ឆ្នាំ ២០១០-២០១៩
អ្នក​គង្វាលដ៏ពិត
តុលា 2013


អ្នក​គង្វាល​ដ៏​ពិត

ការ​បង្រៀន​តាម​ផ្ទះ​ ឆ្លើយ​តប​ការ​អធិស្ឋាន​ជាច្រើន ហើយ​អនុញ្ញាតឲ្យ​យើង​មើល​ឃើញ​ការ​ផ្លាស់ប្ដូរ​ដែល​​អាច​កើត​ឡើង​ក្នុង​ជីវិត​មនុស្ស ។

យប់នេះក្នុង​មជ្ឈមណ្ឌល​សន្និសីទ​នៅ​ទីក្រុង សលត៍ លេក និង​នៅ​គ្រប់​ទី​កន្លែង ទាំង​ឆ្ងាយទាំង​ជិត បាន​ប្រមូល​ផ្ដុំ​អ្នក​ដែល​កាន់​បព្វជិតភាព​នៃ​ព្រះជុំ​គ្នា ។ អ្នកពិតជា «សង្ឃហ្លួង»---ថែមទាំង​ជា «ពូជ​ជម្រើស​» ដូចដែល​សាវក​ពេត្រុស​បាន​ប្រកាស ។1 ខ្ញុំ​មាន​កិត្តិយស​សម្រាប់​ឱកាស​និយាយ​ទៅ​កាន់​អ្នក ។​

កាល​ពី​ក្មេង គ្រួសារ​យើងបាន​ទៅជ្រលងភ្នំ ប្រូវ៉ូ ប្រមាណ​ជា​ 72 គ.ម. ភាគខាង​ត្បូង​ឈាង​​ខាង​កើត​ទីក្រុង សលត៍ លេក រាល់​រដូវក្ដៅ ជាទី​ដែល​យើងស្នាក់នៅ​ក្នុង​ផ្ទះតូច​មួយ​របស់​គ្រួសារ​បាន​បីបួន​សប្ដាហ៍ ។ យើង​ជា​ក្មេង​ប្រុសៗ តែង​អន្ទៈសារ​ចុះ​ទៅអូរ​ស្ទួចត្រី ឬ​ហែលទឹក ហើយ​យើង​បាន​បង្ខំ​ឲ្យ​បើក​ឡាន​ឲ្យ​លឿន ។ នៅ​ពេលនោះ ឡាន​ដែល​ឪពុកខ្ញុំ​​បើក ​គឺឡានឆ្នាំ 1928 ។ បើ​គាត់​បើក​លើស​ពី 56 គ.ម. ក្នុង​មួយម៉ោង ម្ដាយ​ខ្ញុំ​នឹង​និយាយ​ថា « បន្ថយល្បឿន ! ​បន្ថយល្បឿន !​ » តែខ្ញុំ​និយាយថា «ប៉ា បន្ថែមល្បឿន​ឲ្យ​លឿន​​ទៀត ! »

ប៉ាបាន​បើកល្បឿន 56 គ.ម. ក្នុងមួយ​ម៉ោងរហូត​ដល់​ជ្រលងភ្នំ ប្រូវ៉ូ ឬ​រហូតយើង​ដល់ផ្លូវ​បត់ ហើយ​ដល់​ពាក់កណ្ដាលផ្លូវត្រង់​ហ្វូង​ចៀម ។ យើង​បាន​មើលចៀមរាប់រយដើរ​កាត់​យើង ទំនង​ដូចជា​គ្មាន​អ្នក​គង្វាល តែ​មាន​ឆ្កែ​ពីរបីក្បាល​នៅ​យាម​ពួក​វា ។ ពីក្រោយ​ហ្វូង​ចៀម​នោះ​ក្នុង​ចម្ងាយ​យ៉ាង​ឆ្ងាយ យើង​បាន​ឃើញអ្នក​គង្វាល​ចៀម​ជិះ​លើ​សេះ---តែ​សេះនោះ​​គ្មាន​ពាក់បង្ហៀរទេ ។ ម្ដង​ម្កាល​គាត់បាន​បន្ទាបកែប​សេះ​ចុះ ហើយ​ដេក ដោយសារ​សេះនោះ​ដឹង​ពី​ផ្លូវ​ដែល​ត្រូវទៅ ហើយ​ឆ្កែ​ចាំ​យាម​បាន​ធ្វើ​កិច្ចការ​នោះហើយ ។

ប្រៀបធៀបការ​នោះ​នឹង​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ ម៉ូនីច ប្រទេស អាល្លឺម៉ង់ ជាយូរ​មក​ហើយ ។ វាជា​ព្រឹកថ្ងៃ​អាទិត្យ​មួយ ហើយយើង​បាន​ធ្វើ​ដំណើរ​ទៅសន្និសីទ​​អ្នកផ្សាយ​សាសនា​មួយ ។ ពេល​ខ្ញុំ​មើល​តាម​​បង្អួចឡាន​ប្រធាន​បេសកកម្ម ខ្ញុំ​បាន​ឃើញអ្នក​គង្វាល​ម្នាក់កាន់​ដំបង​មួយ​ក្នុង​ដៃ ដើម្បី​នាំ​ សត្វ​ចៀម ។ វា​ដើរ​តាម​គាត់មិន​ថា​គាត់​ទៅ​ទីណា​ទេ ។ បើ​គាត់​ងាក​ទៅ​ឆ្វេង វាដើរ​ទៅ​ឆ្វេង ។ បើ​គាត់ងាក​ទៅ​ស្ដាំ វា​ដើរ​ទៅស្ថាំតាម​ទិសតែ​មួយ ។ ខ្ញុំ​បាន​ធ្វើ​ការ​ប្រៀបធៀបរវាង​អ្នក​គង្វាល​ពិតដែល​នាំ​ចៀម​គាត់ និង​អ្នក​មើល​ចៀមដែលជិះ​ពី​ក្រោយ​ចៀម​គាត់​ដោយ​មិន​ខ្វល់ខ្វាយ ។​

ព្រះយេស៊ូវ​មាន​បន្ទូល​ថា « ខ្ញុំ​ជា​អ្នក​គង្វាល​ល្អ ខ្ញុំ​ស្គាល់ចៀមរបស់​ខ្ញុំ » ។2 ទ្រង់​ផ្ដល់​គំរូ​ដ៏​ឥតខ្ចោះ​ដល់​យើងពី​អ្វីដែល​អ្នកគង្វាលពិត​គួរ​មាន ។

បងប្អូន​ប្រុស ដោយ​មាន​បព្វជិតភាព​នៃ​ព្រះ យើងមានទំនួស​ខុសត្រូវ​មួយ​ដើម្បីមើលថែ ។ ប្រាជ្ញា​ញាណ​របស់​ព្រះអម្ចាស់បាន​ផ្ដល់​ការ​ណែនាំ ដែល​យើង​អាចក្លាយ​ជា​អ្នក​គង្វាលចំពោះ​ក្រុម​គ្រួសារ​ក្នុង​សាសនាចក្រ ជាទីដែល​យើង​អាច​បម្រើ បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​ដល់​ពួកគេ ។ នេះ​ហៅ​ថា​ការ​បង្រៀន​តាម​ផ្ទះ ហើយនេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​អ្នក​នា​យប់​នេះ ។

ប៊ីស្សព​នៃវួដ​នីមួយៗក្នុង​សាសនាចក្រមើល​ខុសត្រូវ​លើ​ការ​ចាត់​អ្នកកាន់បព្វជិតភាព​ជា​គ្រូបង្រៀន​តាម​ផ្ទះឲ្យ​ទៅ​ផ្ទះ​សមាជិក​រាល់​ខែ ។ ពួកគេទៅ​ជា​គូៗ ។ បើ​អ្នក​ធ្វើ​បាន យុវជន​ម្នាក់​ដែលជា​សង្ឃ ឬ​គ្រូ ក្នុង​បព្វជិតភាព​អើរ៉ុនធ្វើ​ជា​ដៃ​គូរ​នឹង​មនុស្ស​ពេញ​វ័យ​ម្នាក់​ដែល​កាន់បព្វជិតភាព​មិលគីស្សាដែក ។ ពេល​ពួកគេ​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​ដែល​ពួក​គេ​បាន​ចាត់​ឲ្យទៅ នោះអ្នកកាន់បព្វជិតភាពអើរ៉ុន គួរ​មាន​ចំណែក​ក្នុងការ​បង្រៀន​នោះ ។ ការ​ចាត់​តាំង​មួយ​នេះ​ នឹង​ជួយ​រៀបចំ​ខ្លួន​យុវជន​ទាំងនេះ​សម្រាប់​បេសកកម្ម រួមទាំងការ​បម្រើ​បព្វជិតភាព​ពេញ​មួយ​ជីវិត​ដែរ ។

កម្មវិធី​ការ​បង្រៀន​តាម​ផ្ទះជា​ការ​ឆ្លើយតប​មួយ​ចំពោះ​វិវរណៈសម័យ​ទំនើប ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ដែល​មាន​បព្វជិតភាព « ដើម្បី​បង្រៀន ពន្យល់ ទូន្មាន ធ្វើ​បុណ្យ​ជ្រមុជទឹក... ហើយ​ទៅ​ផ្ទះ​នៃ​សមាជិក​ម្នាក់ៗដើម្បី​សួរ​សុខទុក្ខ ហើយ​ទូន្មាន​ពួកគេ​ឲ្យ​អធិស្ឋាន​ឲ្យ​ឮ និង​នៅ​ទី​អាថ៌កំបាំង ហើយ​ធ្វើ​កាតព្វកិច្ច​គ្រួសារ​គ្រប់យ៉ាង...ដើម្បី​មើល​ការ​ខុសត្រូវ​លើ​សាសនាចក្រ​ជានិច្ច ហើយ​នៅ​ជាមួយ និង​ចម្រើន​កម្លាំង​ពួកគេ ហើយ​មើល​ឲ្យ​ឃើញថា គ្មាន​សេចក្ដីទុច្ចរិតនៅ​ក្នុង​សាសនាចក្រ ឬ​ក៏​មាន​ភាពរឹងទទឹងនឹង​គ្នា​ទៅវិញ​ទៅ​មក ឬ​មាន​ការ​កុហក ការ​ពោលបង្កាច់ ឬ​ក៏​មាន​កា​និយាយ​អាក្រក់​ឡើយ » ។3

ប្រធាន ដេវីឌ អូ មិកឃេ បានទូន្មាន​ថា ៖ « ការ​បង្រៀន​តាម​ផ្ទះ​ជា​ឱកាសដ៏សំខាន់ ហើយ​រីករាយ​បំផុត​ដើម្បី​ចិញ្ចឹមបីបាច់ និង​បំផុសគំនិត ដើម្បី​ប្រឹក្សា និង​ណែនាំ​ដល់​កូនចៅ​ព្រះវរបិតា​យើង ។ ...[វា] ​ជា​ការ​បម្រើ​ និងការ​ហៅ​ពី​ព្រះ ។ វា​ជា​កាតព្វកិច្ច​យើង​ក្នុង​នាម​ជា​គ្រូបង្រៀន​តាម​ផ្ទះ​ដើម្បីនាំ ...ព្រះវិញ្ញាណ​ចូល​ទៅ​គ្រប់​​ផ្ទះ និង​ដួងចិត្ត ។ ការ​ស្រឡាញ់​កិច្ចការ​នេះ និង​ការ​​ធ្វើ​វា​ឲ្យ​អស់​ពីចិត្ត ​នឹង​នាំ​យក​ក្ដីសុខសាន្ត ក្ដី​អំណរ និង​ក្ដីរីករាយដ៏​ធំ​ដល់ [គ្រូបង្រៀន]​ ដ៏ [​ថ្លៃ​ថ្នូរ] ហើយ​មាន​ការ​លះបង់​របស់​កូនចៅ​ព្រះ » ។ 4

ក្នុង​ព្រះគម្ពីរ​មរមន​ យើង​អាន​ថា អាលម៉ា « បាន​តាំងអស់​ទាំងសង្ឃរបស់​គេ និង​អស់​ទាំង​គ្រូ​របស់​គេ ហើយ​គ្មាន​អ្នកណា​ម្នាក់បាន​តាំងឡើយ លើកលែង​តែ​ពួកគេ​ជា​មនុស្ស​សុចរិត ។

« ហេតុដូច្នេះ​ហើយ ពួកគេ​បាន​ថែទាំប្រជាជន ហើយ​បានផ្ដល់​ដល់​គេនូវ​អ្វីៗ​ដែល​ទាក់ទង​ទៅ​នឹង​សេចក្ដីសុចរិត » ។5

ក្នុងការ​បំពេញ​ទំនួលខុសត្រូវយើង​នៃការ​បង្រៀន​តាម​ផ្ទះ​ យើង​មាន​ការ​វៃឆ្លាត បើ​យើងរៀន​យល់​ពី​បញ្ហា​សមាជិក​គ្រួសារ​នីមួយៗ ដើម្បី​យើង​អាច​បង្រៀនឲ្យ​មាន​ប្រសិទ្ធភាព និង​ផ្ដល់​ជំនួយ​ដែល​ត្រូវការ ​។

ការ​ទៅ​បង្រៀន​តាម​ផ្ទះ​ក៏ទំនង​ជា​មាន​ភាព​ជោគជ័យ​ដែរ បើ​ការណាត់ជួប​មួយ​ត្រូវ​បាន​ធ្វើ​ឡើងជា​មុន ។ ដើម្បី​បង្ហាញ​ពី​ចំណុច​នេះ ខ្ញុំ​ចង់​ចែកចាយ​ដល់​អ្នក​នូវ​បទពិសោធន៍​មួយ​ដែល​មាន​ជា​យូរមក​ហើយ ។ នៅ​ពេល​នោះ គណៈកម្មការ​ប្រតិបត្តិ​អ្នកផ្សាយសាសនា រួម​មាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល, ហ្គរដុន ប៊ី ហ៊ិងគ្លី និង ថូម៉ាស អេស ម៉នសុន ។ មាន​ល្ងាច​មួយ បងប្រុសបងស្រី ហ៊ិងគ្លី បាន​រៀបចំ​អាហារ​ពេល​ល្ងាច​នៅ​ផ្ទះគាត់សម្រាប់​សមាជិក​ក្នុង​គណៈកម្មការ​នោះ និង​ភរិយា​ពួក​យើង ។ យើង​បាន​បញ្ចប់​អាហារ​ដ៏​ឆ្ងាញ់ពិសារនោះ ពេល​ឮសំឡេង​គោះទ្វារ ។ ប្រធាន ហ៊ិងគ្លី បាន​បើក​ទ្វារ ហើយ​ឃើញគ្រូ​បង្រៀន​តាម​ផ្ទះ​​លោក ម្នាក់​​​ឈរ​នៅ​មាត់ទ្វារ ។ គ្រូបង្រៀន​រូប​នោះ​បាន​ពោលថា « ខ្ញុំ​ដឹង​ថា ខ្ញុំមិន​បាន​ធ្វើ​ការ​ណាត់ជួប ហើយ​ខ្ញុំ​គ្មានដៃគូទៀត តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គួរ​តែ​មក​នៅ​យប់នេះ ។ ខ្ញុំមិន​ដឹង​ថា លោក​មាន​ភ្ញៀវនោះទេ ។

ប្រធាន ហ៊ិងគ្លី បាន​អញ្ជើញ​បុរសនោះឲ្យ​ចូល​មក​ខាង​ក្នុងដោយ​ចិត្ត​សប្បុរស ហើយ​បាន​ឲ្យ​គាត់​អង្គុយ​បង្រៀន​សាវកបីរូប និង​ភរិយា​ពួកលោកស្ដីពីកាតព្វកិច្ចយើង​ជា​សមាជិក ។ ដោយ​រាង​ភ័យ​ខ្លាច​បន្ដិច បុរស​នោះមិន​បាន​ធ្វើ​អស់​ពី​លទ្ធភាព​គាត់​ឡើយ ។ ប្រធាន ហ៊ិងគ្លី អរគុណ​គាត់​ដែល​បាន​មក ហើយ​គាត់​ក៏​ដើរ​ចេញ​ទៅ​ភ្លាម ។

ខ្ញុំ​សូម​លើកឡើង​នូវ​គំរូ​មួយ​ទៀត​ស្ដីពី​របៀប​មិន​ត្រឹមត្រូវដើម្បីសម្រេច​ការ​បង្រៀន​តាម​ផ្ទះ ។ ប្រធាន ម៉ារ៉ុន ជី រ៉មនី ជាទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយពីមុន ធ្លាប់ប្រាប់ពី​គ្រូបង្រៀន​តាម​ផ្ទះ​របស់​លោកដែល​គ្រា​មួយបាន​ទៅ​ផ្ទះគ្រួសារ រ៉មនី នៅ​យប់មួយ​ដ៏​ត្រជាក់ ។ គាត់​បាន​ដោះមួក​គាត់​ចេញ ហើយ​ភ័យ​ខ្លាច​ពេលអញ្ជើញ​ឲ្យ​អង្គុយ និង​ចែក​សារលិខិត​គាត់ ។ ពេល​គាត់​នៅ​ឈរ គាត់​ពោលថា « បងប្រុស រ៉មនី ខ្ញុំ​នឹង​ប្រាប់​លោក​ថា នៅ​ខាង​ក្រៅ​ត្រជាក់ណាស់ ហើយ​ខ្ញុំ​បាន​បញ្ឆេះ​ឡាន​ខ្ញុំ​ចោល ដើម្បី​កុំ​ឲ្យ​វា​រលត់ ។ ខ្ញុំគ្រាន់តែ​ឈប់​មួយ​ភ្លែត ដើម្បី​ខ្ញុំ​អាច​ប្រាប់​ប៊ីស្សព​ថា ​ខ្ញុំបាន​ធ្វើ​ការ​បង្រៀន​តាម​ផ្ទះ​ខ្ញុំ​ហើយ » ។6

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បន្ទាប់ពី​លើកឡើងនូវបទពិសោធន៍​របស់​ប្រធាន រ៉មនី ​ ​ក្នុង​ការ​ប្រជុំ​អ្នកកាន់បព្វជិតភាព​មួយ​មក ក្រោយ​មក បងប្រុស រ៉មនី បាន​ថ្លែងថា « បងប្អូន​ប្រុស យើង​អាច​ធ្វើ​បាន​ប្រសើរ​ជាងនោះ---ពិត​ជា​ប្រសើរ​ជាងនោះ​មែន ! »7 ខ្ញុំ​ឯកភាព ។

ការ​បង្រៀន​តាម​ផ្ទះលើស​ពី​ការ​ទៅ​សួរ​សុខទុក្ខ​តាម​ទម្លាប់​មួយ​ខែ​ម្ដង​ទៅ​ទៀត ។ ទំនួលខុសត្រូវ​របស់​យើង​គឺ​ដើម្បី​បង្រៀន បំផុសគំនិត លើក​ទឹកចិត្ត ហើយ​ជា​ឱកាស​ដែល​យើង​ទៅ​សួរ​អ្នក​ដែល​មិន​សកម្ម ដើម្បី​នាំឲ្យ​មាន​ការ​សកម្ម​វិញ ហើយ​នៅ​ទីបំផុត លើកតម្កើង​បុត្រា​បុត្រីនៃ​ព្រះ ។

ដើម្បី​ជួយ​ក្នុង​ការ​ខិតខំ​យើង ខ្ញុំ​សូម​ចែកនូវ​ការ​ប្រឹក្សា​ដ៏​ឈ្លាសវៃ​មួយ​ដែល​អនុវត្ត​ដល់​គ្រួបង្រៀន​តាម​ផ្ទះ​ទាំងឡាយ ។ វា​កើត​ចេញ​ពី​ អ័ប្រាហាំ លីងគិន ដែល​បាន​ពោលថា ៖ « បើ​អ្នក​ចង់​ឲ្យ​មនុស្ស​ម្នាក់​ដើរ​តាម​អ្នក ដំបូង​ត្រូវ​ធ្វើ​ឲ្យ​គាត់ដឹង​​ថា អ្នក​ជា​មិត្ត​ស្មោះត្រង់​របស់​គាត់ » ។8 ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បន្ថែម​ថា​ ៖ « ចូរធ្វើ​ជា​មិត្ត​ពិត​នឹង​បុគ្គល និង​គ្រួសារ​ដែល​អ្នក​បង្រៀន លើសពី​​អ្វី​ទាំងអស់ ... មិត្ត​ម្នាក់ធ្វើ​លើស​ពី​ការ​សួរ​សុខទុក្ខ​ម្ដង​មួយ​ខែ​ទៅទៀត ។ មិត្ត​ម្នាក់ខ្វាយខ្វល់ពី​ការ​ជួយ​អ្នក​ដទៃ​លើស​ពី​ការ​ទទួល​បាន​ស្នាដៃ​ទៅទៀត ។ មិត្ត​ម្នាក់ចេះ​ខ្វល់ខ្វាយ ។ មិត្ត​ម្នាក់ ​[បង្ហាញ​] ក្ដីស្រឡាញ់ ។ មិត្ត​ម្នាក់​ចេះ​ស្ដាប់ ។ ហើយ​មិត្ត​ម្នាក់ចេះ​ជួយ​យក​អាសារ» ។9

ការ​បង្រៀន​តាម​ផ្ទះ​ឆ្លើយ​តប​ការ​អធិស្ឋាន​ជាច្រើន ហើយ​អនុញ្ញាតឲ្យ​យើង​មើល​ឃើញ​ការ​ផ្លាស់ប្ដូរ​ដែល​​អាច​កើត​ឡើង​ក្នុង​ជីវិត​មនុស្ស ។

គំរូ​មួយ​ពី​រឿង​នេះ គឺ ឌី ហាំមើរ ដែល​បាន​មក​រដ្ឋ យូថាហ៍ តាមរយៈកម្មវិធី​ការ​ងារ​របស់​រដ្ឋាភិបាល​ក្នុង​ពេល​វិបត្តិសេដ្ឋកិច្ច​ដ៏​ធំ ។ គាត់​បាន​ជួប ហើយ​រៀបការ​នឹង​យុវនារី​ពួក​បរិសុទ្ធថ្ងៃ​ចុងក្រោយ​ម្នាក់ ។ គាត់​បាន​បើកហាង​មួយ​ឈ្មោះ ឌីកកាហ្វេ ក្នុង​ សេន ចច រដ្ឋ យូថាហ៍ ដែល​បាន​ក្លាយ​ជា​កន្លែងជួបជុំ​គ្នា​មួយ​​ដ៏​ល្បី ។

វល្លាដ មីល ជា​មិត្ត​ខ្ញុំ​ ត្រូវបាន​ចាត់​ជា​គ្រូបង្រៀន​តាម​ផ្ទះ​របស់​គ្រួសារ ហាំមើរ ។ ដោយសារ​ខ្ញុំស្គាល់ ឌី ហាំមើរ ដែរ ពីព្រោះ​បាន​បោះ​ពុម្ព​មីនុយ​សម្រាប់ហាងគាត់ នោះ​ខ្ញុំ​បាន​សួរ​មិត្ត​ខ្ញុំ​ បងប្រុស មីល ថា ពេល​ខ្ញុំ​ទៅ​លេង សេនចច « តើ​មិត្ត​យើងឈ្មោះ ឌី ហាំមើរ យ៉ាង​ម៉េច​ហើយ ? »

ចម្លើយ​គឺថា « គាត់កំពុង​រីកចម្រើ​ន​សន្សឹមៗ » ។

ពេល វល្លាដ មីលនិង​ដៃគូរ​គាត់​ទៅ​សួរ​សុខទុក្ខគ្រួសារ ហាំមើរr រាល់ខែ ពួកគាត់​តែ​ង​បង្ហាញ​ពី​សារ​លិខិត​នៃដំណឹងល្អ ហើយ​ចែក​ចាយ​ទីបន្ទាល់​ពួកគាត់​ដល់ ឌីក និង​គ្រួសារ​ជានិច្ច ។

ជាច្រើន​ឆ្នាំ​បាន​កន្លងទៅ មាន​ថ្ងៃ​មួយ​ វល្លាដ បាន​ទូរស័ព្ទ​មក​ខ្ញុំប្រាប់ពីដំណឹងល្អថា ៖ « បងប្រុស ម៉នសុន ឌីក ហាំមើរ បាន​ផ្លាស់ប្រែចិត្ត​ជឿ ហើយ​នឹង​ទទួល​បុណ្យ​ជ្រមុជទឹក ។ គាត់​មាន​អាយុជិត 90 ឆ្នាំហើយ ហើយ​យើង​បាន​ក្លាយ​ជា​មិត្តតាំងពី​ក្មេង ។ ការ​សម្រេចចិត្ត​របស់​គាត់​បាន​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​កក់ក្ដៅ ។ ខ្ញុំ​បាន​ក្លាយ​ជា​គ្រូបង្រៀន​តាម​ផ្ទះ​គាត់ជាច្រើន​ឆ្នាំ » ។ វល្លាដ ហៀបអួល​ដើម​ក ពេល​គាត់​ប្រាប់ខ្ញុំ​ពីរឿងនេះ ។

បងប្រុស ហាំមើរ បាន​ជ្រមុជទឹក ហើយ​មួយ​ឆ្នាំ​ក្រោយ​មកបាន​ចូល​ក្នុង​ព្រះវិហារបរិសុទ្ធ សេន ចច ដ៏​ស្រស់ស្អាត ហើយ​នៅ​ក្នុង​នោះបាន​ទទួល​អំណោយទានពិសិដ្ឋ និង​ពរជ័យ​នៃ​ការផ្សារ​ភ្ជាប់​របស់​គាត់ ។

ខ្ញុំ​បាន​សួរ វល្លាដ ថា « តើ​អ្នក​ធ្លាប់បាក់ទឹកចិត្តទេ ក្នុង​នាម​ជា​គ្រូបង្រៀន​តាមផ្ទះ​គាត់​ដ៏​យូរ​បែបនេះ ? »

គាត់​បាន​តប​ថា « ទេ ការ​ខិតខំទាំងអស់​មិន​ឥតប្រយោជន៍​ទេ ។ ដោយសារ​ខ្ញុំ​ឃើញ​ពី​អំណរ​ដែល​កើត​មាន​ក្នុង​គ្រួសារ ហាមមើរ នោះ​ចិត្ត​ខ្ញុំ​ពេញ​ដោយ​ការ​ដឹងគុណចំពោះ​ពរជ័យ​ដែល​ដំណឹងល្អ​បាន​ចូល​ទៅ​ក្នុង​ជីវិត​ពួកគេ និង​ចំពោះ​ឱកាសដែល​ខ្ញុំ​បាន​ជួយ​តាម​របៀប​មួយ​ចំនួន ។ ខ្ញុំ​ជាមនុស្ស​ដ៏រីករាយ » ។

បងប្អូន​ប្រុស វា​នឹង​ក្លាយ​ជា​ឱកាស​យើង​ ជាច្រើន​ឆ្នាំ​ដើម្បី​សួរសុខទុក្ខ ហើយ​បង្រៀន​មនុស្ស​ជា​ច្រើន---ដែលមិន​សូវ​សកម្ម រួមទាំងអ្នកដែលមាន​ការ​តាំងចិត្ត​ពេញ​លេញដែរ ។ បើ​យើងខ្វល់ខ្វាយ​ក្នុង​ការ​ហៅ​របស់​យើង យើង​នឹង​មាន​ឱកាស​ជាច្រើន​ដើម្បី​ប្រទាន​ពរ​ដល់​ជីវិតជាច្រើន ។ ការ​សួរ​សុខទុក្ខ​យើងដល់​អ្នក​ដែល​ដកខ្លួន​ចេញ​ពី​សកម្មភាព​សាសនាចក្រ អាច​ក្លាយ​ជា​កូនសោមួយ​ដែលនៅ​ទីបំផុត​នឹង​បើក​ទ្វារឲ្យ​ពួកគេត្រឡប់​មកវិញ ។

ដោយ​មាន​គំនិត​នេះក្នុង​ចិត្ត ចូរ​យើង​ឈោងជួយ​អ្នកដែល​យើង​ទទួល​ខុសត្រូវ ហើយ​នាំ​ពួកគេ​មក​តុ​របស់​ព្រះអម្ចាស់​ដើម្បី​បរិភោគ​ព្រះបន្ទូលទ្រង់ និង​រីករាយ​នឹង​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​ទ្រង់ ហើយ « មិនមែន​ជា​អ្នកដទៃ ឬ​ជា​អ្នក​គ្រាន់តែសំណាក់នៅ​ទៀត​ទេ គឺជាជាតិ​តែ​មួយ​នឹង​ពួក​បរិសុទ្ធ ជាពួក​ដំណាក់ព្រះវិញ » ។10

បើ​អ្នក​រាល់គ្នា​មិន​ខ្វល់ខ្វាយ​ពី​ការ​បង្រៀន​តាម​ផ្ទះ​របស់​អ្នក​ទេ ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​អ្នក​ថា ឥឡូវនេះ​ជា​ពេលដើម្បី​ពង្រឹង​ខ្លួន​អ្នក​ឡើងវិញ ដើម្បី​បំពេញកាតព្វកិច្ចការ​បង្រៀន​តាម​ផ្ទះ​របស់​អ្នក ។ សូម​សម្រេចិត្ត​នៅ​ពេល​នេះ ដើម្បី​ធ្វើ​កិច្ចការ​អ្វី​ក៏​ដោយ​ដែល​ចាំបាច់ ដើម្បី​ឈោងជួយ​ដល់​មនុស្ស​ដែល​អ្នក​ទទួល​ខុសត្រូវ ។ ពេលខ្លះ ប្រហែល​ជា​ត្រូវការ​លើក​ទឹកចិត្ត​បន្តិចបន្តួច​ថែម​ទៀត ក៏ដូចជា​ ជួយដៃគូ​បង្រៀន​តាម​ផ្ទះអ្នក​ឲ្យ​រក​ពេល​ទៅ​ជាមួយ​អ្នក តែបើ​អ្នក​នៅ​តែ​បន្ត អ្នក​នឹង​បាន​ជោគជ័យ ។

បង​ប្អូន​ប្រុស​ ការ​ខិត​ខំ​យើង​ក្នុង​ការ​ងារ​បង្រៀន​តាម​ផ្ទះ​គឺ​កំពុង​ទៅ​មុខ ។ ការងារ​នេះ​នឹង​មិន​ដែល​បញ្ចប់​ឡើយ លុះ​ត្រា​តែ​ព្រះ​អម្ចាស់​ដ៏​ឆ្នើម​យើង​មាន​បន្ទូល​ថា « វា​គ្រប់​គ្រាន់​ហើយ » ។ មាន​ជីវិត​ជា​ច្រើន​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត ។ មាន​ដួង​ចិត្ត​ដែល​ត្រូវ​ការ​ការ​លួង​លោម ។ មាន​ព្រលឹង​ដើម្បី​សង្រ្គោះ ។ ឯកសិទ្ធិ​ដ៏​ពិសិដ្ឋ​យើង ដើម្បី​លើក​ទឹក​ចិត្ត លួង​លោម និង​សង្រ្គោះ ដល់​ព្រលឹង​ដ៏​មាន​តម្លៃ​ទាំង​នោះដែល​ដាក់​ឲ្យ​យើង​មើល​ថែ ។ យើង​គួរ​តែ​ចេញ​ទៅ​ធ្វើ​ដោយ​ស្មោះ​ត្រង់ ហើយ​ដោយ​ដួង​ចិត្ត​ពេញ​ដោយ​ក្តី​អំណរ ។

ជា​ទីបញ្ចប់ ខ្ញុំ​សូម​និយាយ​ពី​ឧទាហរណ៍​ចំៗ​មួយ ដើម្បី​ពិពណ៌នា​ពី​គ្រូ​បង្រៀន​តាម​ផ្ទះ​ដែល​យើងគួរ​រៀប​ចំ ។ មាន​គ្រូ​បង្រៀន​តាម​ផ្ទះ​ម្នាក់ ដែល​មាន​ជីវិត​ប្រសើរ​ជា​ងអ្នក​ដទៃ​ទាំង​អស់ ។ ទ្រង់​បាន​បង្រៀន​ពី​ជីវិត និង​សេចក្តី​ស្លាប់ ពី​ករណីកិច្ច និង​ជោគ​វាសនា ។ ទ្រង់​រស់​នៅ​មិន​មែនដើម្បី​ឲ្យ​គេ​បម្រើ​ទេ តែ​ដើម្បី​បម្រើ​គេ​វិញ ទ្រង់​រស់​នៅ​មិន​មែន​ដើម្បីទទួល​ពី​គេ តែ​ដើម្បី​ឲ្យ​ទៅគេវិញ មិន​មែន​ឲ្យ​គេ​សង្រ្គោះ​ជីវិត​លោក តែ​ដើម្បី​ធ្វើពលិកម្មដល់​អ្នក​ដទៃ​វិញ ។ ទ្រង់បាន​ពិពណ៌នា​ថា​ ក្តី​ស្រឡាញ់​ស្រស់​ស្អាត​ជាង​តណ្ហា ភាព​ក្រី​ក្រ​មាន​តម្លៃ​ជាង​រតនៈ​សម្បត្តិ ។ គ្រូ​បង្រៀន​រូប​នេះ​ បាន​ប្រាប់​ថា ទ្រង់​បង្រៀន​ដូច​ជា​មាន​អំណាច​ មិន​មែន​ដូច​ពួក​អាចារ្យ​របស់​គេ​ទេ ។11 ក្រិត្យ​វិន័យទ្រង់​មិន​មែន​សរសេរ​នៅ​លើ​ដុំ​ថ្មទេ តែ​លើ​ចិត្ត​មនុស្សវិញ ។

ខ្ញុំ​និយាយ​ពី​គ្រូ​បង្រៀន​ដ៏​ឆ្នើម ដែល​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រ​របស់​ព្រះ ជា​ព្រះ​អង្គ​សង្រ្គោះ និង​ព្រះ​ប្រោស​លោះ​នៃ​មនុស្ស​លោកទាំង​អស់ ។ រឿង​ក្នុង​ព្រះ​គម្ពីរ​ប៊ីប​បាន​សរសេរ​ពី​ទ្រង់​ថា ទ្រង់ « យាង​ចុះ​ឡើង​ធ្វើ​កិច្ចការ​ល្អ »12 តាម​រយៈ​ទ្រង់ដែល​ជា​អ្នក​ដឹកនាំ និង​ធ្វើ​ជា​គំរូ​ដ៏​ខ្ជាប់​ខ្ជួន ​នោះ​យើង​នឹងមាន​គុណ​សម្បត្តិ​ដើម្បី​ទទួល​ជំនួយ​ដ៏​ទេវភាព​ទ្រង់​ក្នុង​ការ​បង្រៀន​តាម​ផ្ទះ​យើង ។ ជីវិត​ជា​ច្រើន​ នឹង​ត្រូវ​ប្រទាន​ពរ ។ ព្រលឹង​ទាំង​ឡាយ​ នឹង​ត្រូវ​បាន​លួង​លោម ។ ព្រលឹង​ទាំង​ឡាយ ​នឹង​ត្រូវ​បាន​សង្រ្គោះ ។ យើង​នឹង​ក្លាយ​ជា​អ្នក​គង្វាល​ពិ​ត​ប្រាកដ ។ សូមឲ្យ​អ្វីៗ​ទាំង​នេះ​នៅ​ជាប់​នឹង​ដួង​ចិត្តអ្នក ខ្ញុំ​សូម​បួង​សួង​ក្នុង​នាម​នៃ​អ្នក​គង្វាលដ៏​អស្ចារ្យ​នោះ ជាព្រះ​យេស៊ូវ​គ្រីស្ទ អាម៉ែន ។