« ត្បិត​ខ្ញុំ​បាន​ធ្វើ​ដំរាប់ទុក​ឲ្យ​អ្នករាល់គ្នា​ហើយ »


គំរូ​ដ៏​ល្អបំផុត​ដែល​ធ្លាប់មាន​នៅ​លើ​ផែនដី គឺ​ព្រះអង្គសង្គ្រោះ​យើង ព្រះយេស៊ូវ​គ្រីស្ទ ...។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ធ្វើ​តាម​គំរូ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់។

ពេល​ខ្ញុំបាន​​ពិចារណា​អំពីកាតព្វកិច្ច​​​ចែកចាយ​ដំណឹងល្អរបស់ខ្ញុំ ​ខ្ញុំ​បាន​សញ្ជឹងគិត​អំពី អស់អ្នក​ជាទីស្រឡាញ់ បាន​ជួយ​ខ្ញុំ​ឲ្យ​រក​ឃើញ​ផ្លូវ​ដែល​បាន​តាំងដ៏ទេវភាព ដែលជួយ​ខ្ញុំ​រីកចម្រើន​ខាង​វិញ្ញាណ ដោយឥទ្ធិពល​​ទន់ភ្លន់​របស់ពួកគាត់។ ក្នុងពេល​ដ៏មាន​តម្លៃ​ក្នុងជីវិត​ខ្ញុំ ព្រះវរបិតាសួគ៌ បានបញ្ជូន​​​មនុស្ស​ឲ្យមក​​មើល​ថែខ្ញុំយ៉ាង​គ្រប់គ្រាន់ ដែល​ជួយ​ដឹកនាំការ​ជ្រើសរើស​របស់​ខ្ញុំ ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវមួយ ។ ពួកគាត់​បាន​កាន់​តាមព្រះបន្ទូលរបស់ព្រះអង្គ​សង្គ្រោះទាំងនេះ​​​ថា ៖ « ត្បិត​ខ្ញុំ​បាន​ធ្វើ​ដំរាប់​ទុក​ឲ្យ​អ្នករាល់គ្នា​ហើយ ដើម្បី​ឲ្យ​អ្នករាល់គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ » ។ 1

ពេល​ខ្ញុំ​នៅក្មេង ឪពុក​ខ្ញុំ​ពុំ​មែនជា​សមាជិក​នៃ​សាសនាចក្រ​ទេ ហើយ​ម្ដាយ​ខ្ញុំបែរ​ជា​​ពុំសូវសកម្មទៀត ។ យើង​រស់នៅ​ វ៉ាស៊ីនតោន ឌី.ស៊ី ហើយ​ឪពុក​ម្ដាយ​របស់​ម្ដាយខ្ញុំ បានរស់នៅ 2500 ម៉ែល ​(4,000 គ.ម) ពី​រដ្ឋ​វ៉ាស៊ីនតោន ។ ប៉ុន្មាន​ខែ​បន្ទាប់ពី​ខួបកំណើត​ប្រាំបី​ឆ្នាំ​របស់ខ្ញុំ លោកយាយ វីតថល បាន​មក​លេង​នឹង​យើង ។ លោក​យាយ​មាន​កង្វល់​អំពីមូលហេតុ ដែល​ខ្ញុំ​នឹង​បងប្រុស​ខ្ញុំ​ពុំបាន​ទទួលបុណ្យ​ជ្រមុជទឹក​​ ។ ខ្ញុំ​មិន​ដឹង​ថា​គាត់និយាយ​អ្វី​ខ្លះ​អំពី​រឿង​នេះទៅ​ឪពុក​ម្ដាយ​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​បានដឹង​ថា នា​ព្រឹក​មួយ គាត់​បាន​នាំ​បងប្រុស​ខ្ញុំ និង​ខ្ញុំ​ទៅ​លេង​សួន​ច្បារ​មួយ ហើយ​បាន​ចែកចាយ​​អារម្មណ៍​គាត់​អំពី​សារៈសំខាន់​នៃការ​ទទួលបុណ្យជ្រមុជទឹក និង​ទៅព្រះវិហារ​ទៀងទាត់ ។ ខ្ញុំ​មិន​ចាំ​នូវពាក្យសម្ដី​ជាក់លាក់ដែល​គាត់​និយាយ​ទេ ប៉ុន្តែ​ពាក្យ​ពេចន៍គាត់ បាន​ចាក់​ចូលដល់ដួង​ចិត្ត​ខ្ញុំ ហើយ​មិន​យូរ​ប៉ុន្មាន បងប្រុស​ខ្ញុំ និង​ខ្ញុំ​បាន​ទទួលបុណ្យជ្រមុជទឹក ។

លោក​យាយ បាន​បន្ដ​គាំទ្រ​ដល់យើង ។ ខ្ញុំ​ចាំ​ថា រាល់ពេល​ដែល​បងប្រុស​ខ្ញុំ និង​ខ្ញុំ ត្រូវ​បាន​ចាត់​ឲ្យ​ឡើងនិយាយ​ក្នុង​ព្រះវិហារ យើង​តែងបានទូរស័ព្ទ​ទៅ​លោកយាយ សុំ​យោបល់​ខ្លះៗពីគាត់ ។ ពី​របី​ថ្ងៃ​ក្រោយមក យើង​បាន​ទទួល​អត្ថបទ​ឡើងនិយាយដែល​សរសេរ​ដោយ​ដៃមកពីគាត់ ។ ក្រោយមកទៀត យោបល់​ទាំងឡាយរបស់​គាត់​ បាន​ផ្លាស់ប្ដូរ​ទៅ​ជាទម្រង់មួយ តម្រូវ​ឲ្យ​យើងខំ​បញ្ចេញសមត្ថភាព​ដោយ​ខ្លួន​យើងច្រើន​ជាង។

លោក​យាយ បាន​ប្រើ​ការ​លើក​ទឹកចិត្ត​ និង​ការ​គោរព​ត្រឹមត្រូវ ដើម្បីជួយ​ឪពុក​យើង ទទួលស្គាល់​សារៈសំខាន់​នៃ​ការ​នាំ​យើង​ទៅ​ព្រះវិហារ​ សម្រាប់​ការ​ប្រជុំ ។ គាត់​បាន​ជួយ​យើង​ឲ្យ​ដឹង​ពី​តម្រូវ​ការ​ដើម្បី​មាន​ដំណឹងល្អ​ក្នុង​ជីវិត​យើង តាម​គ្រប់វិធី​ ។

សំខាន់​បំផុត​នោះ យើង​បាន​ដឹង​ថា​លោកយាយ ស្រឡាញ់​យើង ហើយ​ដឹងថា គាត់ស្រឡាញ់​ដំណឹងល្អ ។ គាត់​ជា​គំរូ​ដ៏អស្ចារ្យ​មួយ ! ខ្ញុំ​មានអំណរគុណណាស់ ចំពោះទីបន្ទាល់​ដែល​គាត់​បាន​ចែកនឹង​ខ្ញុំ ពេល​ខ្ញុំ​នៅ​ក្មេង ។ ឥទ្ធិពល​របស់គាត់ បាន​ផ្លាស់ប្ដូរ​ទិសដៅ​នៃជីវិត​ខ្ញុំ ។

ក្រោយមក ពេល​ខ្ញុំ​ហៀប​នឹង​បញ្ចប់ការសិក្សា​ពីសាកលវិទ្យាល័យ ខ្ញុំ​បានចាប់ចិត្ត​ស្រឡាញ់យុវ​នារី​ដ៏​ស្អាត​ម្នាក់ ឈ្មោះ ជែននីន វ៉តឃីនស៍ ។ ខ្ញុំ​បាន​គិត​ថា គាត់​ចាប់​ផ្ដើម​មាន​អារម្មណ៍​ស្រឡាញ់ខ្ញុំ​ខ្លះផង​ដែរ ។ នា​យប់​មួយ ពេល​យើង​​និយាយគ្នា​​អំពី​អនាគត ​គាត់​បាន​​លើកដោយ​ប្រុង​ប្រយ័ត្ននូវ​​ប្រយោគពិភាក្សា​ ដែល​បាន​ផ្លាស់ប្ដូរ​ជីវិត​ខ្ញុំ​ជា​រៀង​រហូត ។ គាត់​និយាយ​ថា « ពេល​ខ្ញុំ​រៀបការ ខ្ញុំ​នឹង​រៀបការ​ជាមួយ​អ្នក​ត្រឡប់ពីផ្សាយសាសនា​ស្មោះត្រង់​នៅក្នុង​ព្រះវិហារបរិសុទ្ធ » ។

ខ្ញុំ​ពុំ​សូវបាន​គិត​ច្រើនអំពី​បេសកកម្ម​​ពី​មុនមកទេ ។ យប់​នោះ ចិត្តខ្ញុំ សញ្ជឹងគិតអំពីការ​បម្រើ​ផ្សាយសាសនា បាន​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​ទៅ​ផ្ទះវិញ ហើយមិន​គិត​អំពី​អ្វី​ផ្សេងទៀត​សោះឡើយ ។ ខ្ញុំ​ពុំ​អាច​គេង​លក់​ពេញ​មួយយប់ ។ ខ្ញុំ​ពុំ​អាចផ្តោតលើការ​រៀនរបស់ខ្ញុំ ​នៅ​ថ្ងៃ​បន្ទាប់​បាន​ទេ ។ បន្ទាប់ពី​ការ​អធិស្ឋាន​ជាច្រើន​មក ខ្ញុំ​បាន​សម្រេច​ចិត្ត​ដើម្បីជួប​នឹង​ប៊ីស្សព​ខ្ញុំ ហើយ​ចាប់​ផ្ដើម​ដាក់​ពាក្យ​ផ្សព្វផ្សាយសាសនា ។

ជែននីន ពុំ​ដែល​សុំ​ខ្ញុំ​ឲ្យ​បម្រើ​បេសកកម្ម​ដើម្បីគាត់​​នោះ​ទេ ។ គាត់​ស្រឡាញ់​ខ្ញុំ​ខ្លាំងណាស់ ទើប​ចែកចាយ​ពីជំនឿ​ស៊ប់​របស់​​គាត់ ហើយ​បាន​ផ្ដល់​ឱកាស​ដល់​ខ្ញុំ ដើម្បី​ដើរ​តាម​ទិសដៅ​នៃ​ជីវិត​ផ្ទាល់​របស់​ខ្ញុំ ។ យើង​ទាំងពីរ​នាក់បាន​បម្រើ​បេសកកម្ម ហើយ​ក្រោយមក​បាន​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ភាព​ក្លាហាន និង​ការប្តេជ្ញាចិត្ត​របស់​ ជែននីន ចំពោះ​សេចក្តីជំនឿ​គាត់ បាន​ធ្វើ​ឲ្យ​មានផ្លាស់ប្តូរយ៉ាងធំ​នៅក្នុង​ជីវិត​យើង​រួមគ្នា ។ ខ្ញុំ​ជឿជាក់ថា យើង​នឹង​ពុំ​រកឃើញសុភមង្គល ដែល​យើង​មាន ដោយ​គ្មាន​សេចក្តីជំនឿ​ដ៏រឹងមាំ​របស់គាត់​ ទៅលើ​គោលការណ៍​នៃ​ការ​បម្រើ​ព្រះអម្ចាស់​ជាមុន​សិននោះ​ទេ ។ គាត់​គឺ​ជា​គំរូ​ដ៏ល្អ និង​សុចរិត​មួយ !

លោក​យាយ វីតថល និង​ ជែននីន ស្រឡាញ់​ខ្ញុំយ៉ាងខ្លាំង ទើបបាន​ចែកចាយ​ជំនឿ​ស៊ប់​របស់ពួកគាត់ថា ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ និង​ការ​បម្រើ​ព្រះវរបិតាសួគ៌ នឹង​ប្រទានពរ​ដល់ជីវិត​ខ្ញុំ ។ គ្មានពួកគាត់ណា​ម្នាក់​បង្ខំ​ ឬ​ធ្វើ​ឲ្យខ្ញុំ​​មាន​អារម្មណ៍​មិន​ល្អ​ពី​ខ្លួន​ខ្ញុំ​ឡើយ ។ ពួកគាត់​ស្រឡាញ់​ខ្ញុំ ហើយ​ស្រឡាញ់​ព្រះវរិតាសួគ៌ ។ ពួកគាត់បានដឹង​ថា ទ្រង់​អាច​ធ្វើ​អ្វីៗ​ច្រើន​​សម្រាប់​ជីវិត​ខ្ញុំ ជា​ជាង​ខ្ញុំ​អាច​ធ្វើ​ដោយ​ខ្លួន​ឯងបាន ។ ពួកគាត់ម្នាក់ៗ បាន​ជួយ​ខ្ញុំយ៉ាង​ក្លាហាន​ ​ដោយ​ក្ដី​ស្រឡាញ់ ដើម្បី​ស្វែងរក​ផ្លូវ​ទៅកាន់​សុភមង្គល​ដ៏​អស្ចារ្យ​បំផុត ។

តើ​យើង​ម្នាក់ៗ អាច​ក្លាយទៅជា​ឥទ្ធិពល​ដ៏សំខាន់ដូច្នេះ​ដោយ​របៀប​ណា ? យើង​ត្រូវ​មានសេចក្ដី​ស្រឡាញ់ដោយស្មោះ​ចំពោះ​អ្នក ​ដែល​យើង​ចង់​ជួយ​​​​នៅ​ក្នុង​សេចក្ដី​សុចរិត ដើម្បី​ពួកគេ​អាច​ចាប់​ផ្ដើមអភិវឌ្ឍន៍ទំនុក​ចិត្ត​លើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។ ​ចំពោះមនុស្ស​ជាច្រើន​ក្នុង​ពិភលោក ឧបសគ្គ​ទីមួយក្នុង​ការ​ទទួលដំណឹងល្អ គឺ​ការ​អភិវឌ្ឍ​ជំនឿ​លើ​ព្រះវរបិតាសួគ៌ ដែល​ស្រឡាញ់​ពួកគេ​ដោយ​ឥត​ខ្ចោះ ។ វា​ពិតជា​ងាយស្រួល ដើម្បី​អភិវឌ្ឍន៍សេចក្តី​ជំនឿ ពេល​ពួកគេ​មាន​មិត្តភក្ដិ ឬ​សមាជិក​គ្រួសារ ដែល​សេចក្ដី​ស្រឡាញ់​ពួកគេ​ស្រដៀងគ្នា​នេះ ។

ការទុកចិត្ត​របស់ពួកគេ​លើក្ដី​ស្រឡាញ់​អ្នក អាចជួយ​ពួកគេ​បង្កើតក្ដីជំនឿ​ទៅលើ​សេចក្ដី​ស្រឡាញ់​របស់ព្រះ ។​ បន្ទាប់មក​តាមរយៈ​ការ​ស្រឡាញ់​ ការ​ទំនាក់ទំនង​ដោយ​ចេះគិតរបស់អ្នក នោះ​ជីវិត​ពួកគេ នឹង​ទទួល​ពរ​ តាមរយៈ​មេរៀនដែលអ្នក​ចែកចាយ ដែល​អ្នក​បាន​រៀន បទពិសោធន៍​ដែល​អ្នក​មាន និង​គោលការណ៍​ទាំងឡាយ​ដែល​អ្នក​បាន​ដើរតាម ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ផ្ទាល់​ខ្លួន​អ្នក ។ ចូរ​បង្ហាញ​ការ​យកចិត្តទុកដាក់​ដ៏​ស្មោះ​របស់អ្នកចំពោះ​សុខុមាលភាព​ពួកគេ រួចហើយ​ចែកចាយ​ទីបន្ទាល់​អ្នក ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

អ្នក​អាច​ជួយ​តាម​របៀបនានា ដែល​ផ្អែក​ទៅ​លើ​គោលការណ៍ និង​គោលលទ្ធិ ។ ចូរ​លើកទឹកចិត្ត​មនុស្ស​ដែលអ្នក​ស្រឡាញ់ ឲ្យ​ព្យាយាម​យល់​អំពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​ពួកគេ​ធ្វើ ។ របៀប​មួយ ដើម្បីធ្វើ​ដូច្នេះ គឺ​សួរ​សំណួរ​ដល់ពួកគេ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​គិត រួច​ហើយ​ទុក​ពេលគ្រប់​គ្រាន់​ឲ្យ​ពួកគេ--​ទោះ​ជា​រាប់ម៉ោង ច្រើន​ថ្ងៃ ច្រើន​ខែ ឬលើស​ពីនេះ-- ដើម្បី​ពិចារណា និង​ស្វែងរក​ចម្លើយ​សម្រាប់​ខ្លួន​គេ ។ អ្នក​គួរតែ​​ជួយ​ពួកគេ​ឲ្យដឹងអំពី​របៀប​អធិស្ឋាន និង​របៀប​ដើម្បី​ស្គាល់​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់ពួកគេ ។​ ជួយ​ពួកគេឲ្យ​ដឹង​ថា ​បទគម្ពីរ គឺ​ជា​ប្រភព​ដ៏​សំខាន់​មួយ ដើម្បី​ទទួល និង​ស្គាល់​ចម្លើយ ។ តាម​របៀប​នោះ អ្នក​នឹង​ជួយ​ពួកគេ​ត្រៀម​ខ្លួន​សម្រាប់​ឱកាស និង​ឧបសគ្គ​នា​ពេល​អនាគត ។

គោលបំណង​របស់ព្រះគឺ « ដើម្បីនាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​ក្បល​ជានិច្ច​ដល់​មនុស្ស​ » ។ 2 នោះ​ជា​គ្រឹះនៃអ្វីៗទាំងអស់​​ដែល​យើងធ្វើ ។ ពេល​ខ្លះ យើងត្រូវ​បានលង់ខ្លួនទៅ​​ក្នុង​លើអ្វី ដែលយើងជឿថា គួរឲ្យរំភើបចិត្ត ឬ​បានជាប់​​រវល់​យ៉ាង​ខ្លាំង​នឹង​ទំនួលខុសត្រូវ​ប្រចាំ​ថ្ងៃ ដែល​យើង​បាន​ភ្លេច​ពី​គោលបំណង​របស់ព្រះ ។ នៅ​ពេល​អ្នក​ផ្ដោត​ជីវិត​យ៉ាង​ខ្ជាប់ខ្ជួន​ទៅ​លើ​គោលការណ៍​ជា​មូលដ្ឋាន​បំផុត នោះ​អ្នក​នឹង​ទទួល​បាន​ការ​យល់ដឹង​អំពី​អ្វី ដែល​អ្នក​ត្រូវ​ធ្វើ ហើយ​អ្នក​នឹង​បង្កើត​ផល​បាន​កាន់តែ​ច្រើន​ចំពោះ​ព្រះអម្ចាស់ និង​សុភមង្គល​កាន់​តែ​ច្រើន​ដល់​ខ្លួន​អ្នក ។

នៅពេល​អ្នក​ផ្ដោត​ជីវិត​អ្នក​ទៅ​លើ​គោលការណ៍ជា​មូលដ្ឋាន​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ នោះ​អ្នក​នឹង​កាន់​តែ​ផ្តោតចិត្ត​ទៅ​លើ​ការ​ចែកចាយ​នូវ​អ្វី​ដែល​អ្នក​ដឹង ដោយ​សារ​អ្នក​យល់​ពី​សារៈសំខាន់​ដ៏អស់កល្ប​នៃ​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ ។ អ្នក​នឹង​ចែកចាយ​អ្វី​ដែល​អ្នកដឹង​ តាមរបៀបណា​មួយ ដែល​លើក​ទឹកចិត្ត​មិត្ត​របស់អ្នក​ឲ្យ​ចង់​មាន​ភាព​រឹងមាំ​ខាង​វិញ្ញាណ ។ អ្នកនឹង​ជួយ​អស់អ្នកជាទីស្រឡាញ់​របស់អ្នក ​ឲ្យ​តាំងចិត្ត​គោរព​តាម​បទបញ្ញត្តិ​ទ្រង់ទាំងអស់ ហើយ​លើក​ដាក់​លើ​ខ្លួន​គេ​នូវ​ព្រះនាម​នៃព្រះយេស៊ូវ​គ្រីស្ទផងដែរ ។

ចូរ​ចងចាំ​ថា ការ​សន្ទនា​របស់​បុគ្គល​ម្នាក់ៗ គឺ​គ្រាន់តែ​ជា​ផ្នែកមួយ​នៃ​កិច្ចការ​ប៉ុណ្ណោះ ។ ចូរ​ព្យាយាម​ពង្រឹង​ដល់​គ្រួសារ​ជានិច្ច ។ ចូរ​បង្រៀន​ដោយ​ទស្សនៈ​អំពីសារៈ​សំខាន់នៃ​ក្រុមគ្រួសារ ត្រូវ​បាន​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ជាមួយ​ក្រុម​គ្រួសារ​មួយ​ចំនួន វា​អាច​ចំណាយ​ពេល​រាប់​ឆ្នាំ ។ នេះ​ជា​ករណី​ឪពុក​ម្ដាយ​ខ្ញុំ ។ជាច្រើន​ឆ្នាំ បន្ទាប់ពី​ខ្ញុំ​បានជ្រមុជទឹក ឪពុក​ខ្ញុំ​បានជ្រមុជទឹក ហើយ​ក្រោយ​មក​គ្រួសារ​ខ្ញុំ​បាន​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ ។ ឪពុក​ខ្ញុំ​បាន​បម្រើ​ជា​អ្នក​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារបរិសុទ្ធ ហើយ​ម្ដាយ​ខ្ញុំ​បាន​បម្រើ​នៅទីនោះ​ជាមួយ​គាត់ ។ នៅពេល​អ្នក​មានទស្សនៈវិស័យ​​អំពី​ពិធីបរិសុទ្ធ​ផ្សារភ្ជាប់​ក្នុងព្រះវិហារបរិសុទ្ធ នោះ​អ្នក​នឹង​ជួយ​ស្ថាបនា​នគរ​ព្រះ​នៅលើ​ផែនដី ។​

ចូរ​ចាំ​ថា ការស្រឡាញ់​ពួកគេ គឺ​ជា​​គ្រឹះ​ដ៏​មាន​អនុភាព​បំផុត សម្រាប់​ជះឥទ្ធិពល​ដល់​អ្នកទាំង​ឡាយ ដែល​អ្នក​ចង់​ជួយ ។ ឥទ្ធិពល​លោក​យាយ​ វីតថល និងភរិយា​ខ្ញុំ ជែននីន ទំនងជា​រឿងមិន​សំខាន់ទេ បើ​ខ្ញុំ​មិន​ដឹង​​ជាមុន​ថា ពួកគាត់​ស្រឡាញ់​ខ្ញុំ ហើយ​ចង់​ឲ្យ​ខ្ញុំ​មាន​អ្វី​ល្អ​បំផុត​ក្នុង​ជីវិ​ត​នោះ ។

ក្នុង​នាម​ជា​ដៃគូ​ចំពោះ​សេចក្ដីស្រឡាញ់​នោះ ចូរ​ទុកចិត្តពួកគាត់ ។ ក្នុង​ករណី​ខ្លះ វា​ទំនងជា​ពិបាក​ដើម្បី​ទុកចិត្ត ប៉ុន្តែ​សូម​រក​វិធី​ទុក​ចិត្ត​ពួកគេចុះ ។ កូនចៅ​របស់ព្រះវរបិតាសួគ៌ អាច​ធ្វើរឿង​​អស្ចារ្យ​ជាច្រើន ពេល​ពួកគេ​ដឹង​ថា មានគេ​ទុក​ចិត្តខ្លួន​នោះ ។ កូន​ម្នាក់ៗ​របស់​ព្រះ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ជ្រើសរើស​ផែនការ​របស់ព្រះអង្គសង្គ្រោះ ។ ការ​ទុកចិត្ត​​នោះ​​ផ្ដល់​ជា​ឱកាស​ដើម្បី​ឲ្យពួកគេ​នឹង​ធ្វើ​ដូច្នោះ​ម្ដងទៀត ។

ចូរ​ចែកចាយ​គោលការណ៍​ដែល​ជួយ​អ្នក​ទាំងឡាយ​ដែល​អ្នក​ស្រឡាញ់​ឲ្យ​ឆ្ពោះ​ទៅមុខ​នៅ​តាម​ផ្លូ​វជីវិត​ដ៏អស់កល្បជានិច្ច ។ ចូរចាំ​ថា យើង​ទាំងអស់គ្នា រីកចម្រើន​មួយបន្ទាត់​ម្ដងៗ ។ អ្នក​បាន​ធ្វើ​តាម​គំរូដដែល នៅក្នុង​ការ​យល់ដឹង​អំពី​ដំណឹងល្អ​របស់អ្នក ។ ចូរ​បន្ដ​​ចែកចាយ​ដំណឹងល្អ​របស់អ្នក​ដោយ​សាមញ្ញ ។

ទី​បន្ទាល់​ផ្ទាល់​របស់អ្នក អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ឧបករណ៍​ដ៏មានអនុភាព​មួយ ។ ធនធាន​បន្ថែមទៀត មានដូច​ជា​​ការ​អធិស្ឋាន ព្រះគម្ពីរមរមន និងព្រះគម្ពីរ​ដទៃទៀត ហើយ​នឹង​ការ​តាំងចិត្ត​របស់​អ្នក​ចំពោះ​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព ។ អ្វីៗ​ទាំងអស់នេះ នឹង​ជួយ​សម្រួល​ទិសដៅ​នៃ​ព្រះវិញ្ញាណ ​ដែលសំខាន់​បំផុតសម្រាប់​អ្នកពឹង​ផ្អែក ។

ដើម្បី​មាន​ឥទ្ធិពល ហើយ​ធ្វើ​ដូចជា​ព្រះគ្រីស្ទ​បាន​ធ្វើ 3 ចូរ​ពិចារណា​គោលការណ៍​មូលដ្ឋាន​នៃ​ដំណឹងល្អ​នេះ ៖ ដង្វាយធួន​នៃព្រះយេស៊ូវ​គ្រីស្ទ ធ្វើ​ឲ្យ​យើង​មាន​លទ្ធភាព​ប្រែក្លាយ​កាន់​តែ​ដូច​ជាព្រះវរបិតាសួគ៌​យើង ដើម្បី​យើង​អាច​រស់នៅ​ជាមួយគ្នា​ដ៏អស់​កល្បជានិច្ច​ក្នុង​អង្គភាព​គ្រួសារ​យើង ។

គ្មានគោលលទ្ធិ​ណា សំខាន់​ចំពោះ​កិច្ចការ​យើង ជា​ងដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។ ចូរឆ្លៀត​គ្រប់ឱកាស​ ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គសង្គ្រោះ និង​អំណាច​នៃ​ការពលិកម្ម​​ដង្វាយ​ធួន​របស់ទ្រង់ ។ ចូរ​ប្រើ​បទគម្ពីរ​ដែល​បង្រៀន​អំពី​ទ្រង់ និង​មូល​ហេតុ​ដែល​ទ្រង់​គឺ​ជា​គំរូ​ដ៏​ឥត​ខ្ចោះ​ដល់​មនុស្ស​គ្រប់រូប​ក្នុង​ជីវិត ។ 4 អ្នក​នឹង​ត្រូវ​សិក្សា​ដោយ​ឧស្សាហ៍​ព្យាយាម ។ ចូរ​កុំ​ជក់ចិត្ត​នឹង​រឿង​កំប៉ិកកំប៉ុកពេក ដែល​ធ្វើ​ឲ្យ​អ្នក​ខកខានពុំបាន​រៀន​គោលលទ្ធិ និង​ការ​បង្រៀន​របស់​ព្រះអម្ចាស់​នោះឡើយ ។ ​អ្នកនឹង​ក្លាយ​ជា​ប្រភព​ដ៏​មានអំណាច​ចំពោះការ​ចែកចាយ​សេចក្ដីពិតដ៏​សំខាន់​ជាមួយ​អ្នកដទៃ ដែល​ត្រូវ​ការ​វា​យ៉ា​ងខ្លាំង​នោះ ពេលអ្នក​មាន​​គ្រឹះ​ខាង​គោលលទ្ធិ​រឹងមាំផ្ទាល់​ខ្លួន ។

យើង​បម្រើ​ព្រះវរបិតាសួគ៌​យើងយ៉ាង​ល្អ​បំផុត តាមរយៈ​ឥទ្ធិពល​សុចរិតលើ​អ្នកដទៃ និង​ការ​បម្រើ​ពួកគេ ។ 5​ព្រះអង្គសង្គ្រោះ​យើង ព្រះយេស៊ូវ​គ្រីស្ទ គឺជាគំរូដ៏ល្អ​បំផុត​ដែល​បាន​រស់នៅ​លើ​ផែនដី។ ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់ទ្រង់ ពោរពេញ​ដោយការ​បង្រៀន ការ​បម្រើ និងការ​ស្រឡាញ់អ្នកដទៃ ។ ទ្រង់​គង់នៅ​ជាមួយ​បុគ្គល​ទាំងឡាយ ដែល​ត្រូវ​គេ​ថ្កោលទោស​ថា​​ពុំ​សក្ដិសម ​និង​ធ្វើជា​ដៃគូរ​របស់ទ្រង់ ។ ទ្រង់​ស្រឡាញ់​ពួកគេ ។ ទ្រង់​ដឹង​ពី​តម្រូវ​ការពួកគេ ហើយ​បង្រៀន​ពួកគេ​នូវ​ដំណឹងល្អ​ទ្រង់ ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ធ្វើ​តាម​គំរូ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ។

ខ្ញុំ​ដឹង​ថា ដំណឹង​ល្អ​ទ្រង់ គឺ​ជា​ផ្លូវ​ទៅ​កាន់​សេចក្ដីសុខសាន្ដ និង​សុភមង្គល​ក្នុង​ជីវិត​នេះ ។ សូម​ឲ្យ​យើង​ចង​ចាំ​ធ្វើ​ ដូច​ដែលទ្រង់​បាន​ធ្វើ តាមរយៈ​​ការ​ចែកចាយ​ក្ដីស្រឡាញ់ ការ​ទុកចិត្ត និង​ចំណេះ​​ពី​សេចក្ដី ពិត​ជាមួយ​អ្នកដទៃ ដែល​ពុំ​ទាន់​ទទួល​យក​ពន្លឺ​ដ៏ចែងចាំង​នៃ​ដំណឹងល្អ ។ នៅក្នុង​ព្រះនាម​នៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

បង្ហាញ​សេចក្ដី​យោង

  1.  

    1. យ៉ូហាន 13:15 ។

  2.  

    2. ម៉ូសេ 1:39 ។

  3.  

    3. សូមមើល យ៉ូហាន 13:15 ។

  4.  

    4. សូមមើល សម្រាប់​គំរូ លូកា 22:39–46, យ៉ូហាន 8:3–11, ភីលីព 4:13, យ៉ាកុប 5:15–16, យ៉ូហានទី 1 1:7, នីហ្វៃទី 2 1:15; 2; 25:17–30; 31; យ៉ាកុប 4; អាលម៉ា 7; ;42; នីហ្វៃទី 3 11–30; មរ៉ូណៃ 10:32–33; គោលលទ្ធិ និង​សេចក្ដីសញ្ញា 18:10–16; 19:13–19; 29:3; 88:1–13; 138:2–4; ម៉ូសេ 5:6–12 ។

  5.  

    5. សូមមើល ម៉ាថាយ 22:35–40; ម៉ូសាយ 2:17 ។