សាក្សី


ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​អ្នក​នូវ​សេចក្ដី​ពិត​ទាំងឡាយ ដែល​មាន​តម្លៃ​បំផុត ​ត្រូវ​ដឹង។

គ្រា​នៃ​សង្គ្រាម ឬ ភាព​មិន​ជាក់លាក់ មាន​របៀប​មួយ​នៃ​ការដុះខាត់​ការ​ផ្ដោត​ចិត្ត​របស់​យើង​​ទៅ​លើ​រឿង​ដែល​សំខាន់​បំផុត ។

សង្គ្រាម​លោក​លើក​ទី 2 ជា​គ្រា​មួយ​ដែល​មាន​ចលាចល​ខាង​វិញ្ញាណ​ដ៏​ខ្លាំង​ចំពោះ​ខ្ញុំ ។ ខ្ញុំ​បាន​ចេញពី​ផ្ទះ​ខ្ញុំ​នៅ ព្រីកហ្គាំ ស៊ីធី យូថាហ៍ ដែល​មាន​តែ​ទី​បន្ទាល់​ស្រពិចស្រពិល ហើយ​ខ្ញុំ​មាន​អារម្មណ៍​ត្រូវការ​អ្វីៗ​ច្រើន​ទៀត ។ ជាក់ស្ដែង ក្រុម​របស់​យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ធ្វើ​សង្គ្រាម ។ ពេល​បោះ​ទីតាំង​នៅ​លើ​កោះ ឡឺ ស៊ីម៉ា ខាង​ជើង​ទីក្រុង អូគីណាវ៉ា ប្រទេស​ជប៉ុន ខ្ញុំ​បាន​ពុះពារ​នឹង​ភាព​សង្ស័យ និង​ភាព​មិន​ច្បាស់លាស់ ។ ខ្ញុំ​ចង់​មាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​ដំណឹងល្អ ។ ខ្ញុំ​ចង់ ដឹង !

អំឡុង​ពេល​យប់​ដ៏​រសាប់រសល់​មួយ ខ្ញុំ​បាន​ចេញ​ពី​ត្រសាល ហើយ​ចូល​ទៅ​ក្នុង​លានដ្ឋានមួយ ដែល​បាន​រៀប​ឡើង​ដោយ​ធុងប្រេង​ចំណុះ 190 លីត្រ ដាក់​បំពេញ​ដោយ​ខ្សាច់ តម្រៀប​បន្ដុប​ពី​លើ​គ្នា បង្កើត​បាន​ជា​កន្លែង​ហ៊ុំ​មួយ ។ វា​គ្មានដំបូល​ទេ ហើយ​ខ្ញុំ​បាន​លូន​ចូល​ទៅ មើល​ទៅ​លើ​ឃើញ​ផ្កាយ​លើ​មេឃ រួច​បាន​លុត​ជង្គង់​ចុះ​អធិស្ឋាន ។

នៅ​ពាក់​កណ្ដាល​ការ​អធិស្ឋាន មាន​រឿង​កើត​ឡើង ។ បើ​ខ្ញុំ​ចង់​ប្រាប់​ដល់​អ្នក​នោះ ខ្ញុំ​ពុំ​អាច​ពិពណ៌នា​ពី​អ្វី​ដែល​បាន​កើតឡើង​បាន​ទេ ។ វា​ហួស​ពី​អំណាច​របស់ខ្ញុំ​នឹង​ថ្លែង​ប្រាប់ ប៉ុន្តែ វា​ច្បាស់លាស់​នៅ​ថ្ងៃ​នេះ ដូចជា​នៅ​យប់​នោះ កាល​ពី​ជាង 65 ឆ្នាំ​មុន ។ ខ្ញុំ​ដឹង​ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ជា​ការ​បង្ហាញ​ជា​លក្ខណៈ​បុគ្គល​បំផុត ។ ទីបំផុត ខ្ញុំ​បាន​ដឹង​ដោយ​ខ្លួន​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​យ៉ាង​ច្បាស់ ដ្បិត​ទីបន្ទាល់​ផ្ទាល់​ខ្លួន​នោះ​ត្រូវបាន​ប្រទាន​ដល់​ខ្ញុំ ។ ក្រោយ​មក ខ្ញុំ​បាន​លូន​ចេញ​ពី​លានដ្ឋាន​នោះ​មក ហើយ​ដើរ ឬ អណ្ដែត​ខ្លួន​ត្រឡប់​មក​គ្រែ​របស់​ខ្ញុំ​វិញ ។ ខ្ញុំ​បាន​ចំណាយ​ពេល​ពេញ​មួយ​យប់​នោះ​ក្នុង​អារម្មណ៍​នៃ​ក្ដី​អំណរ និង ភាពអស្ចារ្យ ។

ដោយ​មិន​គិត​ថា ខ្ញុំ​ជា​មនុស្ស​ពិសេស​ម្នាក់ នោះ​ខ្ញុំ​បាន​គិត​ថា បើ​មាន​រឿង​ដូច្នេះ​កើត​ឡើង​ចំពោះ​ខ្ញុំ នោះ​វា​ក៏​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​រូប​ដែរ ។ ខ្ញុំ​នៅ​តែ​ជឿ​បែប​នោះ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​យល់​ថា បទពិសោធន៍​ដូច្នោះ គឺ​មាន​នូវ​ពន្លឺ​ដើម្បី​អនុវត្ត​តាម ហើយ​បន្ទុក​ដើម្បី​នឹង​រែក​ភ្លាមៗ ។

ខ្ញុំ​ចង់​ចែកចាយ​នឹង​អ្នក​នូវ​ការ​ពិត​ទាំង​នោះ ដែល​មាន​តម្លៃ​បំផុត​ដើម្បី​ដឹង ដែល​ជា​រឿង​ទាំងឡាយ​ដែល​ខ្ញុំ​បាន​រៀន ហើយ​បាន​ដក​ពិសោធន៍​ជិត 90 ឆ្នាំ​ក្នុង​ជីវិត​ខ្ញុំ ហើយ​ជាង 50 ឆ្នាំ​ក្នុង​នាម​ជា​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ ។ អ្វី​ដែល​ខ្ញុំ​បាន​ដឹង​ភាគ​ច្រើន ស្ថិត​ក្នុង​ជំពូក​នៃ​រឿង​ដែល​មិន​អាច​បង្រៀន តែ​អាច​រៀន​បាន ។

ក៏​ដូច​ជា​រឿង​ដែល​មាន​តម្លៃ​មហិមា​ដែរ ចំណេះ​ដឹង​ដែល​មាន​តម្លៃ​ដ៏​អស់​កល្ប កើត​មក​តែ​តាម​រយៈ​ការអធិស្ឋាន និង ការ​ពិចារណា​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ។ ការអធិស្ឋាន និង​ការ​ពិចារណា​ទាំង​នេះ រួម​នឹង​ការ​តមអាហារ និង​ការ​សិក្សា​ព្រះគម្ពីរ នឹង​អញ្ជើញ​ឲ្យ​មាន​ការបំផុស និង វិវរណៈ និង ការ​ខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ រឿង​នេះ ផ្ដល់​ដល់​យើង​នូវ​ការបង្រៀន​មក​ពី​ស្ថានសួគ៌ ពេល​យើង​រៀន​ដោយ​មួយ​សិក្ខាបទ​ម្ដងៗ ។

វិវរណៈ​ទាំងឡាយ​សន្យា​ថា « គោលការណ៍​នៃ​បញ្ញា​ណា​ក៏​ដោយ ដែល​យើង​បាន​នៅក្នុង​ជីវិត​នេះ នោះ​នឹង​នៅ​ជាប់​នឹង​យើង ក្នុង​ដំណើរ​រស់ឡើង​វិញ » ហើយ​ថា « ចំណេះវិជ្ជា និង បញ្ញា [ ទទួល​បាន ] តាមរយៈ ... ការព្យាយាម និង ការ​គោរព​តាម » ( គ. និង ស. 130:18–19 ) ។

សេចក្ដី​ពិត​ដ៏​អស់​កល្ប​ជានិច្ច​មួយ ដែល​ខ្ញុំ​បាន​ដឹង​គឺ​ថា ព្រះ​មាន​ព្រះជន្ម​រស់ ។ ទ្រង់​ជា​ព្រះវរបិតា​យើង ។ យើង​គឺ​ជា​កូនចៅ​ទ្រង់ ។ « យើង​ខ្ញុំ​ជឿ​ដល់​ព្រះ គឺ​ព្រះវរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច និង ដល់​ព្រះ​រាជ​បុត្រា​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ ហើយ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ » ( មាត្រា​នៃ​សេចក្ដី​ជំនឿ 1:1 ) ។

លើស​ពី​នាម​ផ្សេងៗ ដែល​ទ្រង់​អាច​ប្រើ ទ្រង់​ជ្រើស​រើស​ឲ្យ​យើង​ហៅ​ទ្រង់​ថា « ព្រះវរបិតា » ។ ព្រះអង្គ​សង្គ្រោះ បាន​ត្រាស់​បញ្ជា​ថា « ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ៖ ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់នៅ​ស្ថានសួគ៌​អើយ » ( នីហ្វៃទី 3 13:9 សូមមើល​ផងដែរ ម៉ាថាយ 6:9 ) ។ ទ្រង់​ប្រើ​ព្រះនាម « ព្រះវរបិតា » គឺ​ជា​មេរៀន​មួយ​សម្រាប់​យើង​ទាំង​អស់​គ្នា ពេល​យើង​យល់​ពី​អ្វី​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​នេះ ។

ភាព​ជា​ឪពុក​ម្ដាយ គឺ​ជា​ឯក​សិទ្ធិ​ដ៏​ពិសិដ្ឋ​មួយ ហើយ​អាស្រ័យ​លើ​ភាព​ស្មោះ​ត្រង់ វា​អាច​ជា​ពរជ័យ​ដ៏​អស់​កល្ប​ជានិច្ច ។ គោលបំណង​ដ៏​សំខាន់​បំផុត​រាល់​សកម្មភាព​ទាំងអស់​ក្នុង​សាសនាចក្រ គឺ​ថា​បុរស​ម្នាក់ និង ភរិយា​គាត់ និង កូនៗ​ពួកគេ អាច​មាន​ភាព​រីករាយ​នៅ​ក្នុង​គេហដ្ឋាន ។

អ្នក​ទាំងឡាយ​ដែល​ពុំ​រៀបការ ឬ ពុំ​មាន​កូនចៅ គឺ​ពុំ​ត្រូវ​បាន​ឃាត់ឃាំង​ពី​ពរជ័យ​ដ៏​អស់កល្ប​ជានិច្ច ដែល​ពួកគេ​ស្វែងរក​នោះ​ទេ ប៉ុន្តែ ឥឡូវ​នេះ វា​ហួស​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ។ យើង​ពុំ​ដឹង​ពី​របៀប ឬ ពេល​វេលា ដែល​ពរជ័យ​នឹង​កើត​មាន​ជានិច្ច​នោះ​ទេ ប៉ុន្តែ ការ​សន្យា​នៃ​ការ​រីកចម្រើន​ដ៏​អស់កល្ប នឹង​ពុំ​ត្រូវ​បាន​បដិសេធ​ពី​បុគ្គល​ស្មោះត្រង់ ដែល​បាន​ចុះ ហើយ​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​ណា​មួយ​ឡើយ ។

ការទូល​អង្វរ​ដោយ​ទឹក​ភ្នែក និង ការ​ប្រាថ្នា​ក្នុង​ទី​ស្ងាត់​របស់​អ្នក នឹង​ប៉ះ​ដល់​ដួង​ព្រះ​ទ័យ​របស់​ព្រះវរបិតា និង ព្រះ​រាជ​បុត្រា ។ អ្នក​នឹង​ទទួល​បាន​ការ​បញ្ជាក់​ដោយ​ផ្ទាល់​មួយ​មកពី​ទ្រង់​ថា ​ជីវិត​របស់​អ្នក​នឹង​បាន​ពេញលេញ ហើយ​ថា​គ្មាន​ពរជ័យ​សំខាន់​ណាមួយ​​នឹង​បាត់បង់​ឡើយ ។

ក្នុង​នាម​ជា​អ្នក​បម្រើ​ម្នាក់​របស់​ព្រះអម្ចាស់ ដែល​បំពេញ​ក្នុង​តំណែង​ដែល​ខ្ញុំ​ត្រូវ​បាន​តែងតាំង ខ្ញុំ​សូម​សន្យា​នឹង​អ្នកទាំង​ឡាយ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​នោះ​ថា អ្វី​ដែល​សំខាន់​ដល់​សេចក្ដី​សង្គ្រោះ និង ភាព​លើក​តម្កើង​របស់​អ្នក នឹង​កើត​មាន​មក​លើ​អ្នក​ក្នុង​ពេល​កំណត់​មួយ ។ ដៃ​ដែល​ទទេ​ក្នុង​ពេល​នេះ នឹង​ត្រូវ​មាន​ពេញ ហើយ​ដួងចិត្ត​ដែល​ឈឺ​ចាប់​ដោយសារ​មិន​ទទួល​បាន​ដូច​ប្រាថ្នា និង សុបិន​នៅ​ពេល​នេះ នឹង​ត្រូវ​បាន​ព្យាបាល ។

សេចក្ដី​ពិត​មួយ​ទៀត ដែល​ខ្ញុំ​ស្គាល់ គឺ​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ពិត ។ ទ្រង់​ជា​សមាជិក​ទី​បី​នៃ ក្រុម​ព្រះ ។ បេសកកម្ម​របស់​ទ្រង់ គឺ​ធ្វើ​ទីបន្ទាល់​ពី​សេចក្ដី​ពិត និង សេចក្ដី​សុចរិត ។ ទ្រង់​បង្ហាញ​អង្គ​ទ្រង់​តាម​របៀប​ជា​ច្រើន រួម​មាន​ទាំង​អារម្មណ៍​សុខសាន្ដ និង ភាព​ជឿជាក់ ។ ទ្រង់​ក៏​នាំ​នូវ​ការលួងលោម ការណែនាំ និង ការ​កែតម្រូវ​ផងដែរ​ នៅ​ពេល​ចាំបាច់ ។ ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ត្រូវ​បាន​រក្សា​ពេញ​មួយ​ជីវិត​យើង តាមរយៈ​ការ​រស់នៅ​ដ៏​សុចរិត ។

អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ត្រូវ​បាន​ប្រគល់​ឲ្យ តាមរយៈ​ពិធី​បរិសុទ្ធ​នៃ​ដំណឹង​ល្អ ។ អ្នក​មាន​សិទ្ធិ​អំណាច​ម្នាក់ ដាក់​ដៃ​គាត់​លើ​ក្បាល​សមាជិក​ថ្មី​នៃ​សាសនាចក្រ ហើយ​ពោល​ពាក្យ​ដូច​នេះ​ថា ៖ « សូម​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ។

ពិធី​បរិសុទ្ធ​នេះ តែ​ម្យ៉ាង​ពុំ​ផ្លាស់ប្ដូរ​យើង​តាម​របៀប​មួយ ដែល​អាច​កត់សម្គាល់​បាន​នោះ​ទេ ប៉ុន្តែ បើ​យើង​ស្ដាប់ ហើយ​ធ្វើ​តាម​ការ​បំផុសគំនិត នោះ​យើង​នឹង​ទទួល​ពរជ័យ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ រាល់​បុត្រា ឬ បុត្រី​របស់​ព្រះវរបិតាសួគ៌​យើង អាច​ស្គាល់​ភាព​ពិត​នៃ​ការ​សន្យា​របស់​មរ៉ូណៃ ៖ « ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​អ្នក​រាល់គ្នា អាច​ស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ( មរ៉ូណៃ 10:5 បាន​បញ្ជាក់​បន្ថែម ) ។

សេចក្ដី​ពិត​ដ៏​វិសេស​បំផុត ដែល​ខ្ញុំ​បាន​ទទួល​ក្នុង​ជីវិត​ខ្ញុំ គឺ​ភាព​ជា​សាក្សី​របស់​ខ្ញុំ​អំពី ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។

គ្រប់​អ្វីៗ​ដែល​សំខាន់​បំផុត​ដែល​យើង​ធ្វើ ដែល​ផ្ដោត​ទៅ​លើ​វិវរណៈ គឺ​ព្រះ​នាម​របស់​ព្រះ​អម្ចាស់ ជា​សិទ្ធិ​អំណាច ដែល​យើង​ធ្វើ​កិច្ចការ​ក្នុង​សាសនាចក្រ ។ រាល់​ការអធិស្ឋាន​ដែល​បាន​ធ្វើ​ឡើង ទោះ​ជា​ដោយ​កុមារ​តូចៗ ក៏បញ្ចប់​ក្នុង​ព្រះ​នាម​នៃ ព្រះយេស៊ូវគ្រីស្ទ ។ រាល់​ពរជ័យ ពិធី​បរិសុទ្ធ ការតែងតាំង កិច្ចការ​ជា​ផ្លូវការ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះនាម​នៃ ព្រះយេស៊ូវ​គ្រីស្ទ ។ នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ហើយ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ព្រះ​នាម​ទ្រង់ -- គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ( សូមមើល គ. និង ស. 115:4 ) ។

មាន​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ក្នុង​ព្រះ​គម្ពីរ​មរមន ត្រង់​កន្លែង​ពួក​សាសន៍​នីហ្វៃ « អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតា​ក្នុង​ព្រះ​នាម​របស់ [ ព្រះ​អម្ចាស់ ] » ។ ព្រះអម្ចាស់​បាន​បង្ហាញ​ព្រះ​កាយ ហើយ​ត្រាស់​សួរ​ថា ៖

« តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​យើង​ប្រទាន​អ្វី​ដល់​អ្នក ?

« ហើយ​ពួកគេ​បាន​ទូល​ទ្រង់​ថា ៖ ឱ​ព្រះអម្ចាស់​អើយ យើង​ខ្ញុំ​សូម​ឲ្យ​ព្រះអង្គ​ប្រាប់​យើង​ខ្ញុំ​នូវ​ឈ្មោះ ដែល​យើង​ខ្ញុំ​នឹង​ហៅ​សាសនាចក្រ​នេះ ដ្បិត​មាន​ការ​ប្រកែកគ្នា​នៅក្នុង​ចំណោម​ប្រជាជន​អំពី​រឿង​នេះ ។

« ហើយ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ពួកគេ​ថា ៖ ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ហេតុអ្វី​បាន​ជា​ប្រជាជន​រអ៊ូរទាំ ហើយ​ប្រកែក​គ្នា​ដោយសារ​តែ​រឿងនេះ ?

« តើ​ពួកគេ​ពុំ​បាន​អាន​បទគម្ពីរ​ទាំងឡាយ ដែល​បាន​ចែងថា អ្នក​រាល់គ្នា​ត្រូវ​យក​ព្រះ​នាម​ព្រះ​គ្រីស្ទ​ដាក់​លើ​ខ្លួន ដែល​ជា​នាម​យើង​ទេ​ឬ ? ដ្បិត​ដោយ​នាម​នេះ​ហើយ ដែល​អ្នករាល់គ្នា​នឹង​ត្រូវ​បាន​ហៅ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់

« ហើយ​អស់​អ្នកណា​ដែល​ដាក់​នាម​យើង​លើ​ខ្លួន ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត អ្នក​នោះ​ហើយ​នឹង​បាន​សង្គ្រោះ ។ …

« ដូច្នេះ សូម្បី​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ ដោយ​នូវ​នាម​យើង ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ហៅ​សាសនាចក្រ​តាម​នាម​យើង ហើយ​អ្នក​រាល់​គ្នា​ត្រូវ​អំពាវនាវ​ដល់​ព្រះវរបិតា ដោយ​នូវ​នាម​យើង ប្រយោជន៍​ឲ្យ​ទ្រង់​ប្រទាន​ពរ​ដល់​សាសនាចក្រ ដោយ​យល់​ដល់​យើង » (   នីហ្វៃទី 3 27:2–7 ) ។

នេះ​គឺ​ជា​ព្រះ​នាម​ទ្រង់ ព្រះ​យេស៊ូវ​គ្រីស្ទ « ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ » ( កិច្ចការ 4:12 ) ។

នៅ​ក្នុង​សាសនាចក្រ យើង​ស្គាល់​ទ្រង់​ជា​នរណា ៖ ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជបុ​ត្រា​នៃ​ព្រះ ។ ទ្រង់​គឺ​ជា​បុត្រ​សំណព្វ​តែ​មួយ​គត់​របស់​ព្រះវរបិតា ។ ទ្រង់ គឺ​ជា​អង្គ​ដែល​បាន​សុគត ហើយ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ម្ដងទៀត ។ ទ្រង់​គឺ​ជា​អង្គគាំទ្រ​យើង​ជាមួយ​ព្រះវរបិតា ។ « ចូរ​ចងចាំ​ចុះ​ថា គឺ​នៅ​លើ​សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ នៃ​យើង គឺ​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដែល [ យើង ] ត្រូវ​សង់​គ្រឹះ [ របស់​យើង ] » ( ហេលេមិន 5:12 ) ។ ទ្រង់​គឺ​ជា​យុថ្កា​ដែល​ទប់យើង ហើយ​ការពារ​យើង និង ក្រុមគ្រួសារ​យើង ក្នុង​ព្យុះ​ភ្លៀង​នៃ​ជីវិត ។

រាល់​ថ្ងៃ​អាទិត្យ​នៅ​លើ​ពិភពលោក ក្នុង​ក្រុម​ជំនុំ​ដែល​បាន​ជួបជុំ​គ្នា​គ្រប់​ជាតិ​សាសន៍ ឬ ភាសា ពិធី​សាក្រាម៉ង់ ត្រូវ​បាន​ប្រសិទ្ធពរ​ដោយ​ពាក្យ​ដូចគ្នា ។ យើង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ ហើយ​ចងចាំ​ទ្រង់​ជានិច្ច ។ នោះ​គឺ​ជា​ការណ៍​ដែល​នៅ​ដិត​ជាប់​នឹង​យើង ។

ព្យាការី នីហ្វៃ បាន​ប្រកាស​ថា « ហើយ​យើង​និយាយ​អំពី​ព្រះគ្រីស្ទ យើង​អររីករាយ​ក្នុង​ព្រះ​គ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះគ្រីស្ទ យើង​ព្យាករ​អំពី​ព្រះគ្រីស្ទ ហើយ​យើង​សរសេរ ស្របតាម​ពាក្យ​ព្យាករណ៍​ទាំងឡាយ​របស់​យើង ដើម្បី​ឲ្យ​កូន​ចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ណា​មួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់​ពួកគេ » (   នីហ្វៃទី 2 25:26 ) ។

យើង​ម្នាក់ៗ​ត្រូវ​តែ​មាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់​មក យើង​ចែកចាយ​ទីន្ទាល់​នោះ ជាមួយ​គ្រួសារ​យើង និង អ្នក​ដទៃ ។

ចូរ​យើងកុំ​ភ្លេច​ថា មាន​មារ​សត្រូវ​មួយ ដែល​ព្យាយាម​រំខាន​ដល់​កិច្ចការ​នៃ​ព្រះអម្ចាស់​ដោយ​ផ្ទាល់ ។ យើង​ត្រូវ​តែ​ជ្រើសរើស​អ្នក​ដែល​យើង​ត្រូវ​ដើរតាម ។ ការការពារ​របស់​យើង គឺ​ងាយស្រួល​ដូចជា​ការ​សម្រេច​ចិត្ត​ផ្ទាល់ខ្លួន ដើម្បី​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ត្រូវ​ឲ្យ​ច្បាស់​ថា យើង​នឹង​ស្ថិត​នៅ​ខាង​ទ្រង់​ដោយ​ស្មោះ​ត្រង់ ។

នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី យ៉ូហាន បាន​ចែង​ទុក​ថា មាន​មនុស្ស​មួយ​ចំនួន ពុំ​អាច​តាំងចិត្ត​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង ការ​បង្រៀន​របស់​ទ្រង់ឡើយ ហើយ « តាំង​ពី​នោះ​មក មាន​សិស្ស​ទ្រង់​ជា​ច្រើន​ដក​ខ្លួន​ថយ​ចេញ មិន​តាម​ទ្រង់​ទៀត​ទេ ។

« នោះ​ព្រះយេស៊ូវ មាន​បន្ទូល​ទៅ​ពួក​ដប់ពីរ​នាក់​ថា អ្នក​រាល់​គ្នា​ចង់​ថយ​ទៅ​ដែរ​ឬ ?

« ស៊ីម៉ូន-ពេត្រុស ទូល​ឆ្លើយ​ថា ព្រះអម្ចាស់​អើយ តើ​យើង​ខ្ញុំ​នឹង​ទៅ​ឯ​អ្នក​ណា​វិញ គឺ​ទ្រង់​ហើយ ដែល​មាន​ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

« យើង​ខ្ញុំ​ក៏​បាន​ជឿ ហើយ​ដឹង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ពិត » ( យ៉ូហាន 6:66–69 ) ។

ពេត្រុស បាន​ទទួល​នូវ​អ្វី​ដែល​អ្នក​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​ម្នាក់ៗ​អាច​រៀន​តាម ។ ដើម្បី​លះបង់​ដោយ​ស្មោះ​ត្រង់​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ យើង​ទទួល​យក​ទ្រង់ ជា​ព្រះ​ប្រោសលោះ​របស់​យើង ហើយ​ខំ​ឲ្យ​អស់​ពី​សមត្ថភាព​យើង ដើម្បី​រស់នៅ​តាម​ការ​បង្រៀន​របស់​ទ្រង់ ។

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ដែល​ខ្ញុំ​បាន​រស់នៅ បង្រៀន ហើយ​បម្រើ ហើយ​បន្ទាប់​ពីការ​ធ្វើ​ដំណើរ​រាប់​លាន​គីឡូ​ម៉ែត្រ​នៅ​ជុំវិញ​ពិភពលោក និង រាល់​អ្វីៗ​ដែល​ខ្ញុំ​បាន​ដក​ពិសោធន៍ នោះ​ខ្ញុំ​មាន​សេចក្ដី​ពិត​ដ៏​មហិមា​មួយ ដែល​ខ្ញុំ​នឹង​ចែកចាយ ។ នោះ​គឺ​ថា ភាព​ជា​សាក្សី​របស់ខ្ញុំ អំពី​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​កត់​ត្រា​ដូច​ខាង​ក្រោម បន្ទាប់​ពី​មាន​បទពិសោធន៍​ដ៏​ពិសិដ្ឋ​មួយ ៖

« ហើយ​ឥឡូវ​នេះ បន្ទាប់​ពី​ទីបន្ទាល់​ជា​ច្រើន​ដែល​បាន​ថ្លែង​អំពី​ទ្រង់ នេះ​គឺ​ជា​ទីបន្ទាល់​ចុង​ក្រោយ​បង្អស់ ដែល​យើង​ខ្ញុំ សូម​ថ្លែង​អំពី​ទ្រង់ ៖ គឺ​ថា ទ្រង់​មាន​ព្រះជន្ម​រស់​នៅ !

« ដ្បិត​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់ » ( គ. និង ស. 76:22–23 ) ។

ប្រសាសន៍​របស់​ពួក​លោក គឺ​ជា​ពាក្យ​ពេចន៍​របស់​ខ្ញុំ ។

ខ្ញុំជឿ ហើយខ្ញុំ​ដឹង​ច្បាស់​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ ព្រះរាជ​បុត្រា​របស់​ព្រះ ហើយ​ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ។ ទ្រង់​មាន​ព្រះ​ជន្ម​រស់ ។ ទ្រង់​គឺ​ជា​ព្រះរាជ​បុត្រា​សំណព្វ​តែ​មួយ​របស់​ព្រះវរបិតា ហើយ « ដោយ​សារ​ព្រះអង្គ និង តាមរយៈ​ព្រះអង្គ ហើយ​ពី​ព្រះអង្គ នោះ​ពិភព​ទាំងឡាយ កើត​មាន​ឡើង ហើយ​បាន​បង្កើត​មក ហើយ​បណ្ដាជន​នៅ​ទីនោះ គឺ​ជា​បុត្រា​បុត្រី​បង្កើត​ចំពោះ​ព្រះ » ( គ. និង ស. 76:24 ) ។

ខ្ញុំ​ថ្លែង​ជា​សាក្សី​របស់​ខ្ញុំ​ថា ព្រះអង្គ​សង្គ្រោះ​មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​ស្គាល់ ព្រះ​អម្ចាស់ ។ ខ្ញុំ​ជា​សាក្សី​ម្នាក់​របស់​ទ្រង់ ។ ខ្ញុំ​ស្គាល់​ពលិកម្ម​ដ៏​មហិមា និង សេចក្ដី​ស្រឡាញ់​ដ៏​អស់កល្ប​របស់​ទ្រង់ ចំពោះ​កូនចៅ​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ ។ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ពិសេស​របស់​ខ្ញុំ​ដោយ​រាបសារ​បំផុត តែ​ដោយ​ភាព​ជឿជាក់​ទាំងស្រុង នៅ​ក្នុង​ព្រះនាម​នៃ ព្រះយេស៊ូវ​គ្រីស្ទ អាមែន ។