តើអ្នកចង់ជាទេ?
ពេលយើងប្រែចិត្ត ហើយជឿដល់ព្រះអម្ចាស់ នោះយើងនឹងបានព្យាបាលឲ្យជា ហើយកំហុសយើងត្រូវបានដកយកចេញ។
ក្នុងគ្រាមួយនៃបុណ្យអំណរនៅយេរូសាឡិម ព្រះគ្រីស្ទបានយាងចេញពីក្រុមមនុស្សដើម្បីរកជនដែលខ្វះខាតបំផុត។ ទ្រង់រកឃើញគេនៅ បេថែសដា ជាស្រះមួយមានសាលាដំណាក់ប្រាំនៅជិតទ្វារចៀមដែលមានសុទ្ធតែអ្នករងទុក្ខ។
ដំណឹងល្អយ៉ូហានប្រាប់យើងថា ក្បែរស្រះនោះ «មានមនុស្សសន្ធឹកដេកនៅក្នុងសាលាទាំងនោះ ខ្លះឈឺ ខ្លះខ្វាក់ ខ្លះខ្វិន ខ្លះស្វិតដៃជើង រង់ចាំទឹកកំរើកឡើង។
«ត្បិតជួនណាមានទេវតាចុះមកកូរទឹកក្នុងស្រះនោះ លុះក្រោយដែលបានកូរស្រេចហើយ នោះអ្នកណាដែលចុះទៅមុនគេ ក៏បានជាស្អាត ទោះបើឈឺរោគអ្វីក៏ដោយ» (យ៉ូហាន 5:3–4)។
ការយាងទៅមើលរបស់ព្រះគ្រីស្ទ បានបង្ហាញក្នុងគំរូដ៏ស្រស់ស្អាតមួយដោយ ខាល ប្លក មានចំណងជើងថា ព្រះគ្រីស្ទព្យាបាលដល់អ្នកឈឺនៅស្រះបេថែសដា ។ ប្លក គូររូបព្រះគ្រីស្ទកំពុងបើកក្រណាត់ថ្មមៗមើល « អ្នកឈឺ » ម្នាក់ ( យ៉ូហាន 5:7 ) ដែលដេករង់ចាំក្បែរស្រះនោះ ។ ពាក្យ អ្នកឈឺ សំដៅលើមនុស្សម្នាក់ដែលគ្មានអំណាច ហើយត្រូវការក្ដីមេត្តា និងព្រះគុណពី ព្រះអង្គសង្គ្រោះ ដែលបានយាងមកយ៉ាងស្ងៀមស្ងាត់ ដើម្បីបម្រើដល់អ្នកដែលមិនអាចជួយខ្លួនឯងបាន។
ក្នុងរូបគំនូរនោះ មានបុរសរងទុក្ខម្នាក់ដេកលើឥដ្ឋក្នុងទីងងឹត ដែលអស់កម្លាំង ហើយបាក់ទឹកចិត្តបន្ទាប់ពីរងទុក្ខនឹងជំងឺគាត់ រយៈពេល 38 ឆ្នាំ។
ពេលព្រះអង្គសង្គ្រោះបើកជាយក្រណាត់ឡើង ទ្រង់បានហៅអ្នកដទៃទៀត ហើយសួរសំណួរដ៏មានខ្លឹមសារមួយថា៖ «តើអ្នកចង់បានជាទេ?»
បុរសនោះតបថា «លោកម្ចាស់អើយ ខ្ញុំគ្មានអ្នកណានឹងដាក់ខ្ញុំទៅក្នុងស្រះ ក្នុងកាលដែលទឹកបានកំរើកឡើងនោះទេ ហើយកំពុងដែលខ្ញុំចុះទៅ នោះក៏មានម្នាក់ទៀតចុះទៅមុនខ្ញុំ» (យ៉ូហាន 5:6–7 )។
ព្រះយេស៊ូវបានផ្ដល់ចម្លើយមួយដ៏ភ្ញាក់ផ្អើលចំពោះបញ្ហាដែលហាក់ដូចជាមិនអាចដោះស្រាយបានរបស់បុរសនោះថា៖
«ចូរក្រោកឡើង យកគ្រែអ្នកដើរទៅ ។
«ស្រាប់តែអ្នកនោះបានជាភ្លាម ក៏យកគ្រែដើរទៅ» (យ៉ូហាន 5:8–9)។
ក្នុងគំរូនៃក្ដីស្រឡាញ់មួយទៀត លូកាប្រាប់យើងថា កាលធ្វើដំណើរទៅយេរូសាឡិម មានមនុស្សឃ្លង់ 10 នាក់មកជួបនឹងទ្រង់។ ដោយសារជំងឺពួកគេ គេ «ឈរនៅពីចម្ងាយ» (លូកា 17:12)។ គេត្រូវមនុស្សបណ្ដេញចេញ---មិនស្អាត ហើយស្អប់ខ្ពើម។
គេស្រែកទូលថា « ឱ ព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង » ( លូកា 17:13 )---និយាយម្យ៉ាងទៀត គឺគេទូលអង្វរថា « តើមិនមានអ្វីមួយ ដែលទ្រង់អាចធ្វើឲ្យយើងទេឬអី ? » ។
គ្រូពេទ្យដែលពេញដោយក្ដីមេត្តានៅតែជ្រាបថា សេចក្ដីជំនឿត្រូវតែមានដើម្បីកើតអព្ភូតហេតុ ក៏ប្រាប់ទៅពួកគេថា «ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនឲ្យពួកសង្ឃពិនិត្យមើលចុះ»(លូកា 17:14)។
ពេលគេចេញទៅដោយសេចក្ដីជំនឿ អព្ភូតហេតុបានកើនឡើង។ តើអ្នកអាចស្រមៃឃើញពីអំណរដ៏លើសលុបនៅគ្រប់ពេលដែលពួកគេឃើញខ្លួនឯងបានស្អាត ជា និងស្តារឡើងវិញនៅនឹងភ្នែកដែរឬទេ?
«មានម្នាក់ កាលឃើញថា ខ្លួនបានជាហើយ ក៏វិលមកវិញ ទាំងសរសើរដំកើងព្រះដោយសំឡេងជាខ្លាំង
«គាត់ទំលាក់ខ្លួនផ្កាប់មុខនៅទៀបព្រះបាទព្រះយេស៊ូវ ទំាងអរព្រះគុណដល់ទ្រង់ផង ...»។
«រួច [ព្រះយេស៊ូវ] មានបន្ទូលទៅអ្នកនោះថា ចូរក្រោកឡើងទៅចុះ សេចក្ដីជំនឿអ្នកបានសង្គ្រោះអ្នកហើយ» (លូកា 17:15–16, 19)។
ជាអតីតវិជ្ជបណ្ឌិត និងគ្រូពេទ្យវះកាត់ ទម្លាប់ខ្ញុំផ្តោតទៅលើការកែតម្រូវខាងរូបកាយ ។ ព្រះយេស៊ូវគ្រីស្ទ ព្យាបាលទាំង រូបកាយ គំនិត និងវិញ្ញាណ ហើយការព្យាបាលទ្រង់ផ្តើមចេញពីជំនឿ ។
តើអ្នកចាំពីគ្រាដែលអ្នកមានសេចក្ដីជំនឿ និងអំណរពេញហូរហៀរដែរឬទេ? សូមចងចាំនូវគ្រាដែលអ្នកបានរកឃើញនូវទីបន្ទាល់អ្នក ឬពេលព្រះបញ្ជាក់ដល់អ្នកថា អ្នកជាបុត្រា ឬបុត្រីទ្រង់ ហើយថាទ្រង់ស្រឡាញ់អ្នកណាស់--ហើយអ្នកនឹងមានអារម្មណ៍សះស្បើយ ? បើមិនចាំពីគ្រានោះទេ អ្នកអាចរំឭកវាជាថ្មីបាន។
ព្រះអង្គសង្រ្គោះប្រឹក្សាយើងពីរបៀបនៃការព្យាបាល---ការពេញលេញ ឬត្រូវបានព្យាបាល ៖
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក។
«ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ត្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសម្រាកដល់ព្រលឹង។
«ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល» (ម៉ាថាយ 11:28–30)។
«ចូរមកតាមខ្ញុំ» (លូកា 18:22) ជាការអញ្ជើញឲ្យយើងបោះបង់ជីវិតចាស់ និងបំណងខាងលោកិយចោល ហើយក្លាយជាមនុស្សថ្មី ដែល «អស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ [ហើយ] គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ» (កូរិនថូសទី 2 5:17) ដោយមានចិត្តថ្មី និងស្មោះត្រង់មួយ ។ នោះយើងនឹងបានពេញលេញម្ដងទៀត ។
«ចូរចូលមកជិតយើង នោះយើងនឹងចូលទៅជិតអ្នក ចូរព្យាយាមស្វែងរកយើង នោះអ្នករាល់គ្នានឹងបានជួបយើង ចូរសុំ នោះអ្នករាល់គ្នានឹងបានទទួល ចូរគោះ នោះតែងនឹងបានបើកឲ្យអ្នក» (គ. និង ស. 88:63)។
ពេលយើងខិតទៅជិតទ្រង់ យើងដឹងថា ជីវិតរមែងស្លាប់ដែលមានការលំបាក ហើយថា «ការផ្ទុយចំពោះរឿងសព្វសារពើ» (នីហ្វៃទី 2 2:11) ពុំមែនជាកំហុសក្នុងផែនការនៃសេចក្ដីសង្គ្រោះឡើយ។ ផ្ទុយទៅវិញ ការផ្ទុយជាកត្តាចាំបាច់នៃជីវិតរមែងស្លាប់ ហើយវាពង្រឹងឆន្ទៈយើង ហើយកែលំអរការជ្រើសរើសយើង។ ស្ថានភាពផ្លាស់ប្ដូរក្នុងជីវិត ជួយយើងឲ្យបង្កើតទំនាក់ទំនងល្អនឹងព្រះ---ហើយឆ្លាក់រូបទ្រង់លើផ្ទៃមុខ ពេលបែរចិត្តយើងទៅរកទ្រង់ (សូមមើល អាលម៉ា 5:19)។
«ចូរធ្វើបុណ្យនេះដើម្បីរំឭកពីខ្ញុំចុះ» (លូកា 22:19) គឺជាអ្វីដែលព្រះសង្រ្គោះយើងបានសុំ ពេលទ្រង់ប្រាប់ពីអ្វីដែលយើងហៅថា ពិធីសាក្រាម៉ង់ នោះ ។ ពិធីបរិសុទ្ធ ដែលមាននំប៉័ង និងទឹក រំឭកសេចក្ដីសញ្ញាដ៏ពិសិដ្ឋ ដែលយើងបានធ្វើនឹងព្រះ ហើយអញ្ជើញអំណាចនៃដង្វាយធួនមកក្នុងជីវិតយើង ។ យើងត្រូវបានព្យាបាលដោយការបោះបង់ទម្លាប់ និងចិត្តចចេសរឹងរូសចោល។ យើងបានដាក់ចុះនូវ «គ្រឿងសាស្ត្រាវុធនៃការបះបោររបស់ [យើង] » (អាលម៉ា 23:7) យើងប្រែក្លាយជា «ភ្នាក់ងារចំពោះ [ខ្លួនយើង] » (គ. និង ស. 58:28) ដោយមិនងងឹតងងុលនឹងកលល្បិចសាតាំង ឬថ្លង់ដោយសំឡេងនៃលោកិយទៀតទេ។
ពេលយើងប្រែចិត្ត ហើយជឿដល់ព្រះអម្ចាស់ នោះយើងបានជាសះស្បើយ ហើយកំហុសយើងត្រូវបានដកយកចេញ។ យើងអាចនឹងឆ្ងល់ដូចជា អេណុស ដែរ ថា «តើការណ៍នេះបានធ្វើយ៉ាងណាទៅ» ព្រះអម្ចាស់មានបន្ទូលថា៖ «ពីព្រោះមកពីសេចក្ដីជំនឿដែលអ្នកមានដល់ព្រះគ្រីស្ទ ... ដូច្នោះហើយ ចូរអ្នកទៅចុះ សេចក្ដីជំនឿរបស់អ្នកបានជួយសង្គ្រោះអ្នកហើយ» (អេណុស 1:7, 8)។
ខូរី ធេន ប៊ូម ជាស្ត្រីគ្រីស្ទានដ៏ស្មោះត្រង់ម្នាក់សញ្ជាតិហូឡង់ បានរកឃើញការព្យាបាលបែបនេះ ថ្វីបើស្ថិតនៅទីឃុំឃាំងក្នុងសង្គ្រាមលោកលើកទី 2 ក្ដី ។ គាត់រងទុក្ខយ៉ាងខ្លាំង តែ ខូរី បានរួចជីវិត មិនដូចបងស្រីគាត់ឈ្មោះ ប៊េតស៊ី ដែលបានស្លាប់ក្នុងសង្គ្រាមនោះឡើយ។
បន្ទាប់ពីសង្គ្រាមនេះ ជារឿយៗគាត់បាននិយាយពីបទពិសោធន៍គាត់ប្រាប់មនុស្សទូទៅ និងពីការព្យាបាល និងការអភ័យទោស។ មានគ្រាមួយ អតីតអ្នកយាមណាស៊ីម្នាក់ ដែលជាផ្នែកមួយនៃការចាប់ឃុំខ្លួន ខូរី ក្នុងទីក្រុង រ៉ាវ៉េនស៍ប៊ឺគ ប្រទេសអាល្លឺម៉ង់ បានដើរមករកគាត់ ដោយរីករាយនឹងសារលិខិតអភ័យទោស និងក្ដីស្រឡាញ់នៃព្រះគ្រីស្ទ។
បុរសនោះពោលថា «‹ខ្ញុំមានអំណរណាស់ចំពោះសារអ្នក អ្នកនាង។ ដោយគិតពីអ្វីដែលអ្នកនិយាយ គឺទ្រង់បានលោះលាងអំពើបាបខ្ញុំ !›»
ខូរី បានពោលថា «គាត់បានលូកដៃចាប់ដៃខ្ញុំ។ ហើយខ្ញុំជាអ្នកដែលបង្រៀនជានិច្ច ...ពីការត្រូវការនូវការអភ័យទោស បែរជាដាក់ដៃនៅស្ងៀមទៅវិញ។
«ទោះជាការខឹងសម្បារមិនព្រមអភ័យទោសដក់ជាប់ក្នុងចិត្តខ្ញុំក្ដី ខ្ញុំបានឃើញពីអំពើបាបនៃទង្វើរនេះ។ ...ខ្ញុំបានអធិស្ឋាន ថា ឱ ព្រះអម្ចាស់អើយ អត់ទោសដល់ខ្ញុំផង ហើយជួយខ្ញុំឲ្យអត់ទោសដល់គាត់។
«ខ្ញុំខំញញឹម [ហើយ] ខ្ញុំពិបាកនឹងលើកដៃខ្ញុំណាស់។ ខ្ញុំធ្វើមិនបានទេ ។ ខ្ញុំគ្មានអារម្មណ៍អ្វីទាំងអស់ សូម្បីតែភាពកក់ក្ដៅ ឬចិត្តសប្បុរសតិចតួចក៏គ្មានដែរ។ ហើយខ្ញុំក៏បានអធិស្ឋានម្ដងទៀត។ ព្រះយេស៊ូវ ខ្ញុំមិនអាចអត់ទោសឲ្យគាត់ឡើយ។ សូមប្រទានការអត់ទោសទ្រង់ដល់ខ្ញុំផង។
«ពេលខ្ញុំមើលទៅដៃគាត់ រឿងអស្ចារ្យបំផុតបានកើតឡើង។ តាំងពីស្មាររហូតដល់ដៃខ្ញុំហាក់ដូចជាមានចរន្តមួយដែលឆ្លងកាត់ខ្ញុំទៅរកគាត់ ខណៈដែលក្នុងចិត្តខ្ញុំលោតឡើងដោយក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះបុរសម្នាក់នេះ។
«ដូច្នោះហើយ ខ្ញុំបានរកឃើញថា វាពុំមែនជាការអភ័យទោសរបស់យើងដែលការព្យាបាលខាងលោកិយត្រូវពឹងផ្អែកឡើយ តែជាការអត់ទោសរបស់ទ្រង់វិញទេ។ ពេលទ្រង់ប្រាប់យើងឲ្យស្រឡាញ់សត្រូវយើង ទ្រង់ក៏ប្រទានបញ្ញត្តិពីក្ដីស្រឡាញ់ដែរ»។1
ខូរី ធេន ប៊ូម បានជាសះស្បើយ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានថ្លែងថា «មានជីវិតមួយដែលគាំទ្រដល់អ្នកដែលជួបបញ្ហា ឬរងបន្ទុកដោយទុក្ខសោក និងភាពសោកសៅ---គឺព្រះយេស៊ូវគ្រីស្ទ»។2
បើអ្នកមានអារម្មណ៍មិនស្អាតស្អំ ខ្វះក្ដីស្រឡាញ់ សោកសៅ មិនសក្ដិសម ឬមិនបរិសុទ្ធ សូមចាំថា « អ្វីទាំងអស់ដែលជារឿងអយុត្តិធម៌នៅក្នុងជីវិត អាចធ្វើឲ្យយុត្តិធម៌ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ »។3 សូមមានសេចក្ដីជំនឿ ហើយអត់ធ្មត់ក្នុងកាលវេលា និងព្រះទ័យរបស់ព្រះអម្ចាស់សម្រាប់អ្នក។ « ចូរកុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ » (ម៉ាកុស 5:36) ។
ចូរប្រាកដថា ព្រះគ្រីស្ទនៅតែស្វែងព្យាបាលព្រលឹង និងចិត្តយើង ។ ទ្រង់រង់ចាំនៅឯមាត់ទ្វារ ទាំងគោះ ចូរយើងឆ្លើយទ្រង់ដោយចាប់ផ្ដើមអធិស្ឋាន ប្រែចិត្ត អភ័យទោស និងបំភ្លេចជាថ្មីម្ដងទៀត ។ ចូរយើងស្រឡាញ់ព្រះ ហើយបម្រើអ្នកជិតខាងយើង ហើយឈរក្នុងទីបរិសុទ្ធជាមួយនឹងជីវិតស្អាតស្អំ។ បុរសខ្វិននៅអាងទឹក បេសេដា មនុស្សឃ្លង់នៅតាមផ្លូវទៅយេរូសាឡិម និង ខូរី ធេន ប៊ូម ត្រូវបានជាសះស្បើយ ។ « តើអ្នកចង់បានជាទេ? » ចូរក្រោកឡើង ហើយដើរទៅ។ « ព្រះគុណទ្រង់គ្រប់គ្រាន់ល្មម » ( កូរិនថូសទី 2 12:9) ហើយអ្នកពុំដើរម្នាក់ឯងឡើយ ។
ខ្ញុំដឹងថាព្រះមានព្រះជន្មរស់។ ខ្ញុំដឹងថា យើងទាំងអស់គ្នាជាកូនចៅទ្រង់ ហើយទ្រង់ស្រឡាញ់យើង និងអ្វីដែលយើងនឹងប្រែក្លាយ។ ខ្ញុំដឹងថា ទ្រង់បានបញ្ចូនព្រះរាជបុត្រាទ្រង់មកលោកិយ ដើម្បីធ្វើដង្វាយធួនសម្រាប់មនុស្សលោក ហើយថាអ្នកដែលឱបក្រសោបនឹងដំណឹងល្អទ្រង់ ហើយដើរតាមទ្រង់ នឹងបានជាទាំងស្រុង-- « តាមពេលទ្រង់ និងមាគ៌ាទ្រង់ ស្របតាមឆន្ទៈទ្រង់ » (គ. និងស. 88:86) ដោយព្រះទ័យមេត្តាដ៏ទន់ភ្លន់របស់ទ្រង់ ។ នេះជាសាក្សីខ្ញុំចំពោះអ្នកក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។