ឆ្នាំ ២០១០-២០១៩
រស់​នៅ​ពិត​ត្រង់​ចំពោះ​សេចក្ដី​ជំនឿ
ខែ មេសា 2014


រស់​នៅ​ពិត​ត្រង់​ចំពោះ​សេចក្ដី​ជំនឿ

យើង​ម្នាក់ៗ​នឹង​មាន​ពរជ័យ​យ៉ាង​មហិមា បើ​យើង​ដឹង​ពី​រឿង​​សេចក្ដី​ជំនឿ និង ការលះបង់ ដែល​នាំ​ឲ្យ​ដូនតា​យើង​ចូលរួម​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់។

ខ្ញុំ​ចូលចិត្ត​ប្រវត្តិ​សាសនាចក្រ ។ ប្រហែល​ដូចជា​អ្នក​ភាគ​​ច្រើន​ដែរ សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ត្រូវ​បាន​ពង្រឹង នៅពេល​ខ្ញុំ​រៀនអំ​ពី​ការ​លះបង់ដ៏​អស្ចារ្យ​របស់​ដូនតា​យើង ដែល​បាន​ទទួល​យក​ដំណឹង​ល្អ ហើយ​បាន​រស់​នៅ​ពិត​ត្រង់​ចំពោះ​សេចក្ដី​ជំនឿ ។

មួយ​ខែ​កន្លង​ទៅ មាន​យុវវ័យ​ដ៏​ឆ្នើម​ចំនួន 12,000 នាក់ មក​ពី​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ គិលបឺត អារីហ្សូណា បាន​ប្រារព្ធ​ពិធី​បញ្ចប់​ព្រះវិហារ​បរិសុទ្ធ​ថ្មី​របស់​គេ ជាមួយ​នឹង​ការ​សម្ដែង​ដ៏​គួរ​ឲ្យ​ស្ងើច​សរសើរ ដោយ​បង្ហាញ​នូវ​ការ​តាំង​ចិត្ត​របស់​គេ ក្នុង​ការ​រស់​នៅ​ដោយ​សុចរិត ។ ប្រធានបទ​សម្រាប់​ការ​ប្រារព្ធ​ពិធី​របស់​គេ​គឺ « រស់​នៅ​ពិត​ត្រង់ — ចំពោះ​សេចក្ដី​ជំនឿ » ។

ដូច​ជា​ពួក​យុវវ័យ​ដ៏​ស្មោះត្រង់​នៅ អារីហ្សូណា បាន​ធ្វើ​ដែរ នោះ​ពួក​បរិសុទ្ធ​ម្នាក់ៗ គប្បី​តាំង​ចិត្ត ដើម្បី « រស់​នៅ​ពិត​ត្រង់​ចំពោះ​សេចក្ដី​ជំនឿ » ។

ទំនុកបទ​នៃ​ទំនុក​តម្កើង​ច្រៀង​ថា « ពិត​ដល់​ជំនឿ​ដែល​ឪពុក​ម្ដាយ​យើង​មាន » ( « True to the Faith » ទំនុកតម្កើង លេខ 254 ) ។

យើង​អាច​បន្ថែម​ថា « ពិត​ដល់​ជំនឿ​ដែល​ដូន​តា​យើង​មាន » ។

ខ្ញុំ​ឆ្ងល់​ថា តើ​ពួក​យុវវ័យ​ដែល​មាន​ចិត្ត​ដ៏​រំភើប​នៅ អារីហ្សូណា នោះ បាន​ស្គាល់​ពី​ប្រវត្តិ​សាសនាចក្រ​របស់​គេ​ផ្ទាល់​ដែរ​ឬ​ទេ — ថា​តើ​ពួកគេ​បាន​ស្គាល់​ពី​ប្រវត្តិ​ដែល​គ្រួសារ​របស់​ពួកគេ​បាន​ក្លាយ​ទៅ​ជា​សមាជិក​សាសនាចក្រ​ដោយ​របៀប​ណា ។ វា​ជា​ការណ៍​ប្រសើរ​ណាស់ បើ​ពួក​បរិសុទ្ធ​គ្រប់​គ្នា​បាន​ដឹង​ពី​រឿង​នៃ​ការ​ប្រែ​ចិត្ត​ជឿ​របស់​ដូនតា​គេ ។

ទោះ​អ្នក​ជា​កូន​ចៅ​របស់​ពួក​អ្នក​ត្រួស​ត្រាយ​ផ្លូវ​ ឬ​អត់ក្ដី ក៏​កេរដំណែល​នៃ​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​មរមន អំពី​សេចក្ដី​ជំនឿ និង ការលះបង់របស់ពួកគេ​ គឺ​ជា​កេរដំណែល​របស់​អ្នក​ផង​ដែរ ។ វា​ជា​កេរដំណែល​ដ៏​ថ្លៃថ្នូរ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

គ្រា​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​ប្រវត្តិសាសនាចក្រ បាន​កើត​ឡើង​នៅ​ពេល​ដែល វិលហ្វូឌ វូឌដ្រុព្វ ជា​សាវក​មួយ​រូប​របស់​ព្រះអម្ចាស់ កំពុង​បង្រៀន​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ នៅ​ទូទាំង​ប្រទេស​អង់គ្លេស ក្នុង​ឆ្នាំ 1840 — គឺ​ត្រឹម​តែ 10 ឆ្នាំ ប៉ុណ្ណោះ បន្ទាប់​ពី​ការស្ថាបនា​សាសនាចក្រ​ឡើង​វិញ ។

វិលហ្វូឌ វូឌដ្រុព្វ និង ពួក​សាវក​ផ្សេង​ទៀត បាន​ផ្ដោត​កិច្ចការ​ពួក​លោក​នៅ​តំបន់ លីវើរភូល និង ព្រីស្តុន នៃ​ប្រទេស អង់គ្លេស ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំ ។ អែលឌើរ វូឌដ្រុព្វ ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​ប្រធាន​សាសនាចក្រ បាន​អធិស្ឋាន​ទៅ​ព្រះ​ឥត​ឈប់​ឈរ ឲ្យ​ដឹក​នាំ​លោក​ក្នុង​កិច្ចការ​ដ៏​សំខាន់​នេះ ។ ការ​អធិស្ឋាន​របស់​លោក បាន​នាំ​មក​នូវ​ការ​បំផុស​គំនិត​ឲ្យ​ទៅ​កន្លែង​ផ្សេង​ទៀត ដើម្បី​បង្រៀន​ដំណឹង​ល្អ ។

ប្រធាន ម៉នសុន បាន​បង្រៀន​យើង​ថា ពេល​យើង​ទទួល​ការ​បំផុស​គំនិត​ពី​ស្ថានសួគ៌ ឲ្យ​ធ្វើ​អ្វី​មួយ — នោះ​យើង​ធ្វើ​វា​ភ្លាម — យើង​មិន​ពន្យា​ពេល​ឡើយ ។ នោះ​ហើយ​ជា​អ្វី​ដែល វិលហ្វូឌ វូឌដ្រុព្វ បាន​ធ្វើ ។ ដោយ​មាន​ការ​ណែនាំ​ដ៏​ច្បាស់លាស់​ពី​ព្រះ​វិញ្ញាណ « ឲ្យ​ទៅ … ភាគ​ខាង​ត្បូង » នោះ អែលឌើរ វិលហ្វូឌ វូឌដ្រុព្វ បាន​ចេញ​ទៅ​ភ្លាម ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ផ្នែក​មួយ​នៃ​ប្រទេស អង់គ្លេស ដែល​ហៅ​ថា ហៀរហ្វសាយ — ដែល​ជា​កន្លែង​កសិដ្ឋាន​ជនបទ​ប៉ែក​និរតី​នៃ​ប្រទេស អង់គ្លេស ។ នៅ​ទី​នេះ លោក​បាន​ជួប​នឹង​កសិករ​ធូរធារ​ម្នាក់​ឈ្មោះ ចន បិនបូ ដែល​នៅ​ទី​នោះ​លោក​ទទួល​បាន​ការ​ស្វាគមន៍ « ដោយ​ចិត្ត​រីករាយ និង ដោយ​អំណរ​គុណ » ( វិលហ្វូឌ វូឌដ្រុព្វ នៅ​ក្នុង ម៉ាស្យាស អេហ្វ ខោវលី វិលហ្វូឌ វូឌដ្រុព្វ ៖ History of His Life and Labors as Recorded in His Daily Journals [ ឆ្នាំ 1909 ] ទំព័រ 117 ) ។

ក្រុម​មនុស្ស​ប្រមាណ 600 នាក់ ដែល​ហៅ​ខ្លួន​ថា បង​ប្អូន​រួម​សាមគ្គី បាន « អធិស្ឋាន​សុំ​ពន្លឺ និង សេចក្ដី​ពិត » ( វិលហ្វូឌ វូឌដ្រុព្វ នៅ​ក្នុង ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ វិលហ្វូឌ វូឌដ្រុព្វ [ ឆ្នាំ 2004 ] ទំព័រ 91 ) ។ ព្រះអម្ចាស់​បាន​បញ្ជូន វិលហ្វូឌ វូឌដ្រុព្វ ជា​ចម្លើយ​ដល់​ការ​អធិស្ឋាន​របស់​ពួកគេ ។

ការ​បង្រៀន​របស់ អែលឌើរ វិលហ្វូឌ វូឌដ្រុព្វ បាន​ចេញ​ជា​ផ្លែ​ផ្កា​ភ្លាមៗ ហើយ​មនុស្ស​ជា​ច្រើន បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ព្រិកហាំ យ៉ង់ និង វិលឡឺឌ រីឆាដ បាន​ចូលរួម​នឹង​លោក​នៅ​ស្រុក ហៀរហ្វសាយ ហើយ​ពួក​សាវក​ទាំង​បី​រូប​នេះ ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ។

ក្នុង​ពេល​តែ​ពីរ​បី​ខែ​ប៉ុណ្ណោះ ពួក​លោក​បាន​បង្កើត​សាខា​ចំនួន 33 សម្រាប់​សមាជិក​ចំនួន 541 នាក់ ដែល​បាន​ចូល​រួម​ក្នុង​សាសនាចក្រ ។ កិច្ចការ​ដ៏​អស្ចារ្យ​របស់​ពួក​លោក​បន្ត​ទៅ​មុខ ហើយ​នៅ​ទី​បំផុត សមាជិក​នៃ​ក្រុម​បង​ប្អូន​រួម​សាមគ្គី​ស្ទើរតែ​គ្រប់​គ្នា បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចូល​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

ហាណា ម៉ារីយ៉ា អ៊ីហ្គលស៍ ហារីស ជា​លោក​យាយ​លួត​របស់​ខ្ញុំ គឺ​ជាមនុស្ស​​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ដំបូង​គេ ដែល​បាន​ស្ដាប់ វិលហ្វូឌ វូឌដ្រុព្វ ។ គាត់​បាន​ប្រាប់ រ៉ូប៊ើត ហារីស ជុញ្ញ័រ ជា​ស្វាមី​គាត់​ថា គាត់​បាន​ស្ដាប់​ឮ​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​ថា​គាត់​មាន​បំណង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ លោក​តា រ៉ូប៊ើត មិន​សប្បាយ​ចិត្ត​ទេ ចំពោះ​អ្វី​ដែល​ប្រពន្ធ​គាត់​បាន​ប្រាប់ ។ គាត់​បាន​ប្រាប់​លោក​យាយ​ថា គាត់​នឹង​ទៅ​ស្ដាប់​ទេសនកថា​របស់​ពួក​អ្នក​ផ្សព្វផ្សាយ​មរមន​ជាមួយ​លោក​យាយ ហើយ​គាត់​នឹង​កែ​តម្រូវ​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងនោះ ។

ពេល​អង្គុយ​នៅ​ជិត​នឹង​ជួរ​ខាង​មុខ​នៃ​អង្គ​ប្រជុំ ដោយ​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ថា មិន​ជឿ​ទេសនកថា​នោះ​ទេ ហើយ​ប្រហែល​ជា​នឹង​វាយ​ប្រហារ​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ទៀត​ផង នោះ​លោក​តា រ៉ូប៊ើត ត្រូវ​បាន​ព្រះវិញ្ញាណ​ធ្វើ​ឲ្យ​រំជួល​ចិត្ត ដូចជា​ភរិយា​គាត់​ដែរ ។ គាត់​ដឹងថា​សារលិខិត​នៃ​ការ​ស្ដារ​ឡើង​វិញ គឺ​ជា​ការ​ពិត ហើយ​គាត់ និង ភរិយា​គាត់ បាន​ទទួល​បុណ្យជ្រមុជទឹក ។

រឿង​នៃ​សេចក្ដី​ជំនឿ និង ការ​លះបង់របស់​ពួកគាត់ ស្រដៀង​គ្នា​នឹង​មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ដែរ ៖ ពេល​ពួក​គាត់​បាន​ឮ​សារលិខិត​នៃ​ដំណឹង​ល្អ ពួក​គាត់​ដឹង​ថា​វា​ពិត !

ដូច​ព្រះ​អម្ចាស់​មាន​ព្រះ​បន្ទូល​ថា « ចៀម​ខ្ញុំ​ទាំង​ប៉ុន្មាន​វា​ស្ដាប់​ខ្ញុំ ហើយ​មក​តាម​ខ្ញុំ ខ្ញុំ​ក៏​ស្គាល់​វា​ដែរ » ( យ៉ូហាន 10:27 ) ។

ដោយ​បាន​ឮ​សំឡេង​​នៃ​អ្នក​គង្វាល នោះ​ពួកគាត់​បាន​តាំង​ចិត្ត​ទាំងស្រុង ដើម្បី​រស់​នៅ​តាម​ដំណឹង​ល្អ និង ដើរ​តាម​ការ​ណែនាំ​របស់​ព្យាការី​នៃ​ព្រះអម្ចាស់ ។ ដោយ​ការ​ឆ្លើយ​តប​ចំពោះ​ការ​ហៅ « ឲ្យ​ប្រមូល​ផ្ដុំ​ទៅ​ក្រុង​ស៊ីយ៉ូន » នោះ​ពួក​គាត់​បាន​ចាក​ចោល​ផ្ទះ​​​នៅ​ប្រទេស អង់គ្លេស ធ្វើ​ដំណើរ​ឆ្លង​កាត់​មហា​សមុទ្រ​អាតាឡង់ទិច ហើយ​បាន​មក​ជួបជុំ​ជាមួយ​នឹង​ពួក​បរិសុទ្ធ​នៅ ណៅវូ អិលលីណោយ ។

ពួក​គាត់​បាន​ឱប​ក្រសោប​យក​ដំណឹង​ល្អ​ដោយ​អស់​ពី​ដួង​ចិត្ត​របស់​ពួកគាត់ ។ ខណៈ​ដែល​ព្យាយាម​សាង​សង់​លំនៅ​ដ្ឋាន​ថ្មី នោះ​ពួកគាត់​បាន​ជួយ​ក្នុង​ការ​កសាង​ព្រះវិហារ​បរិសុទ្ធ ណៅវូ ដោយ​ថ្វាយ​ដង្វាយ​ជា​កម្លាំង​មួយ​ភាគ​ក្នុង​ដប់​របស់​ពួកគាត់ — ចំណាយ​ពេល​រាល់​ថ្ងៃ​ទី​ដប់ ទៅធ្វើ​ការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។

ពួក​គាត់​ខូច​ចិត្ត​ជា​ខ្លាំង ពេល​បាន​ទទួល​ដំណឹង​ពី​មរណភាព​របស់​ព្យាការី​ជា​ទី​ស្រឡាញ់​របស់​ពួក​គាត់ គឺ យ៉ូសែប ស្ម៊ីធ និង ហៃរ៉ុម បង​ប្រុស​លោក ។ ប៉ុន្តែ ពួក​គាត់​បាន​បន្ត​ទៅ​មុខ ! ពួក​គាត់​នៅ​ពិត​ត្រង់​ចំពោះ​សេចក្ដី​ជំនឿ ។

ពេល​ពួក​បរិសុទ្ធ ត្រូវ​បាន​គេ​ធ្វើ​ទុក្ខ​បុកម្នេញ ហើយ​បង្ខំ​ឲ្យ​ចេញ​ពី ណៅវូ នោះ​លោក​តា រ៉ូប៊ើត និង លោក​យាយ ម៉ារីយ៉ា មាន​ពរជ័យ​ជា​ខ្លាំង ដោយ​បាន​ទទួល​អំណោយ​ទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ មិន​យូរ​ប៉ុន្មាន​ពី​មុន​ពេល​ពួក​គាត់​ឆ្លង​កាត់​ទន្លេ មិស៊ីស៊ិបពី ឆ្ពោះ​ទៅ​ទិស​ខាង​លិច ។ ថ្វី​បើ​ពួក​គាត់ មិន​ប្រាកដ​ថា​នឹង​ជួប​អ្វី​នៅ​ពេល​ខាង​មុខ​ក្តី ក៏​ពួក​គាត់​ប្រាកដ​ពី​សេចក្ដី​ជំនឿ និង ទីបន្ទាល់​របស់​ពួក​គាត់​ដែរ ។

នោះ​ពួក​គាត់​ដើរ ដោយ​មាន​កូន​ប្រាំ​មួយ​នាក់ យ៉ាង​លំបាក​កាត់​ភក់ជ្រាំ ពេល​ពួក​គាត់​ធ្វើ​ដំណើរ​ឆ្លង​កាត់ រដ្ឋ អៃអូវ៉ា ទៅកាន់​​ទិស​ខាង​លិច ។ ពួក​គាត់​បាន​សង់​ជម្រក​បណ្ដោះ​អាសន្ន​មួយ​នៅ​មាត់​ទន្លេ មិសសួរី ដែល​ក្រោយ​មក​ត្រូវ​បាន​ហៅ​ថា​ជា វិនធើរ ខ្វរធើរ ។

អ្នក​ត្រួស​ត្រាយ​ផ្លូវ​ដ៏​ក្លាហាន​ទាំង​នេះ កំពុង​រង់ចាំ​ការ​ណែនាំ​ពី​ពួក​សាវក អំពី​របៀប និង ពេល​វេលា​ដែល​ពួក​គាត់​ត្រូវ​ធ្វើ​ដំណើរ​បន្ត​ទៅ​ទិស​ខាង​លិច​ទៀត ។ ផែនការ​របស់​មនុស្ស​គ្រប់​គ្នា ត្រូវ​បាន​ផ្លាស់​ប្ដូរ ពេល ព្រិកហាំ យ៉ង់ ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ហៅ​ពួក​បុរស​ឲ្យ​ស្ម័គ្រ​ចិត្ត​បម្រើ​ក្នុង​ជួរ​កងទ័ព​សហរដ្ឋ​អាមេរិក ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា កង​វរសេនា​តូច​មរមន​នោះ ។

លោក​តា រ៉ូប៊ើត ហារីស ជុញ្ញ័រ ជាមនុស្ស​​ម្នាក់​ក្នុង​ចំណោម​ពួក​បុរស​ត្រួសត្រាយ​ផ្លូវ​មរមន​ជាង 500 នាក់​នោះ ដែល​បាន​ឆ្លើយ​តប​ចំពោះ​ការហៅ​មក​ពី ព្រិកហាំ យ៉ង់ ។ មានន័យ​ថា គាត់​បាន​ចូល​បម្រើ​ទ័ព ទោះ​ជា​គាត់​ត្រូវ​ចាកចោល​ភរិយា​ ដែល​កំពុង​តែ​មាន​ផ្ទៃ​ពោះ និង កូន​តូចៗ​ទាំង​ប្រាំ​មួយ​នាក់​ក៏​ដោយ ។

ហេតុ​អ្វី​គាត់ និង បុរស​ផ្សេង​ទៀត​ធ្វើ​បែប​នេះ ?

ចម្លើយ​គឺ​មាន​នៅ​ក្នុង​ប្រសាសន៍​ផ្ទាល់​របស់​លោក​តា​លួត​ខ្ញុំ ។ ក្នុង​អក្ខរា​មួយ​ច្បាប់ ដែល​គាត់​បាន​សរសេរ​ទៅ​ភរិយា ពេល​កង​វរសេនា​តូច​ បាន​នៅ​តាម​ផ្លូវ​ទី​កាន់​ទីក្រុង សាន់តា ហ្វេ នោះ​គាត់​បានថ្លែង​​ថា « សេចក្ដី​ជំនឿ​របស់​បង គឺ​រឹង​មាំ​ជានិច្ច ( ហើយ​ពេល​បង​គិត​ពី​ការណ៍​ទាំងឡាយ​ដែល ព្រិកហាំ យ៉ង់ បាន​ប្រាប់​យើង ) បង​ជឿ​ថា វា​ដូច​ជា​ព្រះ​ដ៏​មហិមា ​បាន​ប្រាប់​បង​អញ្ចឹង » ។

និយាយ​ឲ្យ​ខ្លី​ទៅ គាត់​បាន​ដឹង​ថា ​គាត់​កំពុង​ស្ដាប់​ដល់​ព្យាការី​នៃ​ព្រះ ដូច​ជា​បុរស​ផ្សេង​ទៀត​ដែរ ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ពួកគាត់​បាន​ធ្វើ​វា ! ពួកគាត់​បាន​ដឹង​ថា ពួក​គាត់​ត្រូវបាន​ដឹក​នាំ​ដោយ​ព្យាការី​នៃ​ព្រះ ។

ក្នុង​អក្ខរា​ដដែល​នោះ គាត់​បាន​បង្ហាញ​ពី​អារម្មណ៍​ដ៏​ទន់ភ្លន់​របស់​គាត់​ចំពោះ​ភរិយា និង កូនៗ​ ហើយ​បាន​ប្រាប់​ពី​ការ​អធិស្ឋាន​ដ៏​ឥត​ឈប់ឈរ​របស់​គាត់ ដើម្បី​ឲ្យ​ភរិយា និង កូនៗ​បាន​ពរជ័យ ។

ត​មក​ទៀត ក្នុង​អក្ខរា​នោះ គាត់​បាន​ថ្លែង​យ៉ាង​អស្ចារ្យ​ថា ៖ « យើង​មិន​ត្រូវ​ភ្លេច​ពី​ការណ៍​ដែល​អូន និង បង​បាន​ឮ ហើយ [ មាន​បទពិសោធន៍ ] ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះអម្ចាស់​ឡើយ » ។

រួមជាមួយ​​នឹង​ទីបន្ទាល់​ពី​មុន​របស់​គាត់​ដែល​ថា « យើង​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្យាការី​នៃ​ព្រះ » នោះ​ប្រសាសន៍​ប្រៀន​ប្រដៅ​ដ៏​ពិសិដ្ឋ​ទាំងពីរ​នេះ បាន​ក្លាយ​​ដូច​ជា​បទគម្ពីរ​ចំពោះ​ខ្ញុំ ។

រយៈពេល​ដប់​ប្រាំបី​ខែ បន្ទាប់​ពី​ចាកចេញ​ទៅ​ជាមួយ​នឹង​កង​វរសេនា​តូច លោក​តា រ៉ូប៊ើត ហារីស បាន​ត្រឡប់​មក​ជួប​ជុំ​លោក​យាយ ម៉ារីយ៉ា ជា​ទី​ស្រឡាញ់​របស់​គាត់​វិញ ។ ពួក​គាត់​បាន​បន្ត​នៅ​ពិត និង ស្មោះត្រង់​ចំពោះ​ដំណឹង​ល្អ​ដែល​ស្ដារ​ឡើង​វិញ​អស់​មួយ​ជីវិត​ពួកគាត់ ។ ពួក​គាត់​មាន​កូន 15 នាក់ ដែល​ក្នុង​នោះ 13 នាក់ បាន​រស់នៅ​ដល់​មជ្ឈិមវ័យ ។ ហ្វានីយែ វ៉កឃើរ ជា​លោក​យាយ​ខ្ញុំ មក​ពី​ទីក្រុង រេយម៉ុន អាល់ប៊ើរតា ប្រទេស កាណាដា គឺ​ជា​ចៅ​ម្នាក់​ក្នុង​ចំណោម​ចៅ​ទាំង 136 នាក់ របស់​ពួក​គាត់ ។

លោក​យាយ វ៉កឃើរ មាន​មោទនភាព​អំពី​ការពិត​ដែល​ថា លោកតា​របស់​គាត់ បាន​បម្រើ​ក្នុង​កង​វរសេនា​តូច​មរមន ហើយ​គាត់​ចង់​ឲ្យ​ចៅ​ទាំងអស់​របស់​គាត់​ដឹង​ពី​រឿង​នេះ ។ ឥឡូវ​នេះ ដោយ​ខ្ញុំ​ជា​លោក​តា​ម្នាក់​ដែរ នោះ​ខ្ញុំ​យល់​ពី​មូលហេតុ ដែល​វា​សំខាន់​ចំពោះ​គាត់ ។ គាត់​ចង់​បង្វែរ​ចិត្ត​កូន​មក​ឯ​ឪពុក ។ គាត់​ចង់​ឲ្យ​ចៅៗ​គាត់​ដឹង​ពី​កេរដំណែល​ដ៏​សុចរិត​របស់​ពួកគេ — ព្រោះ​គាត់​បាន​ដឹង​ថា វា​នឹង​ផ្ដល់​ពរជ័យ​ដល់​ជីវិត​ពួកគេ ។

កាលណា​យើង​កាន់តែ​មាន​អារម្មណ៍​ជាប់ជំពាក់​នឹង​ដូន​តា​ដ៏​សុចរិត​របស់​យើង​ខ្លាំង​ប៉ុណ្ណា នោះ​យើង​ទំនង​ជា​នឹង​ធ្វើ​ការ​ជ្រើសរើស​ឈ្លាស​វៃ និង សុចរិតកាន់​តែ​​ខ្លាំង​ប៉ុណ្ណោះ​ដែរ ។

នេះ​ជា​ការ​ពិត ។ យើង​ម្នាក់ៗ​នឹង​មាន​ពរជ័យ​យ៉ាង​មហិមា បើ​យើង​ដឹង​ពី​រឿង​នៃ​សេចក្ដី​ជំនឿ និង ការ​លះបង់​ ដែល​នាំ​ឲ្យ​ដូន​តា​យើង​ចូលរួម​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់នោះ​ ។

តាំង​ពី​ដំបូង​មក លោក​តា រ៉ូប៊ើត និង លោក​យាយ ម៉ារីយ៉ា បាន​ឮ វិលហ្វូឌ វូឌដ្រុព្វ បង្រៀន និង ថ្លែង​ទីបន្ទាល់​ពី​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ ពួកគាត់​បាន​ដឹង​ថា ​ដំណឹង​ល្អ​ពិត ។

ពួកគាត់​ក៏​បាន​ដឹង​ដែរ​ថា មិន​ថា​មាន​ការ​សាកល្បង ឬ ការ​លំបាក​ដែល​ពួក​គាត់​ជួប​ប្រទះ​យ៉ាង​ណា​ទេ នោះ​ពួក​គាត់​នឹង​បាន​ពរជ័យ​មក​ពី​ការ​បន្តនៅ​ពិត​ត្រង់​ចំពោះ​សេចក្ដី​ជំនឿ ។ វា​ហាក់​ដូច​ជា ពួកគាត់​បាន​ឮ​ប្រសាសន៍​របស់​ព្យាការី​យើង​សព្វ​ថ្ងៃ​នេះ ដែល​ថា « គ្មាន​ការលះបង់​ណា​ដែល​ធំ​ហួស​ហេតុ​ពេក … ដើម្បី​នឹង​ទទួល​ពរជ័យ​នៃ [ ព្រះវិហារ​បរិសុទ្ធ ] ឡើយ » ( ថូម៉ាស អេស ម៉នសុន « The Holy Temple—a Beacon to the World » EnsignLiahona ខែ ឧសភា ឆ្នាំ 2011 ទំព័រ 92 ) ។

ចម្លាក់​នៅ​លើ​កាក់​របស់​អង់គ្លេស​តម្លៃ​ពីរ​ផោន មាន​ឃ្លា​ថា « ឈរ​នៅ​លើ​ស្មា​យក្ស » មានន័យ​ថា​ទទួល​ផល​ពី​អ្នក​ខំ​ធ្វើ​កិច្ចការ​ពី​មុន​មក ។ ពេល​ខ្ញុំ​គិត​ពី​ដូន​តា​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ដ៏​អស្ចារ្យ​របស់​យើង ខ្ញុំ​មាន​អារម្មណ៍​ថា យើង​ទាំងអស់​គ្នា​កំពុង​ឈរ​នៅ​លើ​ស្មា​យក្ស ។

ទោះ​ជា​ដំបូន្មាន​នោះ បាន​ចេញ​មក​ពី​សំបុត្រ​របស់​លោកតា រ៉ូប៊ើត ហារីស ក្ដី ក៏​ខ្ញុំ​ជឿ​ថា ដូន​តា​ជា​ច្រើន​ទៀត នឹង​ផ្ញើ​សារ​ដំណឹង​ដូច​គ្នា​នេះ​ទៅ​ដល់​កូន​ចៅ​របស់​ពួក​គាត់​ថា ៖ ទី​មួយ យើង​មិន​ត្រូវ​ភ្លេច​ពី​បទពិសោធន៍​ដែល​យើង​មាន​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ហើយ​យើង​មិន​ត្រូវ​ភ្លេច​ពី​សេចក្ដី​សន្យា និង ពរជ័យ​ទាំងឡាយ​ដែល​មាន​ដល់​យើង​ម្នាក់ៗ ដោយសារ​ព្រះវិហារ​បរិសុទ្ធ​ដែរ ។ ទីពីរ យើង​មិន​ត្រូវ​ភ្លេច​ថា យើង​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្យាការី​នៃ​ព្រះ​ឡើយ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​ត្រូវ​បាន​ដឹក​នាំ​ដោយ​ព្យាការី​នៃ​ព្រះ ។ ព្រះអម្ចាស់​បាន​ស្ដារ​សាសនាចក្រ​ទ្រង់​ឡើង​វិញ​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ តាម​រយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ហើយ​យើង​មិន​ត្រូវ​ភ្លេច​ថា យើង​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្យាការី​ទាំងឡាយ​នៃ​ព្រះ​ជា​បន្តបន្ទាប់​មិន​ដាច់ ចាប់​តាំង​ពី យ៉ូសែប ដល់ ព្រិកហាំ ហើយ​រហូត​ដល់​ប្រធាន​នៃ​សាសនាចក្រ ជា​ព្យាការី​យើង​សព្វ​ថ្ងៃ​នេះ — គឺ ថូម៉ាស អេស ម៉នសុន នោះឡើយ​ ។ ខ្ញុំ​ស្គាល់​លោក ខ្ញុំ​គោរព​លោក ហើយ​ខ្ញុំ​ស្រឡាញ់​លោក។ ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ថា លោក​ជា​ព្យាការី​នៃ​ព្រះ​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ ។

ខ្ញុំ​មាន​បំណង​ប្រាថ្នា​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​នឹង​កូនៗ និង ចៅៗ​ខ្ញុំថា យើង​នឹង​តម្កើង​ដល់​កេរដំណែល​ដូនតា​ដ៏​សុចរិត​របស់​យើង — គឺ​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ដ៏​ស្មោះត្រង់​ទាំងនោះ ដែល​សុខចិត្ត​ដាក់​អ្វី​ៗគ្រប់​យ៉ាង​នៅ​លើ​អាសនៈ ដើម្បី​ថ្វាយ ហើយ​គាំទ្រដល់​​ព្រះ​ពួកគាត់ និង សេចក្ដី​ជំនឿ​ពួកគាត់ ។ ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​ម្នាក់ៗ​នឹង​រស់​នៅ​ពិត​ត្រង់​ចំពោះ​សេចក្ដី​ជំនឿ ដែល​ឪពុក​ម្ដាយ​យើង​មាន ។ ក្នុង​ព្រះ​នាម​ដ៏​បរិសុទ្ធ និង ពិសិដ្ឋ​នៃ ព្រះយេស៊ូវគ្រីស្ទ អាមែន ។