ឆ្នាំ ២០១០-២០១៩
យើង​នឹង​មិន​ដើរ​តែឯងឡើយ
តុលា 2013


យើង​នឹង​មិន​ដើរ​តែឯងឡើយ

ពេលអ្នក​​គិត​ពី​ជីវិតអ្នក ហើយ​មើល​ពី​គ្រា​លំបាក នៅថ្ងៃណាមួយ នោះ​អ្នកនឹងឃើញថា ព្រះតែងគង់នៅក្បែរអ្នក​ជានិច្ច។

បងប្អូនស្រី​ជាទីស្រឡាញ់ អារម្មណ៍​ដែល​យើង​មាន​នា​ល្ងាច​នេះ ​ជា​ការ​ឆ្លុះបញ្ចាំងពី​កម្លាំង ការលះបង់ និង​សេចក្ដី​ល្អ​របស់​អ្នក។ ព្រះអម្ចាស់​មានបន្ទូលថា «អ្នករាល់គ្នាជាអំបិល​នៃផែនដី។ … អ្នករាល់គ្នា​ជា​ពន្លឺ​នៃ​លោកិយ» ។1

ពេលខ្ញុំ​គិត​ពី​ឱកាស​ដែល​ខ្ញុំ​មាន​ដើម្បី​និយាយ​ទៅកាន់អ្នក ខ្ញុំ​បាន​នឹកចាំ​ពី​ក្ដីស្រឡាញ់ដែល​ភរិយាខ្ញុំ ហ្វ្រែនស៊ីស មាន​ដល់សមាគមសង្គ្រោះ។ ក្នុង​ជីវិត​គាត់ គាត់បាន​បម្រើ​តួនាទីជាច្រើន​ក្នុង​សមាគម​សង្គ្រោះ។ ពេល​គាត់ និងខ្ញុំ​មាន​វ័យ 31 ឆ្នាំ ខ្ញុំ​ត្រូវ​ហៅ​ជា​ប្រធាន​បេសកកម្ម​កាណាដា។ រយៈពេល​បីឆ្នាំ​ក្នុង​ការ​បម្រើ​នោះ ហ្វ្រែនស៊ីស ធ្វើ​ជា​អធិបតី​លើសមាគមសង្គ្រោះ​ក្នុង​តំបន់ដ៏ធំនោះ រួម​ទាំង​ខេត្ត អន​តារីយ៉ូ និង ហ្គូប៊េក ដែរ។ គាត់​មាន​មិត្ត​ជិតស្និទ្ធមួយ​ចំនួន​ដោយ​សារ​តែ​ការ​ហៅ​នេះ ក៏​ដូចជា​ការ​ហៅ​ជាច្រើន​ដែល​គាត់បាន​បំពេញ​ក្រោយមក​នៅ​សមាគមសង្គ្រោះ​ក្នុង​វួដ​យើងដែរ។ គាត់​ជា​បុត្រីដ៏ស្មោះត្រង់​នៃ​ព្រះវរបិតា​យើង ជា​ដៃគូ និង​ជាមិត្តជាទីស្រឡាញ់ខ្ញុំ។ ខ្ញុំ​នឹកគាត់​រក​ពាក្យ​ថ្លែង​ពុំ​បាន​ឡើយ។

ខ្ញុំ​ក៏​ស្រឡាញ់សមាគមសង្គ្រោះ​ដែរ។ ខ្ញុំ​ថ្លែងទីបន្ទាល់ទៅអ្នកថា វា​ត្រូវបាន​រៀបចំឡើង​ដោយ​ការ​បំផុសគំនិត ហើយ​វា​ជាផ្នែក​សំខាន់​នៃ​សាសនាចក្រ​ព្រះគ្រីស្ទលើ​ផែនដីនេះ។ រាល់សេចក្ដីល្អ​ដែល​កើតចេញ​ពី​អង្គការនេះ និង​ជីវិត​ដែល​ទទួល​​ពរ​​ដោយសារ​​អង្គការនេះ​គឺ​មិន​អាចគណនា​បាន​ឡើយ។

សមាគមសង្គ្រោះបាន​បង្កើត​ឡើង​ដោយ​ស្ត្រី​ជាច្រើន។ ក្នុង​ចំណោម​អ្នក មាន​អ្នក​នៅ​លីវ---ប្រហែល​ជានៅ​រៀន ធ្វើ​ការ---កំពុងតែស្ថាបនា​ជីវិត​ល្អ​មួយ​នៅ​ឡើយ។ អ្នកខ្លះ​ជា​ម្ដាយ​ដ៏​មមាញឹក​ដែលមាន​​កូន​ធំដឹងក្ដី។ ខ្លះទៀតបានបាត់បង់ស្វាមី ដោយ​ការ​លែងលះ ឬ​សេចក្ដីស្លាប់ ហើយ​កំពុង​ជួប​បញ្ហា​ក្នុងការ​ចិញ្ចឹម​កូន​ដោយ​គ្មានជំនួយ​ពី​ស្វាមី និង​ឪពុក។ ខ្លះទៀតបាន​ចិញ្ចឹមបីបាច់បីកូន តែបាន​ដឹង​ថា ពួកគេ​ត្រូវការ​ជំនួយ​អ្នក​ជានិច្ច។ មាន​អ្នករាល់គ្នាជាច្រើនមាន​ឪពុកម្ដាយ​ចំណាស់ដែល​ត្រូវការ​ការ​មើលថែ​ពី​អ្នក។

ទោះយើងរស់នៅទីណាក្ដី យើងនឹងជួបឧបសគ្គ និង​ការលំបាកនៅ​គ្រា​ណា​មួយ​។ ទោះ​វា​ខុសប្លែក​គ្នា​សម្រាប់​មនុស្ស​ម្នាក់ៗ​ក្ដី តែវា​ជារឿងទូទៅ។

ឧបសគ្គជាច្រើន​ដែល​យើង​ជួប ព្រោះ​យើង​រស់​ក្នុងពិភពរមែងស្លាប់នេះ បាន​កើតមាន​ចំពោះ​​មនុស្ស​ផ្សេងៗគ្នា។ ជួនកាល​យើងបាន​សួរ​ទាំងព្រួយ​ថា «តើ​ខ្ញុំ​អាចនៅ​ផ្ដោត​ចិត្ត​មុតមាំ​លើ​ភពសេឡេស្ទាល កាល​ខ្ញុំ​កំពុង​រស់នៅ​ក្នុងភពតេឡេស្ទាលនេះ​បាន​ដោយ​របៀបណា?»

ពេល​មួយ​អ្នក​នឹង​ដើរ​លើ​ផ្លូវ​មួយ​មានសុទ្ធតែបន្លារ និង​ការ​លំបាក​ ។ អ្នក​អាច​មាន​អារម្មណ៍​ថាឃ្លាតឆ្ងាយ---ថែមទាំងឯកោ---ចេញពីព្រះដែល​ប្រទាន​អំណោយល្អ​គ្រប់យ៉ាង នៅថ្ងៃ​ណា​មួយ។ អ្នកព្រួយ​ថា អ្នក​ដើរតែឯង។ មានភាព​​ភ័យខ្លាចជាង​ជឿ ។

ពេលអ្នក​ឃើញ​ថា អ្នកស្ថិតក្នុងស្ថានភាពនេះ ខ្ញុំ​សូម​អង្វរ​អ្នក​ឲ្យ​នឹកចាំ​ដល់​ការអធិស្ឋាន។ ខ្ញុំ​ស្រឡាញ់​ពាក្យ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ស្ដីពីការអធិស្ឋាន ។ លោក​មាន​ប្រសាសន៍​ថា៖

«ពេញមួយជីវិត​ខ្ញុំ ការ​ប្រឹក្សា​ឲ្យ​ពឹងផ្អែក​លើ​ការអធិស្ឋានមាន​តម្លៃស្ទើរតែលើសការ​ទូន្មាន​ផ្សេងទៀត​ដែល​ខ្ញុំ​ធ្លាប់...ទទួល។ វា​បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ចំពោះខ្ញុំ---ជា​យុថ្កា ជាប្រភពកម្លាំង​ខ្ជាប់​ខ្ជួន​មួយ និង​ជា​មូលដ្ឋាននៃ​ចំណេះដឹង​ខ្ញុំពីរឿងព្រះ។ …

«… ទោះរឿងអកុសល​កើតឡើងក្ដី ​យើងអាច​រកបាន​ការ​ធានាក្នុងការអធិស្ឋាន ត្បិត​ព្រះ​នឹង​មាន​បន្ទូល​នូវ​ក្ដី​សុខសាន្តដល់ព្រលឹង។ ក្ដីសុខសាន្ត និងអារម្មណ៍ស្ងប់នោះ ជា​ពរដ៏​ធំបំផុត​ក្នុងជីវិត»។2

សាវក ប៉ុល បាន​ទូន្មានថា៖

«ចូរ​ទូលដល់ព្រះឲ្យជ្រាបពីសេចក្ដីសំណូមរបស់​អ្នក។

«យ៉ាងនោះ​សេចក្ដីសុខសាន្ត​របស់​ព្រះដែល​ហួសលើសពី​អស់​ទាំងគំនិតនឹងជួយ​ការពារចិត្ត ហើយ​និង​គំនិត​របស់​អ្នករាល់គ្នា​ក្នុង​ព្រះគ្រីស្ទយេស៊ូវ»។3

នេះ​ជា​សន្យា​​ដ៏រុងរឿងណាស់! ក្ដីសុខសាន្ត ​ជាអ្វីដែល​យើង​ស្វែងរក ហើយប្រាថ្នាចង់បាន។

យើង​មិន​ត្រូវ​បាន​ដាក់ឲ្យ​ដើរ​តែឯង​​លើ​ផែនដីនេះឡើយ​​។ យើង​ម្នាក់ៗ​មាន​ប្រភព​នៃ​អំណាច កម្លាំង និង​ការ​លួងលោមដ៏អស្ចារ្យ​ណាស់។ ទ្រង់​ដែល​ស្គាល់យើងជាង​យើង​ស្គាល់ខ្លួនឯង ទ្រង់​ដែល​មាន​ញាណដឹង​ ដែល​ជ្រាបតាំងពីដើមរហូតដល់ចប់នោះ បាន​អះអាង​ដល់​យើង​ថា ទ្រង់នឹង​គង់​នៅ​ទីនោះ​ជួយ​យើង បើ​យើង​ទូលសូម​​ទ្រង់។ យើង​មាន​ការ​សន្យា​ថា៖ «ចូរអធិស្ឋានជានិច្ច ហើយ​មាន​ជំនឿ ហើយ​គ្រប់ការណ៍ទាំងអស់ផ្សំគ្នាសម្រាប់សេចក្ដីល្អដល់អ្នក»។4

ពេលយើងអធិស្ឋានទៅព្រះ ចូរ​យើង​កុំ​ភ្លេចពាក្យដែលព្រះអម្ចាស់​បាន​បង្រៀនដល់​យើង។ ពេល​ទ្រង់បាន​រងទុក្ខខ្លាំង​នៅ​គេតសាម៉ានី និង​លើ​ឈើឆ្កាង។ ទ្រង់​បាន​អធិស្ឋាន​ទៅ​ព្រះបិតាថា «កុំតាមចិត្ត​ទូលបង្គំឡើយ សូម​តាមតែ​ព្រះហឫទ័យ​ទ្រង់វិញ»។5 ទោះ​មាន​ការ​លំបាក​បែបណាក្ដី វា​ជា​ទំនួល​ខុស​ត្រូវ​​យើង​ឲ្យទុកចិត្ត​លើ​ព្រះបិតា​ថា ទ្រង់​ដឹង​ពីរបៀប និង​ពេល​ប្រទាន​ជំនួយ​ដែល​យើងស្វែងរក។

ខ្ញុំ​ចូល​ចិត្ត​កំណាព្យមួយ៖

ខ្ញុំ​មិន​ដឹង​ថាតាមវិធីសាស្ត្រណាទេ

តែ​ខ្ញុំ​ដឹង​ថា៖ ព្រះឆ្លើយតបការអធិស្ឋាន។

ខ្ញុំដឹង​ថា ទ្រង់បានប្រទានបន្ទូលទ្រង់

ដែល​ប្រាប់ខ្ញុំ​ថា ការអធិស្ឋាន​តែ​ងបាន​ឮជានិច្ច

ហើយ​នឹង​ឆ្លើយ ទោះ​ឆាប់​ ឬយូរ

ដូច្នេះ​ខ្ញុំអធិស្ឋាន ហើយ​រង់ចាំ​ដោយ​ស្ងាត់ស្ងៀម។

ខ្ញុំ​មិន​ដឹង​ថា តើពរដែល​បាន​ស្វែងរក

នឹង​មក​តាម​របៀបដែល​ខ្ញុំ​បាន​គិត​ដែរឬអត់​នោះទេ

តែ​ខ្ញុំ​អធិស្ឋាន​ទៅតែទ្រង់ប៉ុណ្ណោះ

ដែល​មាន​ព្រះទ័យ​ប្រសើរ​ជាងខ្ញុំ

ខ្ញុំ​ជឿ​ថាទ្រង់នឹង​ឆ្លើយតបការ​ទូលសូមខ្ញុំ

ឬឲ្យ​ចម្លើយ​ខ្លះ​ដែល​ផ្ដល់ពរ​ដល់​ខ្ញុំ​ថែមទៀត។6

ពិតណាស់ ការអធិស្ឋានពុំ​មែនសម្រាប់តែគ្រា​លំបាក​នោះទេ។ យើង​ត្រូវ​បានប្រាប់ដដែល​ៗ​ក្នុង​​គម្ពីរឲ្យ «អធិស្ឋាន​ជានិច្ច»7 និង​ឲ្យ​អធិស្ឋាន​ក្នុង​ចិត្ត។8 ទំនុកច្រៀង​នៃ​ទំនុកតម្កើង​ដ៏ពេញនិយម បាន​ចោទជា​សំណួរ​មួយ​ដែល​យើងនឹង​ធ្វើ​បាន​ល្អ ពេលសួរ​ខ្លួន​ឯងរាល់ថ្ងៃថា៖ «តើ​អ្នក​បាន​អធិស្ឋាន​ឬ?»9

ក្រៅពី​ការអធិស្ឋាន អ្វី​មួយ​ទៀតដែល​ជួយ​យើង​​ស៊ូទ្រាំ​ក្នុងពិភពលោកដ៏លំបាក គឺ​ការ​សិក្សា​ព្រះ​គម្ពីរ។ ពាក្យ​នៃ​សេចក្ដីពិត និង​ការ​បំផុសគំនិតមាន​ក្នុងគម្ពីរ ជា​ទ្រព្យ​ដ៏មាន​តម្លៃខ្ញុំ។ ខ្ញុំ​ពុំ​ដែល​នឿយ​ហត់នឹង​អានគម្ពីរ​ឡើយ។ ខ្ញុំត្រូវ​លើកឡើង​ខាង​វិញ្ញាណ ពេលណា​ខ្ញុំ​ស្រាវជ្រាវ​បទគម្ពីរ។ ពាក្យ​បរិសុទ្ធ​នៃ​សេចក្ដីពិត និង​ក្ដីស្រឡាញ់ទាំងនេះបានដឹកនាំជីវិត​ខ្ញុំ ហើយ​បង្ហាញ​ផ្លូវ​ទៅ​កាន់​ភាពឥតខ្ចោះ​អស់កល្ប។

ពេល​យើងអាន ហើយ​គិត​ពី​បទគម្ពីរ យើង​នឹង​ឮសំឡេងខ្សឹបដ៏ផ្អែមល្ហែម​ពី​ព្រះវិញ្ញាណដល់​ព្រលឹង​យើង។ យើងអាច​រក​ចម្លើយសម្រាប់សំណួរ​យើង។ យើង​រៀនពីពរដែល​កើត​មាន ​តាមរយៈការ​គោរព​បញ្ញត្តិព្រះ។ យើងទទួល​ទីបន្ទាល់ពិតពី​ព្រះវរបិតា និង​ព្រះអម្ចាស់យើង និង​ក្ដីស្រឡាញ់​​ទ្រង់​ចំពោះយើង។ ពេល​ការ​សិក្សា​ព្រះគម្ពីរ​រួម​ផ្សំ​នឹង​ការអធិស្ឋាន នោះ​យើងអាចដឹង​យ៉ាង​ប្រាកដថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ពិត។

ប្រធាន ហ្គរដុន  ប៊ី ហ៊ិងគ្លី ថ្លែងថា «សូម​ឲ្យ​ព្រះអម្ចាស់ប្រទានពរ​យើង​ម្នាក់ៗ​ទទួល​ទាន​នូវ​ [បន្ទូល]​ បរិសុទ្ធ​ទ្រង់ ហើយ​ទទួល​ពី[ព្រះបន្ទូល​] នោះ​នូវ​កម្លាំង ក្ដីសុខសាន្ត និង​ចំណេះដឹង ‹ដែល​ហួសលើសពីអស់​ទាំងគំនិត›(ភីលីព 4:7)»។10

ពេលយើងនឹកចាំអធិស្ឋាន ហើយចំណាយពេល​បើក​គម្ពីរ នោះ​ជីវិតយើង​នឹង​មាន​ពរ​​​ច្រើន ហើយ​បន្ទុក​យើង​នឹង​បានសម្រាលឡើង។

ខ្ញុំ​សូម​ចែកចាយ​រឿង​មួយ​ដល់​អ្នកស្ដីពីរបៀប​ដែល​ព្រះបិតាយើងឆ្លើយតប​ការអធិស្ឋាន និង​ការ​ទូល​អង្វរ​របស់​ស្ដ្រីម្នាក់ ហើយ​បានប្រទានឲ្យ​នាង​នូវក្ដីសុខសាន្ត និង​ការអះអាង​ដែលនាង​ខំ​ស្វែងរកបានឬ​ទេ​?

ការ​លំបាក​របស់ ធីហ្វានី បានចាប់ផ្ដើម​កាល​ពីឆ្នាំមុន ពេល​នាង​មាន​ភ្ញៀវ​មក​ផ្ទះ​ក្នុង​បុណ្យថ្លែង​អំណរគុណ និង​ជាថ្មីម្ដងទៀត​នៅបុណ្យគ្រីស្ទម៉ាស។ស្វាមីនាងរៀននៅ​សាលាពេទ្យ ហើយឥឡូវ​នេះ​គាត់កំពុងធ្វើកម្មសិក្សា​ឆ្នាំ​ទីពីរ​នៅ​មន្ទីរពេទ្យ។ ដោយសារគាត់តម្រូវឲ្យ​ធ្វើ​ការ​ច្រើន​ម៉ោង គាត់មិន​អាច​ជួយ​នាងបានច្រើន​តាម​ដែល​គេចង់បានឡើយ ដូច្នេះអ្វីត្រូវធ្វើ​ភាគច្រើន​ក្នុង​រដូវកាលបុណ្យនេះ រួមទាំងការ​មើលថែកូនតូចទាំងបួន​របស់​ពួកគេផង បាន​ធ្លាក់ទៅលើ ធីហ្វានី។ នាង​​នឿយហត់យ៉ាងខ្លាំង ហើយ​ក្រោយ​មក​នាង​បាន​ដឹង​ថា មនុស្ស​ដែល​នាង​ស្រឡាញ់​បំផុត​មាន​ជំងឺមហារីក។ ភាពតានតឹង និង​ការព្រួយបារម្ភបាន​ចាប់ផ្ដើមសន្ធប់លើ​នាង ហើយនាង​បាន​​បាក់ទឹកចិត្ត និងភាពអស់សង្ឃឹម។ នាង​បាន​រកជំនួយ​ខាង​វេជ្ជសាស្ត្រ តែ​នៅ​មិន​បាន​ផល។ នាងមិន​ចង់ទទួលទានអាហារ ហើយ​ចាប់ផ្ដើមស្រកទំងន់ ដែលធ្វើ​ឲ្យ​រូបរាងដ៏​តូច​របស់​នាង​ធ្លាក់ខ្លួនឈឺ។ នាង​បាន​ស្វែងរក​ក្ដីសុខសាន្ត​ក្នុងព្រះគម្ពីរ ហើយ​បាន​អធិស្ឋានសុំ​ការ​សង្គ្រោះ​ចេញ​ពីភាពអស់សង្ឃឹម​ដែល​គ្រប់សង្កត់​លើនាង។ ពេល​ក្ដីសុខសាន្ត ឬ​ជំនួយ​ហាក់ដូចជា​មិន​បាន​កើត​ឡើង នោះ​នាង​បាន​ចាប់ផ្ដើមមានអារម្មណ៍​ថា ព្រះបាន​បោះបង់នាង​ចោល។ គ្រួសារ និង​មិត្ត​នាងបាន​អធិស្ឋានឲ្យ​នាង ហើយ​បាន​ព្យាយាមជួយ​យ៉ាងខ្លាំង។ គេយក​ម្ហូបដែល​នាង​ចូលចិត្ត​ឲ្យ​នាង​មាន​សុខភាពល្អ តែ​នាង​ហូបបានតែពីបីម៉ាត់ ក៏ទុកចោលទៅ។

នៅ​ថ្ងៃ​មួយ មិត្ត​ម្នាក់ បាន​ព្យាយាមឲ្យ​នាង​ហូបអាហារដែល​នាង​ចូលចិត្ត។ ដោយ​មិន​បាន​ទទួល​ផលអ្វីសោះ នោះ​មិត្ត​ម្នាក់​នេះ​បាន​ពោលថា «ប្រាកដជាមាន​អ្វីមួយ​ដែល​ល្អ​សម្រាប់ឯង»។

ធីហ្វានី បាន​គិត​មួយ​ភ្លែត រួច​ពោលថា «មាន​អ្វី​​មួយ​ដែល​ខ្ញុំ​អាច​គិត​ថា​វា​ល្អ គឺនំប៉័ងធ្វើ​ដោយ​ខ្លួន​ឯង»។

តែគ្មាន​នំប៉័ងនៅ​ផ្ទះ​ឡើយ។

លុះថ្ងៃបន្តិច កន្ដឹងទ្វារ ធីហ្វានី បាន​រោទិ៍ឡើង។ ពេលនោះ​ស្វាមីនាង​​​នៅ​ផ្ទះ ​ក៏បើកទ្វារ។ ពេល​គាត់​ត្រឡប់មកវិញ គាត់បាន​កាន់នំប៉័ងមួយ​ដុំ។ ធីហ្វានី ភ្ញាក់ផ្អើល​ពេល​គាត់​ប្រាប់នាង​ថា នំប៉័ងនោះ​បាន​មក​ពី​ស្ត្រី​ម្នាក់ឈ្មោះ ស្សែរី ដែល​គេ​ទើបស្គាល់។ នាង​ជា​មិត្ត​របស់​បងស្រី ធីហ្វានី ឈ្មោះ នីកូល ដែល​រស់នៅទីក្រុង ឌែនវើរ រដ្ឋខូឡូរ៉ាដូ។ ស្សែរី បាន​ណែនាំ​ឲ្យ​ស្គាល់ ធីហ្វានី និង​ស្វាមីនាងកាលពីប៉ុន្មាន​ខែ​មុន ពេល នីកូល និង​គ្រួសារ​នាងបាន​មកផ្ទះ ធីហ្វានី ក្នុង​បុណ្យ​ថ្លែងអំណរគុណ។ ស្សែរី ដែល​រស់នៅឯទីក្រុង អូម៉ាហា បាន​មក​លេង​ផ្ទះ ធីហ្វានី ជាមួយ​នឹង​ នីកូល។

ឥឡូវនេះ ជាច្រើន​ខែ​ក្រោយ​មក ដោយ​មាន​នំប៉័ងដ៏ឈ្ងុយឆ្ងាញ់ក្នុង​ដៃ ធីហ្វានី បាន​ទូរស័ព្ទទៅអរគុណ​បងស្រី​ខ្លួន​ដែល​បាន​បញ្ជូន ស្សែរី មក​ធ្វើ​អ្វី​មួយ​ដោយ​ក្ដីមេត្តា។ ផ្ទុយទៅវិញ នាង​បា​នដឹងថា​ នីកូល មិន​បាន​ដឹង​ពីបញ្ហា​នោះឡើយ»។

រឿងនេះបាន​បញ្ចប់ទៅថា ពេល នីកូល បាន​សួរ​មិត្តនាង ស្សែរី ដើម្បីចង់ដឹង​ថាតើអ្វីទៅដែល​បំផុសនាង​ឲ្យ​យកនំប៉័ងមួយដុំនោះមក។ អ្វី​ដែល​នាង​បាន​ដឹង​ជា​ការ​បំផុសគំនិត​មួយ​ដល់​នាង ដល់ ធីហ្វានី ដល់ ស្សែរី---ហើយ​វា​ជាការ​បំផុសគំនិតដល់ខ្ញុំ។

នៅ​ព្រឹកដែលយកនំប៉័ងនោះ​មក ស្សែរី បាន​បំផុស​ឲ្យ​ធ្វើ​នំប៉័ងពីរដុំ ដែល​ដើមឡើយ​នាង​ចង់ធ្វើ​តែ​មួយទេ​។ នាង​ពោល​ថា នាងមានការបំផុស​ឲ្យ​យក​នំប៉័ងដុំទីពីរតាមខ្លួនដាក់ក្នុងឡាននៅ​ថ្ងៃ​នោះ ទោះនាងមិន​ដឹង​ពីហេតុផលក្ដី។ បន្ទាប់ពីបាយថ្ងៃត្រង់​នៅ​ផ្ទះ​មិត្ត​នាង​មក កូនស្រីអាយុមួយឆ្នាំ​របស់​នាងបាន​យំ ហើយ​ត្រូវ​យក​ទៅផ្ទះដាក់ឲ្យ​គេង។ ស្សែរី បានស្ទាក់ស្ទើរ ពេលនាង​​មានអារម្មណ៍​ដ៏ចម្លែកថា នាង​ត្រូវយក​នំប៉័ងមួយដុំ​ទៀត​ទៅ​ឲ្យ​ប្អូនស្រី នីកូល ឈ្មោះ ធីហ្វានី ដែល​រស់នៅប្រមាណ 30 នាទី នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ទីក្រុង ​ជាអ្នកដែល​នាង​ទើប​នឹង​ស្គាល់។ នាង​ខំ​បដិសេធ​គំនិត​នោះ​ ដោយ​ចង់​នាំ​កូនស្រី​នាង​ទៅផ្ទះ ហើយ​មាន​អារម្មណ៍ខ្មាស់អៀនពី​ការ​យក​នំប៉័ង​មួយ​ដុំឲ្យ​ទៅមនុស្សដែល​ទើប​នឹងស្គាល់។​​ តែ​អារម្មណ៍​ឲ្យ​ទៅ​ផ្ទះ​ ធីហ្វានី មានកាន់តែខ្លាំងឡើង​ ដូច្នេះ​នាង​បានស្ដាប់តាម​ការ​បំផុសនោះ។

ពេល​នាងទៅដល់ ស្វាមី ធីហ្វានី បាន​មក​បើកទ្វារ។ ស្សែរី បាន​រំឭកគាត់ថា នាង​ជាមិត្ត នីកូល ដែលគាត់បាន​ជួប​មួយ​ភ្លែត​កាល​ពីបុណ្យ​ថ្លែងអំណរគុណ រួចក៏​​ហុច​នំប៉័ងឲ្យគាត់ ហើយបាន​ដើរ​ចេញទៅ។

ដូច្នេះហើយ វា​បាន​កើត​ឡើង​ថា ព្រះអម្ចាស់បាន​បញ្ជូនមនុស្ស​ប្លែក​មុខ​ម្នាក់ឲ្យនាំយក​មិន​ត្រឹមតែ​នំប៉័ងធ្វើ​ផ្ទាល់ដៃដែលចង់បាន​ប៉ុណ្ណោះទេ តែជា​សារ​ច្បាស់​មួយ​ពី​ក្ដីស្រឡាញ់​ដល់ ធីហ្វានី ផងដែរ។ អ្វីដែល​កើតឡើងចំពោះនាង​ គឺ​មិន​អាច​ពន្យល់តាម​របៀបផ្សេងឡើយ។ នាង​​ចាំបាច់ត្រូវទទួល​អារម្មណ៍ថា នាង​មិន​ឯកោ---ថា​ព្រះជ្រាបពី​នាង ហើយ​មិន​​បោះបង់នាងចោល​ឡើយ។ នំប៉័ងនោះ---ជា​របស់​ដែល​នាង​ចង់បានបំផុត---បាន​យកទៅឲ្យនាង​ដោយ​មនុស្ស​ម្នាក់ដែល​នាងទើប​ស្គាល់ ជាអ្នកដែល​មិន​ដឹង​ពីតម្រូវការនាង តែ​ជាអ្នកដែល​បាន​ស្ដាប់​តាម​ការ​បំផុស​នៃ​ព្រះវិញ្ញាណ ហើយ​ធ្វើ​តាម។ វា​ក្លាយជា​ទីសម្គាល់ពិតមួយចំពោះ ធីហ្វានី ថា ព្រះវរបិតានាង ជ្រាប​ពី​តម្រូវការនាង ហើយ​ស្រឡាញ់នាងល្មមដើម្បីបញ្ជូន​ជំនួយ។ ទ្រង់​បាន​តបនឹងការ​ទូលសូមភាពធូរស្រាល​របស់នាង។

បងប្អូនស្រីជាទីស្រឡាញ់ ព្រះវរបិតាអ្នកស្រឡាញ់អ្នក---គឺ​អ្នកគ្រប់គ្នា។ ក្ដីស្រឡាញ់នោះ​មិន​ផ្លាស់ប្ដូរ​ឡើយ។ វា​ពុំមែន​មាន​ឥទ្ធិពលតាម​រូបរាង ទ្រព្យសម្បត្តិ ឬ​ប្រាក់ដែល​អ្នកមាន​ក្នុង​គណនីធនាគារ​អ្នកឡើយ។ វា​មិន​ផ្លាស់ប្ដូរ​តាមទេពកោសល្យ និង​សមត្ថភាព​អ្នកឡើយ។ វា​កើត​មាន​យ៉ាង​សាមញ្ញ។ វាកើត​មាន​​សម្រាប់អ្នក ពេល​អ្នក​សោកសៅ ឬ​រីករាយ បាក់ទឹកចិត្ត ឬ​មាន​សង្ឃឹម។ ក្ដី​ស្រឡាញ់​ព្រះ​មាន​​ចំពោះ​អ្នក មិនថាអ្នកដឹង​ថា​អ្នក​គួរ​ទទួល​បាន​ក្ដីស្រឡាញ់ ឬ​ក៏​អត់​នោះ​ទេ។ វា​តែង​មាន​ជានិច្ច។

ពេល​យើង​ស្វែងរក​ព្រះបិតាយើងដោយ​ការអធិស្ឋានស្មោះស និង​ការ​សិក្សា​ព្រះគម្ពីរដោយ​អស់ពីចិត្ត នោះ​ទីបន្ទាល់យើង​នឹង​បាន​រឹងមាំ ហើយ​ចាក់ឫសយ៉ាងជ្រៅ។ យើង​នឹង​ដឹង​ពី​ក្ដីស្រឡាញ់របស់​ព្រះ​ចំពោះ​យើង។ យើង​នឹង​យល់​ថា យើង​មិន​ដែលដើរ​តែ​ឯងឡើយ។ ខ្ញុំ​សន្យា​នឹងអ្នកថា ពេលអ្នក​​គិត​ពី​ជីវិតអ្នក ហើយ​មើល​ពី​គ្រា​លំបាក នៅថ្ងៃណាមួយ នោះ​អ្នកនឹងឃើញថា ព្រះតែងគង់នៅក្បែរអ្នក​ជានិច្ច។ ខ្ញុំ​ដឹង​ថា​រឿង​នេះពិត​​ក្នុង​មរណភាព​នៃ​ដៃគូ​ដ៏អស់កល្បជានិច្ច​របស់​ខ្ញុំ-- ហ្រ្វែនស៊ីស ប៊ីវើរលី ចនសុន ម៉នសុន ។

ខ្ញុំ​បន្សល់ពរជ័យខ្ញុំ​នឹងអ្នក។ ខ្ញុំ​បន្សល់ការ​ដឹង​គុណ​​ខ្ញុំ​​ដល់​ការ​ល្អ​ទាំងអស់ដែល​អ្នក​ធ្វើ និង​ជីវិត​ដែល​អ្នកដឹកនាំ។ ដើម្បី​អ្នកអាច​បាន​ពរ​​នឹងអំណោយទានល្អ នេះ​ជាការ​អធិស្ឋាន​ខ្ញុំ ក្នុង​ព្រះនាម​នៃ​ព្រះអង្គសង្គ្រោះ និង​ព្រះ​ប្រោស​លោះយើង ជា​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។