ឆ្នាំ ២០១០-២០១៩
កូនសោ និង សិទ្ធិ​អំណាច​នៃ​បព្វជិតភាព
ខែ មេសា 2014


កូនសោ​នានា និង សិទ្ធិ​អំណាចនៃ​បព្វជិតភាព

កូនសោ​នៃ​បព្វជិតភាព​ដឹកនាំ​ទាំង​បុរស និង ស្ដ្រី ហើយ​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព និង អ្នក​ដឹក​នាំ​បព្វជិតភាព​ជះ​ឥទ្ធិពល​ទាំង​បុរស និង ស្ដ្រី​ដែរ។

I.

នៅ​ក្នុង​សន្និសីទ​នេះ​យើង​បាន​ឃើញ​ការ​ដោះលែង​ដល់​បងប្អូន​ប្រុស​ដ៏​ស្មោះត្រង់​មួយ​ចំនួន ហើយ​បាន​គាំទ្រ​ដល់​ការហៅ​របស់​អ្នក​ដទៃ​ទៀត ។ ក្នុង​ការ​ផ្លាស់ប្ដូរ​នេះ --- ដែល​ជា​រឿង​ទូទៅ​ក្នុង​សាសនាចក្រ --- យើង​មិន​បាន « បន្ថយ​ឋានៈ » ពេល​យើង​ត្រូវ​បាន​ដោះលែង ហើយ​មិន « ឡើង​ឋានៈ » ពេល​យើង​ត្រូវ​បាន​ហៅ​ដែរ ។ គ្មាន « ការ​ឡើង ឬ ចុះ » ក្នុង​ការបម្រើ​របស់​ព្រះ​អម្ចាស់​ឡើយ ។ មាន​តែ « ឆ្ពោះ​ទៅ​មុខ ឬ ថយ​ក្រោយ » ប៉ុណ្ណោះ ហើយ​ភាព​ខុស​គ្នា​នោះ​អាស្រ័យ​ទៅ​លើ​របៀប​ដែល​យើង​ទទួល​យក ហើយ​អនុវត្ត​ការ​ដោះលែង និង ការ​ហៅ​យើង ។ គ្រា​មួយ​ខ្ញុំ​បាន​ធ្វើ​ជា​អធិបតី​នៅ​ការ​ដោះលែង​ប្រធាន​ស្តេក​វ័យ​ក្មេង​ម្នាក់​ដែល​បាន​ផ្ដល់​ការ​បម្រើ​យ៉ាង​ល្អ​រយៈ​ពេល​ប្រាំ​បួន​ឆ្នាំ ហើយ​ឥឡូវ​កំពុង​រីករាយ​ក្នុង​ការ​ដោះលែង​គាត់ និង ការ​ហៅ​ថ្មី​ដែល​គាត់ និង ភរិយា​ទើប​បាន​ទទួល ។ ពួកគេ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ថ្នាក់​ទារកដ្ឋាន​នៅ​ក្នុង​វួដ ។ មាន​តែ​ក្នុង​សាសនាចក្រ​នេះ​ប៉ុណ្ណោះ​ដែល​ការណ៍​នោះ​មើល​ទៅ​ថា​មាន​កិត្តិយស​ស្មើ​គ្នា !

II.

កាល​ថ្លែង​ក្នុង​សន្និសីទ​ស្ត្រី លីនដា ខេ ប៊ើតុន ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​ពោល​ថា « យើង​សង្ឃឹម​ដើម្បី​បណ្ដុះ ក្នុង​ខ្លួន​យើង​ម្នាក់ៗ​នូវ​ក្ដី​ប្រាថ្នា​ដ៏​ធំ​មួយ​ដើម្បី​យល់​ពី​បព្វជិតភាព​ឲ្យ​ប្រសើរ​ជាង​មុន » ។1 យើង​ត្រូវ​អនុវត្ត​វា​ទាំងអស់​គ្នា ហើយ​ខ្ញុំ​នឹង​បន្ត​បង្រៀន​ដោយ​លើក​ឡើង​ពី​កូនសោ និង សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ។ ដោយសារ​ប្រធានបទ​ទាំងនេះ​ជា​ក្ដីបារម្ភ​ដូចគ្នា​ចំពោះ​បុរស និង ស្ត្រី ខ្ញុំ​មាន​ចិត្ត​រីករាយ​ដែល​ប្រធានបទ​ទាំងនេះ​ត្រូវ​បាន​ចាក់​ផ្សាយ ហើយ​បោះពុម្ព​សម្រាប់​សមាជិក​សាសនាចក្រ​ទូទៅ ។ អំណាច​បព្វជិតភាព​ប្រទានពរ​យើង​គ្រប់​គ្នា ។ កូនសោ​នៃ​បព្វជិតភាព​ដឹកនាំ​ទាំង​បុរស និងស្ដ្រី ហើយ​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព និង អ្នក​ដឹក​នាំ​បព្វជិតភាព​ជះ​ឥទ្ធិពល​លើ​ទាំង​បុរស និង ស្ដ្រី​ដែរ ។

III.

ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បាន​រៀបរាប់​បព្វជិតភាព​ថា​ជា « ព្រះចេស្តា​នៃ​ព្រះ​ដែល​បាន​ប្រគល់​ដល់​មនុស្ស​ដើម្បី​ធ្វើ​កិច្ចការ​សម្រាប់​សេចក្តី​សង្គ្រោះ​នៃ​គ្រួសារ​មនុស្ស​លោក​លើ​ផែនដីនេះ » ។​2 ថ្នាក់​ដឹក​នាំ​ផ្សេង​ទៀត​បាន​បង្រៀន​យើង​ថា បព្វជិតភាព « ជា​អំណាច​ដ៏​ល្អ​ឥត​ខ្ចោះ​លើ​ផែនដី​នេះ ។ វា​ជា​អំណាច​ដែល​ផែនដី​នេះ​ត្រូវ​បាន​បង្កើត​ឡើង » ។3 ព្រះគម្ពីរ​បង្រៀន​ថា « បព្វជិតភាព​​ដដែល​នេះ​ដែល​មាន​តាំង​ពី​ដើម​ដំបូង​មក នោះ​ក៏​ត្រូវ​មាន​រហូត​ដល់​ចុង​បំផុត​លោកិយ​ដែរ » ( ម៉ូសេ 6:7 ) ។ ដូច្នេះ បព្វជិតភាព​គឺ​ជា​អំណាច​ដែល​យើង​ត្រូវ​បាន​រស់​ឡើង​វិញ ហើយ​បន្ត​ទៅ​ជីវិត​អស់​កល្ប ។

ការ​យល់​ដឹង​ដែល​យើង​ស្វែងរក​ចាប់ផ្ដើម​ដោយ​ការយល់​ដឹង​មួយ​ពី​កូនសោ​នៃ​បព្វជិតភាព ។ « កូនសោ​នៃ​បព្វជិតភាព​គឺ​ជា​សិទ្ធិ​អំណាច​ដែល​ព្រះ​បាន​ប្រទាន​ដល់ [ ពួក​អ្នក​កាន់ ] បព្វជិតភាព​ដើម្បី​ដឹកនាំ ពិនិត្យ ហើយ​គ្រប់គ្រង​ការ​ប្រើ​បព្វជិតភាព​របស់​ទ្រង់​លើ​ផែនដី » ។4 រាល់​កិច្ចការ ឬ​ពិធីបរិសុទ្ធ​ដែល​ធ្វើ​ក្នុង​សាសនាចក្រ​គឺ​ធ្វើ​ឡើង​ក្រោម​ការ​​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ប្រយោល​ពី​បុគ្គល​ម្នាក់​ដែល​កាន់​កូនសោ​សម្រាប់​មុខងារ​នោះ ។ ដូច អែលឌើរ អិម រ័សុល បាឡឺដ​បាន​ពន្យល់​ថា « បុគ្គល​ដែល​មាន​កូនសោ​នៃ​បព្វជិតភាព ... អនុញ្ញាត​ឲ្យ​បុគ្គល​ទាំងអស់​ដែល​បម្រើ​ដោយ​ស្មោះត្រង់​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព ហើយ​មាន​សិទ្ធិ​ប្រើ​អំណាច​បព្វជិតភាព​នោះ » ។5

ក្នុង​ការ​គ្រប់គ្រង​ការ​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព មុខងារ​នៃ​កូនសោ​នៃ​បព្វជិតភាព​ត្រូវ​បាន​ពង្រីក ហើយ​មាន​កំណត់ ។ វា​ពង្រីក​ដោយ​ធ្វើ​ឲ្យ​សិទ្ធិ​អំណាច និង ពរជ័យ​នៃ​បព្វជិតភាព​កើត​មាន​ដល់​កូនចៅ​របស់​ព្រះ​គ្រប់​រូប ។ វា​មាន​ដែន​កំណត់​ដោយ​ដឹកនាំ​បុគ្គល​ដែល​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​អំណាច​បព្វជិតភាព​ឲ្យ​ថា តើ​បុគ្គល​ណា​នឹង​កាន់​តំណែង​ក្នុង​បព្វជិតភាព ហើយ​តើ​សិទ្ធិ និង អំណាច​របស់​វា​ត្រូវ​ប្រគល់​ឲ្យ​តាម​របៀបណា ។ ឧទាហរណ៍ បុគ្គល​ម្នាក់​ដែល​កាន់​បព្វជិតភាព​មិន​អាច​ប្រគល់​តំណែង ឬ សិទ្ធិ​អំណាច​ខ្លួន​ទៅ​បុគ្គល​ម្នាក់​ទៀត​បាន​ទេ លុះត្រា​មាន​ការអនុញ្ញាត​ពី​បុគ្គល​ម្នាក់​ដែល​កាន់​កូនសោ​ជា​មុន​សិន ។ បើ​គ្មាន​ការ​អនុញ្ញាត​ទេ​នោះ ពិធីការ​នោះ​នឹង​មិន​ត្រឹមត្រូវ​ឡើយ ។ ការណ៍​នេះ​ពន្យល់​ពី​ហេតុផល​ដែល​អ្នក​កាន់​បព្វជិតភាព​ម្នាក់ --- មិន​ថា​តំណែង​អ្វី​នោះ​ទេ --- មិន​អាច​តែងតាំង​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​គាត់ ឬ​ធ្វើ​ពិធី​សាក្រាម៉ង់​ក្នុង​ផ្ទះ​គាត់​ផ្ទាល់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​បុគ្គល​ម្នាក់​ដែល​កាន់​កូនសោ​ត្រឹមត្រូវ​បាន​ឡើយ ។

ជាមួយ​នឹង​ករណី​លើកលែង​នៃ​កិច្ចការ​ពិសិដ្ឋ​ដែល​បងប្អូន​ស្រី​ធ្វើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ក្រោម​កូនសោ​កាន់​ដោយ​ប្រធាន​ព្រះវិហារ​បរិសុទ្ធ​កាន់ ដែល​ខ្ញុំ​នឹង​រៀប​រាប់​ពេល​ក្រោយ មាន​តែ​អ្នក​ដែល​មាន​តំណែង​បព្វជិតភាព​ប៉ុណ្ណោះ​ទើប​អាច​ចូល​រួម​ក្នុង​ពិធី​បរិសុទ្ធ​បព្វជិតភាព​មួយ​បាន ។ ហើយ​រាល់​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​ដែល​បាន​អនុញ្ញាត​ត្រូវ​បាន​កត់ត្រា​ក្នុង​កំណត់ត្រា​សាសនាចក្រ ។

នៅ​ទី​បំផុត រាល់​កូនសោ​នៃ​បព្វជិតភាព​ត្រូវ​បាន​កាន់​ដោយ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ដែល​បព្វជិតភាព​នេះ​ជា​របស់​ផង​ទ្រង់ ។ ទ្រង់​ជា​អង្គ​ដែល​កំណត់​ថា​កូនសោ​អ្វី​ត្រូវ​ប្រទាន​ដល់​មនុស្ស និង ពី​របៀប​ប្រើប្រាស់​កូនសោ​ទាំងនោះ ។ យើង​បាន​សម្រប​ខ្លួន​ទៅ​លើ​គំនិត​ដែល​ថា រាល់​កូន​សោ​បព្វជិតភាព​ត្រូវ​បាន​ប្រគល់​ឲ្យ យ៉ូសែប ស៊្មីធ ក្នុង​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ប៉ុន្តែ ព្រះគម្ពីរ​បាន​ចែង​ថា កូនសោ​ទាំងអស់​ដែល​បាន​ប្រគល់​ឲ្យ​គឺ​ជា « កូនសោ​ទាំងឡាយ​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ » ( គ. និង ស. 110:16 ) ។ ក្នុង​សន្និសីទ​ទូទៅ​ជា​ច្រើន​ឆ្នាំ​កន្លងទៅ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​រំឭក​យើង​ថា មាន​កូនសោ​បព្វជិតភាព​ផ្សេង​ទៀត​ដែល​មិន​បាន​ប្រគល់​ដល់​មនុស្ស​លើ​ផែនដី​នេះ រួម​មាន​កូនសោ​នៃ​ការ​បង្កបង្កើត និង ការ​រស់​ឡើង​វិញ ។6

និស្ស័យ​នៃ​ព្រះ​ចំពោះ​ការ​កំណត់​លើ​ការ​អនុវត្ត​កូនសោ​បព្វជិតភាព​បាន​ពន្យល់​ពី​ភាព​ខុស​គ្នា​ដ៏​សំខាន់​មួយ​រវាង​ការសម្រេច​ចិត្ត​លើ​បញ្ហា​គ្រប់គ្រង​សាសនាចក្រ និង ការ​សម្រេច​ចំពោះ​ការ​ជះឥទ្ធិពល​លើ​បព្វជិតភាព ។ គណៈ​ប្រធាន​ទី​មួយ និង ក្រុម​ប្រឹក្សា​នៃ​គណៈ​ប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ដែល​គ្រប់គ្រង​លើ​សាសនាចក្រ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ច្រើន​ដែល​ជះ​ឥទ្ធិពល​លើ​គោលនយោបាយ និង និតិវិធី​របស់​សាសនាចក្រ --- បញ្ហា​ដូចជា​ទីតាំង​អគារ​សាសនាចក្រ និង អាយុ​សម្រាប់​ការ​បម្រើ​ជា​អ្នក​ផ្សាយ​សាសនា ។ ប៉ុន្តែ​ទោះ​ជា​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ជា​អធិបតី​ទាំង​នេះ​កាន់ ហើយ​អនុវត្ត​រាល់​កូនសោ​ដែល​បាន​ផ្ដល់​ឲ្យ​មនុស្ស​ក្នុង​ការ​កាន់កាប់​ត្រួតត្រា​នេះ​ក្តី ពួក​លោក​មិន​អាច​ផ្លាស់ប្ដូរ​ដោយ​សេរី​នូវ​លំនាំ​ច្បាប់​ដ៏​ទេវភាព​ដែល​ថា​មាន​តែ​បុរស​ប៉ុណ្ណោះ​ទើប​អាច​កាន់​តំណែង​ក្នុង​បព្វជិតភាព​បាន ។

IV.

ឥឡូវ ខ្ញុំ​នឹង​លើក​ឡើង​ពី​ប្រធាន​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព ។ ខ្ញុំ​សូម​ចាប់ផ្ដើម​ជាមួយ​នឹង​គោលការណ៍​បី​យ៉ាង ដើម្បី​យក​មក​ពិភាក្សា ៖ (1) បព្វជិតភាព​ជា​ព្រះចេស្ដា​នៃ​ព្រះ​ដែល​បាន​ប្រគល់​ដល់​បុរស​ធ្វើ​កិច្ចការ​សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​គ្រួសារ​មនុស្ស​លោក (2) សិទ្ធិ​អំណាច​បព្វជិតភាព​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ពួក​អ្នក​កាន់​បព្វជិតភាព​ដែល​កាន់​កូនសោ​បព្វជិតភាព និង (3) ដោយ​សារ​ព្រះគម្ពីរ​ចែង​ថា « គ្រប់​ទាំង​សិទ្ធិ​អំណាច [ និង ] តំណែង​ផ្សេងៗ​ទៀត​នៅ​ក្នុង​សាសនាចក្រ​សុទ្ធ​តែ​ជា​ការ​បន្តោង​បញ្ជាប់​ទៅ​នឹង​បព្វជិតភាព​នេះ » ( គ. និង ស. 107:5 ) រាល់​កិច្ចការ​ដែល​ធ្វើ​ឡើង​ក្រោម​ការដឹកនាំ​នៃ​អ្នក​កាន់​កូនសោ​បព្វជិតភាព​ត្រូវ​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព ។

តើ​ការណ៍​នេះ​អនុវត្ត​ចំពោះ​ស្ត្រី​យ៉ាង​ណា​ដែរ ? ក្នុង​ការ​ថ្លែង​មួយ​ទៅ​សមាគម​សង្គ្រោះ ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ ដែល​នៅ​ពេល​នោះ​ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ថា ៖ « ខណៈ​ដែល​បងប្អូន​ស្រី​ពុំ​មាន​បព្វជិតភាព វា​មិន​ត្រូវបាន​ប្រគល់​ឲ្យ​ពួកគេ នោះ​មិន​មាន​ន័យ​ថា ព្រះអម្ចាស់​មិន​ប្រគល់​សិទ្ធិ​អំណាច​ដល់​ពួកគេ​ឡើយ ។ … បុរស ឬ ស្ត្រី​ម្នាក់​អាច​ទទួល​បាន​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​កិច្ចការ​ជាក់លាក់​ក្នុង​សាសនាចក្រ​ដែល​នឹង​ចង​ភ្ជាប់ ហើយ​ចាំបាច់​បំផុត​សម្រាប់​សេចក្ដី​សង្គ្រោះ​យើង ដូច​ជា​កិច្ចការ​ដែល​បងប្អូន​ស្រី​យើង​ធ្វើ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ ពួកគេ​មាន​សិទ្ធិ​អំណាច​ដែល​ពួកគេ​បាន​ទទួល​ដើម្បី​ធ្វើ​កិច្ចការ​ដ៏​ធំ ហើយ​អស្ចារ្យ​មួយ​ចំនួន ដែល​ពិសិដ្ឋ​ចំពោះ​ព្រះអម្ចាស់ ហើយ​ចង់​ភ្ជាប់​ទាំង​ស្រុង​ដូច​ជា​ពរជ័យ​ដែល​ពួក​បុរស​កាន់​បព្វជិតភាព​បាន​ធ្វើ​ផងដែរ » ។7

ក្នុង​សុន្ទរកថា​ដ៏​សំខាន់​នោះ ប្រធាន ស្ម៊ីធ បាន​ថ្លែង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ស្ត្រី​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​សិទ្ធិ​អំណាច ។ លោក​បាន​ថ្លែង​ទៅ​កាន់​ស្ត្រី​ថា « អ្នក​អាច​និយាយ​ដោយ​សិទ្ធិ​អំណាច ដោយ​សារ​ព្រះអម្ចាស់​បាន​ផ្ដល់​សិទ្ធិ​អំណាច​ដល់​អ្នក » ។ លោក​ក៏​ថ្លែង​ផងដែរ​ថា សមាគម​សង្គ្រោះ « [ ត្រូវ ] បាន​ផ្ដល់​អំណាច និង សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​ការណ៍​អស្ចារ្យ​ជា​ច្រើន ។ កិច្ចការ​ដែល​ពួកគេ​ធ្វើ​សម្រេច​បាន​ដោយ​សិទ្ធិ​អំណាច​ដ៏​ទេវភាព » ។ ហើយ​ពិត​ណាស់ កិច្ចការ​ដែល​សាសនាចក្រ​សម្រេច​បាន​ដោយ​ស្ត្រី ឬ បុរស មិន​ថា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ឬ ក្នុង​វួដ ឬ សាខា​នោះ​ទេ វា​សម្រេច​បាន​ក្រោម​ការ​ដឹកនាំ​នៃ​អ្នក​កាន់​កូនសោ​បព្វជិតភាព ។ ដូច្នេះ ដោយ​ថ្លែង​ពី​សមាគម​សង្គ្រោះ ប្រធាន ស្ម៊ីធ បាន​ពន្យល់​ថា « [ ព្រះអម្ចាស់ ] បាន​ប្រទាន​អង្គការ​ដ៏​អស្ចារ្យ​នេះ​ដល់​ពួកគេ ជា​ទី​ដែល​ពួកគេ​មាន​សិទ្ធិ​អំណាច​ដើម្បី​បម្រើ​ក្រោម​ការ​ដឹកនាំ​របស់​ប៊ីស្សព​ក្នុង​វួដ ... ដោយ​មើល​ថែ​សុខុមាលភាព​របស់​សមាជិក​យើង​ទាំង​ខាង​វិញ្ញាណ និង ខាង​សាច់​ឈាម ‍» ។8

ដូច្នេះ ជា​ការពិត​ណាស់​ថា សមាគម​សង្គ្រោះ​មិនមែន​គ្រាន់តែ​ជា​ថ្នាក់​មួយ​សម្រាប់​ស្ត្រី​នោះ​ទេ ប៉ុន្តែ​ជា​កម្មសិទ្ធ​របស់​ពួកគេ --- ជា​សេចក្តី​បន្ថែម​មួយ​ចំពោះ​បព្វជិតភាព​ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះ ។9

យើង​មិន​បាន​សម្រប​ខ្លួន​ដោយ​និយាយ​ថា​ស្ត្រី​មាន​សិទ្ធិ​អំណាច​បព្វជិតភាព​ក្នុង​ហៅ​របស់​ពួកគេ​ក្នុង​សាសនាចក្រ​ឡើយ ប៉ុន្តែ សិទ្ធិ​អំណាច​ផ្សេង​ទៀត​នោះ​អាច​ជា​អ្វី​ទៅ ? ពេល​ស្ត្រី​ម្នាក់ --- ទោះ​ក្មេង ឬ ចាស់ --- ត្រូវ​បាន​ញែក​ចេញ​ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ជា​អ្នក​ផ្សាយ​សាសនា​ពេញ​ម៉ោង គាត់​បាន​ទទួល​សិទ្ធិ​អំណាច​បព្វជិតភាព​ដើម្បី​ធ្វើ​មុខងារ​បព្វជិតភាព​មួយ ។ ដូចគ្នា​នេះ​ដែរ​នៅ​ពេល​ស្ត្រី​ម្នាក់​ត្រូវ​បាន​ញែក​ចេញ​ធ្វើ​ជា​អ្នក​ដឹក​នាំ ឬ គ្រូ​បង្រៀន​ម្នាក់​ក្នុង​អង្គភាព​សាសនាចក្រ​ក្រោម​ការ​ដឹកនាំ​នៃ​អ្នក​ដែល​កាន់​កូនសោ​បព្វជិតភាព ។ អ្នក​ណា​ក៏​ដោយ​ដែល​មាន​តំណែង ឬ ការហៅ​មួយ​បាន​ទទួល​ពី​អ្នក​កាន់​កូនសោ​បព្វជិតភាព​ដើម្បី​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព​ក្នុងការ​ធ្វើ​កាតព្វកិច្ច​របស់​ខ្លួន ។

អ្នក​ណា​ក៏​ដោយ​ដែល​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព​គួរ​បំភ្លេច​ពី​សិទ្ធិ​របស់​ខ្លួន ហើយ​ផ្ដោត​សំខាន់​ទៅ​លើ​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​វិញ ។ នោះ​ជា​គោលការណ៍​មួយ​ដែល​ត្រូវការ​នៅ​សង្គម​ទូទៅ ។ មាន​កវី​ដ៏​ល្បីល្បាញ​ជនជាតិ​រុស្សី​ឈ្មោះ អាលិកសានឌើរ សូលហ្សែនីស៊ីន បាន​ពោល​ថា « វា​ជា​ពេល ... ដើម្បី​ការពារ​កាតព្វកិច្ច​របស់​មនុស្ស​ឲ្យ​បាន​ច្រើន​ជាង​សិទ្ធិ​របស់​មនុស្ស » ។10 ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​ស្គាល់​យ៉ាង​ច្បាស់​ថា ការ​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ភាពតម្កើង​ឡើង វា​មិន​សំខាន់​ទៅ​លើ​ការ​ទាមទារ​សិទ្ធិ​នោះ​ទេ ប៉ុន្តែ​វា​សំខាន់​លើ​ការ​បំពេញ​ទំនួល​ខុស​ត្រូវ​របស់​យើង​ទៅ​វិញ​ទេ​តើ ។

V.

ព្រះអម្ចាស់​បាន​ណែនាំ​ថា មាន​តែ​បុរស​ប៉ុណ្ណោះ​ដែល​ត្រូវ​តែងតាំង​ជា​តំណែង​ក្នុង​បព្វជិតភាព ។ ប៉ុន្តែ ដូច​ដែល​ថ្នាក់​ដឹកនាំ​សាសនា​ផ្សេងៗ​គ្នា​បាន​គូស​បញ្ជាក់​ថា បុរស​មិន​មែន​ជា « បព្វជិតភាព » ទេ ។11 បុរស​កាន់​បព្វជិតភាព រួម​នឹង​ករណីយកិច្ច​ដ៏​ពិសិដ្ឋ​មួយ​ដើម្បី​ប្រើ​វា​សម្រាប់​ពរជ័យ​នៃ​គ្រប់​កូនចៅ​របស់​ព្រះ ។

ព្រះចេស្តា​ដ៏​ធំ​បំផុត​ដែល​ព្រះ​ប្រទាន​ដល់​ពួក​បុត្រា​ទ្រង់​មិន​អនុវត្ត​បាន​ដោយ​គ្មាន​ភាព​ជា​ដៃគូ​ពី​បុត្រី​ម្នាក់​របស់​ទ្រង់​បាន​ឡើយ ដោយសារ​មាន​តែ​បុត្រី​ទ្រង់​ប៉ុណ្ណោះ ដែល​មាន​នូវ​អំណាច​ដែល​ព្រះ​ប្រទាន​ឲ្យ « ធ្វើ​ជា​អ្នក​បង្កើត​រូបកាយ ... ដើម្បី​ឲ្យ​ការរៀបចំ​របស់​ព្រះ និង ផែនការ​មហិមា​អាច​ទទួល​បាន​ផល​ផ្លែ » ។12 ទាំង​នោះ​ជា​ប្រសាសន៍​របស់​ប្រធាន ជេ រ៉ូប៊ីន ក្លាក ។

លោក​បាន​បន្ត​ថា ៖ « នេះ​ជា​តួនាទី​របស់​ភរិយា និង ម្ដាយ​យើង​នៅ​ក្នុង​ផែនការ​អស់​កល្ប​ជានិច្ច ។ ពួកគេ​មិន​កាន់​បព្វជិតភាព ពួកគេ​មិន​ទទួល​ខុស​ត្រូវ​នូវ​ករណីយកិច្ច និង មុខងារ​នៃ​បព្វជិតភាព ឬ ពួកគេ​មិន​ទទួល​បន្ទុក​នូវ​ទំនួល​ខុស​ត្រូវ​ក្នុង​បព្វជិតភាព​ទេ ពួកគេ​ជា​អ្នក​សង់ និង ការ​រៀបចំ​ក្រោម​អំណាច​បព្វជិតភាព និង ជា​អ្នក​ទទួល​ពរជ័យ​របស់​វា ដោយ​មាន​ការ​បំពេញ​បន្ថែម​នៃ​អំណាច​បព្វជិតភាព និង ការ​មាន​មុខងារ​មួយ​ជា​ការហៅ​ពី​ព្រះ ដែល​មាន​សារៈសំខាន់​អស់​កល្ប​នៅ​ក្នុង​តួនាទី​របស់​ខ្លួន​ដូចជា​បព្វជិតភាព​ដែរ » ។13

នៅ​ក្នុង​ប្រសាសន៍​ដ៏​បំផុស​គំនិត​ទាំង​នោះ ប្រធាន ក្លាក បាន​លើក​ឡើង​ពី​ក្រុម​គ្រួសារ ។ ដូច​ដែល​បាន​ចែង​នៅ​ក្នុងការ​ប្រកាស​ពី​ក្រុម​គ្រួសារ ឪពុក​ធ្វើ​ជា​អ្នក​ដឹកនាំ​ក្នុង​គ្រួសារ ហើយ​គាត់ និង ភរិយា​មាន​ទំនួល​ខុស​ត្រូវ​ផ្សេង​គ្នា ប៉ុន្តែ​ពួកគេ « មាន​កាតព្វកិច្ច​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដៃគូ​ស្មើ​គ្នា » ។14 ប៉ុន្មាន​ឆ្នាំ​ពី​មុន​ការ​ប្រកាស​ពី​គ្រួសារ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ផ្ដល់​ការ​ពន្យល់​ដ៏​បំផុស​គំនិត​នេះ​ថា ៖ « ពេល​យើង​និយាយ​ពី​ការរៀបការ​ជា​ដៃគូ ចូរ​យើង​និយាយ​ពី​ការរៀបការ​ជា​ដៃគូ​ដ៏​ពេញ​លេញ ។ យើង​មិន​ចង់​ឲ្យ​ស្ត្រី អិល.ឌី.អេស ធ្វើ​ជា​ដៃគូ​ដ៏​ស្ងៀមស្ងាត់ ឬ មាន​ដែន​កំណត់​នៅ​ក្នុង​កិច្ចការ​អស់​កល្ប​នោះ​ទេ ! សូម​ធ្វើ​ជា​ដៃគូ​ដែល​ចេះ​ចែក​រំលែក ហើយ​ពេញ​លេញ » ។15

នៅ​ក្នុង​ព្រះនេត្រ​ព្រះ មិន​ថា​ក្នុង​សាសនាចក្រ ឬ ក្នុង​ក្រុម​គ្រួសារ​ទេ ស្ត្រី និង បុរស​មាន​សិទ្ធិ​ស្មើ​គ្នា ប៉ុន្តែ មាន​ទំនួល​ខុស​ត្រូវ​ផ្សេង​គ្នា ។

ខ្ញុំ​សូម​បញ្ចប់​ជាមួយ​នឹង​សេចក្ដី​ពិត​មួយ​ចំនួន​ស្ដីពី​ពរជ័យ​នៃ​បព្វជិតភាព ។ ផ្ទុយ​ពី​កូនសោ​បព្វជិតភាព និង សិទ្ធិ​អំណាច​បព្វជិតភាព ពរជ័យ​នៃ​បព្វជិតភាព​គឺ​មាន​ដល់​ស្ត្រី និង បុរស​ក្នុង​លក្ខខណ្ឌ​ដូចគ្នា ។ អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ការ​បង្ហាញ​ស្រដៀង​គ្នា​ស្ដីពី​សេចក្ដី​ពិត​នេះ ។

ក្នុង​សុន្ទរកថា​មួយ​ដ៏​មាន​ខ្លឹមសារ​របស់​លោក​នៅ​ឯ​សន្និសីទ​ផ្នែក​អប់រំ​នៅ ប៊ី.វ៉ាយ.យូ កាលពី​រដូវ​ក្ដៅ​ឆ្នាំ​មុន អែលឌើរ អិម រ័សុល បាឡឺដ បាន​បង្រៀន​ថា ៖

« គោលលទ្ធិ​សាសនាចក្រ​យើង​បាន​ដាក់​ស្ត្រី​ឲ្យ​ស្មើ​នឹង​បុរស ហើយ​ផ្សេង​ពី​បុរស ។ ព្រះ​ទ្រង់​មិន​ចាត់​ទុក​ថា​ភេទ​ណា​មួយ​ប្រសើរ ឬ សំខាន់​ជាង​មួយ​ណា​នោះ​ទេ ។ ...

« ពេល​បុរស និង ស្ត្រី​ទៅ​ព្រះវិហារ​បរិសុទ្ធ ពួកគេ​ទាំងពីរ​នាក់​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​អំណាច​ដូចគ្នា ដែល​ជា​អំណាច​បព្វជិតភាព ។ ... ការ​ទទួល​បាន​អំណាច និង ពរជ័យ​នៃ​បព្វជិតភាព គឺ​កើត​មាន​ដល់​កូនចៅ​ព្រះ​គ្រប់​រូប » ។16

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា អំណាច និង ពរជ័យ​នៃ​បព្វជិតភាព​របស់​ព្រះ​មាន​សម្រាប់​បុត្រា និង បុត្រី​របស់​ទ្រង់​ដូចគ្នា ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​មាន​នៅ​គ្រប់​តំណែង និង សកម្មភាព​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​មុខងារ​ផ្ទាល់​ដ៏​ទេវភាព​នៃ​កូនសោ​បព្វជិតភាព​ថា វា​ត្រូវ​បាន​កាន់ ហើយ​អនុវត្ត​ក្នុង​ភាពពេញលេញ​របស់​ខ្លួន​ដោយ​ព្យាការី និង ប្រធាន​របស់​យើង​គឺ ថូម៉ាស អេស ម៉នសុន ។ ជា​ចុង​ក្រោយ និង ចាំបាច់​បំផុត​នេះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ព្រះអម្ចាស់ និង ព្រះអង្គ​សង្គ្រោះ​នៃ​យើង​គឺ ព្រះយេស៊ូវគ្រីស្ទ ដែល​បព្វជិតភាព​នេះ​ជា​របស់​ផង​ទ្រង់ ហើយ​យើង​ជា​អ្នក​បម្រើ​ទ្រង់ ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. លីនដា ខេ ប៊ើតុន « Priesthood: ‘A Sacred Trust to Be Used for the Benefit of Men, Women, and Children’ » ( Brigham Young University Women’s Conference address ថ្ងៃ​ទី 3 ខែ ឧសភា ឆ្នាំ 2013 ) ទំព័រ 1, ce.byu.edu/cw/womensconference/transcript.php ។

  2. យ៉ូសែប អេហ្វ ស្ម៊ីធ Gospel Doctrine កំណែ​ទី 5 ( ឆ្នាំ 1939 ) ទំព័រ 139 ។

  3. ប៊យ ឃេ ផាកកឺ «Priesthood Power in the Home» ( worldwide leadership training meeting ខែ កុម្ភៈ ឆ្នាំ 2012 ), lds.org/broadcasts, សូម​មើល​ផងដែរ ជេមស៍ អ៊ី ហ្វោស « Power of the Priesthood » Ensign ខែ ឧសភា ឆ្នាំ 1997 ទំព័រ 41–43 ។

  4. ក្បូន​ខ្នាត​ភាគ 2៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ 2010 ) ចំណុច 2.1.1 ។

  5. អិម រ័សុល បាឡឺដ « Men and Women in the Work of the Lord » New Era ខែ មេសា ឆ្នាំ 2014, Liahona ខែ មេសា ឆ្នាំ 2014 ទំព័រ 48 សូមមើល​ផងដែរ Daughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ 2011 ) ទំព័រ 138 ។

  6. សូម​មើល ស្ពេនស៊ើរ ដបុលយូ ឃឹមបិល « Our Great Potential » Ensign ខែ ឧសភា ឆ្នាំ 1977 ទំព័រ 49 ។

  7. យ៉ូសែប ហ្វីលឌីង ស្ម៊ីធ « Relief Society—an Aid to the Priesthood » Relief Society Magazine ខែ មករា ឆ្នាំ 1959 ទំព័រ 4 ។

  8. យ៉ូសែប ហ្វីលឌីង ស្ម៊ីធ «Relief Society--an Aid to the Priesthood» ទំព័រ 4, 5 សូម​មើល​ផងដែរ Teachings of Presidents of the Church: Joseph Fielding Smith ( ឆ្នាំ 2013 ) ទំព័រ 302 ។

  9. សូម​មើល ប៊យ ឃេ ផាកកឺ « The Relief Society » Ensign ខែ ឧសភា ឆ្នាំ 1998 ទំព័រ 72 សូម​មើល​ផងដែរ Daughters in My Kingdom ទំព័រ 138 ។

  10. Aleksandr Solzhenitsyn «A World Split Apart » (សុន្ទរកថា​ចាប់ផ្ដើម​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​ហាវួដ ថ្ងៃ​ទី 8 ខែ មិថុនា ឆ្នាំ 1978) សូម​មើល​ផងដែរ ផាទ្រីស្សា ធី ហូឡិន « A Woman’s Perspective on the Priesthood » Ensign ខែ កក្កដា ឆ្នាំ 1980 ទំព័រ 25, Tambuli ខែ មិថុនា ឆ្នាំ 1982 ទំព័រ 23, ដាល្លិន អេក អូក « Rights and Responsibilities » Mercer Law Review វ៉ុល 36 លេខ 2 ( រដូវ​រងារ ឆ្នាំ 1985 ) ទំព័រ 427–42 ។

  11. សូម​មើល ជែមស៍ អ៊ី ហ្វោស្ត « You Are All Heaven Sent » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2002 ទំព័រ 113, អិម រ័សុល បាឡឺដ « This Is My Work and Glory » EnsignLiahona ខែ ឧសភា ឆ្នាំ 2013 ទំព័រ 19, ដាល្លិន អេក អូក «Priesthood Authority in the Family and the Church» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 26 ។ ពេល​ខ្លះ​យើង​និយាយ​ថា សមាគម​សង្គ្រោះ​គឺ​ជា « ដៃគូ​នឹង​បព្វជិតភាព »។ វា​កាន់តែ​ត្រឹមត្រូវ​ថែម​ទៀត​បើ​និយាយ​ថា នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ សមាគម​សង្គ្រោះ និង ស្ត្រី​នៃ​សាសនាចក្រ​ជា « ដៃគូ​នឹង​ពួក​អ្នក​កាន់ បព្វជិតភាព » ។

  12. ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ «Our Wives and Our Mothers in the Eternal Plan» Relief Society Magazine ខែ ធ្នូ ឆ្នាំ 1946 ទំព័រ 800 ។

  13. ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ « Our Wives and Our Mothers » ទំព័រ 801 ។

  14. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ។

  15. ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « Privileges and Responsibilities of Sisters » Ensign ខែ វិច្ឆិកា ឆ្នាំ 1978 ទំព័រ 106 ។

  16. អិម រ័សុល បាឡឺដ New Era ខែ មេសា ឆ្នាំ 2014, ទំព័រ 4, Liahona មេសា ឆ្នាំ 2014 ទំព័រ 48 សូម​មើល​ផងដែរ ស្សែរី អិល ឌូ, Women and the Priesthood ( ឆ្នាំ 2013 ) ជា​ពិសេស​ជំពូក 6 សម្រាប់​ការពន្យល់​ដ៏​មាន​តម្លៃ​មួយ​ស្ដីពី​គោលលិទ្ធិ​ដែល​បាន​លើក​ឡើង​ក្នុង​អត្ថបទ​នេះ ។