ឆ្នាំ ២០១០-២០១៩
បន្ទុក​ពេញ​ដោយ​ក្ដីអំណរ​នៃ​ភាព​ជា​សិស្ស
ខែ មេសា 2014


បន្ទុក​ពេញ​ដោយ​ក្ដី​អំណរ​នៃ​ភាព​ជា​សិស្ស

ការ​គាំទ្រ​ដល់​ថ្នាក់​ដឹកនាំ​យើង​ គឺ​ជា​ឯកសិទ្ធិ​មួយ។ វា​មាន​មក​ជាមួយ​នូវ​ទំនួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន​មួយ​ ដើម្បី​រំលែក​បន្ទុក​ពួក​គាត់ ហើយ​ធ្វើ​ជា​សិស្ស​នៃព្រះអម្ចាស់។

នៅ​ថ្ងៃទី 20 ខែ ឧសភា ឆ្នាំ​មុន មាន​ខ្យល់​ព្យុះ​ដ៏​ធំ​មួយ ​បាន​បោកបក់​ទៅ​លើ​ជាយ​ក្រុងអូក្លាហូម៉ា ជា​ចំណុច​កណ្ដាល​ប្រទេស​អាមេរិក ដោយ​បំផ្លាញ​តំបន់​មួយ ​ដែល​មាន​ទទឹង​ជាង 1.6 គ.ម. និង បណ្ដោយ 27 គ.ម.។ ដោយ​ជា​ខ្យល់​ព្យុះ​ដ៏​កំណាច វា​បាន​បំផ្លាញ​ទី​វាល និង ជីវិត​មនុស្ស​ដែលរស់​នៅ​តំបន់​នោះ ។

លុះ​មួយ​សប្ដាហ៍​ក្រោយ​ពី​ខ្យល់​ព្យុះ​ដ៏​ធំ​នេះ​បាន​កើត​ឡើង​ ខ្ញុំ​ត្រូវបាន​ចាត់​ឲ្យ​ទៅ​មើល​តំបន់​ដែល​ផ្ទះ និង ទ្រព្យ​សម្បត្តិ ​ត្រូវប៉ើង​ខ្ចាត់ខ្ចាយ​ទៅ​តំបន់​ក្បែរ​នោះ ។

ពីមុន​ខ្ញុំ​ចេញ​ទៅ ខ្ញុំ​បាន​និយាយ​នឹង​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង គឺ​ប្រធាន ថូម៉ាស  អេស ម៉នសុន ដែល​រីករាយ​យ៉ាង​ខ្លាំង​ក្នុងការ​ធ្វើ​ជា​ភ្នាក់ងារ​របស់​ព្រះអម្ចាស់ ។ ដោយ​គោរព​ចំពោះ​តំណែង​ និង​ សេចក្ដី​ល្អ​របស់​លោក ខ្ញុំ​បាន​សួរ​ថា «តើ​លោក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ ? តើ​លោក​ចង់​ឲ្យ​ខ្ញុំ​និយាយ​អ្វី​ខ្លះ ? »

លោក​បាន​ចាប់ដៃ​ខ្ញុំ​ថ្មមៗ ដូច​ដែល​លោក​បាន​ធ្វើ​ជាមួយ​នឹង​ជន​រងគ្រោះ និង អ្នក​ដែល​ជួយ​ដល់ការ​ខូចខាត​ ដែល​លោក​បាន​ទៅ​ឃើញ ហើយ​ថ្លែង​ថា ៖

« ដំបូង សូម​ប្រាប់​ថា ខ្ញុំ​ស្រឡាញ់​ពួកគេ ។

« ទី​ពីរ ប្រាប់​ថា​ខ្ញុំ​កំពុង​អធិស្ឋាន​ឲ្យ​ពួកគេ ។

« ទី​បី សូម​អរគុណ​ដល់​អ្នក​ដែល​កំពុង​ជួយ » ។

ក្នុង​នាម​ជា​សមាជិក​នៃ​គណៈប្រធាន​នៃ​ពួក​ចិត​សិប​នាក់ ខ្ញុំ​អាច​មាន​អារម្មណ៍​ពី​បន្ទុក​នៅ​លើ​ស្មា​ខ្ញុំ ក្នុង​បន្ទូល​ដែល​ព្រះអម្ចាស់​បាន​ថ្លែង​ទៅ​ម៉ូសេ​ថា ៖

« ចូរ​ប្រមូល 70 នាក់​ពី​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រាអែល ដែល​អ្នក​ដឹង​ថា ជា​ចាស់​ទុំ​ក្នុង​បណ្ដា​ជន និង​ជា​នាយក​ត្រួតត្រា​លើ​គេ …

«យើង​នឹង​ចុះ​មក​និយាយ​នឹង​អ្នក ហើយ​យើង​នឹង​ចែក​ព្រះវិញ្ញាណ​ដែល​សណ្ឋិត​លើ​អ្នក [ ម៉ូសេ ] ទៅ​ដាក់​លើ​គេ​ផង នោះ​គេ​នឹង​ជួយ​ផ្ទុក​នូវ​បន្ទុក​បណ្ដា​ជន​នេះ​ជាមួយ​នឹង​អ្នក ដើម្បី​កុំ​ឲ្យ​អ្នក​ត្រូវ​ផ្ទុក​តែ​ម្នាក់​ឯង​ឡើយ » ។1

ទាំងនេះ​ជា​បន្ទូល​កាលពី​បុរាណ តែ​របៀប​របស់​ព្រះអម្ចាស់​មិន​ផ្លាស់ប្ដូរ​ឡើយ ។

ថ្មីៗ​នេះ​នៅ​ក្នុង​សាសនាចក្រ ព្រះអម្ចាស់​បាន​ហៅ​ពួក​ចិតសិប​នាក់​ចំនួន 317 រូប ដោយ​បម្រើ​ក្នុង 8 កូរ៉ុម ដើម្បី​ជួយ​ពួក​សាវក​ដប់ពីរ​នាក់​ក្នុង​ការ​រែក​បន្ទុក​ដែល​គណៈប្រធាន​ទី​មួយ​មាន ។ ខ្ញុំ ក៏ដូច​ជា​បងប្អូន​ប្រុស​ខ្ញុំ​ដទៃ​ទៀត​ដែរ យើង​មាន​ចិត្ត​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ទំនួល​ខុស​ត្រូវ​នោះ ។ តែ​យើង​ពុំ​មែន​ជា​មនុស្ស​តែ​ម្នាក់​ ដែល​ជួយ​ក្នុង​កិច្ចការ​ដ៏​រុងរឿង​នេះ​ឡើយ ។ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៅ​ជុំ​វិញ​ពិភពលោក យើង​ទាំង​អស់​មាន​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​ផ្ដល់​ពរ​ជ័យ​ដល់​អ្នក​ដទៃ​ទៀត ។

ខ្ញុំ​បាន​រៀន​ពី​ព្យាការី​ជាទីស្រឡាញ់​យើង​នូវ​អ្វី​ដែល​ជន​រងគ្រោះ​ដោយ​ខ្យល់​ព្យុះ​ត្រូវការ---គឺ​ក្ដី​ស្រឡាញ់ ការអធិស្ឋាន និង​ការអរគុណ​ចំពោះ​អ្នក​ដែល​បាន​ជួយ ។

នៅ​រសៀល​នេះ​យើង​ម្នាក់ៗ​ នឹង​លើក​ដៃ​ស្ដាំ​ឡើង​ដើម្បី​គាំទ្រ​ដល់​គណៈប្រធាន​ទី​មួយ និង ពួក​សាវក​ដប់ពីរ​នាក់ ជា​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ការណ៍​នេះ​ពុំ​មែន​ជា​ទម្លាប់​ដ៏​សាមញ្ញ​មួយ​ ឬ ធ្វើ​សម្រាប់​អ្នក​ដែល​បាន​ហៅ​ជា​តំណែង​ទូទៅ​នោះ​ទេ ។ ការ​គាំទ្រ​ដល់​ថ្នាក់​ដឹកនាំ​យើង​ គឺ​ជា​ឯកសិទ្ធិ​មួយ ។ វា​មាន​មក​ជាមួយ​នូវ​ទំនួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន​មួយ​ ដើម្បី​រំលែក​បន្ទុក​ពួក​គាត់ ហើយ​ធ្វើ​ជា​សិស្ស​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ប្រធាន ម៉នសុន បាន​ថ្លែង​ថា ៖

« យើង​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​អ្នក​ដែល​ត្រូវការ​ការ​យក​ចិត្ត​ទុក​ដាក់ ការ​លើក​ទឹក​ចិត្ត ការ​គាំទ្រ ការ​លួងលោម និង​ចិត្ត​សប្បុរស​ពី​យើង---មិន​ថា​ពួកគេ​ជា​សមាជិក​គ្រួសារ មិត្តភក្ដិ អ្នក​ស្គាល់​គ្នា ឬ​អ្នក​ដទៃ​នោះ​ទេ ។ យើង​គឺ​ជា​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី​នេះ ដោយបាន​​បញ្ជា​ឲ្យ​បម្រើ ហើយ​ជួយ​ដល់​កូន​ចៅ​ទ្រង់ ។ ទ្រង់​ពឹងផ្អែក​លើ​យើង​ម្នាក់ៗ ។ …

« ...ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំងនេះ​ដល់​អ្នក​តូច​បំផុត​នេះ …  នោះ​ឈ្មោះ​ថា​បាន​ធ្វើ​ដល់​យើង​ដែរ› [ម៉ាថាយ 25:40]» ។2

តើ​យើង​នឹង​ឆ្លើយ​តប​ដោយ​ក្ដី​ស្រឡាញ់​ដែរឬ​ទេ ពេល​យើង​មាន​ឱកាស​មួយ​ដើម្បី​សួរ​សុខ​ទុក្ខ ឬ​ទូរសព្ទ សរសេរ​សារ​ខ្លី ឬ ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ ដើម្បី​បំពេញ​ក្ដី​ត្រូវការ​របស់​មនុស្ស​ម្នាក់​ទៀត​នោះ ? ឬ​តើ​យើង​នឹង​ធ្វើ​ដូចជា​យុវជន​ដែល​បាន​បង្ហាញ​ពីការ​គោរព​តាម​រាល់​ព្រះបញ្ញត្តិ​ដោយ​ពោល​ថា ៖

« ខ្ញុំ​បាន​កាន់​តាម​គ្រប់​សេចក្ដី​ទាំងនោះ​តាំងពី​ក្មេង​មក​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត ?

« នោះ​ទ្រង់​មាន​បន្ទូល​ថា បើ​អ្នក​ចង់​បាន​ជា​គ្រប់​លក្ខណ៍ ចូរ​អ្នក​ទៅ​លក់​របស់​ទ្រព្យ​ខ្លួន ហើយ​ចែក​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ​នៅ​ឯ​ស្ថានសួគ៌​វិញ រួច​ឲ្យ​មក​តាម​ខ្ញុំ​ចុះ » ។3

យុវជន​នោះ​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ការបម្រើ​មួយ​ដ៏​ធំ​ក្បែរព្រះអម្ចាស់ គឺ​ធ្វើ​កិច្ចការ​នៃ​នគរ​ព្រះ​លើ​ផែនដី តែ​គាត់​បាន​ងាក​ចេញ « ព្រោះ​មាន​ទ្រព្យ​​សម្បត្តិ​ជា​ច្រើន » ។4

តើ​ទ្រព្យ​សម្បត្តិ​ខាង​លោកិយ​យើង​ជា​អ្វី​ទៅ ? យើង​អាច​ឃើញ​ពី​អ្វី​ដែល​ខ្យល់​ព្យុះ​មួយ ​អាច​បំផ្លាញ​របស់​ទាំងនោះ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ។ ការ​ព្យាយាម​ប្រមូល​ទ្រព្យ​សម្បត្តិ​យើង​ខាង​វិញ្ញាណ​ទុក​នៅ​ស្ថានសួគ៌​ ជា​រឿង​សំខាន់​ណាស់​ចំពោះ​យើង​ម្នាក់ៗ---ដោយ​ប្រើ​ពេល​វេលា ទេពកោសល្យ និង សិទ្ធិ​ជ្រើសរើសរបស់​​យើង​ក្នុង​ការ​បម្រើ​ព្រះ ។

ព្រះយេស៊ូវគ្រីស្ទ ​បន្ត​ការ​អំពាវ​នាវនោះ​ថា « ចូរ​មក​តាម​ខ្ញុំ » ។5 ទ្រង់​ដើរ​នៅ​ស្រុក​កំណើត​ទ្រង់​ជាមួ​យ​នឹង​ពួក​អ្នក​ដើរ​តាម​ទ្រង់​ដោយ​ភាព​ថ្លៃថ្នូរ ។ ទ្រង់​បន្ត​ដើរ​ជាមួយ​នឹង​យើង ឈរ​ក្បែរ​យើង ហើយ​ដឹកនាំ​យើង ។ ដើម្បី​ធ្វើ​តាម​គំរូ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់​ យើង​ត្រូវ​ស្គាល់ ហើយ​គោរព​ដល់​ព្រះអម្ចាស់ ដែល​បាន​រែក​នូវ​រាល់​បន្ទុក​របស់​យើង ​តាមរយៈ​ដង្វាយធួន​ដ៏​ពិសិដ្ឋ​របស់​ទ្រង់ ជា​ទង្វើ​នៃការ​បម្រើ​ដ៏​គ្មាន​ទី​បញ្ចប់ ។ អ្វី​ដែល​ទ្រង់​សុំ​ដល់​យើង គឺ​ឲ្យ​យើង​មាន​ឆន្ទៈ​លើក​ដាក់ « បន្ទុក » នៃ​ភាព​ជា​សិស្ស​ដោយ​ក្ដីអំណរ ។

កាល​នៅអូក្លាហូម៉ា ខ្ញុំ​មាន​ឱកាស​ជួប​នឹង​គ្រួសារ​មួយ​ចំនួន​ ដែល​បាន​រងគ្រោះ​ដោយ​ខ្យល់​ព្យុះ​ដ៏​កំណាច​នោះ ។ កាល​ខ្ញុំ​បាន​ទៅ​ជួប​នឹង​គ្រួសារសូរេល ខ្ញុំ​មាន​ចិត្ត​រំភើប​ជា​ខ្លាំង ​ដោយសារ​បទពិសោធន៍​របស់​កូន​ស្រី​ពួកគេ​ឈ្មោះ ថូរី ពេល​នោះ​នាងរៀនក្នុង​ថ្នាក់​ទី​ប្រាំ នៅ​សាលា​បឋម​សិក្សា ប្លាហ្សា ថោវើរស៍ ។ នៅ​ថ្ងៃ​នេះ​ នាង​ និង ម្ដាយ​នាង​ បាន​នៅ​ជាមួយ​នឹង​យើងផង​ដែរ ។

ថូរី និង​មិត្ត​ជាច្រើន​របស់​នាង ​បាន​ផ្ដុំ​គ្នា​ក្នុង​បន្ទប់​ទឹក​មួយ​​ដើម្បី​ជ្រក កាល​ខ្យល់​ព្យុះបាន​​បោកបក់​កាត់​សាលា​រៀន ។ សូម​ស្ដាប់ ពេល​ខ្ញុំ​អាន​នូវ​សម្ដី​ ថូរី ប្រាប់​ពី​រឿង​នៅ​ថ្ងៃ​នោះ ៖

« ខ្ញុំ​បាន​ឮ​ ដូចជា​មាន​អ្វី​មួយ​ធ្លាក់នៅ​​លើ​ដំបូល ។ ខ្ញុំ​គិត​ថា វា​ជា​ព្រិល​ទឹក​កក ។ សំឡេង​នោះ​លាន់​កាន់តែ​ខ្លាំង​ឡើងៗ ។ ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះវរបិតា​សួគ៌​ ការពារ​យើង​គ្រប់​គ្នា​ឲ្យ​មាន​សុវត្ថិភាព ។ មួយ​រំពេចក្រោយមក យើង​បាន​ឮ​សំឡេង​គួច​យ៉ាង​ខ្លាំង ហើយ​ដំបូល​នៅ​លើ​ក្បាល​យើងបាន​បាត់ ។ មាន​ខ្យល់បក់យ៉ាង​ខ្លាំង ហើយ​មាន​បំណែក​ជាច្រើន​ បាន​ហោះ​មក​ប៉ះ​នៅ​គ្រប់​សារពាង្គ​កាយ​ខ្ញុំ ។ នៅ​ខាង​ក្រៅ​មាន​ភាព​ងងឹត ហាក់​ដូចជា​ផ្ទៃ​មេឃ​ទាំង​មូល ​បាត់​អស់​រស្មី តែ​តាម​ពិត---យើង​កំពុងស្ថិត​​នៅ​ក្នុង​ខ្យល់​ព្យុះ​នោះ ។ ខ្ញុំ​បាន​បិទ​ភ្នែក​ដោយ​សង្ឃឹម​ ហើយ​អធិស្ឋាន​ថា ​វា​នឹង​ស្ងប់​ទៅ​ឆាប់ៗ ។

« រំពេច​នោះ ខ្យល់​បាន​ស្ងប់ ។

« ពេល​ខ្ញុំ​បើក​ភ្នែក ខ្ញុំ​បាន​ឃើញស្លាក​សញ្ញាដែល​មាន​ពាក្យ​​ថា ​ឈប់​ នៅ​ចំ​ពី​មុខ​ខ្ញុំ ! វា​ស្ទើរតែ​ប៉ះ​នឹង​ច្រមុះ​ខ្ញុំ »។6

ថូរី ម្ដាយ​នាង បងប្អូន​នាង​បី​នាក់​ទៀត និង​មិត្ត​ជាច្រើន ​ដែល​នៅ​ក្នុង​សាលាជាមួយ​នឹង​នាង​ដែរ ​បាន​រួចផុត​ពី​ខ្យល់​ព្យុះ​នោះ​ដោយ​ក្ដី​អស្ចារ្យ តែ​មាន​មិត្ត​រួម​ថ្នាក់​ពួកគេ​ប្រាំពីរ​នាក់​ផ្សេងទៀត​បាន​ស្លាប់ ។

នៅ​ចុង​សប្ដាហ៍​នោះ បងប្អូន​ប្រុស​ក្នុង​បព្វជិតភាព​ បាន​ផ្ដល់​ការ​ប្រសិទ្ធពរ​ជាច្រើន​ដល់​សមាជិក​ដែល​រងគ្រោះ​ក្នុង​ខ្យល់​ព្យុះ​នោះ ។ ខ្ញុំ​មាន​ចិត្ត​រាបសា ​ដោយ​បាន​ធ្វើ​ការ​ប្រសិទ្ធពរ​មួយ​ដល់ ថូរី ។ ពេល​ខ្ញុំ​ដាក់​ដៃ​លើ​ក្បាល​នាង បទគម្ពីរ​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​បាន​ផុស​ក្នុង​គំនិត​ខ្ញុំថា ៖ « យើង​នឹង​ទៅ​ពី​មុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើង​នឹង​សណ្ឋិត​នៅ​ក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតា​របស់​យើង​នៅ​ព័ទ្ធ​ជុំវិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង »។7

ខ្ញុំ​បាន​ប្រាប់​ឲ្យ ថូរី ចងចាំ​ពី​ថ្ងៃ​ដែល​អ្នក​បម្រើ​ម្នាក់​របស់​ព្រះអម្ចាស់​ បាន​ដាក់​ដៃ​លើ​ក្បាល​នាង ហើយ​ប្រកាស​ថា​ នាង​ត្រូវ​បាន​ការពារ​ដោយ​ពួក​ទេវតា​នៅ​ក្នុង​ខ្យល់​ព្យុះ​នោះ ។

ការ​ជួយ​សង្គ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក ទោះស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា​ក្ដី គឺ​ជា​រង្វាស់​ដ៏​អស់កល្ប​នៃ​ក្ដី​ស្រឡាញ់ ។ នេះ​ជា​ការ​បម្រើ ដែល​ខ្ញុំ​បាន​ធ្វើ​ជា​សាក្សី នៅក្នុង​ អូក្លាហូម៉ា នា​សប្ដាហ៍នោះ ។

ជា​រឿយៗ យើង​ត្រូវ​បាន​ផ្ដល់​ឱកាស​ឲ្យ​​ជួយដល់​​អ្នក​ដទៃ​ ក្នុង​ពេល​ដែល​ពួកគេ​ត្រូវការ ។ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ យើង​ម្នាក់ៗ​មាន​ទំនួល​ខុស​ត្រូវ​ពិសិដ្ឋ​ដើម្បី « ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល » ។8 ដើម្បី« ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ »9 ដើម្បី « លើក​ដៃ​ដែល​រោយ ហើយ​ចម្រើន​កម្លាំង​ដល់​ក្បាល​ជង្គង់​ដែល​ញ័រ »។10

បងប្អូន​ប្រុស​ស្រី ព្រះអម្ចាស់​មាន​អំណរ​គុណ​ខ្លាំង​ណាស់​ចំពោះ​អ្នក​រាល់​គ្នា សម្រាប់​ពេល​វេលា និង ទង្វើ​នៃ​ការ​បម្រើ​រាប់​មិន​អស់ ទោះ​ធំ ឬ​តូច​ក្ដី ដែល​អ្នក​បាន​ផ្ដល់​ឲ្យ​ដោយ​ចិត្ត​សប្បុរស​ជា​រៀងរាល់​ថ្ងៃនោះ​ ។

ស្ដេច បេនយ៉ាមីន បាន​បង្រៀន​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ថា « កាល​ណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នក​រាល់​គ្នា​ គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ »។11

ការ​ផ្ដោត​លើ​ការ​បម្រើ​ដល់​បងប្អូន​ប្រុស​ស្រី​យើង​ អាច​នាំ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ទេវភាព​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​យើង ហើយ​រៀបចំ​យើង​ដើម្បី​ឲ្យ​តម្លៃ ហើយ​ស្រឡាញ់​អ្វី​ដែល​ព្រះអម្ចាស់​ស្រឡាញ់ ។ ដោយ​ធ្វើ​ដូច្នេះ យើង​នឹង​ឃើញ​នៅ​ក្នុង​ជីវិត​យើង​ផ្ទាល់​ថា យើង​ជាសិស្ស​របស់​ទ្រង់ ។ ពេល​យើង​ចូលរួម​ក្នុង​កិច្ចការ​ទ្រង់ យើង​មាន​អារម្មណ៍​ថា ​ព្រះវិញ្ញាណ​ទ្រង់​គង់​នៅ​នឹង​យើង ។ យើង​កើន​ឡើង​នូវ​ទីបន្ទាល់ សេច​ក្ដី​ជំនឿ ការទុក​ចិត្ត និង សេចក្ដី​ស្រឡាញ់ ។

ខ្ញុំ​ដឹង​ថា ព្រះ​ដ៏​ប្រោសលោះ​ខ្ញុំ​ ជា​ព្រះយេស៊ូវគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ហើយ​ថា​ទ្រង់​មាន​បន្ទូល​ទៅ និង​តាមរយៈ​ព្យាការី​ទ្រង់ គឺ​ប្រធាន ថូម៉ាស អេស ម៉នសុន នៅ​ជំនាន់​យើង​នេះ ។

សូម​ឲ្យ​យើង​រក​ឃើញ​នូវ​ក្ដីអំណរ​ ដែល​កើត​ចេញពី​ការ​បម្រើ​ដ៏​ពិសិដ្ឋ​នៃ​ការ​រែក​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​ជា​រឿង​សាមញ្ញ ហើយ​តូចក្ដី នេះ​ជា​ការ​អធិស្ឋាន​ខ្ញុំ នៅ​​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។