ឆ្នាំ ២០១០-២០១៩
តើអ្នកចង់ជាទេ?
តុលា 2013


តើអ្នកចង់ជាទេ?

ពេលយើងប្រែចិត្ត ហើយ​ជឿដល់ព្រះអម្ចាស់ នោះ​យើង​នឹង​បាន​ព្យាបាល​ឲ្យ​ជា ហើយ​កំហុស​យើង​ត្រូវបាន​ដក​យក​ចេញ។

ក្នុងគ្រា​មួយ​នៃ​បុណ្យ​អំណរ​នៅ​យេរូសាឡិម ព្រះគ្រីស្ទបាន​យាងចេញ​ពី​ក្រុម​មនុស្សដើម្បីរក​ជន​ដែល​ខ្វះខាត​បំផុត។ ទ្រង់រកឃើញ​គេនៅ​ បេថែសដា ជា​ស្រះមួយមាន​សាលាដំណាក់ប្រាំ​នៅជិត​ទ្វារចៀមដែល​មា​នសុទ្ធតែ​អ្នករងទុក្ខ។

ដំណឹងល្អ​យ៉ូហាន​ប្រាប់យើង​ថា ក្បែរ​ស្រះ​នោះ «មាន​មនុស្ស​សន្ធឹកដេក​នៅ​ក្នុង​សាលា​ទាំងនោះ ខ្លះ​ឈឺ ខ្លះខ្វាក់ ខ្លះខ្វិន ខ្លះស្វិតដៃជើង រង់ចាំ​ទឹក​កំរើក​ឡើង។

«ត្បិត​ជួនណា​មាន​ទេវតា​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះនោះ លុះ​ក្រោយ​ដែល​បាន​កូរស្រេច​ហើយ នោះ​អ្នក​ណា​ដែល​ចុះ​ទៅមុន​គេ ក៏បាន​ជាស្អាត ទោះបើ​ឈឺរោគ​អ្វីក៏ដោយ» (យ៉ូហាន 5:3–4)។

ការ​យាង​ទៅ​មើល​របស់​ព្រះគ្រីស្ទ ​បាន​បង្ហា​ញ​ក្នុង​គំរូដ៏​ស្រស់ស្អាត​មួយ​ដោយ ខាល ប្លក ​មាន​ចំណង​ជើង​ថា ព្រះគ្រីស្ទ​ព្យាបាល​ដល់អ្នកឈឺ​នៅ​ស្រះបេថែសដា ។ ប្លក គូររូប​ព្រះគ្រីស្ទកំពុង​បើក​ក្រណាត់​ថ្មមៗ​​មើល​ « អ្នកឈឺ » ម្នាក់ ( យ៉ូហាន 5:7 ) ដែល​ដេករង់ចាំក្បែរ​ស្រះនោះ ។ ​ពាក្យ​ អ្នកឈឺ សំដៅ​លើ​មនុស្ស​ម្នាក់ដែលគ្មាន​អំណាច ហើយត្រូវការក្ដីមេត្តា និង​ព្រះគុណ​ពី ព្រះអង្គសង្គ្រោះ ដែល​បាន​យាង​មក​យ៉ាងស្ងៀមស្ងាត់​ ដើម្បីបម្រើ​ដល់អ្នក​ដែល​មិន​អា​ចជួយ​ខ្លួនឯង​បាន។

ក្នុង​រូបគំនូរនោះ មាន​បុរស​រងទុក្ខម្នាក់ដេក​លើឥដ្ឋ​ក្នុង​ទីងងឹត ដែល​អស់កម្លាំង ហើយបាក់ទឹកចិត្ត​បន្ទាប់ពីរងទុក្ខ​នឹង​ជំងឺ​គាត់​ រយៈពេល 38 ឆ្នាំ។

ពេល​ព្រះអង្គសង្គ្រោះ​បើ​ក​ជាយ​ក្រណាត់​ឡើង ទ្រង់បាន​ហៅ​អ្នកដទៃទៀត ហើយ​សួរ​សំណួរ​ដ៏មាន​ខ្លឹមសារ​មួយ​ថា៖ «តើ​អ្នកចង់បាន​ជាទេ?»​

បុរសនោះ​តបថា «លោកម្ចាស់អើយ ខ្ញុំគ្មាន​អ្នកណា​នឹង​ដាក់ខ្ញុំ​ទៅក្នុងស្រះ ក្នុង​កាល​ដែល​ទឹក​បាន​កំរើក​ឡើង​នោះ​ទេ ហើយ​កំពុង​ដែល​ខ្ញុំ​ចុះទៅ នោះ​ក៏​មាន​ម្នាក់ទៀត​ចុះ​ទៅ​មុន​ខ្ញុំ» (យ៉ូហាន 5:6–7 )។

ព្រះយេស៊ូវបាន​ផ្ដល់ចម្លើយមួយ​ដ៏​ភ្ញាក់ផ្អើល​ចំពោះ​បញ្ហាដែល​ហាក់ដូចជា​មិនអាច​ដោះស្រាយបាន​របស់​បុរស​នោះ​ថា៖

«ចូរក្រោកឡើង យក​គ្រែអ្នកដើរ​ទៅ ។

«ស្រាប់តែ​អ្នក​នោះបាន​ជា​ភ្លាម​ ក៏​យក​គ្រែ​ដើរ​ទៅ​» (យ៉ូហាន 5:8–9)។

ក្នុង​គំរូនៃ​ក្ដីស្រឡាញ់​មួយ​ទៀត លូកាប្រាប់យើង​ថា កាលធ្វើដំណើរ​ទៅយេរូសាឡិម មាន​មនុស្ស​ឃ្លង់ 10 នាក់មកជួបនឹងទ្រង់។ ដោយសារ​ជំងឺពួកគេ គេ «ឈរ​នៅ​ពីចម្ងាយ» (លូកា 17:12)។ គេ​ត្រូវ​មនុស្ស​បណ្ដេញ​ចេញ---មិន​ស្អាត ហើយ​ស្អប់ខ្ពើម។

គេស្រែកទូលថា « ឱ ព្រះយេស៊ូវ ជាម្ចាស់អើយ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង » ( លូកា 17:13 )---និយាយ​ម្យ៉ាងទៀត គឺ​គេ​ទូលអង្វរថា « តើ​មិន​មាន​អ្វី​មួយ ដែលទ្រង់អាច​ធ្វើឲ្យយើងទេឬអី ? » ។

គ្រូពេទ្យដែល​ពេញ​ដោយ​ក្ដីមេត្តា​នៅ​តែ​ជ្រាបថា សេចក្ដីជំនឿ​ត្រូវតែមាន​ដើម្បីកើត​អព្ភូតហេតុ ក៏​ប្រាប់ទៅ​ពួកគេ​ថា «ចូរអ្នករាល់គ្នា​ទៅបង្ហាញ​ខ្លួនឲ្យពួកសង្ឃពិនិត្យមើលចុះ»(លូកា 17:14)។

ពេល​គេ​ចេញ​ទៅដោយ​សេចក្ដីជំនឿ អព្ភូតហេតុ​បាន​កើន​ឡើង។ តើ​អ្នក​អាច​ស្រមៃឃើញ​ពី​អំណរ​ដ៏​លើសលុប​នៅ​គ្រប់ពេល​ដែល​ពួកគេ​ឃើញ​ខ្លួន​ឯង​បាន​ស្អាត ​ជា និង​ស្តារ​ឡើងវិញ​នៅ​នឹង​ភ្នែកដែរឬទេ?

«មាន​ម្នាក់ កាលឃើញ​ថា ខ្លួន​បាន​ជាហើយ ក៏វិលមកវិញ ទាំងសរសើរ​ដំកើងព្រះដោយសំឡេង​ជាខ្លាំង

«គាត់ទំលាក់ខ្លួន​ផ្កាប់មុខនៅទៀបព្រះបាទ​ព្រះយេស៊ូវ ទំាងអរព្រះគុណ​ដល់​ទ្រង់ផង ...»។

«រួច [ព្រះយេស៊ូវ]​ មានបន្ទូល​ទៅអ្នកនោះថា ចូរក្រោកឡើងទៅចុះ សេចក្ដីជំនឿ​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ» (លូកា 17:15–16, 19)។

ជា​អតីត​វិជ្ជ​បណ្ឌិត និង​គ្រូ​ពេទ្យ​វះ​កាត់ ទម្លាប់​ខ្ញុំ​ផ្តោត​ទៅ​លើការ​​កែតម្រូវខាងរូប​កាយ ។ ព្រះ​យេស៊ូវ​គ្រីស្ទ ព្យាបាល​ទាំង រូប​កាយ គំនិត និង​​វិញ្ញាណ ហើយ​ការ​ព្យាបាល​ទ្រង់​ផ្តើម​ចេញ​ពីជំនឿ ។

តើអ្នក​​ចាំពី​គ្រា​ដែល​អ្នកមាន​សេចក្ដី​ជំនឿ និងអំណរ​​ពេញហូរ​ហៀរ​ដែរ​ឬ​ទេ? សូម​ចង​ចាំ​នូវ​គ្រា​ដែល​អ្នក​​បាន​រក​ឃើញ​នូវ​ទីបន្ទាល់អ្នក ឬ​ពេល​ព្រះបញ្ជាក់ដល់អ្នកថា អ្នក​ជា​បុត្រា ឬបុត្រីទ្រង់ ហើយ​ថា​ទ្រង់​ស្រឡាញ់​​អ្នកណាស់--ហើយ​អ្នក​នឹង​មាន​អារម្មណ៍​សះស្បើយ ? បើមិនចាំពីគ្រា​នោះទេ អ្នកអាច​រំឭក​វា​ជាថ្មីបាន។

ព្រះអង្គ​សង្រ្គោះប្រឹក្សា​យើង​ពីរបៀប​នៃ​ការ​ព្យាបាល---ការ​ពេញលេញ ឬត្រូវ​បាន​ព្យាបាល ៖

«អស់អ្នកដែល​នឿយព្រួយ ហើយ​ផ្ទុកធ្ងន់​អើយ ចូរ​មក​ឯខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឈប់សម្រាក។

«ចូរ​ទទួលនឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ត្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្តសុភាព នោះ​អ្នករាល់គ្នា​នឹង​បាន​សេចក្ដីសម្រាកដល់​ព្រលឹង។

«ពីព្រោះនឹមខ្ញុំ​ងាយទេ ហើយ​បន្ទុក​ខ្ញុំ​ក៏ស្រាល» (ម៉ាថាយ 11:28–30)។

«ចូរ​មក​តាម​ខ្ញុំ» (លូកា 18:22) ជា​ការ​អញ្ជើញឲ្យ​​យើង​​បោះបង់ជីវិតចាស់ និង​បំណងខាង​លោកិយ​ចោល ហើយ​ក្លាយ​ជា​មនុស្សថ្មី ដែល «អស់ទាំង​សេចក្ដីចាស់បាន​កន្លង​បាត់ទៅ [ហើយ] គ្រប់ទាំងអស់​បាន​ត្រឡប់ជាថ្មីវិញ» (កូរិនថូសទី​ 2​ 5:17) ដោយ​​មាន​ចិត្ត​ថ្មី​ និង​ស្មោះ​ត្រង់​មួយ ។ នោះ​យើង​នឹង​បាន​ពេញ​លេញ​ម្ដងទៀត ។

«ចូរ​ចូលមកជិតយើង នោះ​យើង​នឹង​ចូល​ទៅជិតអ្នក ចូរ​ព្យាយាម​ស្វែងរកយើង នោះ​អ្នករាល់គ្នា​នឹង​បាន​ជួបយើង ចូរសុំ នោះ​អ្នករាល់គ្នា​នឹង​បាន​ទទួល ចូរ​គោះ នោះ​តែងនឹង​បាន​បើក​ឲ្យ​អ្នក» (គ. និង ស. 88:63)។

ពេល​យើង​ខិតទៅ​ជិត​ទ្រង់ យើង​ដឹង​ថា ជីវិតរមែងស្លាប់ដែលមាន​ការ​លំបាក ហើយ​ថា «ការ​ផ្ទុយ​ចំពោះ​រឿងសព្វសារពើ» (នីហ្វៃទី 2 2:11) ពុំ​មែន​ជា​កំហុសក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ឡើយ។ ផ្ទុយទៅវិញ ការ​ផ្ទុយជា​កត្តាចាំបាច់នៃ​ជីវិតរមែងស្លាប់ ហើយ​វា​ពង្រឹង​ឆន្ទៈយើង ហើយកែលំអរ​ការ​ជ្រើសរើស​យើង។ ស្ថានភាពផ្លាស់ប្ដូរ​ក្នុង​ជីវិត ​ជួយ​យើងឲ្យ​បង្កើតទំនាក់ទំនង​ល្អ​នឹង​ព្រះ---ហើយ​ឆ្លាក់រូបទ្រង់លើ​ផ្ទៃមុខ ពេល​បែរ​ចិត្ត​យើង​ទៅ​រកទ្រង់ (សូមមើល អាលម៉ា 5:19)។

«ចូរ​ធ្វើ​បុណ្យ​នេះ​ដើម្បីរំឭកពីខ្ញុំចុះ» (លូកា 22:19) គឺ​ជា​អ្វី​ដែល​ព្រះ​សង្រ្គោះ​យើង​បាន​សុំ ពេល​ទ្រង់​ប្រាប់​ពីអ្វី​ដែល​យើង​ហៅ​ថា ​ពិធី​សាក្រាម៉ង់ នោះ ។ ពិធីបរិសុទ្ធ​ ដែល​មាន​នំប៉័ង និង​ទឹក រំឭក​សេចក្ដី​សញ្ញាដ៏​​ពិសិដ្ឋ ដែល​យើង​បាន​ធ្វើ​នឹង​ព្រះ ហើយអញ្ជើញ​​​អំណាច​នៃ​ដង្វាយ​ធួនមក​ក្នុង​ជីវិត​យើង ។ យើង​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​បោះបង់ទម្លាប់ និង​ចិត្ត​ចចេសរឹងរូសចោល។ យើង​បាន​ដាក់ចុះនូវ «គ្រឿងសាស្ត្រាវុធ​នៃ​ការ​បះបោរ​របស់ [យើង] » (អាលម៉ា 23:7) យើង​ប្រែ​ក្លាយ​​ជា «ភ្នាក់ងារចំពោះ [ខ្លួន​យើង] » (គ. និង ស. 58:28) ដោយ​មិន​ងងឹត​ងងុល​នឹង​កល​ល្បិច​សាតាំង ឬថ្លង់ដោយ​សំឡេងនៃ​លោកិយ​ទៀតទេ។

ពេលយើងប្រែចិត្ត ហើយ​ជឿ​ដល់​ព្រះអម្ចាស់ នោះ​យើង​​បាន​ជា​សះស្បើយ ហើយ​កំហុស​យើង​ត្រូវបាន​ដក​យក​ចេញ។ យើង​អាច​នឹង​ឆ្ងល់ដូចជា អេណុស​ ដែរ ថា «តើ​ការណ៍​នេះ​បាន​ធ្វើ​យ៉ាងណាទៅ» ព្រះអម្ចាស់​មាន​បន្ទូលថា៖ «ពីព្រោះមកពីសេចក្ដីជំនឿដែលអ្នកមាន​ដល់​ព្រះគ្រីស្ទ ... ដូច្នោះហើយ ចូរ​អ្នក​ទៅចុះ សេចក្ដីជំនឿរ​បស់​អ្នក​បាន​ជួយ​សង្គ្រោះ​អ្នក​ហើយ» (អេណុស 1:7, 8)។

ខូរី ធេន ប៊ូម ជាស្ត្រី​គ្រីស្ទាន​ដ៏ស្មោះត្រង់ម្នាក់សញ្ជាតិហូឡង់ បាន​រកឃើញ​ការ​ព្យាបាល​បែបនេះ ថ្វី​បើ​ស្ថិត​នៅ​​ទីឃុំឃាំង​ក្នុង​​សង្គ្រាមលោកលើកទី 2 ក្ដី ។ គាត់​រងទុក្ខ​យ៉ាងខ្លាំង តែ​ ខូរី បានរួចជីវិត មិន​ដូច​បងស្រី​គាត់ឈ្មោះ ប៊េតស៊ី ដែល​បាន​ស្លាប់​ក្នុង​សង្គ្រាម​នោះឡើយ។

បន្ទាប់ពីសង្គ្រាមនេះ ជារឿយៗ​គាត់បាន​និយាយ​ពីបទពិសោធន៍​គាត់​ប្រាប់មនុស្ស​ទូទៅ និង​ពី​ការ​ព្យាបាល ​និងការ​អភ័យទោស។ មាន​គ្រា​មួយ អតីតអ្នក​យាមណាស៊ី​ម្នាក់ ដែលជាផ្នែក​មួយ​នៃ​ការចាប់​ឃុំខ្លួន ខូរី ក្នុងទីក្រុង រ៉ាវ៉េនស៍ប៊ឺគ ប្រទេសអាល្លឺម៉ង់ បាន​ដើរ​មក​រកគាត់ ដោយ​រីករាយ​នឹង​សារ​លិខិត​អភ័យទោស និង​ក្ដីស្រឡាញ់​នៃព្រះគ្រីស្ទ។

បុរសនោះ​ពោលថា «‹ខ្ញុំ​មាន​អំណរណាស់​ចំពោះ​សារ​អ្នក អ្នក​នាង។ ដោយ​គិត​ពីអ្វី​ដែល​អ្នក​និយាយ គឺ​ទ្រង់​បាន​លោះលាងអំពើបាបខ្ញុំ !›»

ខូរី បាន​ពោលថា «គាត់បាន​លូកដៃ​​ចាប់ដៃខ្ញុំ។ ហើយ​ខ្ញុំ​ជាអ្នក​ដែល​បង្រៀន​ជានិច្ច ...ពី​ការត្រូវការ​នូវ​ការ​អភ័យទោស បែរជា​ដាក់ដៃ​នៅ​ស្ងៀមទៅ​វិញ។

«ទោះជាការ​ខឹង​សម្បារ​មិន​ព្រមអភ័យទោស​ដក់ជាប់ក្នុង​ចិត្ត​ខ្ញុំ​ក្ដី ខ្ញុំ​បាន​ឃើញ​ពី​អំពើបាប​នៃ​ទង្វើរ​នេះ។  ...ខ្ញុំ​បាន​អធិស្ឋាន ថា ឱ ព្រះអម្ចាស់​អើយ អត់​ទោស​ដល់​ខ្ញុំ​ផង ហើយ​ជួយ​ខ្ញុំ​ឲ្យ​អត់ទោស​ដល់​គាត់។

«ខ្ញុំ​ខំញញឹម [ហើយ] ខ្ញុំ​ពិបាក​នឹងលើក​ដៃ​ខ្ញុំ​ណាស់។ ខ្ញុំ​​ធ្វើមិនបានទេ ។ ខ្ញុំ​គ្មាន​អារម្មណ៍អ្វីទាំងអស់ សូម្បី​តែ​ភាពកក់ក្ដៅ ឬ​ចិត្ត​សប្បុរស​តិចតួច​ក៏គ្មាន​ដែរ។ ហើយ​ខ្ញុំ​ក៏​បា​នអធិស្ឋាន​ម្ដងទៀត។ ព្រះយេស៊ូវ ខ្ញុំ​មិន​អាច​អត់ទោស​ឲ្យ​គាត់ឡើយ។ សូម​ប្រទាន​ការ​អត់ទោស​ទ្រង់ដល់​ខ្ញុំផង។

«ពេល​ខ្ញុំ​មើល​ទៅ​ដៃគាត់ រឿង​អស្ចារ្យ​បំផុត​បាន​កើតឡើង។ តាំងពីស្មាររហូតដល់​ដៃខ្ញុំហាក់ដូចជា​មាន​ចរន្ត​មួយ​ដែល​ឆ្លងកាត់​ខ្ញុំ​ទៅរក​គាត់ ខណៈដែល​ក្នុង​ចិត្ត​ខ្ញុំលោត​ឡើង​ដោយ​ក្ដីស្រឡាញ់យ៉ាងខ្លាំង​ចំពោះ​បុរស​ម្នាក់​នេះ។

«ដូច្នោះហើយ ខ្ញុំ​បាន​រកឃើញ​ថា វា​ពុំមែន​ជា​ការ​អភ័យទោសរបស់​យើង​ដែលការ​ព្យាបាល​ខាង​លោកិយ​ត្រូវ​ពឹង​ផ្អែក​ឡើយ តែ​ជា​ការ​អត់ទោស​របស់ទ្រង់វិញទេ។ ពេល​ទ្រង់​ប្រាប់​យើង​ឲ្យ​ស្រឡាញ់​សត្រូវ​យើង ទ្រង់​ក៏ប្រទាន​បញ្ញត្តិ​ពី​ក្ដីស្រឡាញ់​ដែរ»។1

ខូរី ធេន ប៊ូម បាន​ជា​សះស្បើយ។

ប្រធាន ថូម៉ាស អេស ម៉នសុន បានថ្លែង​ថា «មាន​ជីវិត​មួយ​ដែល​គាំទ្រ​ដល់​អ្នក​ដែល​ជួបបញ្ហា ឬរងបន្ទុក​ដោយ​ទុក្ខសោក និង​ភាព​សោកសៅ---គឺ​ព្រះយេស៊ូវគ្រីស្ទ»។2

បើ​អ្នក​មាន​អារម្មណ៍​មិន​ស្អាតស្អំ ខ្វះក្ដីស្រឡាញ់ សោកសៅ មិន​សក្ដិសម ឬ​មិន​បរិសុទ្ធ សូម​ចាំថា « អ្វីទាំងអស់​ដែល​ជារឿង​អយុត្តិធម៌​នៅ​ក្នុង​ជីវិត ​អាច​ធ្វើ​ឲ្យ​​យុត្តិធម៌ តាម​រយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ »។3 សូម​មាន​សេចក្ដីជំនឿ ហើយ​អត់ធ្មត់​ក្នុង​កាលវេលា និង​ព្រះទ័យ​របស់​ព្រះអម្ចាស់​សម្រាប់អ្នក។ « ចូរ​កុំខ្លាច​អី ឲ្យ​គ្រាន់តែ​ជឿប៉ុណ្ណោះ » (ម៉ាកុស 5:36) ។

ចូរ​ប្រាកដ​ថា ព្រះគ្រីស្ទ​នៅ​តែស្វែង​ព្យាបាលព្រលឹង និង​ចិត្ត​យើង ។ ​ទ្រង់​រង់ចាំនៅ​ឯមាត់ទ្វារ ទាំងគោះ ចូរ​យើង​ឆ្លើយ​ទ្រង់​ដោយ​ចាប់​ផ្ដើម​​​អធិស្ឋាន ប្រែ​ចិត្ត អភ័យ​ទោស និង​បំភ្លេច​ជាថ្មី​ម្ដងទៀត ។ ចូរ​យើង​ស្រឡាញ់ព្រះ ហើយ​បម្រើ​អ្នក​ជិតខាង​យើង ហើយ​ឈរ​ក្នុង​ទីបរិសុទ្ធ​ជាមួយ​នឹង​ជីវិត​ស្អាតស្អំ។ បុរស​ខ្វិន​នៅ​អាង​ទឹក បេសេដា មនុស្ស​ឃ្លង់​នៅ​តាម​ផ្លូវ​ទៅ​យេរូសាឡិម និង​ ខូរី ធេន ប៊ូម ត្រូវ​បាន​ជាសះស្បើយ ។ « តើ​អ្នក​ចង់បាន​ជាទេ? » ចូរក្រោកឡើង ហើយ​ដើរទៅ។ « ព្រះគុណទ្រង់​គ្រប់គ្រាន់​ល្មម » ( កូរិនថូសទី 2 12:9) ហើយ​​អ្នក​ពុំ​ដើរ​ម្នាក់​ឯង​ឡើយ ។

ខ្ញុំ​ដឹង​ថា​ព្រះមាន​ព្រះជន្មរស់។ ខ្ញុំ​ដឹង​ថា យើង​ទាំងអស់គ្នា​ជា​កូនចៅ​ទ្រង់ ហើយ​ទ្រង់​ស្រឡាញ់​យើង និង​អ្វីដែល​យើង​នឹង​ប្រែក្លាយ។ ខ្ញុំ​ដឹង​ថា ទ្រង់​បានបញ្ចូន​​ព្រះរាជបុត្រា​ទ្រង់​មក​លោកិយ ដើម្បីធ្វើ​ដង្វាយធួនសម្រាប់មនុស្សលោក ហើយ​ថា​អ្នក​ដែល​ឱបក្រសោប​នឹង​ដំណឹងល្អទ្រង់ ហើយ​ដើរ​តាម​ទ្រង់​ នឹង​បាន​ជា​ទាំងស្រុង-- « តាម​ពេល​ទ្រង់ និង​មាគ៌ា​ទ្រង់ ស្រប​តាម​ឆន្ទៈ​ទ្រង់ » (គ. និងស. 88:86) ដោយ​ព្រះទ័យមេត្តា​ដ៏ទន់ភ្លន់​របស់​ទ្រង់ ។ នេះ​ជា​សាក្សីខ្ញុំ​ចំពោះ​អ្នក​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។

កំណត់ចំណាំ

  1. ខូរី ធេន ប៊ូម The Hiding Place ( ឆ្នាំ 1971 ) ទំព័រ 215 ។

  2. ថូម៉ាស អេស ម៉នសុន « Meeting Life’s Challenges » Ensign ខែ វិច្ឆិកា ឆ្នាំ 1993 ទំព័រ 71 ។

  3. ប្រកាស​ដំណឹង​ល្អ​របស់​យើង ៖ សៀវភៅ​ណែនាំ​សម្រាប់​ការ​បម្រើ​របស់​អ្នកផ្សព្វផ្សាយ​សាសនា ( ឆ្នាំ 2004 ) ទំព័រ 52 ។