រែក​បន្ទុក​របស់ពួក​គេ​យ៉ាងងាយ


បន្ទុកពិសេសនៅក្នុងជីវិតរបស់យើងម្នាក់ៗ ជួយឲ្យយើងពឹកផ្អែកទៅលើគុណបំណាច់ សេចក្តីមេត្តា​ករុណា និងព្រះគុណរបស់ព្រះមេស៊ីដ៏បរិសុទ្ធ។

ខ្ញុំ​មានសម្លាញ់ម្នាក់ ក្នុង​ឆ្នាំ​ដំបូង​នៃ​​អាពាហ៌ពិពាហ៌គាត់ ​គាត់ជឿថា​ គាត់ និង​គ្រួសារ​ ត្រូវ​ការ​ឡាន​​មួយ​បាំង​កន្លះមួយគ្រឿង ។ តែ​ភរិយា​​គាត់ ជឿ​ថា គាត់​មិនត្រូវ​ការឡាន​នោះ​ទេ​ ​តែ​គាត់​ចង់​បាន​ឡាន​ថ្មី​វិញ។ ការសន្ទនា​លេង​របស់​​ស្វាមី ​និងភរិយា​នេះ បាន​ផ្តើម​នូវ​គិត​ពី​គុណសម្បត្តិ និងគុណវិបត្តិ​នៃ​ការទិញ​នោះ។

« អូនអើយ យើងត្រូវការ​ឡានមួយបាំងកន្លះមួយគ្រឿង​ »​ ។

នាង​សួរថា «​ហេតុអ្វីបង​​គិតថា យើងត្រូវការឡានដឹក​ទំនិញ​ថ្មី ?​»

គាត់បានឆ្លើយសំណួរនាង ដែល​គាត់​ជឿថា ជា​ចម្លើយដ៏ល្អឥតខ្ចោះថា ៖ « ចុះ​បើ​យើង​ត្រូវ​ការទឹកដោះគោ​សម្រាប់​កូនៗ​ អំឡុងពេលមានព្យុះដ៏ធំមួយ ហើយមធ្យោបាយតែមួយគត់​ ដែលអាចទៅផ្សារទិញបាន​ គឺតាមរយៈឡានមួយបាំងកន្លះនេះវិញ ? »

ភរិយា​គាត់បានតបដោយញញឹមថា​ « បើយើងទិញឡានមួយបាំងកន្លះថ្មី នោះយើងនឹងគ្មានលុយ​ទិញទឹក​ដោះ​​​គោទេ—ហេតុអ្វីក៏​​ខ្វល់ខ្វាយ នឹង​​ការបើកឡានទៅ​ផ្សារក្នុងគ្រាអាសន្នធ្វើអី !»

ពួកគេ​នៅ​បន្តប្រឹក្សា​គ្នា ហើយទីបំផុត បានសម្រេចចិត្តថា នឹងទិញឡានមួយបាំងកន្លះ ។ មិន​​យូរប៉ុន្មាន បន្ទាប់​ពីការទទួលបាន​រថយន្តថ្មីមក មិត្ត​ខ្ញុំចង់​បង្ហាញ​នូវអត្ថ​ប្រយោជន៍​នៃឡាននោះ ហើយ​បញ្ជាក់អំពីមូលហេតុដែលគាត់ ចង់ទិញវា ។​ ​​​ដូច្នេះ គាត់បាន​សម្រេចចិត្ត កាប់អុស ហើយដឹកមកដាក់​ផ្ទះ​ពួក​គេ ។ ពេលនោះ គឺ​ជារដូវស្លឹកជ្រុះឈើ រួច​មានទឹកកកធ្លាក់​តាមតំបន់​ភ្នំខ្លះ​ហើយ​ ជា​កន្លែង​ដែលគាត់ចង់ទៅរក​អុសនោះ។ ពេល​គាត់​បើកឡាន​ឡើង​តាម​ជើង​ភ្នំ ​នោះ​​ទឹកកក ​បានធ្លាក់​ចុះ​មកកាន់​តែ​ច្រើនឡើងៗ។ មិត្តខ្ញុំ ​បានដឹង​ថា ​ស្ថានភាពថ្នល់រអិល អាចបណ្ដាល​ឲ្យមាន​​គ្រោះថ្នាក់ ប៉ុន្តែ​ដោយមាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ចំពោះឡានថ្មី​ នោះ​​គាត់នៅ​​តែបើកទៅមុខ។

ជាអកុសល មិត្ត​​ខ្ញុំ​បាន​បើកយ៉ាងឆ្ងាយ​លើផ្លូវ​ទឹកកកនោះ ។ ពេល​គាត់​​​កាច់​​ចង្កូត​ឡាន​​ចុះ​ពីផ្លូវ​ ត្រង់កន្លែង​​ដែល​គាត់ចង់​កាប់អុស​ ឡាន​​គាត់​ជាប់ផុង។​ កង់ឡាន​​ទាំងបួន​របស់​ឡាន​​ថ្មីនោះ​ បានកប់ទៅក្នុងពំនូកទឹកកក ។ គាត់​ទទួល​ស្គាល់​ភ្លាមថា គាត់​មិនដឹងតើត្រូវធ្វើយ៉ាងណា ដើម្បីឆ្លងផុត​ពីស្ថានភាពគ្រោះ​ថ្នាក់​នេះបានទេ ។ គាត់​ខ្មាស់ ​ហើយ​​បារម្ភ។

មិត្ត​ខ្ញុំ​សម្រេចចិត្តថា «ខ្ញុំ​​នឹងមិន​អង្គុយចាំ​ត្រង់នេះ​ទេ» ។ គាត់​បាន​ចុះ​ពី​ឡាន​ ហើយ​ចាប់​ផ្តើមកាប់អុស។ គាត់​ បានកាប់​អូសដាក់​​ពេញ​កន្ទុយ​ឡានខាងក្រោយ ។ រួចហើយ​​ មិត្តខ្ញុំ​បានប្តេ​ជ្ញា​ចិត្ត​ថា គាត់​នឹងសាក​​បើក​ចេញ​ពីទឹកកក​នោះម្តង​ទៀត ។ ពេល​គាត់បញ្ឆេះឡាន​បើកទៅមុខ គាត់​ចាប់​ផ្តើមបើក​ទៅមុខ​សន្សឹមៗ ។ ឡាន​ ​បាន​បើក​ទៅមុខ​ចេញ​ពី​ទឹកកក​យឺតៗ ត្រឡប់​ឡើង​ទៅលើផ្លូវវិញ ។ ទីបំផុត គាត់បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយរីករាយ ​និងរាបសារ ។

បន្ទុករបស់​យើងម្នាក់ៗ

ខ្ញុំ​អធិស្ឋានសុំជំនួយ​ពី​ព្រះ​វិញ្ញាណ​ ​ពេលខ្ញុំគូស​បញ្ជាក់​អំពីមេរៀនដ៏​សំខាន់ ដែលយើង​​អាច​រៀន​ពី​រឿងនេះ អំពី​មិត្តរបស់​ខ្ញុំ ឡាន និងអុស។ ​វា​គឺជា​បន្ទុក​ ។​ គឺ​ទម្ងន់​នៃអុស​នោះ​ហើយ ដែល​ផ្ដល់​លំនឹងដ៏​សំខាន់​ដើម្បី​​ជួយ​គាត់​ឲ្យ​ចេញផុត​ពីទឹកកក រួច​ឡើង​ទៅ​លើ​ផ្លូវបាន ហើយ​​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត។ វា​គឺ​ជាបន្ទុក ដែល​ជួយ​គាត់ឲ្យ​ត្រឡប់ទៅរក​គ្រួសារ​ និងផ្ទះរបស់គាត់​វិញ។

យើង​ម្នាក់ៗ ក៏​រែក​បន្ទុក​មួយ​ផងដែរ ។ បន្ទុក​របស់​យើងម្នាក់ៗ មាន​ទាំង​ តម្រូវ​ការ និង​ឱកាស, ទំនួលខុសត្រូវ និង​ឯកសិទ្ធិ, ការឈឺចាប់ និង ពរជ័យ, ​ជម្រើស ​និង​​ការ​ដាក់កំហិត ។ មាន​សំណួរ​ដ៏សំខាន់​ពីរ ដែល​អាចជួយ​យើង ពេល​យើង​វាយ​តម្លៃ​បន្ទុករបស់​​យើង ​ដោយការ​អធិស្ឋាន និងជា​ញឹកញាប់គឺ ​៖ «តើបន្ទុកខ្ញុំ បង្កើតនូវ​លំនឹង​​ខាងវិញ្ញាណ ដែលនឹង​ជួយ​ខ្ញុំឲ្យឆ្ពោះ​ទៅ​មុខ ដោយ​សេចក្តី​ជំនឿ​លើ​ព្រះ​គ្រីស្ទ តាម​ផ្លូវតូច និង​ចង្អៀត​ ហើយ​ជៀស​ពី​ការ​ជាប់ផុង​ដែរ​ឬទេ? តើបន្ទុកដែលខ្ញុំកំពុង​តែរែក បានបង្កើតលំនឹង​ខាងវិញ្ញាណ​​​ពេញលេញ ដើម្បី​ឲ្យ​ខ្ញុំ​អាចត្រឡប់​ទៅ​ដំណាក់ព្រះវរបិតាសួគ៌​ឬទេ?»

ពេលខ្លះ យើងអាច​ជឿខុសថា សុភមង្គល ​គឺជាការ​​​គ្មាន​បន្ទុក។ ប៉ុន្តែការរែកបន្ទុក​ គឺជាផ្នែក​មួយ​យ៉ាងសំខាន់ និងចាំបាច់​នៃ​ផែនការ​​នៃសុភមង្គល។ ព្រោះតែ​យើងម្នាក់ៗ ចាំបាច់​ត្រូវ​មានបន្ទុក ​ដើម្បីវា​​បង្កើត​​លំនឹង​​ខាងវិញ្ញាណ នោះ​យើង​គួរ​​តែប្រុងប្រយ័ត្នកុំ​ដាក់​​នូវ​រឿង​ល្អៗ តែ​មិន​ចាំបាច់ក្នុង​ជីវិត​យើង​​ច្រើន​ពេក ដែលវា​​នឹងរំខាន​ និងបង្វែរយើង​ចេញ​ពី​អ្វី​ៗដែលពិត​ជា​​សំខាន់បំផុតនោះ។

ការ​បង្កើន​នូវ​អំណាច​នៃ​ដង្វាយធួន

ព្រះអង្គ​សង្គ្រោះ​បាន​បន្ទូលថា ៖

« អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក» ។

« ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ត្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នករាល់គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង » ។

« ពីព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ( ម៉ាថាយ 11:28–30 ) ។

នឹម គឺ​ជា​ធ្នឹម​ឈើ​មួយ ដែល​តាម​ធម្មតា គេ​​ដាក់​វា​នៅ​ចន្លោះ​គោ​ ឬ​សត្វ​ដទៃទៀត​មួយ​នឹម ដើម្បីឲ្យ​វា​អាច​ទាញ​បន្ទុក​ទាំង​អស់គ្នា ។ នឹម​ គឺ​ដាក់ទឹម​​សត្វ​នឹង​​គ្នា ដើម្បី​វា​អាច​ទាញ​​ជាមួយគ្នា ឲ្យ​​សម្រេច​កិច្ចការ​មួយ ។

ចូរ​ពិចារណា​អំពី​​ការអញ្ជើញ​ដ៏ពិសេសរបស់​ព្រះ​អម្ចាស់​ដល់​យើង​ម្នាក់​​ៗថា « ចូរ​ទទួ​ល​នឹម​ខ្ញុំ ​» ។ ការចុះ ​និងការ​រក្សាសេចក្តីសញ្ញា​ពិសិដ្ឋ គឺ​ជា​ការ​ទឹម​យើង​​ជាមួយនឹង​​ព្រះ​អម្ចាស់​ព្រះយេស៊ូវ គ្រីស្ទ។ មានន័យ​ថា ព្រះ​អង្គ​សង្គ្រោះ កំពុង​តែអញ្ជើញ​យើង ឲ្យ​ពឹងផ្អែក និង​ទាញ​ជាមួយ​នឹង​ទ្រង់ ទោះ​ជា​​សមត្ថភាព​ល្អបំផុត​របស់​យើង មិនស្មើរ ឬអាចប្រៀបទៅទ្រង់ក៏ដោយ ។ កាលណា​​យើង​ទុកចិត្ត ហើយ​ទាញបន្ទុក​​យើង​ជាមួយ​ទ្រង់ ​ក្នុងដំណើរ​នៃ​ជីវិតរមែងស្លាប់នេះ នោះ​នឹម​ទ្រង់នឹងងាយ ហើយស្រាល​ជា​​ប្រាកដ។

យើងពុំដែល​នៅម្នាក់ឯងឡើយ ។ យើង​អាចឆ្ពោះទៅមុខ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​យើង ដោយ​មាន​ជំនួយពីស្ថានសួគ៌។ តាមរយៈដង្វាយធួន​របស់​ព្រះ​អង្គសង្រ្គោះ នោះ​យើង​អាច​ទទួលបាន​សមត្ថភាព ​និង « កម្លាំង​ » « ហួសពីកម្លាំង [របស់យើង] » (« Lord I Would Follow Thee,» Hymns, no. 220)។ ដូច​ព្រះអម្ចាស់បានប្រកាស​ថា « ហេតុដូច្នេះហើយ ចូរប​ន្តដំណើររបស់អ្នក ហើយចូរឲ្យចិត្តអ្នក​បានសប្បាយរីករាយ​ចុះ ​ត្បិតមើលចុះ និងមើលន៍ យើងគង់​នៅ​ជាមួយ​អ្នក ​រហូតដល់ចុងបំផុត » (គ​ ​និង ​ស 100:12)។

សូមគិតអំពីឧទាហរណ៍ក្នុងព្រះគម្ពីរមរមន ពេលអាមូឡុន បាន​បៀតបៀនដល់​អាលម៉ា និង​ប្រ​ជាជន​​គាត់ ។ សំឡេង​​ព្រះ​អម្ចាស់ ​បានបន្លឺ​មកកាន់​សិស្សទាំងនេះ ក្នុងគ្រា​​លំបាក​ថា ៖ « ចូរងើបក្បាលឡើង​ ហើយក្សាន្តចិត្តចុះ ព្រោះយើងដឹងនូវសេចក្តីសញ្ញា ដែលអ្នក​រាល់គ្នាបានធ្វើជាមួយនឹងយើង​ហើយ --យើងនឹងធ្វើសេចក្តីសញ្ញា​ជាមួយនឹងរាស្ត្រយើង ហើយនឹងដោះ​ពួកគេឲ្យរួចផុតពីសេវកភាព» (ម៉ូសាយ 24:13)។

សូមចំណាំថា សេចក្តីសញ្ញា គឺ​ជា​ផ្នែក​សំខាន់​​ចំពោះសេចក្តីសន្យានៃការរំដោះឲ្យ​រួច។ សេចក្តីសញ្ញា ដែលបានទទួល និងគោរពដោយស្មោះត្រង់ ហើយ​ពិធីបរិសុទ្ធ ដែល​​បានធ្វើឡើង​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាពត្រឹមត្រូវ គឺចាំបាច់​ណាស់ ដើម្បី​ទទួលបាន​នូវពរជ័យ ដែលមានមក​ តាមរយៈដង្វាយធួននៃ​ព្រះយេស៊ូវគ្រីស្ទ ។ ត្បិត​នៅ​ក្នុង​​ពិធីបរិសុទ្ធ​នៃបព្វជិតភាព ​អំណាចនៃព្រះ ត្រូវបានបើកបង្ហាញ​ដល់​បុរស និងស្ត្រី​ខាងសាច់ឈាម រួមមាន​ទាំងពរជ័យ​នៃដង្វាយធួនទៀតផង (សូម​មើល គ ​និង ​ស 84:20–21)។

សូមចាំនូវ​ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះថា « ពីព្រោះនឹមខ្ញុំងាយទេ ហើយប​ន្ទុក​ខ្ញុំ​ក៏​ស្រាល » (ម៉ាថាយ 11:30) ពេលយើងគិតអំពី​វគ្គបន្ទាប់ នៅក្នុងដំណើររឿងរបស់អាលម៉ា និងរាស្ត្ររបស់លោក។

« ហើយយើងនឹងសម្រាលបន្ទុកទាំងឡាយ ដែលដាក់នៅស្មាអ្នកផង ហើយសូម្បីតែរូបអ្នកមិនអាច​ចាប់​អារម្មណ៍ថា មានបន្ទុក​ទាំងនោះ​នៅលើខ្នងអ្នកឡើយ » (ម៉ូសាយ 24:14) ។

យើងរាល់គ្នាជាច្រើន អាច​នឹង​សន្និដ្ឋានថា វគ្គគម្ពីរនេះ កំពុងតែប្រាប់យើងថា បន្ទុកមួយ នឹង​ត្រូវ​បាន​ដក​​ចេញមួយរំពេច និង​ដោយអចិន្ត្រៃយ៍ហើយ ។ ប៉ុន្តែវគ្គ​បន្ទាប់ ពិពណ៌នា​អំពី​របៀប​ដែល​បន្ទុក​ត្រូវបានសម្រាល។

« ហើយឥឡូវនេះ ហេតុការណ៍​បានកើតឡើងថា បន្ទុកទាំងឡាយដែលដាក់នៅលើអាលម៉ា និងបងប្អូន​លោក ​ត្រូវបានសម្រាលទៅ មែនហើយ ព្រះអម្ចាស់ទ្រង់បានចម្រើន​កម្លាំងឲ្យគេ​ ដើម្បីឲ្យគេអាចទ្របន្ទុក​ទាំងឡាយ​របស់​គេ​​បានងាយ ហើយ​ពួកគេបាន​ធ្វើតាមអស់ទាំង​ព្រះហឫទ័យនៃព្រះអម្ចាស់» (ម៉ូសាយ 24:15; បានគូស​បញ្ជាក់​បន្ថែម) ។

ឧបសគ្គ និងទុក្ខលំបាក ​មិន​ត្រូវបាន​ដកចេញ​ពីប្រជាជនមួយរំពេចនោះទេ ។ ប៉ុន្តែ អាលម៉ា និង បងប្អូន​លោក ​ត្រូវបានចម្រើនកម្លាំង ហើយបង្កើន​សមត្ថភាព​ពួកគេ ដែល​​ធ្វើឲ្យ​បន្ទុក​បានស្រាលឡើង។ មនុស្សល្អទាំងនេះ ត្រូវបានចម្រើនកម្លាំង តាមរយៈដង្វាយធួន ដើម្បី អនុវត្ត ជាភ្នាក់ងារ​ (សូមមើល គ និង ស 58:26–29) ហើយផ្លាស់ប្តូរ កាលៈទេសៈរបស់ពួកគេ​។ ហើយ​នៅក្នុង « កម្លាំងរបស់ព្រះអម្ចាស់» (ពាក្យសំដីនៃមរមន 1:14; ម៉ូសាយ 9:17; 10:10; អាលម៉ា 20:4), អាលម៉ា និងរាស្ត្រលោក ត្រូវបាននាំទៅកាន់ទី​សុវត្ថិភាព ក្នុងដែនដី​សារ៉ាហិមឡា។

ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ មិនត្រឹមតែ​យកឈ្នះលើឥទ្ធិពល​នៃការធ្លាក់របស់អ័ដាម ហើយអាច​ផ្តាច់បាប និងអំពើរំលង​របស់​យើង​ម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែដង្វាយធួនរបស់ទ្រង់ ​ក៏​អាច​ជួយ​យើងឲ្យ​ធ្វើល្អ និងកាន់តែល្អ តាមរបៀប​ដែលហួសពីសមត្ថភាពនៃជីវិត​រមែង​ស្លាប់​របស់យើងទៀតផង។ យើងភាគច្រើន​ដឹងថា នៅពេលយើងធ្វើអ្វីខុស ហើយ​ត្រូវការ​ជំនួយយកឈ្នះលើឥទ្ធិពល​នៃអំពើបាប​ក្នុងជីវិតយើង នោះ​ព្រះអង្គសង្គ្រោះ អាច​ជួយ​យើងបានស្អាត តាមរយៈអំណាចស្រោចស្រង់​របស់​ទ្រង់។ ប៉ុន្តែ តើយើង​យល់ដែរ​ឬទេ​ថា ដង្វាយធួន គឺមាន​សម្រាប់បុរស និងស្ត្រី​ស្មោះ​ត្រង់ ដែល​គោរពប្រតិបត្តិ មានភាព​សក្តិសម ហើយ​យកចិត្តទុកដាក់​គោរព និងសម្រាប់​អស់អ្នកដែល​ព្យាយាមកាន់​តែ​ល្អ និងបម្រើកាន់តែស្មោះស្ម័គ្រនោះ? ខ្ញុំងឿងឆ្ងល់ថា តើយើងពុំ​បាន​ទទួលស្គាល់ពេញលេញនូវការ​ចម្រើនកម្លាំងរបស់​ដង្វាយ​​​ធួននេះ នៅក្នុងជីវិតយើង ហើយជឿ​ដោយខុសឆ្គង​ថា យើងត្រូវតែរែក​បន្ទុក​តែម្នាក់​ឯង—ដោយ​ការ​តាំងចិត្ត ការ​ដោះស្រាយ និងការដាក់វិន័យ និងដោយ​​​សមត្ថភាព​ដែល​មាន​កំណត់​​របស់​យើងនោះឬ។

មាន​រឿង​មួយ​ត្រូវ​ដឹងថា ​ព្រះយេស៊ូវគ្រីស្ទ បានយាងមកលើផែនដី​ ដើម្បីសុគត​សម្រាប់យើង។​ ប៉ុន្តែ​យើងក៏គួរតែមានអំណរគុណ​ចំពោះ ព្រះរាជបំណងព្រះអម្ចាស់ តាមរយៈ​ដង្វាយធួន ​និងដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ​ដើម្បី ផ្ដល់​ជីវិត​ឲ្យ​យើង មិនត្រឹមតែដឹកនាំយើងប៉ុណ្ណោះទេ​ ប៉ុន្តែក៏ដើម្បី​ពង្រឹង​​ និងប្រោសយើងផងដែរ ​​។

ព្រះអង្គ​សង្គ្រោះ​ជួយរាស្ត្រទ្រង់

អាលម៉ា ពន្យល់អំពីមូលហេតុ​ និងរបៀបដែលព្រះអង្គសង្គ្រោះ អាចជួយយើងថា ៖

« ហើយទ្រង់នឹងយាងទៅ​ដោយរងការឈឺចាប់ ​និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង ​​ហើយទ្រង់​ធ្វើយ៉ាងនេះក៏ដើម្បីឲ្យ​បានបំពេញនូវពាក្យទាំងឡាយ​ដែលបានចែងទុកមកថា​ ទ្រង់នឹងលើកដាក់មក​លើខ្លួនទ្រង់​ នូវការឈឺចាប់​និងជម្ងឺទាំងឡាយរបស់រាស្ត្រទ្រង់។

« ហើយទ្រង់នឹងមកដាក់លើរូបអង្គទ្រង់​នូវសេចក្តីស្លាប់​ ដើម្បីទ្រង់អាចស្រាយ​ចំណង​ទាំង​ឡាយ​នៃ​សេចក្តី​ស្លា​ប់ ​ដែលចងរាស្ត្រទ្រង់​ហើយទ្រង់នឹងដាក់រូបអង្គទ្រង់នូវជំងឺ​ឈឺចាប់​របស់​ពួកគេ​ ដើម្បី​ឲ្យព្រះហឫទ័យ​ទ្រង់​ បានពោរពេញទៅដោយសេចក្តីមេត្តាករុណា​ស្របតាមសាច់ឈាម ​ដើម្បី​ទ្រង់អាចដឹង​ស្រប​តាម​សាច់ឈាមថា ​តើត្រូវជួយរាស្ត្រទ្រង់បែបណា​តាមជំងឺ​របស់គេ» (អាលម៉ា 7:11–12)។

ដូច្នេះហើយ ព្រះសង្គ្រោះបានរងទុក្ខ មិនត្រឹមតែសម្រាប់អំពើបាប​ និងអំពើទុច្ចរិតយើងប៉ុណ្ណោះទេ —តែក៏សម្រាប់​ការឈឺចាប់​ខាង​រូបកាយ​ និងការឈឺចិត្ត​​​ ភាពកម្សោយ និងការ​ខ្វះខាត ភាព​ភ័យខ្លាច ការធុញថប់ ការបាក់ទឹកចិត្ត ការអស់សង្ឈឹម ការស្តាយក្រោយ វិប្បដិសារី ការធ្លាក់ចុះ ការខកចិត្ត​ ភាពអយុត្តិធម៌​ និងភាពលំអៀង ដែលយើង​ជួប​ ហើយនឹងសម្ពាធខាង​ផ្លូវចិត្ត ដែលរារាំងយើងផងដែរ។

គ្មានការឈឺចាប់ខាងសាច់ឈាម ការរបួសខាងវិញ្ញាណ និងការឈឺចិត្តក្នុងព្រលឹង​ ការចុក​ចាប់​ ជំងឺ ឬភាព​កម្សោយ​ណា​ ដែលអ្នក ឬខ្ញុំ ជួប​ក្នុងជីវិត​នេះ ដែល​ព្រះ​អង្គ​សង្គ្រោះមិនបានជួប​បទពិសោធន៍​រួចជាមុននោះទេ។ ក្នុងគ្រា​នៃភាពទន់ខ្សោយ យើង​​ប្រហែលជាស្រែកទួញថា «គ្មាននរណា​យល់​ឡើយ​។ គ្មាននរណាយល់ឡើយ»។ ប៉ុន្តែ​ព្រះ​រាជបុត្រានៃ​ព្រះ ដឹង និងយល់ដ៏ឥតខ្ចោះ​ ត្បិតទ្រង់​បានដឹង និងរែក​បន្ទុករបស់យើង​ម្នាក់ៗ ។ ហើយព្រោះតែពលិកម្មដ៏គ្មានទីបញ្ចប់ និងអស់កល្ប​ជានិច្ចរបស់ទ្រង់ (សូមមើលអាលម៉ា 34:14) ។​ ទ្រង់មានការយល់ដឹងដ៏ឥតខ្ចោះ ហើយ​អាចលាត​ព្រះហស្ថនៃសេចក្តីមេត្តាកុរណាមករកយើង។ ទ្រង់​អាចឈោងព្រះហស្ថ ប៉ះ ជួយសង្គ្រោះ​ ប្រោស និងពង្រឹងយើង ហួសពីអ្វីៗ​ដែលអាចជួយយើង​ ធ្វើ​នូវ​អ្វី​ដែលយើង​មិនអាចធ្វើ បើ​យើង​ពឹង​ទៅ​លើ​អំណាចយើងផ្ទាល់នោះ។​ ពិតហើយ នឹមទ្រង់ងាយ ហើយ​បន្ទុកទ្រង់ស្រាល។

ការអញ្ជើញ ការសន្យា ​និងទីបន្ទាល់មួយ

ខ្ញុំអញ្ជើញអ្នកឲ្យសិក្សា​ អធិស្ឋាន ពិចារណា និងខិតខំរៀនថែមទៀតអំពីដង្វាយធួនរបស់​ព្រះអង្គសង្គ្រោះ ពេលអ្នក​វាយ​តម្លៃពីបន្ទុក​របស់​អ្នករៀងៗ​ខ្លួន ។ មាន​អ្វីៗជាច្រើន អំពីដង្វាយធួន ដែល​យើងមិនអាចយល់ ដោយគំនិត​មតៈរបស់យើងបានឡើយ។ ប៉ុន្តែមាន​ទិដ្ឋភាពជាច្រើននៃ​ដង្វាយធួន ដែល​យើងអាច ​និងចាំបាច់​​ត្រូវ​យល់។

ឯ​មិត្ត​ខ្ញុំ បន្ទុក​នៃ​ឈើនោះ បាន​ផ្ដល់​លំនឹង​ជួយ​សង្គ្រោះ​ជីវិត​គាត់ ។ ឡាន​ទទេ ពុំ​អាច​បើកទៅមុខ​កាត់​ទឹកកក​បាន​ឡើយ ទោះ​ជា​វា​បំពាក់​ដោយ​កាឡេ​ពីរ​ក៏​ដោយ ។ បន្ទុក​ធ្ងន់​មួយ គឺ​សំខាន់​ដើម្បី​បង្កើត​ជា​លំនឹង ។

​បន្ទុកគឺ​សំខាន់ណាស់ ។ គឺ​ជា​បន្ទុក​នោះ​ហើយ ដែល​ផ្ដល់​នូវ​លំនឹង ដើម្បី​ជួយ​​​មិត្ត​ខ្ញុំ ឲ្យរួច​ពី​ការ​ជាប់ផុង​ បើក​ឡើង​ទៅ​លើ​ផ្លូវ បើកឆ្ពោះ​​ទៅមុខ ហើយ​ត្រឡប់ទៅ​រក​គ្រួសារ​គាត់វិញ ។

បន្ទុកជាក់លាក់​មួយ​ក្នុងជីវិតយើងម្នាក់ៗ ជួយយើងឲ្យពឹងផ្អែកទៅលើគុណបំណាច់ សេចក្តីមេត្តា​ករុណា និងព្រះគុណនៃព្រះមេស៊ីដ៏បរិសុទ្ធ (សូមមើលនីហ្វៃទី 2 2:8)។ ខ្ញុំសូមថ្លែងទីប​ន្ទាល់ និង​សន្យាថា ព្រះអង្គសង្គ្រោះនឹងជួយយើង ឲ្យរែក​បន្ទុកដោយ​ងាយ (សូមមើល ម៉ូសាយ 24:15 ) ។ ពេល​យើង ត្រូវបានទឹម​ជាមួយទ្រង់ តាមរយៈសេចក្តីសញ្ញាពិសិដ្ឋ ហើយទទួលអំណាចដ៏មានអនុភាព នៃដង្វាយធួន​របស់ទ្រង់​ក្នុងជីវិត នោះ​យើងនឹងព្យាយាម​យល់ ហើយ​រស់នៅ​តាម​ឆន្ទៈ​របស់​ទ្រង់​កាន់​តែ​ខ្លាំង ។ យើង​ក៏​នឹង​អធិស្ឋាន​សុំ​កម្លាំង ដើម្បីរៀន ផ្លាស់ប្តូរ ឬទទួលយក​ស្ថានភាពយើង ជាជាងអធិស្ឋានមិនចេះឈប់ឈរ ​ទូលសូមព្រះ​ឲ្យផ្លាស់ប្ដូរ​​ស្ថានភាពយើង ស្រប​តាម​ចិត្ត​យើង​នោះ ។ ​យើងនឹងក្លាយទៅជាភ្នាក់ងារ ដែលធ្វើ​សកម្មភាព ជាជាងជាកម្មវត្ថុដែល​ត្រូវរងអំពើ (សូមមើល នីហ្វៃទី 2 2:14)។ យើងនឹង​ទទួល​ពរជ័យ​នូវ​លំនឹង​ខាង​វិញ្ញាណ ។

សូមឲ្យយើងម្នាក់ៗអនុវត្ត ហើយបាន​ល្អ​ប្រសើរ តាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ។ ថ្ងៃ​នេះ គឺ​ថ្ងៃទី 6 ខែ​មេសា ។ យើងដឹង​តាម​វិវរណៈ​ថា ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​នៃ​កំណើត​របស់ព្រះអង្គសង្គ្រោះ ពិត​ត្រឹមត្រូវ ។ ថ្ងៃទី 6 ខែ​មេសា ក៏​ជា​ថ្ងៃ​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​បាន​រៀបចំ​ឡើង ។ ( សូមមើល គ&ស 20:1; ហារ៉ូល ប៊ី. លី, « Strengthen the Stakes of Zion, » Ensign, ខែ​កក្កដា ឆ្នាំ 1973, 2; ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល, « “Why Call Me Lord, Lord, and Do Not the Things Which I Say?” Ensign, May 1975, 4; ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល « Remarks and Dedication of the Fayette, New York, Buildings, » Ensign, ខែ​ឧសភា ឆ្នាំ 1980, 54; Discourses of President Gordon B. Hinckley, វ៉ុលទី 1: 1995–1999 [2005], 409) ។ នៅថ្ងៃឈប់សម្រាក​ដ៏​ពិសេស និងពិសិដ្ឋនេះ ខ្ញុំសូមប្រកាសជាសាក្សីថា ព្រះយេស៊ូវព្រះគ្រីស្ទ គឺជាព្រះប្រោសលោះរបស់យើង ។ ទ្រង់មានព្រះ​ជន្មរស់ ហើយ​ទ្រង់នឹងសំអាត ប្រោសឲ្យជា ដឹកនាំ ការពារ និងពង្រឹងយើង ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដោយ​រីករាយ​អំពី​រឿង​ទាំងនេះ នៅ​ក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។