ឆ្នាំ ២០១០-២០១៩
ការ​រក្សា​សេចក្ដី​សញ្ញា ការពារ​យើង រៀបចំ​យើង ហើយ​ផ្ដល់​អានុភាព​ដល់​យើង
ខែ មេសា 2014


ការ​រក្សា​សេចក្ដី​សញ្ញា ការពារ​យើង រៀបចំ​យើង ហើយ​ផ្ដល់​អានុភាព​ដល់​យើង

យើង​គឺ​ជា​ស្ត្រី​ចុះ​សេចក្ដីសញ្ញា​គ្រប់វ័យ កំពុងដើរ​នៅ​លើ​ផ្លូវ​​នៃ​ជីវិត​រមែង​ស្លាប់​ ត្រឡប់ទៅ​កាន់​វត្តមាន​ទ្រង់វិញ។

អូ៎ បងប្អូន​ស្រីអើយ យើង​ស្រឡាញ់​បងប្អូន​ណាស់ ។ ពេល​ទៅ​ទស្សនា​ប្រទេស​ម៊ិកស៊ីកថ្មីៗ​នេះ ខ្ញុំ​អាច​ទទួល​បទពិសោធន៍​ភាព​ជា​បងប្អូន​ស្រី ដូច​យើង​ទាំងអស់គ្នា​មាន​នាយប់​នេះ ។ ចូរ​នឹកគិត​អំពី​ទិដ្ឋភាព នេះ ៖ យើង​​បានបញ្ចប់​ថ្នាក់​កុមារ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ ហើយ​កុមារ គ្រូបង្រៀន និង​ខ្ញុំ បាន​ចេញពីថ្នាក់​ដើរ​តាម​បរិវេណ​ដ៏​អ៊ូអរ​មួយ ។ បន្ទាប់មក ទ្វារ​​ថ្នាក់​យុវនារី​បាន​បើក ហើយ​ខ្ញុំ​បាន​ឃើញ​យុវនារី និង​ថ្នាក់ដឹកនាំ​របស់ពួកគេ ។ ​​យើង​ទាំងអស់គ្នា​បាន​ឱបគ្នា ។ កុមារតូចៗ​តោង​សំពត់​ខ្ញុំ ហើយ​យុវនារី​បាន​មក​ព័ទ្ធជុំវិញ​ខ្ញុំ ខ្ញុំ​ចង់​បង្ហាញ​អារម្មណ៍ ដែល​ខ្ញុំ​មាន​នៅ​គ្រា​នោះ ។

ខ្ញុំ​មិន​ចេះ​និយាយ​ភាសា​អេស្ប៉ាញ ដូច្នេះខ្ញុំ​គិត​ឃើញ​តែ​ភាសា​អង់គ្លេស​ប៉ុណ្ណោះ ។ ខ្ញុំ​បាន​មើលទៅ​មុខ​ពួកគេ​ទាំង​អស់គ្នា រួច​និយាយ​ថា « យើង​គឺ​ជា​បុត្រី​នៃ​ព្រះវរបិតាសួគ៌​យើង ទ្រង់​ស្រឡាញ់​យើង ហើយ​យើង​ស្រឡាញ់​ព្រះអង្គ » ។ រំពេច​នោះ គ្រប់គ្នា​បានថាតាម​​ពាក្យ​នោះ​ជា​ភាសា​អេស្ប៉ាញ ។ យើង​នៅ​ក្នុង​ចំណោម​មនុស្ស​កុះករ​នោះ សូត្រ​ជាមួយគ្នា​នូវ​បាវចនា​យុវនារី ពេល​យើង​និយាយ​ថា « យើង​នឹង​ឈរ​ជា​សាក្សី​ដល់ព្រះ នៅគ្រប់ពេល គ្រប់​សេចក្ដី​ និង​គ្រប់​ទីកន្លែង » ។

នៅយប់នេះ យើង​នៅ​ជាមួយគ្នា​ទូទាំង​ពិភពលោក ក្នុង​នាមសិស្សទ្រង់ ដែល​មាន​បំណង​ប្រាថ្នា ការពារ និង​គាំទ្រ​ដល់នគរ​នៃ​ព្រះ ។ យើង​ជា​បុត្រី​នៃ​ព្រះវរបិតាសួគ៌​របស់​យើង ។ យើង​គឺ​ជា​ស្ត្រី​ចុះ​សេចក្ដីសញ្ញា​គ្រប់​វ័យ​ កំពុងដើរ​នៅ​លើ​ផ្លូវ​​ក្នុង​​ជីវិត​រមែង​ស្លាប់ ត្រឡប់ទៅ​កាន់​វត្តមាន​ទ្រង់វិញ ។ ការ​រក្សា​សេចក្ដី​សញ្ញា ការពារ​យើង រៀបចំ​យើង ហើយ​ផ្ដល់​អានុភាព​ដល់​យើង ។

នា​យប់​នេះ មាន​ក្មេង​ស្រី​ក្នុង​ចំណោម​យើង ដែល​មាន​វ័យ​ក្នុង​ថ្នាក់​​អង្គការបឋមសិក្សា ។ អ្នក​រាល់គ្នាមួយចំនួន ថ្មីៗ​នេះ បាន​បោះ​ជំហាន​ដំបូង​របស់អ្នក​ដើរ​លើ​ផ្លូវ​ទៅកាន់ជីវិត​អស់កល្បជានិច្ច ដោយ​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក ។

ចូរ​មើល​ជុំវិញ​អ្នក ។ វា​ជា​អនាគត​ដ៏ភ្លឺ​ស្វាង ពេល​អ្នក​មើល​ទៅ​ស្ត្រី​ ដែល​បាន​ចុះ​សេចក្ដីសញ្ញា ហើយ​ត្រៀម​ខ្លួន​ដើម្បី​បង្ហាញ​ផ្លូវអ្នក​នៅ​តាម​ផ្លូវ​​ខាង​មុខទៀត ។

បើ​អ្នក​មាន​អាយុ 8 ឆ្នាំ, 9 ឆ្នាំ, 10 ឆ្នាំ ឬ​ 11 ឆ្នាំ ទោះជា​នៅ​ក្នុងមជ្ឈមណ្ឌលសន្និសីទ​នេះ នៅ​ផ្ទះ​ ឬ​នៅក្នុងសាលាប្រជុំ​ទូទាំង​ពិភពលោក សូម​អ្នក​ក្រោក​ឈរ​ឡើង​បាន​ទេ ? សូម​ស្វាគមន៍​មក​កាន់​ការ​ប្រជុំ​ស្ត្រី​ទូទៅ ។ ឥឡូវ សូម​បន្ដ​ឈរ ដោយ​សារ​យើង​ចង់​អញ្ជើញ​អ្នក​ឲ្យ​ចូលរួមនាយប់នេះ ។ ខ្ញុំ​នឹង​គ្រហឹម​បទចម្រៀង​កុមារ​មួយ​បទ ។ ពេល​អ្នក​ស្គាល់​បទ​នោះភ្លាម​ តើ​អ្នក​ព្រមចាប់​ផ្ដើម​​ច្រៀង​ជាមួយ​ខ្ញុំទេ ? ឥឡូវ​ អ្នក​ត្រូវ​តែ​ច្រៀងឲ្យ​ឮៗ ដើម្បី​អ្នកទាំងអស់អាច​ស្ដាប់​ឮ ។

ប្រាប់​​ខ្ញុំ​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះអង្គ ។

ប្រាប់​ខ្ញុំ​ឲ្យ​អធិស្ឋានទៅ​ព្រះបិតា

ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ

ប្រាប់ខ្ញុំ ប្រាប់​ខ្ញុំ ឲ្យ​ដើរ​ក្នុង​ពន្លឺ ។

សូម​កុមារទាំងឡាយបន្ដឈរ ឯ​អ្នកមាន​អាយុ 12 ឆ្នាំ​ឡើង​ទៅ ឥឡូវ​នឹង​ច្រៀង​វគ្គទីពីរ ។

ចូរ​មក​កូន​តូច​យើង​នឹង​រៀន​ជាមួយគ្នា

នូវ​បញ្ញាត្តិ​ទ្រង់ ដើម្បី​យើង​អាច​ទៅ​វិញ

ទៅ​រស់នៅ​ឯស្ថានសួគ៌​ជា​មួយ​ព្រះអង្គ

ជានិច្ច ជានិច្ច ចូរ​ដើរ​ក្នុង​ពន្លឺ ។1

នោះ​អស្ចារ្យ​ណាស់ ។ អ្នក​អាច​អង្គុយចុះ។ អរគុណ។

ក្នុង​នាម​ជា​នារី​គ្រប់វ័យ យើង​ដើរ​ក្នុង​ពន្លឺ​ទ្រង់ ។ ដំណើរ​របស់យើង​​នៅ​លើ​ផ្លូវ គឺ​ជា​រឿង​បុគ្គល ហើយ​បំភ្លឺ​​​ដោយសេច​ក្ដី​ស្រឡាញ់​ទ្រង់ ។

ពេល​យើង​ចូល​ច្រក​ទ្វារ​ទៅ​កាន់​ជីវិត​អស់កល្បជានិច្ច ដោយពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃបុណ្យជ្រមុជទឹក នោះ​យើង​ទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ អែលឌើរ រ៉ូបឺត  ឌី ហែល បាន​សួរ​យើង​ថា « តើ​ [យើង] ​យល់ ហើយ​តើ​កូនៗ [​យើង] ​យល់​ថា ពេល​យើង​ទទួល​បុណ្យជ្រមុជទឹក នោះ​យើង​នឹង​ផ្លាស់ប្ដូរ​ជា​រៀង​រហូត​ឬ​ទេ ? »

លោក​ក៏​បាន​ពន្យល់​ផងដែរ​ថា « នៅពេល​យើង​យល់​ពី​សេចក្ដីសញ្ញា​បុណ្យជ្រមុជទឹក​ និង អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធយើង នោះ​វា​នឹង​ផ្លាស់ប្ដូរ​ជីវិត​យើង ហើយ​នឹង​បង្កើត​ការ​តាំងចិត្តទាំង​ស្រុង​ចំពោះ​នគរ​ព្រះ ។ នៅពេល​ការ​ល្បួង​រារាំង​ផ្លូវ​យើង បើ​យើង​នឹង​ស្ដាប់ នោះព្រះវិញ្ញាណបរិសុទ្ធ នឹង​រំឭក​យើង​ថា យើង​បាន​សន្យា​ថា នឹង​ចងចាំ​ព្រះអង្គសង្គ្រោះ​យើង ហើយ​គោរព​បទបញ្ញត្តិ​របស់ព្រះ​ » ។ 2

រាល់​សប្ដាហ៍ ពេល​យើង​ទទួល​ទានពិធី​​តំណាង​នៃ​សាក្រាម៉ង់ នោះ​យើង​រំឭក​សេចក្ដី​សញ្ញា​បុណ្យជ្រមុជទឹក​យើង ។ អែលឌើរ ដាវីឌ  អេ បែដណា មានប្រសាសន៍ថា ៖ « នៅពេល​យើង​ឈរ​ក្នុង​ទឹក​នៃ​ពិធីបុណ្យជ្រមុជទឹក នោះ​យើង​មើល​ទៅ​ព្រះវិហារបរិសុទ្ធ ។ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ យើង​មើល​ទៅ​ព្រះវិហារបរិសុទ្ធ ។ យើង​សន្យា​ថា​ចងចាំ​ព្រះអង្គសង្គ្រោះ​ជានិច្ច ហើយ​រក្សា​បទបញ្ញត្តិ​ទ្រង់ ពេល​យើង​រៀបចំខ្លួន​ដើម្បី​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​នៃ​ព្រះវិហារបរិសុទ្ធ ។3

ពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ នាំ​ទៅ​រក​ពរជ័យ​ដ៏​មហិមា​បំផុត ដែល​មាន​មក តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ គឺពិធីបរិសុទ្ធ​ទាំងនោះហើយ​ ដែលចាំបាច់​សម្រាប់​ភាពតម្កើងឡើងរបស់​យើង ក្នុង​នគរសេឡេស្ទាល ។ អារម្មណ៍​ពុំ​សក្ដិសម ពុំ​ល្អ​ឥតខ្ចោះ​របស់យើង នឹង​រលត់​បាត់ទៅ នៅពេល​យើង​ព្យាយាម​រក្សា​សេចក្ដីស​ញ្ញា​យើង ខណៈ​ដែល​ពិធីបរិសុទ្ធ​ និង​សេចក្ដីសញ្ញា​នៃព្រះវិហារបរិសុទ្ធ ​កាន់តែ​មាន​អត្ថន័យ​​នោះ ។ មនុស្សគ្រប់គ្នា គឺ​ស្វាគមន៍​ឲ្យ​ដើរ​លើ​ផ្លូវ​ទៅ​កាន់​ជីវិតដ៏នៅអស់កល្បជានិច្ច ។

ខ្ញុំ​អស្ចារ្យក្នុងចិត្ត​​ចំពោះ​កម្លាំង​របស់​កុមារី យុវនារី និង​ស្ត្រី ដែល​ខ្ញុំ​បាន​ជួប​នៅ​ជុំវិញ​ពិភពលោក ដែល​បាន​បោះជំហាន​ដើរ​លើ​ផ្លូវ​នេះ​យ៉ាង​មុត​មាំ ។ ខ្ញុំ​ចង់​ចែកចាយ​ពី​គំរូ​មួយចំនួន​របស់​យុវនារី និង​ស្ត្រី​នៃ​សេចក្ដីសញ្ញា ដែល​ខ្ញុំ​បាន​ជួប ។

លូណា មាន​អាយុ 11 ឆ្នាំ ពេល​ខ្ញុំ​ទៅ​លេង​គ្រួសារ​គាត់​នៅ ប៊ុយណូហ្សែ អាហ្សង់ទីន ។​ ដោយ​សារព្រឹត្តការណ៍​ដ៏​កត់ស្លុត​មួយ​កាលពីកុមារភាព​របស់​នាង លូណា ពុំ​អាច​និយាយ​បានទេ ។ នាង​ពុំ​និយាយ​រាប់​ឆ្នាំមក​ហើយ​ ។ នាង​អង្គុយ​ដោយ​ស្ងាត់ស្ងៀម ពេល​យើង​និយាយគ្នា​ ។ ខ្ញុំនៅតែ​សង្ឃឹម​ថា នាង​អាច​និយាយ​​ខ្សឹបៗបាន​ ។ នាង​មើលមក​ខ្ញុំដោយ​ចង់បញ្ជាក់​ថា ពាក្យ​និយាយ​ពុំ​សំខាន់ទេ ដើម្បី​ឲ្យ​ខ្ញុំ​ស្គាល់​ចិត្ត​របស់​នាងនោះ ។ បន្ទាប់​ពី​ការ​អធិស្ឋាន យើង​បាន​ក្រោក​ឡើង​លាគ្នា ហើយ​ លូណា បាន​ហុច​គំនូរ​មួយមក​ខ្ញុំ ។ នាង​បាន​គូររូប​ព្រះយេស៊ូវគ្រីស្ទ នៅ​សួន​ច្បារ​គេតសេម៉ានី ។ នោះ​ខ្ញុំ​ទទួលស្គាល់​ថា សាក្សី​របស់​នាង គឺថ្លែង​ឮៗ​​យ៉ាង​ច្បាស់ ។ លូណា បាន​ចុះ​សេចក្ដីសញ្ញា​នៅ​ពិធីបុណ្យជ្រមុជទឹក ដើម្បី​ឈរ​ជាសាក្សី​នៃ​ព្រះ « នៅ​គ្រប់ពេល និង​គ្រប់​សេចក្ដី និង​គ្រប់ទីកន្លែង » ។ 4 នាង​យល់​ពី​ដង្វាយធួន​របស់ព្រះយេស៊ូវគ្រីស្ទ បាន​ធ្វើ​ជា​សាក្សី​តាមរយៈ​គំនូរ​របស់នាង ។ តើ​នាង​បានដឹង​ថា តាមរយៈ​ការ​ពង្រឹង និង​អំណាច​នៃ​ដង្វាយធួន ​នាង​នឹង​អាច​ត្រូវ​បាន​​ព្យាបាល ហើយ​អាច​និយាយបានម្តងទៀត​ឬ​ទេ ? កាលពី​បី​ឆ្នាំ​មុន ចាប់តាំងពី​ថ្ងៃ​នោះមក លូណា បាន​រីកចម្រើន​ក្នុង​ការ​ខិតខំនិយាយ​របស់​នាង ។ ឥឡូវ​នាង ចូលរួម​ក្នុង​ថ្នាក់​យុវនារីជាមួយ​មិត្ត​របស់នាង ។ ដោយការ​​ស្មោះ​ត្រង់​ចំពោះ​សេចក្ដីសញ្ញា ដែល​នាង​បាន​ធ្វើនៅ​ពិធីបុណ្យជ្រមុជទឹក នោះ​នាងនៅ​​បន្ដ​ចែកចាយ​​​សាក្សី​អំពី​ព្រះអង្គសង្គ្រោះ ។

យុវវ័យ​ទូទាំង​ពិភពលោក គឺ​​ជាប់ចិត្តនឹង​​ព្រះវិហារបរិសុទ្ធ ។ នៅ លីម៉ា ប្រទេស ពេរូ ខ្ញុំ​បាន​ជួប​នឹង​ឪពុក​ម្នាក់ ដែល​មានកូន​ស្រី​បីនាក់ នៅ​ខាង​ក្រៅ​ច្រកទ្វារ​ព្រះវិហារបរិសុទ្ធ ។ ខ្ញុំ​បាន​ឃើញ​ពន្លឺ​លើ​ទឹកមុខ​គាត់ ។ កូន​ស្រី​ពីរ​នាក់ ពិការ​យ៉ាង​​ធ្ងន់ធ្ងរ ហើយ​ត្រូវអង្គុយ​លើ​កៅអី​រុញ ។ កូន​ទីបី ពេល​កំពុង​ជួយ​ដល់​បងប្អូន​ស្រីគាត់ នោះ​គាត់​បាន​ពន្យល់ថា គាត់​នៅមាន​ប្អូន​ពីរនាក់ទៀត​នៅផ្ទះ ។ ពួកគេ​ក៏​ជិះ​រទេះ​រុញ​ដែរ ។ ពួកគេ​ពុំ​អាច​ធ្វើ​ដំណើរ​រយៈពេល 14 ម៉ោង​ទៅ​ព្រះវិហារបរិសុទ្ធ​បាន​ទេ ។ ព្រះវិហារ​បរិសុទ្ធ មាន​អត្ថន័យ​ចំពោះ​ឪពុក​រូប​នេះ​ និង​កូន​ស្រី​របស់គាត់​ខ្លាំង​ណាស់ ដែល​ពួកគេ​បួន​នាក់ ត្រូវ​មក​ព្រះវិហារបរិសុទ្ធ​នៅថ្ងៃ​នោះ-- ពួកគេ​ទាំងពីរ​នាក់​មកគ្រាន់​តែ​មើល​ម្នាក់ ដែល​អាច​ធ្វើ​បុណ្យជ្រមុជទឹក​សម្រាប់​មរណៈជន ហើយ​ធ្វើ​ពិធីបរិសុទ្ធ​នោះ​ប៉ុណ្ណោះ ។ ក៏​ដូច​ជា​សាសន៍​នីហ្វៃ ពួកគេ [ ត្រេក​អរ ]​ ចំពោះ​សេចក្ដី​សញ្ញា​ទាំងឡាយ​នៃ​ព្រះអម្ចាស់ » ។5

ស្ត្រី​នៅ​លីវ​ម្នាក់ ដែល​ខ្ញុំ​ស្គាល់ គាត់​ឲ្យ​តម្លៃ​ដល់​ពិធីបរិសុទ្ធ​នៃ​សាក្រាម៉ង់ប្រចាំ​សប្ដាហ៍ និង​ការ​សន្យា​ដ៏ពិសិដ្ឋ​ថា « [គាត់] អាច​បាន​ព្រះវិញ្ញាណ​របស់ទ្រង់ គង់​នៅ​ជាមួយ​នឹង​ [គាត់] ជា​ដរាប » ។ 6 ភាព​ជា​ដៃគូដ៏​​ខ្ជាប់ខ្ជួននោះ គឺ​ជា​ការ​សន្យា​មួយ ដែល​លួង​លោម​ភាព​ឯកោ​របស់​គាត់ ។ វាផ្ដល់​កម្លាំង​ដល់គាត់ ដើម្បី​ផ្ដោត​ទៅ​លើ​​ការ​អភិវឌ្ឍ​ទេពកោសល្យ​គាត់ និង​មានបំណង​មួយ​ដើម្បី​បម្រើ​ព្រះអម្ចាស់ ។ គាត់​បាន​រក​ឃើញ​ក្ដីអំណរ​ដ៏​អស្ចារ្យ​ក្នុង​ការ​ស្រឡាញ់​ដល់កុមារ​តូចៗ​​ក្នុង​ជីវិតគាត់ ហើយ​ពេល​គាត់​​ស្វែងរកភាព​សុខសាន្ដ នោះ​អ្នក​នឹ​ង​រក​ឃើញ​គាត់នៅ​​ក្នុង​ព្រះវិហារបរិសុទ្ធ ។

ចុង​ក្រោយ គឺ​ស្ត្រី​ចំណាស់​ម្នាក់ ដែល​មាន​អាយុ 90 ឆ្នាំ បានមើល​កូនៗ និង​ចៅៗ​គាត់​ធំឡើង ហើយ​មើល​ចៅទួត​គាត់ ​កើត​មកលើ​ផែនដី ។ ដូច​ជា​យើង​ភាគ​ច្រើន គាត់​មាន​ជីវិត​ដែល​ពេញ​ដោយ​ទុក្ខ​ព្រួយ ការ​រងទុក្ខ​វេទនា និងក្តីអំណរ​ដែលពុំ​អាច​ថ្លែង​បាន ។ គាត់​បាន​សារភាព​ថា បើ​គាត់​សរសេរ​រឿង​ជីវិត​គាត់​ឡើងវិញ នោះ​គាត់​នឹង​មិន​ជ្រើស​រើស​ដាក់បញ្ចូល​ជំពួក​មួយ​ចំនួន​ដែល​បាន​សរសេររួច​ហើយ​នោះ​ទេ ។ តែ​គាត់​ញញឹម​ រួច​និយាយ​ថា « ខ្ញុំ​ត្រូវ​តែរស់​​នៅ​យូរ​បន្ដិច​ទៀត​ ហើយ​មើល​នូវលទ្ធផល​វា​ ! » គាត់​បាន​បន្ដ​កាន់​ខ្ជាប់​សេចក្ដីសញ្ញា​នៅ​លើ​ផ្លូវ ។

នីហ្វៃ​បាន​បង្រៀន​ថា ៖

« បន្ទាប់ពី​អ្នក​បាន​ចូល​តាម​ផ្លូវ​តូច និង​ចង្អៀត​នេះ​ហើយ ខ្ញុំ​សូម​សួរ​ថា តើ​បាន​សម្រេច​សព្វគ្រប់​ហើយ​ឬ​នៅ ? មើល​ចុះ ខ្ញុំ​សូម​និយាយ​ទៅ​អ្នក​ថា ទេ ។ …

« ហេតុដូច្នេះ​ហើយ អ្នករាល់គ្នា​ត្រូវ​តែ​ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប ។ ហេតុដូច្នោះ​ហើយ បើ​សិន​ជា​អ្នករាល់គ្នា​ខិតខំ​ជឿន​ទៅមុខ ដោយ​ទទួលទាន​នូវ​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មើល​ចុះ នោះ​ព្រះវរបិតា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ៖ អ្នករាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។ 7

យើង​រាល់គ្នាម្នាក់ៗ ស្ថិត​នៅលើ​ផ្លូវ​នោះ ។ យប់​នេះ យើង​ច្រៀង​អំពី​ការ​ដើរនៅ​លើ​ផ្លូវ​ក្នុង​ពន្លឺ ។ យើង​រឹងមាំ ជាបុគ្គលម្នាក់ៗ ។ ជាមួយ​នឹង​ព្រះ យើង​មិន​អាច​ឈប់បាន​ឡើយ ។

ព្រះអម្ចាស់ មានបន្ទូលទៅ​ អិមម៉ា ស៊្មីធ ថា « ចូរ​លើក​ចិត្ត​អ្នក​ឡើង ហើយ​អរសប្បាយ ហើយ​ចូរ​នៅ​ជាប់​នឹង​សេចក្ដីសញ្ញា​ទាំងឡាយ ដែល​អ្នក​បាន​ធ្វើ​ចុះ » ។ 8

យើង​រីករាយណាស់ ដែល​តាមរយៈ​ការ​រក្សា​សេចក្ដីសញ្ញា​របស់យើង នោះ​យើង​អាច​ដឹង​ពី​សេចក្ដី​ស្រឡាញ់​របស់ព្រះវរបិតាសួគ៌​យើង និង​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់មានព្រះជន្មរស់ ។ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។