ឆ្នាំ ២០១០-២០១៩
យើង​មាន​ហេតុផល​ដ៏​អស្ចារ្យ​ដើម្បីរីករាយ
តុលា 2013


យើង​មាន​ហេតុផល​ដ៏​អស្ចារ្យ​ដើម្បីរីករាយ

ពេល​អ្នក​ស្រឡាញ់ មើលថែ ហើយ​បម្រើ​អ្នកដទៃ តាមរបៀប​ដ៏​តូច ​ហើយ​សាមញ្ញ នោះ​អ្នក​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ។

ពេល​ឪពុកក្មេក​ខ្ញុំ​ចែកឋាន​ គ្រួសារ​យើងបាន​ជួបជុំគ្នា ហើយទទួលភ្ញៀវ​ដែល​មក​ចូល​រួម​រំលែកទុក្ខ ។ ក្នុងពិធីនោះ ពេល​ខ្ញុំ​រាក់ទាក់ដល់គ្រួសារ និង​មិត្ត​ភក្ដិ ខ្ញុំតែងសម្គាល់​ឃើញ​ចៅ​ប្រុស​យើង​អាយុ 10 ឆ្នាំ ឈ្មោះ ផតទើរ ឈរ​ក្បែរម្ដាយ​ក្មេក​ខ្ញុំ---ដែលត្រូវជា​ «ជីដូន​ទួត» គាត់។ ពេលខ្លះ គាត់​ឈរ​នៅ​ក្បែរ​មើល​ថែ​ជីដូន។ ​គ្រា​មួយ ខ្ញុំ​បាន​សម្គាល់ឃើញគាត់​បាន​កៀក​ដៃ​​ជីដូន។ ខ្ញុំ​បាន​មើល​គាត់អង្អែល​ដៃជីដូន​ដោយ​ថ្មមៗ ឱប ហើយ​ឈរ​ក្បែរជីដូន ។

បន្ទាប់​​ពីពិធី​នោះ​មក ខ្ញុំ​ពុំ​អាច​បំភ្លេច​រូប​ភាពនោះ​បា​នឡើយ ។ ខ្ញុំ​បាន​បំផុសគំនិត​ឲ្យ​ផ្ញើ​សារ​ខ្លី​មួយ​ទៅ​ ផតទើរ ប្រាប់គាត់​ពី​អ្វី​ដែល​ខ្ញុំ​បាន​សង្កេត ។ ខ្ញុំ​បាន​អ៊ីម៉ែល​ប្រាប់គាត់​ពី​អ្វី​ដែល​ខ្ញុំ​បានឃើញ ហើយ​ទទួលអារម្មណ៍ ។ ខ្ញុំ​បា​នរំឭក ផតទើរ ពី​សេចក្ដីសញ្ញាដែល​គាត់បាន​ធ្វើ ពេល​គាត់​ជ្រមុជទឹក ដោយ​ដកស្រង់​ពាក្យ​អាលម៉ា ក្នុងម៉ូសាយ​ជំពូក 18

«ហើយ​ឥឡូវនេះ ដោយ​អ្នករាល់គ្នា​មាន​បំណង​ចង់ចូលរួម​ក្នុង​ក្រោល​នៃព្រះ ហើយ​ដើម្បី​ឲ្យ​បាន​ហៅថា​ជារាស្ត្រ​របស់ទ្រង់ ហើយ​យល់ព្រម​ទទួល​បន្ទុក​គ្នា​ទៅវិញទៅមក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល

«មែនហើយ ហើយ​យល់ព្រម​ទួញយំ​ជាមួយ​នឹង​អ្នកណា​ដែល​ទួញ​យំ មែនហើយ ហើយ​កម្សាន្ត​ទុក្ខ​ដល់​អស់អ្នកណា​ដែលកំពុង​ត្រូវ​ការ​កម្សាន្ត​ទុក្ខ ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់ពេល និង​គ្រប់សេចក្ដី និង​គ្រប់ទីកន្លែង​ដែល​អ្នករាល់គ្នា​បាន​នៅ​រហូត​ដល់​ពេល​ស្លាប់ … ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច---

«…បើសិន​នេះ​ជាបំណង​នៅ​ក្នុង​ចិត្ត​អ្នក តើ​មាន​អ្វី​ទៅ​ដែលរារាំងអ្នក មិន​ឲ្យ​ទទួលបុណ្យជ្រមុជទឹកដោយ​នូវព្រះនាម​នៃព្រះអម្ចាស់ ដើម្បី​ធ្វើ​ជា​សាក្សី​ដល់​ទ្រង់​ថា អ្នករាល់គ្នា​បាន​ចូល​ក្នុង​សេចក្ដីសញ្ញា​ជាមួយ​នឹង​ទ្រង់ថា អ្នករាល់គ្នា និង​បម្រើ​ព្រះអង្គ ហើយ​កាន់តាមព្រះបញ្ញត្តិ​ទាំងឡាយរបស់​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ស្រោច​ព្រះវិញ្ញាណ​ទ្រង់មក​លើ​អ្នករាល់គ្នា​យ៉ាង​បរិបូរណ៍?» 1

ខ្ញុំ​បាន​ពន្យល់ ផតទើរ ថា អាលម៉ាបានបង្រៀន​ថា ជនដែល​ចង់​ទទួល​បុណ្យជ្រមុជទឹក ​ត្រូវ​យល់ព្រម​បម្រើ​ព្រះអម្ចាស់​ តាម​ការ​បម្រើ​អ្នកដទៃ---ពេញ​មួយ​ជីវិត​! ខ្ញុំ​និយាយថា ៖ «ជីដូន​ពុំ​ដឹង​ថា តើ​ចៅ​ដឹង​វា ឬអត់ទេ តែវិធី​មួយ​ដែ​លចៅ​បង្ហាញ​ក្ដីស្រឡាញ់ និង​ការ​ខ្វល់ខ្វាយ​ដល់​ជីដូន​ទួត នោះ​គឺ​ចៅ​កំពុង​រក្សា​សេចក្ដីសញ្ញា​ហើយ។ យើង​រក្សា​សេចក្ដីសញ្ញ​យើងរាល់ថ្ងៃ ពេល​យើង​មាន​ចិត្ត​សប្បុរស បង្ហាញ​ក្ដីស្រឡាញ់ ហើយ​មើលថែ​គ្នា ។ ជីដូន​ចង់​ឲ្យ​ចៅដឹង​ថា ជីដូន​មាន​មោទនភាពចំពោះចៅណាស់ ដែល​ធ្វើ​ជា​អ្នករក្សា​សេចក្ដីសញ្ញ! ពេល​ចៅ​រក្សា​សេចក្ដីសញ្ញាដែលចៅ​បាន​ធ្វើពេល​ជ្រមុជទឹក ចៅ​នឹង​រៀបចំ​ខ្លួន​ទទួលបព្វជិតភាព ។ សេចក្ដីសញ្ញា​បន្ថែម​នេះ ​នឹង​ផ្ដល់ឱកាស​បន្ថែម​ដល់ចៅ​ដើម្បី​ប្រទានពរ ហើយ​បម្រើ​អ្នកដទៃ និង​ជួយ​រៀបចំចៅ​ឲ្យ​ធ្វើ​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ។ អរគុណ​ចំពោះការ​ធ្វើ​ជា​គំរូ​ល្អ​ដល់​ជីដូន​! អរគុណដែល​បាន​បង្ហាញ​ដល់​ជីដូន​​ថា ការ​ធ្វើ​​អ្នក​រក្សា​សេចក្ដីសញ្ញាម្នាក់​ ត្រូវ​មាន​លក្ខណៈបែបណា​នោះ!»

Porter បាន​តបវិញ​ថា៖ «លោកយាយ អរគុណចំពោះ​សារនេះ។ ពេល​ចៅឱប​ជីដូន​ទួត ចៅ​មិន​ដឹង​ថា ចៅ​កំពុង​រក្សា​សេចក្ដីសញ្ញាទេ តែ​ចៅ​មាន​អារម្មណ៍​កក់ក្ដៅក្នុងចិត្ត។ ចៅដឹង​ថា វា​ជា​អារម្មណ៍ពី​ព្រះវិញ្ញាណ​ក្នុង​ចិត្តចៅ»។

ខ្ញុំក៏​កក់ក្ដៅ​ក្នុងចិត្ត​ដែរ ពេលខ្ញុំដឹង​ថា ផតទើរ បានភ្ជាប់ការ​រក្សា​សេចក្ដីសញ្ញា​ទៅ​នឹងការ​​សន្យា ដើម្បី « បាន​ព្រះវិញ្ញាណ​របស់​ទ្រង់គង់​នៅ​ជាមួយ​នឹង​ [យើង] ជាដរាប » 2---ជា​ការ​សន្យា​មួយ​ដែល​អាច​កើត​ឡើង តាមការ​ទទួល​អំណោយទាននៃព្រះវិញ្ញាណ​បរិសុទ្ធ។

បងប្អូនស្រី ពេល​ខ្ញុំ​បាន​ជួប​អ្នកនៅ​ជុំវិញ​ពិភពលោក ខ្ញុំ​បាន​សង្កេត​ឃើញ​ថា អ្នករាល់គ្នា​ជាច្រើន​ដូចជា​ Porter ដែរ ។ អ្នក​ឈរជា​សាក្សីនៃ​ព្រះ​ដោយ​ស្ងៀមស្ងាត់ ទួញយំ​នឹង​អ្នកដែល​ទួញ​យំ កម្សាន្តទុក្ខ​ដល់​អ្នកដែល​ត្រូវការ​ការ​កម្សាន្តទុក្ខ ដោយ​មិន​ដឹងថា អ្នក​កំពុង​រក្សា​សេចក្ដីសញ្ញា​ដែល​អ្នកបា​ន​ធ្វើ​ពេ​ល​ជ្រមុជទឹក និង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ ពេល​អ្នក​ស្រឡាញ់ មើលថែ ហើយ​បម្រើ​អ្នកដទៃ តាមរបៀប​ដ៏​តូច ​ហើយ​សាមញ្ញ នោះ​អ្នក​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ជា​កិច្ចការ​របស់​ព្រះ « ដើម្បីនាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស»។3

ក្នុងនាម​ជា «បុត្រីក្នុង​នគររបស់[ព្រះអម្ចាស់]»4 យើង​បាន​ធ្វើ​សេចក្ដីសញ្ញា​ពិសិដ្ឋ ។ យើង​កំពុង​ដើរ​លើ​ផ្លូវ​ដែល​នីហ្វៃ​ហៅថា «ផ្លូវ​តូច ហើយ​ចង្អៀតដែល​នាំទៅឯ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច»។5 យើង​ស្ថិត​នៅ​កន្លែង​ផ្សេងគ្នា​​លើ​ផ្លូវនេះ។ តែ​យើងអាច​ធ្វើ​ការ​រួមគ្នា ​ដើម្បី​ជួយ​គ្នាឲ្យ «ឈានទៅមុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុងព្រះគ្រីស្ទ ដោយ​មាន​ការ​ភ្លឺថ្លា​នៃ​សេចក្ដីសង្ឃឹម​ដ៏​ឥតខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់ព្រះ និង​មនុស្ស​គ្រប់រូប»។6

ជីន បម្រើ​ជា​អ្នក​ប្រឹក្សា​ថ្នាក់យុវនារី។ ប៉ុន្មាន​ខែមុន នាងបានដឹង​ពី​សកម្មភាពមួយ​សម្រាប់យុវវ័យ​ក្នុង​វួដដែលជិត​មកដល់ គឺ៖ ការ​ឡើងទៅ​កន្លែង​ដែល​ហៅ​ថា កំពូលភ្នំ ម៉ាឡាន។ នាងរីករាយ ដោយសារថ្មីៗនេះ ​នាងបានដាក់គោលដៅថា នឹង​ឡើងទៅទីនោះ ។

ពេល​នាងទៅ​ដល់​ផ្លូវចូល មិត្តល្អ​នាងឈ្មោះ អាស្លី បានរត់មក​នាង ហើយកៀកដៃ​ ជីន ។ នាង​បាន​និយាយ​ទៅ ជីន ថា «ខ្ញុំ​នឹង​ទៅ​ជាមួយ​ឯង»។ អាស្លី ដែល​មាន​អាយុ 16 ឆ្នាំ​នៅពេលនោះ ​មាន​បញ្ហា​​ខាង​រាងកាយ ដែល​​នាង​មិន​អាចដើរ​លឿន​បាន​ឡើយ ។ ដូច្នេះ​នាង និង ជីន បាន​ដើរ​យឺតៗ គន់មើល​ការ​បង្កបង្កើត​របស់​ព្រះវរបិតាដូចជា ៖ ថ្មលើ​កំពូល​ភ្នំ និង​បុប្ផា​នៅ​ជុំ​វិញ​ពួកគេ។ ក្រោយ​មក ជីន បាន​ពោលថា «វា​មិនធ្វើឲ្យខ្ញុំចំណាយពេលយូរ ហើយ​ភ្លេច​ពី​គោលដៅខ្ញុំ​ដើម្បី​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ឡើយ ត្បិត​មិន​ប៉ុន្មាន​វា​នឹងក្លាយ​ជាការ​ផ្សងព្រេង​មួយ​ទៀត---ជា​ការ​ផ្សងព្រេងដើម្បីបង្ហាញ​ពី​ភាពស្រស់ស្អាត​តាម​ដងផ្លូវនេះ ដែល​ខ្ញុំនឹង​​ខកខាន បើ​ខ្ញុំគ្រាន់តែ​ចង់សម្រេច​គោលដៅ​​ឡើង​ទៅ​ដល់​កំពូលភ្នំ ម៉ាឡាន តែ​ម្យ៉ាងនោះ»។

ពេល ជីន និង ​អាស្លី បានបន្ត​ដើរនៅ​ពី​ក្រោយ​ក្រុម​ខ្លួន​យ៉ាង​ឆ្ងាយ នោះ​ អិមម៉ា ដែល​ជាយុវនារី​ម្នាក់ទៀត​ក្នុង​វួដ​ បាន​សម្រេចចិត្ត​ឈប់​ចាំ​ដើរ​ជាមួយ​នឹងពួកគេ ។ អិមម៉ា បាន​បន្ថែម​ក្ដី​រីករាយ​ដល់​ពួកគេ ។ នាង​​បង្រៀនពួកគេច្រៀង​ចម្រៀង​មួយបទ ហើយ​ផ្ដល់​ការ​គាំទ្រ និង​ការ​លើកទឹកចិត្ត​បន្ថែម​ទៀត។ ជីន បាន​នៅចាំ​ថា ៖ «យើងបាន​អង្គុយសម្រាក យើង​បាន​ច្រៀង បាន​ជជែកគ្នា ហើយ​បាន​សើច​រួមគ្នា។ ខ្ញុំបាន​រៀនស្គាល់​ពី​ អាស្លី និង អិមម៉ា តាម​របៀប​មួយ​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​តាម​របៀប​ផ្សេងឡើយ ។ នៅ​យប់នោះ ការ​ឡើង​ភ្នំ​វា​ពុំ​មែន​ជា​បញ្ហា​សំខាន់នោះទេ---វា​លើស​ពី​នោះ​ទៅទៀត។ វា​ជា​ការ​ជួយគ្នាតាម​ផ្លូវមួយ​ជំហាន​ម្ដងៗ »។ ​

ពេល ជីន, អាស្លី និង អិមម៉ា បាន​ដើរបណ្តើរ​ច្រៀងបណ្តើ សម្រាក ហើយ​សើចជាមួយគ្នា នោះ​គេ​ប្រហែលពុំ​បាន​គិតថា « យើង​​កំពុងរក្សា​សេចក្ដីសញ្ញាយើងនៅពេលនេះ» ឡើយ។ តែ​ពួកគេ​បាន​រក្សា​សេចក្ដីសញ្ញា​ខ្លួន។ ពួកគេ​បាន​បម្រើ​គ្នា​ដោយ​ក្ដីស្រឡាញ់ ក្ដីមេត្តា និងការ​តាំងចិត្ត ។ ​ពួកគេ​បាន​ពង្រឹងជំនឿ​គ្នា ពេល​ពួកគេ​លើកទឹកចិត្ត ហើយ​បម្រើ​គ្នា​នោះ ។

អែលឌើរ រ័សុល អិម ណិលសុន បានបង្រៀនថា ៖ «ពេល​យើងដឹង​ថា យើង​ជា​កូនចៅ​នៃ​សេចក្ដីសញ្ញា យើង​ដឹងថា ​យើង​ជានរណា និង​អ្វី​ដែល​ព្រះរំពឹងពីយើង។ ក្រឹត្យវិន័យទ្រង់បាន​ចារ​ក្នុង​ចិត្ត​យើង»។7

ម៉ារីណា គូហ្សីណា ជា​បុត្រីនៃ​សេចក្ដីសញ្ញា​ម្នាក់​របស់​ព្រះ​ នាង​ដឹងថា ​នាង​ជា​នរណា និង​អ្វី​ដែល​ព្រះរំពឹងទុក​ពីនាង។ ពេល​នាង​ស្វាគមន៍ខ្ញុំ​ចូល​ក្នុង​ផ្ទះនាង​នៅទីក្រុង អូមស៍ ប្រទេសរុស្សី ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​ទៅទីនោះ​ដើម្បី​បម្រើ​ដល់​នាង តែ​រំពេច​នោះ​ខ្ញុំ​​បាន​ដឹងថា ខ្ញុំ​បានទៅ​ទីនោះ​ដើម្បីរៀនពីនាងវិញ។ ក្នុងនាម​ជា​អ្នកប្រែចិត្ត​ជឿ​ម្នាក់​ក្នុងសាសនាចក្រ ម៉ារីណា រស់​នៅតាមការ​ដឹកនាំ​ក្នុង​លូកា ជំពូក 22 ៖ «កាលណា​អ្នក​បាន​ប្រែចិត្ត​វិលមកវិញ នោះ​ចូរ​ចម្រើន​ឲ្យ​បងប្អូន​អ្នក​បាន​ខ្ជាប់​ខ្ជួនឡើង»។ 8 នាង​មាន​ជំនឿ​ចំពោះ​ពាក្យ​​ព្យាការី​​ដែល​នៅ​រស់ ប្រធាន ថូម៉ាស  អេស ម៉នសុន ដែល​បាន​ពោលថា ៖

«ឥឡូវនេះជាពេលសម្រាប់សមាជិក និង​អ្នកផ្សាយសាសនា​រួបរួមគ្នា ធ្វើការ​រួមគ្នា បម្រើ​ក្នុង ​ចម្ការទំពាំងបាយជូរ​របស់ព្រះអម្ចាស់​ដើម្បី​នាំ​មនុស្ស​មក​រកទ្រង់។...

« ... ពេល​យើងសកម្ម​ធ្វើតាមដោ​យជំនឿ ព្រះអម្ចាស់នឹង​បង្ហាញ​យើងពីរបៀប​ដើម្បី​ពង្រឹងសាសនាចក្រ​ទ្រង់​ក្នុង​វួដ និងសាខាដែល​យើង​រស់នៅ។ ទ្រង់នឹងគង់​ជាមួយ​យើង ហើយ​នឹង​ក្លាយ​ជា​ដៃគូរដ៏​សកម្ម​ក្នុង​កិច្ចការ​ផ្សាយ​សាសនា​យើង។

« ... អនុវត្ត​ជំនឿ​អ្នក... ពេល​អ្នក​ពិចារណាដោយ​ការ​អធិស្ឋានពី​គ្រួសារ មិត្ត អ្នកជិតខាង និង​មនុស្សដែលអ្នក​ស្គាល់​ អ្នកអាច​អញ្ជើញគេ​​មក​ផ្ទះ​អ្នក​ជួប​នឹង​អ្នកផ្សាយសាសនា ដើម្បី​គេ​អាច​ស្ដាប់​សារលិខិត​នៃ​ការ​ស្ដារឡើងវិញ»។9

ម៉ារា បាន​ធ្វើ​តាម​ការ​ប្រឹក្សា​នេះ​ ដោយ​មើលថែ ហើយ​បម្រើ​ដល់​បងប្អូនស្រី​ដែល​នាង​បាន​សុំ​ឲ្យ​សួរ​សុខទុក្ខ ហើយក៏​បាន​ធ្វើ​លើស​ពី​ការចាត់តាំងនេះ។ នាង​មាន​មិត្ត​ជាច្រើន​ដែល​មិន​សូវ​សកម្ម និង​មិន​ទាន់​បាន​ឮសារលិខិត​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទដែល​បាន​ស្ដារ​ឡើងវិញ។ រាល់ថ្ងៃ នាង​បាន​អនុវត្ត​​ជំនឿ​នាង ហើយ​អធិស្ឋាន​ដើម្បីស្គាល់​អ្នកដែល​ត្រូវការ​ជំនួយពីនាង រួច​នាង​ធ្វើ​តាម​ការ​បំផុស​គំនិត​​ដែល​នាង​បាន​ទទួល។ នាងបាន​ទូរស័ព្ទ បង្ហាញ​ក្ដីស្រឡាញ់ ហើយ​ប្រាប់​មិត្តនាង​ថា «​យើង​ត្រូវការ​អ្នក»។ នាង​មាន​រាត្រីជួបជុំក្រុមគ្រួសារ​នៅ​ផ្ទះនាងរាល់សប្ដាហ៍ ហើយ​អញ្ជើញ​អ្នក​ជិត​ខាង សមាជិក និង​អ្នកផ្សាយសាសនា​មក​ចូលរួម---ហើយ​នាង​បាន​ធ្វើ​ម្ហូបឲ្យពួកគេ។ នាង​អញ្ជើញ​ពួកគេ​មក​ព្រះវិហារ មើលថែ ហើយ​អង្គុយ​ក្បែរ​ពួកគេ​ពេលគេ​មក​ដល់។

ម៉ារា យល់​ពីការ​រំឭក​ថ្មីៗនេះ​របស់​អែលឌើរ ជែហ្វ្រី  អ័រ ហូឡិន ថា «ការ​អញ្ជើញ​មួយ​ដែល​កើត​ចេញ​ពី​ក្ដីស្រឡាញ់​ដល់អ្នកដទៃ និង​ព្រះអម្ចាស់ … នឹង​មិន​ត្រូវបាន​គេ​មើល​ថា ជាការ​មើលងាយ ឬ​ការកាត់សេចក្ដីឡើយ»។10 នាង​រក្សា​បញ្ជី​ឈ្មោះ​អ្នក​ដែល​និយាយ​ថា ពួកគេ​ត្រូវបាន​គេ​មើល​ងាយ ហើយ​នាង​បានបន្ត​បម្រើ​ពួកគេ។ ដោយសារ​គេដឹង​ថា នាង​ស្រឡាញ់ពួកគេ នាង​អាច​ប្រាប់គេថា «កុំអាក់អន់ចិត្តអី។ វា​គួរ​ឲ្យ​អស់​សំណើចណាស់!»។

ម៉ារា ជាសិស្ស​នៃ​ព្រះគ្រីស្ទ​ដែល​បាន​រក្សា​សេចក្ដីសញ្ញា។ ទោះ​ជា​នាង​ពុំ​មាន​អ្នកកាន់​បព្វជិតភាព​ក្នុង​ផ្ទះ​នាងក្ដី ក៏​នាងទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​នៃព្រះ​រាល់ថ្ងៃ​ក្នុងការ​បំពេញ​សេចក្ដីសញ្ញាក្នុងព្រះវិហារ​បរិសុទ្ធរបស់​​នាង ពេល​នាង​ឈានទៅមុខ​នៅ​លើផ្លូវនេះ ដោយ​កាន់​ខ្ជាប់​ដរាបដល់​ចុង​បំផុត ហើយ​ជួយ​អ្នកដទៃ​ចូលរួម​ក្នុង​កិច្ចការ​នៃសេចក្ដីសង្គ្រោះ ។

នៅ​ពេល​ខ្ញុំ​ចែក​បទពិសោធន៍​នេះ តើ​អ្នក​ឃើញ​ខ្លួន​អ្នក​នៅ​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​ឬ​ទេ ? សូម​គិត​មួយ​ភ្លែត​ពី​បុត្រី​ព្រះ​ម្នាក់​ទៀត​ដែល​ត្រូវការ​ការ​លើកទឹកចិត្ត​ដើម្បី​ត្រឡប់​មក​ផ្លូវ​សេចក្ដី​សញ្ញា​នេះ​វិញ ឬ​អ្នកដែល​ត្រូវការ​ជំនួយ​តិចតួច​ដើម្បី​បន្ត​នៅ​លើ​ផ្លូវនេះ។ សូ​ម​ទូលសួរ​ព្រះវរបិតា​ពី​នាង។ នាង​ជា​បុត្រីទ្រង់។ ទ្រង់​ស្គាល់ឈ្មោះ​នាង។ ទ្រង់​ក៏​ស្គាល់អ្នក​ដែរ ហើយ​ទ្រង់​នឹង​ប្រាប់អ្នក​ពី​អ្វីដែល​នាងត្រូវការ។ សូម​អត់ធ្មត់ ហើយ​បន្ត​អធិស្ឋាន​ឲ្យ​នាង ហើយ​ធ្វើតាម​ការ​បំផុសគំនិត​ដែល​អ្នក​ទទួល។ នៅពេល​អ្នកធ្វើ​តាម​ការ​បំផុស​ទាំងនេះ នោះ​ព្រះវិញ្ញាណ​នឹង​បញ្ជាក់​ថា ការ​ផ្ដល់​ឲ្យ​របស់​អ្នក ត្រូវ​បាន​ព្រះអម្ចាស់​ទទួល​យក ។

បងស្រី អ៊ីឡៃស្សា អរ ស្នូ បាន​ទទួល​ស្គាល់​កិច្ចខិតខំ​របស់​បងប្អូន​ស្ត្រី​ដើម្បី​ពង្រឹងគ្នាដោយអំណរគុណ ។ គាត់​បាន​ប្រាប់​ពួកគេ​ថា ទោះ​ជា​សាសនាចក្រ​ពុំ​រក្សា​កំណត់ត្រា​អំពី​ការ​បរិច្ចាគ​ទាំងអស់​ដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​ជួយ​ដល់​អ្នក​ខ្វះខាត​ក្ដី ក៏​ព្រះអម្ចាស់​បាន​រក្សា​កំណត់ត្រា​ដ៏​ល្អ​ឥតខ្ចោះ​នៃ​កិច្ចការ​សង្គ្រោះ​របស់​ពួកគេដែរ ៖

ប្រធាន​ យ៉ូសែប ស្ម៊ីធ បាន​ថ្លែង​ថា សមាគម​នេះ ត្រូវ​បាន​រៀបចំ​ដើម្បី​សង្គ្រោះ​ព្រលឹង ។ អ្វី​ដែល [ យើង] ​កំពុង​ធ្វើគឺ « ដើម្បី​យក​អ្នក​ទាំងឡាយ​ដែល​បាន​ឃ្លាត​ទៅ​ឆ្ងាយ​ឲ្យ​ត្រឡប់​មក​វិញ ? ដើម្បី​កម្ដៅ​ដួងចិត្ត​អ្នកទាំងឡាយ​ដែល​បាន​រងារ​ក្នុង​ដំណឹងល្អ ? សៀវភៅ​មួយ​ទៀត គឺ​ត្រូវ​រក្សា​ជំនឿ​របស់អ្នក សណ្ដានចិត្ត​ល្អ​របស់អ្នក កិច្ចការងារ​ល្អ និង​ពាក្យល្អ​របស់អ្នក ។ កំណត់​ត្រា​​មួយទៀត ត្រូវ​បាន​រក្សា​ទុក។ គ្មានអ្វី​បាត់បង់ទេ » ។ 11

ក្នុងគម្ពីរ​មរមន អាំម៉ូន ពោលពី​ហេតុផល​ដ៏​ធំ​ដែល​យើង​ត្រូវ​រីករាយ។ គាត់​ពោលថា ៖ «ហើយ​ឥឡូវនេះ ខ្ញុំ​សូម​សួរ​ថា តើព្រះពរទាំងឡាយដ៏មហិមាដែលទ្រង់បាន​ប្រទាន​ដល់​យើង​គឺជា​អ្វីទៅ? តើអ្នក​រាល់គ្នា​អាច​ប្រាប់ខ្ញុំ​បានទេ?»

ក្នុង​ក្ដីរីករាយ​របស់​គាត់ អាំម៉ូនមិន​បាន​រង់ចាំ​ចម្លើយ​ឡើយ។ គាត់​បាន​ពោលថា «មើលចុះ ខ្ញុំសូម​ឆ្លើយ​ជំនួស​អ្នកចុះ... នេះ​ហើយ​គឺជាព្រះពរ​ដែលបានប្រទាន​ដល់​យើង ដែល​ថា​យើង​បាន​ធ្វើ​ជា​គ្រឿង​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ដ​នៃព្រះ ដើម្បី​នាំមកនូវ​កិច្ចការ​ដ៏មហិមា​នេះ»។12

យើង​ជា​បុត្រី​នៃ​សេចក្ដីសញ្ញា​ក្នុង​នគរ​ព្រះអម្ចាស់ ហើយ​មាន​ឱកាស​ក្លាយ​ជាឧបករណ៍​ក្នុង​ព្រះហស្ដ​ទ្រង់។ ពេល​យើង​ចូលរួម​ក្នុង​កិច្ចការ​នៃសេចក្ដីសង្គ្រោះរាល់ថ្ងៃ​តាមវិធី​ដ៏តូច​ ហើយ​សាមញ្ញ---ដោយ​មើលថែ ពង្រឹង ហើយ​បង្រៀន​គ្នា​--- យើង​នឹង​អាច​ចូលរួម​នឹង​អាំម៉ូន ប្រកាសថា ៖

«មើលចុះ សេចក្ដីអំណរ​របស់​ខ្ញុំ​បាន​ពោរពេញ​ហើយ មែនហើយ បេះដូងខ្ញុំ​ហូរហៀរទៅដោយ​សេចក្ដីអំណរ ហើយ​ខ្ញុំ​នឹង​អររីករាយនៅ​ក្នុង​ព្រះរបស់​ខ្ញុំវិញ។

«មែនហើយ ខ្ញុំ​ដឹង​ថា ខ្ញុំ​គ្មាន​ន័យ​អ្វី​ទាំងអស់ រីឯ​ចំពោះ​កម្លាំង​របស់​ខ្ញុំ​វិញ ខ្ញុំ​ទន់ខ្សោយ ហេតុដូច្នេះ​ហើយ ខ្ញុំ​នឹង​ពុំ​អួត​ពីខ្លួន​ខ្ញុំឡើយ តែ​ខ្ញុំ​នឹង​អួតពីព្រះ​របស់​ខ្ញុំ​​វិញ ត្បិត​នៅ​ក្នុង​កម្លាំង​របស់ទ្រង់ ខ្ញុំ​អាច​ធ្វើ​គ្រប់កិច្ចការ​ទាំងអស់»។13

ការណ៍​នេះ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ក្នុងព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។