ឆ្នាំ ២០១០-២០១៩
ឫស និង មែក
ខែ មេសា 2014


ឫស និង មែក

ការ​ពន្លឿន​កិច្ចការ​ពង្សប្រវត្តិ និង ព្រះវិហារ​បរិសុទ្ធ​នៅ​ជំនាន់​យើង​ គឺ​ចាំបាច់​ចំពោះ​សេចក្តី​សង្គ្រោះ និង ភាព​តម្កើង​ឡើង​នៃ​ក្រុម​គ្រួសារ។

ពីមុន​ការ​ស្លាប់​របស់​គាត់​ដោយ​ជំងឺ​មហា​រីក​ក្នុង​ឆ្នាំ 1981 កវី វិល្លាម សារ៉ូយ៉ាន បាន​ប្រាប់​ដល់​សារព័ត៌មាន​ថា « មនុស្ស​គ្រប់​គ្នា ​ត្រូវតែ​ស្លាប់ តែ​ខ្ញុំ​តែង​ជឿ​ថា​ នឹង​មាន​ករណី​លើកលែង​មួយ​ចំពោះ​ខ្ញុំ ។ ឥឡូវ​មាន​អ្វី​កើត​ឡើង ? »1

ពាក្យ​ថា « ឥឡូវ​មាន​អ្វី​កើត​ឡើង » ពេល​ជួប​នឹង​សេច​ក្ដី​ស្លាប់​ក្នុង​ជីវិត​នេះ និង ពេល​សញ្ជឹង​គិត​ពី​ជីវិត​ក្រោយ​ពី​សេច​ក្ដី​ស្លាប់ ​ជា​សំណួរ​ដ៏​សំខាន់​នៃ​ព្រលឹង ដែល​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ​ អាច​ឆ្លើយ​យ៉ាង​ក្បោះក្បាយ​ក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតា ។

នៅ​ក្នុង​ជីវិត​នេះ យើង​សើច យើង​យំ យើង​ធ្វើការ យើង​លេង យើង​រស់នៅ រួច​ហើយ​ក៏​ស្លាប់ ។ យ៉ូប​សួរ​សំណួរ​សំខាន់​យ៉ាង​ខ្លី​មួយ​ថា « បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ ? »2 ចម្លើយ​គឺ​ថា « មែន​ហើយ » ដោយសារ​ពលិកម្ម​ធួន​នៃ​ព្រះអម្ចាស់ ។ ផ្នែក​នៃ​ការ​ពន្យល់​ផ្សេង​គ្នា​ពី​មុន​របស់​យ៉ូប​ចំពោះ​សំណួរ​នេះ​ គឺ​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់ថា ៖ « មនុស្ស​ដែល​កើត​ពី​ស្រី​មក​សុទ្ធ​តែ​មាន​អាយុ​ខ្លី​ទាំងអស់ ។ ... គេ​ចេញ​មក​ដូច​ជា​ផ្កា រួច​ត្រូវ​កាត់​ដាច់​ទៅ ។ ...ត្បិត​បើ​ដើម​ឈើ​ត្រូវ​កាប់​រលំ​ទៅ នោះ​មាន​សង្ឃឹម​ថា​ នឹង​មាន​ពន្លក​លេច​ឡើង​ទៀត ហើយ​ថា​ នឹង​មាន​មែក​ខ្ចី​ទៀត​មិន​ខាន​ឡើយ...ព្រម​ទាំង​បែក​មែក​ដូចជា​ដើម​ថ្មី​វិញ »។3

ផែនការ​ព្រះវរិបតា​យើង​ គឺ​ស្ដីពី​ក្រុម​គ្រួសារ ។ បទគម្ពីរ​ដ៏​រំជួល​ចិត្ត​បំផុត​មួយ​ចំនួន​របស់​យើង ​បាន​ប្រើ​ដើម​ឈើ​ដែល​មាន​ឫស និង មែក​របស់​វា ​ធ្វើ​ជា​រឿង​ប្រៀបធៀប​មួយ ។

ក្នុង​ជំពូក​ចុង​ក្រោយ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ម៉ាឡាគី ​បាន​ប្រើ​រឿង​ប្រៀបធៀប​នេះ ​រៀបរាប់​ពី​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់ ។ ដោយ​លើក​ឡើង​ពី​ពួក​អ្នក​អំនួត ហើយ​ទុច្ចរិត គាត់​បាន​បញ្ជាក់​ថា ពួកគេ​នឹង​ឆេះ​ដូច​ជា​ជញ្ជ្រាំង ហើយ​ថា វា« ឥតទុក​ឲ្យ​គេ​មាន​ឫស ឬ មែក​នៅ​សល់​ឡើយ »។4 ម៉ាឡាគី​បាន​បញ្ចប់​ជំពូក​នេះ ដោយ​ការ​សន្យា​ដ៏​ច្បាស់​របស់​ព្រះអម្ចាស់​ថា ៖

« មើល​ មុន​ដែល​ថ្ងៃ​ដ៏​ធំ​ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះអម្ចាស់​បាន​មក​ដល់ នោះ​យើង​នឹង​ចាត់​អេលីយ៉ា​ឲ្យ​មក​ឯង​អ្នក​រាល់​គ្នា ៖

« លោក​នឹង​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ ក្រែង​យើង​មក​វាយ​ផែនដី​ដោយ​សេចក្ដី​បណ្ដាសា » ។5

ពេល​ចាប់​ផ្ដើម​នៃ​ការស្តារ​ឡើង​វិញ មរ៉ូណៃ ​បាន​គូស​បញ្ជាក់​សារលិខិត​នេះសារ​​ជា​ថ្មី​ក្នុង​ការ​ណែនាំ​ដំបូង​ដល់​យុវជន យ៉ូសែប ស៊្មីធ ក្នុង​ឆ្នាំ 1823 ។6

ពួក​គ្រីស្ទសាសនា និង ពួក​យូដា​ជុំ​វិញ​ពិភព​លោក ​បាន​ទទួល​ស្គាល់​ដំណើរ​រឿង​អេលីយ៉ា​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។7 គាត់​ជា​ព្យាការី​ចុង​ក្រោយ​ដែល​កាន់​អំណាច​ផ្សារ​ភ្ជាប់​នៃ​បព្វជិតភាព​មិលគីស្សាដែក​ពី​មុន​ជំនាន់​ព្រះយេស៊ូវគ្រីស្ទ ។8

អេលីយ៉ា​ស្ដារ​កូនសោ​ឡើង​វិញ

ការ​ត្រឡប់​មក​របស់​អេលីយ៉ា​ កើត​ឡើង​នៅ​ព្រះវិហារ​បរិសុទ្ធ ខឺត​ឡង់ នា​ថ្ងៃទី 3 មេសា ឆ្នាំ 1836 ។ គាត់​បាន​ប្រកាស​ថា គាត់​បាន​បំពេញ​ការ​សន្យា​របស់​ម៉ាឡាគី ។ គាត់​បាន​ប្រគល់​កូនសោ​បព្វជិតភាព​សម្រាប់​ការ​ផ្សារ​ភ្ជាប់​ក្រុម​គ្រួសារ​ក្នុង​គ្រាត្រួតត្រា​នេះ ។9 បេសកកម្ម​អេលីយ៉ា​ត្រូវ​បាន​ជួយ​ដោយអ្វី ដែល​ពេល​ខ្លះ​ត្រូវ​បាន​ហៅ​ថា ​វិញ្ញាណ​របស់​អេលីយ៉ា តាម​ដែល​អែលឌើរ រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ជា « ភស្ដុងតាង​​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថ្លែង​ជា​សាក្សីអំ​​ពី​និស្ស័យ​នៃ​ព្រះ​របស់​គ្រួសារ »។10

ព្រះអម្ចាស់ ​មាន​ភាព​ម៉ឺងម៉ាត់​ចំពោះ​ភាពចាំបាច់​នៃ​បុណ្យ​ជ្រមុជ​ទឹក ។ ទ្រង់​បាន​បង្រៀន​ថា « បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ » ។11 ព្រះអម្ចាស់ ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដើម្បី​ធ្វើ​ជា​គំរូ ។ ចុះ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ​ដោយ​មិន​បាន​ជ្រមុជ​ទឹក​វិញ ?

គោលលិទ្ធិ​នៃ​កិច្ចការ​ពង្សប្រវត្តិ និង ព្រះវិហារ​បរិសុទ្ធ

នៅ​ថ្ងៃ​ទី 11 តុលា ឆ្នាំ 1840 ក្នុង​ទីក្រុង ណៅវូ វីឡាត ឃឹមបឹល បាន​សរសេរ​លិខិត​មួយ​ទៅ​ស្វាមី​នាង អែលឌើរ ហេប៊ើរ ស៊ី ឃឹមបឹល ដែល​នៅ​ជាមួយ​នឹង​សមាជិក​នៃ​ពួក​ដប់ពីរ​នាក់​ផ្សេង​ទៀត​កំពុង​បម្រើ​បេសកកម្ម​នៅ​ចក្រភព​អង់គ្លេស ។ សន្និសីទ​ទូទៅ​ខែ តុលា បាន​ធ្វើ​ឡើង​ពី​មុន​នោះ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ។

ខ្ញុំ​សូម​ដក​ស្រង់​ពី​លិខិត​ផ្ទាល់​របស់​ វីឡាត ៖ « យើង​មាន​សន្និសីទ​ដ៏​ធំ​អស្ចារ្យ​ដែល​ពុំ​ធ្លាប់​មាន​ពីមុន​មក​ ចាប់​តាំង​ពី​សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង ។ ... ប្រធាន [យ៉ូសែប] ស្ម៊ីធ បាន​លើក​ឡើង​ពី​ប្រធានបទ​ថ្មី​មួយ​ដ៏​អស្ចារ្យ ។ ... វា​គឺ​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ស្លាប់ ។ ប៉ុល​បាន​លើក​ឡើង​ពី​រឿង​នេះ​ក្នុង​កូរិនថូសទី​មួយ ជំពូក 15 ខ 29  យ៉ូសែប បាន​ទទួល​ការ​ពន្យល់​ដ៏​ពេញ​លេញ​ពី​រឿង​នេះ​ តាមរយៈ​វិវរណៈ ។ គាត់​បាន​ថ្លែង​ថា វា​ជា​ឯកសិទ្ធិ​របស់ [ សមាជិក ] សាសនាចក្រ​នេះ ដើម្បី​ជ្រមុជ​ទឹក​ឲ្យ​សមាជិក​គ្រួសារ ​ដែល​បាន​ចែក​ឋាន​ទៅ​ ពី​មុន​កើត​មាន​ដំណឹង​ល្អ​នេះ ។ ...ការ​ធ្វើ​ដូច្នេះ យើង​ដើរតួ​ជា​ភ្នាក់ងារ​ឲ្យ​ពួកគាត់ ហើយ​ផ្ដល់​ឯកសិទ្ធិ​ដល់​ពួកគាត់​ដើម្បី​ចេញ​មក​នៅ​ការរស់​ឡើង​វិញ​ទីមួយ ។ គាត់​ថ្លែង​ថា ពួកគាត់​នឹង​មាន​ដំណឹង​ល្អ​ផ្សាយ​ដល់​ពួកគាត់​នៅ​ក្នុង​គុក » ។

វីឡាត បាន​បន្ថែម​ទៀត​ថា ៖ « អូន​ចង់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ម្ដាយ​អូន ។ ... តើ​នេះ​ពុំ​មែន​គោលលទ្ធិ​ដ៏​រុងរឿង​ទេ​ឬអី ? »12

គោលលទ្ធិ​ដ៏​សំខាន់​នៃ​ការរួបរួម​ក្រុម​គ្រួសារ​កើត​មាន​មួយ​បន្ទាត់​ម្ដងៗ និង​មួយ​សិក្ខាបទ​ម្ដងៗ ។ ពិធី​បរិសុទ្ធ​ជំនួស ​ជា​គោលការណ៍​សំខាន់​នៃ​ការ​រួបរួម​ក្រុម​គ្រួសារ​ដ៏​អស់កល្ប ដោយ​ភ្ជាប់​ឫស​ទៅ​នឹង​មែក ។

គោលលទ្ធិ​នៃ​គ្រួសារ​ដែល​ទាក់ទង​នឹង​ពង្សប្រវត្តិ និង កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ​មាន​ភាពច្បាស់​លាស់ ។ នៅ​ក្នុង​ការ​ណែនាំ​ដំបូង ដែល​ព្រះអម្ចាស់​បាន​លើក​ឡើង​ពី « បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់​របស់​អ្នក​»13 ជាកាតព្វកិច្ច​​ខាង​គោលលទ្ធិយើង​ ​ចំពោះ​បុព្វការីជន​យើង​ផ្ទាល់ ។ ការណ៍​នេះ​ដោយ​សារតែ​អង្គការ​សេលេស្ទាល​នៃ​ស្ថានសួគ៌​ គឺ​ផ្អែក​លើ​ក្រុម​គ្រួសារ ។14 គណៈប្រធាន​ទី​មួយ​បាន​លើក​ទឹក​ចិត្ត​សមាជិក ជា​ពិសេស​យុវវ័យ និង យុវមជ្ឈិមវ័យ​នៅលីវ​ឲ្យ​ផ្ដោត​សំខាន់​លើ​កិច្ចការ​ពង្ស​ប្រវត្តិ និង ពិធី​បរិសុទ្ធ​សម្រាប់​ឈ្មោះគ្រួសារ​ពួកគេ ឬ​ឈ្មោះបុព្វការី​ជន​នៃ​សមាជិក​ក្នុង​វួដ ឬ​ស្តេក​ពួកគេ ។15 យើង​ត្រូវ​តភ្ជាប់​ទាំង​ឫស និង មែក​របស់​យើង ។ គំនិត​នៃ​ការ​តភ្ជាប់​នៅ​ក្នុង​នគរ​អស់​កល្ប​ គឺ​ជា​ក្ដី​រុងរឿង​ខ្លាំង​ណាស់ ។

ព្រះវិហារ​បរិសុទ្ធ

វិលហ្វូឌ វូឌដ្រុព្វ បាន​គូស​បញ្ជាក់​ថា ព្យាការី យ៉ូសែប ស្ម៊ីធ បាន​រស់​នៅ​ល្មម​គ្រប់​គ្រាន់​ដើម្បី​ស្ថាបនា​គ្រឹះ​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។ ពេល​ចុង​ក្រោយ​ដែល​លោក យ៉ូសែប​ស្ម៊ីធ ​​បាន​ជួប​នឹង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ​លោកបាន​​ផ្ដល់​អំណោយ​ទាន​ពិសិដ្ឋ​ដល់​ពួកគេ » ។16

បន្ទាប់ពី​ការ​ស្លាប់​របស់​ព្យាការី​មក ពួក​បរិសុទ្ធ​បាន​បញ្ចប់​ការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ណៅវូ ហើយ​អំណាច​ផ្សារ​ភ្ជាប់​ត្រូវ​បាន​ប្រើ ​ដើម្បី​ប្រទាន​ពរ​ដល់​សមាជិក​ស្មោះត្រង់​រាប់ពាន់​នាក់​ ពីមុន​ចេញ​ដំណើរ​ទៅ​ភ្នំ​ភាគ​ខាង​លិច ។ លុះ​សាមសិប​ឆ្នាំ​ក្រោយ​មក ពេល​ព្រះវិហារ​បរិសុទ្ធ សេន ចច បាន​បញ្ចប់​ការ​សាងសង់ នោះ​ប្រធាន ព្រិកហាំ យ៉ង់ បាន​ប្រាប់​ពី​សារៈសំខាន់​អស់កល្ប​នៃ​ពិធី​បរិសុទ្ធ​នៃ​ការ​សង្គ្រោះ នៅ​ទី​បំផុត ​គឺ​មាន​សម្រាប់​ទាំង​អ្នក​នៅ​រស់ និង អ្នក​ស្លាប់ ។17

ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​ថ្លែង​ដោយ​សាមញ្ញ​ថា ៖ « រាល់​គោលការណ៍​ទាំងអស់​ ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង ​គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​រីករាយ​ជាង​ការ​សង្គ្រោះ​ដល់​ពួក​អ្នក​ស្លាប់​របស់​យើង​ឡើយ ដើម្បី​ឲ្យ​យើង​អាច​មាន​ឪពុក​ម្ដាយ ភរិយា និង​កូនចៅ​យើង​រួមរស់​ជា​គ្រួសារ នៅ​ព្រឹក​នៃ​ការរស់​ឡើង​វិញ​ទី​មួយ និង​ក្នុង​នគរ​សេឡេស្ទាល ។ ទាំងនេះ​ជា​គោលការណ៍​អស្ចារ្យ ។ វា​មាន​តម្លៃ​សម​គ្រប់ការ​លះបង់​ទាំងអស់​ » ។18

វា​ជា​គ្រា​ដ៏​អស្ចារ្យ​ដើម្បី​មាន​ជីវិត​រស់​នៅ ។ នេះ​ជា​គ្រា​ត្រួតត្រា​ចុង​ក្រោយ ហើយ​យើង​អាច​ទទួល​អារម្មណ៍​ពី​ការពន្លឿន​នៃ​កិច្ចការ​សង្គ្រោះ​នៅ​គ្រប់​តំបន់​ ដែល​ពិធី​បរិសុទ្ធ​មាន ។19 ឥឡូវ​នេះ​យើង​មាន​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន​ជុំវិញ​ពិភពលោក ​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធនៃការ​​សង្គ្រោះ​ទាំង​នេះ ។ ការ​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ការរំឭក​ចាំ​ខាង​វិញ្ញាណ ក្ដី​សុខសាន្ត សុវត្ថិភាព និង ការ​ដឹកនាំ​ក្នុង​ជីវិត​ក៏​ជា​ពរជ័យ​ដ៏​អស្ចារ្យ​ផងដែរ ។20

បន្ទាប់​ពី​ប្រធាន ថូម៉ាស អេស ម៉នសុន ត្រូវ​បាន​ហៅ​ធ្វើ​ជា​សាវកមិនដល់​មួយឆ្នាំ​ផង លោក​បាន​ឧទ្ទិស​ឆ្លង​បណ្ណាល័យ​ពង្សប្រវត្តិ​នៃ​ព្រះវិហារ​បរិសុទ្ធ ឡូស អាន់ជើឡែស ។ លោក​បាន​ថ្លែង​ពី​បុព្វការីជន​ដែល​បាន​ចែក​ឋាន​ទៅ​ដែល « កំពុង​រង់ចាំ​ថ្ងៃ​ដែល​អ្នក និង ខ្ញុំ​នឹង​ធ្វើ​ការ​ស្រាវជ្រាវ ​ដែល​ចាំបាច់​ដើម្បី​បើក​ផ្លូវ...[ ហើយ ] ចូល​ទៅ​ដំណាក់​នៃ​ព្រះ ​ធ្វើ​កិច្ចការ​នោះ …[ ដែល​ពួកគាត់ ] មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន » ។21

នៅ​ពេល​ អែលឌើរ ម៉នសុន បាន​ថ្លែង​សុន្ទរកថា​ឧទ្ទិស​ឆ្លង​ទាំង​នោះ​នៅ​ថ្ងៃ​ទី 20 មិថុនា ឆ្នាំ 1964 នោះ​មាន​ព្រះវិហារ​បរិសុទ្ធ​ដាក់​ឲ្យ​ប្រើ​តែ 12 ប៉ុណ្ណោះ ។ ក្នុង​រយៈពេល​ដែល​ប្រធាន ម៉នសុន បាន​បម្រើ​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​របស់​សាសនាចក្រ នោះ​មាន​ព្រះវិហារ​បរិសុទ្ធចំនួន​ 130 ក្នុង​ចំណោម 140 របស់​យើង​ បាន​ឧទ្ទិស​ឆ្លង ។ វា​ជា​អព្ភូតហេតុ​មួយ​ដើម្បី​មើល​ឃើញ​ពី​ការ​ពន្លឿន​នៃ​កិច្ចការ​សង្គ្រោះ​ក្នុង​ជំនាន់​របស់​យើង ។ ព្រះវិហារ​បរិសុទ្ធ​ម្ភៃប្រាំ​បី​ទៀត​ ត្រូវ​បាន​ប្រកាស ហើយ​ស្ថិត​ក្នុង​ជំហាន​នៃ​ការ​បញ្ចប់​ផ្សេងៗ​គ្នា ។ ប៉ែតសិប​ប្រាំ​ភាគរយ​នៃ​សមាជិក​សាសនាចក្រ​ឥឡូវនេះ ​រស់​នៅ​ក្នុង​ចម្ងាយ 320 គ.​ម. ពី​ព្រះវិហារ​បរិសុទ្ធ ។

បច្ចេកវិទ្យា​ខាង​ពង្សប្រវត្តិ

បច្ចេកវិទ្យា​ខាង​ពង្សប្រវត្តិ​ក៏​មាន​ភាព​ជឿន​ទៅ​មុខ​យ៉ាង​អស្ចារ្យ​ដែរ ។ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​ប្រកាស​នៅ​ខែ វិច្ឆិកា ឆ្នាំ 1994 ថា ៖ « យើង​បាន​ចាប់​ផ្ដើម​ប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​ដើម្បី​ពន្លឿន​កិច្ចការ​ពិសិដ្ឋ ​នៃ​ការ​ផ្ដល់​ពិធី​បរិសុទ្ធ​ជំនួស​អ្នក​ស្លាប់ ។ តួនាទី​នៃ​បច្ចេកវិទ្យា... ត្រូវ​បាន​ពន្លឿន​ដោយ​ព្រះអម្ចាស់​ផ្ទាល់ ។ ... ប៉ុន្តែ​យើង​ឈរ​តែ​ឯង​ ​ពេល​ចាប់ផ្ដើម​នូវឧបករណ៍​ទាំងនេះ​ » ។22

រយៈពេល 19 ឆ្នាំ ចាប់​តាំង​ពី​ការព្យាករណ៍​នេះ ការពន្លឿន​នៃ​បច្ចេកវិទ្យា​គឺ​លឿន​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ ។ ថ្មីៗ​នេះ មាន​ម្ដាយ​ម្នាក់​អាយុ 36 ឆ្នាំ បាន​ប្រាប់​ខ្ញុំ​ថា « សូម​គិត​មើល---យើង​បាន​វិវឌ្ឍ​ពីការ​ប្រើ​ឧបករណ៍​មើល​មីក្រូហ្វីមស៍​ក្នុង​មជ្ឈមណ្ឌល​ពង្សប្រវត្តិ​ដែល​បាន​ឧទ្ទិស​ឆ្លង មក​ការ​អង្គុយ​នៅ​តុ​ផ្ទះ​បាយ​ខ្ញុំ​ដោយ​មាន​កុំព្យូទ័រ​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ បន្ទាប់​ពី​កូនៗ​ខ្ញុំ​គេង​លក់វិញ » ។ បងប្អូនប្រុស​ស្រី ឥឡូវមជ្ឈមណ្ឌល​ពង្សប្រវត្តិ​យើង​ គឺមាន​​នៅក្នុង​ផ្ទះ​របស់​យើង ។

កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង ពង្សប្រវត្តិ​ គឺ​ពុំ​មែន​គ្រាន់តែ​អំពី​យើង​នោះ​ទេ ។ សូម​គិត​ពី​ជន​ដែល​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វាំងនន ​កំពុង​រង់ចាំ​ពិធី​បរិសុទ្ធ​នៃការ​សង្គ្រោះ​ ដែល​នឹង​ធ្វើ​ឲ្យ​ពួកគេ​រួចផុត​ពី​ចំណង​នៃ​ស្ថាន​ឃុំ​វិញ្ញាណ ។ ឃុំ មាន​ន័យ​ថា « ដំណើរ​ដែល​ឃុំ ឬ ឃាំង​​មិន​ឲ្យ​ទៅ​ណា » ។23 ជន​ដែល​ជាប់​ឃុំ​ទាំងនោះ​ អាច​នឹង​សួរ​សំណួរ​របស់ វិល្លាម សារ៉ូយ៉ាន ថា ៖ « ឥឡូវ​មាន​អ្វី​កើត​ឡើង ? »

មាន​បងស្រី​ដ៏​ស្មោះត្រង់​ម្នាក់ ​បាន​ចែកចាយ​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​ពិសេស​មួយ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ។ កាល​នៅ​ក្នុង​បន្ទប់​ធ្វើ​ពិធី​បញ្ជាក់ បន្ទាប់​ពី​ពិធី​បរិសុទ្ធ​នៃ​ការ​បញ្ជាក់​មួយ​ត្រូវ​បាន​ធ្វើ​ឡើង នោះ​នាង​បាន​ឮ​ថា « ​អ្នក​ជាប់ឃុំ​នឹង​បាន​រួចហើយ ! » នាង​មាន​អារម្មណ៍​អស្ចារ្យ​មួយ​ពី​ភាពបន្ទាន់​សម្រាប់​ជន​ដែល​កំពុង​រង់ចាំ​នូវ​កិច្ចការ​នៃ​បុណ្យ​ជ្រមុជ​ទឹក និង ពិធី​បញ្ជាក់​របស់​ពួកគេ ។ ពេល​ត្រឡប់​មក​ផ្ទះ​វិញ នាង​បាន​រក​ឃ្លា​ដែល​នាង​បាន​ស្ដាប់​ឮ​នៅ​ក្នុង​ព្រះគម្ពីរ ។ នាង​បាន​រក​ឃើញ​ការ​ប្រកាស​របស់​យ៉ូសែប ស៊្មីធ​ក្នុង​កណ្ឌ 128 នៃ​គោលលទ្ធិ និង សេចក្តី​សញ្ញា ៖ « ចូរ​ឲ្យ​ចិត្ត​អ្នក​បាន​អរ​សប្បាយ ហើយ​រីករាយ​ជា​អតិបរមា​ចុះ ។ ចូរ​ឲ្យ​ផែនដី​ទំលាយ​សំឡេង​ច្រៀង​ចេញ​មក ។ ចូរ​ឲ្យ​ពួក​អ្នក​ស្លាប់​បន្លឺ​សំឡេង​ច្រៀង​​សរសើរ​តម្កើង​ដ៏​អស់​កល្ប​ជានិច្ច​ដល់​ក្សត្រា​អេម៉ាញូអែល ដែល​បាន​តែងតាំង​ឡើង​មុន​កំណើត​លោកិយ​មក​ម៉្លេះ ដែល​នឹង​ធ្វើ​ឲ្យ​យើង​អាច​ប្រោសលោះ​ពួកគេ​ឲ្យ​រួចពី​ការ​ឃុំឃាំង​របស់​ពួកគេ ព្រោះ​ពួក​អ្នក​ជាប់​គុក​នឹង​បាន​រួច » ។24

សំណួរ​គឺថា តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ? ការ​ប្រឹក្សា​របស់​ព្យាការី យ៉ូសែប គឺ​បង្ហាញ​ « បញ្ជី​នៃ​ពួក​អ្នក​ស្លាប់​របស់​យើង​ ដែល​គួរ​តែ​សម​ទទួល​ការ​គ្រប់​យ៉ាង » នៅ​ក្នុងព្រះវិហារ​បរិសុទ្ធ ។25

ថ្នាក់​ដឹកនាំ​សាសនាចក្រ​ បាន​ចេញ​ការ​អំពាវ​នាវ​ដ៏​ច្បាស់​មួយ​ដល់​ជំនាន់​កំពុង​ពេញ​វ័យ​ឲ្យ​ដឹក​នាំ​ផ្លូវ​នៅ​ក្នុង​ការ​ប្រើ​បច្ចេកវិទ្យា ដើម្បី​ទទួល​បទពិសោធន៍​នូវ​វិញ្ញាណ​របស់​អេលីយ៉ា ដើម្បី​ស្វែងរក​ដូនតា​ពួកគេ និង ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​ពួកគាត់ ។26 ផ្នែក​ដ៏​សំខាន់​ក្នុង​ការពន្លឿន​កិច្ចការ​នៃ​ការសង្គ្រោះ​សម្រាប់​ទាំង​អ្នក​នៅ​រស់ និង អ្នក​ស្លាប់​ នឹង​សម្រេច​ទៅ​បាន ​ដោយសារ​អ្នក ​យុវវ័យទាំងឡាយ ។27

បើ​យុវវ័យ​ក្នុង​វួដ​នីមួយៗ ​មិនគ្រាន់តែ​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ពួក​អ្នក​ស្លាប់​របស់​ពួកគេ ប៉ុន្តែ​ធ្វើ​ការ​ជាមួយ​នឹង​ក្រុម​គ្រួសារ​ពួកគេ និង សមាជិក​វួដ​ផ្សេង​ទៀត ​ដើម្បី​ផ្ដល់​ឈ្មោះ​គ្រួសារ​សម្រាប់​ពិធី​បរិសុទ្ធ​ ដែល​ពួកគេបាន​​ធ្វើ នោះ​ពួកគេ និង សាសនាចក្រ​ នឹង​មាន​ពរ​ជា​ខ្លាំង ។ កុំ​មើល​ស្រាល​ពី​ឥទ្ធិពល​នៃ​ជន​ដែល​បាន​ចែកឋាន​ទៅ​ក្នុង​ការ​ជួយ​ដល់​ការ​ខិតខំ​របស់​អ្នក និង​ក្ដីអំណរ​នៃ​ការ​ជួបជុំ​នឹង​មនុស្ស​ដែល​អ្នក​បម្រើ​ឲ្យ​សោះឡើយ ។ ពរជ័យ​សំខាន់​ដ៏​អស់​កល្ប​នៃ​ការ​រួមរស់​នឹង​ក្រុម​គ្រួសារ​យើង ​គឺវា​​ស្ទើរតែ​ហួស​ពី​ការ​យល់​ដឹងយើង ។28

នៅ​បច្ចុប្បន្ន សមាជិកភាព​សាសនាចក្រ​ទូទាំង​ពិភព​លោក មាន 51 ភាគរយ​នៃមជ្ឈិមវ័យ​​ គ្មាន​ឈ្មោះ ​​ឪពុក និង​ម្ដាយ​នៅ​ក្នុង​ផ្នែក FamilyTree នៃ​គេហទំព័រ FamilySearch របស់​សាសនាចក្រ​ឡើយ ។ 65 ​ភាគរយ នៃ​មជ្ឈិមវ័យ ​គ្មាន​ឈ្មោះ​ជីដូនដូនតាទាំង​សងខាង​ទេ ។29 សូម​ចាំថា បើ​យើង​គ្មាន​ឫស និង មែក​ទេ យើង​មិន​អាច​ត្រូវ​បាន​សង្គ្រោះ​ឡើយ ។ សមាជិក​សាសនាចក្រ​ត្រូវ​ទទួល ហើយ​ដាក់​បញ្ចូល​​ព័ត៌មាន​សំខាន់​នេះ ។

នៅ​ទីបំផុត​ យើង​មាន​គោលលទ្ធិ ព្រះវិហារ​បរិសុទ្ធ និង បច្ចេកវិទ្យា​សម្រាប់​ក្រុម​គ្រួសារ​ដើម្បី​សម្រេច​កិច្ចការនៃការ​​សង្គ្រោះ​ដ៏​រុងរឿង​នេះ​បាន ។ ខ្ញុំ​សូម​ណែនាំ​ពី​វិធី​មួយ​ដែល​កិច្ចការ​នេះ​អាច​ធ្វើ​ទៅ​បាន ។ ក្រុម​គ្រួសារ​អាច​មាន « ការ​ប្រជុំ​អំពី Family Tree » ។ នេះ​គួរជា​សកម្មភាព​ទៀងទាត់​មួយ ។ មនុស្ស​គ្រប់គ្នា​ត្រូវ​យក​ប្រវត្តិ​ ដំណើរ​រឿង​ និង រូបថត​គ្រួសារ​ដែល​មាន រួមទាំង​វត្ថុ​ដែល​ជា​របស់​ជីដូនជីតា និង ឪពុក​ម្ដាយ​ផងដែរ ។ យុវវ័យ​មាន​ចិត្ត​រំភើប​ដើម្បី​រៀន​ពី​ជីវិត​នៃ​សមាជិក​គ្រួសារ---ពី​ស្រុក​កំណើត និង របៀប​ដែល​ពួកគេ​រស់នៅ ។ មាន​យុវវ័យ​ជាច្រើន​បាន​បង្វែរ​ចិត្ត​ពួកគេ​ទៅ​រក​ដូនតា ។ ពួកគេ​ចូលចិត្ត​ដំណើរ​រឿង និង រូបថត ហើយ​ពួកគេ​មាន​ជំនាញ​ខាង​បច្ចេកវិទ្យា​ដើម្បី​ស្កេន ហើយ​ផ្ទុក​ដំណើរ​រឿង​ និង រូបថត​ទាំងនេះ​នៅក្នុង Family Tree ហើយ​ភ្ជាប់​ប្រភព​ឯកសារ​ជាមួយ​នឹង​ដូនតា​ដើម្បី​រក្សា​កំណត់ត្រា​ទាំងនេះ​ជា​រៀង​រហូត ។ ពិត​ណាស់ គោលបំណង​សំខាន់​ គឺ​កំណត់​ពី​ពិធីការ​ណា​មួយ​ដែល​ត្រូវ​ធ្វើ ហើយ​ធ្វើ​ការ​ចាត់តាំង​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសេស​នេះ ។ កូន​សៀវភៅ My Family អាច​ប្រើ​ដើម្បី​ជួយ​កត់ត្រា​ព័ត៌មាន​គ្រួសារ ដំណើរ​រឿង និង រូបថត ​ដែល​ក្រោយ​មក​ទៀត​អាច​ផ្ទុក​ទៅ​ក្នុង Family Tree ។

ការតាំងចិត្ត និង ការរំពឹង​ទុក​របស់​គ្រួសារ​ គួរ​មាន​អាទិភាព​ខ្ពស់​បំផុត ដើម្បី​ការពារ​ជោគ​វាសនា​ដ៏​ទេវភាព​របស់​យើង ។ ចំពោះ​អ្នក​ដែល​កំពុង​ស្វែងរកការ​ប្រើ​ថ្ងៃ​ឈប់​សំរាក​ឲ្យ​កាន់តែ​មាន​អត្ថប្រយោជន៍​សម្រាប់​គ្រួសារ​ទាំងមូល ការ​ពន្លឿន​នៃ​កិច្ចការ​នេះ​ គឺ​ជា​ការ​ចាប់ផ្ដើម​ដ៏​ល្អ ។ មាន​ម្ដាយ​ម្នាក់​បាន​ប្រាប់​ដោយ​រីករាយ​ពី​របៀប​ដែល​កូន​ប្រុស​នាង​អាយុ 17 ឆ្នាំ​ប្រើ​កុំព្យូទ័រ​បន្ទាប់​ពី​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​ដើម្បី​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ ហើយ​កូន​ប្រុស​នាង​អាយុ 10 ឆ្នាំ ចូលចិត្ត​ស្ដាប់​រឿង ហើយ​មើល​រូបភាព​ដូនតា​របស់​គាត់ ។ ការណ៍​នេះ​បាន​ប្រទានពរ​គ្រួសារ​ពួកគេ​ទាំងមូល​ឲ្យ​មាន​អារម្មណ៍​ពី​វិញ្ញាណ​របស់​អេលីយ៉ា ។ ឫស និង មែក​ដ៏​មាន​តម្លៃ​របស់​យើង​ ត្រូវតែ​ទទួល​ការ​ថែទាំ ។

ព្រះយេស៊ូវគ្រីស្ទ​ បាន​លះបង់​ព្រះជន្ម​ទ្រង់​ជា​ដង្វាយធួន​ជំនួស ។ ទ្រង់​បាន​ឆ្លើយ​តប​នូវ​សំណួរ​ដ៏​សំខាន់​ដែល​យ៉ូប​បាន​លើក​ឡើង ។ ទ្រង់​យក​ឈ្នះ​លើ​សេច​ក្ដីស្លាប់​សម្រាប់​មនុស្ស​គ្រប់​រូប ដែល​យើង​មិន​អាច​ធ្វើ​ដោយ​ខ្លួន​ឯង ។ ប៉ុន្តែ​យើង​អាច​ធ្វើ​ពិធី​បរិសុទ្ធ​ជំនួស ហើយ​ក្លាយ​ជា​អង្គ​សង្គ្រោះ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន30សម្រាប់​ក្រុម​គ្រួសារ​យើង​ផ្ទាល់ ដើម្បី​ឲ្យ​យើង ហើយ​និង​ពួកគាត់ ​អាច​ត្រូវបាន​លើក​តម្កើង ព្រម​ទាំង​ត្រូវ​បាន​សង្គ្រោះ​ផងដែរ ។

ខ្ញុំ​សូម​ថ្លែង​សាក្សីអំ​ពី​ពលិកម្ម​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ជឿ​ជាក់​ពី​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​យើង និង ក្រុម​គ្រួសារ​យើង ។ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. William Saroyan ក្នុង Henry Allen « Raging against Aging » Wall Street Journal ថ្ងៃ​ទី 31 ខែ ធ្នូ ឆ្នាំ 2011–ថ្ងៃ​ទី 1 ខែ មករា ឆ្នាំ 2012 ទំព័រ C9 ។

  2. យ៉ូប 14:14 ។

  3. យ៉ូប 14:1, 2, 7, 9 ។

  4. ម៉ាឡាគី 4:1 ។ អត្ថបទ​ថ្មីៗ​មួយ​ចំនួន​បាន​រាយ​ការណ៍​ថា មាន​ចំនួន​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ប្រជាជន​ដែល​កំពុង​មិន​ជ្រើស​យក​ការ​មាន​កូន ដើម្បី​ធ្វើ​ឲ្យ​បទដ្ឋាន​រស់នៅ​របស់​ពួកគេ​មាន​ភាព​ប្រសើរ​ឡើង ( សូម​មើល Abby Ellin « The Childless Plan for Their Fading Days » New York Times ថ្ងៃ​ទី 15 ខែ កុម្ភៈ ឆ្នាំ 2014 ទំព័រ B4) ។ មាន​ប្រទេស​ជាច្រើន​មាន​ចំនួន​ប្រជាជន​ធ្លាក់​ចុះ​ដោយសារ​ការ​ជ្រើសរើស​ផ្ទាល់​ខ្លួន​ទាំង​នេះ ។ ពេល​ខ្លះ​ ការណ៍​នេះ​សំដៅ​ទៅ​ជា « demographic winter » ( សូម​មើល « The New Economic Reality: Demographic Winter [documentary], byutv.org/shows) ។

  5. ម៉ាឡាគី 4:5--6 ។

  6. សូម​មើល History of the Church, 1:12។ គោលលទ្ធិ និង សេចក្តី​សញ្ញា 2 ។

  7. ពួក​យូដា​បាន​រង់ចាំការ​ត្រឡប់​វិញ​របស់​អេលីយ៉ាង​អស់​រយៈពេល 2,400 ឆ្នាំ ។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ នៅ​ឯ​អាហារ​ពេល​ល្ងាចនា​បុណ្យ​រំលង​​ប្រចាំ​ឆ្នាំ​របស់​ពួកគេ ពួកគេ​បាន​រៀបចំ​កន្លែង​មួយ​សម្រាប់​គាត់ ហើយ​ចេញ​ទៅ​មាត់​ទ្វារ​ដោយ​សង្ឃឹម​ថា គាត់​នឹង​មក​ដើម្បី​ជា​សញ្ញា​នៃ​ការ​យាង​មក​របស់​ព្រះ​មែស៊ី ។

  8. សូមមើល Bible Dictionary «Elijah» ។

  9. សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា 110:14–16 សូម​មើល​ផងដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា 2:2 ។

  10. រ័សុល អិម ណិលសុន « A New Harvest Time » Ensign ខែ ឧសភា ឆ្នាំ 1998 ទំព័រ 34 ។

  11. យ៉ូហាន 3:5 ។

  12. Vilate M. Kimball to Heber C. Kimball ថ្ងៃ​ទី 11 ខែ តុលា ឆ្នាំ 1840 ច្បាប់​ចម្លង​ឯកសារ​សរសេរ​ដៃ Vilate M. Kimball letters បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ, ការ​ប្រកប និង អក្សរ​បានធ្វើ​តាម​បទដ្ឋាន ។

  13. គោលលទ្ធិ និង សេចក្តី​សញ្ញា 127:5 ការ​គូស​បញ្ជាក់​ត្រូវ​បាន​បន្ថែម។

  14. សូម​មើល Teachings of Presidents of the Church: Joseph Fielding Smith ( ឆ្នាំ 2013 ) ទំព័រ 68 ។

  15. សូម​មើល សារលិខិត​គណៈប្រធាន​ទី​មួយ​ចុះ​ថ្ងៃទី 8 ខែ តុលា ឆ្នាំ 2012 ។

  16. សូមមើល The Discourses of Wilford Woodruff រៀបរៀង​ដោយ G. Homer Durham ( ឆ្នាំ 1946 ) ទំព័រ 147 ។

  17. ព្រិកហាំ យ៉ង់ បាន​ថ្លែង​ថា « អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺ​ឃើញ​ប្រជាជន​នេះ​លះបង់​មធ្យោបាយ និង ចំណាប់​អារម្មណ៍​ពួកគេ​ចំពោះ​ការ​ស្ថាបនា​នគរ​ព្រះ សាង​សង់​ព្រះវិហារ​បរិសុទ្ធ ហើយ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទាំង​នោះ​ធ្វើ​កិច្ចការ​សម្រាប់​អ្នក​នៅ​រស់ និង ពួក​អ្នក​ស្លាប់...ដើម្បី​ពួកគេ​អាច​គ្រង​ជា​បុត្រាបុត្រី​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ » (Deseret News ថ្ងៃ​ទី 6 កញ្ញា ឆ្នាំ 1876, 498) ។ បុណ្យ​ជ្រមុជ​ទឹក​ជំនួស​អ្នក​ស្លាប់​បាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី 9 ខែ មករា ឆ្នាំ 1877 និង​អំណោ​ទាន​ពិសិដ្ឋ​ជំនួស​អ្នក​ស្លាប់​ត្រូវបាន​ធ្វើ​ឡើង​ពីរ​ថ្ងៃ​ក្រោយ​មក ។ ក្ដី​អំណរ​នៃ​កិច្ចការ​នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​ លូស៊ី ប៊ី យ៉ង់ ដែល​បាន​ពោល​ថា « នាង​មាន​ចិត្ត​រីករាយ​ដោយ​មើល​ឃើញ​ការ​ទទួល​យក​ដោយ​ពេញ​ចិត្ត​ពី​សំណាក់ [ សាច់​ញាតិ​នាង​ដែល​បាន​ស្លាប់​ទៅ ] ហើយ​វា​ដូចជា​នឹង​អស់​អ្នក​ដែល​មិន​អាច​ធ្វើ​កិច្ចការ​នេះ​ដោយ​ខ្លួន​ឯង​ផងដែរ », “Which Is the Wisest Course?’ The Transformation in Mormon Temple Consciousness, 1870–1898,” BYU Studies Quarterly, វ៉ុល 52, no. 2 [2013], 22។

  18. Teachings of Presidents of the Church: Wilford Woodruff ( ឆ្នាំ 2004 ) ទំព័រ 192–93 ។

  19. ប្រធាន វិលហ្វូឌ វូឌដ្រុព្វ (ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ផ្សាយ​សាសនា​ម្នាក់​ដ៏​អស្ចារ្យ​)បាន​មាន​ប្រសាសន៍​ពី​កិច្ចការ​សម្រាប់​ពួក​អ្នក​ស្លាប់​ថា ៖ « ខ្ញុំ​មើល​ផ្នែក​នេះ​នៃ​ការបម្រើ​របស់​យើង​ជា​បេសកកម្ម​មួយ​ដ៏​សំខាន់​ដូចគ្នា​នឹង​ការ​បង្រៀន​ដល់​ពួក​អ្នក​នៅរស់​ដែរ ពួក​អ្នក​ស្លាប់​នឹង​ឮ​សំឡេង​ពួក​អ្នក​បម្រើ​របស់​ព្រះ​នៅ​ក្នុង​ពិភព​វិញ្ញាណ ហើយ​ពួកគេ​មិន​អាច​ចេញ​មក​នៅ​ព្រឹក​នៃការរស់​ឡើង​វិញ [ ទី​មួយ ] បាន​ឡើយ ដរាប​ណា​ពិធី​បរិសុទ្ធ​ជាក់លាក់​ត្រូវ​បាន​ធ្វើ​សម្រាប់ [ ពួកគេ ] ។ លោកក៏​មានប្រសាសន៍​​ផងដែរ​ថា « ការ​ជួយ​សង្គ្រោះ​ដល់​អ្នក​ស្លាប់​ម្នាក់​គឺ​សំខាន់...ដូចគ្នា​នឹង​ជួយ​សង្គ្រោះ​មនុស្ស​រស់​ម្នាក់​ដែរ » (Teachings of Presidents of the Church: Wilford Woodruff ទំព័រ 188 ) ។

  20. ប្រធានហាវើដ ដបុលយូ ហឹនធើរបាន​អញ្ជើញ​សមាជិក​សាសនាចក្រ​ឲ្យ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​ញឹកញាប់ « សម្រាប់​ពរជ័យ​ផ្ទាល់​ខ្លួន​នៃ​ការ​ថ្វាយបង្គុំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សម្រាប់​ភាព​បរិសុទ្ធ និង សុវត្ថិភាព​ដែល​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទាំងនោះ។ ...វា​បរិសុទ្ធ​ចំពោះ​ព្រះ​អម្ចាស់ ។ វា​គួរ​បរិសុទ្ធ​ចំពោះ​យើង​ដែរ » ។ («The Great Symbol of Our Membership» Ensign ខែ តុលា ឆ្នាំ 1994 ទំព័រ 5 Tambuli ខែ វិច្ឆិកា ឆ្នាំ 1994 ទំព័រ 6 ។

  21. «សារលិខិត​នៃការ​បំផុស​គំនិត​ពី​ប្រធានថូម៉ាស អេស ម៉នសុន Church News ថ្ងៃ​ទី 29 ខែ ធ្នូ ឆ្នាំ 2013 ទំព័រ 2 ។

  22. ហាវើដ ដបុលយូ ហឹនធើរ «We Have a Work to Do» Ensign ខែ មិនា ឆ្នាំ 1995 ទំព័រ 65 ។

  23. Merriam-Webster’s Collegiate Dictionary, 11th ed. (2003), “prison.”

  24. គោលលទ្ធិ និង សេចក្តី​សញ្ញា 128:22។ សូម​មើល​ផងដែរ គោលលទ្ធិ និង សេចក្តី​សញ្ញា 138:42។ « ពី​មុន​ [​មាន] ​លោកិយ​នេះ​ព្រះ​អម្ចាស់​បាន​តែងតាំង​នូវ​អ្វី​ដែល​អាច​ឲ្យ​ពួក​វិញ្ញាណ [ ក្នុង​គុក ] ត្រូវបាន​សង្គ្រោះ» (index to triple Combination «prison») ។

  25. គោលលទ្ធិ និង​សេចក្ដី​សញ្ញា 128:24 ។

  26. សូម​មើល First Presidency letter, Oct. 8, 2012; សូមមើល​ផងដែរ ដេវីឌ អេ បែដណា «The Hearts of the Children Shall Turn» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 24–27។ R. Scott Lloyd, «‘Find Our Cousins’: Apostle [ Counsels LDS Youth at RootsTech Conference» Church News ថ្ងៃ​ទី 16 ខែ កុម្ភៈ ឆ្នាំ 2014 ទំព័រ 8–9 ។

  27. ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​ជំនាន់​នេះ​គឺ ការរស់​នៅ​ក្នុង​ជីវិត​ប្រកប​ដោយ​អត្ថន័យ ជា​ទី​ដែល​ពួកគេ « ផ្ដល់​ដល់​អ្នក​ដទៃ ហើយ​សម្រប​ខ្លួន​ឯង​ទៅ​នឹង​គោលបំណង​ដ៏​ធំ​មួយ » (Emily Esfahani Smith និង Jennifer L. Aaker «Millennial Searchers» New York Times Sunday Review ថ្ងៃ​ទី 1 ខែ ធ្នូ ឆ្នាំ 2013 ទំព័រ 6 ) ។

  28. សូម​មើល ហាវើដ ដបុលយូ ហឹនធើរ «A Temple-Motivated People» Ensign ខែ កុម្ភៈ ឆ្នាំ 1995 ទំព័រ 2–5 Liahona ខែ ឧសភា ឆ្នាំ 1995 ទំព័រ 2–7 ។

  29. Statistics provided by Family History Department ។

  30. សូមមើល អូបាឌា 1:21 ។