«បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ»


ការប្រើ​សិទ្ធិ​ជ្រើសរើស​ដើម្បី​គោរព​ប្រតិបត្តិ​មាន​ន័យ​ថា «ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ [ចូរ​ឲ្យ] ផល​មក​តាម​ក្រោយ»។

បងប្អូន​ប្រុស​ស្រី មេរៀន​ទាំង​អម្បាលម៉ាន​ដែល​យើង​រៀន​ពី​ឆាក​ជីវិត​​របស់​ព្រះសង្គ្រោះ គ្មាន​អ្វី​ដែល​ច្បាស់ និង មាន​អំណាច​ជាង​មេរៀន​នៃ​ការគោរព​ប្រតិបត្តិ​ឡើយ ។

គំរូ​របស់​ព្រះសង្គ្រោះ

ក្នុង​ការជួបជុំ​ប្រឹក្សា​នៅ​ឯ​សា្ថនសួគ៌​មុន​ជីវិត​នេះ លូស៊ីហ្វើរ បាន​បះបោរ​ទាស់​នឹង​ផែនការ​ព្រះ​បិតា​សួគ៌ ។ អ្នក​ដែល​ដើរ​តាម លូស៊ីហ្វើរ បាន​បញ្ចប់​ភាព​រីកចម្រើន​ដ៏អស់​កល្ប​របស់​ពួកគេ — ដូច្នេះ ត្រូវ​ប្រយ័ត្ន​ចំពោះ​អ្នក​​ដែល​អ្នក​ដើរ​តាម !

ក្រោយ​មក​ព្រះយេស៊ូវ​បាន​សម្ដែង​ការប្ដេជ្ញា​ដើម្បី​គោរព​ប្រតិបត្តិ​ដោយ​មាន​បន្ទូល​ថា « ព្រះ​វរបិតា​អើយ សូម​ឲ្យ​ព្រះហឫទ័យ​របស់​ព្រះ​អង្គ​បាន​សម្រេច​ ហើយ​សូម​ឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​ជា​របស់​ផង​ព្រះ​អង្គ​រហូត » ។1 ពេញ​មួយ​ការបម្រើ​ទ្រង់ « ទ្រង់​បាន​រងទុក្ខ​សេចក្ដី​ល្បួង​ទាំងឡាយ ប៉ុន្តែ មិន​បាន​រវីរវល់​ដល់ [​សេចក្ដី​ទាំង​នោះ​] ឡើយ » ។2 ប្រាកដ​ណាស់ « ទ្រង់ [ បាន​រៀន ] ស្ដាប់​បង្គាប់ ដោយសារ​ការ​ណ៍​ដែល​ទ្រង់​រងទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​នោះ​ដែរ » ។3

ដោយសារ​ព្រះ​អង្គ​សង្គ្រោះ​យើង​ទ្រង់​គោរព​ប្រតិបត្តិ ទ្រង់​បាន​ធ្វើ​ឲ្យ​ធួន​នឹង​បាប​របស់​យើង ដោយ​ធ្វើ​ឲ្យ​មាន​លទ្ធភាព​រស់​ឡើង​វិញ ហើយ​រៀបចំ​ផ្លូវ​សម្រាប់​យើង​ត្រឡប់​ទៅ​ព្រះ​បិតា​សួគ៌​វិញ ជា​អង្គ​ដែល​ជ្រាប​ថា​យើង​នឹង​មាន​កំហុស ​ពេល​យើង​រៀន​គោរព​ប្រតិបត្តិ​ក្នុង​ជីវិត​រមែង​ស្លាប់ ។ ពេល​យើង​គោរព​ប្រតិបត្តិ យើង​ទទួល​យក​ពលិកម្ម​របស់​ទ្រង់ ដ្បិត « យើង​ជឿ​ថា ​តាម​រយៈ​ដង្វាយធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​មនុស្ស​លោក​ទាំង​អស់​ អាច​បាន​សង្គ្រោះ តាមរយៈ​​ការគោរព​តាម​ក្រិត្យវិន័យ ពិធីបរិសុទ្ធ​ទាំងឡាយ និង​បទបញ្ញត្តិ​ដែល​បាន​ប្រទាន​ឲ្យ​នៅ​ក្នុង​ដំណឹងល្អ » ។4

ព្រះយេស៊ូវ​បង្រៀន​យើង​ឲ្យ​គោរព​ប្រតិបត្តិ​តាម​ភាសា​ដែល​ងាយ​យល់​ថា ៖ « បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ចុះ » ។5 ហើយ​ « មក​តាម​ខ្ញុំ​ចុះ » ។ 6

ពេល​យើង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក យើង « ទទួល​ដាក់​លើ [ ខ្លួន ] នូវ​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ » ហើយ​ចូល « ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​ថា [ យើង​នឹង ] គោរព​តាម​ទ្រង់​រហូត​ដល់​អស់​មួយ​ជីវិត [របស់​យើង ] » ។7 យើង​រំឭក​សេចក្ដី​សញ្ញា​បុណ្យ​ជ្រមុជ​ទឹក​នោះ​រៀង​រាល់​ថ្ងៃ​អាទិត្យ ​ដោយ​ការទទួល​ទាន​សាក្រាម៉ង់ និង ការបង្ហាញ​សាក្សី​ថា ​យើង​ចង់​រក្សា​បញ្ញត្តិ​ទាំងឡាយ ។ យើង​ស្វែងរក​ការអភ័យទោស​សម្រាប់​គំនិត អារម្មណ៍ ឬ ទង្វើ​ដែល​ពុំ​សម​ព្រះទ័យ​ព្រះ​បិតា​សួគ៌​យើង ។ ហើយ​ពេល​យើង​ប្រែចិត្ត ​ដោយ​ងាក​ចេញ​ពី​ការមិន​គោរព ហើយ​ចាប់ផ្ដើម​ការ​គោរព​ប្រតិបត្តិ​ឡើង​វិញ នោះ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់​ហើយ ។

ប្រភេទ​នានា​នៃ​ការគោរព​ប្រតិបត្តិ

ពេល​យើង​រស់​តាម​ដំណឹង​ល្អ យើង​រីកចម្រើន​ខាង​ការយល់​ដឹង​ពី​ការគោរព​ប្រតិបត្តិ ។ នៅ​គ្រា​ដែល​យើង​អាច​បាន​ល្បួង​ឲ្យ​ធ្វើ​តាម​សណ្ដាប់​ដែល​ខ្ញុំ​ហៅ​ថា « ការកោត​ខ្លាច​ដល់​មនុស្ស » ដែល​យើង​បដិសេធ​មិន​គោរព​ចំពោះ​​ច្បាប់​ទាំងឡាយ​នៃ​ព្រះ ​ដើម្បី​គំនាប់​ដល់​ប្រាជ្ញា ឬ សេច​ក្តី​ប្រាថ្នា​ ឬ​ប្រជាប្រិយភាព​របស់​ខ្លួនវិញ ។ ដោយសារ​មាន​មនុស្ស​ជា​ច្រើន​ ធ្វើ​តាម​សណ្ដាប់​នេះ នោះ​អំពើ​កាឡៃ​នៃ​ការគោរព​ប្រតិបត្តិ​ធ្វើ​ឲ្យ​បទដ្ឋាន​របស់​ព្រះ​ចុះ​អន់ថយ​ក្នុង​វប្បធម៌ និង ក្រិតក្រម​របស់​យើង ។

មាន​គ្រា​ជា​ច្រើន​ដែល​សមាជិក​រួម​ចំណែក​ក្នុង « ការគោរព​ប្រតិបត្តិ​ដោយ​​មាន​ជម្រើស » អះអាង​ថា​ស្រឡាញ់​ព្រះ ហើយ​គោរព​ព្រះ ខណៈ​ដែល​រើស​យក ឬ ជ្រើសរើស​ ​បញ្ញត្តិ និង ការបង្រៀន — និង ដំបូន្មាន​ពី​ព្យាការី​មួយ​ណា — ដែល​ពួកគេ​នឹង​ធ្វើ​តាម​ទាំង​ស្រុង ។

មនុស្ស​ខ្លះ​គោរព​ប្រតិបត្តិ​ដោយ​ចោះៗ ព្រោះ​គេ​ពុំ​យល់​ពី​មូលហេតុ​នៃ​បញ្ញត្តិ​ទាំងឡាយ ដូច​ជា​កូន​ក្មេង​ដែល​ពុំ​តែង​យល់​ពី​មូលហេតុ​នៃ​ដំបូន្មាន និង​វិន័យ ​ដែល​ឪពុក​ម្ដាយ​ខ្លួន​បាន​ដាក់​អញ្ជឹង​ដែរ ។ ប៉ុន្តែ យើង​តែង​ស្គាល់​ពី​មូលហេតុ​ដែល​យើង​ធ្វើ​តាម​ព្យាការី ដ្បិត នេះ​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​គឺ​ព្រះអង្គសង្គ្រោះ​ដែល​ជា​អ្នក​ដឹកនាំ​ពួក​ព្យាការី​ក្នុង​គ្រប់​ជំនាន់​កាន់កាប់​ត្រួតត្រា ។

ពេល​យើង​យល់​ដឹង​ជ្រៅជ្រះ​ពី​ការគោរព​ប្រតិបត្តិ នោះ​យើង​ទទួល​ស្គាល់​តួនាទី​សំខាន់​នៃ​សិទ្ធិ​ជ្រើសរើស ។ ពេល​ព្រះយេស៊ូវ​នៅ​ក្នុង​សួត​ច្បារ​គែតសេម៉ានី ទ្រង់​អធិស្ឋាន​បី​ដង​ទៅ​ព្រះ​វរ​បិតា​សួគ៌​នៅ​ស្ថានសួគ៌ ​ថា « ឱ​ព្រះ​វរបិតា​នៃ​ទូល​បង្គំ​អើយ បើ​សិន​ជា​បាន​នោះ សូម​ឲ្យ​ពែង​នេះ​កន្លង​ហួស​ពី​ទូល​បង្គំ​ទៅ ៖ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ។8 ព្រះ​ពុំ​បាន​ដក​យក​សិទ្ធិ​ជ្រើសរើស​ពី​ព្រះ​អង្គ​សង្គ្រោះ​ឡើយ តែ​ទ្រង់​មាន​ក្ដី​ករុណា​បាន​បញ្ជូន​ទេវតា​មួយ​អង្គ​ដើម្បី​ពង្រឹង​ព្រះ​កាយ​ពល​ដល់​បុត្រ​ស្ងួន​ភ្ងារ​ទ្រង់ ។

ព្រះអង្គ​សង្គ្រោះ​បាន​ដក​ពិសោធ​ន៍​ម្ដង​ទៀត​នៅលើ​​ភ្នំ គាល់កូថា ជា​ទីដែល​​ទ្រង់​អាច​សូម​ឲ្យ​ពួក​ទេវតា​ដប់​ពីរ​កង​មក​រំដោះ​ទ្រង់​ពីលើ​ឈើ​ឆ្កាង​បាន ប៉ុន្តែ​ទ្រង់​បាន​ជ្រើស​ដោយ​ខ្លួន​ទ្រង់​ដើម្បី​ប្រកាន់​ខ្ជាប់​ដល់​ចុង​បំផុត​ដោយ​គោរព​ប្រតិបត្តិ ហើយ​បង្ហើយ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ទោះ​ជា​ទ្រង់​ត្រូវ​រងទុក្ខ​យ៉ាង​ដំណំ ដល់​​សុគត​ក្ដី ។

ការគោរព​ប្រតិបត្តិ​ពេញ​លក្ខណៈ​ខាង​វិញ្ញាណ​គឺ « ការគោរព​ប្រតិបត្តិ​របស់​ព្រះអង្គ​​សង្គ្រោះ » ។ វា​កើត​ឡើង​ដោយ​ក្ដី​ស្រឡាញ់​ពិត​ចំពោះ​ព្រះ​វរបិតាសួគ៌ និង ព្រះរាជ​បុត្រា​ទ្រង់ ។ ពេល​យើង​គោរព​ប្រតិបត្តិ​ដោយ​សុទ្ធ​ចិត្ត ដូច​ព្រះ​អង្គ​សង្គ្រោះ​បាន​ធ្វើ នោះ​យើង​ទទួល​បាន​ព្រះ​បន្ទូល​របស់​ព្រះវរ​​បិតា​សួគ៌​ថា ៖ « នេះ​ជា​កូន​ស្ងួន​ភ្ងារ​របស់យើង ជា​ទី​ពេញ​ចិត្តយើង​​ណាស់ » ។9 ហើយ​ពេល​យើង​ត្រឡប់​ទៅ​ក្នុង​វត្តមាន​ព្រះ​បិតា​សួគ៌​វិញ យើង​ទន្ទឹង​ស្ដាប់​ឮ​ទ្រង់​មាន​បន្ទូល​ថា « ប្រពៃ​ហើយ​បាវ​ល្អ​ស្មោះត្រង់​អើយ … ចូរ​ឯង … ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅ​ហ្វាយ​ឯង​ចុះ » ។10

ការប្រើ​សិទ្ធិ​ជ្រើសរើស​យើង​ដើម្បី​គោរព​ប្រតិបត្តិ​មាន​ន័យ​ថា « ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ [ ចូរ​ឲ្យ ] ផល​មក​តាម​ក្រោយ » ។11 វា​តម្រូវ​ឲ្យ​មាន​ការដាក់​វិន័យ​ខ្លួន​ឯង រួច​វា​​នាំ​ឲ្យ​មាន​ទំនុក​ចិត្ត សុភមង្គល​ដ៏​អស់​កល្ប និង អារម្មណ៍​នៃ​ភាព​ពោរពេញ​ចំពោះ​យើង និងតាម​ការ​​ធ្វើជា​​គំរូ​ដល់​មនុស្ស​ជុំ​វិញ​ខ្លួន ហើយ​វា​តែង​រួម​មាន​ការប្ដេជ្ញា​ចិត្ត​ផ្ទាល់​ខ្លួន​ដ៏​ស៊ី​ជម្រៅ ដើម្បី​គាំទ្រ​ថ្នាក់​ដឹកនាំ​បព្វជិតភាព ហើយ​ធ្វើ​តាម​ការបង្រៀន និង ដំបូន្មាន​ពួកគាត់ ។

លទ្ធផល

ពេល​ជ្រើស​អ្វី​មួយ​ក៏​ដោយ​ ដែល​យើង​នឹង​គោរព​ប្រតិបត្តិ វា​តែង​ជួយ​យើង​ឲ្យ​ចងចាំ​ពី​លទ្ធផល​នៃ​ជម្រើសរបស់​​យើង ។ តើ លូស៊ីហ្វើរ និង អ្នក​ដើរ​តាម​វា ​យល់​ពី​លទ្ធផល​នៃ​ការជ្រើសរើស​​​បដិសេធ​ផែនការ​ព្រះវរបិតា​សួគ៌​ឬ​ទេ ? បើ​ដូច្នេះ​មែន ហេតុអ្វី​ពួកគេ​ធ្វើ​ការ​ជ្រើសរើស​​ដ៏​អាក្រក់​បែប​នេះ? យើង​អាច​សួរ​ខ្លួន​យើង​ដោយ​សាមញ្ញ​ថា ៖ ហេតុអ្វី​ពួក​យើង​មួយ​ចំនួន​ជ្រើសរើស​​មិន​គោរព​ប្រតិបត្តិ ទោះ​ជា​យើង​ស្គាល់​ពី​លទ្ធផល​អស់​កល្ប​នៃ​អំពើ​បាប​ហើយ​ដូច្នេះ ? បទគម្ពីរ​ផ្ដល់​ចម្លើយ​ថា ៖ មូលហេតុ​ដែល​កាអ៊ីន និង កូនចៅ​របស់​អ័ដាម និង អេវ៉ា​មួយ​ចំនួន​ជ្រើសរើស​​មិន​គោរព​ប្រតិបត្តិ​ព្រោះ « ពួកគេ​ស្រឡាញ់​អារក្ស​សាតាំង​ជាង​ព្រះ » ។12

ក្ដី​ស្រឡាញ់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ​មាន​សារៈសំខាន់​ចំពោះ​ការគោរព​ប្រតិបត្តិ​ឲ្យ​ដូច​ជា​ទ្រង់ ។ ពេល​យើង​ប្រឹងប្រែង​គោរព​ប្រតិបត្តិ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ នោះ​យើង​សម្ដែង​ក្ដី​ស្រឡាញ់ និង ការគោរព​ដល់​កូនចៅ​ព្រះវរបិតា​សួគ៌ ។ ចំពោះ​មនុស្ស​​កែប្រែ​បញ្ញត្តិ​ព្រះ​ ​មិន​អាចមាន​​ក្ដី​ស្រឡាញ់​នេះដែល​បាន​ប្រទាន​ដើម្បី​ឲ្យ​យើង​បាន​ល្អ​​ទៅ​រួច​​ទេ ! ឧទាហរណ៍ បញ្ញត្តិ « អ្នក​មិន​ត្រូវ … សម្លាប់ ឬ ប្រព្រឹត្តិ​អំពើ​អ្វី​ដូចនោះ​ឲ្យ​សោះ »13 មាន​ចែង​ក្នុង​ក្រិត្យវិន័យ​ខាង​វិញ្ញាណ​ដែល​ការពារ​កូនចៅ​ព្រះ សូម្បី​តែ​ទារក​មិន​ទាន់​កើត​មក​ក្ដី ។ មាន​បទពិសោធន៍ជា​​ច្រើន​បង្ហាញ​ថា ពេល​យើងរំលង​​ក្រិត្យវិន័យ​នេះ នោះ​មាន​លទ្ធផល​ស្ដាយ​ក្រោយ​ជា​ច្រើន​បានកើត​ឡើង ។ នៅ​តែ​មាន​មនុស្សជា​​ច្រើន​ជឿ​ថា វា​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​បញ្ចប់​ជីវិត​ទារក​មិន​ទាន់​កើត ​ដោយសារ​ហេតុផល ឬ ប្រយោជន៍​ដែល​ខ្លួន​ឃើញ​ថា​ល្អ ។

​ការដោះសារ​ចំពោះ​ការមិន​គោរព​ប្រតិបត្តិ​ ពុំ​កែប្រែ​ក្រិត្យវិន័យ​ខាង​វិញ្ញាណ ឬ លទ្ធផល​វា​នោះ​ទេ ប៉ុន្តែ វា​នាំ​ឲ្យ​មាន​ការច្របូកច្របល់ អស្ថេរភាព វង្វេង​ក្នុង​ផ្លូវ​ចម្លែកៗ បាត់បង់ និង ទុក្ខព្រួយ ។ ក្នុង​នាម​ជា​សិស្សរបស់​​ព្រះគ្រីស្ទ យើង​មាន​ករណីយកិច្ច​ពិសិដ្ឋ​ដើម្បី​កាន់ខ្ជាប់​ក្រិត្យវិន័យ និង បញ្ញត្តិ​ទ្រង់ ហើយ​នឹង​សេចក្ដី​សញ្ញា​ដែល​យើង​ទទួល​លើក​ដាក់​មក​លើ​ខ្លួន​យើង ។

នៅ​ខែ ធ្នូ ឆ្នាំ 1831 មាន​បងប្អូន​ប្រុស​ខ្លះ ​ត្រូវ​បាន​ហៅ​ឲ្យ​ជួយ​រំសាយ​អារម្មណ៍​កោងកាច​ដែល​រីកដុះដាល​ក្នុង​សាសនាចក្រ ។ តាម​រយៈ​ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់​បង្ហាញ​របៀប​ដ៏​អស្ចារ្យ និង គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដូច្នេះ​ថា ៖

« ចូរ​បំភាន់​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក​ចុះ ចូរ​ហៅ​ពួកគេ​ឲ្យ​មក​ជួប​អ្នក​បើក​មុខ និង ដោយ​សម្ងាត់ ។ …

« ហេតុដូច្នេះ​ហើយ ចូរ​ឲ្យ​ពួកគេ​នាំ​មក​នូវ​ដើម​ហេតុ​ដ៏​ធ្ងន់​មក​ទាស់​នឹង​ព្រះអម្ចាស់​ចុះ ។

« … គ្មាន​គ្រឿង​សាស្ត្រា​វុធ​ណា​មួយ​ ដែល​បាន​ធ្វើ​ឡើង​ នឹង​អាច​ទាស់​នឹង​អ្នក​បាន​ឡើយ

« ហើយ​បើ​សិន​ជា​មនុស្ស​ណា​មួយ​បន្លឺ​សំឡេង​ឡើង​ទាស់​នឹង​អ្នក អ្នក​នោះ​នឹង​ត្រូវ​បាន​បំភាន់​តាម​ពេល​ដែល​យើង​កំណត់ ។

« ហេតុដូច្នេះ​ហើយ ចូរ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​យើង​ចុះ ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​យើង​សុទ្ធតែ​ពិត ហើយ​ស្មោះត្រង់ » ។14

មេរៀន​ក្នុង​ព្រះគម្ពីរ

ព្រះគម្ពីរ​មាន​ពេញ​ដោយ​គំរូ​របស់​ព្យាការី​នានា​ ដែល​បាន​រៀន​មេរៀន​នៃ​ការគោរព​ប្រតិបត្តិ​ដោយ​បទពិសោធន៍​​ផ្ទាល់ខ្លួន ។

យ៉ូសែប ស៊្មីធ បាន​រៀន​ពី​លទ្ធផល​នៃ​ការធ្វើ​តាម​ការជំរុញ​របស់​ឧបការី មិត្ត និង អ្នក​សរសេរ​របស់​លោក​គឺ ម៉ាទិន ហារីស ។ ក្នុង​ការឆ្លើយ​តប​នឹង​សំណើរ​របស់​ម៉ាទីន នោះ​យ៉ូសែប បាន​ទូល​សូម​ព្រះអម្ចាស់​សម្រាប់​ការអនុញ្ញាត​ឲ្យ​ខ្ចីសំណៅ​​សរសេរដោយ​​ដៃ 116 ទំព័រ នៃ​ព្រះគម្ពីរ​មរមន ដើម្បី​ម៉ាទីន​អាច​បង្ហាញ​ដល់​គ្រួសារ​គាត់ ប៉ុន្តែ​ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​ យ៉ូសែប ​ឲ្យ​ឆ្លើយ​ថា ទេ ។ ម៉ាទីន អង្វរ​យ៉ូសែប​ឲ្យ​ទូល​សូម​ព្រះអម្ចាស់​ម្ដង​ទៀត ។ ក្រោយ​ពី​យ៉ូសែប ​បាន​ទូល​សូម​ចំនួន​បី​ដង ទ្រង់​បាន​អនុញ្ញាត​ឲ្យមាន​​តែ​មនុស្ស​ប្រាំ​នាក់ប៉ុណ្ណោះ​ អាច​មើល​សំណៅ​​សរសេរដោយ​​ដៃ​នោះ​បាន ។ « ម៉ាទីន បាន​ធ្វើ​សេច​ក្ដី​សញ្ញា​ដ៏​សំខាន់​មួយ​ ដោយ​សន្យា​ថា​ នឹង​ធ្វើ​តាម​កិច្ច​ព្រមព្រៀង​នេះ ។ ពេល​គាត់​ទៅ​ដល់​ផ្ទះ មាន​ការជំរុញ​ចិត្ត​ធ្លាក់​មក​លើ​គាត់ គាត់​បាន​ភ្លេច​ពី​សម្បថ​ដ៏​សំខាន់ ហើយ​បាន​ឲ្យ​មនុស្ស​ដទៃ​មើល​សំណៅ​​សរសេរដោយ​​ដៃ​​​នោះ » 15 ជា​លទ្ធផល ​គាត់​បាន​បាត់​វា​នោះ​ទៅ ។ ទី​បំផុត ព្រះអម្ចាស់​បាន​បន្ទោស​យ៉ូសែប ហើយ​ពុំ​អនុញ្ញាត​ឲ្យ​លោក​បន្ត​បកប្រែ​ព្រះគម្ពីរ​មរមន​ទៀត​ឡើយ ។ យ៉ូសែប បាន​ឈឺចាប់ ហើយ​ប្រែចិត្ត​ពី​អំពើ​រំលង​ខ្លួន​ដែល​បាន​ធ្វើ​តាម​ការជំរុញ​របស់​អ្នក​ដទៃ ។ មួយ​រយៈ​ក្រោយ​មក យ៉ូសែប ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បកប្រែ​ឡើង​វិញ ។ យ៉ូសែប បាន​រៀន​មេរៀន​ដ៏​មាន​តម្លៃ​នៃ​ការគោរព​ប្រតិបត្តិ​ ដែល​មាន​ប្រយោជន៍​សម្រាប់​គាត់​ពេញ​មួយ​ជីវិត !

ព្យាការី ម៉ូសេ បាន​ធ្វើ​គំរូ​មួយ​ផ្សេង​ទៀត ។ កាល​ម៉ូសេ​គោរព​ប្រតិបត្តិ​ដោយ​យក​ស្រី​សាសន៍​គូស​ជា​ភរិយា នោះ​ម៉ារាម និង អើរ៉ុន និយាយ​ទាស់​នឹង​លោក ។ ប៉ុន្តែ ​ព្រះអម្ចាស់​បន្ទោស​គេ​ថា « យើង​​នឹង​និយាយ​ផ្ទាល់​មាត់​នឹង [ ម៉ូសេ ] វិញ » ។16 ព្រះ​អម្ចាស់​ប្រើ​ព្រឹត្តការណ៍អស្ចារ្យ​​នេះ​ដើម្បី​បង្រៀន​សមាជិក​សាសនាចក្រ​ក្នុង​ជំនាន់​យើង​នេះ ។ ក្នុង​ឆ្នាំ 1830 ហៃរាំ ភេច ប្រកាស​ថា ​គាត់​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ ។ ព្រះអម្ចាស់​កែតម្រូវ​គាត់ ហើយ​បង្រៀន​ពួក​បរិសុទ្ធ​ថា « អ្នក​ត្រូវ​គោរព​តាម​អ្វីៗ​ទាំងឡាយ ដែល​យើង​នឹង​ប្រទាន​ដល់ [ យ៉ូសែប ] ដូច​ជា ​លោក​អើរ៉ុន »17 « ដ្បិត​លោក​ទទួល​របស់​ទាំងនោះ​ ដូច​ជា​លោក​ម៉ូសេ » ។18

ការគោរព​ប្រតិបត្តិ​នាំ​មក​នូវ​ពរជ័យ « ហើយ​កាល​ណា​យើង​បាន​ព្រះពរ​ណា​មួយ​ពី​ព្រះ នោះ​គឺ​ដោយសារ​ការគោរព​ដល់​ក្រិត្យវិន័យ​នោះ ​ដែល​ព្រះពរ​នោះ​ផ្អែក​ទៅ​លើ » ។19

ការគោរព​ប្រតិបត្តិ​ ត្រូវ​បាន​បង្រៀន​ដោយ​គំរូ ។ តាម​របៀប​ដែល​យើង​រស់នៅ យើង​បង្រៀន​កូនៗ​យើង​ថា ៖ « ចូរ​រៀន​នៅ​ក្នុង​យុវវ័យ​របស់​កូន​ចុះ មែនហើយ ចូរ​រៀន​នៅ​ក្នុង​យុវវ័យ​របស់​កូន​ឲ្យ​ចេះ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ » ។20

ការគោរព​ប្រតិបត្តិ​ ធ្វើ​ឲ្យ​យើង​ចម្រើន​រឹងមាំ​ឡើង មាន​លទ្ធភាព​កាន់​ខ្ជាប់​យ៉ាង​ស្មោះត្រង់​នូវ​បទពិសោធន៍ និង ការសាកល្បង​នា​ពេល​អនាគត ។ ការគោរព​ប្រតិបត្តិ​ក្នុង​សួន​ច្បារ​គែតសេម៉ានី រៀបចំ​ព្រះ​អង្គ​សង្គ្រោះ​ឲ្យ​គោរព​ប្រតិបត្តិ ហើយ​កាន់ខ្ជាប់​ដល់​ចុង​បំផុត នៅ​លើ​ភ្នំ​គាល់កូថា ។

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ប្រសាសន៍របស់​​អាលម៉ា សម្ដែង​ពី​អារម្មណ៍​ក្នុង​ចិត្ត​ខ្ញុំ​ថា ៖

« ហើយ​ឥឡូវ​នេះ ឱ​បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​បាន​និយាយ​នូវ​ការណ៍​អស់​ទាំង​នេះ​ទៅ​កាន់​អ្នក ក្រែង​ខ្ញុំ​អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​រឭក​ដល់​កិច្ចការ​របស់​អ្នក​ចំពោះ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​ដើរ​ដោយ​ឥត​ទោស​នៅ​ចំពោះ​ទ្រង់ ។ …

« ហើយ​ឥឡូវ​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន ហើយ​ចុះចូល ហើយ​សុភាព​ទន់ភ្លន់ … មាន​ចិត្ត​ព្យាយាម​ក្នុង​ការកាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ​ឲ្យ​បាន​គ្រប់​ពេល​វេលា » ។21

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ពិសេស​ថា ព្រះអង្គ​សង្គ្រោះ​មាន​ព្រះជន្ម​រស់ ។ ព្រោះ​ទ្រង់​បាន​គោរព​ប្រតិបត្តិ នោះ « គ្រប់​ជង្គង់​នឹង​លុត​ចុះ ហើយ​គ្រប់​អណ្ដាត​នឹង​ទូល​ថ្លែង ... ថា​ទ្រង់​ជា [ ព្រះ​អង្គ​សង្គ្រោះ​របស់​យើង ] » ។22 សូម​ឲ្យ​យើង​ស្រឡាញ់​ទ្រង់​យ៉ាង​ខ្លាំង ហើយ​ជឿ​លើ​ទ្រង់​ក្នុង​សេចក្ដី​ជំនឿ​យ៉ាង​ពេញលេញ​ថា យើង​គោរព​ប្រតិបត្តិ រក្សា​បញ្ញត្តិ ហើយ​ត្រឡប់​ទៅ​រស់នៅ​នឹង​ទ្រង់​ជា​ដរាប​ក្នុង​នគរ​នៃ​ព្រះ​របស់​យើង ជា​ការ​អធិស្ឋាន​របស់​ខ្ញុំ ក្នុង​ព្រះ​នាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

បង្ហាញ​សេចក្ដី​យោង

  1.  

    1. ម៉ូសេ 4:2 ។

  2.  

    2. គោលលទ្ធិ និង សេចក្តី​សញ្ញា 20:22 ។

  3.  

    3. ហេព្រើរ 5:8 ។

  4.  

    4. មាត្រា​នៃ​សេចក្ដី​ជំនឿ 1:3 ។

  5.  

    5. យ៉ូហាន 14:15 ។

  6.  

    6. លូកា 18:22។

  7.  

    7. ម៉ូសាយ 5:8 ។

  8.  

    8. ម៉ាថាយ 26:39 សូម​មើល​ផងដែរ ខ​ទី 42, 44 ។

  9.  

    9. ម៉ាថាយ 3:17 សូម​មើល​ផងដែរ នីហ្វៃ​ទី 3 11:7 ។

  10.  

    10. ម៉ាថាយ 25:21 ។

  11.  

    11. « ធ្វើ​អ្វី​ដែល​ត្រូវ » ទំនុក​តម្កើង និង ចម្រៀង​កុមារា​កុមារី ទំព័រ 34 ។

  12.  

    12. ម៉ូសេ 5:13 ។

  13.  

    13. គោលលទ្ធិ និង សេចក្តី​សញ្ញា 59:6 ។

  14.  

    14. គោលលទ្ធិ និង សេចក្តី​សញ្ញា 71:7–11 ។

  15.  

    14. យ៉ូសែប ហ្វីលឌិង ស៊្មីធ Essentials in Church History ( ឆ្នាំ 1922 ) ទំព័រ 65 សូម​មើល​ផងដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា 3 ។

  16.  

    16. ជនគណនា 12:8 ។

  17.  

    17. គោលលទ្ធិ និង សេចក្តី​សញ្ញា 28:3 ។

  18.  

    18. គោលលទ្ធិ និង សេចក្តី​សញ្ញា 28:2 ។

  19.  

    19. គោលលទ្ធិ និង សេចក្តី​សញ្ញា 130:21, សូម​មើល​ផងដែរ ខ​ទី 20 ។

  20.  

    20. អាលម៉ា 37:35 ។

  21.  

    21. អាលម៉ា 7:22–23 ។

  22.  

    22. ម៉ូសាយ 27:31 ។