បើ​អ្នក​ខ្វះ​ប្រាជ្ញា


ព្រះ​នឹង​បើក​សម្ដែង​សេចក្ដីពិត​ដល់​ជន​ណាដែល​ស្វែងរក​វា ដូច​ដែល​បាន​ចែង​នៅ​ក្នុង​ព្រះគម្ពីរ។

ប៉ុន្មាន​ថ្ងៃ​មុន កូន​ប្រុសអាយុ 10 ឆ្នាំ​​ខ្ញុំ​ បាន​សិក្សាអំ​ពី​ខួរ​ក្បាល​មនុស្ស​តាម​អ៊ីនធើណិត ។ គាត់​ចង់​ក្លាយ​ជា​គ្រូ​ពេទ្យ​វះកាត់​នា​ពេល​អនាគត ។ វា​មិន​ពិបាក​សម្គាល់ទេ ថា​គាត់​ឆ្លាត​ជាង​ខ្ញុំ​ខ្លាំង​ណាស់ ។

យើង​ចូលចិត្ត​ប្រើ​អ៊ីនធើណិត ។ នៅ​ផ្ទះ យើង​ទាក់ទង​នឹង​គ្រួសារ ព្រម​ទាំង​មិត្តភក្ដិ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​សង្គម តាម​អ៊ីម៉ែល និង តាម​របៀប​ផ្សេង​ទៀត ។ កូនៗ​ខ្ញុំ​ធ្វើ​កិច្ចការ​សាលា​ពួកគេ​ភាគ​ច្រើន​តាម​អ៊ីនធើណិត ។

ទោះ​ជា​សំណួរ​អ្វី​ក៏​ដោយ បើ​យើង​ត្រូវ​ការ​ព័ត៌មាន​បន្ថែម យើង​ស្វែងរក​វា​តាម​អ៊ិនធើរណិត ។ គ្រាន់​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​យើង​មាន​នូវ​ឯកសារ​ជា​ច្រើន ។ ការណ៍​នេះ​អស្ចារ្យ​ណាស់ ។

អ៊ីនធើណិត​ផ្ដល់​ឱកាស​ជា​ច្រើន​សម្រាប់​ការ​រៀន​សូត្រ ។ ប៉ុន្តែ សាតាំង​ចង់​ឲ្យ​យើង​មាន​ទុក្ខ​ព្រួយ ហើយ​បាន​ផ្លាស់ប្ដូរ​គោលបំណង​ពិត​នៃ​រឿង​ទាំងឡាយ ។ វា​ប្រើ​ឧបករណ៍​ដ៏​អស្ចារ្យ​នេះ​ បង្កើតជា​​ការ​សង្ស័យ និង ការ​ភ័យ​ខ្លាច និង​ដើម្បី​បំផ្លាញ​សេចក្ដី​ជំនឿ និង សេចក្ដី​សង្ឃឹម ។

ដោយ​មាន​រឿង​ជាច្រើន​លើ​អ៊ីនធើណិត យើង​ត្រូវ​គិត​ដោយ​ប្រុង​ប្រយ័ត្ន​ពី​ទី​កន្លែងដែល​យើង​​អនុវត្ត​ការ​ខិតខំ​របស់យើង ។ សាតាំង​អាច​ធ្វើ​ឲ្យ​យើង​មមាញឹក ស្រមើរស្រម៉ៃ ហើយ​មិន​បរិសុទ្ធ​ ដោយ​ការ​មើល​ព័ត៌មាន ដែល​ភាគ​ច្រើន ​អាច​ជា​ព័ត៌មាន​ដែល​គ្មាន​តម្លៃ ។

មនុស្ស​ម្នាក់​ មិន​គួរ​មើល​ព័ត៌មាន​ឥត​ប្រយោជន៍​ ដោយ​គ្មាន​គោលបំណង​ជាក់លាក់​ឡើយ ។

សូម​ស្ដាប់​ការ​ណែនាំ​នេះ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ថា ៖ « ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ​ ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​គ្រប់​រូប​ ដើម្បី​ឲ្យ​គេ​អាច​ដឹង​ខុស និង ត្រូវ ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​បង្ហាញ​ដល់​អ្នក​នូវ​វិធី​វិនិច្ឆ័យ ដ្បិត គ្រប់​ទាំង​អ្វីៗ​ដែល​អញ្ជើញ​ឲ្យ​ធ្វើ​ល្អ ហើយ​ដែល​បញ្ចុះ​បញ្ចូល​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​គឺ​បាន​ចាត់​មក​ពី​ព្រះចេស្ដា និង អំណោយ​ទាន​នៃ​ព្រះគ្រីស្ទ ហេតុដូច្នោះ​ហើយ អ្នក​រាល់​គ្នា​អាច​ដឹង ... ថា​មក​ពី​ព្រះ » ។1

ក្នុង​ទិដ្ឋភាព​ពិត​មួយ យើង​ប្រឈម​នឹង​បញ្ហា​ដូច​គ្នា​ដែល យ៉ូសែប ស៊្មីធ បាន​ជួប​កាល​លោក​នៅ​ក្មេង ។ ជា​ញឹកញាប់​យើង​ឃើញ​ថា​ ខ្លួន​ឯង​ខ្វះ​ប្រាជ្ញា ។

ក្នុង​នគរ​ព្រះ ការ​ស្វែងរក​សេចក្ដី​ពិត ​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ លើក​ទឹក​ចិត្ត ហើយ​មិន​ដែល​រារាំង ឬ ធ្វើ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ។ ព្រះអម្ចាស់​បាន​ទូន្មាន​យ៉ាង​ខ្លាំង​ដល់​សមាជិក​សាសនាចក្រ​ឲ្យ​ស្វែងរក​ចំណេះ​ដឹង ។2 ទ្រង់​មាន​ព្រះ​បន្ទូល​ថា « ចូរ​អ្នក​រាល់​គ្នា​ព្យាយាម​ស្វែងរក… មែន​ហើយ ចូរ​អ្នក​រាល់​គ្នា​ស្វែងរក​ពាក្យ​សំដី​នៃ​ប្រាជ្ញា​វាង​វៃ​ចេញ​ពី​សៀវភៅ​ដ៏​ល្អៗ​បំផុត ចូរ​ស្វែងរក​ការ​រៀន​សូត្រ​គឺ​ដោយ​សារ​ការ​សិក្សា និង ដោយ​សារ​សេចក្ដី​ជំនឿ​ផង »3 ប៉ុន្តែ តើ​យើង​អាច​ស្គាល់​សេចក្ដី​ពិត​ក្នុង​ពិភពលោក​មួយ​ ដែល​កំពុង​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ចំពោះ​រឿង​ដែល​ទាក់ទងទៅ​នឹង​ព្រះ​តាម​របៀប​ណា ?

ព្រះគម្ពីរ​បង្រៀន​យើង​ពី​របៀប​នោះ ៖

ទី​មួយ យើង​អាច​ស្គាល់​សេចក្ដី​ពិត​ដោយ​ការ​មើល​ផលផ្លែ​វា ។

ក្នុង​ទេសនកថា​ដ៏​អស្ចារ្យ​របស់​ទ្រង់​នៅ​លើ​ភ្នំ ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ថា ៖

« ដូច្នេះ​អស់​ទាំង​ដើម​ឈើ​ល្អ​ តែង​មាន​ផ្លែ​ល្អ ឯ​ដើម​អាក្រក់ ​ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ ។ …

« ដូច្នេះ​អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន​ គឺ​ដោយសារ​ផល​គេ​បង្កើត » ។4

ព្យាការី មរមន បាន​បង្រៀន​គោលការណ៍​ដូច​គ្នា​នេះ ពេល​លោក​ថ្លែង​ថា « ដោយ​កិច្ចការ​របស់​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ស្គាល់​ពួកគេ​ហើយ ដ្បិត បើ​សិន​ជា​កិច្ចការ​របស់​គេ​ល្អ នោះ​ពួកគេ​ក៏​ជា​មនុស្ស​ល្អ​ដែរ » ។5

យើង​សូម​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​សិក្សា​ពី​ផលផ្លែ និង កិច្ចការ​នៃ​សាសនាចក្រ​នេះ ។

ជន​ដែល​មាន​ចំណាប់​អារម្មណ៍​នឹង​សេចក្ដី​ពិត​ អាច​ស្គាល់​ភាព​ខុស​ប្លែក​ដែល​សាសនាចក្រ និង សមាជិក​​ធ្វើ​នៅ​ក្នុង​សហគមន៍ ​ដែល​ពួកគេ​បាន​ស្ថាបនា​ឡើង ។ ពួកគេ​ក៏​នឹង​ឃើញ​ភាព​រីក​ចម្រើន​នៅ​ក្នុង​ជីវិត​នៃ​ជន​ដែល​ធ្វើ​តាម​ការ​បង្រៀន​របស់​សាសនាចក្រ​ដែរ ។ ជន​ដែល​សាកល្បង​នឹង​ផលផ្លែ​ទាំងនេះ ​នឹង​រក​ឃើញ​ថា ផល​ផ្លែ​នៃ​សាសនាចក្រ​នេះ​ មាន​រសជាតិ​ឆ្ងាញ់ ហើយ​គួរ​ឲ្យ​ប្រាថ្នា ។

ទី​ពីរ យើង​អាច​រក​សេចក្ដី​ពិត ​ដោយ​ការ​សាកល្បង​លើ​ព្រះ​បន្ទូល​ដោយ​ខ្លួន​ឯង ។

ព្យាការី​អាលម៉ា​បាន​បង្រៀន​ថា ៖

« យើង​នឹង​ប្រៀបធៀប​ព្រះ​បន្ទូល​ទៅ​នឹង​គ្រាប់​ពូជ​មួយ​គ្រាប់ ។ ... បើសិន​ជា​អ្នក​រាល់​គ្នា​ទុក​កន្លែង​មួយ​សម្រាប់​ឲ្យ​គ្រាប់​ពូជ​នោះ​អាច​ដុះ​នៅ​ក្នុង​ចិត្ត​របស់​អ្នក មើលចុះ បើសិន​ជា​គ្រាប់​ពូជ​នេះ​ជា​គ្រាប់​ពិត [ ហើយ ] ...បើសិន​ជា​អ្នក​រាល់​គ្នា​ពុំ​បោះ​វា​ចោល ដោយ​ការ​ឥត​ជំនឿ ... មើលចុះ គ្រាប់​ពូជ​នោះ​នឹង​ចាប់​ផ្ដើម​រីក​ឡើង​នៅ​ក្នុង​ទ្រូង​របស់​អ្នក ហើយ...នោះ​អ្នក​រាល់​គ្នា​នឹង​និយាយ​ដោយ​ខ្លួន​ឯង​ថានេះ​ច្បាស់​ជា​គ្រាប់​ពូជ...ល្អ ព្រោះ​វា​ចាប់​ផ្ដើម​ពង្រីក​ព្រលឹង​របស់​ខ្ញុំ មែនហើយ វា​ចាប់​ផ្ដើម​បំភ្លឺ​យោបល់​របស់​ខ្ញុំ មែនហើយ​វា​ចាប់ផ្ដើម​មាន​រសជាតិ​ឆ្ងាញ់​ចំពោះ​ខ្ញុំ ។ …

« ...ហើយ​ឥឡូវ​នេះ...តើ​ការណ៍​នេះ​ពុំ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​ទេ​ឬ​អី ? មែនហើយ វា​នឹង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក …

« ...ដ្បិត​គ្រាប់​នីមួយៗ​តែងតែ​នាំ​មក​នូវ​ដើម​ឈើ​មួយ​ពី​ពូជ​នោះ » ។6

ឱ ! វា​ជា​ការអញ្ជើញ​ដ៏​អស្ចារ្យ​អ្វី​ម៉្លេះ​ពី​ព្យាការី​នៃ​ព្រះអម្ចាស់ ការណ៍​នេះ​អាច​ប្រៀបធៀប​នឹង​ការសាកល្បង​ខាង​វិទ្យាសាស្ត្រ​មួយ ។ យើង​ត្រូវបាន​អញ្ជើញ​ឲ្យ​សាកល្បង​ព្រះ​បន្ទូល សុំ​ឲ្យ​គិត ហើយ​ប្រាប់​ពី​លទ្ធផល​នៃ​ការ​សាកល្បង​នោះ បើ​យើង​ធ្វើ​តាម​ការណែនាំ ។

ដូច្នេះ ព្រះគម្ពីរ​បង្រៀន​យើង​ថា យើង​អាច​ស្គាល់​សេចក្ដី​ពិត​ ដោយ​ការ​មើល​ពី​ផលផ្លែ​របស់​វា សាកល្បង​វា​ដោយ​ខ្លួន​ឯង ទុក​កន្លែង​ក្នុង​ចិត្ត​យើង​សម្រាប់​ព្រះ​បន្ទូល ហើយ​ដាំ​ដុះ​ព្រះ​បន្ទូល​នេះ​ដូចជា​គ្រាប់​ពូជ​មួយ​ដែរ ។

នៅ​មាន​វិធី​ទី​បី​ទៀត ​ដើម្បី​ស្គាល់​សេចក្ដី​ពិត ហើយ​នោះ ​គឺ​តាម​វិវរណៈ​ផ្ទាល់​ខ្លួន ។

គោលលទ្ធិ និង សេចក្តី​សញ្ញា កណ្ឌ​ទី 8 បង្រៀន​ថា វិវរណៈ ​គឺ​ជា​ចំណេះ​ដឹង---« ចំណេះ​អំពី​ការណ៍​ទាំងឡាយ​ណា​ដែល [ យើង ] នឹង​សូម​ដោយ​សេចក្ដី​ជំនឿ ដោយ​មាន​ចិត្ត​ទៀង​ត្រង់ ដោយ​ជឿ​ថា [ យើង ] នឹង​បាន​ទទួល » ។7

ហើយ​ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​យើង​ពី​របៀប ​ដែល​យើង​នឹង​ទទួល​វិវរណៈ​នេះ ។ ទ្រង់​មាន​ព្រះ​បន្ទូល​ថា « យើង​នឹង​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ក្នុង​គំនិត​របស់​អ្នក និង នៅ​ក្នុង​ចិត្ត​របស់​អ្នក ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​នឹង​សណ្ឋិត​មក​លើ​អ្នក ហើយ​ដែល​នឹង​គង់​នៅ​ក្នុង​ចិត្ត​របស់​អ្នក » ។​8

ដូច្នេះ យើង​ត្រូវ​បាន​បង្រៀន​ថា វិវរណៈ​អាច​ទទួល​បាន​ ដោយ​ការ​សូម​ដោយ​សេចក្ដី​ជំនឿ ដោយ​ចិត្ត​ទៀង​ត្រង់ ហើយ​ជឿ​ថា ​យើង​នឹង​បាន​ទទួល ។

ប៉ុន្តែ សូម​សម្គាល់​ថា ​ព្រះអម្ចាស់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ ពេល​ទ្រង់​បាន​ព្រមាន​ថា « ចូរ​ចងចាំ​ថា បើ​គ្មាន​សេចក្ដី​ជំនឿ នោះ​អ្នក​ពុំ​អាច​ធ្វើ​អ្វី​បាន​ទេ ហេតុដូច្នេះ​ហើយ ចូរសូម​ដោយ​នូវ​សេចក្ដី​ជំនឿ » ។9 សេចក្ដី​ជំនឿ ​ត្រូវ​ការ​ការអនុវត្ត --- មាន​ដូចជា​ការសិក្សា​វា​ក្នុង​គំនិត​អ្នក រួច​សូម​សួរ​ថា​ តើ​វា​ត្រឹមត្រូវ​ដែរ​ឬ​ទេ ។

ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ថា ៖

« បើសិន​ជា​ត្រឹមត្រូវ នោះ​យើង​នឹង​បណ្ដាល​ឲ្យ​ទ្រូង​របស់​អ្នក​ខ្មួលខ្មាញ់​ខាង​ក្នុង ហេតុដូច្នោះ​ហើយ អ្នក​នឹង​មាន​អារម្មណ៍​ថា ការណ៍​នោះ​ត្រឹមត្រូវ ។

« ប៉ុន្តែ​បើសិន​ជា​ការណ៍​នោះ​មិន​ត្រឹមត្រូវ​វិញ នោះ​អ្នក​នឹង​ពុំ​មាន​អារម្មណ៍​យ៉ាង​ដូច្នោះ​ឡើយ ប៉ុន្តែ​អ្នក​នឹង​អាប់​គំនិត​ដែល​នឹង​បណ្ដាល​ឲ្យ​អ្នក​ភ្លេច​នូវ​អ្វី​ដែល​ខុស » ។10

សេចក្តី​ជំនឿ​បើ​គ្មាន​ការ​អនុវត្ត​គឺ​ស្លាប់ ។11 ដូច្នេះ « សូម​ដោយ​ចិត្ត​ជឿ​ឥត​សង្ស័យ​អ្វី​សោះ » ។12

ខ្ញុំ​មាន​មិត្ត​ម្នាក់ ពុំ​មែន​ជា​សមាជិក​ទេ បាន​ប្រាប់​ខ្ញុំ​ថា គាត់​ពុំ​មែន​ជា​មនុស្ស​ចូល​ចិត្ត​ខាង​ព្រលឹង​វិញ្ញាណ​ឡើយ ។ គាត់​មិន​សិក្សា​ព្រះគម្ពីរ ឬ អធិស្ឋាន​ទេ ដោយ​សារ​គាត់​គិត​ថា គាត់​មិន​យល់​ពី​ព្រះ​បន្ទូល ឬ មិន​ប្រាកដ​ថា​មាន​ព្រះ​ដែរ​ឬ​អត់​នោះ​ទេ ។ ឥរិយាបថ​នេះ​បង្ហាញ​ពី​កង្វះ​ជីវិត​ខាង​វិញ្ញាណ​របស់​គាត់ ហើយ​នឹង​ដឹកនាំ​ទៅ​រកភាព​ផ្ទុយ​នៃ​វិវរណៈ ដូច អាលម៉ា បាន​ពន្យល់ ។ លោក​បាន​ថ្លែង​ថា ៖ « ហេតុ​ដូច្នេះ​ហើយ នរណា​ដែល​ធ្វើ​ចិត្ត​រឹងរូស អ្នក​នោះ​ហើយ​ដែល​នឹង​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ​មួយ​ភាគ​តិច​ប៉ុណ្ណោះ » ។

តែ​អាលម៉ា​បាន​បន្ថែម​ទៀត​ថា « ឯ​នរណា​ដែល​ពុំ​ធ្វើ​ចិត្ត​រឹងរូស​ទេ អ្នក​នោះ​ហើយ​ដែល​នឹង​បាន​ទទួល​ព្រះ​បន្ទូល​របស់​ព្រះអង្គ​មួយ​ភាគ​ច្រើន​ជាង រហូត​ដល់​អ្នក​នោះ​អាច​ដឹង​នូវ​សេចក្ដី​អាថ៌​កំបាំង​ទាំងឡាយ​នៃ​ព្រះ រហូត​ដល់​អ្នក​នោះ​ដឹង​គ្រប់​សេចក្ដី » ។13

អាលម៉ា និង បុត្រា​ទាំងឡាយ​របស់ ម៉ូសាយ គឺ​ជា​គំរូ​នៃ​គោលការណ៍​នេះ​ថា សេចក្ដី​ជំនឿ​ត្រូវការ​ការអនុវត្ត ។ ក្នុង​ព្រះគម្ពីរ​មរមន បាន​ចែង​ថា ៖

« គេ​បាន​ព្យាយាម​ពិចារណា​មើល​បទគម្ពីរ ដើម្បី​ឲ្យ​គេ​អាច​ស្គាល់​ព្រះ​បន្ទូល​នៃ​ព្រះ ។

« ប៉ុន្តែ​នេះ​ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ ពួកគេ​បាន​ប្រគល់​ខ្លួន​ទៅ​ក្នុង​ការ​អធិស្ឋាន និង ការតម​អាហារ​ជា​ច្រើន ហេតុ​ដូច្នេះ​ហើយ ពួកគេ​ប្រកប​ដោយ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ និង វិញ្ញាណ​នៃ​វិវរណៈ » ។14

ការ​សូម​ដោយ​ចិត្ត​ទៀង​ត្រង់​គឺ​សំខាន់​ដូចគ្នា​នៅ​ក្នុង​ដំណើរការ​នេះ ។ បើ​យើង​ស្វែងរក​សេចក្ដី​ពិត​ដោយ​ចិត្ត​ស្មោះ នោះ​យើង​នឹង​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​រក​វា ដែល​អាច​រួម​បញ្ចូល​ទាំងការ​អាន​ព្រះគម្ពីរ ការទៅ​ព្រះវិហារ និង ការ​ប្រឹងប្រែង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ វា​ក៏​មាន​ន័យ​ផងដែរ​ថា យើង​នឹង​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះ​ពេល​យើង​ស្វែងរក​វា ។

ទង្វើ​របស់ យ៉ូសែប ស៊្មីធ ពេល​លោក​បាន​ស្វែងរក​ប្រាជ្ញា​គឺ​ជា​គំរូ​មួយ​ល្អ​បំផុត​ចំពោះ​អត្ថន័យ​នៃ​ការ​មាន​ចិត្ត​ទៀង​ត្រង់ ។ លោក​បាន​ថ្លែង​ថា លោក​ចង់​ដឹង​ថា​បក្ស​ពួក​ណា​មួយ​ទៅ​ដែល​ត្រូវ « ដើម្បី​ឲ្យ [ លោក ] បាន​ដឹង​ថា [ លោក ] ត្រូវ​ចូល​រួម​នឹង​បក្ស​ណា​មួយ »។15 ពីមុន​លោក​បាន​អធិស្ឋាន​ទៅ​ទៀត លោក​បាន​រៀបចំ​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​តាម​ចម្លើយ​ដែល​លោក​នឹង​ទទួល ។

យើង​ត្រូវ​សូម​ដោយ​សេចក្ដី​ជំនឿ និង ដោយ​ចិត្ត​ទៀង​ត្រង់ ។ តែ​វា​ពុំ​ទាន់​អស់​ទេ ។ យើង​ក៏​ត្រូវ​ជឿ​ថា​នឹង​ទទួល​បាន​វិវរណៈ​នោះ​ផងដែរ ។ យើង​ត្រូវ​ទុក​ចិត្ត​ព្រះអម្ចាស់ ហើយ​មាន​សង្ឃឹម​លើ​ការ​សន្យា​របស់​ទ្រង់ ។ ចូរ​ចាំ​នូវ​អ្វីដែល​បាន​ចែង​ទុក​ថា ៖ « តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ » ។16 ឱ ! ជា​ការសន្យា​អស្ចារ្យ​អ្វី​ម៉្លេះ !

ខ្ញុំ​សូម​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ស្វែងរក​សេចក្ដី​ពិត​ក្នុង​ចំណោម​វិធី​សាស្ត្រ​ទាំង​នេះ ប៉ុន្តែ ជា​ពិសេស​តាមរយៈ​វិវរណៈ​ផ្ទាល់​ខ្លួន​មក​ពី​ព្រះ ។ ព្រះ​នឹង​បើក​សម្ដែង​សេចក្ដី​ពិត​ដល់​ជន​ដែល​ស្វែងរក​វា ដូច​ដែល​បាន​ចែង​នៅ​ក្នុង​ព្រះគម្ពីរ ។ វា​តម្រូវ​ឲ្យ​មាន​ការប្រឹងប្រែង​ច្រើន​ជាង​ការគ្រាន់​តែ​ស្វែងរក​តាម​អ៊ិនធើណិត ប៉ុន្តែ វា​មាន​តម្លៃ​សក្ដិសម ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ខ្ញុំ​ថា នេះ​ជា​សាសានចក្រ​ពិត​របស់ ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​បាន​ឃើញ​ផលផ្លែ​របស់​វា​នៅ​ក្នុង​សហគមន៍ និង ក្នុង​ជីវិត​មនុស្ស​រាប់​ពាន់​នាក់ រួម​ទាំង​សមាជិក​គ្រួសារ​ដែរ ដូច្នេះ ខ្ញុំ​ដឹង​ថា​វា​ពិត ។ ខ្ញុំ​បាន​សាកល្បង​ព្រះ​បន្ទូល​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ហើយ​ខ្ញុំ​បាន​ទទួល​ឥទ្ធិពល​របស់​វា​នៅ​ក្នុង​ព្រលឹង​ខ្ញុំ ដូច្នេះ ខ្ញុំ​ដឹង​ថា​វា​ពិត ។ តែ​សំខាន់​បំផុត​នោះ ខ្ញុំ​បាន​រៀន​ពី​សេចក្ដី​ពិត​ដ៏​ពេញលេញ​របស់​វា​ដោយ​ខ្លួន​ឯង​ដោយ​វិវរណៈ​តាមរយៈ​ព្រះ​ចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដូច្នេះ ខ្ញុំ​ដឹង​ថា​វា​ពិត ។ ខ្ញុំ​សូម​អញ្ជើញ​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​ដូចគ្នា​នេះ ។ ក្នុង​ព្រះ​នាម​នៃ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

បង្ហាញ​សេចក្ដី​យោង

  1.  

    1. មរ៉ូណៃ 7:16 ។

  2.  

    2. សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា 88:78 ។

  3.  

    3. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 88:118 ។

  4.  

    4. ម៉ាថាយ 7:17, 20 ។

  5.  

    5. មរ៉ូណៃ 7:5 ។

  6.  

    6. អាលម៉ា 32:28, 30–31 ។

  7.  

    7. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 8:1 ។

  8.  

    8. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 8:2 ។

  9.  

    9. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 8:10 ។

  10.  

    10. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 9:8–9 ។

  11.  

    11. សូម​មើល យ៉ាកុប 2:17 ។

  12.  

    12. យ៉ាកុប 1:6 ។

  13.  

    13. អាលម៉ា 12:10 ។

  14.  

    14. អាលម៉ា 17:2–3 ។

  15.  

    15. យ៉ូសែប ស្ម៊ីធ--ប្រវត្តិ 1:18 ។

  16.  

    16. យ៉ាកុប 1:5 ។