សេចក្ដី​សញ្ញា គឺ​ជា​អ្នក​រក្សា​បញ្ញត្តិ !

ខ្ញុំ​ចូលចិត្ត​ខគម្ពីរ​ដែល​អានថា ៖ « ហើយ​ឥឡូវ​នេះ កាល​ប្រជាជន​បាន​ឮពាក្យ​ទាំង​នេះ [ មាន​ន័យ​ថា ពាក្យ​ដែលពិពណ៌នា​សេចក្ដី​សញ្ញា​បុណ្យជ្រមុជទឹក ] គេ​ក៏​បាន​ទះដៃ​ដោយ​សេចក្ដី​អំណរ ហើយ​ស្រែក​ថា ៖ នេះ​ហើយ​ជា​បំណង​នៃ​ចិត្ត​របស់​យើង​ខ្ញុំ » ។ 18 ខ្ញុំស្រឡាញ់​បំណង​នៃ​ចិត្ត​របស់​ពួកគេ ។ ពួកគេ​មានបំណង​ដោយ​អំណរ ដើម្បី​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ពួកគេ !

នៅ​ថ្ងៃ​អាទិត្យ​មួយ មាន​យុវនារី​ម្នាក់​ស្រែក​ដោយ​អំណរ​ថា « ខ្ញុំ​នឹង​​ទទួល​សាក្រាម៉ង់​​ថ្ងៃ​នេះ ! » តើ​យើង​បាន​រីករាយ​នឹង​ឯកសិទ្ធិ​នោះ​ជា​លើក​ចុង​ក្រោយ​នៅ​ពេល​ណា ? ហើយ​យើង​បង្ហាញ​ដោយ​របៀប​ណា ? យើង​ធ្វើដូចនេះ តាមរយៈ​ការ​ចងចាំ​ព្រះអង្គសង្គ្រោះជានិច្ច ហើយ​តែងតែ​រក្សា​បទបញ្ញត្តិ​ទ្រង់ ដែល​រួមមាន​ទាំង​ការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។ យើង​ធ្វើ តាមរយៈ​ការ​ចងចាំ​ទ្រង់ជានិច្ច នៅពេល​យើង​តែងតែ​មាន​ការអធិស្ឋាន​ផ្ទាល់​ខ្លួន និង​ជាគ្រួសារ ការសិក្សា​គម្ពីរ​ប្រចាំ​ថ្ងៃ និងមាន​​រាត្រីជួបជុំ​គ្រួសារ​រាល់​សប្ដាហ៍ ។ ហើយ​នៅពេល​យើង​ទទួល​ការរំខាន ឬឥតខ្វល់​នឹង​រឿង​សំខាន់​ទាំងនេះ នោះ​យើងត្រូវ​ប្រែចិត្ត ហើយ​ចាប់​ផ្ដើម​សារជាថ្មី ។

ការ​ធ្វើ​ និង​ការ​រក្សា​សេចក្ដី​សញ្ញា​យើង​ដោយ​រីករាយ ផ្ដល់​នូវ​សុពលភាព និង​អត្ថន័យ​ចំពោះ​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ និង​ពិធីបរិសុទ្ធ​សង្គ្រោះ​ដ៏​មានតម្លៃ ដែល​យើង​ចាំបាច់​ត្រូវ​ទទួល ដើម្បី​ទទួលបាន « អ្វីៗដែល​ព្រះបិតា​មាន » ។ 19 ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ទាំងឡាយ គឺ​ជា « រឿង​សំខាន់​ខាងវិញ្ញាណ » ប្រធាន ហិនរី  ប៊ី អាវរិង បាន​យោង​នៅពេល​លោក​បាន​បង្រៀនថា ៖ « ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា ។ ចាប់​តាំង​ពី​ថ្ងៃ​នៃ​ពិធីបុណ្យជ្រមុជទឹក រហូត​ដល់​ព្រឹត្តការ​សំខាន់​ៗ​ខាង​វិញ្ញាណ​ក្នុង​ជីវិត​យើង យើង​ធ្វើ​ការ​សន្យា​ជាច្រើន​ជាមួយ​ព្រះ ហើយ​ទ្រង់​ធ្វើ​ការ​សន្យា​នឹង​យើង ។ ទ្រង់​តែងតែ​រក្សា​ការសន្យា​ទ្រង់ ដែល​បាន​ផ្ដល់​ឲ្យ​តាមរយៈ​អ្នកបម្រើ​ដែល​មានសិទ្ធិអំណាច​ទ្រង់ ប៉ុន្តែ​វា​គឺ​ជា​ការសាកល្បង​ដ៏​សំខាន់​នៃ​ជីវិត​យើង ដើម្បី​មើល​ថា​តើ​យើង​នឹង​ធ្វើ ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​ទ្រង់​ឬ​ទេ » ។ 20

3. ការ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង បង្ហាញ​ពី​ក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអង្គសង្គ្រោះ និង​ព្រះបិតា​សួគ៌​យើង ។

គ្រប់​មូលហេតុ​ទាំង​អស់ យើង​គួរ​តែ​កាន់​តែ​មាន​ការ​ព្យាយាម​ក្នុង​ការ​រក្សា​សេចក្ដី​សញ្ញា​យើង មូលហេតុ​នេះ​មានកម្លាំង​​ខ្លាំង​ជាង​អ្វីៗ​ទាំងអស់​គឺ --​ក្ដី​ស្រឡាញ់ ។ ខ​មួយ​ក្នុង​គម្ពីរ​សញ្ញា​ចាស់ គឺ​ជា​ខ​មួយ​ដែល​ប៉ះ​ដល់​ដួងចិត្ត​ខ្ញុំ នៅពេល​យើង​ពិចារណា​អំពី​គោលការណ៍​នៃ​ក្ដី​ស្រឡាញ់ ។ តើ​នរណា​ដែល​មិន​រំជួល​ចិត្ត​ដោយ​រឿង​ស្នេហា​របស់​យ៉ាកុប និង​រ៉ាជែល​ក្នុង​គម្ពីរប៊ីប នៅ​ពេល​យើង​អាន​ថា « យ៉ាកុប​ក៏​ខំ​បម្រើ​អស់​ 7 ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល តែ​នោះ​មើល​ទៅ​ដូចជា​បួន​ដប់​ថ្ងៃ​ទេ ដោយ​ព្រោះ​គាត់​ស្រឡាញ់​ដល់​នាង​ណាស់ » ? 21 បងប្អូន​ស្រី តើ​យើង​រក្សា​សេចក្ដី​សញ្ញា​របស់​យើង​ដោយ​ក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ និង លះបង់​ប្រភេទ​នោះ​ទេ ?

ហេតុអ្វី​ក៏​ព្រះអង្គសង្គ្រោះ ស្ម័គ្រ​ព្រះទ័យ​រក្សា​សេចក្ដី​សញ្ញា​ទ្រង់ ជាមួយ​ព្រះបិតា ហើយ​បំពេញ​បេសកកម្ម​ដ៏ទេវភាព​របស់​ទ្រង់ ដើម្បីឲ្យ​ធួន​ចំពោះ​អំពើបាប​នៃ​ពិភពលោក​ដូច្នេះ ? វា​គឺ​ជា​ក្ដី​ស្រឡាញ់ទ្រង់​ចំពោះ​ព្រះបិតា​ទ្រង់ និង​ក្ដីស្រឡាញ់​ទ្រង់​ចំពោះ​យើង ។ ហេតុអ្វី​ក៏​ព្រះបិតា ស្ម័គ្រ​ព្រះទ័យ​អនុញ្ញាត​ឲ្យ​បុត្រា​សំណប់តែ​មួយ​ទ្រង់ និង​ជា​បុត្រា​ដ៏​ឥតខ្ចោះ មក​រង​ទុក​ហួស​ថ្លែង ដើម្បី​រែក​អំពើបាប ការ​ឈឺចាប់ ជំងឺ និង​គុណវិបត្តិ​នៃ​ពិភពលោក ហើយ​អ្វីៗ​ទាំងអស់​ដែល អយុត្តិធម៌​នៅ​ក្នុង​ជីវិត​នេះ​ដូច្នេះ ? យើង​រក​បាន​ចម្លើយ​ក្នុង​ពាក្យ​ទាំង​នេះ ៖ « ត្បិត​ព្រះទ្រង់​​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ » ។ 22

« បើ​យើង​មានអំណរគុណ​ពេញ​លេញ​ចំពោះ​ពរជ័យ​ជាច្រើន ដែល​ជា​របស់​ផងយើង តាមរយៈ​ការ​ប្រោស​លោះ​ដល់​យើង នោះ​គ្មាន​អ្វី​ដែល​ព្រះអម្ចាស់​​សុំ​ដល់​យើងហើយ ​យើង​មិន​រំភើប​ចិត្ត ឬមិន​​ធ្វើ​ដោយ​មាន​ឆន្ទៈ​នោះ​ទេ » ។ 23 យោង​តាម​ការ​ថ្លែង​នេះ ពីប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ ការ​រក្សា​សេចក្ដី​សញ្ញា គឺ​ជា​វិធី​មួយ​ដើម្បី​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ដង្វាយធួន​ដ៏និរន្ដន៍ និង​ពុំ​អាច​យល់​បាន​នៃ​ព្រះអង្គ​សង្គ្រោះ​យើង និង​ព្រះ​ប្រោសលោះ និង​ក្ដី​ស្រឡាញ់​ដ៏​ឥត​ខ្ចោះ​របស់​ព្រះបិតាសួគ៌​ ។

អែលឌើរ ហូឡិន បាន​ផ្ដល់​យោបល់ដ៏​ទន់​ភ្លន់​​ថា «​ ខ្ញុំ​ពុំ​ដឹង​ច្បាស់​ពី​បទពិសោធន៍​របស់​យើង​​យ៉ាង​ណា​នៅ​ថ្ងៃ​ជំនុំជំរះ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ភ្ញាក់​ផ្អើល​ណាស់ បើ​នៅ​ក្នុង​ការ​សន្ទនា​នោះ ព្រះ​ពុំ​សួរ​យើង​ដូច​គ្នា​នឹង​អ្វី​ដែល​ព្រះ​គ្រីស្ទ​បាន​សួរ​ដល់​ពេត្រុស​នោះ​ ដែល​ថា ៖ ‹ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ទេ ? ›» 24 នៅ​យប់​នេះ ខ្ញុំ​អញ្ជើញ​ឲ្យ​យើង​ម្នាក់ៗ​វាយ​តម្លៃ​ថា​ តើ​យើង​ស្រឡាញ់​ព្រះ​អង្គ​សង្គ្រោះ​ខ្លាំង​ប៉ុណ្ណា ប្រើ​ជា​រង្វាស់​មួយលើក្ដី​អំណរ​ក្នុង​ការ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ។ ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ថា « អ្នក​ណា​ដែល​មាន​បញ្ញត្តិ​របស់​ខ្ញុំ ហើយកាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ៖ ឯអ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះវរបិតា​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ស្រឡាញ់​អ្នកនោះ​ដែរ ក៏​នឹង​សម្ដែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ផង » ។25 ឱ យើង​ទាំង​អស់​គ្នា​ត្រូវ​ការ ​ការ​សម្ដែងអង្គ​របស់​​ព្រះអង្គសង្គ្រោះ​​ជា​ទៀង​ទាត់​មួយ​នៅ​ក្នុង​ជីវិត​របស់​យើងណាស់ !​

ចូរ​យើង​ចងចាំ​ថា ទោះ​ជា​អ្នក​ទាំងឡាយ​ដែល​បាន​វង្វេង​កាល​ពី​អតីតកាល ឬ​​ដែល​កំពុង​មាន​ឧបសគ្គ​បច្ចុប្បន្ន​នេះ អាច​ទទួល​អារម្មណ៍ប៉ះ​ដោយ​ព្រះហស្ត​របស់​អ្នក​គង្វាល​ល្អ​លើ​ក្បាល​របស់គេ និង​ស្ដាប់​ឮ​សម្លេង​ទ្រង់​ថា ៖ « ចូរ​មក​ចុះ ។ អ្នក​ពុំ​ជាប់​ចំណង​​ទៀត​ទេ ។ អ្នក​មាន​សេរីភាព​ហើយ » ។ គឺ​ព្រះអង្គសង្គ្រោះ​ដែល​មាន​បន្ទូល​ថា « ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ៖ ឯអ្នក​គង្វាល​ល្អ ក៏​ស៊ូ​តែ​ប្ដូរ​ជីវិត​ជំនួស​ចៀម » ។26 ទ្រង់បន្ទូល​ថា ដោយ​សារទ្រង់​​រក្សា​សេចក្ដី​សញ្ញា​របស់​ទ្រង់​ដោយ​ក្ដី​ស្រឡាញ់ ។ សំណួរ​បន្ទាប់​គឺ​ថា តើ​យើង​នឹង​ព្រមឬ​ទេ ? សូម​ឲ្យ​យើង​ដើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​ជំនឿ ដួងចិត្ត​រីករាយ និង​បំណង​ដ៏​អស្ចារ្យ​ដើម្បី​ធ្វើ​ជា​អ្នក​រក្សា​សេចក្ដី​សញ្ញា ។ នេះ​គឺ​ជា​របៀប​ដែល​យើង​បង្ហាញ​ក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះបិតាសួគ៌​យើង និង​ព្រះអង្គសង្គ្រោះ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដោយ​ក្ដី​ស្រឡាញ់​អស្ចារ្យ​ចំពោះ​ទ្រង់​ទាំងពីរ​អង្គ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល ឌី  ថត គ្រីស្តូហ្វឺសិន « You Are Free » Ensign, ខែ​មិនា ឆ្នាំ 2013, 38, 40; ឬ Liahona, ខែ​មិនា ឆ្នាំ 2013, 16, 18 ។

  2. ជែហ្វ្រី  អ័រ ហូឡិន « Keeping Covenants: A Message for Those Who Will Serve a Mission » New Era, ខែ​មករា ឆ្នាំ 2012, 3; ឬ Liahona, ខែ​មករា ឆ្នាំ 2012, 49 ។

  3. សូមមើល « Understanding Our Covenants with God, » Ensign, ខែ កក្កដា ឆ្នាំ 2012, 25; ឬ Liahona,, ខែ​កក្កដា ឆ្នាំ 2012, 23 ។

  4. « ខ្ញុំ​នឹង​ទៅ​ដែល​ទ្រង់​ឲ្យ​ខ្ញុំ​ទៅ » ទំនុក​ដំកើង ទំព័រ 46 គូស​បញ្ជាក់​បន្ថែម ។

  5. នីហ្វៃទី 1  14:14 ។

  6. យ៉ូហាន 13:35 ។

  7. លូស៊ី ម៉ាក់ ស្ម៊ីធ នៅ​ក្នុង​ Daughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ 2011), 25 ។

  8. ម៉ូសាយ 27:14, គូសបញ្ជាក់​បន្ថែម ។

  9. គោលលទ្ធិ និង សេចក្ដី​សញ្ញា 18:13 ។

  10. សូមមើល ហិនរី  ប៊ី អាវរិង « Spiritual Preparedness: Start Early and Be Steady » Ensign Liahona, ខែ​វិច្ឆិកា ឆ្នាំ 2005, 37–40.។

  11. រីឆាដ  ជី ស្កត « សម្រាប់​ភាព​សុខសាន្ដ​ក្នុង​គេហដ្ឋាន » Ensign Liahona, ខែ​ឧសភា ឆ្នាំ 2013, 30 ។

  12. សូមមើល ឌី  ថត គ្រីស្តូហ្វឺសិន « The Gospel Answers Life’s Problems and Challenges » ( worldwide leadership training meeting, ខែ​កុម្ភៈ ឆ្នាំ 2012), lds.org/broadcasts ។

  13. សូមមើល ដាល្លិន អេក អូក « Good, Better, Best » Ensign Liahona, ខែ​វិច្ឆិកា ឆ្នាំ 2007, 104 ។

  14. ថូម៉ាស  អេស ម៉នសុន « Happiness—the Universal Quest » Ensign, ខែ​តុលា ឆ្នាំ 1993, 4; ឬ Liahona, ខែ​មិនា ឆ្នាំ 1996, 5 ។

  15. នីហ្វៃទី  2 5:27 ។

  16. អាលម៉ា 50:23 ។

  17. អាលម៉ា 50:22 ។

  18. ម៉ូសាយ 18:11 ។

  19. គោលលទ្ធិ និង សេចក្ដី​សញ្ញា 84:38 ។

  20. ហិនរី  ប៊ី អាវរិង « Witnesses for God » Ensign, ​ខែ វិច្ឆិកា ឆ្នាំ 1996, 30 ។

  21. លោកុប្បត្តិ 29:20 ។

  22. យ៉ូហាន 3:16 ។

  23. យ៉ូសែប ហ្វីលឌិង ស៊្មីធ « Importance of the Sacrament Meeting » Relief Society Magazine, ខែ​តុលា ឆ្នាំ 1943, 592 ។

  24. ជែហ្វ្រី  អ័រ ហូឡិន « The First Great Commandment » Ensign Liahona, ខែ​វិច្ឆិកា ​ឆ្នាំ 2012, 84 ។

  25. យ៉ូហាន 14:21 ។

  26. យ៉ូហាន 10:11 ។