ឆ្នាំ ២០១០-២០១៩
ចូរ​រឹងមាំ ហើយ​ក្លាហាន
ខែ មេសា 2014


ចូរ​រឹងមាំ ហើយ​ក្លាហាន

ចូរ​យើង​ទាំងអស់​គ្នា​មាន​ចិត្ត​ក្លាហាន​តតាំង​នឹង​មតិ​ទូទៅ ហើយ​ការពារ​គោលការណ៍​របស់​យើង។

បង​ប្អូន​ប្រុស​ជា​ទី​ស្រឡាញ់ វា​ជា​ការណ៍​ល្អ​ខ្លាំង​ណាស់​ដែល​យើង​បាន​ជួប​អ្នក​ទាំង​អស់​គ្នា​សារ​ជា​ថ្មី ។ ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​ស្ថានសួគ៌​ជួយ​ កាល​យើង​ខ្ញុំ​ឆ្លើយ​តប​ចំពោះ​ឱកាស​ដើម្បី​និយាយ​ទៅ​កាន់​អ្នក ។

ក្រៅ​ពី​នៅ​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ​នេះ មាន​ការ​ជួបជុំ​រាប់​ពាន់​កន្លែង​ផ្សេង​ទៀត​នៅក្នុង​សាលា​ជំនុំ និង​កន្លែង​ដទៃ​ទៀត​នៅ​ទូទាំង​ពិភពលោក ។ យើង​ទាំងអស់​គ្នា​មាន​អ្វី​មួយ​ដូច​គ្នា ត្បិត​យើង​ត្រូវ​បាន​ទុក​ចិត្ត​ឲ្យ​កាន់​បព្វជិតភាព​នៃ​ព្រះ ។

យើង​រស់នៅ​ទី​នេះ​លើ​ផែនដី ក្នុង​គ្រា​ដ៏​អស្ចារ្យ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ។ ឱកាស​របស់​យើង​ស្ទើរ​តែ​គ្មាន​ដែន​កំណត់ តែ​យើង​ក៏​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជា​ច្រើន​ផងដែរ ដែល​ជា​ឧបសគ្គ​មួយ​ចំនួន​កើតឡើង​មាន​តែ​នៅ​ជំនាន់​យើង​ប៉ុណ្ណោះ ។

យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ ដែល​តម្លៃ​ខាង​សីលធម៌ ត្រូវ​បាន​គេ​ទាត់​ចោល ជា​កន្លែង​ដែល​អំពើ​បាប​ បាន​បើក​ចំហរ​យ៉ាង​ពេញ​ទំហឹង ហើយ​ជា​កន្លែង​ដែល​មាន​ការ​ល្បួង​ស្ថិត​នៅ​ជុំ​វិញ​ខ្លួន​យើង ឲ្យ​យើង​វង្វេង​ចេញ​ពី​ផ្លូវ​តូច ហើយ​ចង្អៀត ។ យើង​ប្រឈម​មុខ​នឹង​សម្ពាធ​ជា​បន្ដបន្ទាប់ និង ឥទ្ធិពល​បោក​បញ្ឆោត ដែល​បំផ្លាញ​អ្វីៗ​ដែល​ត្រឹមត្រូវ ហើយ​ប៉ុនប៉ង​ជំនួស​មក​វិញ​នូវ​ទស្សនៈ និង ទំនៀម​ទម្លាប់​ស្ទាក់ស្ទើរ​របស់​សង្គម​ខាង​លោកិយ ។

ដោយសារ​ឧបសគ្គ​ជា​ច្រើន​ទាំងនេះ​ហើយ នោះ​មាន​ការ​សម្រេច​ចិត្ត​មាន​នៅ​ចំពោះ​មុខ​យើង​ជា​ប្រចាំ ដែល​អាច​កំណត់​ជោគ​វាសនា​របស់​យើង ។ ដើម្បី​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ត្រឹមត្រូវ នោះ​តម្រូវ​ឲ្យ​មាន​ភាព​ក្លាហាន -- ហ៊ាន​និយាយ​ថា ទេ នៅ​ពេល​យើង​គួរ​និយាយ ហ៊ាន​និយាយថា បាទ ពេល​ដែល​វា​ត្រឹមត្រូវ ហ៊ាន​ធ្វើ​រឿង​ត្រឹមត្រូវ ដោយសារ​វា​ជា​រឿង​ត្រឹមត្រូវ ។

ដរាបណា​និន្នាការ​ក្នុង​សង្គម​សព្វ​ថ្ងៃ ងាក​ចេញ​ពី​គុណធម៌ និង គោលការណ៍ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​យ៉ាង​រហ័ស នោះ​យើង​នឹង​ច្បាស់​ជា​ត្រូវ​ហៅ​ឲ្យ​ការពារ​នូវ​អ្វី​ដែល​យើង​ជឿ​នោះ​ហើយ ។ តើ​យើង​នឹង​មាន​ភាព​ក្លាហាន​ដើម្បី​ធ្វើ​ដូច្នោះ​ឬ​ទេ ?

ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ ដែល​ជា​សមាជិក​នៃ​គណៈ​ប្រធាន​ទី​មួយ​អស់​ជា​ច្រើន​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា ៖ « មាន​ស្ថានភាព​ជា​ច្រើន ដែល​មនុស្ស​មាន​ជំនឿ បាន​មាន​អារម្មណ៍​ថា ការ​ថ្លែង​ទីបន្ទាល់​អំពី​ជំនឿ​ពេញ​លេញ … របស់​ពួកគេ អាច​បណ្ដាល​ឲ្យ​មិត្ត​ដែល​គ្មាន​ជំនឿ​របស់​ពួកគេ​រិះគន់ ដូច្នេះ ពួកគេ​ត្រូវតែ​កែ​តម្រូវ​ជំនឿ​របស់​ពួកគេ កាត់​បន្ថយ​សារៈសំខាន់​នៃ​ជំនឿ តាមរយៈ​ការ​ពន្យល់​ដល់​ចំណុច​នៃ​ការ​បំផ្លាញ​ជំនឿ ឬ ធ្វើ​ពត់​ជា​បដិសេធ​វា ។ មនុស្ស​ដូច្នោះ​គឺ​ជា​មនុស្ស​លាក់ពុត » ។1 1 គ្មាន​គ្នា​យើង​ណា​ម្នាក់​ចង់​ពាក់​ស្លាក​សញ្ញា​ដូច្នោះ​ទេ ហើយ​តើ​យើង​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការ​ប្រកាស​ពី​ជំនឿ​របស់​យើង​ក្នុង​ស្ថានភាព​មួយ​ចំនួន​ឬ​ទេ ?

យើង​អាច​ជួយ​ខ្លួន​យើង ដោយ​ប្រាថ្នា​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ បើ​យើង​ដាក់​ខ្លួន​យើង​ក្នុង​កន្លែង ឬ រួម​ចំណែក​ក្នុង​សកម្មភាព​ទាំងឡាយ ដែល​គំនិត​របស់​យើង ទទួល​ឥទ្ធិពល​ឲ្យ​ធ្វើ​ល្អ និង ជា​កន្លែង​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​គង់​នៅ ។

ខ្ញុំ​ចាំ​ថា ខ្ញុំ​បាន​អាន​នូវ​ការ​ទូន្មាន​របស់​ឪពុក​ម្នាក់​ដល់​កូន​ប្រុស​របស់​គាត់ ពេល​គាត់​បាន​ចេញ​ទៅ​រៀន​ឆ្ងាយ​ជា​យូរ​មក​ហើយ​ថា ៖ « បើ​កូន​ឃើញ​ថា​កូន​នៅ​កន្លែង​ដែល​កូន​ពុំ​គួរ​នៅ ចូរ​ដើរ​ចេញ​ភ្លាម ! » ខ្ញុំ​សូម​ឲ្យ​ដំបូន្មាន​ដូចគ្នា​នេះ​ដល់​អ្នក​រាល់​គ្នា​ថា ៖ « បើ​អ្នក​ឃើញ​ថា​អ្នក​នៅ​កន្លែង​ដែល​អ្នក​ពុំ​គួរ​នៅ ចូរ​ដើរ​ចេញ​ភ្លាម ! »

យើង​ទាំង​អស់​គ្នា​ចាំបាច់​ត្រូវ​មាន​ភាព​ក្លាហាន​ជានិច្ច ។ ក្នុង​ជីវិត​យើង​រាល់​ថ្ងៃ យើង​ត្រូវ​ការ​ភាព​ក្លាហាន -- ពុំ​មែន​គ្រាន់​តែ​សម្រាប់​ព្រឹត្តិការណ៍​សំខាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ញឹកញាប់ នៅ​ពេល​យើង​ធ្វើ​ការ​សម្រេចចិត្ត ឬ ឆ្លើយ​តប​ចំពោះ​ស្ថានភាព​នៅ​ជុំ​វិញ​ខ្លួន​យើង ។ កំណាព្យ​ពួក​ស្កុតឡង់ និង អ្នក​និពន្ធ​ប្រលោម​លោក រ៉ូប៊ើត ល្វីស ស្ទីវែនសុន បាន​ពោល​ថា ៖ « ភាព​ក្លាហាន ឃើញ​មាន​តិច​តួច​ប្រចាំ​ថ្ងៃ ។ តែ​ភាព​ក្លាហាន​អ្នក នៅ​តែ​ថ្លៃថ្នូរ ទោះ​ជា​គ្មាន​នរណា​ម្នាក់​កោត​សរសើរ​អ្នក​ក្ដី » ។2

ភាព​ក្លាហាន​កើត​មាន​តាម​ទម្រង់​ជា​ច្រើន ។ អ្នក​និពន្ធ​គ្រីស្ទាន ឈ្មោះ ឆាលស៍ ស្វីនដូល បាន​ចែង​ទុក​ថា​ថា ៖ « ភាព​ក្លាហាន ពុំ​គ្រាន់តែ​មាន​នៅ​ក្នុង​សមរភូមិ ... ឬ​មាន​វា​ពេល​ត្រូវ​ចាប់​ចោរ​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​នោះ​ឡើយ ។ ការ​សាកល្បង​ភាព​ក្លាហាន​ពិត គឺ​មាន​លក្ខណៈ​ស្ងប់ស្ងាត់​ជាង ។ ជា​ការ​សាកល្បង​នៅ​ខាង​ក្នុង​ខ្លួន ដូចជា​ការ​បន្ដ​នៅ​ស្មោះត្រង់ ទោះ​គ្មាន​នរណា​ម្នាក់​មើល​អ្នក ... ការ​ឈរ​តែ​ម្នាក់​ឯង ពេល​អ្នក​ត្រូវ​គេ​យល់​ខុស » ។3 ខ្ញុំ​នឹង​បន្ថែម​ថា ភាព​ក្លាហាន​ខាង​ក្នុង​ខ្លួន​នេះ ក៏​រាប់​បញ្ចូល​ទាំង​ការ​ធ្វើ​រឿង​ត្រឹមត្រូវ ទោះ​ជា​យើង​ភ័យ​ខ្លាច ការ​ការពារ​ជំនឿ​យើង​ ពេល​ប្រថុយ​នឹង​ការ​រិះគន់ ហើយ​នឹង​ការ​រក្សា​ជំនឿ ទោះ​ជា​ពេល​មាន​ការ​គំរាម​គំហែង​ដោយ​ការ​បាត់បង់​មិត្តភក្ដិ ឬ ឋានៈ​ក្នុង​សង្គម​ក្ដី ។ អ្នក​ដែល​ឈរ​ខ្ជាប់ខ្ជួន​សម្រាប់​អ្វី​ដែល​ត្រឹមត្រូវ ច្បាស់​ជា​ត្រូវ​ប្រថុយ​នឹង​ការ​បដិសេធ ហើយ​គ្មាន​ប្រជាប្រិយភាព ។

ពេល​កំពុង​បម្រើ​ជា​កងនាវិក​សហរដ្ឋ​ក្នុង​សង្គ្រាម​លោក​លើក​ទី 2 ខ្ញុំ​បាន​រៀន​អំពី​សកម្មភាព​ក្លាហាន ឧទាហរណ៍ អំពី​ភាពក្លាហាន និង គំរូ​នៃ​ភាព​ក្លាហាន ។ រឿង​មួយ ដែល​ខ្ញុំ​ពុំ​អាច​បំភ្លេច​បាន គឺ​ជា​ភាព​ក្លាហាន​ដោយ​ស្ងប់ស្ងាត់​នៃ​កម្មករ​នាវា​អាយុ 18 ឆ្នាំ​ម្នាក់ -- ពុំ​មែន​នៅក្នុង​ជំនឿ​យើង -- ដែល​អៀន​ក្នុង​ការ​អធិស្ឋាន ។ ក្នុង​ចំណោម​បុរស 250 នាក់​នៃ​កង​នាវិក​នោះ គាត់​ជា​បុរស​តែ​ម្នាក់​គត់ ដែល​បាន​លុត​ជង្គង់​ចុះ​អធិស្ឋាន​រាល់​យប់ ជិត​គ្រែ​ខ្លួន ខណៈ​ដែល​ពួក​អ្នក​ដែល​មិន​ជឿ​បាន​ចំអក និង បង្អាប់​គាត់ ។ គាត់​បាន​អធិស្ឋាន​ដល់​ព្រះ ដោយ​ការ​ឱន​ក្បាល ។ គាត់​ពុំ​ភ័យ​ខ្លាច​ឡើយ ។ គាត់​ពុំ​ស្ទាក់ស្ទើរ​ឡើយ ។ គាត់​ក្លាហាន ។

ថ្មីៗ​នេះ​ខ្ញុំ​បាន​ស្តាប់​ឮ​រឿង​អំពី​គំរូ​នៃ​មនុស្ស​ម្នាក់​ ដែល​ហាក់​ដូច​ជា​ខ្វះ​ភាព​ក្លាហាន​ក្នុង​ខ្លួន ។ មាន​មិត្ត​ម្នាក់​ប្រាប់​អំពី​ការ​ប្រជុំ​សាក្រាម៉ង់ ​ដែល​លើក​កម្ពស់​ខាង​វិញ្ញាណ និង សេចក្ដី​ជំនឿ ដែល​គាត់ និង ស្វាមី បាន​ចូលរួម​ក្នុង​វួដ​ពួកគេ ។ យុវជន​ម្នាក់ ដែល​កាន់​តំណែង​សង្ឃ ក្នុង​បព្វជិតភាព​អើរ៉ុន បាន​ធ្វើ​ឲ្យ​ប៉ះ​ដល់​ដួង​ចិត្ត​ក្រុម​ជំនុំ​ទាំងមូល ពេល​គាត់​និយាយ​អំពី​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ និង អំពី​ក្ដី​អំណរ​នៃ​ការ​រក្សា​ព្រះបញ្ញត្តិ ។ គាត់​បាន​ថ្លែង​ទីបន្ទាល់​យ៉ាង​អង់អាច និង មាន​អានុភាព ពេល​គាត់​ឈរ​នៅ​វេទិកា ដែល​មាន​ពាក់​អាវ​សរ និង ក្រវ៉ាត់ក​យ៉ាង​ស្អាតបាត ហើយ​រៀបរយ​នោះ ។

ក្រោយ​មក​នៅ​ថ្ងៃ​នោះ ពេល​ស្ត្រី និង ស្វាមី​រូបនេះ បើក​ឡាន​ចេញ​ពី​តំបន់​នោះ ពួកគេ​បាន​ឃើញ​យុវជន​រូប​នេះ ដែល​បាន​បំផុសគំនិត​ពួកគេ​យ៉ាង​ខ្លាំង​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ ។ ឥឡូវ គាត់​បង្ហាញ​នូវ​រូបភាព​ផ្សេង​គ្នា​ទាំង​ស្រុង កាល​គាត់​ដើរ​តាម​ចិញ្ចើម​ផ្លូវ ស្លៀកពាក់​រញ៉េរញ៉ៃ -- ហើយ​ទាំង​ជក់​បារី​ផង​នោះ ។ មិត្ត​ខ្ញុំ និង ស្វាមី​គាត់ ពុំ​គ្រាន់​តែ​ខក​ចិត្ត ហើយ​សោក​ស្ដាយ​ខ្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួកគេ​ភាន់ភាំង​ផងដែរ កាល​យុវជន​នោះ ពេល​នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់ គាត់​មើល​ទៅ​ហាក់​ដូចជា​ប្រកប​ដោយ​ការ​ជឿជាក់ ប៉ុន្តែ ក្រោយមក​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទាំង​ស្រុង​មួយ​រំពេច ។

បង​ប្អូន​ប្រុស តើ​អ្នក​ជា​មនុស្ស​ដដែល​នៅ​គ្រប់​កន្លែង​ដែល​អ្នក​នៅ និង គ្រប់​អ្វី​ដែល​អ្នក​ធ្វើ​ឬ​ទេ -- ជា​មនុស្ស​ដែល​ព្រះវរបិតាសួគ៌​របស់​យើង មាន​ព្រះទ័យ​ចង់​ឲ្យ​អ្នក​ប្រែក្លាយ និង ធ្វើ​ជា​មនុស្ស​ដែល​អ្នក​គួរ​តែ​ប្រែក្លាយ​ឬ​ទេ ?

នៅ​ក្នុង​ការសម្ភាស​ជា​សាធារណៈ​មួយ​ក្នុង​ទស្សនាវដ្ដី​ជាតិ អ្នក​លេង​បាល់​បោះ​អាមេរិក​ដ៏​ល្បី​ម្នាក់ ឈ្មោះ ចាបារិ ផាកឺ ជា​សមាជិក​នៃ​សាសនាចក្រ គាត់ត្រូវ​បាន​សុំ​ឲ្យ​ចែកចាយ​ដំបូន្មាន​ដ៏​ល្អ​បំផុត ដែល​គាត់​បាន​ទទួល​មក​ពី​ឪពុក​របស់​គាត់ ។ ចាបារិ បាន​ឆ្លើយ​ឡើង​ថា « [ ឪពុក​ខ្ញុំ ] មាន​ប្រសាសន៍​ថា កូន​ត្រូវ​ធ្វើ​ជា​មនុស្ស​ដដែល ទោះ​ជា​កូន​នៅ​ក្នុង​កន្លែង​ងងឹត ក៏​ដូចជា​នៅ​កន្លែង​ភ្លឺ » ។4 ឱ​បង​ប្អូន​ប្រុស​ទាំងឡាយ​អើយ នេះ​ជា​ដំបូន្មាន​ដ៏​សំខាន់​សម្រាប់​យើង​ទាំង​អស់​គ្នា ។

ក្នុង​ព្រះ​គម្ពីរ​របស់​យើង មាន​ពេញ​ដោយ​គំរូ​នៃ​ភាពក្លាហាន ដែល​យើង​រាល់​គ្នា​ត្រូវការ​នា​ពេល​សព្វថ្ងៃ​នេះ ។ ព្យាការី ដានីយ៉ែល បង្ហាញ​ពី​ភាព​ក្លាហាន​ដ៏​មុតមាំ ដោយ​ការ​ឈរ​ការពារ​នូវ​អ្វី​ដែល​លោក​ដឹង​ថា​ត្រឹមត្រូវ ហើយ​ដោយការ​បង្ហាញ​ភាព​ក្លាហាន​ធ្វើ​ការ​អធិស្ឋាន ទោះ​មាន​ការ​គំរាមគំហែង​សម្លាប់ ពេល​លោក​អធិស្ឋាន​យ៉ាង​ណា​ក្ដី ។5

ភាព​ក្លាហាន ចារឹក​ក្នុង​ជីវិត​របស់​អ័ប៊ីណាដៃ ដែល​បាន​បង្ហាញ​តាម​រយៈ​ការស៊ូ​ស្លាប់ ជា​ជាង​បដិសេធ​សេចក្ដី​ពិត ។6

តើ​យើង​មិន​អាច​បាន​បំផុសគំនិត​ដោយ​ការ​រស់នៅ​របស់​កូនប្រុស​កម្លោះ 2000 នាក់​របស់​ហេលេមិន ដែល​បាន​បង្រៀន ហើយ​បង្ហាញ​ពី​តម្រូវការ​ដើម្បី​មាន​ភាព​ក្លាហាន ក្នុង​ការ​ធ្វើតាម​ការ​បង្រៀន​របស់​ឪពុក​ម្ដាយ ដើម្បី​មាន​ភាព​បរិសុទ្ធ​ទេ​ឬ​អី ?7

ប្រហែល​ជា​ដំណើរ​រឿង​បទគម្ពីរ​នីមួយៗ​ទាំង​នេះ ត្រូវ​បាន​គ្រប​ដោយ​គំរូ​របស់​មរ៉ូណៃ ដែល​មាន​ភាព​ក្លាហាន​ស៊ូទ្រាំ​នៅ​ក្នុង​សេចក្ដី​សុចរិត​រហូត​ដល់​ទី​បញ្ចប់​នៃ​ជីវិត​លោក ។8

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ផ្ដល់​គំរូ​នៃ​ភាព​ក្លាហាន​រាប់​មិន​អស់ នៅ​ពេញ​មួយ​ជីវិត​លោក ។ រឿង​ដ៏​អស្ចារ្យ​មួយ​បាន​កើត​ឡើង ពេល​លោក និង បង​ប្អូន​ប្រុស​ដទៃ​ទៀត សូម​ស្រមៃ​ថា​គាត់​ត្រូវ​បាន​គេ​ដាក់​ច្រវ៉ាក់​ជាមួយ​គ្នា ហើយ​ជាប់​នៅ​ក្នុង​បន្ទប់​តូច​មួយ នៅ​ជិត​នឹង​តុលាការ​ក្នុង​ទីក្រុង រិចម៉ន្ត រដ្ឋមិសសួរី ។ ប៉ាលី ភី ប្រាត្ត ដែល​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​នោះ បាន​សរសេរ​អំពី​យប់​មួយ​នោះ​ថា ៖ « យើង​បាន​ទម្រេត​ខ្លួន ដូចជា​គេង​លក់ រហូត​ដល់​យប់​ជ្រៅ តែ​ត្រចៀក និង ដួងចិត្ត​យើង ឈឺចាប់ ពេល​យើង​ស្ដាប់​ឮ​រាប់​ម៉ោង​នូវ​ការ​ចំអក ការ​ស្បថ​អាក្រក់ៗ ការ​ប្រមាថ​គួរ​ឲ្យ​ខ្លាច និង ភាសា​ស្មោកគ្រោក​របស់​ពួក​អ្នក​យាម » ។

អែលឌើរ ប្រាត្ត បាន​បន្ដ​ថា ៖

« ខ្ញុំ​បាន​ស្ដាប់​ឮ រហូត​ដល់​ខ្ញុំ​ខ្ពើមឆ្អើម​ជា​ខ្លាំង តក់ស្លុត និង ពេញ​ដោយ​កំហឹង ដែល​វា​ពិបាក​សម្រាប់​ខ្ញុំ ដើម្បី​ទប់​ខ្លួន​កុំ​ឲ្យ​ឈរឡើង ហើយ​ស្ដី​បន្ទោស​ដល់​ពួក​អ្នកយាម​នោះ ប៉ុន្តែ ខ្ញុំ​ពុំ​និយាយ​អ្វី​ទាំងអស់​ទៅ​យ៉ូសែប ឬ អ្នក​ផ្សេង​ទៀត ទោះ​បី​ខ្ញុំ​ដេក​នៅ​ជិត​នឹង​លោក ហើយ​បាន​ដឹង​ថា លោក​ពុំ​ទាន់​គេង​ក្ដី ។ រំពេច​នោះ លោក​បាន​ក្រោក​ឈរ​ឡើង ហើយ​និយាយ​ដូចជា​សំឡេង​ផ្គរ​លាន់ ឬ ដូចជា​តោ​គ្រហឹម និយាយ​យ៉ាង​ច្បាស់​ដែល​ខ្ញុំ​អាច​នៅ​ចាំ​បាន​ថា ៖

« ‹ ស្ងាត់​ទៅ ។ … នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​ស្ដី​បន្ទោស​ដល់​អ្នក ហើយ​បញ្ជា​ឲ្យ​អ្នក​ស្ងាត់​ភ្លាម ត្បិត​ខ្ញុំ​នឹង​មិន​រស់នៅ​មួយ​នាទី​ទៀត ហើយ​ស្ដាប់​ឮ​ភាសា​ដូច្នេះ​ឡើយ ។ ឈប់​និយាយ​ភ្លាម បើ​មិន​ដូច្នោះ អ្នក ឬ ខ្ញុំ នឹង​ស្លាប់​ឥឡូវ​នេះ › » ។

យ៉ូសែប « បាន​ឈរ​ត្រង់​ខ្លួន​ដោយ​អំណាច​ដ៏​អស្ចារ្យ » ដូច​បាន​ពិពណ៌នា​ដោយ​អែលឌើរ ប្រាត្ត ។ លោក​ត្រូវ​គេ​ដាក់​ច្រវ៉ាក់ ដោយ​គ្មាន​អាវុធ តែ​លោក​ស្ងប់ស្ងាត់ និង ថ្លៃថ្នូ ។ លោក​បាន​មើល​ទៅ​អ្នក​យាម​ដែល​រួញ​ខ្លាច នៅ​កៀន​ជញ្ជាំង ឬ ក្រាប​ចុះ​នោះ ។ វា​ហាក់​ដូចជា​បុរស​ទាំងនេះ ពុំ​អាច​គ្រប់គ្រង​ខ្លួន​ឯង បាន​សុំទោស​ដល់​លោក ហើយ​នៅស្ងៀម ។9

ពុំ​មែន​គ្រប់​ទង្វើ​ក្លាហាន នាំ​មកនូវ​លទ្ធផល​អស្ចារ្យ ឬ ភ្លាមៗ​ដូច្នេះ​ទេ តែ​វា​នាំ​មកនូវ​ភាព​សុខសាន្ដ​ក្នុង​គំនិត ហើយ​ផ្ដល់​ចំណេះដឹង​ថា ភាពត្រឹមត្រូវ និង សេចក្ដី​ពិត ត្រូវ​បាន​គេ​ការពារ ។

វា​មិន​អាច​ទៅ​រួច​ទេ ដើម្បី​ឈរ​រឹងមាំ ពេល​យើង​ទ្រេតទ្រោត​ទៅ​តាម​គំនិត និង ការ​យល់​ស្រប​របស់​អ្នក​ដទៃ​នោះ ។ យើង​ត្រូវ​ការ​ភាព​ក្លាហាន​របស់ ដានីយ៉ែល អ័ប៊ីណាដៃ មរ៉ូណៃ ឬ យ៉ូសែប ស្ម៊ីធ ដើម្បី​យើង​រឹងមាំ ហើយ​ខ្ជាប់ខ្ជួន ចំពោះ​អ្វី​ដែល​យើង​ដឹង​ថា​ត្រឹមត្រូវ ។ ពួកគេ​មាន​សេចក្តី​ក្លាហាន ដើម្បី​ធ្វើ​នូវ​រឿង​ត្រឹមត្រូវ ដែល​ពុំ​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ។

យើង​ទាំង​អស់​គ្នា​នឹង​ជួប​ការភ័យខ្លាច ជួប​ការ​ចំអក និង រឿង​ផ្ទុយ ។ ចូរ​យើង​ទាំង​អស់​គ្នា​មាន​ចិត្ត​ក្លាហាន​តតាំង​នឹង​មតិ​ទូទៅ ហើយ​ការពារគោលការណ៍​របស់​យើង ។ ភាពក្លាហាន មិន​ចុះចូល នាំ​មក​នូវ​ការ​អនុញ្ញាត​ទាំង​ស្នាម​ញញឹម​របស់​ព្រះ ។ ភាព​ក្លាហាន ក្លាយ​ជា​គុណធម៌​រស់រវើក ហើយ​ទាក់ទាញ វា​មិន​គ្រាន់តែ​ជា​ការ​ស្ម័គ្រចិត្ត​ស្លាប់​ដោយ​ថ្លៃថ្នូ​ប៉ុណ្ណោះ​ទែ ប៉ុន្តែ វា​ក៏​ជា​ការ​ប្ដេជ្ញា​ចិត្ត​រស់នៅ​ដោយ​ត្រឹមត្រូវ​ផងដែរ ។ នៅ​ពេល​យើង​ឆ្ពោះ​ទៅ​មុខ ព្យាយាម​រស់នៅ​ដូច​ដែល​យើង​គួរតែ​រស់នៅ នោះ​យើង​នឹង​ទទួល​បាន​ជំនួយ​ពី​ព្រះ​យ៉ាង​ពិត​ប្រាកដ ហើយ​អាច​រក​បាន​ការ​លួងលោមចិត្ត​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់ ។ ខ្ញុំ​ស្រឡាញ់​ការ​សន្យា​របស់​ទ្រង់ ដែល​បាន​កត់ត្រា​ក្នុង​គម្ពីរ​យ៉ូស្វេ​ថា ៖

« យើង​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះ​បង់ចោល​ឯង​ឡើយ ។ …

« … ចូរ​ឲ្យ​មាន​កម្លាំង និង ចិត្ត​ក្លាហាន​ចុះ កុំ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុតចិត្ត​ផង ៖ ត្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជាមួយ​នៅ​កន្លែង​ណា ដែល​ឯង​ទៅ​ផង » ។10

បង​ប្អូន​ប្រុស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ដោយ​ភាព​ក្លាហាន​នៃ​ជំនឿស៊ប់​របស់​យើង សូម​ឲ្យ​យើង​ប្រកាស​ជាមួយ​នឹង​សាវក ប៉ុល ថា « ត្បិត​ខ្ញុំ​គ្មាន​សេចក្ដី​ខ្មាស​ចំពោះ​ដំណឹងល្អ​នៃ​ព្រះ​គ្រីស្ទ​ទេ » ។11 បន្ទាប់​មក ដោយ​ភាព​ក្លាហាន​ដូចគ្នា​នោះ សូម​ឲ្យ​យើង​ធ្វើ​តាម​ដំបូន្មាន​របស់ ប៉ុល ថា ៖ « ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ ដោយ​ពាក្យ​សម្ដី កិរិយា​ប្រព្រឹត្ត សេចក្ដី​ស្រឡាញ់ សេចក្ដី​ជំនឿ និង សេចក្ដី​បរិសុទ្ធ » ។12

សង្គ្រាម​ដ៏​អាក្រក់​បាន​កើត​ឡើង ហើយ​បាន​កន្លង​ផុត​ទៅ ប៉ុន្តែ សង្គ្រាម ដែល​ច្បាំង​ដើម្បី​គ្រប់គ្រង​ព្រលឹង​មនុស្ស ចេះ​តែ​បន្ដ​ដោយ​ពុំ​ឈប់ឈរ ។ ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​យ៉ាង​ច្បាស់​ដល់​អ្នក និង ខ្ញុំ និង អ្នក​កាន់​បព្វជិតភាព​គ្រប់​ទី​កន្លែង​ថា ៖ « ហេតុដូច្នេះ​ហើយ នៅ​ពេល​ឥឡូវ​នេះ ចូរ​ឲ្យ​មនុស្ស​គ្រប់​រូប​រៀន​ពី​ភារកិច្ច​របស់​ខ្លួន ហើយ​ឲ្យ​ប្រតិបត្តិ​ក្នុង​តំណែង​ដែល​ខ្លួន​ត្រូវ​បាន​តាំង​ឡើង ដោយ​សេចក្ដី​ឧស្សាហ៍​គ្រប់ជំពូក » ។13 បន្ទាប់​មក​យើង​នឹង​ក្លាយ​ជា « ពួក​សង្ឃ​ហ្លួង » 14 ដូចជា​សាវក ពេត្រុស បាន​ប្រកាស​ថា ដែល​រួប​រួម​គ្នា​ក្នុង​គោលបំណង​តែ​មួយ និង ប្រទាន​ឲ្យ​នូវ​អំណាច​មក​ពី​ស្ថានលើ ។15

សូម​ឲ្យ​យើង​ម្នាក់ៗ ចាក​ចេញ​ពី​ទី​នេះ​នា​យប់​នេះ​ទៅ ដោយ​មាន​នូវ​ការ​ប្ដេជ្ញា​ចិត្ត និង ភាពក្លាហាន ដើម្បី​និយាយ​ជាមួយ​នឹង យ៉ូប ពី​ជំនាន់​ដើម​ថា « កាល​ខ្ញុំ​នៅ​មាន​ដង្ហើម​ចេញចូល ... ខ្ញុំ​នឹង​ប្រកាន់​សេចក្ដី​សុចរិត​របស់​ខ្ញុំ ឲ្យ​ជាប់លាប់​ឥត​លែង​តទៅ » ។16 នេះ​ជា​ការ​អធិស្ឋាន​ដ៏​រាបសារ​របស់​ខ្ញុំ នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះអម្ចាស់​នៃ​យើង អាមែន ។