ឆ្នាំ ២០១០-២០១៩
«កុំ​ខ្លាច​ឡើយ យើង​​នៅ​ជាមួយ​នឹង​ឯង»
ខែ មេសា 2014


«កុំ​ខ្លាច​ឡើយ យើង​​នៅ​ជាមួយ​នឹង​ឯង»

ពេល​យើង​អភិវឌ្ឍ​នូវ​​សេចក្ដី​ជំនឿ​​ និង​ការ​ទុក​ចិត្ត ចំពោះ​ព្រះអម្ចាស់កាន់តែ​ខ្លាំង​ឡើង នោះ​យើង​អាច​បាន​ព្រះចេស្ដា​ទ្រង់ ដើម្បី​ផ្ដល់​ពរ និង ស្រោចស្រង់​យើង។

អារម្មណ៍​មួយ​ចំនួន ប្រៀបធៀប​នឹង​អារម្មណ៍​ដ៏​ទន់ភ្លន់​នៃ​ការ​ក្លាយ​ជា​ឪពុក ឬ ម្ដាយ​ម្នាក់ ។ ពុំ​មាន​អ្វី​ដែល​ផ្អែម​ល្ហែម​ជាង​ការ​ទទួល​បាន​ទារក​ដ៏​មាន​តម្លៃ​ម្នាក់​ គឺ​មក​ពី​ស្ថានសួគ៌​ផ្ទាល់នោះ​ឡើយ ។ ប្អូន​ប្រុស​ម្នាក់​របស់​ខ្ញុំ បាន​មាន​បទពិសោធន៍អារម្មណ៍​​នេះ​ក្នុង​របៀប​ដ៏​ក្ដុក​ក្ដួល​ជា​ខ្លាំង ។ កូន​ប្រុស​ដំបូង​របស់​គាត់​បាន​កើត​មក​មុន​កំណត់ ហើយ​មាន​ទម្ងន់​តែ 1.3 គីឡូ ប៉ុណ្ណោះ ។ ហាន់ធើរ បាន​ចំណាយ​ពេល​ពីរ​ខែ​ដំបូង​ក្នុង​ជីវិត​គាត់ នៅ​ក្នុង​មណ្ឌល​ថែ​ទាំ​ទារក​ក្នុង​មន្ទីរ​ពេទ្យ ។ ពេល​វេលា​នោះ​គឺ​ជា​ពេល​ដ៏​ក្ដុក​ក្ដួល​សម្រាប់​គ្រួសារ​ទាំងអស់ កាលដែល​យើង​សង្ឃឹម និង ទូល​អង្វរ​ព្រះអម្ចាស់​ដើម្បី​បាន​ជំនួយ​ពី​ទ្រង់ ។

ទារក​តូច ហាន់ធើរ ត្រូវការ​ជំនួយ​ច្រើន​ណាស់ ។ គាត់​ពិបាក​នឹង​ទទួល​បាន​កម្លាំង​ដែល​ចាំបាច់​ដើម្បី​រស់ ។ ជា​ញឹកញាប់ ដៃ​ដ៏​រាំងមាំ​នៃ​ឪពុក​​ដោយ​ស្រឡាញ់​របស់​គាត់ បាន​ឈោង​ទៅ​ចាប់​ដៃ​ដ៏​តូច​នៃ​កូន​ប្រុស ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ទារក​តូច​ដ៏​ទន់​ខ្សោយ​របស់​ខ្លួន ។

ហើយ​ដូច្នោះ វា​គឺ​សម្រាប់​បុត្រ​ទាំងអស់​របស់​ព្រះ ។ ព្រះបិតា​នៅ​ស្ថានសួគ៌​របស់​យើង ឈោង​ព្រះ ហស្ដ​មក​យើង​ម្នាក់ៗ ដោយ​ក្ដី​ស្រឡាញ់ដ៏គ្មាន​ទីបំផុត​របស់​ទ្រង់ ។ ទ្រង់​មាន​ព្រះចេស្ដា​លើ​គ្រប់​អ្វី​ទាំងអស់ ហើយ​មាន​ព្រះបំណង​ជួយ​យើង​ឲ្យ​រៀន លូតលាស់ និង ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ។ ការណ៍​នេះ​ផ្ដល់​អត្ថន័យ​ពី​គោល​បំណង​របស់​ព្រះបិតា​យើង « គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង ជីវិត​ដ៏​នៅ​អស់ កល្ប​ជានិច្ច​ដល់​មនុស្ស » ។1

ពេល​យើង​អភិវឌ្ឍ​នូវសេចក្ដី​ជំនឿ​ និង​ការ​ទុកចិត្ត​ទៅលើ​​ព្រះអម្ចាស់កាន់តែ​ខ្លាំង​ឡើង នោះ​យើង​អាច​បាន​ព្រះចេស្ដា​ទ្រង់ ដើម្បី​ផ្ដល់​ពរ និង ស្រោចស្រង់យើង ។

ព្រះគម្ពីរ​មរមន ចងក្រង​ផ្ទៃ​រឿង​ដ៏​ស្រស់​ត្រកាល​នេះ អំពី​ព្រះចេស្ដា​នៃ​ព្រះអម្ចាស់ ក្នុង​ការ​ដោះលែងកូន​ចៅ​ទ្រង់ ។ នីហ្វៃ​បាន​ណែនាំ​ពី​រឿង​នេះ​តាំង​ពី​ជំពូក​ដំបូង​នៃ​ព្រះគម្ពីរ​មរមន ។ នៅ​ក្នុង​ខ 20 យើង​អាន​ថា « មើល​ចុះ ខ្ញុំ នីហ្វៃ នឹង​បង្ហាញ​ដល់​អ្នក​រាល់​គ្នា​ថា សេចក្ដី​មេត្តា​ករុណា​ដ៏​ទន់​ភ្លន់​ទាំងឡាយ​នៃ​ព្រះអម្ចាស់ មាន​មក​លើ​ជន​ទាំងអស់​ណា​ដែល​ព្រះ​ទ្រង់​បាន​រើស ដោយសារ​សេចក្ដី​ជំនឿ​របស់​គេ ដើម្បី​ធ្វើ​ឲ្យ​គេ​ខ្លាំង​ពូកែ ស្មើ​នឹង​អំណាច​នៃ​សេចក្ដី​ដោះលែង​ឲ្យ​រួច​ផុត » ។2

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ ខ្ញុំ​បាន​ដឹង​ផ្ទាល់​​អំពី​សេចក្ដី​ពិត​ទាំងឡាយ ​ដែល​ត្រូវបាន​សំដែង​​បង្ហាញ​ក្នុង​ខ​នេះ ។ ខ្ញុំ​បាន​ដឹង​ថា ព្រះបិតាសួគ៌​គង់នៅ​ជិតយើង​ខ្លាំង​យ៉ាង​ណា ហើយ​ថា​ទ្រង់​មាន​ព្រះ បំណង​ខ្លាំង​យ៉ាង​ណា​ដើម្បី​ជួយ​យើង ។

នា​ល្ងាច​មួយ ពេលជិត​យប់​ទៅ​ហើយ ខ្ញុំ​បាន​បើក​ឡានជាមួយ​កូនៗ​ខ្ញុំ ពេលនោះ​​ខ្ញុំ​កត់​សម្គាល់​ថា មាន​ក្មេង​ប្រុស​ម្នាក់ដើរ​តែ​ម្នាក់​ឯង​តាម​ផ្លូវស្ងាត់​​មួយ ។ បន្ទាប់​ពី​បើកឡាន​​ហួស​គាត់ ខ្ញុំ​បាន​មាន​​អារម្មណ៍​ច្បាស់​មួយ​ថា ខ្ញុំ​គួរ​ត្រឡប់​ទៅ​ជួយ​គាត់​វិញ ។ តែ​ដោយ​ព្រួយ​បារម្ភ​ថា វា​អាច​ធ្វើ​ឲ្យ​គាត់ភ័យ ​ដែល​មាន​មនុស្ស​ចម្លែក​ម្នាក់ ​ឈប់​ក្បែរ​គាត់នៅ​ពេល​យប់ នោះ​ខ្ញុំ​បាន​បន្ត​បើក​ឡាន​ទៅ​ទៀត ។ ខ្ញុំ​មាន​​​អារម្មណ៍​ដ៏​ខ្លាំង​នោះ​ម្ដង​ទៀត ដោយ​មាន​ពាក្យ​សម្ដី​ក្នុង​គំនិត​ខ្ញុំ​ថា ៖ « ទៅ​ជួយ​ក្មេង​ប្រុស​នោះ​ទៅ ! »

ខ្ញុំ​បាន​បើក​ឡាន​ត្រឡប់​ទៅ​វិញ ហើយ​សួរ​គាត់​ថា « តើ​ក្មួយ​ត្រូវ​ការ​ជំនួយ​ទេ ? មីង​មាន​អារម្មណ៍​ថា មីង​គួរ​តែ​ជួយ​ក្មួយ » ។

គាត់​​បែរ​មក​រក​យើង​ទាំង​ទឹកភ្នែក​ហូរ​កាត់​ថ្ពាល់ ហើយ​និយាយ​ថា « មីង​នឹង​ជួយ​ខ្ញុំ​មែន​ឬ ? ខ្ញុំ​បាន​អធិស្ឋាន​សុំ​ឲ្យ​មាន​នរណា​ម្នាក់​មក​ជួយ​ខ្ញុំ » ។

ការ​អធិស្ឋាន​របស់​គាត់ ​ត្រូវ​បាន​ឆ្លើយ​តប ដោយ​ការ​បំផុសគំនិត​ដែល​បាន​បញ្ជូន​មក​ឲ្យ​ខ្ញុំ ។ បទពិសោធន៍​នៃ​ការ​ទទួល​បាន​នូវ​ការ​ដឹកនាំ​ដ៏​ច្បាស់​មកពី​ព្រះវិញ្ញាណ​ដូច្នេះ បាន​បន្សល់​ទុក​នូវ​ដាន​ដែល​ពុំ​អាច​បំភ្លេច​បាន ក្នុង​ដួងចិត្ត​ខ្ញុំ ។

ឥឡូវ 25 ឆ្នាំ ក្រោយ​មក ​តាម​រយៈ​សេចក្ដី​មេត្តា​ករុណា​ដ៏​ទន់ភ្លន់ នោះ​ខ្ញុំ​បានទាក់ទងនឹង​​ក្មេង​ប្រុស​នេះ​ជា​លើក​ទីមួយ កាលពី​​ប៉ុន្មាន​ខែ​​នេះ​ឯង ។ ខ្ញុំ​បាន​ដឹង​ថា បទពិសោធន៍​នេះ ​មិន​ត្រឹម​តែ​ជា​រឿង​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ—វា​ជា​រឿង​របស់​គាត់​ផង​ដែរ ។ ឥឡូវ​នេះ ដេរិក ណានស៍ ជា​ឪពុក​ម្នាក់​នៃ​គ្រួសារគាត់​ផ្ទាល់ ។ គាត់​​ក៏​មិន​ដែល​ភ្លេច​ពី​បទពិសោធន៍​នេះ​ដែរ ។យើង​ទាំងពីរ​នាក់ បាន​ប្រើ​វា​ដើម្បី​បង្រៀនកូនៗ​យើង​ថា ព្រះ​កំពុងទត​មើល​លើ​យើង ។ យើង​មិន​នៅ​តែ​ឯង​ទេ ។

នៅ​យប់​នោះ ក្រោយ​ពី​រៀន​ចប់​ហើយ ដេរីក បាន​បន្ត​នៅ​សាលា​សម្រាប់​សកម្មភាព​មួយ ហើយ​បានខក​ខាន​ជិះរថយន្ត​ក្រុង​ចុងក្រោយ​គេ ។ ដោយ​ជា​ក្មេង​ជំទង់​ម្នាក់ គាត់​​មាន​ទំនុក​ចិត្ត​ថា គាត់​​អាច​ទៅ​ផ្ទះ​វិញ​បាន ដូច្នេះ​គាត់​ក៏​បាន​​ដើរមក ។

គាត់​ដើរ​នៅ​លើ​ផ្លូវ​តែ​ម្នាក់​ឯង អស់រយៈពេល​មួយ​ម៉ោង​កន្លះ​ ។ ដោយ​ផ្លូវ​មាន​ចម្ងាយ​​ច្រើនគីឡូម៉ែត​​ពី​ផ្ទះ​របស់​គាត់ ហើយ​​នៅ​តាម​ផ្លូវពុំ​មាន​ផ្ទះសោះ ​នោះ​គាត់បាន​ខ្លាច ។ ដោយ​អស់​សង្ឃឹម គេ​បាន​ដើរ​ទៅ​ក្រោយ​គំនរ​គ្រួស​មួយ ហើយ​លុត​ជង្គង់​អធិស្ឋាន​សុំ​ព្រះបិតាសួគ៌​ឲ្យ​ជួយ ។ គ្រាន់តែ​ប៉ុន្មាន​នាទី ក្រោយ​ពី ដេរីក ត្រឡប់​មកដើរ​តាម​ផ្លូវ​វិញ នោះ​ខ្ញុំ​បាន​ឈប់ ហើយ​ផ្ដល់​ជំនួយ​ដែលគាត់​បានអធិស្ឋានសុំ ។

ឥឡូវ​នេះ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ដេរីក នឹក​ចាំ​ថា ៖ « ព្រះអម្ចាស់​ទ្រង់​គិត​ដល់​ខ្ញុំ ជា​ក្មេង​ប្រុស​ដ៏ស្គម គ្មានអនាគត​ម្នាក់ ។ ហើយ​ថ្វី​បើ​មាន​អ្វីៗ​ផ្សេង​ទៀត ​កំពុង​កើត​ឡើង​ក្នុង​លោក​នេះ​ក៏​ដោយ ក៏​ទ្រង់​ជ្រាប​ពី​ស្ថានភាព​របស់​ខ្ញុំ ហើយ​ស្រឡាញ់​ខ្ញុំ​គ្រប់​គ្រាន់​នឹង​បញ្ជូន​ជំនួយ​មក ។ ព្រះអម្ចាស់​បាន​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ខ្ញុំ​ជា​ច្រើន​ដង តាំង​ពី​នៅ​តាម​ដង​ផ្លូវ​ដ៏​ស្ងាត់​នោះ ។ ការ​ឆ្លើយ​តប​របស់​ទ្រង់ មិន​តែងតែ​បាន​មក​ភ្លាមៗ ហើយ​ច្បាស់ៗ​នោះ​ទេ តែ​ការ​ជ្រាប​ដឹង​របស់​ទ្រង់​អំពី​ខ្ញុំ គឺ​ជាក់​ស្ដែង​នៅ​ថ្ងៃ​នេះ ក៏​ដូច​ជា​នៅ​យប់​ដ៏ស្ងាត់​នោះ​ដែរ ។ នៅពេល​ដែល​ស្រមោល​ងងឹត​នៃ​ជីវិត គ្រប​ដណ្ដប់​ពិភព​លោក​របស់​ខ្ញុំ នោះ​ខ្ញុំ​ដឹង​ថា ទ្រង់​តែងតែ​មាន​ផែនការ​មួយ ដើម្បី​ប្រាកដ​ថា ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ម្ដង​ទៀត ដោយ​សុវត្ថិភាព ។

ដូច​ជា ដេរីក បាន​សម្ដែង​ចេញ​ពី​ចិត្ត​អញ្ចឹងថា ​គ្រប់​ការ​អធិស្ឋាន​មិន​មែន​សុទ្ធ​តែ​បាន​ចម្លើយ​មក​ភ្លាមៗ​នោះ​ទេ ។ តែ​ពិត​ណាស់ ព្រះបិតា​យើង​ស្គាល់​យើង ហើយ​ឮ​ការ​អង្វរ​នៃ​ដួងចិត្ត​យើង ។ ទ្រង់​សម្រេច​នូវ​អព្ភូតហេតុ​ទាំងឡាយ តាម​​ការ​អធិស្ឋាន​ម្ដងមួយៗ ម្នាក់ម្ដងៗ ។

យើង​អាច​ទុក​ចិត្ត​ថា ទ្រង់​នឹង​ជួយ​យើង មិន​​តាម​របៀប​ដែល​យើង​ចង់​បាន​នោះ​ទេ តែ​ក្នុង​របៀប​ដែល​នឹង​ជួយ​យើង​ឲ្យ​លូតលាស់​បាន​ល្អ​បំផុត ។ ការ​ដាក់ឆន្ទៈ​យើង​ចុះចូល​​តាម​ឆន្ទៈ​ទ្រង់ អាច​ជា​ការ​លំបាក ប៉ុន្ដែ​វា​សំខាន់ក្នុង​ការ​ប្រែ​ក្លាយ​ដូច​ជា​ទ្រង់ និង ការ​ស្វែង​រក​សេចក្ដី​សុខសាន្ត​ ដែល​ទ្រង់​ប្រទាន​ដល់​យើង ។

យើង​អាច​មាន​អារម្មណ៍ ដូច​ជា ស៊ី. អេស. លូវីស បាន​ពិពណ៌នា​ថា ៖ « ខ្ញុំ​អធិស្ឋាន ដោយសារ​ខ្ញុំ​មិន​អាច​ជួយ​ខ្លួន​ឯង​បាន… ។ ខ្ញុំ​អធិស្ឋាន ដោយសារ​ខ្ញុំ​មានសេចក្តីត្រូវ​ការ​គ្រប់​ពេល... ទាំង​ពេល​ដើរ និងពេល​ដេក ។ វា​មិន​ផ្លាស់​ប្ដូ​ព្រះ​ទេ វា​ផ្លាស់​ប្ដូរ​ខ្ញុំ » ។3

មាន​រឿង​ជា​ច្រើន​ក្នុង​ព្រះគម្ពីរ អំពី​ពួក​អ្នក​ដែល​បានដាក់​​ការ​ទុក​ចិត្ត​លើ​ព្រះអម្ចស់ និង អ្នក​ដែល​បាន​ទទួល​ជំនួយ និង ការស្រោចស្រង់​ដោយ​ទ្រង់ ។ សូម​គិត​ពី​ដាវីឌ​ដ៏​ក្មេង ដែល​បាន​គេច​ផុត​ពី​សេចក្ដី​ស្លាប់​ក្នុង​ដៃ​របស់​កូលីយ៉ាត​ដ៏​មហិមា ដោយ​ការ​ពឹង​ផ្អែក​លើ​ព្រះអម្ចាស់ ។ សូម​ពិចារណា​ពី​នីហ្វៃ ដែល​ការ​អង្វរដោយ​សេចក្ដី​ជំនឿ​​របស់​លោក​ដល់​ព្រះ បានជួយ​​លោករួច​ផុត​ពី​បងប្រុស​ ដែល​ព្យាយាម​ផ្ដាច់​ជីវិត​លោក​ចោលនោះ ។ សូម​ចងចាំ​ពី យ៉ូសែប ស្ម៊ីធ ក៏​ក្មេង ដែល​បាន​អធិស្ឋាន​ស្វែង​រក​ជំនួយ​ពី​ព្រះអម្ចាស់ ។ លោក​ត្រូវ​បាន​ស្រោចស្រង់​ចេញ​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​បាន​ទទួល​ចម្លើយ​ដែល​ប្រកប​ដោយ​អព្ភូតហេតុ ។ ពួក​លោក​ម្នាក់ៗ បាន​ប្រឈម​នឹង​ឧបសគ្គ​ពិតៗ និង លំបាក ។ ពួក​លោក​ម្នាក់ៗ​ បាន​ប្រព្រឹត្ត​ដោយ​ជំនឿ ហើយ​បាន​ដាក់​ទីទុក​ចិត្ត​លើ​ព្រះអម្ចាស់ ។ ពួក​លោក​ម្នាក់ៗ​បាន​ទទួល​ជំនួយ​ពី​ទ្រង់ ។ ហើយ​នៅ​សព្វ​ថ្ងៃ​នេះ ព្រះចេស្ដា និង សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ​គឺ​នៅតែ​មាន​បង្ហាញ​ក្នុង​ជីវិត​របស់​កូន​ចៅ​ទ្រង់ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ឃើញ​វា​ក្នុង​ជីវិត​ពួក​បរិសុទ្ធ​ដែល​ពេញ​ដោយ​ជំនឿ​ក្នុង​ប្រទេស ស៊ីមបាវ៉េ និង បុតស្វាណា ។ ក្នុង​ការ​ប្រជុំ​តម​អាហារ និង ថ្លែង​ទីបន្ទាល់ នៅ​សាខា​​តូចមួយ ខ្ញុំ​មាន​ការ​បន្ទាប​ខ្លួន និង ការបំផុស​ដោយ​ទីបន្ទាល់​ ដែល​បាន​ចែកចាយ​ដោយ​​ពួក​កុមារ យុវវ័យ និង មជ្ឈិមវ័យវ័យជា​ច្រើន ។ ម្នាក់ៗ​បាន​នាំ​ទៅរក​​អារម្មណ៏​ដ៏​អស្ចារ្យ​ពី​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។ ជាមួយ​នឹង​ឧបសគ្គ និង កាលៈទេសៈ​ដ៏​លំបាក​ ដែល​ហ៊ុំព័ទ្ធជុំ​វិញ​ពួកគេ នោះ​ពួកគេ​រស់នៅ​រាល់​ថ្ងៃ ដោយ​ដាក់ទី​ទុក​ចិត្ត​របស់ពួក​គេទៅ​លើ​ព្រះ ។ ពួកគេ​ទទួល​ស្គាល់​​ព្រះហស្ដ​ទ្រង់​ក្នុង​ជីវិត​គេ ហើយ​បាន​បង្ហាញ​ជាញឹកញាប់ ​​ជាមួយ​នឹង​ឃ្លា​នេះថា « ខ្ញុំ​មាន​អំណរ​គុណ​ខ្លាំង​ណាស់ ចំពោះ​ព្រះ » ។

ពីរ​បី​ឆ្នាំ​កន្លង​ទៅ​ហើយ មាន​គ្រួសារ​ដ៏​ស្មោះត្រង់​មួយ បាន​ធ្វើ​គំរូ​នូវ​ការ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​ដូច​គ្នា​នោះ ដល់​សមាជិក​ក្នុង​វួដ​យើង ។ អាន និង វីនីតា ហ្គាតរីល រស់​នៅ​ដោយ​រីករាយ ពេល អាន ​ត្រូវ​បាន​វិនិច្ឆ័យ​រោគ​ថា​ មាន​មហារីក​ដ៏​សាហាវ​មួយ ។ ការ​វិនិច្ឆ័យ​ខាង​វេជ្ជសាស្ត្រ​នោះ​មិន​ល្អ​សោះ—ថា​គាត់​អាច​រស់​នៅ​បាន​តែ​ពីរ​បី​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ។ ក្រុម​គ្រួសារ​ចង់​ជួបជុំ​គ្នា​ជា​ចុងក្រោយ ។ ដូច្នេះ​កូនៗ​ទាំងអស់​មក​ជុំ​គ្នា អ្នក​ខ្លះ​មក​ពី​ទីឆ្ងាយ ។ ពួកគេ​បាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​តែ 48 ម៉ោង ប៉ុណ្ណោះ ​នៅ​ជុំ​គ្នា ។ គ្រួសារ ហ្គាតរីល បាន​ជ្រើសរើស​អ្វី​ដែល​សំខាន់​បំផុត​ដល់​ពួកគេ—គឺ​ការ​ថត​រូប​ជា​គ្រួសារ អាហារ​ពេល​ល្ងាច​ជា​គ្រួសារ និង ធ្វើ​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ។ វីនីតា បាន​និយាយ​ថា « ពេល​យើង​ដើរ​ចេញ​ពី​ទ្វារ​ព្រះវិហារ​បរិសុទ្ធ នោះ​គឺ​ជា​ពេល​ចុង​ក្រោយ​បំផុត​ដែល​យើង​នៅ​ជុំ​គ្នា​ក្នុង​ជីវិត​នេះ » ។

តែ​ពួកគេ​បាន​ចាកចេញ ជាមួយ​នឹង​ការ​ធានា​អះអាង​ថា មាន​អ្វី​ៗច្រើន​ទៀត​សម្រាប់​គេ មិន​គ្រាន់តែ​ជីវិត​នេះ​ប៉ុណ្ណោះ​ទេ ។ ដោយសារ​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ នោះ​ពួកគេ​មាន​ក្ដី​សង្ឃឹម​ទៅលើ​ការ​សន្យា​របស់​ព្រះ ។ ពួកគេ​អាច​បាន​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត ។

រយៈពេល​ពីរ​ខែ​បន្ទាប់ពី​នោះមក ត្រូវ​បាន​បំពេញ​ទៅ​ដោយ​ពរជ័យ​ដ៏ច្រើន​ឥត​គណនា ។ សេចក្ដី​ជំនឿ​របស់ អាន និង វីនីតា និង ការ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ បាន​លូតលាស់​ឡើង ដែល​ស្ដែង​ចេញ​តាម​ពាក្យ​សម្ដី​របស់ វីនីតា ថា ៖ « ខ្ញុំ​ត្រូវ​បាន​ត្រកងបី ។ ខ្ញុំ​បាន​រៀន​ថា អ្នក​អាច​ទទួល​អារម្មណ៍​សុខសាន្ត​នៅកណ្ដាល​គ្រា​ច្របូក​ច្របល់ ។ ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​មើល​ថែ​យើង ។ បើ​អ្នក​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ពិត​ណាស់​ថា​ អ្នក​អាច​យក​ឈ្នះ​គ្រប់​ឧបសគ្គ​ក្នុង​ជីវិត​បាន » ។

កូន​ស្រី​ម្នាក់​របស់​គាត់ បាន​បន្ថែម​ថា « យើង​បាន​មើល​ឪពុក​ម្ដាយ​យើង ហើយ​ឃើញ​​គំរូ​ពួកគាត់ ។ យើង​បាន​ឃើញ​សេចក្ដី​ជំនឿ​របស់​ពួកគាត់ និង របៀប​ដែល​ពួកគាត់​អនុវត្ត​សេចក្ដី​ជំនឿ​នោះ ។ ខ្ញុំ​នឹង​មិន​សុំ​ឲ្យ​មាន​ការ​សាកល្បង​នេះ​ទេ តែ​ខ្ញុំ​នឹង​មិន​បោះបង់​វា​ឡើយ​ ។ យើង​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ដោយ​សេចក្ដី​ស្រឡាញ់​របស់ព្រះ » ។

ពិត​ណាស់ មរណៈភាព​របស់ អាន ពុំ​មែន​ជា​លទ្ធផល​ដែល​គ្រួសារ ហ្គាតរីល សង្ឃឹម​ចង់​បាន​នោះ​ទេ ។ តែ​វិបត្តិ​របស់​ពួកគេ ពុំ​បាន​ធ្វើ​ឲ្យ​ពួកគេ​សង្ស័យ​លើ​សេចក្ដី​ជំនឿ​គេ​ឡើយ ។ ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ គ្រីស្ទ គឺ​ពុំ​មែន​ជា​បញ្ជី​ដែលយើងគូសគំនូស​​សម្រេច​នូវពហុភារកិច្ចនោះឡើយ តែ​វា​​នៅ​ក្នុង​ដួង​ចិត្ត​យើង ។ ដំណឹង​ល្អ​ « ពុំ​មែន​ជា​បន្ទុក​នោះ​ទេ តែ​វា​ជួយ​សម្រាល​យើង​វិញ » ។ 4 វា​អាចជួយ​យើង​បាន ។ វា​បាន​ជួយ​គ្រួសារ ហ្គាតរីល ។ ពួកគេ​បាន​ទទួល​អារម្មណ៍​សុខសាន្ត​នៅ​កណ្ដាល​ព្យុះ ។ ពួកគេ​ឱប​ក្រសោប​គ្នាទៅវិញទៅមក​ និង ឱបក្រសោប​​សេចក្ដី​សញ្ញា​ព្រះវិហារ​បរិសុទ្ធ​ដែល​ពួកគេ​បាន​ធ្វើ និង រក្សាយ៉ាងជិតស្និទ្ធ ។ សមត្ថភាព​របស់​គេ​ក្នុង​ការ​ទុក​ចិត្ត​លើ​ព្រះ​ បាន​លូតលាស់​ឡើង ហើយ​រឹង​មាំ ដោយសារ​សេចក្ដី​ជំនឿ​របស់​គេ​លើ​ព្រះយស៊ូវគ្រីស្ទ និង ព្រះចេស្ដា​ដ៏​ធួន​របស់​ទ្រង់ ។

ពេល​យើង​ឃើញ​ថា​ យើង​នៅ​លើ​ផ្លូវ​នៃ​ភាព​ជាសិស្ស មិន​ថា​យើង​មាន​ការ​បារម្ភ និង​ឧបសគ្គ​យ៉ាង​ណា​ទេ យើង​មិន​នៅឯកោ​ឡើយ ។ អ្នកពុំ​ត្រូវ​បាន​បំភ្លេច​ចោល​ឡើយ ។ ដូច​ជា ដេរីក ពួក​បរិសុទ្ធ​នៅ​អាហ្វ្រិក និង​គ្រួសារ ហ្គាតរីល —យើង​អាច​ជ្រើសរើស​ឈោង​ទៅ​ព្រះហស្ដ​ព្រះ ពេល​ត្រូវការ ។ យើង​អាច​ប្រឈម​នឹង​ឧបសគ្គ​របស់​យើង ដោយ​ការ​អធិស្ឋាន និង ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ។ ហើយ​នៅ​ក្នុង​ដំណើរការ​នោះ យើង​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់ ។

ព្រះអម្ចាស់​មាន​បន្ទូលមក​យើង​ម្នាក់ៗ​ថា « កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ … យើង​​នៅ​ជាមួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើងជា​ព្រះ​នៃ​ឯង ៖ យើង​នឹង​ចម្រើន​កម្លាំង​ដល់​ឯង អើ យើង​នឹង​ជួយ​ឯង … យើង​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្ដាំ​ដ៏​សុចរិត​របស់យើង » ។5

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដ៏​រាបទាប តែ​ជាសាក្សី​ជាក់លាក់​​ថា ព្រះ ជា​ព្រះបិតា​យើង ទ្រង់​ស្គាល់​យើង​ដោយ​ផ្ទាល់ ហើយ​ឈោងព្រះហស្ថមក​ជួយ​យើង ។ គឺ​មាន​តែ​​តាម​រយៈ​ព្រះរាជ​បុត្រា​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ ​ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ​ដែល​យើង​អាច​យក​ឈ្នះ​ឧបសគ្គ​នានា​នៃ​លោកិយ​នេះ ហើយ​បាន​ស្រោចស្រង់​ឲ្យ​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព ។ សូម​ឲ្យ​យើង​មាន​សេចក្ដី​ជំនឿ ដើម្បី​ទុក​ចិត្ត​ទ្រង់ ខ្ញុំ​អធិស្ឋាន​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាមែន ។