ឆ្នាំ ២០១០-២០១៩
ការ​ការពារ​ពី​រូប​អាសគ្រាម—ផ្ទះ​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ
ខែ មេសា 2014


ការ​ការពារ​ពី​រូប​អាសគ្រាម—ផ្ទះ​ដែល​ផ្ដោត​លើ​ព្រះគ្រីស្ទ

តម្រង​ដ៏​ធំបំផុត​ក្នុងពិភពលោក ... គឺ​តម្រង​ខាង​ក្នុង​ខ្លួន​មនុស្ស​ផ្ទាល់ ដែល​កើត​ចេញ​មកពី​ទីបន្ទាល់​រឹងមាំ និង​ខ្ជាប់ខ្ជួន។

បងប្អូនប្រុសស្រី ខ្ញុំ​មាន​ពរជ័យ​ដែល​មាន​ចៅៗ​ច្បង​របស់​ខ្ញុំ 13 នាក់ នៅ​ក្នុង​ក្រុម​ជំនុំ​នេះនា​ថ្ងៃ​នេះ ។ ការណ៍​នេះ បណ្ដាល​ឲ្យ​ខ្ញុំ​សួរ​សំណួរ​នេះ​ថា « តើ​អ្វី​ខ្លះ​ដែល​ខ្ញុំ​ចង់​ឲ្យ​ចៅៗ​ខ្ញុំ​ដឹង ? » ព្រឹក​នេះ ខ្ញុំ​ចង់​និយាយ​ដោយ​ត្រង់ៗ​ទៅ​កាន់​គ្រួសារ​ខ្ញុំ និង គ្រួសារ​អ្នក ។

ក្នុង​នាម​ជា​អ្នក​ដឹក​នាំ យើង​មាន​កង្វល់​ខ្លាំង​ឡើងៗ អំពី​ការ​បំផ្លិច​បំផ្លាញ​ ដែល​រូប​អាសគ្រាម​បង្ក​ឡើង​ក្នុង​ជីវិត​សមាជិក​សាសនាចក្រ និង គ្រួសារពួកគេ ។ សាតាំង កំពុង​តែ​វាយ​ប្រហារ​ដោយ​កំហឹង​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។

មូលហេតុ​មួយ ដែល​យើង​នៅ​លើ​ផែនដី​នេះ គឺ​ដើម្បី​រៀន​គ្រប់គ្រង​ចំណង់ និង អារម្មណ៍​នៃ​រូបកាយ​រមែង​ស្លាប់​របស់​យើង ។ អារម្មណ៍ទាំងនេះដែលបានទទួលមក​ពីព្រះ ជួយ​យើងឲ្យ​​ចង់​រៀបការ និង​មានកូនចៅ ។ ទំនាក់​ទំនងស្និតស្នាល​ក្នុង​អាពាហ៍ពិពាហ៍​​រវាង​បុរស និង ស្ត្រី ដែល​នាំ​កូនចៅ​មក​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ក៏​មានន័យ​​ថា វា​ត្រូវ​ជា​បទពិសោធន៍​មួយដ៏​ស្រស់​បំព្រង ហើយ​គួរ​ឲ្យ​ស្រឡាញ់​ផងដែរ ដោយ​​ចង​ភ្ជាប់​នូវ​ដួង​ចិត្ត​ភក្ដី​ពីរ​រួម​គ្នា ​ទាំង​វិញ្ញាណ និង រូបកាយ ហើយ​នាំ​មក​នូវ​សេចក្ដី​អំណរ និង សុភមង្គល​ដ៏​ពោរពេញ កាលដែល​យើង​រៀន​ដាក់​ស្វាមី ឬ ភរិយា​យើង​ជា​អាទិភាព​ទី​មួយ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា ក្នុង​អាពាហ៍​ពិពាហ៍ « ស្វាមីភរិយា … សំខាន់​ជាង​គេ​ក្នុង​ជីវិតនៃ​​ស្វាមី ឬ​ភរិយា ហើយ … [ គ្មាន ] ការ​ចាប់​អារម្មណ៍ [ ឬ ] មនុស្ស [ ឬ ] អ្វី​ផ្សេង​ទៀត​ណា ដែល​យក​អាទិភាពលើ​ដៃ​គូ​ស្វាមី​ភរិយា​ឡើយ ។ …

« អាពាហ៍ពិពាហ៍​ បាន​​កំណត់​ទុក​ជាមុន​ឲ្យ​មាន​នូវ​ភក្ដីភាព និង ភាព​ត្រឹមត្រូវ​ទាំង​ស្រុង » ។ 1

ច្រើន​ឆ្នាំ​ទៅ​ហើយ កូន​យើង​ម្នាក់​បាន​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង ។ ខ្ញុំបាន​ចូល​ក្នុង​បន្ទប់គេង​​របស់​នាង ហើយ​នាង​បាន​បង្ហាញ​ពី​អារម្មណ៍​ និង​ពន្យល់​ខ្ញុំ​ថា នាង​បាន​ទៅ​ផ្ទះ​មិត្ត​ម្នាក់ ហើយ​បាន​ឃើញ​រូបភាព និង សកម្មភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង រំខាន​ចិត្ត​ដោយ​ចៃដន្យ​នៅ​លើអេក្រង់​​ទូរទស្សន៍ ដែល​មាន​បុរស និង ស្ត្រី​គ្មាន​សំលៀក​បំពាក់ ។ នាង​ចាប់​ផ្ដើម​យំ​ខ្សឹប​ខ្សួល ហើយ​ប្រាប់​ថា នាង​មាន​អារម្មណ៍​រន្ធត់​យ៉ាង​ណា អំពី​អ្វី​ដែល​នាង​បាន​ឃើញ ហើយ​ថា​នាង​ចង់​យក​វា​ចេញ​ពី​គំនិត​នាង​យ៉ាង​ណា ។ ខ្ញុំ​មាន​អំណរ​គុណ​ណាស់ ដែល​នាង​ទុក​ចិត្ត​ខ្ញុំ ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​លួងលោម​ដួង​ចិត្ត​ស្លូតត្រង់ និង ឈឺ​ចាប់​របស់​នាង ហើយ​ជួយ​នាង​ឲ្យ​ដឹង​ពី​របៀបបាន​​ធូរ​ស្បើយ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះអង្គ​សង្គ្រោះ​​យើង ។ ខ្ញុំ​ចងចាំ​ពី​អារម្មណ៍​ដ៏ពិសិដ្ឋ ដែល​ខ្ញុំ​មាន​ ពេល​យើង​លុតជង្គង់ចុះ​ជាមួយគ្នា ជា​ម្ដាយ និង​កូន​ស្រី ហើយ​បាន​ទូលអង្វរ​សុំ​ជំនួយ​ពី​ព្រះវរបិតាសួគ៌​យើង ។

កុមារ យុវវ័យ និង មនុស្ស​ពេញ​វ័យ​ជា​ច្រើន បាន​ឃើញ​​​រូប​អាសគ្រាម ​ដោយ​គ្មាន​កំហុស ប៉ុន្តែ​ក៏​មាន​នូវ​បុរស​ស្ត្រី​ជា​ច្រើន ដែល​ជ្រើសរើស​មើល​វា ហើយ​ត្រឡប់​ទៅ​មើល​វា​ម្ដង​ហើយ​ម្ដង​ទៀត ​ក្លាយ​ទៅជា​ញៀន ។ បុគ្គល​ទាំងនេះ អាច​មានបំណង​ដោយ​អស់ពី​ចិត្ត​ពួកគេ ចេញ​ពី​អន្ទាក់​នេះ ប៉ុន្តែ​ជា​ញឹកញាប់ពុំ​អាច​យកឈ្នះ​លើ​វា​បាន​ដោយ​ខ្លួនឯង​ឡើយ ។ យើង​មាន​អំណរ​គុណ ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ទាំង​នេះ ជ្រើស​រើស​ទុក​ចិត្ត​យើង ជា​ឪពុក​ម្ដាយ ឬ អ្នក​ដឹក​នាំ​សាសនាចក្រ ។ វា​ជា​ការ​ឈ្លាស​វៃ ពេល​យើងពុំ​មាន​​ប្រតិកម្ម​​ដោយ​តក់​ស្លុត ខឹង ឬ ច្រាន​ចោល ដែល​អាច​នាំ​ឲ្យ​ពួកគេ​មិន​ប្រាប់​តទៅ​​ទៀត ។

ក្នុង​នាម​ជា​ឪពុក​ម្ដាយ និង អ្នក​ដឹកនាំ យើងចាំបាច់​ត្រូវ​ប្រឹក្សា​​​កូនៗ និង យុវវ័យ​របស់​យើងជា​ប្រចាំ សូម​​ស្ដាប់​ដោយសេច​ក្ដី​ស្រឡាញ់ និង ការ​យល់​ចិត្ត ។ ពួកគេចាំបាច់​ត្រូវ​ដឹង​ពី​គ្រោះ​ថ្នាក់​នៃ​រូប​អាសគ្រាម និង របៀប​ដែល​វា​គ្រប់គ្រងលើ​​ជីវិត​យើង បណ្ដាល​ឲ្យ​យើង​បាត់​បង់​ព្រះ​វិញ្ញាណ ខូច​អារម្មណ៍ បញ្ឆោត បំផ្លាញ​ទំនាក់​ទំនង បាត់បង់​ការ​គ្រប់គ្រង​ខ្លួន​ឯង ហើយ​បាត់បង់​ពេល​វេលា ការគិត និង ថាមពល​ស្ទើរតែ​ទាំងអស់ ។

រូប​អាសគ្រាម​ គឺ​អប្រិយ អាក្រក់ និង ស្ដែង​​ជាង​ពេល​មុនៗ​ទាំងអស់ ។ នៅពេល​យើង​ប្រឹក្សា​ជាមួយ​កូនៗ​យើង យើង​អាច​បង្កើត​ផែនការ​គ្រួសារ​ជាមួយគ្នា ដែល​មាន​បទដ្ឋាន និង​ដែនកំណត់ ដែល​វាងវៃ​ក្នុង​ការ​ការពារ​ផ្ទះ​យើង ដោយ​តម្រង​​លើ​ឧបករណ៍​អេឡិចត្រូនិច ។ ឪពុក​ម្ដាយ​ តើ​យើង​បាន​ដឹងថា ឧបករណ៍​ចល័ត​ដែល​មាន​អ៊ិនធើរណិត ​គឺ​ជា​បញ្ហា​ធំ​បំផុត ​មិន​មែនជា​កុំព្យូទ័រនោះ​ឬ​ទេ ? 2

យុវវ័យ និង មជ្ឈិមវ័យ​អើយ បើ​អ្នក​ឃើញ​ថា អ្នក​ជាប់​​ក្នុង​អន្ទាក់​នៃ​រូប​អាសគ្រាម​របស់​សាតាំង សូម​ចងចាំ​ថា ព្រះអង្គ​សង្គ្រោះ​ជា​ទី​ស្រឡាញ់​របស់​យើង ​មាន​ក្ដី​មេត្តា​ករុណា​យ៉ាងណា ។ តើ​អ្នក​ដឹង​ទេ​ថា ព្រះអម្ចាស់​ស្រឡាញ់​ និង​ឲ្យ​តម្លៃ​អ្នក​ខ្លាំង​យ៉ាងណា សូម្បី​តែ​ពេល​ឥឡូវ​នេះ ? ព្រះអង្គ​សង្គ្រោះ​​យើង ​មាន​ព្រះចេស្ដា ដើម្បី​សម្អាត និង ព្យាបាល​អ្នក ។ ទ្រង់​អាច​ដក​​ការ​ឈឺ​ចាប់ និង ទុក្ខ​ព្រួយ ដែល​អ្នក​មាន ហើយ​ធ្វើ​ឲ្យ​អ្នក​បាន​ស្អាត​ម្ដង​ទៀត តាម​រយៈ​ព្រះចេស្ដា​នៃ​ដង្វាយ​ធួន​​ទ្រង់ ។

ក្នុងនាមជាអ្នកដឹកនាំ យើងក៏​បារម្ភ​ខ្លាំង​អំពី​ស្វាមីភរិយា និង​ក្រុមគ្រួសារ​នៃ​អ្នក​ដែល​រងទុក្ខ ​ដោយសារ​ការ​ញៀន​នៃរូបអាសគ្រាម ។ អែលឌើរ រីឆាដ ជី ស្កត បាន​អង្វរ​ថា ៖ « បើ​អ្នក​ផ្ទាល់​គ្មាន​​អំពើ​បាប​ធ្ងន់ធ្ងរ​ទេ នោះ​សូម​កុំ​ចាំបាច់​រងទុក្ខ​ដោយ​ព្រោះ​លទ្ធផល​នៃ​អំពើ​បាបរបស់​អ្នកដទៃ​ឡើយ ។ … អ្នក​អាចដឹង​ពី​ក្ដី​មេត្តា​ករុណា ។​ … តែ​អ្នក​ពុំ​គួរ​យក​មក​ដាក់​លើ​ខ្លួន​ឯង នូវ​អារម្មណ៍​នៃ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​ទាំង​នោះ​ឡើយ » ។3 ចូរ​ដឹង​ថា អ្នក​មិន​នៅឯកោ​ឡើយ ។ មានជំនួយ ។ មាន​នូវ​​ការ​ប្រជុំអំពី​ការ​ព្យាបាល​ការញៀន​សម្រាប់​ស្វាមី​ភរិយា ដែល​​គេ​មាន ទាំង​​ការ​ប្រជុំ​តាម​ទូរស័ព្ទ ដែល​អនុញ្ញាត​ស្វាមី​ភរិយា​​ទូរស័ព្ទមក​​ការ​ប្រជុំ ហើយ​ចូលរួម​ពី​ផ្ទះ​គេ​ផ្ទាល់ ។

បង​ប្អូន​ប្រុស​ស្រី តើ​យើង​ការពារ​កូនៗ និង យុវវ័យ​របស់​យើង​យ៉ាង​ណា ? តម្រង គឺជា​​ឧបករណ៍​ការពារ​មានប្រយោជន៍ ប៉ុន្តែ​តម្រង​ដ៏​ធំបំផុត​ក្នុងពិភព​​លោក​នេះ និង​ជា​តម្រង​តែមួយ​គត់ ដែល​នឹង​មានប្រសិទ្ធភាព គឺជា​​តម្រង​នៅ​ខាង​ក្នុង​ខ្លួន​មនុស្ស​ផ្ទាល់ ដែល​កើត​ចេញ​ពី​​ទីបន្ទាល់​ដ៏​ជ្រាលជ្រៅ និង ខ្ជាប់ខ្ជួន នៃ​ក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​យើង និង ការ​បូជា​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​យើង​ម្នាក់ៗ ។

តើ​យើង​ដឹកនាំ​កូនៗ​យើង​ឲ្យ​មានការប្រែចិត្តជឿ​មុតមាំ ហើយ​ទទួលបាន​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​យើង​តាម​របៀប​ណា ? ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​ប្រកាស​របស់​ព្យាការី​នីហ្វៃ អំពី​អ្វី​ដែល​ប្រជាជន​លោក​បាន​ធ្វើ ដើម្បី​ការ​ពារ​​យុវវ័យ​នៅ​ជំនាន់​លោក​ថា ៖ « ​យើង​និយាយ​អំពី​ព្រះគ្រីស្ទ យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះគ្រីស្ទ [ហើយ] យើង​ព្យាករ​អំពី​ព្រះគ្រីស្ទ … ដើម្បី​ឲ្យ​កូន​ចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ណា​មួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់ពួកគេ » ។ 4

តើ​យើងអាច​ធ្វើ​ដូច្នេះ​ដោយ​របៀប​ណា ក្នុងផ្ទះ​យើង ? ពួក​អ្នក​មួយ​ចំនួន បាន​ឮ​ខ្ញុំ​និយាយ​ថា ស្វាមី​ខ្ញុំ មេល និង ខ្ញុំ​ថប់បារម្ភ​​យ៉ាង​ណា ក្នុង​នាម​ជា​ឪពុក​ម្ដាយ​នៃ​កូនតូចៗ​បួននាក់នោះ ។ ពេល​យើង​ប្រឈម​មុខ​នឹង​ឧបសគ្គ​នៃ​ការ​ធ្វើ​ជា​ឪពុក​ម្ដាយ និង បំពេញ​​តម្រូវការ​​នៃ​ជីវិត នោះ​យើង​ចង់​បាន​ជំនួយ​ខ្លាំង​ណាស់ ។ យើង​បានអធិស្ឋាន និង​ទូលអង្វរ​​ដើម្បី​ដឹង​ថា ​ត្រូវ​ធ្វើអ្វី ។ ចម្លើយ​​បាន​ប្រាប់​យ៉ាង​​ច្បាស់​ថា ៖ « វា​មិន​អី​ទេ បើ​ផ្ទះ​រាយប៉ាយ ហើយ​កូនៗ​នៅតែ​ស្លៀក​ខោអាវ​គេងពួកគេ និង កិច្ចការ​មួយ​ចំនួន ​មិន​បាន​ធ្វើ​ហើយនោះក្ដី ។ រឿងតែ​មួយគត់ ​ដែលចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​ខាន​តែ​បាន​នៅក្នុង​ផ្ទះ គឺ​ការ​សិក្សា​ព្រះគម្ពីរ និង ការ​អធិស្ឋាន​ប្រចាំ​ថ្ងៃ និង រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​ប្រចាំ​សប្ដាហ៍ » ។

យើង​ព្យាយាម​ធ្វើ​ការណ៍​ទាំង​នេះ ប៉ុន្តែ​​តែងតែមិនដាក់វា​ជា​​អាទិភាព ហើយ​ពេលមានការ​​ច្របូក​ច្របល់ ក៏​មានការ​ព្រងើយ​កន្តើយ​នៅ​ពេល​ខ្លះ​ដែរ ។ យើង​បាន​ផ្លាស់​ប្ដូរការ​គិត​របស់យើង ហើយ​ព្យាយាម​មិនបារម្ភ​​អំពី​រឿង​មិន​សូវ​សំខាន់ ។ ការគិត​​ផ្ដោត​របស់យើង បាន​ក្លាយ​ជា​ការ​​និយាយ ការ​រីករាយ ការ​ផ្សាយ និង ការ​ធ្វើទី​​បន្ទាល់ អំពី​ព្រះគ្រីស្ទ តាមរយៈ​​ការ​ព្យាយាម​អធិស្ឋាន និង សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ និង មាន​រាត្រី​ជួបជុំ​ក្រុម​គ្រួសារប្រចាំ​សប្ដាហ៍ ។

ថ្មីៗ​នេះ មាន​មិត្ត​ម្នាក់​បាន​ដាស់​តឿនថា « ពេល​អ្នក​សុំ​ឲ្យ​បងប្អូន​ស្រីៗ អាន​ព្រះគម្ពីរ និង​អធិស្ឋាន​បន្ថែម​ទៀត នោះ​វា​ដាក់បន្ទុកលើ​ពួកគេ​ថែមទៀតហើយ ។ ពួកគេ​មានអារម្មណ៍ដូចជា​ពួកគេ​មាន​អ្វី​ត្រូវ​ធ្វើ​ច្រើន​ណាស់រួចទៅហើយ » ។

បងប្អូន​ប្រុស​ស្រី ដោយ​សារ​ខ្ញុំ​ដឹង​ចេញពី​បទពិសោធន៍​ផ្ទាល់​ខ្លួន និង​ស្វាមីខ្ញុំ ខ្ញុំ​ត្រូវ​តែ​ធ្វើ​ទីបន្ទាល់​អំពី​ពរជ័យ​នៃ​ការ​សិក្សាព្រះគម្ពីរ និង​ការ​អធិស្ឋាន​ប្រចាំ​ថ្ងៃ និង​រាត្រីជួបជុំក្រុមគ្រួសារប្រចាំ​សប្ដាហ៍ ។ ទាំងនេះ ជា​ការ​អនុវត្ត​ដ៏ល្អបំផុត ដែល​ជួយ​ដក​បន្ទុក ផ្ដល់នូវ​ការ​ដឹកនាំ​ដល់​ជីវិត​យើង ហើយ​បន្ថែម​ការការពារ​ដល់​គេហដ្ឋាន​យើង ។ បន្ទាប់មក បើ​មាន​រូបអាសគ្រាម ឬ​ឧបសគ្គ​ដទៃទៀត វាយប្រហារ​ដល់​គ្រួសារ​យើង នោះ​យើង​អាច​ទូលអង្វរ​ព្រះអម្ចាស់​សុំជំនួយ និង​រំពឹង​នូវ​ការ​ណែនាំ​ដ៏​អស្ចារ្យ​មកពី​ព្រះវិញ្ញាណ ដោយ​ដឹង​ថា យើង​បាន​ធ្វើ​នូវ​អ្វី​ដែលព្រះវរបិតា​យើង​បាន​សុំឲ្យ​យើងធ្វើ ។

បង​ប្អូន​ប្រុស​ស្រី បើ​ការណ៍​ទាំងនេះ​ពុំ​បាន​អនុវត្ត​ក្នុង​ផ្ទះ​យើង​ទេ នោះ​យើង​ទាំងអស់​គ្នា​ អាច​ចាប់​ផ្ដើម​ឥឡូវ​នេះ ។ បើ​កូនៗ​យើង​ធំ​ឡើង ហើយ​បដិសេធ​មិន​ចូលរួមនឹង​យើង នោះ​យើង​អាច​ចាប់​ផ្ដើមនឹង​ខ្លួនយើង​ផ្ទាល់ ។ ពេល​យើង​ធ្វើ នោះ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​ នឹង​ចាប់​ផ្ដើម​មាន​ក្នុង​ផ្ទះ និង ជីវិត​យើង ហើយ​យូរៗទៅ កូនៗ​អាច​នឹង​ចូលរួម ។

ចូរ​ចាំ​ថា ពួកសាវក​នៅរស់ បាន​សន្យា​ផងដែរ​ថា នៅពេល​យើង​ស្រាវជ្រាវ​រក​ជីដូនជីតា​យើង ហើយ​រៀបចំ​ឈ្មោះ​គ្រួសារ​យើង​សម្រាប់ព្រះវិហារបរិសុទ្ធ នោះ​យើង​នឹង​ត្រូវ​បាន​ការ​ពារ​ក្នុង​ពេលនេះ និង​នៅពេញ​មួយ​ជីវិត​យើង ពេល​យើង​រក្សា​ខ្លួន​យើង​មានភាព​សក្ដិសម​ទទួលបណ្ណចូល​ព្រះវិហារបរិសុទ្ធ ។ 5 ឱ​នោះ​ជា​ការ​សន្យា​ល្អអ្វី​ម្ល៉េះ !

យុវវ័យ​អើយ សូម​ទទួល​ខុស​ត្រូវ​ចំពោះ​សុខុមាលភាព​ខាង​វិញ្ញាណ​អ្នក​ផ្ទាល់ ។ សូម​បិទ​ទូរស័ព្ទ​អ្នក បើ​ចាំបាច់ ច្រៀង​ចម្រៀង​ថ្នាក់​កុមារ អធិស្ឋាន​សុំ​ជំនួយ គិត​ពី​បទ​គម្ពីរ​មួយ ដើរ​ចេញ​ពី​រោងកុន គិត​​ពី​ព្រះអង្គ​សង្គ្រោះ ទទួលទាន​សាក្រាម៉ង់​ដោយ​សក្ដិសម សិក្សា​សៀវភៅ​ដើម្បី​កម្លាំង​នៃ​យុវជន ធ្វើជាគំរូ​ដល់​មិត្តភក្ដិ ប្រាប់​ឪពុក​ម្ដាយអ្នក ទៅ​ជួប​ប៊ីស្សព សុំ​ជំនួយ ហើយ​ស្វែងរក​អ្នក​ប្រឹក្សា​ជំនាញ បើ​ចាំបាច់ ។

តើ​អ្វី​ខ្លះ​ដែល​ខ្ញុំ​ចង់​ឲ្យ​ចៅៗ​ខ្ញុំ​ដឹង ? ខ្ញុំ​ចង់​ឲ្យ​ពួកគេ និង អ្នក​ដឹង​ថា ខ្ញុំ​ដឹង​ថា​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះជន្ម​រស់ ហើយ​ស្រឡាញ់​យើង ។ ទ្រង់​បាន​បង់​ថ្លៃ​លោះអំពើបាប​យើង តែ​យើង​ត្រូវ​តែ​លុត​ជង្គង់​នៅចំពោះព្រះវរបិតាសួគ៌​យើង ដោយរាបសារបំផុត សារភាព​អំពើបាប​យើង ហើយ​ទូលអង្វរសុំ​ការអភ័យទោស​ទ្រង់ ។ យើង​ត្រូវ​តែ​ចង់​ផ្លាស់ប្ដូរ​ដួងចិត្ត​ ហើយ​បំណងប្រាថ្នា​យើង និង​រាបសារ​ល្មមគ្រប់គ្រាន់ ដើម្បី​ស្វែងរក​ជំនួយ និង​ការអភ័យទោស​ពី​អ្នកទាំងឡាយ​ ដែល​យើង​អាច​នឹង​ធ្វើ​ឲ្យឈឺ​ចាប់ ឬ​បោះបង់ ។

ខ្ញុំ​ដឹង​ថា យ៉ូសែប ស្ម៊ីធ បាន​ឃើញ​ព្រះ ជា​ព្រះវរ​បិតា​យើង និង ព្រះអង្គ​សង្គ្រោះ​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា យើង​មាន​ព្យាការី​នៅ​រស់​ម្នាក់​នៅ​លើ​ផែនដី គឺ​ប្រធាន​ថូម៉ាស អេស ម៉នសុន ។ ខ្ញុំ​ក៏ថ្លែង​ទីបន្ទាល់​ថា យើង​នឹង​មិន​ត្រូវ​បាន​ដឹកនាំ​ឲ្យ​វង្វេង​​ឡើយ បើយើង​ស្ដាប់​តាម ការ​ប្រឹក្សា​របស់​​ព្យាការី​នៃ​ព្រះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​អំណាច​នៃ​សេចក្ដី​សញ្ញា​របស់​យើង និង ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

ខ្ញុំ​ក៏​ដឹង​ផងដែរ​ថា ព្រះគម្ពីរមរមន ពិត ! ខ្ញុំ​ពុំ​អាច​ថ្លាថ្លែងអស់​​បាន​ទេ ពី​អំណាច​នៃ​គម្ពីរ​ដ៏​អស្ចារ្យ​នេះ ។ ខ្ញុំ​គ្រាន់តែ​ដឹង​ដោយ​ការ​អធិស្ឋាន​ថា ព្រះគម្ពីរ​មរមន​មាន​នូវ​អំណាច ដើម្បី​ការពារ​ក្រុម​គ្រួសារ ពង្រឹង​ទំនាក់​ទំនង និង ផ្ដល់​ទំនុក​ចិត្ត​ផ្ទាល់​ខ្លួន​ ដើម្បី​ឈរ​ចំពោះ​មុខ​ព្រះ ។ ខ្ញុំ​ថ្លែង​រឿង​ទាំងនេះ នៅ​ក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​សម្គាល់

  1. Teachings of Presidents of the Church: Spencer W. Kimball (ឆ្នាំ 2006)ទំព័រ 199–200។

  2. សូមមើល ក្លេ អូលសិន « What Teens Wish Parents Knew » (address given at Utah Coalition Against Pornography Conference ថ្ងៃទី 22 ខែ​មិនា ឆ្នាំ 2014), utahcoalition.org ។

  3. រីឆាដ ជី ស្កត « To Be Free of Heavy Burdens » Ensign ឬ Liahona ខែ​វិច្ឆិកា ឆ្នាំ 2002 ទំព័រ 88 ។

  4. នីហ្វៃ​ទី 2 25:26 ។

  5. សូមមើល ដេវីឌ អេ បែតណា « The Hearts of the Children Shall Turn » Ensign ឬ  Liahona ខែ​វិច្ឆិកា ឆ្នាំ 2011 ទំព័រ 24–27, រីឆាត ជី ស្កត « The Joy of Redeeming the Dead » Ensign ឬ  Liahona ខែ​វិច្ឆិកា ឆ្នាំ 2012 ទំព័រ 93–95, នែល អិល អាន់ឌើរសិន « Find Our Cousins ! » (address given at RootsTech 2014 Family History Conference ថ្ងៃទី 8 ខែ កុម្ភៈ ឆ្នាំ 2014), lds.org/prophets-and-apostles/unto-all-the-world/find-our-cousins ។