ឆ្នាំ ២០១០-២០១៩
ការគោរព​ប្រតិបត្តិ​តាមរយៈ​ភាពស្មោះត្រង់​របស់​យើង
ខែ មេសា 2014


ការគោរព​ប្រតិបត្តិ​តាមរយៈ​ភាពស្មោះត្រង់​របស់​យើង

ការគោរព​ប្រតិបត្តិ​ជា​និមិត្ត​រូប​មួយ​នៃ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះ​បញ្ញាញាណ និង ព្រះ​ចេស្ដា​នៃ​អង្គ​ដែល​មាន​សិទ្ធិ​អំណាច​ដ៏ខ្ពស់​បំផុត​ គឺ​ជា​ព្រះ។

រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ដែល​ស៊ិស្ទើរ ភែរី និង ខ្ញុំ​បាន​ធ្វើ​រាល់​រាត្រី​ថ្ងៃ​ចន្ទ​ បាន​មាន​ទំហំ​ធំ​ឡើង​មួយ​រំពេចភ្នែក ។ ប្អូន​ប្រុសខ្ញុំ​​ ប្អូន​ប្រុស​របស់​បាបារ៉ា និង កូន​ស្រី​គាត់ និង ក្មួយស្រី ព្រមទាំង​ស្វាមី​របស់​នាង​បាន​ប្ដូរ​ផ្ទះ​មក​រស់នៅ​ជិត​ផ្ទះ​របស់​យើង ។ វា​ជា​ពេល​តែ​មួយ​គត់ ដែល​ខ្ញុំ​មាន​ពរ​ដោយ​មាន​គ្រួសារ​រស់នៅ​ក្បែរ​គ្នា ចាប់​ពី​ខ្ញុំ​នៅ​ក្មេង ។ ចំណែក​ឯ​គ្រួសារ​ខ្ញុំ​រស់​នៅ​លើ​ផ្លូវ​នោះ​ដែរ​ដោយ​មាន​សមាជិក​គ្រួសារ​ខាង​ម្ដាយ​ខ្ញុំ​ពីរ​បី​នាក់​ទៀតផង ។ ផ្ទះ​របស់​លោកតា សន រស់​នៅ​ក្បែរ​ផ្ទះ​យើង​ គឺ​នៅ​ប៉ែកខាង​ជើង ឯ​ផ្ទះ​អ្នក​មីង អេម៉ា ក៏​នៅ​ក្បែរ​នោះ​ដែរ ប៉ុន្តែ នៅ​ប៉ែក​ខាង​ត្បូង​ពី​ផ្ទះ​យើង ។ អ្នក​មីង យ៉ូសែបហ្វីន រស់​នៅ​ភាគ​ខាង​ត្បូង​ផ្លូវ ឯ​លោក​ពូ អាលម៉ា រស់​នៅ​ខាង​កើត​ផ្លូវ ។

កាល​ខ្ញុំ​នៅ​ក្មេង យើង​មាន​ទំនាក់​ទំនង​ស្អិត​រមួត​នឹង​សមាជិក​គ្រួសារ​របស់​យើង​រាល់​ថ្ងៃ ហើយ​បាន​ចែក​រំលែក​ពេល​វេលា​ធ្វើការ ការលេង និង ការ​មក​សួរ​សុខ​ទុក្ខ​គ្នា ។ យើង​មិន​អាច​បង្ក​រឿង​ហេតុ​ធំ​ណា​មួយ​ដែល​ម្ដាយ​យើងមិន​​ដឹង​ភ្លាមៗ​នោះ​​ឡើយ ។ ពិភពលោក​យើង​ឥឡូវ​នេះ​ខុស​ប្លែក​ពី​មុន -- សមាជិក​គ្រួសារ​ភាគ​ច្រើន​បាន​បែក​ខ្ញែក​គ្នា ។ ទោះ​ជា​ពួកគេ​រស់​នៅ​ជិត​គ្នា​ក្ដី ជារឿយៗ​ពួកគេ​មិន​រស់​នៅ​ក្បែរ​គ្នា​ឡើយ ។ ខ្ញុំ​នៅ​តែ​ជឿ​ថា ស្ថានភាព​ខ្ញុំ​កាល​ពី​កុមារភាព និង បច្ចុប្បន្ន គឺ​ស្ទើរតែ​ប្រៀប​បាន​ទៅ​នឹង​ស្ថានសួគ៌ ដោយ​មាន​សមាជិក​គ្រួសារ​ជា​ទី​ស្រឡាញ់​រួម​រស់​ជិត​គ្នា ។ ចំពោះ​ខ្ញុំ វា​ជា​ការ​ក្រើន​រំឭក​ឥត​ឈប់ឈរ​មួយ​ស្ដីពី​ទិដ្ឋភាព​ដ៏​អស់កល្ប​នៃ​អង្គភាព​ក្រុម​គ្រួសារ ។

ពេល​ខ្ញុំ​ធំ​ដឹង​ក្ដី​ឡើង ខ្ញុំ​មាន​ទំនាក់ទំនង​ពិសេស​មួយ​ជាមួយ​លោក​តា​ខ្ញុំ ។ ខ្ញុំ​ជា​កូន​ប្រុស​ច្បង​ក្នុង​គ្រួសារ ។ ខ្ញុំ​បាន​ឈូស​ព្រិល​ចេញ​ពី​ផ្លូវ​ដើរ​នៅ​រដូវរងារ ហើយ​មើលថែ​វាល​ស្មៅ​នៅ​រដូវ​ក្ដៅ​សម្រាប់​ផ្ទះ​ខ្ញុំ និង ផ្ទះ​លោក​តា​ខ្ញុំ ព្រម​ទាំង​ផ្ទះ​អ្នក​មីង​ទាំង​ពីរ​របស់​ខ្ញុំ​ដែរ ។ ជា​ធម្មតា លោកតា​បាន​អង្គុយ​នៅ​រាន​ហាល​ខាង​មុខ ពេល​ខ្ញុំ​កាត់​ស្មៅ​ឲ្យ​គាត់ ។ ពេល​ខ្ញុំ​ធ្វើការ​នោះ​ចប់ ខ្ញុំ​បាន​ទៅ​អង្គុយ​លេង​នឹង​គាត់ ។ គ្រា​ទាំង​នោះ​ជា​អនុស្សាវរីយ៍​ដ៏​តម្លៃ​សម្រាប់ខ្ញុំ ។

ថ្ងៃ​មួយ​ខ្ញុំ​បាន​សួរ​លោកតា​ខ្ញុំ​ថា តើ​ខ្ញុំ​នឹង​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​រឿង​ត្រឹមត្រូវ​តាម​របៀប​ណា​ទៅ ដោយសារ​មាន​ជម្រើស​ច្រើន​ណាស់​នៅ​ក្នុង​ជីវិត​នេះ ។ តាម​ទម្លាប់​គាត់ លោកតា​បាន​តប​ខ្ញុំ​ដោយ​តំណាល​ពី​បទពិសោធន៍​មួយ​នៃ​ជីវិត​កសិដ្ឋាន ។

គាត់​បាន​បង្រៀន​ខ្ញុំ​ពី​ការ​បង្វឹក​សេះ​មួយ​ក្រុម​ ដើម្បី​ឲ្យ​ពួកវា​ចេះ​ធ្វើការ​រួម​គ្នា ។ គាត់​បាន​ពន្យល់​ថា សេះ​មួយ​ក្រុម​ ត្រូវ​ដឹង​ថា​សេះ​មួយ​ណា​ជា​អ្នក​នាំ​មុខ​ជានិច្ច ។ គន្លឹះ​មួយ​ដើម្បី​គ្រប់គ្រង និង បង្គាប់​ដល់​សេះ​មួយ​ក្បាល គឺ​អាន​សេះ និង បង្ហៀរសេះ ។ បើ​សេះ​ណា​មួយ​ក្នុង​ក្រុម​គិត​ថា វា​មិន​ត្រូវការ​ស្ដាប់​បង្គាប់​តាម​បំណង​របស់​អ្នក​បញ្ជា នោះ​ក្រុម​សេះ​នោះ​នឹង​មិន​អូស ហើយមិន​​ធ្វើ​ការរួម​គ្នា​ឲ្យ​អស់​ពី​សមត្ថភាព​ពួកវា​ឡើយ ។

ឥឡូវ​នេះ ចូរ​យើង​សិក្សា​ពី​មេរៀន​ដែល​លោកតា​ខ្ញុំ​បាន​បង្រៀន​ដល់​ខ្ញុំ​ ដោយ​ប្រើ​ឧទាហរណ៍ ។ តើ​នរណា​ជា​អ្នក​បញ្ជា​ក្រុម​សេះ​នោះ ? លោកតា​ខ្ញុំ​បាន​ជឿ​ថា​គឺជា ព្រះអម្ចាស់ ។ ទ្រង់​ជា​អង្គ​ដែល​មាន​ព្រះ​រាជ​បំណង និង ផែនការ​មួយ ។ ទ្រង់​ក៏​ជា​អ្នក​បង្វឹក និង ជា​អ្នក​ស្ថាបនា​ក្រុម​សេះ​នោះ និង សេះ​នីមួយៗ​ផងដែរ ។ អ្នក​បញ្ជា​នោះ ដឹង​ច្បាស់​ជាង​គេ ហើយ​វិធី​មួយ​គត់​ដែល​ធ្វើ​ឲ្យ​សេះ​មួយ​ក្បាល​ដឹង​ថា​វា​ធ្វើ​រឿង​ត្រឹមត្រូវ​ គឺ​ការ​ស្ដាប់​បង្គាប់ និង​ការ​ធ្វើតាម​ការ​ដឹកនាំ​របស់​អ្នក​បញ្ជា ។

តើ​លោក​តា​ខ្ញុំ​បាន​ប្រដូច​អាន​សេះ និង បង្ហៀរ​សេះ​ទៅ​នឹង​អ្វី ? ពី​ពេល​នោះ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ ខ្ញុំ​ជឿ​ថា លោកតា​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ធ្វើតាម​ការ​បំផុសគំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ក្នុង​គំនិត​គាត់ អាន​សេះ និង បង្ហៀរ​សេះ​ ជា​រឿង​ខាង​វិញ្ញាណ ។ សេះ​មួយ​ក្បាល​ដែល​ស្ដាប់​បង្គាប់ ដែល​ជា​ផ្នែក​មួយ​នៃ​ការបង្វឹក​សេះចំនួន​​ពីរ​ក្បាល​បាន​ល្អ គឺអ្នក​បញ្ជាចាំបាច់ត្រូវ​កន្ត្រាក់​បង្ហៀរ ​​​ឲ្យសេះ​ធ្វើ​នូវ​អ្វី​ដែល​គាត់​ចង់​បាន ។ ការ​កន្ត្រាក់​ថ្នមៗ​នេះ ​ប្រៀប​ដូច​នឹង​សំឡេង​តូច​រហៀង​ដែល​ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​មក​កាន់​យើង ។ ដោយ​គោរព​ដល់​សិទ្ធិ​ជ្រើសរើស​យើង វា​ពុំមែន​ជា​ការ​កន្ត្រាក់​ដោយ​បង្ខំ​ខ្លាំងៗ​នោះ​ទេ ។

បុរស​ស្ត្រី​ដែល​មិន​អើពើ​នឹង​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ ជា​រឿយៗ​នឹង​រៀន ដូចជា​កូន​ប្រុស​ខ្ជះខ្ជាយ​បាន​រៀន​ពី​ផលវិបាក​ដោយ​ស្វ័យប្រវត្តិ​នៃ​ការមិន​គោរពប្រតិបត្តិ និង ការរស់​នៅ​ដោយ​គ្មាន​ច្បាប់​ទម្លាប់ ។ លុះដល់​​ផល​វិបាក​ដោយ​ស្វ័យប្រវត្តិ​ ធ្វើ​ឲ្យ​កូន​ប្រុស​ខ្ជះខ្ជាយ​នោះ​បាន​រាបសា ទើប​គាត់ « ភ្ញាក់​ដឹង​ខ្លួន » ហើយ​បាន​ស្ដាប់​ឮ​ព្រះវិញ្ញាណ​ខ្សឹប​ប្រាប់​គាត់​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​គាត់​វិញ ( សូមមើល លូកា 15:11--32 ) ។

ដូច្នេះ​មេរៀន​ដែល​លោកតា​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​គឺ ត្រូវ​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ទទួល​ការកន្ត្រាក់​ថ្នមៗ​នៃ​ព្រះ​វិញ្ញាណ ។ គាត់​បាន​បង្រៀន​ខ្ញុំ​ថា ខ្ញុំ​នឹង​ទទួលការ​បំផុស​បែប​នេះ​ជានិច្ច បើ​ខ្ញុំ​ចាប់​ផ្ដើម​ដើរ​ខុស​ផ្លូវ ។ ហើយ​ខ្ញុំ​នឹង​គ្មាន​ចិត្ត​សោកស្ដាយ​ចំពោះ​កំហុស​ដ៏​ធ្ងន់ធ្ងរ​ឡើយ បើ​ខ្ញុំ​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ក្នុង​ជីវិត ។

ដូច យ៉ាកុប 3:3 ចែង​ថា « មើល​យើង​ដាក់​ដែក​បង្ខាំ​ចុះ​ក្នុង​មាត់​សេះ ឲ្យ​វា​ស្ដាប់​បង្គាប់​តាម ហើយ​យើង​ញាក់​រូបកាយ​វា​ទាំង​មូល​ទៅ​បាន » ។

យើង​ត្រូវ​ស្ដាប់​តាម​ខ្សែ​បង្ហៀរ​យើង​ខាង​វិញ្ញាណ ។ ទោះ​ជា​មាន​ការកន្ត្រាក់​ស្រាលៗ​ពី​ព្រះអម្ចាស់​យ៉ាង​ណា​ក្ដី យើង​ត្រូវ​មាន​ឆន្ទៈ​ដើម្បី​ផ្លាស់ប្ដូរ​ផ្លូវ​យើង​ទាំងស្រុង ។ ដើម្បី​ជោគជ័យ​ក្នុង​ជីវិត យើង​ត្រូវ​បង្រៀន​វិញ្ញាណ និង រូបកាយ​យើង​ឲ្យ​ធ្វើការ​រួម​គ្នា​ក្នុង​ការគោរព​ព្រះ​បញ្ញត្តិ​របស់​ព្រះ ។ បើ​យើង​ស្ដាប់​ការ​បំផុស​គំនិត​ដ៏​ទន់ភ្លន់​ពី​ព្រះ​វិញ្ញាណ វា​អាច​ធ្វើ​ឲ្យ​វិញ្ញាណ និង រូបកាយ​យើង​រួម​គ្នា​ក្នុង​គោលបំណង​មួយ ដែល​នឹង​នាំ​យើង​ត្រឡប់​ទៅ​ផ្ទះ​អស់កល្ប​យើង​វិញ ដើម្បី​រស់​នៅ​នឹង​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។

មាត្រា​ទី​បី​នៃ​សេចក្ដី​ជំនឿ បង្រៀន​យើង​​អំពី​សារៈសំខាន់​នៃ​ការគោរព​ប្រតិបត្តិ​ថា ៖ « យើង​ខ្ញុំ​ជឿ​ថា តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះគ្រីស្ទ នោះ​មនុស្ស​លោក​ទាំងអស់​អាច​បាន​សង្គ្រោះ ដោយសារ​ការ​គោរព​តាម​ក្រិត្យវិន័យ និង ពិធីការ​ទាំងឡាយ​នៃ​ដំណឹង​ល្អ » ។

ការគោរព​ប្រតិបត្តិ​ដែល​លោកតា​ខ្ញុំ​បាន​រៀបរាប់​ក្នុង​ឧទាហរណ៍​គាត់​ ស្ដីពី​សេះ​ពីរ​ក្បាល​នោះ ​ក៏​តម្រូវ​ឲ្យ​មាន​ការទុកចិត្ត​ដ៏​ពិសេស​មួយ​ដែរ --- នោះ​គឺ​សេចក្ដី​ជំនឿ​ដ៏​មុតមាំ​ទៅ​លើ​អ្នក​បញ្ជា ។ ដូច្នេះ មេរៀន​ដែល​លោកតា​ខ្ញុំ​បង្រៀន​ខ្ញុំ ក៏​សំដៅ​ទៅ​លើ​គោលការណ៍​ទី​មួយ​នៃ​ដំណឹង​ល្អ​ដែរ --- គឺ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

សាវក ប៉ុល បាន​បង្រៀន​ថា « រី​ឯ​សេចក្ដី​ជំនឿ នោះ​គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​ដូច​សង្ឃឹម ជា​សម្គាល់​ពី​ការ​ដែល​មើល​មិន​ឃើញ » ( ហេព្រើរ 11:1 ) ។ រួច ប៉ុល បាន​លើក​យក​គំរូ​របស់ អេបិល ហេណុក ណូអេ និង អ័ប្រាហាំ ដើម្បី​បង្រៀន​ពី​សេចក្ដី​ជំនឿ ។ លោក​បាន​ផ្ដោត​ទៅ​លើ​រឿង​របស់ អ័ប្រាហាំ ព្រោះ អ័ប្រាហាំ គឺ​ជា​បិតា​នៃ​សេចក្ដី​ស្មោះ​ត្រង់​ដែល​ចែង​ថា ៖

« ដោយសារ​សេចក្ដី​ជំនឿ កាល​ព្រះ​បាន​ហៅ​លោក អ័ប្រាហាំ នោះ​លោក​ក៏​បាន​ស្ដាប់​បង្គាប់ លោក​បាន​ចេញ​ទៅ​ឯ​កន្លែង​ដែល​ត្រូវ​ទទួល​ជា​មរតក គឺ​ចេញ​ទៅ​ឥត​មាន​ដឹង​ជា​ទៅ​ឯ​ណា​ទេ ។

« ដោយសារ​សេចក្ដី​ជំនឿ នោះ​លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុក​ដែល​បាន​សន្យា​ឲ្យ ដូចជា​នៅ​ប្រទេស​ដទៃ ។ …

« ដោយសារ​សេចក្ដី​ជំនឿ នោះ​នាង សារ៉ា ក៏​ទទួល​អំណាច​ឲ្យ​មាន​គភ៌​បង្កើត​កូន​បាន ហើយ​នាង​បង្កើត​កូន​មក​ក្នុង​កាល​ដែល​ហួស​អាយុ​ហើយ ពីព្រោះ​នាង​បាន​រាប់​ព្រះ​ដែល​សន្យា​នោះ​ទុក​ជា​ស្មោះ​ត្រង់ » ( ហេព្រើរ 11:8--9, 11 ) ។

យើង​ដឹង​ថា តាម​រយៈ​កូន​ប្រុស​របស់ អ័ប្រាហាំ និង សារ៉ា ឈ្មោះ អ៊ីសាក នោះ​អ័ប្រាហាំ និង សារ៉ា បាន​ទទួល​ការសន្យា​មួយ --- ការសន្យា​ឲ្យ​មាន​កូន​ចៅ​ច្រើន « ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ​ដែល​រាប់​មិន​ចេះ​អស់ » ( សូមមើល ខ​ទី 12 សូម​មើល​ផងដែរ លោកុប្បត្តិ 17:15–16 ) ។ រួច​ហើយ​សេចក្ដី​ជំនឿ​របស់ អ័ប្រាហាំ ត្រូវ​បាន​សាកល្បង​តាម​របៀប​មួយ ដែល​យើង​ជា​ច្រើន​គិត​ថា ​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ ។

ខ្ញុំ​គិត​យ៉ាង​ច្រើន​ពី​រឿង​របស់ អ័ប្រាហាំ និង អ៊ីសាក ហើយ​ខ្ញុំ​ជឿ​ថា ខ្ញុំ​មិន​ទាន់​យល់​ទាំង​ស្រុង​ពី​ភាពស្មោះត្រង់ និង ការគោរព​ប្រតិបត្តិ​របស់ អ័ប្រាហាំ នៅ​ឡើយ​ទេ ។ ប្រហែល​ជា​ខ្ញុំ​អាច​ស្រមៃ​ឃើញ​ថា ​លោក​បាន​ខិតខំ​រៀបចំ​ឥរ៉ាន់ ដើម្បី​ចេញ​ទៅ​ពី​ព្រឹក​ព្រលឹម ប៉ុន្តែ តើ​លោក​អាច​បោះ​ជំហាន​ដើរ​ក្បែរ​កូន​ប្រុស​លោក​គឺ អ៊ីសាក ក្នុង​ដំណើរ​រយៈ​ពេល​បី​ថ្ងៃ​ទៅ​កាន់​ភ្នំ ម៉ូរីយ៉ា នោះ​បាន​ដោយ​របៀប​ណា​ទៅ ? តើ​ពួកគេ​អាច​យក​អុស​ដើម្បី​បង្កាត់​ភ្លើង​នៅ​លើ​ភ្នំ​នោះ​ បាន​ដោយ​របៀប​ណា ? តើ​លោក​សង់​អាសនៈ​បាន​ដោយ​របៀប​ណា ? តើ​លោក​ចង អ៊ីសាក ហើយ​ដាក់​គាត់​នៅ​លើ​អសនៈ​នោះ​ដោយ​របៀប​ណា ? តើ​លោក​បាន​ប្រាប់ អ៊ីសាក ថា​លោក​នឹង​បូជា អ៊ីសាក បាន​ដោយ​របៀប​ណា​ទៅ ? តើ​លោក​មាន​កម្លាំង​លើក​កាំបិត​សម្លាប់​កូន​ប្រុស​ខ្លួន ​បាន​ដោយ​របៀបណា​ទៅ ? សេចក្ដី​ជំនឿ​របស់ អ័ប្រាហាំ បាន​ធ្វើ​ឲ្យ​លោក​ធ្វើតាម​ការដឹកនាំ​របស់​ព្រះ ​ដោយ​ឥត​ងាករេ​ រហូត​ដល់​គ្រា​ដ៏​អស្ចារ្យ ដែល​ទេវតា​បាន​បន្លឺ​ប្រាប់​ពី​ស្ថានសួគ៌​មក ដោយ​ប្រកាស​ទៅ អ័ប្រាហាំ ថា​ លោក​បាន​ឆ្លង​ផុត​ការសាកល្បង​ដ៏​ឈឺ​ចាប់​របស់​លោក​ហើយ ។ ក្រោយ​មក​ទេវតា​នៃ​ព្រះអម្ចាស់​ បាន​មាន​បន្ទូល​ជា​ថ្មី​ពី​ការសន្យា​នៃ​សេចក្តី​សញ្ញា អ័ប្រាហាំ ។

ខ្ញុំ​ដឹង​ថា​ឧបសគ្គ​ដែល​ភ្ជាប់​មក​ជាមួយ​នឹង​ការ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ការគោរព​ប្រតិបត្តិ នឹង​មាន​ការ​លំបាក​សម្រាប់​មនុស្ស​ផ្សេងៗ​គ្នា ។ ខ្ញុំ​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ​ល្មម​គ្រប់គ្រាន់​ដើម្បី​ដឹង​ថា កាល​សេះ​ទាំងឡាយ​មាន​លក្ខណៈ​ខុស​គ្នា ហេតុដូច្នេះហើយ មាន​សេះ​ខ្លះ​​ងាយ ឬ សេះ​ខ្លះ​លំបាក​ដើម្បី​បង្វឹក រី​ឯ​មនុស្ស​ទៀត​សោត​ក៏​មាន​ភាព​ខុស​គ្នា​​ច្រើន​ដែរ ។ យើង​ម្នាក់ៗ​ជា​បុត្រា ឬ បុត្រី​នៃ​ព្រះ ហើយ​យើង​មាន​រឿង​ពី​មុន​ឆាក​ជីវិត​នេះ និង រឿង​ជីវិត​នេះ​ផ្សេងៗ​ពី​គ្នា ។ ដូច្នេះ ដំណោះស្រាយ​ដូច​គ្នា​ពុំ​មែន​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ ។ ហេតុដូច្នេះហើយ ខ្ញុំ​ទទួល​ស្គាល់​យ៉ាង​ពេញ​ទំហឹង​ថា ជីវិត​នេះ​ទាក់ទង​ទៅ​នឹង​ការសាកល្បង និង ការបរាជ័យ​ច្រើន​ដង ហើយ​សំខាន់​បំផុត​គឺ​ថា យើង​ត្រូវការ​គោលការណ៍​ទី​ពីរ​នៃ​ដំណឹង​ល្អ​ជានិច្ច គឺ​ការ​ប្រែចិត្ត ។

វា​ក៏​ពិត​ផងដែរ​ថា គ្រា​ដែល​លោកតា​ខ្ញុំ​បាន​រស់ គឺ​ជា​គ្រា​ដ៏​សាមញ្ញ​មួយ ជា​ពិសេស​ស្ដីពី​ការ​ជ្រើសរើស​រវាង​ខុស និង ត្រូវ ។ ខណៈ​ដែល​មនុស្ស​ដែល​មាន​ប្រាជ្ញា និង ចំណេះដឹង​ខ្ពង់ខ្ពស់​មួយ​ចំនួន ​អាច​ជឿ​ថា គ្រា​ដ៏​លំបាក​របស់​យើង តម្រូវ​ឲ្យ​មាន​ដំណោះស្រាយ​ដ៏​ស្មុគស្មាញ​ជាង​មុន​ទៅ​ទៀត ខ្ញុំ​ពុំ​ជឿ​ថា​ពួកគេ​និយាយ​ត្រូវ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ជឿ​ថា ភាពស្មុគស្មាញ​សព្វថ្ងៃ ​តម្រូវ​ឲ្យ​មាន​ភាពសាមញ្ញ​ច្រើន​ជាង​មុន ដូចជា​ចម្លើយ​ដែល​លោកតា​ខ្ញុំ​បាន​តប​ចំពោះ​សំណួរ​ដ៏​ស្មោះត្រង់​របស់​ខ្ញុំ ស្ដីពី​របៀប​ដើម្បី​ដឹង​ពី​ភាពខុស​គ្នា​រវាង​ត្រូវ និង ខុស​ដែរ ។ ខ្ញុំ​ដឹង​ថា​អ្វី​ដែល​និយាយ​នៅ​ថ្ងៃ​នេះ ​គឺ​ជា​រូបមន្ត​មួយ​ដ៏​សាមញ្ញ ប៉ុន្តែ ខ្ញុំ​អាច​ថ្លែង​ទីបន្ទាល់​ថា វា​អនុវត្ត​បាន​យ៉ាង​ល្អ​ចំពោះ​ខ្ញុំ ។ ខ្ញុំ​សូម​ណែនាំ​វា​ដល់​អ្នក ហើយ​ថែម​ទាំង​សូម​អញ្ជើញ​អ្នក​ឲ្យ​សិក្សា​ស្វែងយល់​ពី​ពាក្យ​ពេចន៍​របស់​ខ្ញុំ ហើយ​បើ​អ្នក​ធ្វើ​ដូច្នេះ ខ្ញុំ​សូម​សន្យា​ថា ​វា​នឹង​ដឹកនាំ​អ្នក​ទៅ​រក​ភាពច្បាស់លាស់​នៃ​ការ​ជ្រើសរើស ពេល​អ្នក​ហ៊ុម​ទ័ព្ធ​ដោយ​ការ​ជ្រើសរើស ហើយ​ថា ​វា​នឹង​នាំ​អ្នក​ទៅ​រក​ចម្លើយ​សាមញ្ញ​​ចំពោះ​សំណួរ​ដែល​បំភ័ន្ត​អ្នក​រៀន​សូត្រ និង អ្នក​ដែល​គេ​គិត​ថា ​គេ​ឆ្លាតវៃ ។

ជា​ញឹកញាប់ យើង​គិត​ថា ​ការគោរព​ប្រតិបត្តិ​ជា​រឿង​អកម្ម និង ជា​ការ​ធ្វើ​តាម​ដោយ​ខ្វះ​ការ​គិត​ទៅ​នឹង​បទបញ្ជា ឬ ច្បាប់​ពី​សំណាក់​អ្នក​មាន​សិទ្ធិ​អំណាច​ខ្ពស់​ជាង ។ តាម​ពិត​ទៅ ការគោរព​ប្រតិបត្តិ​ជា​និមិត្ត​រូប​មួយ​នៃ​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះបញ្ញាញាណ និង ព្រះ​ចេស្ដា​នៃ​អង្គ​ដែល​មាន​សិទ្ធិ​អំណាចដ៏​​ខ្ពស់​បំផុត​ គឺ​ជា ព្រះ ។ ពេល អ័ប្រាហាំ បង្ហាញ​ភាពស្មោះត្រង់ និង ការគោរព​ប្រតិបត្តិ​របស់​លោក​ដោយ​ឥត​វៀចវេរ​ចំពោះ​ព្រះ សូម្បី​តែ​ពេល​ត្រូវ​បាន​បញ្ជា​ឲ្យ​បូជា​កូន​ប្រុស​របស់​ខ្លួន​យ៉ាង​ណា​ក្ដី ព្រះ​បាន​សង្គ្រោះ​លោក ។ ដូចគ្នា​នេះ​ដែរ ពេល​យើង​បង្ហាញ​ភាពស្មោះត្រង់​របស់​យើង​ តាមរយៈ​ការគោរព​ប្រតិបត្តិ ព្រះ​នឹង​សង្គ្រោះ​យើង​ដល់​ទី​បញ្ចប់ ។

មនុស្ស​ដែល​ពឹងផ្អែក​ទៅ​លើ​ខ្លួន​ឯង ហើយ​ធ្វើ​តាម​បំណង​ប្រាថ្នា និង និន្នាការ​ផ្ទាល់​ខ្លូន​នឹង​ទទួល​បាន​ពរជ័យ​តិចតួច​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​ដែល​ធ្វើតាម​ព្រះ ហើយ​ទទួល​បាន​ចំណេះដឹង ព្រះ​ចេស្ដា និង អំណោយទាន​របស់​ទ្រង់​នោះ ។ មាន​ពាក្យ​ពោល​ថា មនុស្ស​ដែល​គិត​តែ​ពី​ខ្លួន​ឯង​ គឺ​ជា​មនុស្ស​ដែល​មិន​រីក​ចម្រើន​អ្វី​សោះ​ឡើយ ។ ការគោរព​ប្រតិបត្តិ​ដ៏​រឹងមាំ ហើយ​សកម្ម​ ពុំ​មែន​ជា​ភាពទន់ខ្សោយ ឬ រឿង​អកម្ម​នោះ​ឡើយ ។ វា​ជា​មធ្យោបាយ​ដែល​យើង​ប្រកាស​ពី​សេចក្ដី​ជំនឿ​យើង​ទៅ​លើ​ព្រះ ហើយ​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​គុណសម្បត្តិ ​ដើម្បី​ទទួល​បាន​អំណាច​នៃ​ស្ថានសួគ៌ ។ ការគោរព​ប្រតិបត្តិ ​គឺ​ជា​ជម្រើស​មួយ ។ វា​ជា​ជម្រើស​រវាង​ចំណេះដឹង​ដ៏​មាន​ដែន​កំណត់​របស់​យើង និង ព្រះចេស្តា ព្រម​ទាំង​ប្រាជ្ញា​ញាណ និង សិទ្ធិ​អំណាច​គ្មាន​ដែន​កំណត់​របស់​ព្រះ ។ ស្រប​តាម​មេរៀន​របស់​លោកតា​ខ្ញុំ​​បាន​ប្រាប់​ដល់​ខ្ញុំ វា​ជា​ជម្រើស​មួយ​ដើម្បី​មាន​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​ក្នុង​គំនិត​យើង ហើយ​ធ្វើតាម​ការ​ដឹកនាំ​របស់​អ្នក​បញ្ជា ។

សូម​ឲ្យ​យើង​ក្លាយ​ជា​កូនចៅ​ចំពោះ​សេចក្ដី​សញ្ញា និង ពូជពង្ស​នៃ អ័ប្រាហាំ តាមរយៈ​ភាពស្មោះត្រង់​របស់​យើង និង ដោយ​ការទទួល​ពិធី​បរិសុទ្ធ​នៃ​ដំណឹង​ល្អ ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ​គឺ​មាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​ស្មោះត្រង់ ហើយ​គោរព​ប្រតិបត្តិ ។ ក្នុង​ព្រះ​នាម​នៃ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។