តើ​អ្នក​កំពុង​តែ​គេង​លង់​លក់​ ក្នុង​អំឡុង​ពេល​នៃ​ការស្តារ​ឡើង​វិញ​​ដែរឬទេ?


វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​យើង​ ជា​បុគ្គល ក្រុមគ្រួសារ និង ជា​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ ដើម្បី​ផ្ដល់​ការប្រឹងប្រែង​មួយ​ផ្នែក​ចំពោះ​កិច្ចការ​ដ៏​ពិសិដ្ឋ​នេះ។

ជិត 200 ឆ្នាំ​កន្លង​ផុត​ទៅ មាន​រឿង​និទាន​អាមេរិក​ខ្លី​មួយ​ឈ្មោះ « រិភ វណ្ណ វីងខល » បាន​ទៅ​ក្លាយ​ទៅ​ជា​រឿង​ដ៏​ល្បីល្បាញ​មួយ ។ តួ​​ឯក​ឈ្មោះ រិភ គឺ​ជា​បុរស​ដែល​គ្មាន​មហិច្ឆតា ​ដែល​ពូកែ​ខាង​គេច​ចេញ​ពី​រឿង​ចំនួន​ពីរ​គឺ ៖ ការងារ និង ភរិយា​របស់​គាត់ ។

ថ្ងៃ​មួយ កាល​កំពុង​វង្វេង​ផ្លូវ​ក្នុង​ជួរ​ភ្នំ​ជាមួយ​ឆ្កែ​របស់​គាត់ គាត់​បាន​ប្រទះ​នឹង​ក្រុម​មនុស្ស​ដែល​ស្លៀក​ពាក់​ចម្លែកៗ កំពុង​ផឹក​ស៊ី និង លេង​ល្បែង ។ បន្ទាប់​ពី​បាន​ក្រេប​ស្រា​ពួកគេ​បាន​មួយ​ក្រេប រិភ បែរ​ជា​ងងុយ​គេង ហើយ​បាន​បិទ​ភ្នែក​សំងំ​មួយ​ស្របក់ ។ ពេល​គាត់​ដឹង​ខ្លួន​ឡើង​វិញ គាត់​ភ្ញាក់ផ្អើល​ដោយ​ឃើញ​ថា ឆ្កែ​របស់​គាត់​បាន​បាត់ កាំភ្លើង​គាត់​ត្រូវ​ច្រែះ​ស៊ី ហើយ​ពេល​នេះ​គាត់​មាន​ពុក​ចង្កា​ដុះ​យ៉ាង​វែង​ស្រមូមស្រមាម ។

រិភ បាន​ត្រឡប់​ទៅ​ក្នុង​ភូមិ​វិញ ​ដោយ​ឃើញ​ថា​ អ្វី​គ្រប់​យ៉ាង​បាន​ផ្លាស់ប្ដូរ ។ ភរិយា​គាត់​បាន​ស្លាប់ មិត្ត​ភក្ដិ​ក៏​បាត់​អស់​ទៅ ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​បាទ ចច ទី 3 ដែល​តាំង​នៅ​តៀម​ស្រា ​ត្រូវ​បាន​ជំនួស​ដោយ​ដោយ​គំនូរ​រូប​នៃ​ជន​ផ្សេង​ទៀត​ដែល​ពុំ​គាត់​ស្គាល់​មុខ — គឺ​ជា​ឧត្ដមសេនីយ ចច វ៉ាស៊ីនតោន ។

រិភ វណ្ណ វីងខល បាន​ដេក​លង់លក់​អស់​រយៈ​ពេល 20 ឆ្នាំ ! ហើយ​ដោយ​ហេតុនេះ គាត់​បាន​ខកខាន​មិន​បាន​ឃើញ​​រយៈ​ពេលដ៏​រំភើប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​របស់​គាត់ — ព្រោះ​គាត់​បាន​គេង​លង់​លក់​ក្នុង​សម័យកាល​​បដិវត្ត​របស់​អាមេរិក ។

ក្នុង​ខែ ឧសភា ឆ្នាំ 1966 បណ្ឌិត ម៉ាទិន លូធើរ ឃីង ជុញ្ញ័រ បាន​លើក​រឿង​និទាន​នេះ​ឡើង​ជា​ការចង្អុល​បង្ហាញ​ក្នុង​សុន្ទរកថា​របស់​លោក​ថា « សូម​កុំ​គេង​លង់លក់​ក្នុង​អំឡុង​សម័យ​កាល​បដិវត្ត​ឲ្យ​សោះ » ។1

ថ្ងៃ​នេះ ខ្ញុំ​សូម​លើក​ប្រធានបទ​ដូច​គ្នា​នេះ​ឡើង ហើយ​ចោទ​ជា​សំណួរ​ដល់​យើង​ទាំង​អស់​គ្នា ដែល​កាន់​បព្វជិតភាព​របស់​ព្រះ​ថា តើ​អ្នក​កំពុង​តែ​គេង​លង់​លក់​ក្នុង​អំឡុង​ពេល​នៃ​ការស្តារ​ឡើង​វិញ​ដែរ​ឬ​ទេ ?

យើង​កំពុង​តែ​រស់នៅ​ក្នុង​សម័យ​នៃ​ការស្ដារ​ឡើង​វិញ

ពេល​ខ្លះ យើង​ចាត់ទុក​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ​ថា​ជា​អ្វី​មួយ​ដែល​ពេញ​លេញ — ព្រោះ យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​ព្រះគម្ពីរ​មរមន គាត់​បាន​ទទួល​កូនសោ​បព្វជិតភាព សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង​វិញ ។ តាម​ពិត​ទៅ ការស្ដារ​ឡើង​វិញ គឺ​ជា​ដំណើរ​ការ​គ្មាន​ទី​បញ្ចប់ ដ្បិត​ពេល​នេះ​យើង​កំពុង​រស់នៅ​ក្នុង​សម័យ​នៃ​ការស្ដារ​ឡើង​វិញ​ហើយ ។ វា​រួម​មាន « ការណ៍​ទាំង​អស់​ដែល​ព្រះ​បាន​សម្ដែង ការណ៍​ទាំង​អស់​ទ្រង់​នឹង​សម្ដែង​នា​ពេល​ឥឡូវ​នេះ » និង « ការណ៍​ដ៏​ធំ ហើយ​សំខាន់​ជា​ច្រើន » ដែល​ទ្រង់​មិន​ទាន់​សម្ដែង​នៅ​ឡើយ ។2 បងប្អូន​ប្រុស​អើយ ភាព​លូតលាស់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នា​ពេល​សព្វថ្ងៃ​នេះ គឺ​ជា​ផ្នែក​នៃ​ការព្យាករ​ចំពោះ​ការត្រៀម​ខ្លួន​ទុក​ជា​មុន​យ៉ាង​យូរ​ សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​ដ៏​រុងរឿង​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ ព្រះយេស៊ូវគ្រីស្ទ ។

នេះ​គឺ​ជា​រយៈ​ពេល​ដ៏​គួរ​ស្ញប់ស្ញែង​បំផុត នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភពលោក ! ពួក​ព្យាការី​បុរាណ​បាន​ទន្ទឹង​ចាំ​ជំនាន់​របស់​យើង ។

កាល​ចាកចេញ​ពី​ជីវិត​រមែង​ស្លាប់​នេះ​ទៅ តើ​មាន​បទពិសោធន៍​អ្វី​ខ្លះ​ដែល​យើង​អាច​ចែកចាយ​ពី​ការរួម​ចំណែក​នៅ​ក្នុង​រយៈ​ពេល​ដ៏​សំខាន់​នៃ​ជីវិត​យើង ហើយ​ជំរុញ​កិច្ចការ​របស់​ព្រះអម្ចាស់​ឲ្យ​ទៅ​មុខ ? តើ​យើង​នឹង​អាច​មូរ​ដៃ​អាវ​ឡើង ហើយ​ធ្វើការ​ដោយ​អស់​ពី​ចិត្ត ពលំ គំនិត និង កម្លាំង​ដែរ​ឬ​ទេ ? ឬ តើ​យើង​ត្រូវតែ​សារភាព​ថា ​តួនាទី​របស់​យើង ​គឺ​គ្រាន់តែ​ជា​អ្នក​ឱបដៃ​ឈរ​មើល​គេ​ធ្វើការ ?

ឧបមា​ថា មាន​មូលហេតុ​ជា​ច្រើន ដែល​ថា ​វា​ងាយ​ដើម្បី​ងងុយ​ងងក់​ចំពោះ​ការស្ថាបនា​នគរ​ព្រះ ។ ខ្ញុំ​សូម​លើក​ចំណុច​សំខាន់​ទាំង​បី​ឡើង ។ ពេល​ខ្ញុំ​លើក​ឡើង ខ្ញុំ​សូម​អញ្ជើញ​ឲ្យ​អ្នក​ពិចារណា​ថា តើ​មាន​ចំណុច​ណាមួយ​ដែល​អ្នក​ត្រូវ​អនុវត្ត ។ បើ​អ្នក​ឃើញ​ថា​ មាន​អ្វី​ដែល​ត្រូវ​ពង្រឹង សូម​អ្នក​ពិចារណា​ពី​អ្វី​ដែល​អាច​ធ្វើ ​ដើម្បី​កែប្រែ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

ភាពអាត្មានិយម

ទីមួយ ភាពអាត្មានិយម ។

អ្នក​ដែល​អាត្មានិយម​ស្វែងរក​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន និង ការសប្បាយ​ផ្ទាល់​ខ្លួន​ ខ្ពស់​ជាង​អ្វីៗ​ទាំង​អស់ ។ សំណួរ​សំខាន់​សម្រាប់​បុគ្គល​អាត្មានិយម​គឺ « តើ​វា​មាន​ប្រយោជន៍​អ្វី​សម្រាប់​ខ្ញុំ » ?

បង​ប្អូន​ប្រុស​អើយ ខ្ញុំ​ប្រាកដ​ថា អ្នក​អាច​ឃើញ​ថា​ឥរិយាបថ​នេះ​ពិត​ជា​ផ្ទុយ​ទៅ​នឹង​ចំណេះដឹង​ដែល​តម្រូវ​ឲ្យ​ស្ថាបនា​នគរ​ព្រះ ។

ពេល​យើង​ព្យាយាម​បំពេញ​តម្រូវការ​ខ្លួនឯង ជា​​ជាង​តម្រូវ​ការ​អ្នក​ដទៃ នោះ​អាទិភាព​របស់​យើង​ផ្ដោត​ទៅ​លើ​មុខ​មាត់​ល្បីល្បាញ និង ភាពរីករាយ​ផ្ទាល់​ខ្លួនហើយ ។

មនុស្ស​ជំនាន់​ដើម​ពុះពារ​នឹង​ភាពអាត្មា​និយម​គ្រប់​ប្រភេទ និង ការស្រឡាញ់​តែ​ខ្លួន​ឯង ប៉ុន្តែ សព្វថ្ងៃ​នេះ ខ្ញុំ​គិត​ថា​យើង​កំពុង​តែ​ពុះពារ​នឹង​រឿង​ដូចគ្នា​នេះ​ដែរ ។ តើ​វា​ពុំ​គាប់​ជួន​ទេ​ឬ​អី ដែល​ថ្មីៗ​នេះ​វចនានុក្រម អុកស្វដ បាន​ចេញ​ពាក្យ « Selfie » ដែល​មាន​ន័យ​ថា « ថត​រូប​ខ្លួន​ឯង » ជា​ពាក្យ​ប្រចាំ​ឆ្នាំ ?3

តាម​ធម្មតា យើង​គ្រប់​គ្នា​ចង់​បាន​មុខ​មាត់​ល្បីល្បាញ ហើយ​​ការសម្រាក និង ការ​រីករាយ​ចំពោះ​អាត្មា​ខ្លួន ពុំ​មែនជា​​ការខុស​ឆ្គង​អ្វី​ទេ ។ ប៉ុន្តែ នៅ​ពេល​ស្វែងរក « កម្រៃ និង ការសរសើរ​តម្កើង​ពី​មនុស្ស​លោក »4 គឺ​ជា​ចំនុច​កណ្ដាល​នៃ​ការជំរុញ​ចិត្ត​យើង នោះ​យើង​នឹង​ខកខាន​នឹង​បទពិសោធន៍​នៃ​ការប្រោសលោះ និង ការ​រីករាយ​ដែល​កើត​ឡើង​ ពេល​យើង​ថ្វាយ​ខ្លួន​ដោយ​ចិត្ត​ទូលំ​ទូលាយ​ចំពោះ​កិច្ចការ​របស់​ព្រះ ។

តើ​ដំណោះ​ស្រាយ​ គឺ​ជា​អ្វី ?

ចម្លើយ​តែងតែ​មាន​នៅ​ក្នុង​ព្រះ​បន្ទូល​នៃ​ព្រះគ្រីស្ទ ៖

« អ្នក​ណា​ដែល​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ ។

« ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាន​បាត់​ជីវិត​ដោយ​ព្រោះ​យល់​ដល់​ខ្ញុំ ហើយ​នឹង​ដំណឹង​ល្អ នោះ​នឹង​បាន​ជីវិត​វិញ » ។5

អស់​អ្នក​ណា​ដែល​ថ្វាយ​ជីវិត​ខ្លួន​ទាំងស្រុង​ដល់​ព្រះអង្គ​សង្គ្រោះ ហើយ​បម្រើ​ព្រះ និង មនុស្ស​ដទៃ នឹង​រក​ឃើញ​ភាពសម្បូរ​ស្តុកស្តម និង ភាពពេញលេញ​នៃ​ជីវិត ដែល​មនុស្ស​អាត្មានិយម ឬ មនុស្ស​កំណាញ់​ មិន​ដែល​មាន ។ បុគ្គល​ចិត្ត​ទូលាយ​ លះបង់​ខ្លួន ។ ទាំង​នេះ​អាច​ជា​ទង្វើ​សប្បុរសធម៌​ដ៏​តូច​ដែល​មាន​ឥទ្ធិពល​យ៉ាង​ធំ​មួយ សម្រាប់​ផល​ផ្លែ​ដូចជា ៖ ស្នាម​ញញឹម ការចាប់ដៃ ការឱប ចំណាយ​ពេល​ស្ដាប់ ពាក្យពេចន៍​លើក​ទឹកចិត្ត​ទន់ភ្លន់ ឬ ទង្វើ​នៃ​ការខ្វាយខ្វល់​ពី​គ្នា ។ ទង្វើ​នៃ​សន្ដាន​ចិត្ត​ទាំង​នេះ​អាច​ផ្លាស់ប្ដូរ​ចិត្ត និង ជីវិត​មនុស្ស​ជា​ច្រើន ។ ពេល​យើង​ឆ្លៀត​ឱកាស​ដើម្បី​ស្រឡាញ់ ហើយ​បម្រើ​មនុស្ស​ដទៃ បូក​រួម​ទាំង ភរិយា និង គ្រួសារ​យើង នោះ​សមត្ថភាព​ដើម្បី​ស្រឡាញ់​ព្រះ ហើយ​បម្រើ​មនុស្ស​ដទៃ​នឹង​កើន​ឡើង​យ៉ាង​រហ័ស ។

អស់​អ្នក​ដែល​បម្រើ​មនុស្ស​ដទៃ​ នឹង​ពុំ​គេង​លង់លក់​ក្នុង​អំឡុង​ពេល​នៃ​ការស្ដារ​ឡើង​វិញ​ឡើយ ។

ការ​ញៀន

រឿង​មួយ​ទៀត​ដែល​បណ្ដាល​ឲ្យ​យើង​ដើរ​ដោយ​ងងុយ​ងងក់​ក្នុង​រយៈ​ពេល​ដ៏​ពិសេស​នៃ​ពិភពលោក​នេះ​គឺ ការញៀន ។

ការញៀន​ជា​ញយៗ​ចាប់​ផ្ដើម​ឡើង​បន្តិច​ម្តងៗ ។ ការញៀន​គឺ​ជា​សរសៃរ​អំបោះ​តូចៗនៃ​ទម្លាប់​ ​ដែល​ចង​ប្រទាក់​គ្នា​​យ៉ាង​ក្រាស់ ។ ទម្លាប់​អាក្រក់​ មានសក្ដានុពល​នាំ​ទៅ​ការញៀន​ហិន​វិនាស​ទាំងឡាយ ។

ចំណង​ច្រវាក់​នៃ​ការញៀន ​អាច​មាន​ទម្រង់​ជា​ច្រើន​ប្រភេទ​ដូច​ជា ការណ៍​អាសគ្រាម គ្រឿង​ស្រវឹង កាម​គុណ គ្រឿង​ញៀន ថ្នាំ​ជក់ ល្បែង​ស៊ី​សង អាហារ ការងារ អ៊ិនធើរណិត ឬ បញ្ហា​គុណធម៌ ។ សាតាំង​ដែល​ជា​មារ​សត្រូវ​យើង មាន​វិធី​ច្រើន​យ៉ាង​ ដែល​វា​ប្រើ​ដើម្បីដក​​ទាញ​សក្តានុពល​ដ៏​ទេវភាពរបស់​យើង ​ដើម្បី​បំពេញ​បេសកកម្ម​ក្នុង​នគរ​ព្រះចេញ ។

វា​ធ្វើ​ឲ្យ​ព្រះវរបិតាសួគ៌​យើង​ព្រួយ​ព្រះទ័យ ដើម្បី​នឹង​ទត​ឃើញ​នូវ​ទំហំ​ឆន្ទៈ​នៃ​បុត្រា​ដ៏​ក្លាហាន​របស់ទ្រង់​មាន​ទំនោរ​ចិត្ត​ទៅ​រក​ការជាប់​អន្ទាក់​ក្នុង​ការញៀន​ដ៏​មហន្តរាយ​នានា ។

បង​ប្អូន​ប្រុស​អើយ យើង​កាន់​បព្វជិតភាព​ដ៏​អស់កល្ប​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា ។ យើង​ពិត​ជា​បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​បាន​ប្រទាន​ដល់​យើង​នូវ​លទ្ធភាព ​ដែល​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន​ឡើយ ។ យើង​ត្រូវបាន​បង្កើត​ឡើង​ឲ្យ​មាន​លទ្ធភាព​ខ្ពស់​បំផុត ។ យើង​មិន​ត្រូវ​បណ្តោយ​ខ្លួន​យើង​ឲ្យ​ជាប់​ច្រវាក់​លោកិយ ដែល​ឃុំ​យើង​ជាប់​ដោយ​ព្រោះ​តែ​ការញៀន​នៃ​ទង្វើ​របស់​យើង​ឡើយ ។

តើ​ដំណោះស្រាយ​គឺ​ជា​អ្វី ?

កត្តា​ដំបូង​ដែល​យើង​ត្រូវ​តែ​យល់​នោះ​គឺ​ថា ការញៀន​គឺ​ងាយស្រួល​ដើម្បី​នឹង​បង្ការ​ជាជាង​ព្យាបាល ។ ព្រះអង្គ​សង្គ្រោះ​មាន​ព្រះ​បន្ទូល​ថា « ចូរ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ទ្រាំ​បណ្ដោយ​ឲ្យ​អ្វី​មួយ​នៃ​សេចក្ដី​ទាំង​នេះ​ចូល​ទៅ​ក្នុង​ចិត្ត​របស់​អ្នក​បាន​ឡើយ » ។6

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ប្រធាន ថូម៉ាស អេស ម៉នសុន និង ខ្ញុំ​ ទទួលបាន​ឱកាស​​ទៅ​ទស្សនា​យន្តហោះ Air Force One — ដែល​ជា​យន្តហោះ​ដ៏​ប្រណិត​មួយ​សម្រាប់​ដឹក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ។ មាន​ការត្រួត​ពិនិត្យ​ផ្នែក​សន្តិសុខ​យ៉ាង​ដិត​ដល់​ដោយ​ភ្នាក់ងារ​អង្គរក្ស​ប្រធានាធិបតី ហើយ​ខ្ញុំ​បាន​ញញឹម​បន្តិច​ ពេល​ភ្នាក់ងារ​ឆែក​ពិនិត្យ​ព្យាការី​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ពីមុន​ឡើង​យន្តហោះ ។

បន្ទាប់​មក អ្នក​បើក​យន្តហោះ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​អង្គុយ​នៅ​កៅអី​មេបញ្ជាការ ។ វា​ជា​បទពិសោធន៍​អស្ចារ្យ​មួយ​ដែល​បាន​អង្គុយ​កាន់​ដៃ​ចង្កូត​បញ្ជារ​ម៉ាស៊ីន​យន្តហោះ​ដ៏​ប្រណិត​ម្ដង​ទៀត ដែល​ខ្ញុំ​ធ្លាប់​បាន​បើកបរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ អនុស្សាវរីយ៍​នៃ​ការហោះហើរ​ឆ្លង​កាត់​មហាសមុទ្រ និង ទ្វីប​នានា​បាន​ដក់​ជាប់​ពេញ​អារម្មណ៍ និង គំនិត​របស់​ខ្ញុំ ។ ខ្ញុំ​បាន​គិត​ពី​ការបង្ហោះ​វា​ឡើង ហើយ​ចុះ​ចត​នៅ​លើ​ព្រលាន​យន្តហោះ​ពាស​ពេញ​ពិភពលោក ។

ខ្ញុំ​ស្ទើរតែ​ភ្លេច​ខ្លួន ខ្ញុំ​បាន​ដាក់​ដៃ​លើ​ឈ្នាន់​បួន​នៃ​យន្តហោះ 747 នោះ ។ ភ្លាម​នោះ​មាន​សំឡេង​មួយ​គួរ​ឲ្យ​ស្រឡាញ់ និង ច្បាស់ៗ​បាន​បន្លឺ​នៅពី​ខាង​ក្រោយ​ខ្នង​ខ្ញុំ — គឺ​ជា​សំឡេង​របស់​លោក ថូម៉ាស អេស ម៉នសុន ។

លោក​បន្លឺ​ថា « ឌៀថើរ កុំ​គិត​ចង់​បើក​វា​ឲ្យ​សោះ » ។

ខ្ញុំ​ពុំ​បាន​សារភាព​ទេ ប៉ុន្តែ ប្រហែល​ជា​ប្រធាន ម៉នសុន ដឹង​ពី​គំនិត​របស់​ខ្ញុំ​ហើយ ។

ពេល​យើង​ត្រូវ​បាន​ល្បួង​ឲ្យ​ធ្វើ​អ្វី​ដែល​ពុំ​គួរ​ធ្វើ ចូរ​យើង​ស្ដាប់​តាម​ការដាស់តឿន​ពី​គ្រួសារ និង មិត្តភក្ដិ ដែល​គួរ​ឲ្យ​ទុក​ចិត្ត ព្យាការី​ជា​ទី​ស្រឡាញ់ និង ព្រះអង្គ​សង្គ្រោះ​ជានិច្ច ។

ការតយុទ្ធ​នឹង​ការញៀន​ដ៏​ល្អ​បំផុត គឺ ​កុំ​ចាប់ផ្ដើម​វា​ឲ្យ​សោះ ។

ចុះ​​អ្នក​ដែល​បាន​ធ្លាក់​ខ្លួន​ទៅ​ក្នុង​ការញៀន​ហើយ​វិញ​នោះ ?

សូម​ដឹង​ថា ជំហាន​ដំបូង​បំផុត ​គឺ​ត្រូវ​មាន​សេច​ក្ដី​សង្ឃឹម ។ សូម​ស្វែងរក​ជំនួយ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់ ថ្នាក់​ដឹកនាំ​សាសនាចក្រ និង អ្នក​ប្រឹក្សា​ដ៏​ជំនាញ ។ សាសនាចក្រ​ផ្ដល់​កម្មវិធី​ព្យាបាល​ការញៀន ជួយ​តាម​រយៈ​ថ្នាក់​ដឹកនាំ​សាសនាចក្រ តាម​មូលដ្ឋាន អ៊ិនធើរណិត7 និង ក្នុង​វិស័យ​ខ្លះៗ ​ដូចជា LDS Family Services ( សេវាកម្ម​គ្រួសារ អិល.ឌី.អេស ) ។

សូម​ចាំ​ជានិច្ច​ថា ដោយ​មាន​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ អ្នក​អាច​ផ្តាច់​ការញៀន​បាន ។ វា​អាច​ត្រូវការ​ពេល​វេលា​យ៉ាង​យូរ ផ្លូវ​លំបាក​យ៉ាប់យ៉ឺន ប៉ុន្តែ ព្រះ​អម្ចាស់​នឹង​ពុំ​បោះបង់​អ្នក​ចោល​ឡើយ ។ ទ្រង់​មាន​ព្រះទ័យ​ស្រឡាញ់​អ្នក ។ ព្រះយេស៊ូវគ្រីស្ទ ទទួល​​ដង្វាយ​ធួន​ដើម្បី​ជួយ​អ្នក​ឲ្យ​កែប្រែ ដើម្បី​ឲ្យ​អ្នក​អាច​រួច​ផុត​ពី​ទាសករ​នៃអំពើបាប ។

រឿង​ដែល​សំខាន់​ជាង​គេ​នោះ​ គឺ​ត្រូវ​ខំ​ព្យាយាម — ព្រោះ​ពេល​ខ្លះ​មនុស្ស​ត្រូវការ​ការសាកល្បង​មួយ​ចំនួន មុន​ពេលពួក​គេ​ទទួល​បាន​ជោគជ័យ ។ ដូច្នេះ សូម​កុំ​ចុះចាញ់ ។ សូម​កុំ​បាត់បង់​សេចក្ដី​ជំនឿ ។ សូម​បង្វែរ​ចិត្ត​ទៅ​ជិត​ព្រះអម្ចាស់ ហើយ​ទ្រង់​នឹង​ប្រទាន​អំណាច​នៃ​ការដោះលែង ។ ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព ។

បង​ប្អូន​ប្រុស​របស់​ខ្ញុំ​អើយ សូម​ចៀស​ឲ្យ​ផុត​ជានិច្ច​ពី​ទម្លាប់​ ដែល​អាច​នាំ​អ្នក​ឲ្យ​ញៀន ។ អ្នក​ដែល​ធ្វើ​ដូច្នេះ នឹង​អាច​ថ្វាយ​ចិត្ត ពលំ គំនិត និង កម្លាំង​ទៅ​ក្នុង​ការ​បម្រើ​ព្រះ ។

ពួកគេ​នឹង​ពុំ​គេង​លង់​លក់​ក្នុង​អំឡុង​ពេល​នៃ​ការស្ដារ​ឡើង​វិញ​ឡើយ ។

អាទិភាព​ប្រកួតប្រជែង

ឧបសគ្គ​ទី​បី​ដែល​រារាំង​អ្នក​មិន​ឲ្យ​រួមចំណែក​នឹង​កិច្ចការ​នេះ គឺ​ជា​អាទិភាព​ប្រកួត​ប្រជែង​ដែល​យើង​ប្រឈម​មុខ ។ ពួក​យើង​ខ្លះ​ជាប់​រវល់​ពន់ពេក ដែល​យើង​មាន​អារម្មណ៍​ថា ​រទេះ​ត្រូវ​បាន​ទាញ​ដោយ​សត្វ​ជា​ច្រើន — ដែល​សត្វ​នីមួយៗ​អូសទាញ​ទៅ​ទិសដៅ​ខុសៗ​គ្នា ។ កម្លាំង​ជា​ច្រើន​ត្រូវ​បាន​ចំណាយ ប៉ុន្តែ រទេះ​ពុំ​អាច​ទៅ​ដល់​ទីណាមួយ​​បាន​ឡើយ ។

ជា​រឿយៗ យើងដាក់​ការ​ប្រឹងប្រែង​ដ៏​ល្អ​បំផុត​របស់​យើង​ទៅ​ខំ​តោង​ចាប់ សកម្មភាព​កំសាន្ត​កីឡា ការចាប់​អារម្មណ៍​ខាង​អាជីព និង បញ្ហា​សង្គម ឬ នយោបាយ ។ រឿង​ទាំងនេះ​អាច​ជា​រឿង​ល្អ និង មាន​កិត្តិស័ព្ទ ប៉ុន្តែ តើ​វា​ទុក​ឲ្យ​អ្នក​មាន​ពេល និង កម្លាំង​សម្រាប់​អ្វី​ដែល​គួរ​តែ​ជា​អាទិភាព​ដ៏​ខ្ពស់​បំផុត​របស់​យើង​ដែរ​ឬ​ទេ ?

តើ​ដំណោះស្រាយ​គឺ​ជា​អ្វី ?

ជា​ថ្មី​ម្តង​ទៀត វា​ចេញ​ពី​ព្រះ​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះបន្ទូល​ថា ៖

« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​អម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។

« នៃ​ជា​បញ្ញត្តិ​យ៉ាង​សំខាន់​ទី​មួយ ។

« ហើយ​បញ្ញត្តិ​ទី​ពីរ​ក៏​បែប​ដូចគ្នា​គឺ​ថា ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ។8

អ្វី​ផ្សេង​ទៀត​ក្នុង​ជីវិត​គួរ​តែ​ជា​អាទិភាព​បន្ទាប់​បន្សំ​ពី​អទិភាព​ដ៏​ធំ​ទាំង​ពីរ​នេះ ។

សូម្បី​តែ​​ការបម្រើ​ក្នុង​សាសនាចក្រ វា​ងាយ​ស្រួល​ដើម្បី​នឹង​បណ្តោយ​ខ្លួន​តាម​ទឹកហូរ ដោយ​គ្មាន​សន្តានចិត្ត ឬ ខ្លឹមសារ​នៃ​ភាព​ជា​សិស្ស ។

បង​ប្អូន​ប្រុស​អើយ ក្នុង​នាម​យើង​ជា​អ្នក​កាន់​បព្វជិតភាព យើង​តាំងចិត្ត​ធ្វើ​ជា​មនុស្ស​ដែល​ស្រឡាញ់​ព្រះ និង អ្នក​ជិត​ខាង​របស់​យើង និង​ជា​អ្នក​ដែល​ចង់​សម្ដែង​ចេញ​សេចក្ដី​ស្រឡាញ់​នោះ​ តាម​រយៈ​ពាក្យពេចន៍ និង ទង្វើ ។ នោះ​ហើយ​ជា​ខ្លឹមសារ​របស់​យើង​ក្នុង​នាម​ជា​សិស្ស​របស់ ព្រះយេស៊ូវគ្រីស្ទ ។

អ្នក​ដែល​អនុវត្ត​តាម​គោលការណ៍​ទាំង​នេះ នឹង​ពុំ​គេង​លង់លក់​ក្នុង​អំឡុង​ពេល​នៃ​ការស្ដារ​ឡើង​វិញ​ឡើយ ។

ការអំពាវនាវ​ឲ្យ​ក្រោក​ឡើង

សាវក​ប៉ុល​បាន​ចែង​ថា « ឯង​ដែល​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ឲ្យ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះ​គ្រីស្ទ​នឹង​ភ្លឺ​មក​លើ​ឯង » ។9

មិត្ត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​ដឹង​ថា​អ្នក​ជា​បុត្រា​នៃ​ពន្លឺ ។

សូម​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​អាត្មានិយមឡើយ ! សូម​កុំ​បណ្ដោយ​ឲ្យ​ទម្លាប់ នាំ​អ្នក​ទៅ​ជាការញៀនឡើយ ! សូម​កុំ​បណ្ដោយ​ឲ្យ​អាទិភាព​ប្រកួតប្រជែង​ នាំ​អ្នក​ទៅ​រក​ភាព​ព្រងើយ​កន្តើយ ឬ ការដក​ខ្លួន​ចេញ​ពី​ភាព​ជា​សិស្ស​ដ៏​មាន​ពរ និង ការបម្រើ​ខាង​បព្វជិតភាព​ឡើយ !

វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​យើង​ជា​បុគ្គល ក្រុមគ្រួសារ និង ជា​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ ដើម្បី​ផ្ដល់​ការប្រឹងប្រែង​មួយ​ផ្នែក​ចំពោះ​កិច្ចការ​ដ៏​ពិសិដ្ឋ​នេះ ។

ការធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ពុំ​មែន​ជា​ការប្រឹងប្រែង​​មួយ​សប្ដាហ៍ម្ដងៗ ឬ ​មួយ​ថ្ងៃម្ដងៗ​​នោះ​ទេ ។ វា​គឺ​ជា​ការខ្នះខ្នែង​ជា​រៀង​រហូត ។

ការសន្យា​របស់​ព្រះអម្ចាស់​ចំពោះ​អ្នក​កាន់​បព្វជិតភាព​ដ៏​ពិត​របស់​ទ្រង់​ វា​ស្ទើរតែ​​មហិមា​ពេក​ដើម្បី​យល់​ទាំង​ស្រុង​បាននោះ​ ។

អ្នក​ដែល​ស្មោះត្រង់​ចំពោះ​បព្វជិតភាព​អើរ៉ុន និង មិលគីស្សាដែក ហើយ​តម្កើង​ការហៅ​របស់​ពួកគេ « នោះ​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ ដោយសារ​ព្រះវិញ្ញាណ​ចំពោះ​ការសាង​រូបកាយ​របស់​ពួកគេ​ជា​ថ្មី » ។ ហេតុ​ដូច្នេះហើយ គ្រប់​អ្វីៗ​ទាំង​អស់​ដែល​ព្រះវរបិតា​យើង​មាន​នោះ នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នក​នោះ​ដែរ ។10

ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​អំពី​ព្រះ​ចេស្ដា​នៃ​ការលាង​សម្អាត​របស់​ដង្វាយ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង ព្រះ​ចេស្ដា​នៃ​ការផ្លាស់ប្តូរ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ អាច​ព្យាបាល និង សង្គ្រោះ​មនុស្ស​លោក​បាន ។ វា​ជា​ឯកសិទ្ធិ ករណីយកិច្ច​ដ៏​ពិសិដ្ឋ និង សេចក្ដី​អំណរ​យើង ដែល​ស្ដាប់​តាម​ការដង្ហោយ​ហៅ​នៃ​ព្រះអង្គ​សង្គ្រោះ ឲ្យ​ដើរ​តាម​ទ្រង់​ដោយ​ចិត្ត​ប្រាថ្នា និង គោលបំណង ។ ចូរ​យើង « រលាស់​ចោល​នូវ​ច្រវាក់​ដែល​ចង [ យើង ] ហើយ​ចូរ​ចេញ​ពី​ទី​អាប់អួរ​មក ហើយ​ចូរ​ក្រោក​ពី​ធូលី​ដី​ឡើង » ។11

ចូរ​យើងក្រោក​ឡើង ហើយ​កុំ​នឿយ​ណាយ​ចិត្ត​ក្នុង​ការធ្វើ​ល្អ​ឡើយ ដ្បិត​យើង « កំពុង​តែ​ដាក់​គ្រឹះ​នៃ​កិច្ចការ​ដ៏​ធំ »12 ថែម​ទាំង​ត្រៀម​ខ្លួន​សម្រាប់​ការយាង​មក​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ បងប្អូន​ប្រុស​អើយ កាល​ណា​យើង​បន្ថែម​ពន្លឺ​នៃ​គំរូ​របស់​យើង​ជា​សាក្សី​ដល់​ភាព​រុងរឿង និង អំណាច​នៃ​ការពិត​ដែល​បាន​ស្ដារ​ឡើង​វិញ នោះ​យើង​នឹង​ពុំ​គេង​លង់លក់​ក្នុង​អំឡុង​ពេល​នៃ​ការស្ដារ​ឡើង​វិញ​ឡើយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ការណ៍​នេះ ហើយ​សូម​បន្សល់​ទុក​នូវ​ការប្រសិទ្ធពរជ័យ​របស់ខ្ញុំ​ នៅ​ក្នុង​ព្រះ​នាម ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

បង្ហាញ​សេចក្ដី​យោង

  1.  

    1. សូម​មើល លោក ម៉ាទិន លូធើរ ឃីង ជុញ្ញ័រ “Don’t Sleep Through the Revolution” ( ឆ្នាំ 1966 Ware Lecture, Unitarian Universalist Association General Assembly, Hollywood, Florida ថ្ងៃ​ទី 18 ខែ ឧសភា ឆ្នាំ 1966 ) ។

  2.  

    2. មាត្រា​នៃ​សេចក្ដី​ជំនឿ 1:9 ។

  3.  

    3. សូម​មើល blog.oxforddictionaries.com/press-releases/oxford-dictionaries-word-of-the-year-2013 ។

  4.  

    4.  នីហ្វៃ​ទី 2 26:29 ។

  5.  

    5. ម៉ាកុស 8:34–35 ។

  6.  

    6.  នីហ្វៃ​ទី 3 12:29 ។

  7.  

    7. សូម​មើល​សម្រាប់​ជា​ឧទាហរណ៍ lds.org/topics/addiction ។

  8.  

    8. ម៉ាថាយ 22:37–39 ។

  9.  

    9. អេភេសូ 5:14 ។

  10.  

    10. សូម​មើល គោលលទ្ធិ និង សេចក្តី​សញ្ញា 84:33, 38 ។

  11.  

    11.  នីហ្វៃ​ទី 2 1:23 ។

  12.  

    12. សូម​មើល គោលលទ្ធិ និង សេចក្តី​សញ្ញា 64:33 ។