ឆ្នាំ ២០១០-២០១៩
បុត្រី​នៅ​ក្នុង​សេចក្តី​សញ្ញា
ខែ មេសា 2014


បុត្រី​នៅ​ក្នុង​សេចក្តី​សញ្ញា

ផ្លូវ​ដែល​យើង​ត្រូវ​ដើរ​ត្រឡប់​ទៅរក​ព្រះវរបិតាសួគ៌​យើង... ត្រូវបាន​គូស​ដាន​ដោយ​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ជាមួយ​នឹង​ព្រះ។

យើង​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ​នា​រាត្រី​នេះ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា​ សម្ដី​ដែល​បាន​ថ្លែង​ដោយ​ថ្នាក់​ដឹកនាំ​ទាំងនេះ​ ដែល​ជា​បងប្អូន​ស្រី​ដ៏​ឆ្នើម​នឹង​ដក់​ជាប់​ក្នុង​ចិត្ត​អ្នក ​ដូច​​ខ្ញុំ​ដែរ ។

នេះ​ជា​ការ​ប្រជុំ​មួយ​ដ៏​អស្ចារ្យ ។ ស្ត្រី​គ្រប់​រូប​ក្នុង​សាសនាចក្រ ​ចាប់​តាំងពី​អាយុ​ប្រាបី​ឆ្នាំ​ឡើង​ទៅ​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​នឹង​យើង​នា​រាត្រី​នេះ ។ មាន​ពួក​យើង​ជា​ច្រើន​ បាន​អធិស្ឋាន​សុំ​ឲ្យ​ព្រះវិញ្ញាណ​គង់​នៅ​ជាមួយ​នឹង​យើង ។ ពរជ័យ​នោះ​នឹង​កើត​មាន ​ពេល​យើង​ស្ដាប់​បងប្អូន​ស្រី​ទាំង​នេះ​ថ្លែង ហើយ​ស្ដាប់​តន្ត្រី​ដែល​លើក​តម្កើង ។ ខ្ញុំ​សូម​អធិស្ឋាន​ថា ព្រះវិញ្ញាណ​នឹង​បន្ត​គង់​ជាមួយ​យើង ពេល​ខ្ញុំ​ផ្ដល់​នូវ​ពាក្យ​នៃ​ការ​លើក​ទឹកចិត្ត និង​ទីបន្ទាល់​ខ្លះៗ ដោយ​បន្ថែម​លើ​​អ្វី​ដែល​យើង​បាន​និយាយ​រួច​ហើយ-- ជាពិសេស​ថ្លែង​ទីបន្ទាល់​នូវ​អ្វី​ដែល​យើង​ត្រូវ​បាន​ប្រាប់ គឺ​ជា​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ស្ដាប់ឮ ។

នា​រាត្រី​នេះ​ ខ្ញុំ​នឹង​និយាយ​ពី​ផ្លូវ​--ដែល​បាន​ពិពណ៌នា​យ៉ាង​ល្អ​នៅ​ថ្ងៃ​នេះ--ដែល​យើង​ត្រូវ​ដើរ​ត្រឡប់​ទៅរក​ព្រះវរបិតាសួគ៌​យើង​វិញ ។ ផ្លូវ​នោះ​ត្រូវបាន​គូស​ដាន​ដោយ​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​ជាមួយ​នឹង​ព្រះ ។ ខ្ញុំ​នឹង​និយាយ​ប្រាប់​អ្នក​ពី​ក្ដីអំណរ​នៃ​ការ​ធ្វើ និង ការ​រក្សា​សេចក្ដី​សញ្ញា​ទាំង​នោះ ហើយ​ជួយ​អ្នកដទៃ​ឲ្យ​រក្សា​វា ។

អ្នក​រាល់​គ្នាជា​​ច្រើន​ទើប​ជ្រមុជ​ទឹក​ថ្មីៗ ហើយ​បាន​ទទួល​អំណោយ​ទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ការ​ដាក់​ដៃ​លើ ។ ចំពោះ​អ្នក ការ​ចងចាំ​នោះ​មាន​ភាព​ច្បាស់​លាស់ ។ អ្នក​ផ្សេង​ទៀត​បាន​ជ្រមុជ​ទឹក​យូរ​ហើយ ដូច្នេះ​ការ​ចងចាំ​ពី​អារម្មណ៍​​នៃ​បទពិសោធន៍ធ្វើ​​សេចក្តី​សញ្ញា​នោះ​ អាច​នឹង​មិន​សូវ​ច្បាស់ តែ​អារម្មណ៍​ទាំង​នោះ​មួយ​ចំនួន​កើត​មាន​ឡើង​វិញ​ ពេល​ណា​អ្នក​ស្ដាប់​ការអធិស្ឋាន​សាក្រាម៉ង់ ។

គ្មាន​នរណា​ម្នាក់​នឹង​មាន​ការ​ចងចាំ​ដូចគ្នាពី​​ថ្ងៃ​ ដែល​យើង​ធ្វើ​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​ដ៏​ពិសិដ្ឋ​នោះ និងការ​ទទួល​អំណោយ​ទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ ។ តែ​យើង​ម្នាក់ៗ​មាន​អារម្មណ៍​នូវ​ការ​អនុញ្ញាត​ពី​ព្រះ ។ ហើយ​យើង​មាន​ក្ដីប្រាថ្នា​មួយ​ដើម្បី​អត់​ទោស ហើយ​ទទួល​ការ​អត់​ទោស ព្រមទាំង​មាន​​នូវ​ការ​តាំង​ចិត្ត​ដើម្បី​ធ្វើ​រឿង​ត្រឹមត្រូវកើន​ឡើង ។

អារម្មណ៍​ដែល​ដក់​ជាប់​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​អ្នក​ គឺ​សំខាន់​ណាស់ វា​ត្រូវ​បាន​កំណត់​យ៉ាងច្បាស់​​តាម​របៀប​ដែល​អ្នក​ត្រូវ​បាន​រៀបចំ​ដោយ​មនុស្ស​ជា​ទី​ស្រឡាញ់ ។ ខ្ញុំ​សង្ឃឹម​ថា អ្នក​ដែល​ទើប​ចូល​មក​ក្នុង​នគរ​នេះ​ថ្មីៗ​នឹង​មាន​ពរ​ដោយ​បាន​អង្គុយ​នៅ​ក្បែរ​ម្ដាយខ្លួន ។ បើ​អ្នក​គិត​ថា​ដូច្នោះ អ្នក​អាច​ញញឹម​ដើម្បី​ថ្លែង​អំណរ​គុណ​ឥឡូវ​នេះ​បាន ។ ខ្ញុំ​នៅ​ចាំ​ពី​អារម្មណ៍​នៃ​ក្ដីអំណរ និង ការ​ដឹង​គុណ ពេល​ខ្ញុំ​អង្គុយ​ក្រោយ​ម្ដាយ​ខ្ញុំ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ពី​ខ្ញុំ​បាន​ជ្រមុជ​ទឹក​នៅ​ក្រុង ភីឡាដិលភា រដ្ឋ​ផែនសិលវេញ៉ា ។

ម្ដាយ​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​បាន​រៀបចំ​ខ្ញុំ​យ៉ាងយក​ចិត្ត​ទុកដាក់​សម្រាប់​ការ​ធ្វើ​សេចក្ដី​សញ្ញា​នោះ និង​ សម្រាប់​អ្វី​ផ្សេង​ទៀត​ ដែលនឹង​មក​តាម​ក្រោយ ។ គាត់​ស្មោះត្រង់​ចំពោះ​តួនាទី​នេះ​មក​ពី​ព្រះអម្ចាស់ ៖

« ហើយ​ជា​ថ្មី​ទៀត ដរាប​ណា​ឪពុក​ម្ដាយ​មាន​កូនចៅ​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ឬ​នៅ​ក្នុង​ស្តេក​ណា​មួយ​ដែល​បាន​រៀបចំ​ឡើង​ក្ដី ដែល​ពុំ​បាន​បង្រៀន​កូនចៅ​ឲ្យ​យល់​នូវ​គោលលទ្ធិ​អំពី​ការ​ប្រែចិត្ត សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ និង អំពី​បុណ្យ​ជ្រមុជ​ទឹក ហើយ​និង​អំពី​អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយសារ​ការ​ដាក់​ដៃ​លើ កាល​មាន​អាយុ​ប្រាំបី​ឆ្នាំ នោះ​អំពើ​បាប​នឹង​ធ្លាក់​មក​លើ​ក្បាល​របស់​ឪពុក​ម្ដាយ​វិញ ។

« ហើយ​នេះ​ត្រូវ​ទៅ​ជា​ក្រិត្យ​វិន័យ​ដល់​បណ្ដាជន​នៃ​ក្រុង​ស៊ីយ៉ូន ឬ​នៅ​ក្នុង​ស្តេក​ណា​មួយ​ដែល​បាន​រៀបចំ​ឡើង ។

« ហើយ​កូនចៅ​របស់​ពួកគេ​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​ការ​ផ្ដាច់​បាប​ទាំងឡាយ​របស់​ខ្លួន កាល​មាន​អាយុ​ប្រាំបី​ឆ្នាំ ហើយ​ទទួល [ ព្រះ​វិញ្ញាណ​បរិសុទ្ធ ] » ។1

ម្ដាយ​ខ្ញុំ​បាន​ធ្វើ​ផ្នែក​របស់​គាត់ ។ គាត់​បាន​រៀបចំ​កូនចៅ​គាត់​ជាមួយ​នឹង​ពាក្យ​សម្ដី​ដូចជា​សម្ដី​របស់​អាលម៉ា​ដែល​បាន​កត់ត្រា​ក្នុង​ព្រះគម្ពីរ​មរមន​ដែរ ៖

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​និយាយ​ទៅ​កាន់​ពួកគេ​ថា ៖ មើល​ចុះ នេះ​ជា​ទឹក​មរមន ( ព្រោះ​នេះ​ជា​ឈ្មោះ​ដែល​គេ​ហៅ ) ហើយ​ឥឡូវ​នេះ ដោយ​អ្នក​រាល់​គ្នា​មាន​បំណង​ចង់​ចូល​រួម​ក្នុង​ក្រោល​នៃ​ព្រះ ហើយ​ដើម្បី​ឲ្យ​បាន​ហៅ​ថា​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​យល់​ព្រម​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល

« មែន​ហើយ ហើយ​យល់​ព្រម​ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ មែន​ហើយ ហើយ​កំសាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កំសាន្ត​ទុក ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង គ្រប់​សេចក្ដី និង គ្រប់​ទីកន្លែង​ដែល​អ្នក​រាល់​គ្នា​បាន​នៅ រហូត​ដល់​ពេល​ស្លាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ប្រោស​សោះ​ដោយ​ព្រះ ហើយ​បាន​រាប់​ជា​មួយ​នឹង​ពួក​អ្នក​នៃ​ដំណើរ​រស់​ឡើង​វិញ​ទី​មួយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច---

« ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក បើ​សិន​នេះ​ជា​បំណង​នៅ​ក្នុង​ចិត្ត​អ្នក តើ​មាន​អ្វី​ទៅ​ដែល​រារាំង​អ្នក​មិន​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើ​ជា​សាក្សី​ដល់​ទ្រង់​ថា អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់​ថា អ្នក​រាល់​គ្នា​នឹង​បម្រើ​ព្រះអង្គ ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ស្រោច​ព្រះវិញ្ញាណ​ទ្រង់​មក​លើ​អ្នក​រាល់គ្នា​យ៉ាង​បរិបូរណ៍ ?

« ហើយ​ឥឡូវ​នេះ កាល​ប្រជាជន​បាន​ឮ​ពាក្យ​ទាំង​នេះ គេ​ក៏​បាន​ទះដៃ​ដោយ​សេចក្ដី​អំណរ ហើយ​ស្រែក​ថា ៖ នេះ​ហើយ​ជាបំណង​នៃ​ចិត្ត​របស់​យើង​ខ្ញុំ » ។2

អ្នក​ប្រហែល​ជា​មិន​ទះ​ដៃ​ ពេល​អ្នក​ឮ​ការ​អញ្ជើញ​ឲ្យ​ធ្វើ​សេចក្ដី​សញ្ញា​​ ដោយ​ពិធី​​​បុណ្យ​ជ្រមុជ​ទឹក​ជា​លើក​ដំបូង​នោះ​ទេ តែ​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​នូវ​ក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់ និង​ការ​តាំង​ចិត្ត​ខ្ពស់​ដើម្បី​បីបាច់​អ្នក​ដទៃ​ជំនួស​ទ្រង់ ។ ខ្ញុំ​និយាយ​ពាក្យ « ប្រាកដ » ដោយ​សារ​អារម្មណ៍​ទាំង​នោះ​ចាក់​ជ្រៅ​ចូល​ទៅ​ក្នុង​ចិត្ត​នៃ​បុត្រី​របស់​ព្រះវរបិតា​គ្រប់​រូប ។ នោះ​ជា​មរតក​ដ៏​ទេវភាព​របស់​អ្នក​ពី​ទ្រង់ ។

អ្នក​បាន​ទទួល​ការ​បង្រៀន​ពី​ទ្រង់ ពីមុន​អ្នក​មក​កើត​ក្នុង​ជីវិត​នេះ ។ ទ្រង់​បាន​ជួយ​អ្នក​ឲ្យ​យល់ ហើយ​ទទួល​ថា ​អ្នក​នឹង​មាន​ទុក្ខ​លំបាក ការ​សាកល្បង និង ឱកាស​ដែល​បាន​សម្រាំង​សម្រាប់​អ្នក​តែ​ម្នាក់​គត់ ។ អ្នក​បាន​រៀន​ថា ព្រះវរបិតា​យើង​ មាន​ផែនការ​សុភមង្គល​មួយ​ដើម្បី​នាំ​អ្នក​ឆ្លងកាត់​ឧបសគ្គ​ដោយ​សុវត្ថិភាព ហើយ​ថា​អ្នក​នឹង​ជួយ​នាំ​អ្នក​ដទៃ​ឆ្លង​កាត់​ឧបសគ្គ​ពួកគេ​ដោយ​សុវត្ថិភាព​ដែរ ។ ផែនការ​នេះ ​ត្រូវ​បាន​គូស​ដាន​ដោយ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ ។

វា​ជា​សិទ្ធិ​ជ្រើសរើស​យើង មិន​ថា​យើង​ធ្វើ ហើយ​រក្សា​សេចក្ដី​សញ្ញា​ទាំង​នោះ​ដែរ​ឬ​អត់​នោះ​ទេ ។ មាន​​បុត្រី​ទ្រង់តែ​តិចតួច​ប៉ុណ្ណោះ​ មាន​ឱកាស​ក្នុង​ជីវិត​នេះ​ដើម្បី​រៀន​ពី​សេចក្ដី​សញ្ញា​ទាំង​នោះ ។ អ្នក​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ហើយ ។ បងប្អូន​ស្រី​ជា​ទី​ស្រឡាញ់ អ្នក​រាល់​គ្នា​ម្នាក់ៗ​ជា​បុត្រី​នៅ​ក្នុង​សេចក្ដី​សញ្ញា​នោះ ។

ព្រះ​វរបិតា​សួគ៌​បាន​បង្រៀន​អ្នក​ពី​មុន​អ្នក​ចាប់​កំណើត​មក​ម៉្លេះ​ ស្ដី​ពី​បទពិសោធន៍​ដែល​អ្នក​នឹង​ជួប ពេល​អ្នក​ចេញ​ពី​ទ្រង់​មក​កាន់​ផែនដី​នេះ ។ អ្នក​ត្រូវ​បាន​បង្រៀន​ថា ផ្លូវ​ត្រឡប់​ទៅរក​ទ្រង់​វិញ ​គឺ​មិន​ងាយ​ស្រួល​ឡើយ ។ ទ្រង់​បាន​ជ្រាប​ថា បើ​គ្មាន​ជំនួយ អ្នក​នឹង​មាន​ការ​លំបាក​នៅ​ក្នុង​ដំណើរ​នេះ ។

អ្នក​មាន​ពរណាស់ ដែល​បាន​រកឃើញ​ផ្លូវ​ដើម្បី​ធ្វើ​សេចក្ដី​សញ្ញា​ទាំង​នោះ​ក្នុង​ជីវិតនេះ ​ហើយ​មាន​​អ្នក​ដែល​ចាំ​ជួយ​នៅជុំវិញ​អ្នក​ -- ដែល​ពួកគេ​ជា​បុត្រី​ក្នុង​សេចក្ដី​សញ្ញា​របស់​ព្រះវរបិតាសួគ៌ ​ដូចជា​អ្នក​ផង​ដែរ ។

នា​រាត្រី​នេះ អ្នក​នឹង​​ដឹង​​ពី​ពរជ័យ ​ដោយ​បាន​ចូលរួម​នឹង​បុត្រី​នៃ​ព្រះ ​ដែល​ស្ថិត​នៅ​ក្នុង​សេចក្ដី​សញ្ញា​ដើម្បី​ជួយ ហើយ​ដឹកនាំ​អ្នក​ ដូច​ដែល​ពួកគេ​បាន​សន្យា​នឹង​ធ្វើ​ផងដែរ ។ ខ្ញុំ​ធ្លាប់​ឃើញ​អ្វី​ដែល​អ្នក​ធ្លាប់​ឃើញ​ ពេល​បងប្អូន​ស្រី​នៃ​សេចក្ដី​សញ្ញា ​រក្សា​ការតាំង​ចិត្ត​នោះ​ ដើម្បី​លួង​លោម ហើយ​ជួយ---ហើយ​ធ្វើ​វា​ដោយ​ស្នាម​ញញឹម ។

ខ្ញុំ​ចាំ​ពី​ស្នាម​ញញឹម​របស់​បងស្រី រ៉ាប់ប៊ី ហេត ។ គាត់​ជា​ភរិយា​របស់​អែលឌើរ ដាវីឌ  ប៊ី ហេត ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ កាល​ពី​ក្មេង លោក​បាន​បម្រើ​ជា​ប្រធាន​ស្តេក ប៉ាឡូ អាល់តូ ក្នុង​រដ្ឋ កាលីហ្វូញ៉ា ។ គាត់​បាន​អធិស្ឋាន​ដោយ​ខ្វល់ខ្វាយ​ពី​ពួក​ក្មេង​ស្រី​នៅ​ថ្នាក់​ម៉ៃម៉េត​ក្នុង​វួដ​គាត់ ។

ដូច្នេះ​ប្រធាន ហេត បាន​បំផុស​គំនិត​សុំ​ឲ្យ​ប៊ីស្សព​ហៅ រ៉ាប់ប៊ី ហេត ដើម្បី​បង្រៀន​ក្មេង​ស្រី​ទាំង​នោះ ។ គាត់​បាន​ដឹង​ថា ភរិយា​គាត់​នឹង​ក្លាយ​ជា​សាក្សី​ម្នាក់​ពី​ព្រះ​ ដែល​នឹង​លើក​ស្ទួយ លួងលោម ហើយ​ស្រឡាញ់​ក្មេង​ស្រី​ក្នុង​ថ្នាក់​នោះ ។

បង​ស្រី ហេត ចាស់​ជាង​ក្មេង​ស្រី​ដែល​គាត់​បង្រៀន​យ៉ាង​ហោច​ណាស់ 30 ឆ្នាំ ។ លុះ​ 40 ឆ្នាំ​ក្រោយ​ពី​គាត់​បាន​បង្រៀន​ពួកគេ រាល់​ពេល​គាត់​ជួប​នឹង​ភរិយា​ខ្ញុំ ដែល​ជា​ក្មេង​ស្រី​ម្នាក់​ក្នុង​ថ្នាក់​គាត់ នោះ​គាត់​បាន​ឱប​ទាំង​ញញឹម ហើយ​និយាយ​ទៅ​កាន់​ ខាធី ថា « អូ៎ ! កូន​សិស្ស​អ្នក​គ្រូ» ។ ខ្ញុំ​បាន​ឃើញ​លើស​ពី​ស្នាម​ញញឹម​គាត់​ទៅ​ទៀត ។ ខ្ញុំ​​ដឹង​ពី​ក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​បង​ស្រី​ម្នាក់ ដែល​គាត់​នៅ​តែ​មើល​ថែ​ ទុក​ដូច​ជា​កូន​ស្រី​គាត់​ផ្ទាល់ ។ ស្នាម​ញញឹម​ និង ការួសរាយ​រាក់ទាក់​របស់​គាត់ ​កើត​ចេញ​ពី​ការ​មើល​ឃើញ​ថា ប្អូន​ស្រី និង​បុត្រី​ម្នាក់ ​នៃ​ព្រះ​កំពុង​ស្ថិត​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។

ព្រះ​វរបិតា​សួគ៌​ញញឹម​មកលើ​អ្នក​ផងដែរ ពេល​ទ្រង់​ទត​ឃើញ​អ្នក​ជួយ​បុត្រី​ទ្រង់​ម្នាក់​ឲ្យ​ដើរ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ឆ្ពោះ​ទៅ​រក​ជីវិត​អស់​កល្ប ។ ហើយ​ទ្រង់​មាន​ព្រះទ័យ​រីករាយ​ រាល់​ពេល​អ្នក​ខំ​រើស​ផ្លូវ​ត្រូវ ។ ទ្រង់​ទត​មើល​អ្នក​ទាំង​ពេល​នេះ និង ពេល​អនាគតផងដែរ ។

អ្នក​ប្រហែល​ជា​មាន​ឪពុក​ម្តាយ​នៅ​លើ​ផែនដី​នេះ ​ដែល​បាន​គិត​ថា អ្នក​អាច​ធ្វើ​បាន​ប្រសើរ​ជាង​អ្វី​ដែល​អ្នក​បាន​គិត ។ ខ្ញុំ​មាន​ម្ដាយ​បែប​នេះ ។

កាល​ពី​ក្មេង ​អ្វី​ដែល​ខ្ញុំ​មិន​ដឹង​គឺ​ថា ​ព្រះវរបិតា​សួគ៌​ខ្ញុំ ដែល​ជា​ព្រះវរបិតា​​អ្នកដែរ ទត​ឃើញ​សក្ដានុពល​ក្នុង​កូន​ចៅ​ទ្រង់​ធំ​ជាង​យើង ឬ​ម្ដាយ​យើង​នៅ​លើ​ផែនដី​ មើល​ឃើញ​យើង​ទៅ​ទៀត ។ ហើយ​ពេល​ណា​អ្នក​រំកិល​ឡើង​លើ​ផ្លូវ​នោះ​ឆ្ពោះ​ទៅ​សក្ដានុពល​របស់​អ្នក វា​ធ្វើ​ឲ្យ​ទ្រង់​មាន​សុភមង្គល ។ ហើយ​អ្នក​អាច​មាន​អារម្មណ៍​ពី​ការអនុញ្ញាតទ្រង់ ។

ទ្រង់​ទត​ឃើញ​សក្ដានុពល​ដ៏​រុងរឿង​នោះ​នៅ​ក្នុង​ខ្លួន​បុត្រី​​ទ្រង់​គ្រប់​ទី​កន្លែង ។ ឥឡូវ ការណ៍​នោះ​បាន​ផ្ដល់​ទំនួល​ខុស​ត្រូវ​ធំ​មួយ​ដល់​អ្នក​រាល់​គ្នា ។ ទ្រង់​រំពឹង​ឲ្យ​អ្នក​ប្រព្រឹត្ត​ចំពោះ​មនុស្ស​គ្រប់​គ្នា​ដែល​អ្នក​ជួប​ថា​ជា​កូនចៅ​នៃ​ព្រះ ។ នោះ​ជា​ហេតុផល​ដែល​ទ្រង់​បញ្ជា​យើង​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​យើង​ដូចជា​យើង​ស្រឡាញ់​ខ្លួន​ឯង ហើយ​អត់​ទោស​ដល់​ពួកគេ ។ អារម្មណ៍​នៃ​ក្ដី​សប្បុរស និង ការ​អត់ទោស​របស់​អ្នក​ចំពោះ​អ្នក​ដទៃ​កើត​មាន​ ដោយសារ​មរតក​ដ៏​ទេវភាព​ដែល​អ្នក​បាន​ទទួល​ពី​ទ្រង់ក្នុង​នាម​ជាបុត្រីទ្រង់ ។ មនុស្ស​គ្រប់​គ្នា​ដែល​អ្នក​ជួប​ គឺ​ជា​កូនចៅ​ខាង​វិញ្ញាណ​ដែល​ទ្រង់​ស្រឡាញ់ ។

ពេល​អ្នក​ទទួល​អារម្មណ៍​ពី​ភាព​ជា​បងប្អូន​ស្រី​ដ៏​ធំ​នោះ អ្វី​ដែល​យើង​គិត​ថា​បំបែក​បំបាក់​យើង​ នឹង​រសាយ​បាត់ ។ ឧទាហរណ៍ បងប្អូន​ស្រី​ទាំង​ចាស់​ទាំង​ក្មេង ​បាន​ចែកចាយ​ពី​អារម្មណ៍​ខ្លួន​ ដោយ​រំពឹង​ទុក​នូវការ​យល់​ចិត្ត ហើយ​ទទួល​យក ។ អ្នក​ជា​បុត្រី​នៃ​ព្រះ​ដូច​គ្នា ទោះ​អ្នក​ជា​មនុស្ស​ខុស​គ្នា​ក៏​ដោយ ។

ជា​មួយ​ទស្សនៈ​នោះ យុវនារី ​គួរ​ទន្ទឹង​រង់ចាំ​ការ​ចូល​ទៅ​កាន់​ថ្នាក់​សមាគម​សង្គ្រោះ​របស់​ខ្លួន​ថា​ជា​ឱកាស​មួយ​ដើម្បី​បង្កើន​ចំនួន​បងប្អូន​ស្រី​ ដែល​ពួកគេ​នឹង​បាន​ស្គាល់ កោត​សរសើរ ហើយ​ស្រឡាញ់ ។

សមត្ថភាព​ដូចគ្នា​នោះ​ ដើម្បី​មើល​ឃើញ​ពី​អ្វី​ដែល​យើង​ អាច​ប្រែក្លាយ​កំពុង​កើន​ឡើង​ក្នុង​ក្រុម​គ្រួសារ និង ថ្នាក់​កុមារ ។ វា​កំពុង​កើត​ឡើង​ក្នុង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ និង ក្នុង​កម្មវិធី​កុមារ ។ ក្មេង​តូចៗ​កំពុង​បំផុស​គំនិត​ឲ្យ​និយាយ​រឿង​ធំ ហើយ​អស្ចារ្យ ដូច​ពួកគេ​បាន​ធ្វើ​ ពេល​ព្រះអម្ចាស់​បាន​ស្រាយ​អណ្ដាត​ពួកគេ កាល​ទ្រង់​បាន​បង្រៀន​ពួកគេ ​ក្រោយ​ពី​ទ្រង់​បាន​រស់​ឡើង​វិញ ។3

កាល​សាតាំង​កំពុង​វាយ​ប្រហារ​ដល់​បងប្អូន​ស្រី​តាំងពី​ក្មេង នោះ​ព្រះអម្ចាស់​កំពុង​លើក​បងប្អូន​ស្រី​ទៅ​កាន់​កម្រិត​នៃ​ជីវភាព​ខាង​ផ្លូវ​វិញ្ញាណ​កាន់តែ​ខ្ពស់​ជាង​មុន ។ ឧទាហរណ៍ យុវនារី​កំពុង​បង្រៀន​ម្ដាយ​ខ្លួន​ពី​របៀប​ប្រើ​កម្មវិធី FamilySearch ដើម្បី​ស្វែងរក ហើយ​សង្គ្រោះ​ដល់​ដូនតា ។ បងប្អូន​ស្រី​វ័យ​ក្មេង​ខ្លះ​ដែល​ខ្ញុំ​ស្គាល់​កំពុង​ជ្រើសរើស​ចេញ​ទៅ​តាំង​ពី​ព្រឹក​ព្រលឹម​ ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​គ្មាន​ការ​បង្ខំ តែ​ពោរពេញ​ដោយ​វិញ្ញាណ​របស់​អេលីយ៉ា ។

នៅ​បេសកកម្ម​ជុំ​វិញ​ពិភព​លោក បងប្អូន​ស្រី​កំពុង​ត្រូវ​បាន​ហៅឲ្យ​បម្រើ​ជា​ថ្នាក់​ដឹក​នាំ ។ ព្រះអម្ចាស់​បាន​បង្កើត​តម្រូវ​ការ​សម្រាប់​ការ​បម្រើ​របស់​ពួកគេ ដោយ​ធ្វើ​ឲ្យ​បងប្អូន​ស្រីក្នុង​ចំនួន​ដ៏​ច្រើន​មាន​អារម្មណ៍​ចង់​បម្រើ ។ មាន​ប្រធាន​បេសកកម្ម​ជាច្រើន​ បាន​មើល​ឃើញ​ថា អ្នក​ផ្សាយ​សាសនា​ស្រី​កាន់​តែ​មាន​ឥទ្ធិពល​ក្នុង​នាម​ជា​អ្នក​ផ្សាយ​សាសនា និង​ជាពិសេស ជា​ថ្នាក់​ដឹក​នាំខាងការបីបាច់​​ថែទាំ​។

មិន​ថា​អ្នក​បម្រើ​ជា​អ្នក​ផ្សាយ​សាសនា​ពេញ​ម៉ោង​ដែរ​ ឬ​អត់​នោះ​ទេ អ្នក​អាច​ទទួល​បាន​សមត្ថភាព​ដូចគ្នា ​ដើម្បី​ពង្រឹង​ការរៀបការ​អ្នក និង​សមត្ថភាព​ចិញ្ចឹម​កូន​ចៅ​ដ៏​ថ្លៃថ្នូរ​បាន ដោយ​ធ្វើ​តាម​គំរូ​នៃ​ស្ត្រី​ដ៏​ឆ្នើម ។

សូម​គិតពី​នាង​អេវ៉ា ជា​ម្ដាយ​នៃ​មនុស្ស​ទាំង​អស់ ។ អែលឌើរ រ័សុល  អិម ណិលសុន បាន​ថ្លែង​ពី​នាង​អេវ៉ា​ថា ៖ «យើង​ និង​មនុស្ស​ទាំង​អស់​ មាន​ពរ​ជា​រៀង​រហូត​ ដោយសារ​ភាព​ក្លាហាន និង ប្រាជ្ញា​ដ៏​អស្ចារ្យ​របស់​នាង​អេវ៉ា ។ ដោយ​ការ​ទទួល​ទាន​ផ្លែ​ទី​មួយ នាង​បាន​ធ្វើ​អ្វី​ដែល​នាង​គួរ​ធ្វើ ។ អ័ដាម​ក៏​ឈ្លាសវៃ​ធ្វើ​រឿង​ដូចគ្នា​នេះ​ដែរ » ។4

រាល់​កូនស្រី​របស់​នាង​អេវ៉ា​ អាច​នាំ​យក​ពរជ័យ​ដូចគ្នា​ដែល​នាង​អេវ៉ា​បាន​ផ្ដល់​ដល់​គ្រួសារ​នាង​ឲ្យ​គ្រួសារ​ខ្លួន​បាន​ដែរ ។ នាង​ជា​មនុស្ស​ដ៏​សំខាន់​នៅ​ក្នុង​ការ​បង្កើត​ក្រុម​គ្រួសារ​រហូត​ដល់​យើង​មាន​របាយ​ការណ៍​នេះ​ ស្ដីពី​ការ​បង្កបង្កើត​របស់​នាង ៖ « ហើយ​ក្រុម​ព្រះ​បាន​មាន​ព្រះ​បន្ទូល​ថា ៖ តោះ​ ចូរ​យើង​ធ្វើ​ឲ្យ​មាន​ជំនួយ​ម្នាក់​សម​សម្រាប់​ជួយ​គាត់ ត្បិត​មិន​ល្អ​ទេ​ដែល​បុរស​គួរ​នៅ​ម្នាក់​ឯង ហេតុដូច្នេះ​ហើយ យើង​នឹង​សូន​ជា​ជំនួយ​មួយ​ដ៏​សម​ចំពោះ​គាត់» ។5

យើង​មិន​បាន​ដឹង​នូវ​រាល់​ជំនួយ​ដែល​នាង​អេវ៉ា​មាន​ចំពោះ​អ័ដាម និង គ្រួសារ​ពួកគេ​ឡើយ ។ តែ​យើង​ដឹង​ពី​អំណោយ​ដ៏​អស្ចារ្យ​មួយ​ដែល​នាង​បាន​ផ្ដល់ ហើយ​ដែល​អ្នក​រាល់​គ្នា​អាច​ផ្ដល់​ឲ្យ​ផងដែរ ៖ នាង​បាន​ជួយ​គ្រួសារ​ឲ្យ​ឃើញ​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពេល​ផ្លូវ​នៅ​ខាង​មុខ​ហាក់​ដូចជា​មាន​ការ​លំបាក។ « ហើយ​នាង​អេវ៉ា​ជា​ប្រពន្ធ​គាត់ បាន​ឮ​គ្រប់​ការណ៍​ទាំង​នេះ ហើយ​មាន​ចិត្ត​រីករាយ​ដោយ​ពោល​ថា ៖ បើ​សិន​ជា​ពុំ​មែន​ដោយសារ ការរំលង​របស់​យើង​ទេ នោះ​យើង​ក៏​នឹង​មិន​មាន​ពូជ​សោះ ហើយ​នឹង​មិន​ដឹង​ខុស​ត្រូវ និង សេចក្ដី​អំណរ​អំពី​សេចក្ដី​ប្រោស​លោះ​របស់​យើង និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​មនុស្ស​ទាំងអស់​ដែល​គោរព​តាម​ដែរ » ។6

អ្នក​មាន​គំរូ​របស់​នាង​ដើម្បី​ធ្វើ​តាម ។

តាមរយៈ​វិវរណៈ នាង​អេវ៉ា​បាន​ស្គាល់​ពី​ផ្លូវ​ទៅ​រក​ព្រះ ។ នាង​បាន​ដឹង​ថា ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាន​ជីវិត​អស់​កល្ប ។ នាង​ច្បាស់​ក្នុង​ចិត្ត ដូចជា​អ្នក​អាច​មាន​ដែរ ថា​ពេល​នាង​រក្សា​សេចក្ដី​សញ្ញា​នាង​ជាមួយ​នឹង​ព្រះវរបិតា​នាង ព្រះ​ដ៏​ប្រោស​លោះ និង ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ទត​​ឃើញ​នាង​ និង គ្រួសារ ​ឆ្លង​កាត់​រាល់​ទុក្ខ​លំបាក និង ការ​បាក់ទឹក​ចិត្ត ​ដែល​នឹង​កើត​មាន ។ នាង​​ដឹង​ថា ​នាង​អាច​ទុក​ចិត្ត​លើ​ទ្រង់​បាន ។

« ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ

« ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​អ្នក​ចុះ នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​អ្នក » ។7

ខ្ញុំ​ដឹង​ថា នាង​អេវ៉ា​បាន​ជួប​នឹង​ទុក្ខ​លំបាក និង ការ​ខក​បំណង តែ​ខ្ញុំ​ក៏​ដឹង​ផង​ដែរ​ថា នាង​បាន​រក​ឃើញ​ក្ដី​អំណរ​ដោយ​ដឹង​ថា នាង និង គ្រួសារ​នាង ​អាច​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​នឹង​ព្រះ​វិញ ។ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​ជាច្រើន​ដែល​នៅ​ទីនេះ ​បាន​ជួប​ទុក្ខ​សោក និង ការ​ខក​ចិត្ត ។ ខ្ញុំ​សូម​បន្សល់​ទុក​ពរជ័យ​របស់​ខ្ញុំ​នឹង​អ្នក​រាល់​គ្នា​ថា អ្នក​អាច​មាន​អារម្មណ៍​នូវ​ក្ដីអំណរ​ដូចគ្នា​នឹង​នាង​អេវ៉ា​ដែរ ពេល​អ្នក​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ខ្ញុំ​មាន​សាក្សី​ដ៏​ពិត​ប្រាកដ​មួយ​ថា ព្រះ​ជា​ព្រះវរបិតា​ទត​មើល​អ្នក​ដោយ​ក្ដី​ស្រឡាញ់ ។ ទ្រង់​ស្រឡាញ់​អ្នក​រាល់​គ្នា ។ អ្នក​ជា​បុត្រី​នៅ​ក្នុង​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។ ដោយសារ​ទ្រង់​ស្រឡាញ់​អ្នក ទ្រង់​នឹង​ប្រទាន​ជំនួយ​ដែល​អ្នក​ត្រូវការ​ ដើម្បី​នាំ​ខ្លួន​អ្នក និង អ្នក​ដទៃ​ទៀត​ឲ្យ​ឡើង​ទៅ​លើ​ផ្លូវ​ត្រឡប់​ទៅ​វត្តមាន​ទ្រង់​វិញ ។

ខ្ញុំ​ដឹង​ថា ព្រះ​អង្គ​សង្គ្រោះ​ បាន​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​យើង​រាល់​គ្នា ហើយ​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ថ្លែង​ទីបន្ទាល់​ពី​សេចក្ដី​ពិត ។ អ្នក​មាន​ការលួងលោម​នោះ​ នៅ​ក្នុង​ការប្រជុំ​នេះ ។ ខ្ញុំ​មាន​ទីបន្ទាល់​មួយ​ថា កូនសោ​ទាំងអស់​ដែល​ចង​សេចក្ដី​សញ្ញា​ពិសិដ្ឋ ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ។ វា​ត្រូវ​បាន​កាន់ ហើយ​អនុវត្ត​នៅ​សព្វ​ថ្ងៃ​ ដោយ​ព្យាការី​ដែល​នៅរស់​យើង គឺប្រធាន ថូម៉ាស  អេស ម៉នសុន​ ។ ខ្ញុំ​សូម​បន្សល់​ទុក​ពាក្យ​លួងលោម​ និង ក្ដី​សង្ឃឹម​ទាំង​នេះ​នឹង​អ្នក ដែល​ជា​បុត្រី​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ក្នុង​នាមដ៏ពិសិដ្ឋ​នៃ​​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។