ឆ្នាំ ២០១០-២០១៩
អ្នក​អាច​ធ្វើវា​ឥឡូវ​នេះបាន!
តុលា 2013


អ្នកអាច​ធ្វើ​វា​ឥឡូវ​នេះ​បាន !

ដរាបណា​យើង​មាន​ឆន្ទៈ​ដើម្បី​ក្រោក​ឡើង​ម្ដង​ទៀត ហើយ​បន្ត​ដើរ​លើ​ផ្លូវ​នោះ... យើង​អាច​រៀន​អ្វី​មួយ​ពី​ការ​បរាជ័យ ហើយ​ប្រែក្លាយ​ជា​កាន់តែប្រសើរ និង​រីករាយ​ជាងមុន។

កាល​ពី​ក្មេង ការ​ដួល ហើយ​ក្រោក​ឡើងវិញវា​ជារឿង​ងាយណាស់​សម្រាប់ខ្ញុំ ។ តែ​លុះ​ចាស់​ទៅ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំមិន​ងាយ​នឹង​ក្រោក​ឈរ​ឡើយ ពេល​ខ្ញុំ​ដួល​ហើយ​នោះ ។

ថ្មី​ៗ​នេះ ខ្ញុំ​បាន​ជិះស្គី​ជាមួយ​ចៅ​ប្រុស​ខ្ញុំអាយុ 12 ឆ្នាំ ។ យើង​បាន​រីករាយ​រួម​គ្នា ពេលខ្ញុំបាន​ជិះ​ចូល​ទៅ​កន្លែង​មាន​ទឹកកក​ច្រើន ហើយ​ធ្លាក់ចុះទៅ​តាម​​ចំណោត​ដ៏​ទេរមួយ ។

ខ្ញុំខិតខំរកគ្រប់វិធី ដើម្បីក្រោកឈរ តែខ្ញុំដួលមិនអាចក្រោករួច។

ខ្ញុំ​មាន​អារម្មណ៍​ថា ​រូបកាយ​ខ្ញុំ​មិន​អីទេ តែ​ចិត្ត​ខ្ញុំឈឺចាប់ ។ ដូច្នេះ ខ្ញុំ​ត្រូវ​​ប្រាកដថា មួក និង​វ៉ែនតាការពារ​របស់ខ្ញុំ ​ត្រូវ​បាន​ពាក់​យ៉ាងត្រឹមត្រូវ ដោយសារ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ជិះស្គី​ផ្សេងទៀត​ស្គាល់​ខ្ញុំ ។ ខ្ញុំ​បាន​ស្រមៃ​ថា ​ខ្លួនឯង​អង្គុយ​នៅ​ទីនោះ​ទាំងអស់សង្ឃឹម ពេលពួកគេ​គ្រវី​ដៃដាក់ខ្ញុំ ហើយ​និយាយ​ថា « សួស្ដី បងប្រុស អុជដូហ្វ ! »។

ខ្ញុំ​បាន​ងឿងឆ្ងល់​ថា តើ​អ្វី​ទៅ​ដែល​អាច​ជួយ​ខ្ញុំ​បាន។ នោះ​គឺជា​​ពេលដែល​ចៅ​ប្រុស​ខ្ញុំ​បាន​ដើរ​មក​រក​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ពី​អ្វី​ដែល​កើត​ឡើង តែគាត់​ដូចជា​មិន​ចាប់អារម្មណ៍​នូវ​​ការ​ពន្យល់​ពី​មូលហេតុ​ដែល​ខ្ញុំ​ក្រោក​មិន​រួច​ឡើយ ។ គាត់​បាន​សម្លឹង​មើល​មុខ​ខ្ញុំ ឈោង​ចាប់​ដៃ​ខ្ញុំ ហើយ​និយាយ​ក្នុង​សំឡេងមាំ​ថា « លោកតា លោក​តា​អាចធ្វើ​វា​ឥឡូវ​នេះ​បាន !»

ខ្ញុំ​បាន​ក្រោក​ឈរ​ឡើង​បន្តិចម្ដងៗ ។

ខ្ញុំ​នៅតែ​ហួស​ចិត្ត​ពី​បញ្ហា​នេះ ។ អ្វីដែល​ហាក់​ដូចជា​មិន​អាច​ធ្វើ​បា​ននៅ​ប៉ុន្មាន​នាទី​មុន បែរ​ជា​អាចធ្វើ​បាន​មួយ​រំពេច ដោយ​សារ​ក្មេង​ប្រុសអាយុ 12 ឆ្នាំ​ម្នាក់​បាន​ឈោង​ដៃ​ជួយ​ខ្ញុំ ហើយ​និយាយ​ថា « លោក​តា ​អាច​ធ្វើ​វា​ឥឡូវ​នេះបាន !» ចំពោះ​ខ្ញុំ​ វា​ជា​ការ​បញ្ចូល​គ្នា​មួយ​នៃ​ភាពជឿជាក់ ក្ដីសាទរ និង​កម្លាំង ។

បងប្អូន​ប្រុស ​ពេល​ខ្លះនៅ​ក្នុង​ជីវិត​យើង ពេល​យើង​ខំ​ក្រោក​ឡើង ហើយ​បន្តដើរ វា​ហាក់ដូចជា​ហួស​ពី​លទ្ធភាព​យើង ។ នាថ្ងៃនោះ​ ខ្ញុំ​បាន​រៀន​ពី​អ្វី​មួយ​លើ​ចំណោត​ដែល​មាន​ព្រិល​ពេញនោះ​ ។ សូម្បីតែ​ពេល​យើង​គិតថា​មិន​អាច​ក្រោក​ឡើង​បាន​ក្ដី---ក៏​ក្ដីសង្ឃឹម​នៅ​តែ​មាន ។ ហើយ​ពេលខ្លះ យើង​ត្រូវការ​មនុស្ស​ម្នាក់ឲ្យមើល​មុខ​យើង​ ចាប់ដៃ​យើង​ ហើយ​និយាយ​ថា « អ្នក​អាច​ធ្វើ​វា​ឥឡូវ​នេះបាន ! »

ការ​បញ្ឆោត​នៃ​ភាពរឹងមាំ

យើង​ប្រហែល​ជា​គិត​ថា ស្ត្រីទំនង​ជា​មានអារម្មណ៍​នៃការ​ខ្វះសមត្ថភាព និង​ការ​បរាជ័យ​ច្រើនជា​ង​បុរស---ដែលអារម្មណ៍​ទាំងនេះ​ជះ​ឥទ្ធិពល​ទៅ​លើ​ពួកគាត់​ច្រើន​ជា​ងយើង ។ ខ្ញុំ​គិត​ថា ​វា​មិន​ពិត​ទេ ។ បុរសមាន​អារម្មណ៍​កំហុស បាក់ទឹកចិត្ត និងភាព​បរាជ័យ។ យើង​អាច​ធ្វើ​ពុត​ជា​មិន​ខ្វល់​ពី​អារម្មណ៍​ទាំងនេះ តែ​តាម​ពិត​យើង​ខ្វល់​ ។ យើងអាច​មាន​អារម្មណ៍​នូវ​បន្ទុក​ដ៏​ធ្ងន់ពី​ការ​បរាជ័យ និង​កំហុស​យើង រហូត​ធ្វើ​ឲ្យ​យើង​គិត​ថា យើង​មិន​អាចមាន​ជោគជ័យ​​បាន​ឡើយ ។ យើង​ថែម​ទាំងគិតថា ដោយសារ​យើងធ្លាប់​ដួល​ពី​មុន​មក នោះ​ភាពបរាជ័យ​ គឺជា​ជោគវាសនាយើង ។ ដូច​អ្នក​និពន្ធ​ម្នាក់​បាន​ថ្លែង​ថា «​យើង​បន្ត​ដូចជា​ទូកជាប់​គាំង​​ក្នុង​ទន្លេ ដែល​នាំ​ទៅរក​អតីតកាល​ជានិច្ច» ។1

ខ្ញុំ​បាន​មើល​បុរសដែល​ពោរពេញ​ដោយសក្ដានុពល និង​ក្ដីមេត្តា ​ឈប់ចូលរួម​ក្នុង​កិច្ចការ​ដ៏​លំបាក​នៃ​ការ​ស្ថាបនា​នគរ​ព្រះ ដោយសារ​ពួកគេ​បរាជ័យ​ម្ដង ឬ​ពីរដង ។ ទាំងនេះ ​គឺជា​បុរស​ដ៏​មាន​សក្ដានុពល​ដែល​អាចក្លាយ​ជា​អ្នកកាន់បព្វជិតភាព និង​អ្នក​បម្រើ​ព្រះ​ដ៏​អស្ចារ្យ ។ តែ​ដោយសារពួកគេបាន​ជំពប់ជើង​ដួល ហើយ​បាន​បាក់ទឹកចិត្ត ពួកគេ​បាន​ដក​ខ្លួន​ចេញ​ពី​ការតាំងចិត្ត​ក្នុងបព្វជិតភាព​ខ្លួន ហើយ​ទៅ​​ធ្វើ​សកម្មភាពផ្សេង ដែល​វា​មាន​តម្លៃ​តិចតួចវិញ ។

ដូច្នេះ​ហើយ ពួកគេ​បន្តរស់​នៅ​តែ​ក្នុង​ស្រមោល​​ជីវិត ដែលវា​ដឹកនាំ​ទៅ​រកភាព​មិន​អាច​ក្រោកឡើង​ទៅរក​សក្ដានុពល​ ដែល​ជា​សិទ្ធិ​ពី​កំណើត​របស់​ខ្លួន​នោះ ។ ដូចដែល​កវី​នោះបាន​សោកស្ដាយ​ដែរ បុរសទាំងនេះ​ស្ថិត​ក្នុង​ចំណោម​ព្រលឹងសោកសៅដែល « បានស្លាប់ទៅ​ដោយ​មិន​អាច​ធ្វើ​កិច្ចការ​ដែល​ខ្លួន​អាច​ធ្វើ​បាន » ។2

គ្មាន​នរណា​ម្នាក់​ចង់បរាជ័យ​ឡើយ ។ ហើយ​ជាពិសេស យើងមិន​ចូល​ចិត្ត​ពេល​អ្នក​ដទៃ---​ជាពិសេស​អ្នក​ដែល​យើង​ស្រឡាញ់---​ឃើញ​យើង​បរាជ័យនោះ ។ យើង​ចង់បាន​ការ​គោរព ហើយឲ្យតម្លៃ ។ យើង​ចង់ក្លាយ​ជា​ជើង​ឯក ។ តែ​យើង​ជាមនុស្ស​រមែង​ស្លាប់​ មិន​អាច​ក្លាយ​ជា​ជើងឯក​ដោយគ្មាន​ការ​ខិតខំ និង​ការ​កែតម្រូវ ឬ​ដោយមិន​ធ្វើ​ខុស​បាន​ឡើយ ។

បងប្អូនប្រុស ជោគវាសនា​យើង​មិន​​កំណត់ដោយសារ​យើង​បានដួល​ប៉ុន្មា​នដង​ឡើយ តែជាកាលដែល​យើង​ក្រោកឈរឡើង បោសធូលី​ដីចេញ​ ហើយដើរ​ឆ្ពោះទៅមុខ​ប៉ុន្មាន​ដង​វិញទេតើ ។

សេចក្ដីព្រួយ​ដែល​គាប់ព្រះទ័យ​ដល់​ព្រះ

យើង​ដឹង​ថាជីវិត​រមែង​ស្លាប់​នេះ​ជា​ការ​សាកល្បង ។ តែ​ដោយសារ​ព្រះវរបិតារបស់​យើង ស្រឡាញ់​យើង​ ដោយ​​ក្ដីស្រឡាញ់​ដ៏​ឥតខ្ចោះ ទ្រង់​បង្ហាញផ្លូវ​យើង​ឲ្យ​ទៅរកចម្លើយនោះ ។ ទ្រង់​ប្រទាន​ផែនទី​ដល់​យើង ដែល​អាច​ឲ្យ​យើង​រក​ឃើញភូមិសាស្ត្រ​មិន​ប្រាកដ​ប្រជា និង​ការសាកល្បង​ដែល​មិន​បាន​រំពឹងទុក ដែល​យើង​ម្នាក់ៗ​នឹង​ជួប ។ ពាក្យ​របស់​ព្យាការី​ ជា​ផ្នែកមួយ​នៃ​ផែនទីនេះ ។

ពេល​យើង​វង្វេង​ផ្លូវ---ពេល​យើង​ធ្លាក់ ឬ​ឃ្លាត​ចេញ​ពី​ផ្លូវ​ព្រះ---ពាក្យ​របស់​ព្យាការី​ប្រាប់យើង​ពីរបៀប​ត្រឡប់​មក​រក​ផ្លូវ​នោះ​វិញ ។

ក្នុង​ចំណោម​គោលការណ៍​ទាំងអស់​ដែល​ពួកព្យាការី​បាន​បង្រៀន​ជាច្រើន​សតវត្សរ៍ មាន​គោលការណ៍​មួយ​ដែល​បាន​គូសបញ្ជាក់​ម្ដងហើយ​ម្ដង​ទៀត គឺ​សារលិខិត​នៃ​ក្ដីសង្ឃឹម និង​ការ​លើក​ទឹកចិត្ត​ថា មនុស្ស​លោក​អាច​ប្រែចិត្ត ប្ដូរ​ផ្លូវ ហើយ​ត្រឡប់​មករក​ផ្លូវ​នៃ​ភាព​ជាសិស្ស​វិញបាន ។

នោះ​ពុំ​មាន​ន័យ​ថា យើង​គួរសប្បាយ​ចិត្ត​នឹង​ភាព​ទន់ខ្សោយ កំហុស និង​អំពើបាប​យើង​ឡើយ ។ តែ​មាន​ភាពខុសគ្នា​ដ៏សំខាន់​មួយ​រវាង​ភាព​សោកសៅ​ចំពោះ​អំពើបាបដែល​នាំ​ទៅ​រក​ការ​ប្រែចិត្ត និង​ភាពសោកសៅ​ដែល​នាំទៅរក​ភាពអស់សង្ឃឹម ។

សាវកប៉ុលបាន​បង្រៀនថា «សេចក្ដី​ព្រួយ​ដែល​គាប់ព្រះហឫទ័យ​ដល់​ព្រះ នោះ​រមែងនាំ​ឲ្យ​ប្រែចិត្ត​ឡើងប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ...តែសេចក្ដីព្រួយ​របស់​លោកិយ នោះ​បង្កើត​សេចក្ដីស្លាប់វិញ » ។3 សេចក្ដីព្រួយ​ដែល​គាត់​ព្រះទ័យ​ដល់​ព្រះ បំផុស​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ និង​ក្ដីសង្ឃឹម​តាមរយៈ​ដង្វាយធួននៃ​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីព្រួយ​ខាង​លោកិយ បំផ្លាញ​យើង ដក​យក​ក្ដីសង្ឃឹម ហើយ​នាំ​យើង​ទៅ​រក​ការ​ល្បួង​បន្ថែម​ទៀត ។

សេចក្ដីព្រួយ​ដែល​គាត់​ព្រះទ័យ​ដល់​ព្រះ នាំទៅរក​ការ​ប្រែចិត្តជឿ4 និង​ការ​ផ្លាស់ប្ដូរ​ដួងចិត្ត ។5 វា​ធ្វើ​ឲ្យ​យើង​ស្អប់អំពើបាប ហើយ​ស្រឡាញ់​សេចក្ដីល្អ ។6 វា​លើក​ទឹកចិត្ត​យើង​ឲ្យ​ក្រោកឈរ ហើយ​ដើរ​ក្នុងពន្លឺ​នៃ​ក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ ។ ការ​ប្រែចិត្ត​ពិតគឺ​ការ​ផ្លាស់ប្ដូរ ពុំ​មែន​ជា​ទារុណកម្ម ឬ​ការ​ដាក់​ទោស​ឡើយ ។ មែនហើយ ការ​សោកស្ដាយ និង​វិប្បដិសារី​ពិត​សម្រាប់​ការ​មិន​គោរពប្រតិបត្តិ​ជា​រឿយៗ​មាន​ការ​ឈឺចាប់ ហើយជាជំហាន​ដ៏​​សំខាន់មួយ​ក្នុង​ដំណើរការ​ប្រែចិត្ត​ដ៏​ពិសិដ្ឋ​នេះ ។ តែ​ពេល​កំហុស​នាំទៅរក​ការ​ស្អប់ ឬ​ការ​ពារ​ខ្លួន​ឯងពី​ការ​ក្រោកឈរ​ម្ដងទៀត នោះ​វា​កំពុងរារាំង​ ជាជាង​លើក​ទឹកចិត្ត​ឲ្យ​យើង​ប្រែចិត្ត ។

បងប្អូន​ប្រុស មាន​ផ្លូវ​ប្រសើរ​មួយ ។ ចូរ​យើង​ក្រោកឡើង ហើយ​ក្លាយ​ជា​បុរស​នៃ​ព្រះ ។ យើង​មាន​ព្រះអង្គសង្គ្រោះ​មួយ​អង្គ ដែល​បាន​ដើរ​ឆ្លងកាត់​នូវ​សេចក្ដីស្លាប់ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ។ ទ្រង់​បាន​លះបង់ព្រះកាយ​ទ្រង់ដើម្បី​បង់ថ្លៃ​អំពើបាប​យើង ។ គ្មាន​នរណា​ម្នាក់​មាន​ក្ដីស្រឡាញ់​ធំជាង​នេះ​ឡើយ---គឺ​ព្រះគ្រីស្ទ ជា​កូនចៀម​ឥតខ្ចោះ ដែល​បាន​ស្ម័គ្រ​ព្រះទ័យនៅ​លើ​អាសនៈបូជា ហើយបង់ថ្លៃសម្រាប់អំពើ​បាប​យើង « ឲ្យគ្រប់ »។7 ទ្រង់​យក​ការ​រងទុក្ខ​យើង​មក​ដាក់​លើ​អង្គទ្រង់ ។ ទ្រង់​យកបន្ទុក និងកំហុស​យើង​មក​ដាក់​ស្មារ​ទ្រង់ ។ មិត្ត​ជាទីស្រឡាញ់​ ពេល​យើង​សម្រេចចិត្ត​​មករក​ទ្រង់ ពេល​យើងលើក​ដាក់​ព្រះនាមទ្រង់​លើ​ខ្លួនយើង ហើយ​ដើរយ៉ាង​ម៉ឺងម៉ាត់​ក្នុង​ផ្លូវ​នៃ​ភាព​ជាសិស្ស នោះ​តាមរយៈដង្វាយយើងត្រូវបាន​សន្យាថា​​ប្រទានឲ្យ​ មិនត្រឹមតែ​​សុភមង្គល និង « ក្ដីសុខសាន្ត​ក្នុង​លោកិយ​នេះ » ប៉ុណ្ណោះ​ទេ តែ «ជីវិត​អស់​កល្ប​នៅ​លោក​ខាង​មុខ» ផងដែរ ។8

ពេល​យើងធ្វើ​ខុស ពេល​យើង​ធ្វើ​អំពើបាប ហើយ​ធ្លាក់ចុះ ចូរ​យើង​គិត​ពី​អត្ថន័យ​ពិត​នៃ​ការ​ប្រែចិត្ត ។ វា​ន័យ​ថា ជា​ការ​បង្វែរ​ដួងចិត្ត និង​ឆន្ទៈ​​យើងមក​រក​ព្រះ ហើយឈប់​ធ្វើ​​អំពើបាប ។ ការ​ប្រែចិត្តពិត​ចេញ​ពីចិត្ត​នាំ​មក​ជាមួយ​​នូវ​ការ​ធានាអះអាង​ពីសួគ៌ា​ថា យើង​អាច «ធ្វើវា​ឥឡូវ​នេះ​បាន» ។

តើ​អ្នក​ជានរណា?

វិធីសាស្ត្រ​មួយ​របស់​មារសត្រូវ​ដើម្បី​រារាំងពី​ការ​រីកចម្រើន គឺបំភ័ន្ត​​ថា តើ​យើងពិត​ជា​នរណា ហើយ​ក្ដីប្រាថ្នា​ពិត​យើង​ជាអ្វី​ទៅ ។

យើង​ចង់​ចំណាយ​ពេល​ច្រើន​ជាមួយ​កូនចៅ​យើង តែ​​ក៏​ចង់ចូលរួម​ក្នុង​ទម្លាប់ជា​បុរស​ដែល​យើង​ចូល​ចិត្ត​​ផងដែរ ។ ​យើង​ចង់​សម្រក​ទម្ងន់ តែ​​ក៏ចង់​រីករាយ​នឹង​ម្ហូបដែល​យើង​ឃ្លាន​ដែរ ។ យើងចង់​ក្លាយ​ដូចជាព្រះគ្រីស្ទ តែ​ក៏​ចង់ឲ្យ​អ្នក​ដែល​ជិះ​វ៉ា​យើង​មាន​អារម្មណ៍​ទើសទាល់ដែរ ។

បំណង​របស់​សាតាំង គឺល្បួង​យើងឲ្យ​​ប្ដូរមុក្ដាដ៏​មាន​តម្លៃនៃ​​សុភមង្គលពិត និង​តម្លៃ​​អស់កល្ប នឹង​គ្រឿង​ជ័រ​ក្លែងក្លាយ ដែលគ្រាន់តែ​ជា​ការ​បញ្ឆោត និង​ភាព​ក្លែងក្លាយនៃ​សុភមង្គល និង​ក្ដីអំណរ ។

វិធីសាស្ត្រ​មួយ​ទៀតដែល​មារសត្រូវ​ប្រើ​ដើម្បី​បំបាក់ទឹកចិត្ត​យើង​ពី​ការ​ក្រោកឈរ​ឡើង គឺឲ្យ​យើង​គិត​ថា ព្រះបញ្ញត្តិ​ជា​រឿង​ដែល​បាន​បង្ខំ​ដល់​យើង ។ ខ្ញុំគិត​ថា ការ​តតាំងនឹង​អ្វីៗដែល​មិនមែន​ជា​គំនិត​ខ្លួន​តាំងពី​ដំបូង​មក វា​ជាចរិត​មនុស្ស ។

បើ​យើង​មើលឃើញ​ថាការ​ទទួល​ទាន និង​លំហាត់ប្រាណ​ដែល​ធ្វើ​ឲ្យ​សុខភាពល្អ គ្រាន់តែជា​អ្វី​មួយ​ដែល​វេជ្ជបណ្ឌិត​ចង់​ឲ្យ​យើង​ធ្វើ នោះយើងនឹង​ទំនងជា​បរាជ័យ ។ បើ​យើង​មើល​ឃើញ​ថា​ ការ​ជ្រើសរើស​ទាំងនេះ ជា​អ្វី​មួយ​ដែល​យើងចង់បាន​សម្រាប់ខ្លួន​ឯង នោះ​យើងមាន​ឱកាសល្អសម្រេច​កិច្ចការ​នោះ​ដោយ​ជោគជ័យ ។

បើ​យើង​មើល​ឃើញ​ថាការ​បង្រៀនតាម​ផ្ទះ​គ្រាន់តែ​ជា​គោលដៅ​របស់​ប្រធាន​ស្តេក នោះ​យើង​នឹង​ឲ្យ​តម្លៃ​តិចតួច​ក្នុង​ការធ្វើ​វា។ បើ​យើង​មើល​ឃើញ​វាជា​គោលដៅ​យើង---ជាអ្វី​មួយ​ដែល​យើង​ចង់​ធ្វើ​ដើម្បីក្លាយ​ដូចជាព្រះគ្រីស្ទ និង​បម្រើ​អ្នកដទៃ---នោះយើងនឹង​​មិន​គ្រាន់​តែបំពេញ​ការ​តាំងយើង​ប៉ុណ្ណោះ​ទេ​ តែសម្រេច​វា​តាម​របៀប​មួយ​ដែល​ពិតជា​ប្រទានពរដល់ក្រុមគ្រួសារ​ដែល​យើង​សួរសុខទុក្ខ និងគ្រួសារ​យើងផង​ដែរ ។

ពេលខ្លះ យើង​ជា​មនុស្ស​ម្នាក់ដែលបានទទួលជំនួយ​ពី​មិត្ត និង​គ្រួសារ។ តែ​បើ​យើង​ក្រឡេក​មើល​ជុំវិញដោយ​ហ្មត់ចត់ និង​ដោយ​ចិត្ត​ខ្វាយខ្វល់ នោះ​យើង​នឹង​ឃើញ​ពី​ឱកាស​ដែល​ព្រះអម្ចាស់​ប្រទាន​ដល់​យើង ដើម្បី​ជួយ​អ្នកដទៃឲ្យ​ក្រោកឈរ​ឡើង​ ហើយ​ដើរ​ឆ្ពោះទៅរក​សក្ដានុពល​ដ៏ពិត​របស់​ខ្លួន។ ព្រះគម្ពីរ​ណែនាំ​ថា «ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏ដោយ ចូរ​ធ្វើឲ្យ​អស់​ពីចិត្តទុកដូចជាធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិនមែន​ដល់​មនុស្ស​ទេ»។9

វា​ជាប្រភពអស្ចារ្យ​មួយ​នៃ​អំណាច​ខាង​វិញ្ញាណ​ដើម្បី​រស់នៅ​ក្នុង​ជីវិតទៀងត្រង់ ហើយ​សុចរិត និង​ដើម្បី​ផ្ដោតទៅ​កន្លែង​ដែលយើង​ចង់រស់​នៅ​ក្នុង​ភាពអស់កល្ប ។ ទោះ​ជាយើង​អាចឃើញ​ទិសដៅ​ដ៏ទេវភាព​នេះ​ តែ​ជាមួយ​នឹង​ភ្នែក​នៃ​ក្ដីជំនឿ​ក្ដី ក៏វានឹងជួយ​យើងឲ្យ​បន្ត​ដើរ​លើ​ផ្លូវ​នោះដែរ ។

ពេលស្មារតី​យើងផ្ដោត​លើ​ភាពជោគជ័យ ឬ​ការ​បរាជ័យ​ប្រចាំ​ថ្ងៃ​យើង នោះ​យើងអាច​វង្វេង​ផ្លូវ ហើយ​ធ្លាក់ចុះ ។ ការ​ផ្តោត​លើ​គោលដៅ​ខ្ពស់ជាង នឹង​ជួយ​យើង​ក្លាយ​ជា​កូនប្រុស បងប្អូនប្រុស ឪពុក និង​ស្វាមី​ល្អ​ជា​ងមុន ។

សូម្បីតែជនដែល​ដាក់​ចិត្ត​ខ្លួន​លើ​គោលដៅទេវភាព​ អាច​នឹង​ធ្លាប់ម្ដងម្កាល តែ​ពួកគេ​នឹងមិន​បរាជ័យ​​ឡើយ ។ គេ​ទុកចិត្ត ហើយ​ពឹងផ្អែក​លើ​ការ​សន្យា​របស់​ព្រះ។ គេ​នឹង​ឈរ​ជាថ្មីជាមួយ​នឹង​ក្ដីសង្ឃឹម​ដ៏​ភ្លឺ​ស្វាងក្នុង​ព្រះដ៏សុចរិត​ និង​ទស្សនវិស័យ​ដ៏​បំផុស​គំនិត​នៃអនាគត​ដ៏អស្ចារ្យ​មួយ ។ ពួកគេ​ពឹងផ្អែក​លើ​ការ​សន្យា​របស់​ព្រះ ។ ពួកគេ​ដឹង​ថា ​គេ​អាច​ធ្វើ​វា​ឥឡូវ​នេះបាន ។

អ្នក​អាច​ធ្វើ​វា​ឥឡូវ​នេះបាន

មនុស្ស​គ្រប់រូប ទាំងចាស់ទាំងក្មេង ធ្លាប់មាន​បទពិសោធន៍​ផ្ទាល់ខ្លួន​នឹង​ការ​ធ្លាក់។ ការ​ធ្លាក់​ជា​អ្វីដែល​យើង​ជា​មនុស្ស​រមែង​ស្លាប់​មាន ។ តែ​ដរាប​ណា​យើង​យល់ព្រម​ក្រោកឈរ ហើយ​បន្ត​លើ​ផ្លូវ​ឆ្ពោះទៅ​រក​គោលដៅ​ខាង​វិញ្ញាណ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើងម្ដងទៀត នោះយើងអាច​រៀន​អ្វី​មួយ​ពី​ការបរាជ័យ ហើយ​ធ្វើ​បានប្រសើរ និង​រីករាយ​ជាងមុន ។

បងប្អូនប្រុស និង​ជាមិត្ត​ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ពេលខ្លះ អ្នក គិត​ ថាអ្នក​យើង​មិន​អាច​ឈរ ឬ​បន្ត​ដើរ​បានទៀតឡើយ ។ សូម​ទុកចិត្ត​លើ​ព្រះអម្ចាស់ និង​ក្ដីស្រឡាញ់​ទ្រង់។ ដោយ​​ក្ដីជំនឿ​យើង​លើ​ព្រះព្រះអម្ចាស់ និងអំណាច និង​ក្ដីសង្ឃឹម​នៃដំណឹងល្អដែល​បាន​ស្ដារ​ឡើងវិញ នោះ​អ្នក នឹង ​អាចដើរ ហើយ​បន្ត​ដើរ​ឆ្ពោះទៅ​មុខ ។

បងប្អូនប្រុស យើង​ស្រឡាញ់​អ្នក។ យើង​អធិស្ឋានសម្រាប់អ្នក ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ស្ដាប់​ឮ​ប្រធាន ម៉នសុន​ អធិស្ឋាន​ឲ្យ​អ្នក ។ មិនថា​អ្នក​ជាឪពុកវ័យក្មេង ជា​អ្នកកាន់បព្វជិតភាពវ័យ​ចំណាស់ ឬ​ជាឌីកុន ទើបតែងតាំង​ម្នាក់នោះ​ទេ យើងដឹង​ពីអ្នក ។ ព្រះអម្ចាស់​ជ្រាបដឹង​ពីអ្នក !

យើងទទួល​ស្គាល់​ថា ពេលខ្លះផ្លូវ​របស់អ្នក​មាន​ការ​លំបាក ។ តែ​ខ្ញុំ​ផ្ដល់ការ​សន្យា​នេះ​ដល់​អ្នក​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ថា ៖ បើ​អ្នក​ក្រោកឈរ​ឡើង ហើយ​ដើរ​តាម​ដាន​ព្រះបាទា​នៃ​ព្រះប្រោសលោះ​យើង ហើយនៅថ្ងៃ​មួយ​ ពេលអ្នក​នឹង​ក្រឡេក​មើល​មក​ក្រោយ​វិញ នោះ​អ្នក​ពោរពេញ​ដោយ​អំណរគុណដ៏អស់កល្ប​ ដែល​អ្នក​បាន​ជ្រើស​យក​ការ​ទុកចិត្ត​លើ​ដង្វាយធួន និង​អំណាច​នៃ​ដង្វាយធួន ដើម្បី​លើក​ ហើយពង្រឹង​ដល់អ្នក ។

បងប្អូនប្រុស​ជាទីស្រឡាញ់​របស់​ខ្ញុំ មិន​ថា​អ្នក​ដួលចុះ​ប៉ុន្មាន​ដងទេ ចូរ​ក្រោកឈរ​ឡើង ! ជោគវាសនា​អ្នក​ ជា​ជោគវាសនា​មួយ​ដ៏រុងរឿង ! សូម​ឈរ ហើយ​ដើរ​ក្នុង​ពន្លឺនៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើងវិញ ! អ្នក​ខ្លាំង​ជាងអ្នក​គិត​ទៅទៀត ។ អ្នក​មាន​សមត្ថភាព​លើស​ពី​អ្នក​អាច​ស្រមៃ​ឃើញ​ទៅទៀត ។ អ្នក​អាចធ្វើ​វាឥឡូវ​នេះបាន! ខ្ញុំ​ថ្លែងទីបន្ទាល់​ពី​ការណ៍​នេះ​ ក្នុងព្រះនាមដ៏ពិសិដ្ឋ​នៃលោក​ចៅហ្វាយ និង​ព្រះអង្គប្រោស​លោះ​របស់​យើង ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។