ឆ្នាំ ២០១០-២០១៩
បង្អួចនៃ​​ស្ថានសួគ៌
តុលា 2013


បង្អួច​នៃ​ស្ថានសួគ៌

ពរជ័យ​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​កើត​មាន​ក្នុង​ជីវិត​យើង នៅពេល​យើង​រស់​នៅ​តាម​ច្បាប់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ។

ខ្ញុំ​ចង់​ពិពណ៌នា​មេរៀន​សំខាន់​ពីរ ដែល​ខ្ញុំ​រៀន​អំពី​ដង្វាយមួយភាគ​ក្នុង​ដប់ ។ មេរៀនទីមួយ ផ្ដោត​ទៅ​លើ​ពរជ័យ​ទាំងឡាយ ដែល​កើត​មានចំពោះ​បុគ្គល​ម្នាក់ៗ និង​គ្រួសារ នៅពេល​ពួកគេ​គោរព​បញ្ញត្តិ​នេះ​ដោយ​ស្មោះ ។ មេរៀន​ទីពីរ បញ្ជាក់​ពី​សារៈសំខាន់​នៃ​ដង្វាយមួយភាគ​ក្នុង​ដប់​នៅ​ក្នុង​ការ​រីកចម្រើន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅ​ទូទាំង​ពិភពលោក ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បញ្ជាក់​ដល់​យើង​ម្នាក់ៗ​អំពី​សេចក្ដីពិត​នៃ​គោលការណ៍ ដែល​ខ្ញុំ​ពិភាក្សា ។

មេរៀនទី1--​ពរជ័យ​សំខាន់​ តែ​តូច​ៗ

ម្ដាយ​ស៊ីស្ទើរ បែដណា ជា​ស្ដ្រី​ស្មោះ​ត្រង់​ម្នាក់ ហើយ​ជា​មេផ្ទះ​ដ៏​បំផុសគំនិត ។ តាំង​ពី​ថ្ងៃ​គាត់​រៀបការ​ដំបូង​មក គាត់​បាន​រក្សា​ទុក​កំណត់ត្រា​ហិរញ្ញវត្ថុ​យ៉ាង​ប្រុងប្រយ័ត្ន ។ អស់​ជា​ច្រើន​ទសវត្សមក គាត់​ទទួល​ខុសត្រូវ​លើ​ចំណូល និង​ការ​ចំណាយក្នុង​​គ្រួសារ​ ដោយ​ប្រើ​សៀវភៅ​ចំណូល​ចំណាយ​ដ៏​សាមញ្ញមួយ ។ ព័ត៌មាន​ដែល​គាត់​មាន​អស់​ជាច្រើន​ឆ្នាំ​នោះ គឺ​ល្អិត​ល្អន់ និង​ច្បាស់​លាស់ ។

ពេល​ស៊ីស្ទើរ បែដណា នៅ​ក្មេង ម្ដាយ​គាត់​ប្រើ​ទិន្នន័យ​ក្នុង​សៀវភៅ​នោះ បញ្ជាក់​អំពី​គោលការណ៍​គ្រឹះ​នៃ​ការ​រស់​នៅ​ដោយការ​​បម្រុង​ទុក និង​គ្រប់​គ្រង​ផ្ទះ​ដោយ​ប្រុង​ប្រយ័ត្ន ។ ថ្ងៃ​មួយ ពេល​គាត់​មើល​ខ្ទង់​ចំណាយ​ផ្សេងៗ​ជុំ​គ្នា ម្ដាយ​គាត់​បាន​ប្រាប់​​គំរូ​ដ៏​គួរឲ្យ​​ចាប់​អារម្មណ៍​មួយ ។ ចំណាយ​សម្រាប់​ការ​ទៅ​ពេទ្យ និង​ការ​ទិញ​ថ្នាំក្នុង​គ្រួសារ​គាត់ គឺ​មាន​តិច​​ជាង​អ្វី​ដែល​បាន​គិត​ទុក ។ បន្ទាប់មក គាត់​បាន​ប្រាប់​ថា​រឿង​នេះ ​ទាក់​ទង​នឹង​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ពន្យល់​ដល់​កូន​ស្រី​អំពី​សេចក្ដីពិត​ដ៏​មាន​អានុភាព​នេះថា ៖ នៅពេល​យើង​រស់​នៅ​តាម​ច្បាប់​ដង្វាយមួយភាគ​ក្នុងដប់ ជាញឹកញាប់​​យើងទទួល​ពរជ័យដ៏​​សំខាន់ តែតូចៗ​ ដែល​យើង​ពុំ​រំពឹង​ទុក ហើយ​ងាយ​នឹង​មើល​រំលង​នោះ ។ គ្រួសារ​ពុំ​បាន​ទទួល​ប្រាក់​បន្ថែម​ភ្លាមៗ ឬ​ជាក់​ស្ដែង​ណា​មួយ​ចូល​ក្នុង​ចំណូល​គ្រួសារ​ទេ ។ ផ្ទុយ​ទៅ​វិញ ព្រះបិតា​ជាទីស្រឡាញ់ បាន​ប្រទាន​ពរ​សាមញ្ញៗ តាម​របៀប​ដ៏​សាមញ្ញវិញ ។ ស៊ីស្ទើរ បែដណា តែង​ចាំ​នូវ​មេរៀន​សំខាន់​នេះ​ពី​ម្ដាយ​គាត់ អំពី​ជំនួយ​ដែល​កើត​មានចំពោះ​យើង តាមបង្អួច​នៃ​ស្ថានសួគ៌ ដូច​បាន​សន្យា​ដោយ​ម៉ាឡាគី ក្នុង​គម្ពីរ​សញ្ញា​ចាស់ ( សូមមើល ម៉ាឡាគី 3:10 ) ។

ជាញឹកញាប់ នៅពេល​យើង​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ច្បាប់​ដង្វាយមួយភាគ​ក្នុង​ដប់ យើង​គូស​បញ្ជាក់​ពី​ការ​ទទួលស្គាល់​ភ្លាមៗ សំខាន់ និង​ ងាយដឹង​នូវ​ពរជ័យ​ខាង​សាច់​ឈាម ដែល​យើង​ទទួល ។ ប្រាកដ​ណាស់ ពរជ័យ​ដូច្នោះ​កើត​​មាន​មែន ។ ប៉ុន្តែ​ពរជ័យ​ផ្សេងៗ​មួយ​ចំនួន ដែល​យើង​ទទួល​ ពេល​យើង​គោរព​បញ្ញត្តិ​នេះ គឺ​សំខាន់ តែ​តូចៗ ។ ពរជ័យ​ដូច្នោះ អាច​ត្រូវ​បាន​ញែក​ដឹង​តែ ពេល​យើង​សង្កេត និង​យក​ចិត្ត​ទុក​ដាក់​ខាង​វិញ្ញាណប៉ុណ្ណោះ ( សូមមើល កូរិនថូស​ទី 1 2:14 ) ។

ពាក្យ​​ « បង្អួច » ស្ថានសួគ៌ ដែល​បាន​ប្រើ​ដោយ​ម៉ាឡាគី គឺ​ជា​មេគំនិត​ខ្លាំងបំផុត ។ បង្អួច​ អនុញ្ញាត​ឲ្យ​ពន្លឺ​ពី​ធម្មជាតិចាំង​​ចូល​ក្នុង​អគារ ។ ក៏​ដូចគ្នា​នឹង​ការ​បំផុសគំនិត​ និង​ទស្សនៈវិស័យខាង​វិញ្ញាណ គឺ​ចាក់​ស្រោច​​តាម​បង្អួច​នៃ​ស្ថានសួគ៌ និង​ក្នុង​ជីវិត​យើង ពេល​យើង​គោរព​ច្បាប់​ដង្វាយមួយភាគ​ក្នុង​ដប់ ។

ឧទាហរណ៍ ពរជ័យ​តូច និង​សំខាន់​មួយ​ដែល​យើង​ទទួល គឺ​អំណោយទាន​ខាង​វិញ្ញាណ នៃ​ការ​ដឹង​គុណ ដែល​ជួយ​យើង​អរគុណដល់​អ្វីៗ​ដែល​យើង​មាន រួច​ទប់​បំណងដែល​យើង​​​ចង់​បានវិញ​ ។ មនុស្ស​ដឹងគុណ ​មានក្ដី​​សប្បាយ​ជាបរិបូរ ។ មនុស្ស​ដែល​​គ្មាន​ការ​ដឹងគុណ រង​ទុក្ខ​ក្នុង​ភាព​ក្រីក្រ​ខាងការ​មិន​សប្បាយចិត្ត​គ្មាន​ទីបញ្ចប់ ( សូមមើល លូកា 12:15 ) ។

យើង​អាច​នឹង​ត្រូវការ​ជំនួយ និង​ការ​​អធិស្ឋានសូម​ជំនួយ ដើម្បី​រក​បាន​ការ​ងារ​សមរម្យ ។ ទោះ​ជា​យ៉ាង​ណា យើង​ត្រូវ​ការ​កែវ​ភ្នែក និង​ត្រចៀក​នៃ​ក្ដីជំនឿ ( សូមមើល អេសធើរ 12:19 ) ដើម្បី​ស្គាល់​អំណោយ​ទាន​ខាង​វិញ្ញាណ ដើម្បី​មាន​ការ​ញែក​ដឹង​ទូលំទូលាយ ដែល​អាច​ឲ្យ​យើ​ងស្គាល់​ឱកាស​ការ​ងារ​ ដែល​មនុស្ស​ដទៃ​ទៀត​ជា​ច្រើន​អាច​នឹង​មើល​រំលង--ឬ​ពរជ័យ​នៃ​ការ​បង្កើនការ​តាំង​ចិត្តបន្ថែម​ទៀត ឲ្យ​ខំ​រក និង​ព្យាយាម​រក​តំណែង​មួយ ជាង​អ្នកដទៃ​​អាច​ធ្វើ​បាន ឬ​មាន​ឆន្ទៈ​ធ្វើ​វា ។ យើង​អាច​ចង់​បាន និង​រំពឹង​ថា មាន​គេ​ឲ្យ​ការ​ងារ ប៉ុន្តែ​ពរជ័យ​ដែល​កើត​មាន​ចំពោះ​យើង មក​តាម​បង្អួច​នៃ​ស្ថានសួគ៌ អាច​ជា​សមត្ថភាព​កាន់​តែ​ខ្លាំង​ដើម្បី​ធ្វើ​សកម្មភាព ហើយ​ផ្លាស់​ប្ដូរ​ស្ថាន​ភាព​ផ្ទាល់​ខ្លួន​យើង ជាជាង​រំពឹង​ឲ្យ​ស្ថានភាព​យើង​​ផ្លាស់​ប្ដូរ ដោយសារ​នរណា​ម្នាក់ ឬ​អ្វី​ផ្សេងទៀត ។

យើង​អាចមាន​បំណង និង​ធ្វើ​ការសមរម្យ​​ដើម្បី​ទទួល​បាន​ប្រាក់​ខែ​បន្ថែម​ ដើម្បី​កែ​លម្អរ​ការ​ផ្គត់​ផ្គង់​ចាំបាច់​ក្នុង​ជីវិត​ ។ ទោះ​ជា​យ៉ាង​ណា វា​ត្រូវ​ការ​កែវភ្នែក និង​ត្រចៀក​នៃ​ក្ដី​ជំនឿ ដើម្បី​កត់សម្គាល់​ក្នុង​ខ្លួន​យើង​នូវ​កំណើន​ខាង​វិញ្ញាណ និងសមត្ថភាព​ខាង​សាច់​ឈាម ( សូមមើល លូកា 2:52 ) ដើម្បីបំពេញ​តម្រូវ​ការ​យើង​បាន​ច្រើន​ដោយ​ប្រាក់​តិច បង្កើន​សមត្ថភាព ដាក់​អាទិភាព ហើយ​រស់នៅ​សមញ្ញ និង​ពង្រីក​សមត្ថភាព​ដើម្បី​មើល​ថែ​ដោយ​ត្រឹម​ត្រូវ​នូវ​ទ្រព្យ​សម្ភារ ដែល​យើង​មាន​រួច​ហើយ​នោះ ។ យើង​អាច​នឹង​ចង់បាន ហើយ​រំពឹង​ចង់​បាន​ប្រាក់​ខែ​ច្រើន ប៉ុន្តែ​ពរជ័យ​ដែល​មាន​ដល់​យើង​តាម​បង្អួច​នៃ​ស្ថាន​សួគ៌ អាចជាសមត្ថភាព​កាន់​តែ​អស្ចារ្យ ដើម្បី​ផ្លាស់​ប្ដូរ​ស្ថានភាព​ផ្ទាល់​ខ្លួន​យើង ជាជាង​រំពឹង​ឲ្យ​ស្ថានភាព​យើង​ផ្លាស់​ប្ដូរ ដោយសារ​នរណា​ម្នាក់ ឬ​អ្វី​ផ្សេង​ទៀត ។

កង​ទ័ព​កម្លោះ​ក្នុង​គម្ពីរមរមន ( សូមមើល អាលម៉ា​ 53, 56–58) បាន​អធិស្ឋាន​ដោយ​ស្មោះ​សូម​ឲ្យ​ព្រះ​ពង្រឹង និង​រំដោះ​ពួកគេ​ចេញ​ពី​ដៃ​មារសត្រូវ ។ អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺជា​ចម្លើយ​ដល់ការ​អធិស្ឋាន​ទាំងនេះ គឺ​ពុំ​មែន​ផ្ដល់​ជា​អាវុធ​បន្ថែម ឬ​បង្កើន​ចំនួន​ទ័ព​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ព្រះ​បាន​ប្រទាន​ការ​អះអាង​ដល់​ទ័ព​ស្មោះ​ត្រង់​ទាំងនេះ​​ថា ទ្រង់​នឹង​រំដោះ​ពួកគេ ផ្ដល់​ភាព​សុខសាន្ដ​ដល់​ព្រលឹង និង​ជំនឿ និង​ក្ដី​សង្ឃឹម​ដ៏អស្ចារ្យ​លើ​ការ​​រំដោះ​ពួកគេ​នៅ​ក្នុង​ទ្រង់ ( សូមមើល អាលម៉ា 58:11) ។ ដូច្នេះ កូនប្រុស​ហេលេមិន មានភាព​ក្លាហាន មុតមាំ​ក្នុង​ការ​តាំងចិត្ត​ដើម្បី​យកឈ្នះ ហើយ​ដើរ​ទៅ​មុខ​ដោយ​អស់​ពី​ចិត្ត ច្បាំង​នឹង​សាសន៍​លេមិន ( សូមមើល អាលម៉ា 58:12–13 ) ។ ការអះអាង ភាព​សុខសាន្ដ ជំនឿ សង្ឃឹម ពីដំបូង អាច​នឹង​មើល​ទៅថា​ពុំ​មែន​ជា​ពរជ័យ​ដែល​ពួក​ទ័ព​ក្នុង​ចម្បាំង​ចង់​បាន​ទេ ប៉ុន្ដែ​វា​ជា​ពរជ័យ​ដ៏ពិត ដែលយុវជន​អង់​អាច​ទាំងនេះ ត្រូវ​ការ​ដើម្បី​ឆ្ពោះ​ទៅ​មុខ ហើយ​យក​ឈ្នះ​ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ ។

ពេល​ខ្លះ យើង​សូម​ព្រះឲ្យ​មាន​ជោគជ័យ ហើយ​ទ្រង់​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង​ខាង​រូប​កាយ និង​វិញ្ញាណ ។ យើង​អាច​នឹង​សុំ​ឲ្យ​មាន​ការ​ចម្រុង​ចម្រើន ​ហើយ​យើង​ទទួល​នូវ​ទស្សនៈវិស័យ​ទូលំទូលាយ និង​ការ​អត់ធ្មត់​ច្រើន ឬ​យើង​សូម​ការ​រីកចម្រើន រួច​យើង​បាន​ទទួល​ពរ​នូវ​អំណោយ​ទាន​នៃ​ព្រះគុណ ។ ទ្រង់​អាច​ប្រទាន​ដល់​យើង​នូវ​ជំនឿ​មុតមាំ និង​ទំនុកចិត្ត នៅពេល​យើង​ព្យាយាម​សម្រេច​គោលដៅ​​សក្ដិសម ។ ហើយ​ពេល​យើង​ទូល​សូម​ភាព​ស្រាកស្រាន្ដ​ពី​ការលំបាក​ខាង​រូបកាយ សតិអារម្មណ៍ និង​ខាង​វិញ្ញាណ នោះ​ទ្រង់​អាច​នឹង​បង្កើន​ការតាំង​ចិត្ត និងការ​ស៊ូទ្រាំ​របស់​យើង ។

ខ្ញុំ​សន្យា​ថា នៅពេល​អ្នក​ និង​ខ្ញុំ គោរព​ច្បាប់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ពិតណាស់ បង្អួច​នៃ​ស្ថានសួគ៌ នឹង​បើក​ឡើង ហើយ​ពរជ័យ​ខាង​វិញ្ញាណ​ និង​ខាង​សាច់​ឈាម នឹង​ចាក់​ស្រោចមកយ៉ាង​ច្រើន ដែល​នឹង​គ្មាន​កន្លែង​ល្មមទុក ( សូមមើល ម៉ាឡាគី 3:10 ) ។ យើង​ក៏​នឹង​ចងចាំ​ការ​ប្រកាស​របស់​ព្រះ​​ផងដែរ​ថា ៖

« គំនិត​យើង មិនមែន​ដូច​ជា​គំនិត​របស់​អ្នករាល់គ្នា​ទេ ឯផ្លូវ​អ្នករាល់គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​យើង​ដែរ ។

« ត្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​យើង ខ្ពស់​ជាង​ផ្លូវ​របស់​អ្នក​ ហើយ​គំនិត​យើង ក៏​ខ្ពស់​ជាង​គំនិត​អ្នក​យ៉ាង​នោះ​ដែរ » ( អេសាយ 55:8–9 ) ។

ខ្ញុំ​ធ្វើ​ទីបន្ទាល់​ថា នៅពេល​យើង​សង្កេត និង​យកចិត្ត​ទុកដាក់​ខាង​វិញ្ញាណ នោះ​យើង​នឹង​ទទួល​ពរ​នូវ​កែវភ្នែក ដែល​មើល​ឃើញ​កាន់​តែ​ច្បាស់ ហើយ​ត្រចៀកដើម្បី​ស្ដាប់​កាន់​តែ​ខ្ជាប់ខ្ជួន និង​ដួង​ចិត្ត​ដើម្បី​​​យល់​កាន់​តែ​ពេញ​លេញ​នូវ​សារៈសំខាន់ និង​ផ្លូវតូច​របស់​ទ្រង់ ព្រះទ័យ​ទ្រង់ និង​ពរជ័យ​ទ្រង់​ក្នុង​ជីវិត​យើង ។

មេរៀនទី2-- ភាពងាយ​​នៃ​ផ្លូវរបស់​ព្រះអម្ចាស់

មុន​ពេល​ខ្ញុំ​ត្រូវ​ហៅ​ឲ្យ​បម្រើ​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ខ្ញុំ​បាន​អាន​ជា​ច្រើន​ដង​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា អំពី​ក្រុម​ប្រឹក្សា​ដែល​បាន​ចាត់តាំង​ឲ្យ​ត្រួត​លើ និង​ចែកចាយ​មូលនិធិ​ដង្វាយមួយភាគ​ក្នុង​ដប់​ដ៏ពិសិដ្ឋ ។ ក្រុម​ប្រឹក្សា​រៀបចំចែកចាយ​ដង្វាយមួយភាគ​ក្នុង​ដប់ ត្រូវ​បាន​បង្កើត​ឡើង​ដោយវិវរណៈ និង​ស្រប​ទៅ​តាម​គណៈប្រធាន​ទីមួយ កូរ៉ុមនៃ​ពួកសាវក​ដប់ពីរ​នាក់ និង​គណៈ​ប៊ីស្សព​ជា​អធិបតី ( សូមមើល គ. និង ស. 120 ) ។ នៅពេល​ខ្ញុំ​រៀបចំខ្លួន​​នៅ​ខែ​ធ្នូ ឆ្នាំ 2004 ដើម្បី​ចូលរួមការ​ប្រជុំ​ដំបូង​ក្នុង​ក្រុមប្រឹក្សា​នេះ ខ្ញុំ​គិត​ទុក​យ៉ាង​រំភើប​អំពី​​ឱកាស​ដ៏អស្ចារ្យ​បំផុត​មួយដើម្បី​រៀន​ ។

ខ្ញុំ​ចាំ​នូវ​​រឿង​ដែល​ខ្ញុំ​បាន​ទទួលបទពិសោធន៍ និង​ដឹង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​នោះ ។ ខ្ញុំ​មាន​ការ​អរគុណ​កាន់​តែ​ច្រើន និង​​គោរព​កាន់​តែ​ខ្លាំង​ចំពោះ​ច្បាប់​​​ព្រះ​ខាង​​ហិរញ្ញវត្ថុ​ចំពោះ​បុគ្គល​ម្នាក់ៗ គ្រួសារ និង​សាសនាចក្រ​ទ្រង់ ។ កម្មវិធី​ហិរញ្ញវត្ថុ​មូលដ្ឋាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ-- ទាំង​ចំណូល និង​ចំណាយ --គឺ​ប្រាប់​ក្នុង​កណ្ឌ 119 និង 120 នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។ សេចក្ដីថ្លែង​ពីរ មាន​ក្នុង​វិវរណៈ​ទាំងនេះ ផ្ដល់​ជា​គ្រឹះ​សម្រាប់​កិច្ចការ​ហិរញ្ញវត្ថុ​នៃ​សាសនាចក្រ ។

កណ្ឌ 119 ថ្លែង​យ៉ាង​សាមញ្ញ​ដល់​សមាជិក​គ្រប់​រូប​ថា « ត្រូវ​ថ្វាយ​ 1 ភាគ 10 នូវ​ធនធាន​ក្នុង​មួយ​ឆ្នាំ​ដែល​គេ​បាន ហើយ​នេះ​នឹង​ត្រូវ​ទៅ​ជា​ក្រិត្យ​វិន័យ​ដែល​នៅ​អចិន្ត្រៃយ៍ ... ព្រះអម្ចាស់​ទ្រង់​មាន​បន្ទូល​ថា​ដូច្នោះ » (​ ខ  4 ) ។

ទាក់ទង​នឹង​ការ​ចែកចាយ​ដង្វាយ​ 1 ភាគ 10 ដែល​បាន​អនុញ្ញាត នោះ​ព្រះអម្ចាស់​មាន​បន្ទូល​ថា « ត្រូវ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​ដោយ​ក្រុម​ប្រឹក្សា​មួយ គឺ​មាន​គណៈប្រធាន​ទីមួយ​នៃ​សាសនាចក្រ​របស់​យើង ព្រមទាំង​ប៊ីស្សព និង​ក្រុម​ប្រឹក្សា​របស់​គាត់ ហើយ​ដោយ​ក្រុមប្រឹក្សា​ជាន់​ខ្ពស់​របស់​យើង ហើយ​ដោយ​សំឡេង​​យើង​ផ្ទាល់​ដល់​ពួកគេ ព្រះអម្ចាស់​មាន​បន្ទូល​ថា​ដូច្នោះ » ( គ. និង ស. 120:1 ) ។ ក្នុង​វិវរណៈ « ប៊ីស្សព និង ក្រុម​ប្រឹក្សា​របស់​គាត់ » និង « ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​របស់​យើង » សំដៅ​ទៅ​លើ​គណៈ​ប៊ីស្សព​ជា​អធិបតី និង​កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ មូលនិធិ​ពិសិដ្ឋ​ទាំង​នេះ ត្រូវ​បាន​ប្រើ​ក្នុង​ការ​រីកចម្រើន​យ៉ាង​លឿន​របស់​សាសនាចក្រ ដើម្បី​ប្រទាន​ពរខាង​វិញ្ញាណ​ដល់​បុគ្គល​ម្នាក់ៗ និង​គ្រួសារ ដោយ​ការ​សាងសង់ និង​ថែទាំ​ព្រះវិហារ​បរិសុទ្ធ និង​ដំណាក់​ថ្វាយ​បង្គំ គាំទ្រ​ដល់​កិច្ចការ​ផ្សាយសាសនា បកប្រែ និង​បោះពុម្ព​គម្ពីរ បង្កើត​ការ​ស្រាវជ្រាវ​ពង្សប្រវត្តិ បង្កើត​សាលា និង​ការអប់រំខាង​សាសនា និង​ការ​សម្រេច​គោលបំណង​ដទៃទៀតជាច្រើន​​របស់​សាសនាចក្រ ដូ​ចបាន​ដឹកនាំ​ដោយ​ពួក​អ្នក​បម្រើ​​ដែល​បាន​តែងតាំង​ដោយ​ព្រះ ។

ខ្ញុំ​អស្ចារ្យ​ចំពោះ​ភាព​ច្បាស់​លាស់ និង​សង្ខេប នៃ​វិវរណៈ​ទាំង​ពីរ​នេះ បើ​ប្រៀបធៀប​នឹង​ការ​ណែនាំ​ខាង​ហិរញ្ញវត្ថុ​ និង​ទម្រង់នៃ​​ការ​គ្រប់គ្រង​ដ៏​ស្មុគស្មាញ ដែល​បាន​ប្រើ​ក្នុង​អង្គការ​ជាច្រើន និង​រដ្ឋាភិបាល​នៅ​លើ​ពិភពលោក ។ តើ​កិច្ចការ​ខាង​អណាចក្រ​នៃ​អង្គការ​មួយ ដែល​ធំ​ដូច​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ស្តារ​​ឡើងវិញ អាច​ប្រតិបត្តិ​នៅ​ទូទាំង​ពិភពលោក ដោយ​ប្រើ​នូវ​ការណែនាំ​ដ៏​សង្ខេប​នេះ​បាន​ដោយ​របៀប​ណា ? ចំពោះ​ខ្ញុំ ចម្លើយ​គឺ​ចំៗ​ថា ៖ នេះ​គឺ​ជា​កិច្ចការ​របស់​ព្រះអម្ចាស់ ទ្រង់​អាច​ធ្វើ​កិច្ចការ​របស់​ទ្រង់​បាន ( សូមមើល នីហ្វៃទី 2 27:20 ) ហើយ​ព្រះសង្គ្រោះ បំផុសគំនិត និង​ដឹកនាំ​ពួក​អ្នក​បម្រើ​ទ្រង់ ពេល​ពួកគេ​អនុវត្ត​តាម​ការ​ដឹកនាំទ្រង់ ហើយ​ធ្វើ​ការ​ក្នុង​បុព្វហេតុ​ទ្រង់ ។

ក្នុង​ការ​ប្រជុំ​ក្រុម​ប្រឹក្សា​ដំបូង​នោះ ខ្ញុំ​អស្ចារ្យ​ដោយ​ភាព​សាមញ្ញ​នៃ​គោលការណ៍​នានា ដែល​បាន​ដឹកនាំ​ការ​ពិភាក្សា និង​ការ​សម្រេច​ចិត្ត​របស់​យើង ។ ក្នុង​ការ​ប្រតិបត្តិ​ហិរញ្ញវត្ថុ​នៃសាសនាចក្រ មាន​គោលការណ៍​ថេរ និង​មូលដ្ឋាន​ពីរ ត្រូវ​បានគោរព​តាម ។ ទី​មួយ សាសនាចក្រ​ចំណាយ​តាម​អ្វី​ដែល​មាន ហើយ​ពុំ​ចំណាយ​ច្រើន​ជាង​ដែល​ទទួល​បាន​ទេ ។ ទីពីរ មួយភាគ​នៃ​ចំណូល​ប្រចាំ​ឆ្នាំ ត្រូវ​បាន​ទុក​ដោយ​ឡែក បម្រុងសម្រាប់​តម្រូវការ​បន្ទាន់ និងដែល​ស្មាន​មិន​ដល់ ។ អស់​ជាច្រើន​ទសវត្ស​មក សាសនាចក្រ​បាន​បង្រៀន​សមាជិក​អំពី​គោលការណ៍​នៃ​ការ​ត្រៀម​ទុក​អាហារ​បន្ថែម ប្រេងសាំង និង​ប្រាក់កាស​ សម្រាប់​ភាព​អាសន្ន ដែល​អាច​នឹង​កើត​មាន ។ សាសនាចក្រ ជា​វិទ្យាស្ថាន​មួយ ដែល​ធ្វើ​តាម​ដោយ​សាមញ្ញ​នូវ​គោលការណ៍​ដូច​គ្នា ដែល​​ត្រូវ​បាន​បង្រៀន​ដល់​សមាជិកជាញឹកញាប់នោះ ។

ពេល​ការប្រជុំនេះ​ដំណើរ​ការទៅ ខ្ញុំ​ចង់​ឲ្យ​សមាជិក​ទាំងអស់​ក្នុង​សាសនាចក្រ អាច​គោរព​តាម​មាគ៌ាផ្ទាល់​របស់​ព្រះនេះ​ ដែល​សាមញ្ញ ច្បាស់លាស់ រៀបរយ សប្បុរស និងដោយ​​ព្រះចេស្ដានេះ ( សូមមើល គ. និង​ ស. 104:16 ) សម្រាប់​ដឹកនាំ​កិច្ចការ​ខាង​អណាចក្រ​នៃ​សាសនាចក្រ​ទ្រង់ ។ ឥឡូវ ខ្ញុំ​បាន​ចូល​រួម​ក្នុង​ក្រុមប្រឹក្សា​រៀបចំ​ចែកចាយ​ដង្វាយ​ 1 ភាគ 10 អស់ជាច្រើន​ឆ្នាំ​មក​ហើយ ។ ការ​ដឹងគុណ និង​ការគោរព​របស់​ខ្ញុំ​ចំពោះ​គំរូ​​របស់ព្រះ បាន​កើន​ឡើង​រាល់​ឆ្នាំ ហើយ​​​​មេរៀនដែល​បាន​រៀន​​ជាច្រើននោះ បាន​រៀន​កាន់​តែ​ច្បាស់ ។​

ដួង​ចិត្ត​ខ្ញុំ​បាន​ពេញ​ដោយ​ក្ដី​ស្រឡាញ់ និង​ការ​សរសើរ ចំពោះ​សមាជិក​ស្មោះត្រង់ និង​គោរព​ប្រតិបត្តិ តាម​​សាសនាចក្រ​នេះ ពី​គ្រប់​ជាតិសាសន៍ ភាសា និង​ប្រជាជន ។ នៅពេល​ខ្ញុំ​ធ្វើ​ដំណើរ​ទូទាំង​ពិភពលោក ខ្ញុំ​បាន​រៀន​ពី​ក្ដី​សង្ឃឹម និង​សុបិន ស្ថានភាព​រស់នៅ​ផ្សេងៗ​ និង ឧបសគ្គ​របស់​អ្នក ។ ខ្ញុំ​បាន​ចូលរួម​ការប្រជុំ​សាសនាចក្រ​ជាមួយ​​អ្នក ហើយ​សួរសុខទុក្ខ​ផ្ទះ​របស់​អ្នក​មួយចំនួន ។ ជំនឿ​អ្នក ពង្រឹង​ជំនឿ​ខ្ញុំ ។ ការលះបង់​អ្នក ធ្វើ​ឲ្យ​ខ្ញុំ​លះបង់​កាន់​តែ​ច្រើន ។ ហើយ​សេចក្ដី​ល្អ និង​ឆន្ទៈ​អ្នក​ក្នុង​ការ​គោរព​ច្បាប់​មួយភាគ​ក្នុង​ដប់ បំផុស​​ខ្ញុំ​ឲ្យ​ក្លាយ​ជាមនុស្សកាន់​តែប្រសើរ ជា​ស្វាមី ជា​ឪពុក និង​ជា​អ្នកដឹកនាំ​ក្នុង​សាសនាចក្រ​កាន់​តែ​ប្រសើរ ។ ខ្ញុំ​ចាំ និង​គិត​អំពី​អ្នក​រាល់​ពេល ដែល​ខ្ញុំ​ចូលរួម​ក្នុង​ក្រុម​ប្រឹក្សា​​រៀបចំ​ចែកចាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ ។ អរគុណ​ចំពោះ​សេចក្ដី​ល្អ និង​ភាព​ស្មោះត្រង់​របស់អ្នក ពេល​អ្នក​គោរព​សេចក្ដី​សញ្ញា​អ្នក ។

អ្នកដឹកនាំ​ក្នុង​សាសនាចក្រ​ដែល​បាន​ស្តារ​​ឡើងវិញ​របស់​ព្រះ មាន​ការទទួលខុសត្រូវ​ដ៏​ធំ ដើម្បី​មើល​ថែដោយ​ត្រឹមត្រូវ​ចំពោះ​ដង្វាយ​​ពិសិដ្ឋ​របស់​សមាជិក​ ។ យើង​ដឹង​ច្បាស់​អំពី​ភាព​ពិសិដ្ឋ​នៃ​ប្រាក់​ស្លឹង​របស់​ស្ត្រី​មេម៉ាយ ។

« គ្រា​នោះ ព្រះយេស៊ូវ​គង់​ទល់​មុខ​នឹង​ឃ្លាំង ក៏​ទត​មើល​ទៅ​ហ្វូង​មនុស្ស ដែល​គេ​ដាក់ដង្វាយ​ក្នុង​ឃ្លាំង​ជា​យ៉ាង​ដូចម្ដេច មាន​អ្នក​មាន​ជា​ច្រើន គេ​ដាក់​ច្រើន ។

« តែ​មាន​ស្រី​មេម៉ាយ​ក្រ​ម្នាក់ មក​ដាក់​តែ​ពីរ​ស្លឹង ដែល​ត្រូវ​ជា​កន្លះ​សេន ។

« ទ្រង់​ក៏​ហៅ​ពួក​សិស្ស​មក​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់អ្នករាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេម៉ាយ​ក្រ​នេះ បាន​ថ្វាយ​លើស​ជាង​អ្នក​ទាំងអស់ ដែល​ដាក់​ក្នុង​ឃ្លាំង ៖

« ត្បិត​គេ​សុទ្ធ​តែ​យក​ពី​របស់​ជា​សំណល់​ខ្លួន​មក​ថ្វាយ តែ​ស្ត្រី​នេះ​បាន​យក​ពី​សេចក្ដី​កំសត់​ខ្លួន​មក​ថ្វាយ​វិញ គឺ​ជា​របស់​ដែល​នាង​មាន​ទាំង​ប៉ុន្មាន​សម្រាប់​ចិញ្ចឹម​ជីវិត​ខ្លួន​ផង » ( ម៉ាកុស 12:41–44 ) ។

ខ្ញុំ​ដឹង​តាម​បទពិសោធន៍​ថា ក្រុម​ប្រឹក្សា​រៀបចំ​ចែកចាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ គឺ​យកចិត្ត​ទុក​ដាក់​ការពារ​ដល់​ប្រាក់​ស្លឹង​របស់​ស្ត្រី​មេម៉ាយនោះណាស់ ។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ប្រធាន​ ថូម៉ាស អេស ម៉នសុន Monson និង​ទីប្រឹក្សា​របស់​លោក ចំពោះ​ការ​ដឹកនាំ​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​ពួកលោក ក្នុង​ការ​ធ្វើ​កិច្ចការ​ដ៏​ពិសិដ្ឋ​នេះ ។ ហើយ​ខ្ញុំ​​ទទួល​ស្គាល់​សំឡេង ( សូមមើល គ. និង ស. 120:1 ) និង​ព្រះហស្ត​របស់​ព្រះ ដែល​គាំទ្រ​ដល់​ពួក​អ្នក​បម្រើ​ដែល​បាន​តែងតាំង​របស់​ទ្រង់ ក្នុង​ការ​បំពេញ​កាតព្វកិច្ច​តំណាង​ឲ្យ​ទ្រង់ ។

ការ​អញ្ជើញ និង​ទីបន្ទាល់​

ការ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ស្មោះត្រង់ គឺ​ខុស​ពី​ជា​កាតព្វកិច្ច វា​ជា​ជំហាន​សំខាន់​មួយ​ក្នុង​ដំណើរ​ការ​នៃ​ការឧទ្ទិស​ផ្ទាល់​ខ្លួន ។ ចំពោះ​អ្នក​ទាំងឡាយ​ដែល​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​របស់​អ្នក ខ្ញុំ​សូម​កោត​សរសើរ ។​

ចំពោះ​អ្នក​ដែល​បច្ចុប្បន្ន​ពុំ​បាន​គោរព​តាម​ច្បាប់​នៃ​ដង្វាយ​មួយភាគ​ក្នុង​ដប់​នេះ ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​គិត​ ហើយ​ប្រែចិត្ត ។ ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​ថា តាមរយៈ​ការ​គោរព​ប្រតិបត្តិ​របស់​អ្នក​ចំពោះ​ក្រិត្យ​វិន័យ​របស់​ព្រះអម្ចាស់​នេះ នោះ​បង្អួច​នៃ​ស្ថានសួគ៌​នឹង​បើក​ឲ្យ​អ្នក ។ សូម​កុំ​ពន្យា​ពេល​​នៃ​ការ​ប្រែចិត្ត​របស់​អ្នក​ឡើយ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពរជ័យ​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​កើត​មាន​ក្នុង​ជីវិត​យើង នៅពេល​យើង​រស់​នៅ​តាម​ច្បាប់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា ជាញឹកញាប់ ពរជ័យ​ដូច្នោះ ​សំខាន់ តែតូចៗ ។ ខ្ញុំ​ក៏​ប្រកាស​ផងដែរ​ថា ភាព​សាមញ្ញ​នៃ​មាគ៌ា​របស់​ព្រះ គឺ​ជា​ភស្ដុតាង​យ៉ាង​ច្បាស់​នៅ​ក្នុង​កិច្ចការ​អណា​ចក្រ​នៃ​សាសនាចក្រ​ទ្រង់ ផ្ដល់​ជា​គំរូ​ដែល​អាច​ដឹកនាំ​យើង​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។ ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​យើង​ម្នាក់ៗ អាច​រៀន និង​ទទួល​ផល​ពី​មេរៀន​សំខាន់​ទាំងនេះ នៅ​ក្នុង​ព្រះនាម​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។